ថ្ងៃនៃព្រះយេហូវ៉ាដែលគួរឲ្យស្ញែងខ្លាចជិតមកដល់ហើយ
«សៀវភៅរំឭកបានកត់ទុក នៅចំពោះព្រះយេហូវ៉ា សំរាប់ពួកអ្នកដែលកោតខ្លាចដល់ទ្រង់ នឹងពួកអ្នកដែលនឹកដល់ព្រះនាមទ្រង់»។—ម៉ាឡាគី ៣:១៦
១, ២. តើម៉ាឡាគីបានព្រមានទុកជាមុនអំពីថ្ងៃដែលគួរឲ្យស្ញែងខ្លាចមួយណា?
ជាការគួរឲ្យស្ញែងខ្លាចមែន! កាលដែលថ្ងៃទើបតែបានរះឡើងនៅខែសីហា ថ្ងៃទី៦ នៅឆ្នាំ១៩៤៥ ក្នុងមួយរំពេចទីក្រុងដ៏ធំមួយត្រូវបានកំទេចចោលអស់។ ហើយមានមនុស្សប្រមាណ៨០.០០០នាក់ត្រូវបានស្លាប់! មនុស្សរាប់សែននាក់ទៀតត្រូវបានរបួសយ៉ាងខ្លាំង! ភ្លើងក៏ឆេះយ៉ាងខ្លាំងដែរ! គ្រាប់បែកបរមាណូបានធ្វើឲ្យមានការហិនវិនាសយ៉ាងច្រើនមែន។ តើស្មរបន្ទាល់ព្រះយេហូវ៉ាបានទៅជាយ៉ាងណាដែរ ក្នុងកំឡុងមហន្តរាយនោះ? នៅពេលនោះ មានស្មរបន្ទាល់តែម្នាក់គត់ដែលនៅក្នុងទីក្រុងហីរ៉ូហ្សីម៉ា—ដែលត្រូវបានគេឃុំឃាំងក្នុងគុក ដោយសារចិត្តស្មោះគ្រប់ល័ក្ខណ៍របស់គាត់។ គុកនោះបានរលំខ្ទេចខ្ទីអស់រលីង ប៉ុន្តែមិនមានគ្រោះថ្នាក់អ្វីដល់បងប្រុសរបស់យើងឡើយ។ ដូចគាត់បានមានប្រសាសន៍មក គ្រាប់បែកបរមាណូបានធ្វើឲ្យគាត់ខ្ទាតចេញពីគុក—នេះប្រហែលជារបស់ល្អតែមួយប៉ុណ្ណោះ ដែលគ្រាប់បែកបរមាណូបានសម្រេចនោះ។
២ ថ្វីបើការផ្ទុះគ្រាប់បែកនោះធ្វើឲ្យគួរខ្លាចយ៉ាងណាក្ដី តែបើប្រៀបធៀបទៅនឹង«ថ្ងៃដ៏ធំហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ា»ដែលនឹងមាននៅខាងមុខនេះ វាទៅជាមិនសំខាន់ប៉ុន្មានឡើយ។ (ម៉ាឡាគី ៤:៥) ពិតហើយ គឺធ្លាប់មានថ្ងៃដែលគួរឲ្យស្ញែងខ្លាចនៅអតីតកាលមែន ប៉ុន្តែថ្ងៃនៃព្រះយេហូវ៉ានឹងមានលើសលប់ជាងថ្ងៃទាំងអស់នោះទៅទៀត។—ម៉ាកុស ១៣:១៩
៣. តើមានការខុសគ្នាយ៉ាងណាដែលបានត្រូវកត់សម្គាល់រវាង«គ្រប់ទាំងសាច់»និងគ្រួសាររបស់លោកណូអេនៃការឆ្ពោះទៅទឹកជំនន់នោះ?
៣ នៅសម័យលោកណូអេ«គ្រប់ទាំងសាច់បានបង្ខូចផ្លូវខ្លួននៅផែនដីទៅហើយ»។ ហើយព្រះបានមានបន្ទូលថា៖ «ដ្បិតផែនដីបានពេញជាសេចក្ដីកាចសហ័សដោយសារគេ មើល អញនឹងបំផ្លាញគេទៅជាមួយនឹងផែនដីផង»។ (លោកុប្បត្តិ ៦:១២, ១៣) ដូចជាបានកត់ទុកមកនៅក្នុងម៉ាថាយ ២៤:៣៩ ព្រះយេស៊ូបានមានបន្ទូលថាមនុស្ស«គេឥតបានដឹងខ្លួនឡើយ ទាល់តែទឹកជន់ឡើង យកគេទៅទាំងអស់គ្នា»។ ប៉ុន្តែលោកណូអេដែលមានចិត្តស្មោះត្រង់ «ជាអ្នកប្រកាសប្រាប់ពីសេចក្ដីសុចរិត» ព្រមទាំងក្រុមគ្រួសាររបស់លោកដែលកោតខ្លាចព្រះ បានរួចរស់ជីវិតពីទឹកជំនន់នោះ។—ពេត្រុសទី២ ២:៥
៤. តើក្រុងសូដុំមនិងកូម៉ូរ៉ាបានផ្ដល់ឲ្យគំរូដែលទុកជាការព្រមានយ៉ាងណា?
៤ យូដាស ៧រៀបរាប់ដែរថា៖ «ដូចជាក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ា ហើយអស់ទាំងទីក្រុងនៅជុំវិញដែរ ដែលគេបានប្រគល់ខ្លួនទៅប្រព្រឹត្តសេចក្ដីកំផិតដូចគ្នា ទាំងបណ្ដោយទៅតាមសាច់ដទៃ ហើយទ្រង់បានតាំងអ្នកទាំងនោះទុកជាក្បួន ឲ្យគេរងទុក្ខទោស ក្នុងភ្លើងដ៏ឆេះអស់កល្បជានិច្ច»។ ពួកមនុស្សដែលមិនជឿព្រះទាំងនោះត្រូវបានកំទេចចោលដោយសារបែបលំនាំក្នុងការរស់នៅយ៉ាងខ្ពើមរអើមហើយយ៉ាងស្មោកគ្រោករបស់គេ។ ចូរឲ្យសហគមន៍នៃលោកីយ៍ទំនើបនេះដែលវក់តែនឹងការសេពមេថុន ឲ្យបានព្រមានទុកជាមុនទៅ! ប៉ុន្តែ ចូរកត់សម្គាល់ថា ឡុតនិងកូនស្រីៗរបស់គាត់ដែលកោតខ្លាចព្រះត្រូវបានសង្គ្រោះជីវិត ក្នុងកំឡុងនៃមហន្តរាយនោះ ហើយពួកអ្នកថ្វាយបង្គំព្រះយេហូវ៉ាក៏នឹងត្រូវបានការពារដែរ ក្នុងកំឡុងសេចក្ដីវេទនាជាខ្លាំងដែលនឹងជិតមកដល់ឆាប់ៗនេះ។—ពេត្រុសទី២ ២:៦-៩
៥. តើយើងអាចរៀនអ្វីពីការជំនុំជំរះប្រហារជីវិតទៅលើក្រុងយេរូសាឡិម?
៥ រួចមកសូមពិចារណាអំពីគំរូដែលទុកជាការព្រមាន នៅពេលដែលព្រះយេហូវ៉ាបានប្រើកងទ័ពទាហានមកលុកលុយកំទេចក្រុងយេរូសាឡិមចោល ជាទីក្រុងដ៏រុងរឿង ដែលធ្លាប់«ជាទីរីករាយចិត្តដល់ផែនដីទាំងមូល»។ (ទំនុកដំកើង ៤៨:២) ព្រឹត្ដិការណ៍ដ៏សោកស្ដាយទាំងនេះ បានកើតឡើងជាមុនដំបូងនៅឆ្នាំ៦០៧ ម.ស.យ. ហើយក្រោយមកនៅឆ្នាំ ៧០ស.យ. ពីព្រោះមនុស្សដែលអះអាងថាជាប្រជារាស្ត្ររបស់ព្រះ បានបោះបង់ចោលការថ្វាយបង្គំពិត។ តែជាការគួរឲ្យសប្បាយណាស់ ពួកអ្នកបំរើរបស់ព្រះយេហូវ៉ាដែលមានចិត្តស្មោះត្រង់បានរួចរស់ជីវិត។ សេចក្ដីហិនវិនាសនៅឆ្នាំ ៧០ស.យ. (បង្ហាញនៅខាងក្រោមនេះ) បានរៀបរាប់ជា«សេចក្ដីវេទនាខ្លាំងណាស់ ដល់ម្ល៉េះបានជាតាំងពីកំណើតលោកីយ ដែលព្រះទ្រង់បានបង្កើត ដរាបដល់សព្វថ្ងៃនេះ»។ នេះត្រូវបានកំទេចចោលរបបលោកីយ៍នៃពួកបះបោរជំនឿនៃសាសន៍យូដាទាំងអស់ ហើយចំពោះរឿងនេះ វាប្រាកដជា‹នឹងមិនកើតឡើងទៀតទេ›។ (ម៉ាកុស ១៣:១៩) ប៉ុន្តែ សូម្បីតែការជំនុំជំរះប្រហារជីវិតពីព្រះនេះ ក៏គ្រាន់តែជាការប្រផ្នូលនៃ‹សេចក្ដីវេទនាជាខ្លាំង› ដែលកំពុងតែគំរាមកំហែងដល់របបលោកីយ៍ទាំងមូលនៃសម័យនេះ។—វិវរណៈ ៧:១៤
៦. ហេតុអ្វីក៏ព្រះយេហូវ៉ាអនុញ្ញាតឲ្យមានវិបត្ដិភ័យ?
៦ ហេតុអ្វីក៏ព្រះអនុញ្ញាតឲ្យមានវិបត្ដិភ័យដ៏អាក្រក់ ដែលធ្វើឲ្យមានមនុស្សស្លាប់ជាច្រើនដូច្នេះ? ក្នុងករណីរបស់លោកណូអេ ហើយទីក្រុងសូដុំមនិងកូម៉ូរ៉ា និងទីក្រុងយេរូសាឡិមនោះ ព្រះយេហូវ៉ាបានជំនុំជំរះប្រហារជីវិតទៅលើអស់អ្នកដែលបានបង្ខូចផ្លូវរបស់គេនៅលើផែនដី ដែលបានធ្វើឲ្យផែនដីដ៏ល្អនេះ ទៅជាខូចដោយការកខ្វក់និងការថោកទាបខាងសីលធម៌ ហើយបានបះបោរជំនឿឬបដិសេធការថ្វាយបង្គំពិត។ នៅសព្វថ្ងៃនេះយើងនៅឯជាយនៃការជំនុំជំរះប្រហារជីវិតដែលនឹងមានមកលើលោកីយ៍ទាំងមូល។—ថែស្សាឡូនីចទី២ ១:៦-៩
‹នៅថ្ងៃជាន់ក្រោយបង្អស់›
៧. (ក) តើការជំនុំជំរះរបស់ព្រះនៅសម័យបុរាណជាទំនាយអំពីអ្វី? (ខ) តើសេចក្ដីសង្ឃឹមដ៏រុងរឿងអ្វីដែលមាននៅខាងមុខ?
៧ សេចក្ដីហិនវិនាសទាំងនោះនៃសម័យពីបុរាណជាទំនាយនៃសេចក្ដីវេទនាជាខ្លាំងដែលគួរឲ្យស្ញែងខ្លាច ដែលបានរៀបរាប់មកនៅពេត្រុសទី២ ៣:៣-១៣។ សាវ័កមានប្រសាសន៍ថា៖ «ដោយដឹងសេចក្ដីនេះជាមុនថា នៅជាន់ក្រោយ នឹងមានមនុស្សចំអកមក ដែលគេដើរតាមសេចក្ដីប៉ងប្រាថ្នារបស់គេ»។ រួចមក ក្នុងការសំដៅទៅសម័យរបស់លោកណូអេ ពេត្រុសបានសរសេរថា៖ «លោកីយត្រូវទឹកនោះជន់លិចបំផ្លាញទៅ តែផ្ទៃមេឃ នឹងផែនដីនៅជាន់នេះ បានបំរុងទុកដល់ថ្ងៃជំនុំជំរះ ដោយសារព្រះបន្ទូលនៃទ្រង់ សំរាប់ឲ្យភ្លើងឆេះវិញ ហើយបំផ្លាញមនុស្សទមិលល្មើសចេញ»។ បន្ទាប់ពីសេចក្ដីវេទនាជាខ្លាំងបំផុតនោះ ការគ្រប់គ្រងព្រះរាជាណាចក្រដោយព្រះមេស្ស៊ីនឹងចាត់វិធានការនូវទំហំថ្មី—«ផ្ទៃមេឃថ្មីនឹងផែនដីថ្មី ដែលមានសុទ្ធតែសេចក្ដីសុចរិតវិញ»។ នេះជាការសង្ឃឹមដ៏សប្បាយរីករាយយ៉ាងណាទៅហ្ន៎!
៨. តើតាមរបៀបណាដែលព្រឹត្ដិការណ៍ពិភពលោកកំពុងតែខិតទៅកំរិតខ្ពស់បំផុតនោះ?
៨ ក្នុងកំឡុងសតវត្សទី២០យើងនេះ ព្រឹត្ដិការណ៍ក្នុងពិភពលោកបានខិតទៅមុខបន្ដិចម្ដងៗឆ្ពោះដល់កំរិតខ្ពស់បំផុត។ ទោះបីមហន្តរាយនៃទីក្រុងហីរ៉ូហ្សីម៉ាមិនមែនជាថ្ងៃពិនិត្យរបស់ព្រះក្ដី នេះក៏អាចរួមបញ្ចូលនឹងការទាយចំពោះគ្រាចុងបញ្ចប់របស់ព្រះយេស៊ូ‹ដែលបណ្ដាលឲ្យភ័យតក់ស្លុត›។ (លូកា ២១:១១) នេះបានបាញ់ការគំរាមកំហែងបរមាណូ ដែលធ្វើឲ្យដូចពពកព្យួរនៅលើមនុស្សលោក។ ដូច្នេះ ចំណងជើងនៅក្នុងកាសែត ញូវយ៉ក ថែម្សនៃខែវិច្ឆិកា ថ្ងៃទី២៩ នៅឆ្នាំ១៩៩៣ អានថា៖ «កាំភ្លើងប្រហែលជាហួសសម័យមែន ប៉ុន្តែសស្ដ្រាវុធខាងបរមាណូគឺប្រុងប្រៀបជាស្រេច»។ នៅពេលចន្លោះនោះ សង្គ្រាមខាងអន្តរជាតិ ជាតិពន្ធ និងកុលស័ម្ពន្ធបន្តឲ្យមានផលដ៏អាក្រក់ជាច្រើន។ ក្នុងសង្គ្រាមអតីត ការខូចខាតភាគច្រើនមានតែនៅក្នុងចំណោមពួកទាហានទេ។ នៅសព្វថ្ងៃនេះ ការខូចខាត៨០ភាគរយពីសង្គ្រាមគឺទៅលើមនុស្សធម្មតា ហើយមានមនុស្សរាប់លាននាក់រត់ចេញពីស្រុកកំណើតរបស់គេជាជនភៀសខ្លួន។
៩. តើមេដឹកនាំសាសនាបានបង្ហាញមិត្តភាពជាមួយនឹងលោកីយ៍យ៉ាងដូចម្ដេច?
៩ ពួកមេដឹកនាំសាសនាតែងតែបង្ហាញ ហើយនៅតែបង្ហាញជា«មិត្តសំឡាញ់នឹងលោកីយ»ដោយទាក់ទងយ៉ាងសកម្មក្នុងសង្គ្រាមនិងបដិវត្តន៍ដ៏ឃោរឃៅ។ (យ៉ាកុប ៤:៤) ពួកគេខ្លះបានចូលដៃនឹងពួកមានអំណាចដ៏ល្មោភនៃពាណិជ្ជកម្មខាងលោកីយ៍ កាលដែលអង្គការដ៏ធំៗនេះផលិតសស្ដ្រាវុធនិងស្ថាបនាចក្រភពលក់ថ្នាំគ្រឿងស្រវឹង។ ជាឧទាហរណ៍ ក្នុងសេចក្ដីរាយការណ៍អំពីឃាតកម្មនៃមេលក់គ្រឿងស្រវឹងម្នាក់នៅប្រទេសអាមេរិកខាងត្បូង ញូវយ៉ក ថែម្សចែងថា៖ «ដោយលាក់នៃការលក់គ្រឿងស្រវឹងរបស់គាត់ ហើយអះអាងថាគាត់មានមុខជំនួញពេញច្បាប់និងជាអ្នកនៃឧបការីនោះ គាត់ក៏មានកម្មវិធីវិទ្យុរបស់គាត់ផ្ទាល់ ហើយមានបព្វជិតរ៉ូម៉ាំងកាតូលិកដើរជាមួយជានិច្ច»។ ទស្សនាវដ្ដីវ៉លស្ត្រីតបានរាយការណ៍ថា ក្រៅពីការធ្វើឲ្យហិនហោចជីវិតរបស់មនុស្សរាប់លាននាក់ ដែលបានក្លាយជាវិសពន្ធ មេលក់ថ្នាំគ្រឿងស្រវឹងនេះបានចាត់ការប្រហារជីវិតរាប់ពាន់នាក់ផ្ទាល់ខ្លួនផង។ ឡុងដុងថែម្សបានកត់សម្គាល់ថា៖ «អ្នកសម្លាប់តែងតែបង់លុយឲ្យមានការប្រជុំដ៏ធំដើម្បីនឹងថ្លែងអំណរគុណ . . . កាលដែលនៅពេលដដែលគ្នានោះ បុណ្យខ្មោចកំពុងតែធ្វើឡើងនៅកន្លែងផ្សេងៗទៀតដែរ»។ នេះជាការដ៏អាក្រក់ជួជាតិមែន!
១០. តើយើងត្រូវមានទស្សនៈយ៉ាងណាអំពីស្ថានភាពដ៏អាក្រក់ឡើងៗនៃលោកីយ៍នេះ?
១០ គឺគ្មានអ្នកណាដឹងថាតើពួកបុរសដែលបណ្ដាលពីបិសាច នឹងធ្វើឲ្យមានបញ្ហាយ៉ាងណាទៀតនៅលើផែនដីនេះទេ។ យ៉ូហានទី១ ៥:១៩ចែងថា៖ «លោកីយទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាច»។ នៅសព្វថ្ងៃនេះ គឺ«វេទនាដល់ផែនដី នឹងសមុទ្រវិញ ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្ដីឃោរឃៅជាខ្លាំង ដោយវាដឹងថាពេលវេលាវាខ្លីណាស់ហើយ»។ (វិវរណៈ ១២:១២) ប៉ុន្តែ ជាការគួរឲ្យសប្បាយចិត្តណាស់ រ៉ូម ១០:១៣ ធានារ៉ាប់រងយើងថា៖ «ហើយគ្រប់គ្នា គឺអស់អ្នកណា ដែលអំពាវនាវដល់ព្រះនាម[ព្រះយេហូវ៉ា ព.ថ.]នោះនឹងបានសង្គ្រោះ»។
ព្រះជិតមកជំនុំជំរះហើយ
១១. តើមានស្ថានភាពអ្វីនៅប្រទេសអ៊ីស្រាអែលដែលបានធ្វើឲ្យមានទំនាយរបស់ម៉ាឡាគីនោះ?
១១ ចំពោះអនាគតនៃមនុស្សនៅពេលខាងមុខនេះៗ ទំនាយនៃព្យាការីម៉ាឡាគីបានធ្វើឲ្យឃើញច្បាស់នូវអ្វីដែលនឹងកើតឡើង។ ក្នុងចំណោមព្យាការីហេព្រើរទាំងឡាយ ព្យាការីម៉ាឡាគីបាននៅខាងក្រោយគេបង្អស់។ សាសន៍អ៊ីស្រាអែលបានពិសោធការសោះកក្រោះក្នុងឆ្នាំ៦០៧ ម.ស.យ.។ ប៉ុន្តែ៧០ឆ្នាំក្រោយមក ព្រះយេហូវ៉ាបានសម្ដែងសេចក្ដីសប្បុរសដ៏ស្មោះក្នុងការយកសាសន៍នោះមកស្រុកកំណើតដើមវិញ។ ប៉ុន្តែ ក្នុងរយៈមួយរយឆ្នាំសាសន៍អ៊ីស្រាអែលបានធ្លាក់ចូលក្នុងការបះបោរជំនឿនិងអំពើអាក្រក់ជួជាតិវិញ។ ប្រជារាស្ត្រនោះបានធ្វើឲ្យខូចកិត្ដិនាមរបស់ព្រះយេហូវ៉ា ដោយមិនអើពើក្រិត្យដ៏សុចរិតរបស់ទ្រង់ ហើយបានធ្វើឲ្យកខ្វក់ព្រះវិហាររបស់ទ្រង់ ដោយយកសត្វខ្វាក់ ពិការ និងសត្វឈឺមកធ្វើយញ្ញបូជា។ ពួកគេបានលះលែងប្រពន្ធដែលគេបានយកតាំងពីក្មេង ដើម្បីឲ្យគេអាចរៀបការនឹងពួកស្ត្រីបរទេស។—ម៉ាឡាគី ១:៦-៨; ២:១៣-១៦
១២, ១៣. (ក) តើការលាងសំអាតអ្វីដែលត្រូវការជាចាំបាច់ចំពោះក្រុមសង្ឃចាក់ប្រេងតាំង? (ខ) តើតាមរបៀបណាដែលពួកហ្វូងធំក៏បានទទួលប្រយោជន៍ពីការលាងសំអាតនោះ?
១២ ដូច្នេះ ការលាងសំអាតគឺត្រូវការជាចាំបាច់។ នេះត្រូវបានរៀបរាប់មកនៅម៉ាឡាគី ៣:១-៤។ ដូចពួកអ៊ីស្រាអែលសម័យបុរាណ ស្មរបន្ទាល់ព្រះយេហូវ៉ានៅសម័យនេះក៏ត្រូវការសំអាតដែរ។ ដូច្នេះកិច្ចការលាងសំអាតដែលបានរៀបរាប់មកដោយព្យាការីម៉ាឡាគីក៏អាចទាក់ទងនឹងពួកគេដែរ។ កាលដែលសង្គ្រាមលោកលើកទីមួយបានជិតមកដល់ទីបញ្ចប់ សិស្សព្រះគម្ពីរខ្លះ នេះជាឈ្មោះស្មរបន្ទាល់ត្រូវបានស្គាល់នៅពេលនោះ មិនបានរក្សាអព្យាក្រឹតភាពដ៏ម៉ឺងម៉ាត់ក្នុងរឿងខាងលោកីយ៍ទេ។ នៅក្នុងឆ្នាំ១៩១៨ ព្រះយេហូវ៉ាបានបញ្ជូន‹ទូតនៃកិច្ចព្រមព្រៀង› គឺព្រះយេស៊ូគ្រីស្ទ ឲ្យមកឯព្រះវិហារខាងវិញ្ញាណរបស់ទ្រង់ ដើម្បីនឹងសំអាតក្រុមដ៏តូចនៃអ្នកថ្វាយបង្គំទ្រង់ពីការសៅហ្មងនៃលោកីយ៍។ តាមរយៈទំនាយ ព្រះយេហូវ៉ាបានមានបន្ទូលសួរថា៖ «តែមានអ្នកឯណាធន់នៅបាន ក្នុងកាលដែលទ្រង់យាងមកនោះ តើអ្នកណានឹងឈរនៅ ក្នុងកាលដែលទ្រង់លេចមក? ដ្បិតទ្រង់ប្រៀបដូចជាភ្លើងរបស់ជាងសំរង ហើយដូចជាក្បុងរបស់ជាងប្រមោក ទ្រង់នឹងគង់ចុះ ដូចជាជាងសំរង ហើយនឹងដេញអាចម៍ប្រាក់។ ទ្រង់នឹងសំអាតពួកកូនចៅលេវី[ក្រុមសង្ឃដែលចាក់ប្រេងតាំង] ហើយសំរងគេដូចជាមាស ហើយនឹងប្រាក់ នោះគេនឹងថ្វាយដង្វាយដល់ព្រះយេហូវ៉ា ដោយសេចក្ដីសុចរិត»។ ជាប្រជារាស្ត្រដែលបានលាងសំអាតហើយនោះ ពួកគេបានធ្វើដូច្នោះមែន!
១៣ ពួកក្រុមនៃសង្ឃដែលចាក់ប្រេងតាំងនោះ មានចំនួនតែ១៤៤.០០០ប៉ុណ្ណោះ។ (វិវរណៈ ៧:៤-៨; ១៤:១, ៣) ប៉ុន្តែ ចុះពួកអ្នកដែលបានឧទ្ទិសថ្វាយខ្លួនជាជនគ្រីស្ទាន យ៉ាងណាដែរ? ឥឡូវនេះ ពួកគេមានចំនួនរាប់លាននាក់ ពួកទាំងនេះជា‹ពួកហ្វូងធំ› ដែលត្រូវតែសំអាតដែរពីផ្លូវលោកីយ៍នេះ ‹ដោយបោកអាវរបស់គេហើយធ្វើឲ្យសឡើងក្នុងឈាមរបស់កូនចៀម›។ (វិវរណៈ ៧:៩, ១៤) ដូច្នេះ ដោយអនុវត្តជំនឿទៅលើយញ្ញបូជាលោះរបស់កូនចៀម គឺព្រះយេស៊ូគ្រីស្ទ ពួកគេក៏អាចរក្សាឋានៈស្អាតស្អំនៅពីមុខព្រះយេហូវ៉ាដែរ។ ព្រះបានសន្យាថាពួកគេនឹងបានរួចរស់ជីវិតពីសេចក្ដីវេទនាជាខ្លាំង នៃថ្ងៃព្រះយេហូវ៉ាដែលគួរឲ្យស្ញែងខ្លាច។—សេផានា ២:២, ៣
១៤. តើប្រជារាស្ត្ររបស់ព្រះត្រូវធ្វើតាមពាក្យអ្វីនៅសព្វថ្ងៃនេះ កាលដែលគេបន្តបណ្ដុះបុគ្គលិកលក្ខណៈថ្មីនោះ?
១៤ ជាមួយពួកអ្នកសំណល់នៃសង្ឃទាំងនេះ ពួកហ្វូងធំត្រូវតែធ្វើតាមពាក្យបន្ទូលរបស់ព្រះថែមទៀត៖ «ហើយអញនឹងមកជិតឯងរាល់គ្នា ដើម្បីនឹងសំរេចតាមសេចក្ដីយុត្ដិធម៌។ អញនឹងធ្វើជាសាក្សីយ៉ាងរហ័ស ទាស់នឹងពួកគ្រូអាបធ្មប់ ទាស់នឹងពួកកំផិត ទាស់នឹងពួកអ្នកដែលស្បថបំពាន ទាស់នឹងពួកដែលកេងបំបាត់ឈ្នួលរបស់កូនឈ្នួលល ព្រមទាំងសង្កត់សង្កិនស្រីមេម៉ាយ នឹងមនុស្សកំព្រាផង ហើយដែលបង្វែរសេចក្ដីយុត្ដិធម៌ ចេញពីពួកអ្នកដែលស្នាក់នៅ ឥតកោតខ្លាចដល់អញដែរ . . . ដ្បិតអញ គឺយេហូវ៉ា អញមិនប្រែប្រួលឡើយ»។ (ម៉ាឡាគី ៣:៥, ៦) បមាណីយរបស់ព្រះយេហូវ៉ាមិនចេះប្រែប្រួលទេ ដូច្នេះដោយកោតខ្លាចព្រះយេហូវ៉ា ប្រជារាស្ត្ររបស់ទ្រង់នៅសព្វថ្ងៃនេះត្រូវតែចៀសចេញពីសរណវត្ថុបូជាគ្រប់ប្រភេទ ហើយឲ្យនិយាយសេចក្ដីពិតនិងទៀងត្រង់ ហើយឲ្យសប្បុរស កាលដែលគេបន្តបណ្ដុះឲ្យមានបុគ្គលិកលក្ខណៈជាជនគ្រីស្ទាន។—កូល៉ុស ៣:៩-១៤
១៥. (ក) តើការអញ្ជើញដ៏មានសេចក្ដីមេត្ដាករុណាអ្វីដែលព្រះយេហូវ៉ាសម្ដែងមក? (ខ) តើយើងអាចចៀសវាងពីកោងយករបស់ព្រះយេហូវ៉ានោះ?
១៥ ព្រះយេហូវ៉ាសម្ដែងការអញ្ជើញដល់អស់អ្នក ដែលប្រហែលជាបានបែរចេញពីផ្លូវដ៏សុចរិតរបស់ទ្រង់ ដោយមានបន្ទូលថា៖ «ចូរវិលមកឯអញវិញចុះ នោះអញនឹងត្រឡប់មកឯឯងដែរ»។ បើសិនជាពួកទាំងនេះសួរថា៖ «តើយើងនឹងវិលទៅយ៉ាងដូចម្ដេច»? រួចទ្រង់ឆ្លើយតបថា៖ «ឯងរាល់គ្នាបានកោងយករបស់អញហើយ»។ ហើយចំពោះការឆ្លើយតបនឹងសំនួរថែមទៀត៖ «តើយើងបានកោងយករបស់ទ្រង់ឯណា»? ព្រះយេហូវ៉ាមានបន្ទូលថាពួកគេបានកោងយករបស់ទ្រង់ ដោយមិនបានយករបស់ដ៏ល្អបំផុត ជាតង្វាយសំរាប់កិច្ចបំរើនៃព្រះវិហាររបស់ទ្រង់។ (ម៉ាឡាគី ៣:៧, ៨) ដោយបានក្លាយទៅជាប្រជារាស្ត្រព្រះយេហូវ៉ាហើយ យើងត្រូវតែបូជាផ្នែកដ៏ល្អរបស់យើង គឺកម្លាំង សមត្ថភាព ហើយទ្រព្យសម្បត្ដិដើម្បីបំរើព្រះយេហូវ៉ា។ ដូច្នេះ ជាជាងយករបស់ពីព្រះ យើង‹ខំស្វែងរកព្រះរាជាណាចក្រនិងសេចក្ដីសុចរិតរបស់ទ្រង់ជាមុនសិន›។—ម៉ាថាយ ៦:៣៣
១៦. តើការលើកទឹកចិត្តអ្វីដែលយើងអាចរកឃើញនៅម៉ាឡាគី ៣:១០-១២?
១៦ ចំពោះអស់អ្នកដែលបដិសេធការបំរើអាត្មានិយម ផ្លូវវត្ថុនិយមនៃលោកីយ៍នេះ គេនឹងទទួលរង្វាន់ដ៏ធំអស្ចារ្យ ព្រោះម៉ាឡាគី ៣:១០-១២បញ្ជាក់ឲ្យឃើញថា៖ «ល្បងលអញឥឡូវ បើអញមិនបើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើឯង ដែលនឹងគ្មានកន្លែងល្មមទុកបានទេ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ»។ ចំពោះអស់អ្នកដែលមានចិត្តអបអរ ព្រះយេហូវ៉ាសន្យាថានឹងផ្ដល់ការរីកចំរើននិងផលផ្លែជាច្រើន។ ទ្រង់មានបន្ទូលថែមថា៖ «គ្រប់ទាំងសាសន៍នឹងថា ឯងរាល់គ្នាមានពរ ដ្បិតស្រុករបស់ឯងរាល់គ្នា នឹងបានជាស្រុកសប្បាយណាស់»។ តើនេះមិនជាការជាក់ស្តែងក្នុងចំណោមប្រជារាស្ត្រដែលមានអំណរគុណរាប់លាននាក់របស់ព្រះ នៅជុំវិញផែនដីនៅសព្វថ្ងៃនេះទេឬ?
ចិត្តស្មោះគ្រប់ល័ក្ខណ៍ក្នុងសៀវភៅជីវិត
១៧-១៩. (ក) តើការជ្រួលច្របល់ក្នុងប្រទេសរ្វ៉ាន់ដាមានឥទ្ធិពលទៅលើបងប្អូននៅទីនោះយ៉ាងដូចម្ដេច? (ខ) តើពួកស្មោះត្រង់ទាំងនេះបានបន្តទៅមុខដោយជំនឿស៊ប់យ៉ាងណា?
១៧ ចំពោះចំណុចនេះ យើងអាចមានប្រសាសន៍អំពីចិត្តស្មោះគ្រប់ល័ក្ខណ៍នៃបងប្អូនប្រុសស្រីរបស់យើងនៅប្រទេសរ្វ៉ាន់ដា។ ពួកគេតែងតែបានយកតង្វាយខាងវិញ្ញាណដ៏ល្អបំផុតទៅថ្វាយព្រះយេហូវ៉ានៅឯកន្លែងថ្វាយបង្គំខាងវិញ្ញាណ។ ជាឧទាហរណ៍ នៅឯមហាសន្និបាតតាមតំបន់ដែលមានចំណងជើងថា«ការបង្រៀនរបស់ព្រះ»នៅខែធ្នូនៃឆ្នាំ១៩៩៣ អ្នកផ្សាយព្រះរាជាណាចក្រមាន២.០៨០នាក់ បានផលដ៏ល្អដោយមានចំនួនមកប្រជុំ៤.០៧៥នាក់។ ព្រមទាំងមាន២៣០នាក់បានធ្វើពិធីជ្រមុជទឹក ហើយក្នុងចំណោមទាំងនេះ ស្ទើរតែ១៥០នាក់បានចុះឈ្មោះធ្វើអ្នកត្រួសត្រាយជំនួយក្នុងខែជាបន្ទាប់នោះ។
១៨ នៅពេលដែលការសំអប់ជាតិពន្ធបានផ្ទុះឡើងនៅខែមេសា ឆ្នាំ១៩៩៤ យ៉ាងហោចណាស់មានស្មរបន្ទាល់១៨០នាក់ រួមទាំងអ្នកត្រួតពិនិត្យក្រុង នៅរដ្ឋធានីឃីហ្គាលីនិងគ្រួសាររបស់គាត់ត្រូវបានគេសម្លាប់។ ពួកអ្នកបកប្រែប្រាំមួយនាក់នៅការិយាល័យសមាគមប៉មយាមក្នុងទីក្រុងឃីហ្គាលី ដែលបួននាក់ជាកុលសម្ព័ន្ធហុតធូ ហើយពីរនាក់ពីកុលសម្ព័ន្ធធុតស៊ី បានបន្តធ្វើការបីបួនអាទិត្យនៅក្រោមការគំរាមកំហែងដ៏ខ្លាំង រហូតដល់បងប្អូនពីកុលសម្ព័ន្ធធុតស៊ីបានភៀសខ្លួនចេញ តែត្រូវបានគេសម្លាប់ចោលនៅឯកន្លែងឆែកឆេ។ នៅទីបំផុត បងប្អូនបួននាក់បានរត់ទៅទីក្រុងហ្គូម៉ា នៃប្រទេសស៊ៃអៀរ ដោយកាន់គ្រឿងប្រដាប់ប្រដាកុំព្យូទ័រដែលគេមាននៅនឹងដៃ ដែលគេបានបន្តការបកប្រែទស្សនាវដ្ដីប៉មយាមដោយស្មោះត្រង់ក្នុងភាសា ឃីនយ៉ាវ៉ាន់ដា។—អេសាយ ៥៤:១៧
១៩ ទោះបីនៅក្នុងកាលៈទេសៈដ៏គួរឲ្យសង្វេគយ៉ាងណាក្ដី ពួកជនភៀសខ្លួនស្មរបន្ទាល់ទាំងនេះ តែងតែសុំរកអាហារខាងវិញ្ញាណមុននឹងអាហារខាងសាច់ឈាមទៀតផង។ បងប្អូនដែលមានសេចក្ដីស្រឡាញ់ពីប្រទេសខ្លះៗបានយកគ្រឿងផ្គត់ផ្គង់ទៅដល់ពួកគេ ដោយប្រថុយជីវិតផង។ តាមពាក្យសំដីនិងដោយសណ្ដាប់ធ្នាប់របស់គេក្នុងស្ថានការណ៍ដ៏ពិបាកនោះ ពួកជនភៀសខ្លួនទាំងនេះបានធ្វើបន្ទាល់យ៉ាងអស្ចារ្យ។ ពិតហើយ ពួកគេបានបន្តយករបស់ដ៏ល្អរបស់គេមកថ្វាយបង្គំព្រះយេហូវ៉ា។ ពួកគេបានសម្ដែងជំនឿស៊ប់របស់គេ ដូចបានសម្ដែងមកតាមពាក្យរបស់ប៉ុលនៅរ៉ូម ១៤:៨ ព.ថ.៖ «បើសិនជាយើងរស់ យើងរស់សំរាប់ព្រះយេហូវ៉ា ហើយបើសិនជាយើងស្លាប់ ក៏ស្លាប់សំរាប់ព្រះយេហូវ៉ាដែរ។ ដូច្នេះ បើសិនជាយើងរស់ឬស្លាប់ក្ដី នោះយើងក៏ជារបស់ផងព្រះយេហូវ៉ាដែរ»។
២០, ២១. (ក) តើឈ្មោះរបស់អ្នកណាដែលមិនបានសរសេរនៅក្នុងសៀវភៅរំឭករបស់ព្រះយេហូវ៉ា? (ខ) តើឈ្មោះរបស់អ្នកណាដែលនឹងមាននៅក្នុងសៀវភៅនោះ ហើយហេតុអ្វី?
២០ ព្រះយេហូវ៉ាទ្រង់កត់បញ្ជីទុកនៃអស់អ្នកដែលបំរើទ្រង់ដោយចិត្តស្មោះគ្រប់ល័ក្ខណ៍។ ទំនាយរបស់ម៉ាឡាគីបន្តថា៖ «គ្រានោះ ពួកអ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ា ក៏និយាយគ្នាទៅវិញទៅមក ហើយព្រះយេហូវ៉ាទ្រង់ប្រុងស្ដាប់ ក៏បានឮ រួចមានសៀវភៅរំឭកបានកត់ទុក នៅចំពោះព្រះយេហូវ៉ា សំរាប់ពួកអ្នកដែលកោតខ្លាចដល់ទ្រង់ នឹងពួកអ្នកដែលនឹកដល់ព្រះនាមទ្រង់»។—ម៉ាឡាគី ៣:១៦
២១ នៅសព្វថ្ងៃនេះជាការដ៏សំខាន់ណាស់ ដែលយើងត្រូវបង្ហាញការកោតខ្លាចព្រះក្នុងការឲ្យកិត្ដិយសដល់ព្រះនាមព្រះយេហូវ៉ា! ការធ្វើដូច្នេះ យើងនឹងមិនរងការជំនុំជំរះដ៏មិនល្អ ដូចពួកអ្នកដែលគាំទ្ររបបសម័យលោកនេះទេ។ វិវរណៈ ១៧:៨រៀបរាប់ថា‹ឈ្មោះរបស់គេមិនបានកត់ទុកក្នុងបញ្ជីជីវិតទេ›។ ឈ្មោះដ៏សំខាន់ជាងគេដែលនៅក្នុងសៀវភៅជីវិតរបស់ព្រះយេហូវ៉ា នោះជាមេភ្នាក់ងារនៃជីវិត គឺរាជបុត្រារបស់ព្រះផ្ទាល់ ព្រះយេស៊ូគ្រីស្ទ។ ម៉ាថាយ ១២:២១ប្រកាសថា៖ «ហើយអស់ទាំងសាសន៍ដទៃ នឹងមានសេចក្ដីសង្ឃឹម ដោយនូវឈ្មោះទ្រង់»។ យញ្ញបូជាលោះរបស់ព្រះយេស៊ូជាការធានារ៉ាប់រងនៃជីវិតដ៏អស់កល្បជានិច្ច ចំពោះអស់អ្នកដែលអនុវត្តជំនឿតាមនោះ។ ជាការដ៏មានឯកសិទ្ធិមែន ដោយមានឈ្មោះរបស់យើងផ្ទាល់បានបន្ថែមជាមួយនឹងព្រះនាមយេស៊ូក្នុងបញ្ជីនោះ!
២២. តើអ្វីនឹងឃើញច្បាស់នៅពេលដែលព្រះយេហូវ៉ាជំនុំជំរះប្រហារជីវិតនោះ?
២២ តើពួកអ្នកបំរើរបស់ព្រះនឹងបានទៅជាយ៉ាងណាក្នុងថ្ងៃជំនុំជំរះនោះ? ព្រះយេហូវ៉ាប្រទានចម្លើយនៅម៉ាឡាគី ៣:១៧, ១៨ថា៖ «អញនឹងប្រណីដល់គេ ដូចជាមនុស្សប្រណីដល់កូនខ្លួនដែរ។ គឺជាកូនដែលគោរពដល់ខ្លួនពិត។ គ្រានោះ ឯងរាល់គ្នានឹងត្រឡប់ជាចេះញែកសេចក្ដីសុចរិត នឹងសេចក្ដីអាក្រក់ចេញពីគ្នា ហើយនឹងមនុស្សដែលគោរពដល់ព្រះ នឹងមនុស្សដែលមិនគោរពផង»។ មនុស្សទាំងអស់នឹងយល់ច្បាស់លាស់អំពីការបែងចែក៖ ពួកអាក្រក់ជួជាតិនឹងញែកចូលការហិនវិនាសអស់កល្បជានិច្ច និងពួកសុចរិតនឹងបានយល់ព្រមសំរាប់ជីវិតអស់កល្បជានិច្ចក្នុងវិស័យនៃព្រះរាជាណាចក្រ។ (ម៉ាថាយ ២៥:៣១-៤៦) ដូច្នេះហើយ ពួកហ្វូងធំនៃមនុស្សដែលមានលក្ខណៈដូចចៀមនឹងរួចរស់ជីវិតនៃថ្ងៃដ៏គួរឲ្យស្ញែងខ្លាចនៃព្រះយេហូវ៉ា។
តើអ្នកនៅចាំទេ?
◻ តើការជំនុំជំរះអ្វីដែលព្រះយេហូវ៉ាប្រហារជីវិតនៅសម័យព្រះគម្ពីរ?
◻ តើស្ថានភាពនៅសព្វថ្ងៃនេះមានសភាពស្មើនឹងសម័យបុរាណយ៉ាងដូចម្ដេច?
◻ ក្នុងការសម្រេចទំនាយរបស់ម៉ាឡាគី តើការលាងសំអាតអ្វីដែលបានកើតឡើង?
◻ តើឈ្មោះរបស់អ្នកណាដែលបានកត់ទុកក្នុងសៀវភៅរំឭករបស់ព្រះ?