តើអ្នកណានឹងរួចរស់ជីវិតនៅថ្ងៃរបស់ព្រះយេហូវ៉ា?
«ថ្ងៃនោះកំពុងតែមកដល់ ថ្ងៃនោះឆេះធ្លោ ដូចជាគុកភ្លើង»។—ម៉ាឡាគី ៤:១
១. តើលោកម៉ាឡាគីស្រដីយ៉ាងណាអំពីទីបញ្ចប់នៃរបបលោកីយ៍ដ៏អាក្រក់នេះ?
ព្រះយេហូវ៉ាបានបណ្ដាលឲ្យព្យាការីម៉ាឡាគីកត់ទុកទំនាយអំពីព្រឹត្ដិការណ៍ដ៏អស្ចារ្យដែលនឹងកើតឡើងនាអនាគតឆាប់ៗខាងមុខនេះ។ ព្រឹត្ដិការណ៍ទាំងនេះនឹងប៉ះពាល់ទៅលើមនុស្សគ្រប់រូបនៅលើផែនដី។ ម៉ាឡាគី ៤:១ ចែងថា៖ «‹មើល! ថ្ងៃនោះកំពុងតែមកដល់ ថ្ងៃនោះឆេះធ្លោ ដូចជាគុកភ្លើង នោះអស់អ្នកឆ្មើងឆ្មៃ ហើយនឹងអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាជញ្ជ្រាំង ហើយថ្ងៃដែលត្រូវមកដល់នោះ នឹងឆេះបន្សុសគេទាំងអស់ទៅ ឥតទុកឲ្យគេមានឫស ឬមែកនៅសល់ឡើយ› នេះហើយ ជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ»។ តើសេចក្ដីហិនវិនាសនៃរបបអាក្រក់នាបច្ចុប្បន្នកាលនេះនឹងមានទំហំប៉ុនណាទៅ? សេចក្ដីហិនវិនាសនឹងប្រៀបដូចជាឫសរបស់ដើមឈើមួយ ដែលនឹងត្រូវបំផ្លាញចោលទាំងស្រុង ដើម្បីកុំឲ្យដើមនោះដុះឡើងម្ដងទៀត។
២. តើខគម្ពីរខ្លះៗពណ៌នាយ៉ាងណាអំពីថ្ងៃនៃព្រះយេហូវ៉ា?
២ អ្នកប្រហែលជាសួរថា ‹តើព្យាការីម៉ាឡាគី កំពុងតែទាយអំពី«ថ្ងៃ»អ្វី?›។ នោះគឺជាថ្ងៃដូចគ្នាមានក្នុងអេសាយ ១៣:៩ ដែលប្រកាសថា៖ «មើល! ថ្ងៃនៃព្រះយេហូវ៉ាកំពុងតែមកដល់ ជាថ្ងៃដ៏សហ័សដោយសេចក្ដីក្រោធ នឹងកំហឹងយ៉ាងខ្លាំង ដើម្បីនឹងបំផ្លាញស្រុកឲ្យរលីង ហើយនឹងធ្វើឲ្យមនុស្សមានបាបសូន្យចេញ»។ សេផានា ១:១៥ ក៏ពណ៌នាដូចតទៅនេះថា៖ «ថ្ងៃនោះជាថ្ងៃនៃសេចក្ដីក្រោធ គឺជាថ្ងៃដ៏វេទនា ហើយមានទុក្ខ ជាថ្ងៃបំផ្លាញ ហើយរំលាង ជាថ្ងៃងងឹត ហើយស្រអាប់ ជាថ្ងៃមេឃមីរស្រទំ ហើយងងឹតយ៉ាងក្រាស់»។
«សេចក្ដីវេទនាជាខ្លាំង»
៣. តើ«ថ្ងៃនៃព្រះយេហូវ៉ា»ជាអ្វី?
៣ ក្នុងការសម្រេចដ៏ធំបំផុតនៃបទទំនាយរបស់លោកម៉ាឡាគី «ថ្ងៃនៃព្រះយេហូវ៉ា» គឺជាគ្រាដែលព្រះយេស៊ូបានហៅជា«សេចក្ដីវេទនាជាខ្លាំង»។ ព្រះយេស៊ូបានមានបន្ទូលដោយទាយថា៖ «នៅគ្រានោះ នឹងមានសេចក្ដីវេទនាជាខ្លាំងណាស់ ដល់ម្ល៉េះបានជាតាំងពីដើមកំណើតលោកីយ ដរាបមកដល់សព្វថ្ងៃនេះ មិនដែលមានយ៉ាងដូច្នោះឡើយ ហើយទៅមុខក៏មិនដែលមានដែរ»។ (ម៉ាថាយ ២៤:២១) សូមនឹកគិតអំពីទុក្ខវេទនាជាច្រើនក្រៃលែងដែលលោកីយ៍នេះបានឆ្លងកាត់រួចទៅហើយ ជាពិសេសចាប់តាំងពីឆ្នាំ១៩១៤មកម្ល៉េះ។ (ម៉ាថាយ ២៤:៧-១២) បើគិតតែពីសង្គ្រាមលោកលើកទី២ប៉ុណ្ណោះ គឺស្លាប់អស់៥០លាននាក់! ក៏ប៉ុន្តែ ព្រះយេស៊ូមានបន្ទូលថា «សេចក្ដីវេទនាជាខ្លាំង»ដែលកំពុងតែឆ្ពោះមកដល់នោះ នឹងមានព្រឹត្ដិការណ៍ដ៏ធំជាងបញ្ហាដែលធ្លាប់មានកន្លងទៅនោះឆ្ងាយណាស់។ សេចក្ដីវេទនាជាខ្លាំងគឺជាគ្រាដូចគ្នានឹងថ្ងៃរបស់ព្រះយេហូវ៉ា នោះនឹងចប់ដោយសង្គ្រាមអើម៉ាគេដូន ទាំងបញ្ចប់ថ្ងៃជាន់ក្រោយបង្អស់នៃរបបលោកីយ៍ដ៏អាក្រក់នេះ។—ធីម៉ូថេទី២ ៣:១-៥, ១៣; វិវរណៈ ៧:១៤; ១៦:១៤, ១៦
៤. ពេលថ្ងៃនៃព្រះយេហូវ៉ាចប់នោះ តើអ្វីខ្លះបានកើតឡើងរួចទៅហើយ?
៤ ពេលថ្ងៃនៃព្រះយេហូវ៉ាចប់ហើយ លោកីយ៍របស់សាតាំងនិងអ្នកគាំទ្រវានឹងបានត្រូវបំផ្លាញចោល។ សាសនាមិនពិតនឹងត្រូវបំផ្លាញចោលមុនគេបង្អស់។ បន្តបន្ទាប់ ព្រះយេហូវ៉ានឹងបំផ្លាញចោលរបបនយោបាយនិងពិភពពាណិជ្ជកម្មរបស់សាតាំង។ (វិវរណៈ ១៧:១២-១៤; ១៩:១៧, ១៨) លោកអេសេគាលទាយថា៖ «គេនឹងបោះចោលប្រាក់របស់គេទៅក្នុងផ្លូវ ហើយមាសគេនឹងទុកដូចជារបស់មិនស្អាត។ អស់ទាំងប្រាក់នឹងមាសរបស់គេនឹងជួយឲ្យគេរួច នៅថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាមិនបាន»។ (អេសេគាល ៧:១៩) សេផានា ១:១៤ លើកបញ្ជាក់អំពីថ្ងៃនោះថា៖ «ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាជិតមកដល់ គឺបានមកជិតហើយ ក៏ប្រញឹកណាស់ដែរ»។ ដោយដឹងអំពីអ្វីដែលចែងទុកក្នុងព្រះគម្ពីរស្តីពីថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ា នោះយើងប្រាកដជាចង់តាំងចិត្តប្រព្រឹត្តសមស្របទៅតាមតម្រូវការដ៏សុចរិតរបស់ទ្រង់។
៥. តើអ្នកដែលកោតខ្លាចព្រះនាមព្រះយេហូវ៉ានឹងទទួលអ្វី?
៥ ក្រោយពីម៉ាឡាគីបានទាយអំពីអ្វីដែលថ្ងៃនៃព្រះយេហូវ៉ានឹងធ្វើដល់លោកីយ៍របស់សាតាំងនៅម៉ាឡាគី ៤:២ នោះគាត់កត់បន្ទូលព្រះយេហូវ៉ាដោយថា៖ «តែព្រះអាទិត្យ នៃសេចក្ដីសុចរិតនឹងរះឡើង មានទាំងអំណាចប្រោសឲ្យជា នៅក្នុងចំអេងស្លាប សំរាប់ឯងរាល់គ្នាដែលកោតខ្លាចដល់ឈ្មោះអញ នោះឯងរាល់គ្នានឹងចេញទៅ លោតកញ្ឆេងដូចជាកូនគោ ដែលលែងចេញពីក្រោល»។ «ព្រះអាទិត្យ នៃសេចក្ដីសុចរិត»គឺជាព្រះយេស៊ូគ្រីស្ទ។ ទ្រង់ជា«ពន្លឺលោកីយ»។ (យ៉ូហាន ៨:១២) ព្រះយេស៊ូរះឡើងដោយមានអំណាចប្រោសឲ្យជា គឺជាការប្រោសឲ្យជាខាងវិញ្ញាណមុនសិន ដូចជាយើងកំពុងតែទទួលសព្វថ្ងៃនេះ ហើយនឹងមានការប្រោសឲ្យជាយ៉ាងសព្វគ្រប់ខាងរាងកាយទៀតផងក្នុងពិភពលោកថ្មី។ ដូចព្រះយេហូវ៉ាមានបន្ទូលនោះ អ្នកដែលត្រូវបានប្រោសឲ្យជានឹង«លោតកញ្ឆេងដូចជាកូនគោ» ដោយសប្បាយនិងរំភើបចិត្តដែលគេត្រូវលែងចេញពីក្រោល។
៦. តើអ្នកបំរើរបស់ព្រះយេហូវ៉ានឹងមានការជប់លៀងអបអរអ្វីនឹងជ័យជំនះ?
៦ ចុះយ៉ាងណាវិញចំពោះមនុស្សដែលធ្វើមិនដឹងមិនឮចំពោះខ្នាតតម្រារបស់ព្រះយេហូវ៉ានោះ? ម៉ាឡាគី ៤:៣ ចែងថា៖ «ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា ‹នៅថ្ងៃដែលធ្វើការនោះ ឯងរាល់គ្នា[ពួកអ្នកបំរើរបស់ព្រះ]នឹងជាន់ឈ្លីពួកអាក្រក់បង់ ដ្បិតគេនឹងដូចជាផេះនៅក្រោមបាទជើងរបស់ឯងរាល់គ្នា›»។ មនុស្សជាតិដែលជាអ្នកថ្វាយបង្គំព្រះ នឹងមិនចូលរួមក្នុងការបំផ្លាញរបបលោកីយ៍របស់សាតាំងទេ។ ផ្ទុយទៅវិញ ពួកគេ«ជាន់ឈ្លីពួកអាក្រក់»ក្នុងន័យអត្ថបដិរូប ពេលគេចូលរួមការជប់លៀងអបអរជ័យជំនះបន្ទាប់ពីថ្ងៃនៃព្រះយេហូវ៉ា។ គឺបានមានការជប់លៀងអបអរបែបនេះបន្ទាប់ពីការបំផ្លាញចោលស្តេចផារ៉ោននិងកងទ័ពរបស់ទ្រង់ក្នុងសមុទ្រក្រហម។ (និក្ខមនំ ១៥:១-២១) ដូច្នេះ ក្រោយពីសាតាំងនិងលោកីយ៍របស់វាត្រូវកំចាត់ចោល នោះនឹងមានការជប់លៀងអបអរជ័យជំនះផងដែរ។ អ្នកស្មោះត្រង់ដែលរួចរស់ជីវិតនោះ នឹងលាន់មាត់ថា៖ «យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្ដីសង្គ្រោះរបស់ទ្រង់»។ (អេសាយ ២៥:៩) នឹងមានការអរសប្បាយយ៉ាងខ្លាំងយ៉ាងណាទៅហ្ន៎! ពេលព្រះយេហូវ៉ាត្រូវដំកើងជាព្រះអធិបតី និងផែនដីត្រូវបោសសំអាតដោយឲ្យមនុស្សនៅដោយសុខសាន្ត!
ពិភពគ្រីស្ទសាសនាកំពុងតែយកតម្រាប់តាមសាសន៍អ៊ីស្រាអែល
៧, ៨. សូមរៀបរាប់នូវសភាពខាងវិញ្ញាណនៃសាសន៍អ៊ីស្រាអែលនៅសម័យលោកម៉ាឡាគី។
៧ ពួកអ្នកដែលទទួលព្រះពរពីព្រះយេហូវ៉ា គឺជាអ្នកដែលបំរើទ្រង់ ហើយពួកគេគឺខុសប្លែកពីអ្នកដែលមិនបំរើទ្រង់។ គឺដូចគ្នាដែរពេលលោកម៉ាឡាគីបានសរសេរសៀវភៅរបស់គាត់។ នៅឆ្នាំ៥៣៧ មុនស.យ. ជនជាតិអ៊ីស្រាអែលមួយចំនួនបានត្រូវរំដោះនាំទៅដល់ស្រុកកំណើតវិញ ក្រោយគេត្រូវឃុំទុកនៅទីក្រុងបាប៊ីឡូនអស់៧០ឆ្នាំ។ ក៏ប៉ុន្តែ ក្នុងកំឡុងពេល១០០ឆ្នាំក្រោយនោះមក សាសន៍អ៊ីស្រាអែលដែលបានត្រូវស្ដារឡើងវិញនោះ ក៏បានរសាត់ចូលទៅក្នុងការក្បត់ជំនឿនិងអំពើអាក្រក់ម្ដងទៀត។ ប្រជាជនភាគច្រើនបានបង្ខូចនាមរបស់ព្រះយេហូវ៉ា ធ្វើព្រងើយនឹងច្បាប់ដ៏សុចរិតរបស់ទ្រង់ និងបានធ្វើឲ្យព្រះវិហាររបស់ទ្រង់ក្រខ្វក់ដោយនាំសត្វដែលខ្វាក់ ខ្វិន និងឈឺមកថ្វាយជាដង្វាយ។ ពួកគេក៏បានលែងលះភរិយារបស់គេពីកាលក្រមុំកំលោះដែរ។
៨ ហេតុនេះហើយ ព្រះយេហូវ៉ាមានបន្ទូលប្រាប់ជនជាតិអ៊ីស្រាអែលថា៖ «អញនឹងមកជិតឯងរាល់គ្នា ដើម្បីនឹងសំរេចតាមសេចក្ដីយុត្ដិធម៌។ អញនឹងធ្វើជាសាក្សីយ៉ាងរហ័ស ទាស់នឹងពួកគ្រូអាបធ្មប់ ទាស់នឹងពួកកំផិត ទាស់នឹងពួកអ្នកដែលស្បថបំពាន ទាស់នឹងពួកដែលកេងបំបាត់ឈ្នួលរបស់កូនឈ្នួល ព្រមទាំងសង្កត់សង្កិនស្រីមេម៉ាយ នឹងមនុស្សកំព្រាផង ហើយដែលបង្វែរសេចក្ដីយុត្ដិធម៌ ចេញពីពួកអ្នកដែលស្នាក់នៅ ឥតកោតខ្លាចដល់អញដែរ . . . ដ្បិតអញ គឺយេហូវ៉ា អញមិនប្រែប្រួលឡើយ»។ (ម៉ាឡាគី ៣:៥, ៦) ក៏ប៉ុន្តែ ព្រះយេហូវ៉ាអញ្ជើញអ្នកដែលបានលះចោលអំពើអាក្រក់របស់គេថា៖ «ចូរវិលមកឯអញវិញចុះ! នោះអញនឹងត្រឡប់មកឯឯងដែរ»។—ម៉ាឡាគី ៣:៧
៩. តើទំនាយរបស់លោកម៉ាឡាគីបានសម្រេចយ៉ាងដូចម្ដេចជាដំបូង?
៩ ពាក្យទាំងនោះក៏បានសម្រេចនៅក្នុងសតវត្សទីមួយដែរ។ សាសន៍យូដាមួយចំនួនបានបំរើព្រះយេហូវ៉ាហើយទៅជាផ្នែកនៃ«សាសន៍»ថ្មីដែលមានសមាសភាពជាគ្រីស្ទានចាក់ប្រេងតាំងនិងក្រោយមកសាសន៍ផ្សេងផងដែរ។ ក៏ប៉ុន្តែ អ្នកភាគច្រើនដែលជាជនជាតិអ៊ីស្រាអែល បានបដិសេធព្រះយេស៊ូ។ ដូច្នេះ ព្រះយេស៊ូមានបន្ទូលទៅកាន់សាសន៍អ៊ីស្រាអែលថា៖ «មើល! ផ្ទះឯងនឹងត្រូវចោលស្ងាត់ទុកឲ្យឯង»។ (ម៉ាថាយ ២៣:៣៨; កូរិនថូសទី១ ១៦:២២) នៅឆ្នាំ៧០ ស.យ. ដូចបានទាយទុកនៅម៉ាឡាគី ៤:១ «ថ្ងៃ . . . ឆេះធ្លោ ដូចជាគុកភ្លើង» បានមកដល់ជនជាតិអ៊ីស្រាអែល។ ទីក្រុងយេរូសាឡិមនិងព្រះវិហារនៅនោះត្រូវបានបំផ្លាញចោល និងមនុស្សជាងមួយលាននាក់បានស្លាប់ដោយទុរភិក្ស ការដណ្ដើមអំណាច និងការវាយលុកពីទាហានរ៉ូម។ ប៉ុន្តែ អ្នកដែលបំរើព្រះយេហូវ៉ាបានគេចរួចផុតពីសេចក្ដីវេទនានោះ។—ម៉ាកុស ១៣:១៤-២០
១០. មនុស្សទូទៅនិងបព្វជិតសាសនាតើពួកគេយកតម្រាប់តាមសាសន៍អ៊ីស្រាអែលពីសតវត្សទីមួយយ៉ាងដូចម្ដេចខ្លះ?
១០ មនុស្សជាទូទៅ ហើយជាពិសេសពិភពគ្រីស្ទសាសនានោះធ្វើតាមលំអានដាននៃសាសន៍អ៊ីស្រាអែលពីសតវត្សទីមួយ។ ពួកអ្នកដឹកនាំនិងមនុស្សទូទៅក្នុងពិភពគ្រីស្ទសាសនា ចង់តែតាមជំនឿរបស់គេផ្ទាល់ ជាជាងសេចក្ដីពិតរបស់ព្រះដែលព្រះយេស៊ូបានបង្រៀន។ បព្វជិតមានទោសធ្ងន់ជាងគេបំផុត។ ពួកគេមិនព្រមប្រើនាមព្រះយេហូវ៉ា និងរហូតដល់ដកព្រះនាមទ្រង់ចេញពីព្រះគម្ពីររបស់គេទៀតផង។ ពួកគេបង្អាប់ដល់ព្រះយេហូវ៉ាដោយសេចក្ដីបង្រៀនដែលគ្មានមូលដ្ឋានពីព្រះគម្ពីរទេ ដូចជាសេចក្ដីបង្រៀនពីសាសនាពាហិរជនអំពីភ្លើងនរក ទារុណកម្មជារៀងរហូត លទ្ធិព្រះឯកត្រីអង្គ និងព្រលឹងអមតៈ ថែមទាំងបង្រៀនទ្រឹស្តីវិវត្តន៍ទៀតផង។ ពួកគេធ្វើដូចជាពួកសង្ឃបានធ្វើនៅសម័យរបស់លោកម៉ាឡាគី ពួកគេមិនចង់ឲ្យព្រះយេហូវ៉ាទទួលនូវសេចក្ដីសរសើរដែលទ្រង់សមនឹងទទួលនោះទេ។
១១. តើសាសនាពិភពលោកនេះតាមពិតបំរើអ្នកណា? ហើយតើពួកគេបង្ហាញថាគេបំរើអ្នកនោះតាមវិធីណា?
១១ នៅឆ្នាំ១៩១៤ ពេលថ្ងៃជាន់ក្រោយបង្អស់ចាប់ផ្ដើមនោះសាសនាទាំងឡាយរបស់ពិភពលោកនេះ មានអ្នកដែលអះអាងថាគេជាគ្រីស្ទានជាដើម បានសឲ្យឃើញថាគេកំពុងតែបំរើអ្នកណា។ ក្នុងកំឡុងសង្គ្រាមលោកទាំងពីរនោះ ពួកគេបានលើកទឹកចិត្តសមាជិករបស់គេឲ្យចូលរួមសង្គ្រាមដោយអាងរឿងប្រទេសជាតិ និងសម្លាប់មនុស្សឯទៀត សូម្បីតែអ្នកដែលកាន់សាសនាដូចគ្នាក៏មាន។ ព្រះបន្ទូលរបស់ព្រះឆ្លុះបញ្ចាំងដោយសម្គាល់អ្នកដែលស្ដាប់បង្គាប់ព្រះយេហូវ៉ានិងអ្នកដែលមិនស្ដាប់ទ្រង់ ដោយចែងថា៖ «គឺយ៉ាងនោះហើយ ដែលនឹងសំគាល់ថាជាពួកកូនព្រះ ឬពួកកូនអារក្សទៅបាន ឯអ្នកណាដែលមិនប្រព្រឹត្តសេចក្ដីសុចរិត ហើយមិនស្រឡាញ់ដល់បងប្អូន នោះមិនមែនមកពីព្រះទេ។ ដ្បិតនេះឯងជាសេចក្ដី ដែលអ្នករាល់គ្នាបានឮពីដើមរៀងមក គឺថា ត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក មិនមែនដូចជាកាអ៊ីន ដែលកើតពីមេកំណាចមក ហើយបានសំឡាប់ប្អូនខ្លួននោះឡើយ»។—យ៉ូហានទី១ ៣:១០-១២
ការសម្រេចតាមទំនាយ
១២, ១៣. តើអ្នកបំរើរបស់ព្រះសម្រេចទំនាយអ្វីខ្លះនៅសម័យយើងនេះ?
១២ នៅពេលសង្គ្រាមលោកលើកទី១ចប់នៅឆ្នាំ១៩១៨ នោះអ្នកបំរើព្រះយេហូវ៉ាអាចមើលឃើញថា ព្រះបានកាត់ទោសពិភពគ្រីស្ទសាសនាឲ្យទទួលសេចក្ដីហិនវិនាស ព្រមទាំងសាសនាមិនពិតទូទៅផងដែរ។ ចាប់ពីពេលនោះមក មានការអញ្ជើញមនុស្សចិត្តស្មោះសថា៖ «រាស្ត្រអញអើយ! ចូរចេញពីទីក្រុងនោះមក ដើម្បីកុំឲ្យត្រូវមានចំណែកក្នុងអំពើបាបវាឡើយ ក្រែងត្រូវវេទនាដូចជាវាដែរ។ ដ្បិតអំពើបាបវាបានគរជាគំនរឡើងដល់ផ្ទៃមេឃ ហើយព្រះទ្រង់បាននឹកចាំពីការទុច្ចរិតរបស់វា»។ (វិវរណៈ ១៨:៤, ៥) ពួកអ្នកដែលពិតជាចង់បំរើព្រះយេហូវ៉ា ចាប់ផ្ដើមត្រូវជំរះកុំឲ្យប្រឡាក់ដោយសាសនាមិនពិត ហើយពួកគេចាប់ផ្ដើមផ្សព្វផ្សាយទូទាំងពិភពលោកនូវដំណឹងល្អពីព្រះរាជាណាចក្រ ដែលជាកិច្ចការមួយគេត្រូវបង្ហើយមុនទីបញ្ចប់នៃរបបដ៏អាក្រក់នេះមកដល់។—ម៉ាថាយ ២៤:១៤
១៣ នេះបានកើតឡើងដើម្បីសម្រេចតាមទំនាយនៅម៉ាឡាគី ៤:៥ ពេលព្រះយេហូវ៉ាមានបន្ទូលថា៖ «មើល! មុនដែលថ្ងៃដ៏ធំហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់ នោះអញនឹងចាត់លោកអេលីយ៉ា ឲ្យមកឯឯងរាល់គ្នា»។ ទំនាយនោះបានសម្រេចជាលើកដំបូងក្នុងកិច្ចការរបស់យ៉ូហានជាអ្នកដែលធ្វើបុណ្យជ្រមុជទឹកឲ្យគេ ដែលត្រូវតំណាងដោយលោកអេលីយ៉ា។ យ៉ូហានបានធ្វើកិច្ចការមួយដូចលោកអេលីយ៉ា ពេលគាត់ធ្វើជ្រមុជទឹកឲ្យសាសន៍យូដាដែលប្រែចិត្តពីអំពើបាបរបស់គេដែលប្រឆាំងនឹងក្រិត្យវិន័យ។ សំខាន់ជាងនោះទៅទៀតគឺថា យ៉ូហានគឺជាអ្នកជួយមនុស្សត្រៀមលក្ខណៈដើម្បីទទួលព្រះមេស្ស៊ី។ ក៏ប៉ុន្តែ កិច្ចការរបស់យ៉ូហានគ្រាន់តែជាការសម្រេចដំបូងនៃទំនាយរបស់លោកម៉ាឡាគីប៉ុណ្ណោះ។ ទោះជាព្រះយេស៊ូបានបញ្ជាក់ថា យ៉ូហានគឺជាអេលីយ៉ាទីពីរក៏ដោយ ទ្រង់ក៏បានបង្ហាញថាយ៉ូហាននៅពេលអនាគតក៏ត្រូវតែមានកិច្ចការផ្សេងទៀតដូចដែល«លោកអេលីយ៉ា»បានធ្វើនោះដែរ។—ម៉ាថាយ ១៧:១១, ១២
១៤. តើកិច្ចការដ៏សំខាន់អ្វីដែលត្រូវធ្វើមុនទីបញ្ចប់នៃរបបលោកីយ៍នេះ?
១៤ បទទំនាយរបស់លោកម៉ាឡាគីបង្ហាញថា កិច្ចការដ៏សំខាន់នោះដូចរបស់លោកអេលីយ៉ាដែរ ត្រូវធ្វើឡើងមុន«ថ្ងៃដ៏ធំហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ា»។ ថ្ងៃនោះចប់ដោយសង្គ្រាមអើម៉ាគេដូនរបស់ព្រះដែលមានគ្រប់ព្រះចេស្ដា ជាសង្គ្រាមដែលកំពុងតែឆ្ពោះមកជិតយ៉ាងលឿនស្លេវ។ នេះបានន័យថា ទីបញ្ចប់នៃរបបលោកីយ៍ដ៏អាក្រក់នេះ និងការសោយរាជ្យមួយពាន់ឆ្នាំនៃព្រះរាជាណាចក្រសួគ៌ារបស់ព្រះ ក្រោមអំណាចរបស់ព្រះយេស៊ូគ្រីស្ទជាស្តេច នោះនឹងមកក្រោយពីការសម្រេចកិច្ចការមួយដែលដូចជាកិច្ចការរបស់លោកអេលីយ៉ាដែរ។ សមស្របតាមបទទំនាយនោះ មុននឹងព្រះយេហូវ៉ាបំផ្លាញចោលរបបអាក្រក់នេះ នោះក្រុមលោកអេលីយ៉ានៅសម័យយើងនេះ និងសហការីរាប់លាននាក់របស់គេដែលមានសេចក្ដីសង្ឃឹមរស់នៅលើផែនដីនោះ ពួកគេនឹងបន្តដោយចិត្តឧស្សាហ៍ក្នុងការស្ដារឡើងវិញនូវការថ្វាយបង្គំពិត ការលើកដំកើងព្រះនាមរបស់ព្រះយេហូវ៉ា និងការបង្រៀននូវសេចក្ដីពិតពីព្រះគម្ពីរដល់មនុស្សដែលមានលក្ខណៈដូចចៀម។
ព្រះយេហូវ៉ាប្រទានពរទៅលើអ្នកបំរើទ្រង់
១៥. តើព្រះយេហូវ៉ានឹកចាំពីអ្នកបំរើរបស់ទ្រង់ក្នុងន័យអ្វី?
១៥ ព្រះយេហូវ៉ានឹងប្រទានពរដល់អស់អ្នកណាដែលបំរើទ្រង់។ ម៉ាឡាគី ៣:១៦ ចែងថា៖ «គ្រានោះ ពួកអ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ា ក៏និយាយគ្នាទៅវិញទៅមក ហើយព្រះយេហូវ៉ាទ្រង់ប្រុងស្ដាប់ ក៏បានឮ រួចមានសៀវភៅរំឭកបានកត់ទុក នៅចំពោះព្រះយេហូវ៉ា សំរាប់ពួកអ្នកដែលកោតខ្លាចដល់ទ្រង់ នឹងពួកអ្នកដែលនឹកដល់ព្រះនាមទ្រង់»។ ចាប់ពីសម័យលោកអេបិលមក ព្រះចងចាំដូចជាកត់ទុកក្នុងសៀវភៅមួយ នូវឈ្មោះរបស់អស់អ្នកដែលទ្រង់នឹងនឹកចាំដើម្បីប្រទានឲ្យជីវិតជារៀងរហូត។ ចំពោះអ្នកទាំងនោះ ព្រះយេហូវ៉ាមានបន្ទូលថា៖ «ចូរនាំយកដង្វាយ១ភាគក្នុង១០ទាំងអស់ មកដាក់ក្នុងឃ្លាំងចុះ! ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដំណាក់នៃអញ ហើយល្បងលអញឥឡូវ បើអញមិនបើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើឯង ដែលនឹងគ្មានកន្លែងល្មមទុកបានទេ»។—ម៉ាឡាគី ៣:១០
១៦, ១៧. តើព្រះយេហូវ៉ាបានប្រទានពរទៅលើរាស្ត្ររបស់ទ្រង់និងកិច្ចការរបស់ពួកគេយ៉ាងដូចម្ដេចខ្លះ?
១៦ ព្រះយេហូវ៉ាពិតជាប្រទានពរជាច្រើនចំពោះអ្នកបំរើទ្រង់។ តើយ៉ាងដូចម្ដេច? ពរមួយគឺការយល់ដឹងជាច្រើនអំពីគោលបំណងរបស់ទ្រង់។ (សុភាសិត ៤:១៨; ដានីយ៉ែល ១២:១០) ពរមួយទៀតគឺជាផលដ៏ល្អអស្ចារ្យដែលបានមកពីកិច្ចផ្សព្វផ្សាយរបស់គេ។ មនុស្សជាច្រើនដែលមានចិត្តស្មោះសបានចូលរួមជាមួយគេក្នុងការថ្វាយបង្គំពិត ហើយអ្នកទាំងនោះគឺជា«មនុស្ស១ហ្វូងយ៉ាងធំ . . . មកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា . . . គេបន្លឺសំឡេងថា៖ ‹សេចក្ដីសង្គ្រោះស្រេចនូវព្រះនៃយើងរាល់គ្នា ដែលគង់លើបល្ល័ង្ក ហើយស្រេចនឹងកូនចៀមផង›»។ (វិវរណៈ ៧:៩, ១០) មនុស្ស១ហ្វូងយ៉ាងធំនេះបានលេចមកតាមរបៀបអស្ចារ្យ ហើយអ្នកដែលបំរើព្រះយេហូវ៉ាយ៉ាងសកម្មនោះមានជាង៦លាននាក់ក្នុងជាង៩៣.០០០ក្រុមជំនុំទូទាំងពិភពលោក!
១៧ បន្ថែមទៅទៀត យើងក៏ស្គាល់នូវពរដែលមកពីព្រះយេហូវ៉ា ដោយសារស្មរបន្ទាល់ព្រះយេហូវ៉ាបោះពុម្ពប្រកាសនវត្ថុព្រះគម្ពីរដែលត្រូវចែកចាយច្រើនជាងសៀវភៅឯទៀតប្រចាំប្រវត្ដិសាស្ត្រ។ នាបច្ចុប្បន្ននេះ មានការបោះពុម្ពទស្សនាវដ្ដីប៉មយាមនិងភ្ញាក់រឭក! អស់៩០លានច្បាប់ជារៀងរាល់ខែ តែដោយឡែកទស្សនាវដ្ដីប៉មយាមមាន១៤៤ភាសា និងទស្សនាវដ្ដីភ្ញាក់រឭក!មាន៨៧ភាសា។ សៀវភៅ សេចក្ដីពិតដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច ត្រូវបោះពុម្ពនៅឆ្នាំ១៩៦៨ មានជាង១០៧លានក្បាលដែលត្រូវចែកចាយជា១១៧ភាសា។ សៀវភៅអ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី ដែលចេញនៅឆ្នាំ១៩៨២ មានជាង៨១លានក្បាលដែលត្រូវចែកចាយជាង១៣១ភាសា។ សៀវភៅចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច ដែលចេញនៅឆ្នាំ១៩៩៥បានត្រូវចែកចាយដល់ប្រមាណ៨៥លានក្បាលនិងជាង១៥៤ភាសាមកទល់ឥឡូវនេះ។ នៅឆ្នាំ១៩៩៦សៀវភៅស្តើង តើព្រះតម្រូវអ្វីពីយើង? មានជាង១៥០លានច្បាប់ដែលត្រូវចែកចាយប្រមាណ២៤៤ភាសាមកទល់ឥឡូវនេះ។
១៨. ហេតុអ្វីបានជាយើងមានភាពរីកចំរើនខាងវិញ្ញាណ ទោះជាយើងមានការប្រឆាំងក៏ដោយ?
១៨ យើងមានការរីកចំរើនខាងវិញ្ញាណយ៉ាងនេះ នៅចំពោះមុខការប្រឆាំងយ៉ាងពេញទំហឹងនិងជាយូរយារណាស់មកហើយពីរបបលោកីយ៍របស់សាតាំង។ នេះបង្ហាញនូវសេចក្ដីពិតពីពាក្យក្នុងអេសាយ ៥៤:១៧ ដែលថា៖ «‹ឯគ្រឿងសស្ដ្រាវុធណាដែលគេធ្វើឡើង នោះគ្មានណាមួយនឹងអាចទាស់នឹងឯងបានឡើយ ហើយអស់ទាំងអណ្ដាតណាដែលកំរើកទាស់នឹងឯងក្នុងរឿងក្ដី នោះឯងនឹងកាត់ទោសឲ្យវិញ។ នេះហើយជាសេចក្ដីដែលពួកអ្នកបំរើរបស់ព្រះយេហូវ៉ានឹងទទួលជាមរដក ហើយសេចក្ដីសុចរិតរបស់គេក៏មកពីអញ› នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា»។ គឺជាអ្វីដែលសម្រាលទុក្ខយ៉ាងណាទៅហ្ន៎! ដែលអ្នកបំរើព្រះយេហូវ៉ាដឹងថា ម៉ាឡាគី ៣:១៧ កំពុងតែសម្រេចដល់កំពូលចំពោះគេថា៖ «ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថា ‹នៅថ្ងៃដែលអញធ្វើការនេះ នោះគេនឹងបានជារបស់ផងអញ គឺជារបស់ផងអញពិត»។
ការបំរើព្រះយេហូវ៉ាដោយអំណរ
១៩. តើអ្នកដែលបំរើព្រះយេហូវ៉ាខុសគ្នាពីអ្នកដែលមិនបំរើទ្រង់ត្រង់ណា?
១៩ ភាពខុសគ្នារវាងអ្នកដែលបំរើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ និងមនុស្សក្នុងលោកីយ៍របស់សាតាំង គឺកាន់តែឃើញច្បាស់ឡើងៗជារៀងរាល់ថ្ងៃ។ ម៉ាឡាគី ៣:១៨ បានទាយថា៖ «គ្រានោះ ឯងរាល់គ្នានឹងត្រឡប់ជាចេះញែកសេចក្ដីសុចរិត នឹងសេចក្ដីអាក្រក់ចេញពីគ្នា ហើយនឹងមនុស្សដែលគោរពដល់ព្រះ នឹងមនុស្សដែលមិនគោរពផង»។ លក្ខណៈមួយដែលសឲ្យឃើញនោះគឺថា អ្នកដែលបំរើព្រះយេហូវ៉ា នោះបំរើទ្រង់ដោយមានអំណរក្រៃលែង។ ហេតុមួយដែលគេមានអំណរដូច្នេះ គឺជាសេចក្ដីសង្ឃឹមដ៏ប្រសើរដែលគេមាន។ ពួកគេជឿជាក់ទៅលើព្រះយេហូវ៉ាពេលទ្រង់មានបន្ទូលថា៖ «អញនឹងបង្កើតផ្ទៃមេឃថ្មី ហើយនឹងផែនដីថ្មី ឯរបស់ពីមុនៗ នោះនឹងគ្មានអ្នកណានឹកចាំទៀត ក៏មិនដែលចូលក្នុងគំនិតឡើយ។ ប៉ុន្តែត្រូវឲ្យឯងរាល់គ្នាមានសេចក្ដីអំណរ ហើយរីករាយឡើងជាដរាប ចំពោះការដែលអញបង្កើតនោះ»។—អេសាយ ៦៥:១៧, ១៨; ទំនុកដំកើង ៣៧:១០, ១១, ២៩; វិវរណៈ ២១:៤, ៥
២០. ហេតុអ្វីបានជាពួកយើងមានអំណរដូច្នេះ?
២០ យើងជឿជាក់ទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាថា អស់អ្នកដែលស្មោះត្រង់នឹងទ្រង់ នឹងរួចរស់ជីវិតនៅថ្ងៃរបស់ទ្រង់ ហើយគេនឹងត្រូវនាំចូលទៅក្នុងពិភពលោកថ្មី។ (សេផានា ២:៣; វិវរណៈ ៧:១៣, ១៤) ហើយទោះជាពួកគេខ្លះប្រហែលជានឹងស្លាប់ ដោយសារភាពចាស់ជរា ជម្ងឺ ឬក៏គ្រោះថ្នាក់ណាមួយក៏ដោយ ព្រះយេហូវ៉ាសន្យាថាទ្រង់នឹងប្រោសឲ្យគេរស់ឡើងវិញដើម្បីទទួលជីវិតជារៀងរហូត។ (យ៉ូហាន ៥:២៨, ២៩; ទីតុស ១:២) ដូច្នេះ ទោះបីយើងទាំងអស់គ្នាមានបញ្ហានិងការពិបាកផ្សេងៗក៏ដោយ ពេលយើងប្រឈមមុខថ្ងៃរបស់ព្រះយេហូវ៉ា នោះយើងមានហេតុជាច្រើនដែលយើងអាចជាមនុស្សដែលមានចិត្តសប្បាយបំផុតនៅលើផែនដី។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើ«ថ្ងៃនៃព្រះយេហូវ៉ា»ជាអ្វី?
• តើសាសនាទូទាំងពិភពលោកយកតម្រាប់តាមសាសន៍អ៊ីស្រាអែលយ៉ាងដូចម្ដេច?
• តើអ្នកបំរើរបស់ព្រះយេហូវ៉ាសម្រេចទំនាយអ្វីខ្លះ?
• តើព្រះយេហូវ៉ាបានប្រទានពរអ្វីខ្លះទៅលើរាស្ត្រទ្រង់?
[រូបភាពនៅទំព័រ២០]
ព្រះយេហូវ៉ាផ្គត់ផ្គង់អ្វីដែលអ្នកបំរើទ្រង់ត្រូវការ
[រូបភាពនៅទំព័រ២១]
អ្នកបំរើរបស់ព្រះយេហូវ៉ាមានអំណរ ដោយសារសេចក្ដីសង្ឃឹម ដ៏អស្ចារ្យរបស់គេ