សេចក្ដីបង្រៀនរបស់លោកយេស៊ូនាំឲ្យមានសុភមង្គល
«[លោកយេស៊ូ]ឡើងលើភ្នំ . . . រួចអ្នកកាន់តាមបានមកឯលោកនៅទីនោះ បន្ទាប់មក លោកចាប់ផ្ដើម . . . បង្រៀនពួកគេ»។ —ម៉ាថ. ៥:១, ២
១, ២. (ក) តើលោកយេស៊ូថ្លែងធម្មទាននៅលើភ្នំ ក្រោមស្ថានភាពយ៉ាងណា? (ខ) តើលោកយេស៊ូចាប់ផ្ដើមសុន្ទរកថារបស់លោកយ៉ាងដូចម្ដេច?
លោកយេស៊ូបានបញ្ចប់ទស្សនកិច្ចនៅស្រុកកាលីឡេមួយរយៈ ដើម្បីធ្វើបុណ្យរំលងនៅទីក្រុងយេរូសាឡិមនាឆ្នាំ៣១ គ.ស.។ (យ៉ូន. ៥:១) ពេលលោកត្រឡប់ទៅស្រុកកាលីឡេវិញ លោកបានអធិដ្ឋានពេញមួយយប់ដើម្បីសុំឲ្យព្រះណែនាំលោកក្នុងការជ្រើសរើសសាវ័ក១២នាក់។ ថ្ងៃស្អែកឡើង មានមនុស្សមួយក្រុមធំបានជួបជុំគ្នា ខណៈដែលលោកយេស៊ូប្រោសមនុស្សដែលមានជំងឺឲ្យជាសះស្បើយ។ ដោយមានអ្នកកាន់តាមលោកនិងអ្នកឯទៀតនៅទីនោះ លោកអង្គុយលើភ្នំហើយចាប់ផ្ដើមបង្រៀនពួកគេ។—ម៉ាថ.៤:២៣–៥:២; លូក. ៦:១២-១៩
២ សុន្ទរកថារបស់លោកយេស៊ូគឺត្រូវបានហៅថាធម្មទាននៅលើភ្នំ។ លោកចាប់ផ្ដើមថ្លែងដោយបង្ហាញថា សុភមង្គលគឺមកពីការមានចំណងមេត្រីភាពល្អជាមួយព្រះ។ (សូមអាន ម៉ាថាយ ៥:១-១២) ពាក្យសុភមង្គលត្រូវបានបកស្រាយតាមវចនានុក្រមមួយថា «អ្វីដែលល្អ ប្រពៃ គួរចាប់ចិត្ត ហេតុដែលនាំឲ្យកើតសេចក្ដីសុខចម្រើន ឬសម្រេចប្រយោជន៍គ្រប់យ៉ាង»។ លោកយេស៊ូបានថ្លែងអំពីលក្ខណៈ៩យ៉ាងដែលនាំឲ្យមានសុភមង្គល ហើយលក្ខណៈទាំងនោះបញ្ជាក់អំពីមូលហេតុដែលគ្រិស្តសាសនិកមានចិត្តសប្បាយ។ ណាមួយទៀត សេចក្ដីបង្រៀនរបស់លោកនៅតែមានប្រយោជន៍សព្វថ្ងៃ ដូចគ្នានឹងជិត២.០០០ឆ្នាំមុនដែរ។ ឥឡូវសូមឲ្យយើងពិចារណាសេចក្ដីបង្រៀនទាំងនេះម្ដងមួយៗ។
«អស់អ្នកដែលស្រេកឃ្លានចំពោះការណែនាំពីព្រះ»
៣. តើការស្រេកឃ្លានចំពោះការណែនាំពីព្រះមានន័យអ្វី?
៣ «អស់អ្នកដែលស្រេកឃ្លានចំពោះការណែនាំពីព្រះ នោះមានសុភមង្គលហើយ! ពីព្រោះរាជាណាចក្រស្ថានសួគ៌ជារបស់អ្នកទាំងនោះ»។ (ម៉ាថ. ៥:៣) «អស់អ្នកដែលស្រេកឃ្លានចំពោះការណែនាំពីព្រះ»កត់សម្គាល់ថាពួកគេខ្វះចំណេះដឹងអំពីព្រះ ព្រមទាំងត្រូវការសេចក្ដីមេត្ដាករុណារបស់ព្រះផង។
៤, ៥. (ក) ហេតុអ្វីអស់អ្នកដែលស្រេកឃ្លានចំពោះការណែនាំពីព្រះមានសុភមង្គល? (ខ) តើអាចបំពេញការស្រេកឃ្លានរបស់យើងចំពោះការណែនាំពីព្រះយ៉ាងដូចម្ដេច?
៤ អស់អ្នកដែលស្រេកឃ្លានចំពោះការណែនាំពីព្រះមានសុភមង្គល«ពីព្រោះរាជាណាចក្រស្ថានសួគ៌ជារបស់អ្នកទាំងនោះ»។ ការទទួលលោកយេស៊ូជាមេស្ស៊ី បានបើកផ្លូវឲ្យអ្នកកាន់តាមដំបូងរបស់លោក គ្រប់គ្រងជាមួយលោកនៅរាជាណាចក្ររបស់ព្រះនៅឯស្ថានសួគ៌។ (លូក. ២២:២៨-៣០) មិនថាយើងមានសេចក្ដីសង្ឃឹមទទួលមត៌ករួមជាមួយលោកគ្រិស្តនៅស្ថានសួគ៌ ឬជីវិតរស់នៅជារៀងរហូតនៅសួនឧទ្យានលើផែនដីក្រោមការគ្រប់គ្រងរាជាណាចក្ររបស់ព្រះក៏ដោយ នោះយើងអាចមានសុភមង្គលបើយើងពិតជាស្រេកឃ្លានចំពោះការណែនាំពីព្រះមែន ព្រមទាំងទទួលស្គាល់ថាយើងត្រូវការព្រះក្នុងជីវិតរបស់យើងផង។
៥ មិនមែនមនុស្សទាំងអស់មានការស្រេកឃ្លានចំពោះការណែនាំពីព្រះទេ។ នេះគឺដោយសារមនុស្សជាច្រើននាក់ខ្វះជំនឿ ហើយមិនឲ្យតម្លៃទៅលើអ្វីដែលពិសិដ្ឋ។ (២ថែ. ៣:១, ២; ហេ. ១២:១៦) វិធីខ្លះដើម្បីបំពេញការស្រេកឃ្លានចំពោះការណែនាំពីព្រះរួមបញ្ចូលការខំប្រឹងសិក្សាគម្ពីរ ខ្នះខ្នែងក្នុងការបញ្ចុះបញ្ចូលឲ្យមានសិស្ស ព្រមទាំងចូលរួមកិច្ចប្រជុំគ្រិស្តសាសនិកយ៉ាងទៀងទាត់។—ម៉ាថ. ២៨:១៩, ២០; ហេ. ១០:២៣-២៥
អ្នកដែលមានទុក្ខព្រួយ«មានសុភមង្គល»
៦. តើ«អស់អ្នកដែលមានទុក្ខព្រួយ»ជានរណា? ហើយហេតុអ្វីពួកគេ«មានសុភមង្គល»?
៦ «អស់អ្នកដែលមានទុក្ខព្រួយ នោះមានសុភមង្គលហើយ! ពីព្រោះអ្នកទាំងនោះនឹងទទួលការសម្រាលទុក្ខ»។ (ម៉ាថ. ៥:៤) «អស់អ្នកដែលមានទុក្ខព្រួយ» គឺដូចជាមនុស្ស«ដែលស្រេកឃ្លានចំពោះការណែនាំពីព្រះ»ដែរ។ ពួកគេមានទុក្ខព្រួយដោយសារការសោកសៅពីការប្រព្រឹត្តអំពើខុសឆ្គងរបស់ខ្លួន និងស្ថានភាពដែលមានដោយព្រោះមនុស្សជាតិមិនល្អឥតខ្ចោះ។ ហេតុអ្វីបានជាអ្នកដែលមានទុក្ខព្រួយបែបនេះ«មានសុភមង្គល»? ពីព្រោះពួកគេមានជំនឿលើព្រះនិងគ្រិស្ត ហើយទទួលការសម្រាលទុក្ខដោយមានចំណងមេត្រីភាពដ៏ល្អជាមួយព្រះយេហូវ៉ា។—យ៉ូន. ៣:៣៦
៧. ចំពោះពិភពលោករបស់សាថាន តើគប្បីឲ្យយើងមានអារម្មណ៍យ៉ាងណា?
៧ តើយើងម្នាក់ៗមានទុក្ខព្រួយដោយព្រោះសេចក្ដីទុច្ចរិតដែលមានពេញពិភពលោករបស់សាថានទេ? តើយើងពិតជាមានអារម្មណ៍យ៉ាងណាចំពោះអ្វីក្នុងពិភពលោកនេះ? សាវ័កយ៉ូហានបានសរសេរថា៖ «អ្វីៗក្នុងពិភពលោកនេះ ពោលគឺសេចក្ដីប៉ងប្រាថ្នាខុសឆ្គង ការចង់បានអ្វីដែលទាក់ទាញភ្នែក និងការអួតសម្ញែងភាពមានបានរបស់ខ្លួន នោះមិនមែនមកពីបិតាដែលស្ថិតនៅស្ថានសួគ៌ឡើយ តែមកពីពិភពលោកនេះវិញ»។ (១យ៉ូន. ២:១៦) ចុះយ៉ាងណាវិញ បើយើងមានអារម្មណ៍ថា ឥទ្ធិពលអាក្រក់ដែលមានអានុភាពលើអស់អ្នកដែលផ្ដាច់ខ្លួនពីព្រះ ពោលគឺ«ចិត្តគំនិតរបស់ពិភពលោក» មានឥទ្ធិពលបន្ដិចម្ដងៗលើការគោរពប្រណិប័តន៍របស់យើងចំពោះព្រះយេហូវ៉ា? បើដូច្នេះ ចូរឲ្យយើងអធិដ្ឋានអស់ពីចិត្ត សិក្សាបណ្ដាំរបស់ព្រះ ហើយរកជំនួយពីពួកអ្នកចាស់ទុំ។ កាលដែលយើងចូលកាន់តែជិតព្រះយេហូវ៉ា នោះយើងនឹង«បានក្សាន្តចិត្ត» មិនថាមានអ្វីដែលនាំឲ្យយើងមានទុក្ខព្រួយក៏ដោយ។—១កូ. ២:១២; ទំនុក. ១១៩:៥២; យ៉ា. ៥:១៤, ១៥
«អស់អ្នកដែលមានចិត្តស្លូតបូត» មានសុភមង្គលមែនហើយ!
៨, ៩. តើការមានចិត្តស្លូតបូតមានន័យអ្វី? ហេតុអ្វីមនុស្សដែលមានចិត្តស្លូតបូតមានសុភមង្គល?
៨ «អស់អ្នកដែលមានចិត្តស្លូតបូត នោះមានសុភមង្គលហើយ! ពីព្រោះអ្នកទាំងនោះនឹងទទួលផែនដីជាមត៌ក»។ (ម៉ាថ. ៥:៥) «ចិត្តស្លូតបូត»មិនបង្ហើបថានេះជាលក្ខណៈសម្បត្ដិខ្សោយ ឬជាការប្រព្រឹត្តដោយសម្លូតដែលលាក់ពុតឡើយ។ (១ធី. ៦:១១) ប្រសិនបើយើងមានចិត្តស្លូតបូត យើងនឹងបង្ហាញចិត្តរាបទាបដោយធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា និងទទួលយកការណែនាំរបស់លោកផង។ ណាមួយទៀត ចិត្តស្លូតបូតក៏នឹងសឲ្យឃើញនូវរបៀបដែលយើងប្រព្រឹត្តដល់បងប្អូនរួមជំនឿនិងអ្នកដទៃដែរ។ ចិត្តរាបទាបបែបនេះគឺសមស្របនឹងដំបូន្មានរបស់សាវ័កប៉ុល។—សូមអាន រ៉ូម ១២:១៧-១៩
៩ ហេតុអ្វីអ្នកដែលមានចិត្តស្លូតបូតមានសុភមង្គល? លោកយេស៊ូមានប្រសាសន៍ថា៖ «ពីព្រោះអ្នកទាំងនោះនឹងទទួលផែនដីជាមត៌ក»។ លោកជាអ្នកសំខាន់ចម្បងដែលគ្រងផែនដីជាមត៌ក។ (ទំនុក. ២:៨; ម៉ាថ. ១១:២៩; ហេ. ២:៨, ៩) យ៉ាងណាក៏ដោយ «អ្នកទទួលមត៌ករួមជាមួយនឹងគ្រិស្ត»ដែលប្រព្រឹត្តដោយសម្លូតក៏គ្រងផែនដីជាមត៌កដែរ។ (រ៉ូម ៨:១៦, ១៧) មនុស្សឯទៀតដែលមានចិត្តរាបទាបនឹងទទួលជីវិតដែលគ្មានទីបញ្ចប់នៅឯផែនដី ក្រោមការណែនាំនៃរាជាណាចក្ររបស់លោកយេស៊ូ។—ទំនុក. ៣៧:១០, ១១
១០. តើការមិនបង្ហាញចិត្តស្លូតបូតមានឥទ្ធិពលលើភារកិច្ចរបស់យើងក្នុងក្រុមជំនុំ និងទំនាក់ទំនងជាមួយមនុស្សឯទៀតយ៉ាងដូចម្ដេច?
១០ យើងគួរមានចិត្តស្លូតបូតដូចលោកយេស៊ូ។ ប៉ុន្តែ ចុះយ៉ាងណាបើយើងមានឈ្មោះជាអ្នកដែលចូលចិត្តឈ្លោះប្រកែក? ចិត្តគំនិតដ៏ឆេវឆាវនិងប្រឆាំងបែបនេះ អាចនាំឲ្យមនុស្សជៀសចេញពីយើង។ ប្រសិនបើយើងជាបងប្រុសៗដែលមានចិត្តចង់ទទួលភារកិច្ចក្នុងក្រុមជំនុំ តែយើងចូលចិត្តឈ្លោះប្រកែក នោះយើងគ្មានសិទ្ធិទទួលភារកិច្ចក្នុងក្រុមជំនុំឡើយ។ (១ធី. ៣:១, ៣) ប៉ុលបានប្រាប់ទីតុសឲ្យខំរំលឹកបងប្អូនគ្រិស្តសាសនិកនៅកោះក្រេតឲ្យ«មិនត្រូវធ្វើជាមនុស្សដែលចូលចិត្តឈ្លោះប្រកែក តែត្រូវធ្វើជាមនុស្សសមហេតុផល ហើយបង្ហាញចិត្តស្លូតបូតយ៉ាងពេញលេញចំពោះមនុស្សទាំងអស់»។ (ទីត. ៣:១, ២) ការបង្ហាញចិត្តស្លូតបូតបែបនេះពិតជានាំឲ្យអ្នកឯទៀតទទួលពរមែន!
ពួកគេស្រេកឃ្លានចំពោះ«សេចក្ដីសុចរិត»
១១-១៣. (ក) តើការស្រេកឃ្លានចំពោះសេចក្ដីសុចរិតមានន័យអ្វី? (ខ) តើអស់អ្នកដែលស្រេកឃ្លានចំពោះសេចក្ដីសុចរិត«បានឆ្អែតស្កប់ស្កល់»យ៉ាងដូចម្ដេច?
១១ «អស់អ្នកដែលស្រេកឃ្លានចំពោះសេចក្ដីសុចរិត នោះមានសុភមង្គលហើយ! ពីព្រោះអ្នកទាំងនោះនឹងបានឆ្អែតស្កប់ស្កល់»។ (ម៉ាថ. ៥:៦) «សេចក្ដីសុចរិត»ដែលលោកយេស៊ូចង់សំដៅទៅលើ គឺការធ្វើអ្វីដ៏ត្រឹមត្រូវស្របតាមបំណងប្រាថ្នានិងសេចក្ដីបង្គាប់របស់ព្រះ។ អ្នកតែងបទទំនុកដំកើងបានពោលថាចិត្តរបស់គាត់«សង្រេងដោយនឹករឭក»ដល់ច្បាប់ដ៏សុចរិតរបស់ព្រះ។ (ទំនុក. ១១៩:២០) តើយើងចាត់ទុកថាសេចក្ដីសុចរិតមានតម្លៃដល់ម្ល៉េះ ដែលយើងស្រេកឃ្លានចំពោះសេចក្ដីសុចរិតទេ?
១២ លោកយេស៊ូមានប្រសាសន៍ថាអស់អ្នកដែលស្រេកឃ្លានចំពោះសេចក្ដីសុចរិត នឹងមានសុភមង្គលដោយសារពួកគេនឹង«បានឆ្អែតស្កប់ស្កល់»។ ពួកគេ«បានឆ្អែតស្កប់ស្កល់»ក្រោយពីបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ដោយសារសកម្មពលបរិសុទ្ធរបស់ព្រះចាប់ផ្ដើម«ផ្ដល់ភ័ស្តុតាងដែលនាំឲ្យជឿជាក់ដល់ពិភពលោក . . . ស្តីអំពីសេចក្ដីសុចរិត»។ (យ៉ូន. ១៦:៨) តាមរយៈសកម្មពលបរិសុទ្ធរបស់ព្រះ ព្រះបណ្ដាលឲ្យមនុស្សចងក្រងបទគម្ពីរភាសាក្រិចរបស់ពួកគ្រិស្តសាសនិក ដែលមានប្រយោជន៍ច្រើនណាស់ដើម្បី«ប្រដៅក្នុងផ្លូវសុចរិត»។ (២ធី. ៣:១៦) សកម្មពលរបស់ព្រះក៏ជួយយើងក្នុងការ«ពាក់បុគ្គលិកលក្ខណៈថ្មី ដែលបានត្រូវបង្កើតស្របតាមបំណងប្រាថ្នារបស់ព្រះ ដោយសេចក្ដីសុចរិត»។ (អេភ. ៤:២៤) អស់អ្នកដែលប្រែចិត្តនិងសុំព្រះឲ្យអត់ឱនទោសអំពើខុសឆ្គងរបស់ខ្លួន ដោយផ្អែកលើយញ្ញបូជាលោះរបស់លោកយេស៊ូ នោះព្រះអាចប្រកាសថាពួកគេគឺជាមនុស្សសុចរិត។ នេះពិតជាសម្រាលទុក្ខយើង មែនទេ?—សូមអាន រ៉ូម ៣:២៣, ២៤
១៣ រីឯយើងភាគច្រើន ការស្រេកឃ្លានចំពោះសេចក្ដីសុចរិតនឹងបានឆ្អែតស្កប់ស្កល់ ពេលយើងទទួលជីវិតដែលគ្មានទីបញ្ចប់ស្ថិតក្រោមស្ថានភាពដ៏សុចរិតលើផែនដី។ ទំរាំពេលនោះ ចូរឲ្យយើងតាំងចិត្តដើម្បីរស់នៅសមស្របតាមខ្នាតតម្រារបស់ព្រះយេហូវ៉ា។ លោកយេស៊ូមានប្រសាសន៍ថា៖ «ចូរបន្តស្វែងរករាជាណាចក្រនិងសេចក្ដីសុចរិតរបស់ព្រះជាមុន»។ (ម៉ាថ. ៦:៣៣) ការធ្វើដូច្នេះនឹងនាំឲ្យយើងមានកិច្ចការជាច្រើនដែលទាក់ទងនឹងកិច្ចបម្រើព្រះ ព្រមទាំងនឹងនាំឲ្យយើងមានសុភមង្គលពិតផង។—១កូ. ១៥:៥៨
មូលហេតុ«អស់អ្នកដែលមានចិត្តមេត្ដាករុណា» មានសុភមង្គលហើយ
១៤, ១៥. តើអ្នកអាចបង្ហាញចិត្តមេត្ដាករុណាយ៉ាងដូចម្ដេច? ហេតុអ្វីបានជា«អស់អ្នកដែលមានចិត្តមេត្ដាករុណា»មានសុភមង្គល?
១៤ «អស់អ្នកដែលមានចិត្តមេត្ដាករុណា នោះមានសុភមង្គលហើយ! ពីព្រោះអ្នកទាំងនោះក៏នឹងទទួលសេចក្ដីមេត្ដាករុណាផងដែរ»។ (ម៉ាថ. ៥:៧) «អស់អ្នកដែលមានចិត្តមេត្ដាករុណា»ត្រូវបានជំរុញដោយមានចិត្តអាណិតអាសូរដល់អ្នកឯទៀត។ មូលហេតុដែលលោកយេស៊ូបានធ្វើអព្ភូតហេតុដើម្បីសម្រាលទុក្ខមនុស្សទាំងប៉ុន្មាន គឺដោយសារលោកមានចិត្តអាណិតអាសូរដល់ពួកគេ។ (ម៉ាថ. ១៤:១៤) ម្យ៉ាងទៀត ចិត្តមេត្ដាករុណាត្រូវបានបង្ហាញពេលយើងអត់ឱនទោសអ្នកដែលធ្វើខុសនឹងខ្លួន ដូចព្រះយេហូវ៉ាអត់ឱនទោសដោយមេត្ដាករុណាអ្នកដែលប្រែចិត្ត។ (និក្ខ. ៣៤:៦, ៧; ទំនុក. ១០៣:១០) យើងអាចបង្ហាញចិត្តមេត្ដាករុណាតាមវិធីនេះ ព្រមទាំងតាមពាក្យសម្ដីនិងការប្រព្រឹត្តដ៏សប្បុរសដែលនាំឲ្យអ្នកដែលកើតទុក្ខទទួលការសម្រាលទុក្ខ។ វិធីល្អក្នុងការបង្ហាញមេត្ដាករុណាគឺផ្សព្វផ្សាយអំពីសេចក្ដីពិតដែលមានក្នុងគម្ពីរដល់អ្នកឯទៀត។ ដោយមានចិត្តក្ដួលអាណិតដល់មនុស្សមួយក្រុមធំ នោះលោកយេស៊ូ«ចាប់ផ្ដើមបង្រៀនពួកគេអ្វីៗជាច្រើន»។—ម៉ាក. ៦:៣៤
១៥ យើងមានហេតុដើម្បីយល់ស្របនឹងពាក្យរបស់លោកយេស៊ូដែលថា៖ «អស់អ្នកដែលមានចិត្តមេត្ដាករុណា នោះមានសុភមង្គលហើយ! ពីព្រោះអ្នកទាំងនោះក៏នឹងទទួលសេចក្ដីមេត្ដាករុណាផងដែរ»។ ប្រសិនបើយើងប្រព្រឹត្តដោយមេត្ដាចំពោះអ្នកដទៃ ពួកគេក៏ប្រព្រឹត្តដោយមេត្ដាចំពោះយើងដែរ។ ពេលព្រះនឹងវិនិច្ឆ័យទោសយើង លោកទំនងជាអនុគ្រោះយើង បើយើងបង្ហាញមេត្ដាករុណាដល់អ្នកឯទៀត។ (យ៉ា. ២:១៣) ការអត់ឱនទោសអំពើខុសឆ្គងនិងជីវិតរស់ជារៀងរហូត គឺសម្រាប់អស់អ្នកដែលមានចិត្តមេត្ដាករុណាប៉ុណ្ណោះ។—ម៉ាថ. ៦:១៥
មូលហេតុ«អស់អ្នកដែលមានចិត្តបរិសុទ្ធ» មានសុភមង្គល
១៦. តើការ«មានចិត្តបរិសុទ្ធ»មានន័យអ្វី? តើអស់អ្នកដែលមានលក្ខណៈសម្បត្ដិនេះ«ឃើញព្រះ»យ៉ាងដូចម្ដេច?
១៦ «អស់អ្នកដែលមានចិត្តបរិសុទ្ធ នោះមានសុភមង្គលហើយ! ពីព្រោះអ្នកទាំងនោះនឹងឃើញព្រះ»។ (ម៉ាថ. ៥:៨) ប្រសិនបើយើង«មានចិត្តបរិសុទ្ធ» នោះមនោសញ្ចេតនា សេចក្ដីប៉ងប្រាថ្នា ហើយបំណងចិត្តរបស់យើងនឹងសឲ្យឃើញភាពស្អាតស្អំ។ យើងនឹងបង្ហាញ«សេចក្ដីស្រឡាញ់ផុសចេញពីចិត្តបរិសុទ្ធ»។ (១ធី. ១:៥) ដោយសារចិត្តរបស់យើងស្អាតស្អំ នោះយើងនឹង«ឃើញព្រះ»។ នេះមិនបានសេចក្ដីថា យើងអាចមើលឃើញព្រះយេហូវ៉ាមែនទែននោះទេ «ដ្បិតមនុស្សជាតិនឹងឃើញ[ព្រះ] ហើយរស់នៅមិនបានទេ»។ (និក្ខ. ៣៣:២០) លោកយេស៊ូមានលក្ខណៈសម្បត្ដិដូចបិតាបេះបិទ ហេតុនេះហើយបានជាលោកអាចនិយាយថា៖ «អ្នកណាដែលបានឃើញខ្ញុំ អ្នកនោះបានឃើញបិតាដែលនៅស្ថានសួគ៌ហើយ»។ (យ៉ូន. ១៤:៧-៩) ក្នុងនាមជាអ្នកបម្រើព្រះយេហូវ៉ានៅផែនដី យើងអាច«ឃើញព្រះ»ដោយសង្កេតមើលលោកសម្រេចការដើម្បីជួយយើង។ (យ៉ូប ៤២:៥) ចំពោះពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ ការឃើញព្រះនឹងមានកម្រិតខ្ពស់បំផុតពេលពួកគាត់ត្រូវបានប្រោសឲ្យរស់ឡើងវិញជាវិញ្ញាណ ហើយឃើញព្រះដែលជាបិតានៅស្ថានសួគ៌របស់ពួកគាត់។—១យ៉ូន. ៣:២
១៧. ដោយសារយើងមានចិត្តបរិសុទ្ធ តើនេះនឹងមានឥទ្ធិពលអ្វីមកលើយើង?
១៧ ដោយសារមនុស្សដែលមានចិត្តបរិសុទ្ធស្អាតស្អំខាងសីលធម៌ ព្រមទាំងព្យាយាមឲ្យព្រះយេហូវ៉ាចាត់ទុកខ្លួនជាមនុស្សស្អាតស្អំ នោះគាត់នឹងមិនរំពឹងគិតលើអ្វីៗដែលទ្រង់ចាត់ទុកជាស្មោកគ្រោកឡើយ។ (១របា. ២៨:៩; អេសា. ៥២:១១) ប្រសិនបើយើងមានចិត្តបរិសុទ្ធ នោះអ្វីដែលយើងនិយាយហើយប្រព្រឹត្តនឹងពិតជាស្អាតស្អំ។ ណាមួយទៀត កិច្ចបម្រើរបស់យើងចំពោះព្រះយេហូវ៉ានឹងគ្មានការលាក់ពុតឡើយ។
«អស់អ្នកដែលធ្វើឲ្យមានសន្ដិភាព» ក្លាយទៅជាកូនព្រះ
១៨, ១៩. តើ«អ្នកដែលធ្វើឲ្យមានសន្ដិភាព»ប្រព្រឹត្តយ៉ាងដូចម្ដេច?
១៨ «អស់អ្នកដែលធ្វើឲ្យមានសន្ដិភាព នោះមានសុភមង្គលហើយ! ពីព្រោះមនុស្សនឹងហៅអ្នកទាំងនោះថា‹កូនព្រះ›»។ (ម៉ាថ. ៥:៩) «អ្នកដែលធ្វើឲ្យមានសន្ដិភាព»ត្រូវបានសម្គាល់ដោយការប្រព្រឹត្តរបស់ខ្លួន ជាពិសេសអ្វីដែលពួកគាត់នឹងធ្វើឬក៏មិនធ្វើ។ ប្រសិនបើយើងជាមនុស្សដែលលោកយេស៊ូពោលអំពី នោះយើងជាអ្នកដែលធ្វើឲ្យមានសន្ដិភាព ហើយមិន‹ធ្វើអំពើអាក្រក់តបស្នងនឹងអំពើអាក្រក់›ឡើយ។ ផ្ទុយទៅវិញយើង‹រកវិធីធ្វើល្អចំពោះអ្នកឯទៀតជានិច្ច›។—១ថែ. ៥:១៥
១៩ ដើម្បីមានឈ្មោះជាអ្នកដែលធ្វើឲ្យមានសន្ដិភាព យើងត្រូវមានសកម្មភាពក្នុងការបង្កើតឲ្យមានសន្ដិភាព។ អ្នកដែលធ្វើឲ្យមានសន្ដិភាពមិនប្រព្រឹត្តអ្វីណាមួយដែលនឹង«នាំឲ្យទាំងមិត្តសម្លាញ់យ៉ាងជិតស្និទ្ធបាក់បែកគ្នាដែរ»។ (សុ. ១៦:២៨) ក្នុងនាមជាអ្នកដែលធ្វើឲ្យមានសន្ដិភាព នោះយើងចាត់វិធានការដើម្បី«ខំប្រឹងឲ្យមានសន្ដិភាពជាមួយនឹងមនុស្សទាំងអស់»។—ហេ. ១២:១៤
២០. តើអ្នកណាជា«កូនព្រះ»ឥឡូវ? ហើយនៅទីបំផុត តើអ្នកណាទៀតនឹងក្លាយទៅជាកូនរបស់ព្រះដែរ?
២០ អ្នកដែលធ្វើឲ្យមានសន្ដិភាព មានសុភមង្គលពីព្រោះគេ«នឹងហៅអ្នកទាំងនោះថា‹កូនព្រះ›»។ ព្រះយេហូវ៉ាបានទទួលពួកគ្រិស្តសាសនិកស្មោះត្រង់ដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ និងចាត់ទុកពួកគាត់ជា«កូនព្រះ»។ ពួកគាត់មានចំណងមេត្រីភាពដ៏ជិតស្និទ្ធជាមួយព្រះយេហូវ៉ារួចទៅហើយជាកូនរបស់ទ្រង់ ដោយព្រោះពួកគាត់មានជំនឿទៅលើគ្រិស្ត ព្រមទាំងគោរពប្រណិប័តន៍«ព្រះនៃសេចក្ដីស្រឡាញ់និងសន្ដិភាព»អស់ពីដួងចិត្តផង។ (២កូ. ១៣:១១; យ៉ូន. ១:១២) ចុះយ៉ាងណាវិញចំពោះ«ចៀមឯទៀត»របស់លោកយេស៊ូដែលចេះធ្វើឲ្យមានសន្ដិភាព? ក្នុងអំឡុងការសោយរាជ្យមួយពាន់ឆ្នាំរបស់លោកយេស៊ូ លោកនឹងធ្វើជា«បិតាដ៏គង់នៅអស់កល្ប»របស់ពួកគាត់។ ប៉ុន្តែក្រោយពីការសោយរាជ្យមួយពាន់ឆ្នាំ នោះលោកនឹងចុះចូលចំពោះព្រះយេហូវ៉ា ហើយពួកចៀមឯទៀតនឹងក្លាយទៅជាកូនរបស់ព្រះ។—យ៉ូន. ១០:១៦; អេសា. ៩:៦; រ៉ូម ៨:២១; ១កូ. ១៥:២៧, ២៨
២១. ប្រសិនបើយើង«កំពុងរស់នៅស្របតាមការដឹកនាំនៃសកម្មពលរបស់ព្រះ» តើយើងនឹងប្រព្រឹត្តយ៉ាងដូចម្ដេច?
២១ ប្រសិនបើយើង«កំពុងរស់នៅស្របតាមការដឹកនាំនៃសកម្មពលរបស់ព្រះ» នោះអ្នកដទៃនឹងឃើញថាសេចក្ដីសុខសាន្តជាលក្ខណៈសម្បត្ដិមួយដែលយើងមាន។ យើងនឹងមិន«បង្កើតឲ្យមានការប្រកួតប្រជែងគ្នា»ឡើយ។ (កាឡ. ៥:២២-២៦) ផ្ទុយទៅវិញ យើងនឹងខំប្រឹងអស់ពីសមត្ថភាពដើម្បី«ធ្វើឲ្យមានសន្ដិភាពជាមួយនឹងមនុស្សទាំងអស់»។—រ៉ូម ១២:១៨
មានសុភមង្គលហើយទោះគេបៀតបៀនក្ដី!
២២-២៤. (ក) តើពួកដែលត្រូវបានគេបៀតបៀនដោយសារសេចក្ដីសុចរិត មានសុភមង្គលដោយមូលហេតុអ្វី? (ខ) ក្នុងអត្ថបទពីរជាបន្តបន្ទាប់ តើយើងនឹងពិចារណាអំពីអ្វី?
២២ «អស់អ្នកដែលមនុស្សបានបៀតបៀនដោយសារសេចក្ដីសុចរិត នោះមានសុភមង្គលហើយ! ពីព្រោះរាជាណាចក្រស្ថានសួគ៌ ជារបស់អ្នកទាំងនោះ»។ (ម៉ាថ. ៥:១០) លោកយេស៊ូនិយាយបន្ថែមទៀតដោយលើកអំពីលក្ខណៈទី៩ដែលនាំឲ្យមានសុភមង្គលថា៖ «នៅពេលដែលមនុស្សតិះដៀល បៀតបៀន និង និយាយរឿងអាក្រក់គ្រប់បែបយ៉ាង ដើម្បីបង្កាច់បង្ខូចអ្នករាល់គ្នាដោយព្រោះអ្នកកាន់តាមខ្ញុំ នោះអ្នកមានសុភមង្គលហើយ! ពីព្រោះគេធ្លាប់បៀតបៀនពួកអ្នកប្រកាសទំនាយ ដែលបានរស់នៅមុនអ្នករាល់គ្នាដូច្នេះដែរ។ ហេតុនេះចូរសប្បាយ ហើយត្រេកអរចុះ! ពីព្រោះអ្នករាល់គ្នាមានរង្វាន់យ៉ាងធំនៅស្ថានសួគ៌»។—ម៉ាថ. ៥:១១, ១២
២៣ ដូចអ្នកប្រកាសទំនាយរបស់ព្រះពីបុរាណ ពួកគ្រិស្តសាសនិកដឹងថាអ្នកដទៃនឹងតិះដៀល បៀតបៀន និងនិយាយភូតភរចំពោះពួកគាត់ដោយសារ«សេចក្ដីសុចរិត»។ ក៏ប៉ុន្តែ ដោយស៊ូទ្រាំយ៉ាងស្មោះត្រង់ការល្បងលបែបនេះ នោះយើងមានសេចក្ដីស្កប់ស្កល់ដោយដឹងថាយើងផ្គាប់ចិត្តនិងលើកកិត្ដិយសព្រះយេហូវ៉ា។ (១ពេ. ២:១៩-២១) ការឈឺចាប់មិនអាចបង្អន់សេចក្ដីរីករាយរបស់យើងក្នុងការបម្រើព្រះយេហូវ៉ាឥឡូវឬនៅអនាគតផងទេ។ ណាមួយទៀត ការឈឺចាប់ក៏មិនអាចបន្ថយសុភមង្គលក្នុងការគ្រប់គ្រងជាមួយគ្រិស្តនៅលើស្ថានសួគ៌ ឬអំណរពីការទទួលជីវិតដែលគ្មានទីបញ្ចប់ជារាស្ត្រនៃរាជាណាចក្រនោះនៅផែនដី។ ពរបែបនេះជាទីសំអាងដែលបញ្ជាក់ពីសុជនភាព និងសេចក្ដីសប្បុរសរបស់ព្រះ ហើយថាទ្រង់ពេញចិត្តនឹងយើង។
២៤ យើងអាចរៀនអ្វីជាច្រើនទៀតពីធម្មទាននៅលើភ្នំ។ ក្នុងអត្ថបទពីរជាបន្តបន្ទាប់ យើងនឹងពិចារណាមេរៀនផ្សេងៗទៀត។ សូមឲ្យយើងពិនិត្យមើលរបៀបដែលយើងអាចអនុវត្តតាមសេចក្ដីបង្រៀនរបស់លោកយេស៊ូគ្រិស្ត។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• ហេតុអ្វីបានជា«អស់អ្នកដែលស្រេកឃ្លានចំពោះការណែនាំពីព្រះ»មានសុភមង្គល?
• តើ«អស់អ្នកដែលមានចិត្តស្លូតបូត» មានសុភមង្គលដោយមូលហេតុអ្វី?
• ហេតុអ្វីបានជាពួកគ្រិស្តសាសនិកមានសុភមង្គល ទោះបើមានការបៀតបៀនក៏ដោយ?
• ក្នុងចំណោមលក្ខណៈដែលនាំឲ្យមានសុភមង្គលដែលលោកយេស៊ូបានថ្លែង តើអ្នកស្ងើចចិត្តនឹងលក្ខណៈមួយណា?
[រូបភាពនៅទំព័រ១២]
លក្ខណៈ៩យ៉ាងដែលនាំឲ្យមានសុភមង្គលដែលលោកយេស៊ូបានលើកឡើង មានប្រយោជន៍សព្វថ្ងៃដូចគ្នានឹងជិត២.០០០ឆ្នាំមុនដែរ
[រូបភាពនៅទំព័រ១៣]
វិធីល្អដែលយើងអាចបង្ហាញចិត្តមេត្ដាករុណា គឺផ្សព្វផ្សាយអំពីសេចក្ដីពិតដែលមានក្នុងគម្ពីរដល់អ្នកឯទៀត