គ្រីស្ទានសម័យដើមនិងរដ្ឋាភិបាល
បីបួនម៉ោងមុនការសោយទិវង្គតរបស់ទ្រង់ ព្រះយេស៊ូបានមានបន្ទូលប្រាប់ពួកសិស្សថា៖ «ខ្ញុំបានរើស[អ្នករាល់គ្នា]ចេញពីលោកីយមក ហើយអ្នករាល់គ្នាមិនមែនជារបស់ផងលោកីយទៀត នោះបានជាលោកីយស្អប់អ្នករាល់គ្នា»។ (យ៉ូហាន ១៥:១៩) ដូច្នេះ តើនេះមានន័យថាគ្រីស្ទាននឹងកាន់អាកប្បកិរិយាជាសត្រូវចំពោះអាជ្ញាធរនៃលោកីយ៍នេះឬ?
មិនមែនជាខាងលោកីយ៍ហើយក៏មិនមែនជាសត្រូវ
សាវ័កប៉ុលបានប្រាប់គ្រីស្ទានរស់នៅរ៉ូមថា៖ «ចូរឲ្យគ្រប់ទាំងមនុស្សចុះចូលនឹងរាជការ»។ (រ៉ូម ១៣:១) សាវ័កពេត្រុសសរសេរដូចនេះដែរ៖ «ចូរឲ្យចុះចូលនឹងគ្រប់ទាំងច្បាប់នៃមនុស្សលោកដោយយល់ដល់ព្រះអម្ចាស់ ទោះបើនឹងស្តេច ទុកជាធំបណ្ដាច់ ឬនឹងចៅហ្វាយ ទុកដូចជាអ្នកដែលស្តេចចាត់ចែងផង ដែលលោកទាំងនោះសំរាប់ធ្វើទោសដល់ពួកអ្នកដែលប្រព្រឹត្តអាក្រក់ ហើយនឹងសរសើរដល់ពួកអ្នកដែលប្រព្រឹត្តល្អវិញ»។ (ពេត្រុសទី១ ២:១៣, ១៤) ការចុះចូលតាមរដ្ឋាភិបាលនិងពួកអ្នកតំណាងដែលរើសតាំងត្រឹមត្រូវ គឺច្បាស់ជាគោលការណ៍មួយដែលយល់ស្របក្នុងចំណោមពួកគ្រីស្ទានពីដើម។ ពួកគេខំប្រឹងឲ្យបានទៅជាប្រជាពលរដ្ឋដែលគោរពច្បាប់ហើយឲ្យរស់នៅដោយសន្ដិសុខជាមួយមនុស្សទាំងអស់។—រ៉ូម ១២:១៨
ក្រោមចំណងជើង «សាសនានិងរដ្ឋ» សព្វវចនាធិប្បាយនៃសាសនា ប្រកាសថា៖ «ក្នុងរវាងបីសតវត្សដំបូង គ្រីស្ទសករាជ សាសនាគ្រីស្ទានបានដាច់ស្រយាលពីសង្គមផ្លូវការរបស់រ៉ូម៉ាំង . . .។ ទោះយ៉ាងនេះក៏ដោយ ពួកមេដឹកនាំគ្រីស្ទាន . . . បានបង្រៀនឲ្យចេះគោរពដល់ច្បាប់រ៉ូម៉ាំង ហើយឲ្យមានចិត្តស្មោះចំពោះរាជាធិរាជ ទៅតាមកំរិតនៃគោលជំនឿគ្រីស្ទាន»។
គោរព មិនមែនថ្វាយបង្គំ
ពួកគ្រីស្ទានមិនមែនជាសត្រូវដល់រាជាធិរាជរ៉ូម៉ាំងទេ។ ពួកគេគោរពដល់អំណាចរបស់លោក ហើយឲ្យកិត្ដិយសដែលសមនឹងឋានៈលោក។ ក្នុងកំឡុងការសោយរាជ្យនៃរាជាធិរាជនារ៉ូ សាវ័កពេត្រុសបានសរសេរទៅពួកគ្រីស្ទានដែលរស់ក្នុងផ្នែកផ្សេងៗនៃចក្រភពរ៉ូម៉ាំងថា៖ «ចូររាប់អានដល់មនុស្សទាំងអស់ . . . ព្រមទាំងគោរពប្រតិបត្ដិដល់ស្តេចផង»។ (ពេត្រុសទី១ ២:១៧) ពាក្យ«ស្តេច»នេះត្រូវបានប្រើក្នុងតំបន់ដែលនិយាយភាសាក្រិក ដែលមិនគ្រាន់តែសំដៅទៅស្តេចក្នុងតំបន់ប៉ុណ្ណោះ តែសំដៅទៅរាជាធិរាជរ៉ូម៉ាំងដែរ។ សាវ័កប៉ុលបានទូន្មានពួកគ្រីស្ទានដែលរស់នៅក្នុងរាជធានីនៃចក្រភពរ៉ូម៉ាំងថា៖ «ចូរសងដល់លោកទាំងនោះ តាមដែលអ្នកជំពាក់ចុះ . . . ហើយត្រូវគោរពប្រតិបត្ដិដល់លោកណាដែលគួរគោរពដែរ»។ (រ៉ូម ១៣:៧) រាជាធិរាជរ៉ូម៉ាំងគឺប្រាកដជាគួរទទួលការគោរព។ ក្រោយមក លោកថែមទាំងបានទាមទារនូវការថ្វាយបង្គំ។ ត្រង់នេះហើយ ដែលគ្រីស្ទានពីដើមមិនបានចុះចូល។
កាលកំពុងកាត់ក្ដីនៅពីមុខចៅហ្វាយខេត្តរ៉ូម៉ាំងក្នុងសតវត្សទីពីរ មុនសករាជយើង ផុល្លីខាបបានប្រកាសថា៖ «ខ្ញុំជាគ្រីស្ទាន . . .។ យើងបានរៀនមកថា យើងត្រូវតែគោរពប្រតិបត្ដិ . . . ដល់អំណាចនិងអាជ្ញាធរទាំងឡាយណាដែលព្រះតាំងឡើង»។ ប៉ុន្តែ ផុល្លីខាបបានសុខចិត្តស្លាប់ជាជាងថ្វាយបង្គំដល់រាជាធិរាជ។ អ្នកនិពន្ធសតវត្សទីពីរម្នាក់ឈ្មោះធីអូភិលិស ពីស្រុកអាន់ទីយ៉ូក បានសរសេរថា៖ «ខ្ញុំនឹងសុខចិត្តគោរពរាជាធិរាជ ខ្ញុំមិនព្រមថ្វាយបង្គំលោកទេ តែសុខចិត្តអធិស្ឋានឲ្យលោក។ ចំពោះព្រះវិញ ជាព្រះពិតដែលមានព្រះជន្មរស់ ខ្ញុំនឹងថ្វាយបង្គំទ្រង់»។
ការអធិស្ឋានត្រឹមត្រូវឲ្យរាជាធិរាជ មិនទាក់ទងនឹងការថ្វាយបង្គំរាជាធិរាជ ឬសាសន៍និយមឡើយ។ សាវ័កប៉ុលពន្យល់អំពីគោលបំណងនៃការអធិស្ឋាននេះថា៖ «ដូច្នេះ ខ្ញុំទូន្មានសេចក្ដីនេះជាមុនដំបូងថា ចូរពោលពាក្យអរព្រះគុណ ពាក្យទូលសូម ពាក្យអធិស្ឋាន នឹងពាក្យទូលអង្វរឲ្យមនុស្សទាំងអស់ គឺឲ្យស្តេច ហើយឲ្យពួកនាម៉ឺនទាំងប៉ុន្មានផង ដើម្បីឲ្យយើងរាល់គ្នាបាននៅជាសុខសាន្ត ហើយស្រគត់ស្រគំ ដោយកោតខ្លាច ហើយដោយនឹងធឹងគ្រប់ជំពូក»។—ធីម៉ូថេទី១ ២:១, ២
«នៅលើជាយនៃសង្គម»
អាកប្បកិរិយាដ៏ចេះគោរពនៃពួកគ្រីស្ទានពីដើម ពុំបាននាំឲ្យពួកគេមានមិត្តភាពក្នុងលោកីយ៍ដែលគេបានរស់នៅនោះទេ។ អ្នកប្រវត្ដិសាស្ត្របារាំងម្នាក់ឈ្មោះ អេ ហាម៉ាន រាយការណ៍ថា ពួកគ្រីស្ទានពីដើម«រស់នៅលើជាយនៃសង្គម»។ តាមការពិត ពួកគេរស់នៅលើជាយនៃសង្គមពីរ គឺសង្គមយូដានិងរ៉ូម៉ាំង ដោយជួបប្រទះការលំអៀងជាច្រើននិងការយល់ច្រឡំពីសង្គមទាំងពីរ។
ជាឧទាហរណ៍ កាលដែលពួកមេដឹកនាំយូដាចោទគាត់ដោយមិនពិត សាវ័កប៉ុលបានដោះសាខ្លួនដោយថ្លែងប្រាប់នៅពីមុខចៅហ្វាយខេត្តរ៉ូម៉ាំងថា៖ «ខ្ញុំប្របាទមិនបានធ្វើបាបអ្វីសោះ ទោះនឹងក្រិត្យវិន័យរបស់សាសន៍យូដា ឬនឹងព្រះវិហារ ឬនឹងសេសារក្ដី . . . ខ្ញុំប្របាទសូមរើក្ដីនេះដល់សេសារវិញ»! (កិច្ចការ ២៥:៨, ១១) ដោយដឹងថាពួកយូដាបានប៉ុនប៉ងលួចសំឡាប់គាត់ ប៉ុលបានអំពាវនាវដល់នារ៉ូឲ្យជួយ ដូច្នេះបង្ហាញថាគាត់ទទួលស្គាល់អំណាចនៃរាជាធិរាជរ៉ូម៉ាំង។ បន្ទាប់មក ក្នុងការវិនិច្ឆ័យក្ដីទីមួយនៅក្រុងរ៉ូម គាត់ក៏បានរួចខ្លួនទៅ។ ប៉ុន្តែ ក្រោយមក គាត់បានជាប់គុកម្ដងទៀត ហើយយោងទៅតាមទំនៀមទំលាប់ គាត់ក៏ត្រូវបានគេប្រហារជីវិតតាមបង្គាប់របស់នារ៉ូ។
ចំពោះគោលជំហរដ៏លំបាកនៃពួកគ្រីស្ទានពីដើមក្នុងសង្គមរ៉ូម៉ាំង សង្គមវិទូនិងសាសនវិទូ ឈ្មោះអាន្ស ត្រូល្ស បានសរសេរថា៖ «គ្រប់ការិយាល័យនិងសកម្មភាពណាដែលទាក់ទងនឹងការថ្វាយបង្គំរូបព្រះ ឬការថ្វាយបង្គំរាជាធិរាជ ឬពួកណាដែលទាក់ទិននឹងការបង្ហូរឈាម ឬទោសប្រហារជីវិត ឬពួកណាដែលនាំគ្រីស្ទានឲ្យចូលឡូកឡំក្នុងអំពើឥតសីលធម៌នៃពួកពាហិរជន នោះត្រូវកាត់កាលចេញ»។ តើគោលជំហរនេះធ្វើឲ្យលែងមានទំនាក់ទំនងដ៏សុខសាន្តនិងគោរពគ្នាទៅវិញទៅមករវាងគ្រីស្ទាននិងរដ្ឋឬ?
ការថ្វាយរបស់សេសារ
ព្រះយេស៊ូបានប្រទានវិធានមួយដែលនឹងគ្រប់គ្រងលើអាកប្បកិរិយាគ្រីស្ទានចំពោះរដ្ឋរ៉ូម៉ាំង ឬក៏សំរាប់រដ្ឋាភិបាលណាផ្សេងទៀត នៅពេលដែលទ្រង់ប្រកាសថា៖ «ចូរថ្វាយរបស់សេសារ ទៅសេសារទៅ ឯរបស់ព្រះ ចូរថ្វាយទៅព្រះវិញ»។ (ម៉ាថាយ ២២:២១) ដំបូន្មាននេះដែលផ្ដល់ឲ្យពួកអ្នកកាន់តាមព្រះយេស៊ូ គឺផ្ទុយស្រឡះនឹងអាកប្បកិរិយានៃពួកយូដាជាច្រើនដែលជាពួកប្រកាន់សាសន៍ ហើយតូចចិត្តនឹងអាណានិគមរ៉ូម៉ាំង ហើយបានជំទាស់តវ៉ានឹងការបង់ពន្ធអាករទៅឲ្យអំណាចបរទេស។
ក្រោយមក ប៉ុលបានប្រាប់គ្រីស្ទានរស់នៅក្នុងរ៉ូមថា៖ «ដូច្នេះត្រូវឲ្យចុះចូល មិនមែនដោយព្រោះតែសេចក្ដីក្រោធប៉ុណ្ណោះ គឺដោយព្រោះបញ្ញាចិត្តផង។ ដោយហេតុនោះបានជាអ្នករាល់គ្នាត្រូវបង់ពន្ធដែរ ពីព្រោះលោកទាំងនោះ[ពួកអ្នករដ្ឋការ]ជាភ្នាក់ងាររបស់ព្រះ សំរាប់នឹងត្រួតត្រាការនោះឯងជានិច្ច។ ដូច្នេះ ចូរសងដល់លោកទាំងនោះ តាមដែលអ្នកជំពាក់ចុះ គឺឲ្យបង់ពន្ធខ្លួន ដល់លោកណាដែលត្រូវទទួល បង់ពន្ធគយដល់លោកណាដែលទទួលខាងពន្ធគយ»។ (រ៉ូម ១៣:៥-៧) កាលដែលពួកគ្រីស្ទានមិនមែនជាផ្នែកនៃលោកីយ៍នេះ ពួកគេតម្រូវឲ្យបានទៅជាពលរដ្ឋដែលមានចិត្តស្មោះត្រង់ក្នុងការបង់ពន្ធ ដោយសងទៅរដ្ឋចំពោះហិតប្រយោជន៍ដែលបានធ្វើឡើង។—យ៉ូហាន ១៧:១៦
ប៉ុន្តែ តើបន្ទូលរបស់ព្រះយេស៊ូសំដៅទៅការបង់ពន្ធប៉ុណ្ណោះឬ? ដោយព្រោះតែព្រះយេស៊ូមិនបានប្រាប់ឲ្យបានច្បាស់លាស់នូវអ្វីជារបស់សេសារនិងអ្វីជារបស់ព្រះ ករណីនេះមិនច្បាស់ជាខាងណាម្ខាង ដូច្នេះត្រូវតែសំរេចទៅតាមបរិបទ ឬទៅតាមការយល់ដឹងព្រះគម្ពីរទាំងមូលរបស់យើង។ បើនិយាយឲ្យចំទៅ ការសំរេចអ្វីៗដែលគ្រីស្ទានអាចថ្វាយទៅសេសារ ជួនកាលទាក់ទងដល់មនសិការរបស់គ្រីស្ទាន ដូចជាគោលការណ៍ព្រះគម្ពីរបានបំភ្លឺមក។
ការប្រិតប្រៀនថ្លឹងថ្លែងសេចក្ដីតម្រូវពីរដែលប្រជែងគ្នា
មនុស្សជាច្រើនចេះតែភ្លេចបន្ទូលរបស់ព្រះយេស៊ូនេះដែលថា៖ «[ចូរថ្វាយ]របស់ព្រះទៅព្រះ» បន្ទាប់ពីទ្រង់មានបន្ទូលប្រាប់ឲ្យថ្វាយរបស់សេសារទៅសេសារនោះ។ សាវ័កពេត្រុសបានបង្ហាញមួយណាដែលសំខាន់សំរាប់គ្រីស្ទាន។ បន្ទាប់ពីបានទូន្មានឲ្យចុះចូលនឹង«ស្តេច» ឬ រាជាធិរាជ ហើយនិង«ចៅហ្វាយខេត្ត»របស់លោក ពេត្រុសបានសរសេរថា៖ «គឺត្រូវចុះចូលទុកដូចជាមនុស្សមានសេរីភាព តែមិនមែនដោយប្រើសេរីនោះដើម្បីនឹងបំបិតបំបាំងសេចក្ដីអាក្រក់ឡើយ ត្រូវចុះចូលដូចជាអ្នកបំរើរបស់ព្រះវិញ ចូររាប់អានដល់មនុស្សទាំងអស់ ហើយស្រឡាញ់បងប្អូន កោតខ្លាចដល់ព្រះ ព្រមទាំងគោរពប្រតិបត្ដិដល់ស្តេចផង»។ (ពេត្រុសទី១ ២:១៦, ១៧) សាវ័កពេត្រុសបង្ហាញថា គ្រីស្ទានមិនមែនជាអ្នកបំរើរបស់មេគ្រប់គ្រងមនុស្សទេ តែជាអ្នកបំរើរបស់ព្រះ។ ពេលដែលពួកគេសំដែងកិត្ដិយសនិងការគោរពដល់អ្នកតំណាងរបស់រដ្ឋ គេធ្វើនេះដោយកោតខ្លាចដល់ព្រះ ដ្បិតច្បាប់របស់ទ្រង់ឧត្តមបំផុត។
ប៉ុន្មានឆ្នាំមុននេះ ពេត្រុសបានបង្ហាញឲ្យឃើញច្បាស់ថាច្បាប់របស់ព្រះខ្ពង់ខ្ពស់ជាងច្បាប់របស់មនុស្ស។ ក្រុមប្រឹក្សាជាន់ខ្ពស់នៃសាសន៍យូដា ជាគណៈអភិបាលមួយដែលពួករ៉ូមបានឲ្យកាន់អំណាចខាងស៊ីវិលនិងខាងសាសនា។ នៅពេលដែលគណៈនេះបញ្ជាឲ្យពួកសិស្សរបស់ព្រះយេស៊ូឈប់បង្រៀនក្នុងព្រះនាមព្រះគ្រីស្ទ ពេត្រុសនិងសាវ័កឯទៀតបានឆ្លើយតបដោយគោរពម៉ឺងម៉ាត់ថា៖ «[យើង]ត្រូវតែស្ដាប់បង្គាប់របស់ព្រះជាជាងមនុស្ស»។ (កិច្ចការ ៥:២៩) យ៉ាងច្បាស់ណាស់ ពួកគ្រីស្ទានពីដើមត្រូវតែប្រិតប្រៀនថ្លឹងថ្លែងរវាងការគោរពដល់ព្រះនិងការចុះចូលត្រឹមត្រូវនឹងអាជ្ញាធម៌មនុស្ស។ នៅដើមសតវត្សទីបី ស.យ. លោកធឺធូលានបានថ្លែងអំពីការនេះថា៖ «បើរបស់ទាំងអស់ជារបស់សេសារ តើមានអ្វីសល់សំរាប់ព្រះ»?
ការសម្របសម្រួលជាមួយរដ្ឋ
ជាច្រើនឆ្នាំកន្លងទៅ គោលជំហរដែលពួកគ្រីស្ទានសតវត្សទីមួយបានកាន់តាមចំពោះរដ្ឋ ក៏បានខ្សោយទៅបន្ដិចម្ដងៗ។ ការក្បត់ជំនឿដែលព្រះយេស៊ូនិងសាវ័កបានទាយមក ក៏បានលូតលាស់ឡើងក្នុងសតវត្សទីពីរនិងទីបី ស.យ.។ (ម៉ាថាយ ១៣:៣៧, ៣៨; កិច្ចការ ២០:២៩, ៣០; ថែស្សាឡូនីចទី២ ២:៣-១២; ពេត្រុសទី២ ២:១-៣) សាសនាគ្រីស្ទានដែលក្បត់ជំនឿក៏បានសម្របសម្រួលជាមួយពិភពរ៉ូម៉ាំង ដោយបានទទួលយកពិធីបុណ្យពាហិរជន និងទស្សនវិជ្ជារ៉ូម៉ាំង ហើយក៏ទទួលយកការងារស៊ីវិលទាំងអស់ ព្រមទាំងការចូលធ្វើទាហានផង។
សាស្ដ្រាចារ្យត្រូល្សបានសរសេរថា៖ «ពីសតវត្សទីបីតរៀងទៅ ស្ថានការណ៍ក៏កាន់តែយ៉ាប់យ៉ឺនឡើង ដ្បិតពួកគ្រីស្ទានមានគ្នាកាន់តែច្រើនឡើងក្នុងសង្គមថ្នាក់ខ្ពស់ ក្នុងវិជ្ជាជីវៈធំដុំ ក្នុងកងទ័ព ហើយក្នុងវិស័យឥស្សរជនផ្លូវការ។ ក្នុងបីបួនវគ្គនៃឯកសារគ្រីស្ទាននោះ[ដែលមិនមែនខាងព្រះគម្ពីរ] ចែងថាមានការតវ៉ាជំទាស់នឹងការចូលរួបរួមក្នុងការទាំងអស់នេះ ហើយម្យ៉ាងវិញទៀត យើងក៏ឃើញមានការប៉ុនប៉ងសម្របសម្រួលដែរ—ជាការដោះសាដែលបានរចនាមកដើម្បីជួយសម្រាលដល់មនសិការដែលធ្វើទុក្ខ . . .។ ពីជំនាន់លោកខន់ស្ទែនធីនមក បញ្ហាលំបាកទាំងនេះបានបាត់សូន្យទៅ ហើយទំនាស់រវាងពួកគ្រីស្ទាននិងពួកពាហិរជនក៏បានឈប់ដែរ ហើយការិយាល័យទាំងអស់របស់រដ្ឋក៏បានបើកចំហឲ្យពួកអ្នកអះអាងថាគ្រីស្ទាន»។
មកដល់ចុងសតវត្សទីបួន ស.យ. សណ្ឋានគ្រីស្ទានដែលសម្របសម្រួលនេះ ក៏បានក្លាយទៅជាសាសនារដ្ឋនៃចក្រភពរ៉ូម៉ាំង។
ក្នុងមួយប្រវត្ដិសាស្ត្ររបស់វា គឺពិភពគ្រីស្ទសាសនា—ដែលតំណាងដោយសាសនាកាតូលិក អូធូដុក្ស និងប្រូតេស្តង់—បានបន្តសម្របសម្រួលជាមួយរដ្ឋ ជាប់ទាក់ទិនរឹតតែជ្រៅឡើងក្នុងនយោបាយរបស់វា ហើយថែមទាំងគាំទ្ររដ្ឋក្នុងកាលមានសង្គ្រាម។ ចំពោះពួកសមាជិកសាសនាដែលមានចិត្តស្មោះ ដែលបានរន្ធត់ចិត្តដោយការនេះ នោះមុខជាសប្បាយរីករាយដោយដឹងថានៅសព្វថ្ងៃនេះ មានពួកគ្រីស្ទានដែលកាន់តាមគោលជំហររបស់ពួកគ្រីស្ទាននៃសតវត្សទីមួយ ក្នុងការទាក់ទងជាមួយរដ្ឋ។ អត្ថបទពីរបន្តបន្ទាប់នេះនឹងពិគ្រោះរឿងនេះល្អិតល្អន់ថែមទៀត។
[រូបភាពនៅទំព័រ៥]
នេះជាសេសារ នារ៉ូ ដែលពេត្រុសបានសរសេរឲ្យ«គោរពប្រតិបត្ដិដល់ស្តេច»
[អ្នកផ្ដល់សិទ្ធិ]
Musei Capitolini, Roma
[រូបភាពនៅទំព័រ៦]
ផុល្លីខាបសុខចិត្តស្លាប់ជាជាងថ្វាយបង្គំរាជាធិរាជ
[រូបភាពនៅទំព័រ៧]
ពួកគ្រីស្ទានពីដើមជាប្រជាពលរដ្ឋដែលស្រឡាញ់សន្ដិភាព ទៀងត្រង់ និងបង់ពន្ធអាករ