ចូរឲ្យសេចក្ដីស្រឡាញ់ស្អាងចិត្តអ្នកឡើង
«ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់[ព្រះយេហូវ៉ា] ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង»។—ម៉ាថាយ ២២:៣៧
១. (ក) តើគ្រីស្ទានម្នាក់ត្រូវបណ្ដុះបណ្ដាលឲ្យមានលក្ខណៈអ្វីខ្លះ? (ខ) តើគុណសម្បត្ដិគ្រីស្ទានមួយណាគឺសំខាន់ជាងគេ?
គ្រីស្ទានម្នាក់ត្រូវតែបណ្ដុះបណ្ដាលលក្ខណៈជាច្រើន ដើម្បីជាអ្នកបំរើដ៏មានប្រសិទ្ធិភាព។ សៀវភៅសុភាសិត បញ្ជាក់នូវសារៈសំខាន់នៃចំណេះ យោបល់ និងប្រាជ្ញា។ (សុភាសិត ២:១-១០) សាវ័កប៉ុលបានពិគ្រោះអំពីភាពចាំបាច់នៃជំនឿមុតមាំនិងសេចក្ដីសង្ឃឹមដ៏ខ្លាំង។ (រ៉ូម ១:១៦, ១៧; កូល៉ុស ១:៥; ហេព្រើរ ១០:៣៩) ការស៊ូទ្រាំនិងការចេះទប់ចិត្តគឺជាចាំបាច់ដែរ។ (កិច្ចការ ២៤:២៥; ហេព្រើរ ១០:៣៦) ប៉ុន្តែ នៅមានលក្ខណៈមួយដែលបើសិនជាគ្មានលក្ខណៈនោះទេ អាចធ្វើឲ្យគុណសម្បត្ដិឯទៀតទៅជាឱនថយ និងរហូតដល់ធ្វើឲ្យលក្ខណៈទាំងនោះគ្មានប្រយោជន៍ទៀតផង។ លក្ខណៈនោះគឺជាសេចក្ដីស្រឡាញ់។—កូរិនថូសទី១ ១៣:១-៣, ១៣
២. តើព្រះយេស៊ូបានបង្ហាញនូវសារៈសំខាន់នៃសេចក្ដីស្រឡាញ់យ៉ាងដូចម្ដេច? ហើយតើនេះលើកឡើងនូវសំនួរអ្វីខ្លះ?
២ ព្រះយេស៊ូបានបញ្ជាក់នូវសារៈសំខាន់នៃសេចក្ដីស្រឡាញ់ ពេលដែលទ្រង់មានបន្ទូលថា៖ «គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។ (យ៉ូហាន ១៣:៣៥) បើសិនជាសេចក្ដីស្រឡាញ់គឺជាសញ្ញាដែលសម្គាល់គ្រីស្ទានពិត នោះយើងត្រូវតែសួរសំនួរខ្លះៗដូចជា តើសេចក្ដីស្រឡាញ់គឺជាអ្វី? ហេតុអ្វីបានជាសំខាន់ដល់ម្ល៉េះដែលព្រះយេស៊ូមានបន្ទូល ថាលក្ខណៈនោះនឹងសម្គាល់សិស្សរបស់ទ្រង់ជាជាងលក្ខណៈផ្សេងទៀត? តើយើងអាចបណ្ដុះបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់យ៉ាងដូចម្ដេច? តើអ្នកណាខ្លះគួរទទួលសេចក្ដីស្រឡាញ់របស់យើង? សូមឲ្យយើងពិចារណាសំនួរទាំងនេះ។
តើសេចក្ដីស្រឡាញ់ជាអ្វី?
៣. តើសេចក្ដីស្រឡាញ់អាចត្រូវពណ៌នាដោយដូចម្ដេច និងហេតុអ្វីបានជានេះរួមបញ្ចូលទាំងចិត្តនិងគំនិតផង?
៣ ការពណ៌នាមួយអំពីសេចក្ដីស្រឡាញ់ បកស្រាយថាជា‹អារម្មណ៍កក់ក្ដៅដោយសារទំនាក់ទំនងផ្ទាល់ខ្លួនឬក៏សេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅ។ គឺជាការពេញចិត្តឬមានចំណូលចិត្តនឹងអ្នកឯទៀត›។ សេចក្ដីស្រឡាញ់គឺជាគុណសម្បត្ដិមួយដែលជំរុញឲ្យមនុស្សខំជួយអ្នកឯទៀត ជួនកាលទោះបីខ្លួនត្រូវធ្វើពលិកម្មក៏ដោយ។ សេចក្ដីស្រឡាញ់នេះដូចដែលព្រះគម្ពីរពណ៌នានោះ រួមបញ្ចូលទាំងចិត្តនិងគំនិត។ គំនិតឬសតិបញ្ញា រួមតួនាទីក្នុងនោះ ពីព្រោះមនុស្សម្នាក់ដែលចេះស្រឡាញ់បង្ហាញការធ្វើនេះ ដោយមិនងងឹតងងល់ទេ។ គាត់ទទួលស្គាល់ថាខ្លួនគាត់ព្រមទាំងមនុស្សឯទៀតដែលគាត់ស្រឡាញ់ មានទាំងភាពខ្សោយនិងគុណសម្បត្ដិដ៏មានកម្លាំងទាក់ទាញដែរ។ សតិបញ្ញាក៏ចូលរួមក្នុងនេះដែរ ព្រោះថា ជួនកាល មានអ្នកដែលគ្រីស្ទានម្នាក់ស្រឡាញ់ ទោះបីនេះប្រហែលជាខុសផ្ទុយពីចំណង់របស់ខ្លួនគាត់ក៏ដោយ ដោយព្រោះគាត់ជ្រាបដឹងពីព្រះគម្ពីរថា ព្រះមានព្រះហឫទ័យចង់ឲ្យគាត់ធ្វើដូច្នោះ។ (ម៉ាថាយ ៥:៤៤; កូរិនថូសទី១ ១៦:១៤) យ៉ាងណាក៏ដោយ បើនិយាយជាគោល សេចក្ដីស្រឡាញ់ចេញមកពីដួងចិត្ត។ សេចក្ដីស្រឡាញ់ដ៏ពិតប្រាកដដូចដែលបានរៀបរាប់ក្នុងព្រះគម្ពីរ គឺមិនដែលចេញពីសតិបញ្ញាប៉ុណ្ណោះទេ។ សេចក្ដីស្រឡាញ់នេះរួមបញ្ចូលភាពស្មោះត្រង់ដ៏ជ្រាលជ្រៅ និងភក្ដីភាពទាំងស្រុងចេញពីដួងចិត្ត។—ពេត្រុសទី១ ១:២២
៤. តើដូចម្ដេចដែលសេចក្ដីស្រឡាញ់គឺជាចំណងដ៏មាំ?
៤ មនុស្សដែលចិត្តអាក្រក់កម្រមានសមត្ថភាពក្នុងការទាក់ទង ដែលពិតជាប្រកបដោយសេចក្ដីស្រឡាញ់ ពីព្រោះអ្នកណាដែលចេះស្រឡាញ់ ប្រុងប្រៀបនឹងស្វែងរកការបំរើប្រយោជន៍អ្នកឯទៀតមុនប្រយោជន៍ផ្ទាល់ខ្លួន។ (ភីលីព ២:២-៤) បន្ទូលរបស់ព្រះយេស៊ូដែលថា«ដែលឲ្យ នោះបានពរជាជាងទទួល»គឺពិត ជាពិសេស ពេលដែលការឲ្យនោះចេញពីសេចក្ដីស្រឡាញ់។ (កិច្ចការ ២០:៣៥) សេចក្ដីស្រឡាញ់គឺជាចំណងដ៏មាំ។ (កូល៉ុស ៣:១៤) សេចក្ដីស្រឡាញ់នោះច្រើនតែរួមបញ្ចូលមិត្តភាព ក៏ប៉ុន្តែចំណងខាងសេចក្ដីស្រឡាញ់គឺខ្លាំងជាងចំណងខាងមិត្តភាពទៅទៀត។ ស្នេហារវាងប្ដីនិងប្រពន្ធត្រូវពណ៌នាជាសេចក្ដីស្រឡាញ់ដែរ។ ក៏ប៉ុន្តែ សេចក្ដីស្រឡាញ់ដែលព្រះគម្ពីរលើកទឹកចិត្តឲ្យយើងបណ្ដុះបណ្ដាលឲ្យមាន នោះស្ថិតស្ថេរយូរជាងការទាក់ទាញខាងរូបសម្បត្ដិ។ ពេលគូមួយស្រឡាញ់គ្នាស្មោះ ពួកគេនៅរួមរស់ជាមួយគ្នា សូម្បីតែក្នុងពេលដែលគ្មានសមត្ថភាពមានទំនាក់ទំនងស្និទ្ធស្នាលខាងរាងកាយ ដោយព្រោះការពិបាកដោយសារអាយុចាស់ឬក៏ដោយសារម្នាក់គឺពិការនោះ។
សេចក្ដីស្រឡាញ់ ជាគុណសម្បត្ដិដ៏ចាំបាច់
៥. ហេតុអ្វីបានជាសេចក្ដីស្រឡាញ់គឺជាគុណសម្បត្ដិដ៏ចាំបាច់ចំពោះគ្រីស្ទានម្នាក់?
៥ ហេតុអ្វីបានជាសេចក្ដីស្រឡាញ់គឺជាគុណសម្បត្ដិមួយដ៏ចាំបាច់សំរាប់គ្រីស្ទានម្នាក់? មុនបង្អស់ ដោយសារព្រះយេស៊ូបានបញ្ជាឲ្យសិស្សរបស់ទ្រង់ស្រឡាញ់គ្នា។ ទ្រង់បានមានបន្ទូលថា៖ «បើអ្នករាល់គ្នាធ្វើតាមសេចក្ដីដែលខ្ញុំបង្គាប់ នោះអ្នករាល់គ្នាជាពួកសំឡាញ់ខ្ញុំហើយ។ ខ្ញុំបង្គាប់សេចក្ដីនេះដល់អ្នករាល់គ្នា គឺឲ្យស្រឡាញ់គ្នាទៅវិញទៅមកចុះ»។ (យ៉ូហាន ១៥:១៤, ១៧) ហេតុទីពីរគឺព្រោះព្រះយេហូវ៉ាជាសេចក្ដីស្រឡាញ់នោះឯង ហើយដោយព្រោះយើងជាអ្នកថ្វាយបង្គំទ្រង់ នោះយើងគួរធ្វើតម្រាប់តាមទ្រង់។ (អេភេសូរ ៥:១; យ៉ូហានទី១ ៤:១៦) ព្រះគម្ពីរចែងថា ការក្រេបជញ្ជក់នូវចំណេះអំពីព្រះយេហូវ៉ានិងព្រះយេស៊ូនាំឲ្យមានជីវិតអស់កល្បជានិច្ច។ តើយើងអាចអះអាងថាយើងស្គាល់ព្រះយ៉ាងដូចម្ដេចបាន បើសិនជាយើងមិនខំធ្វើតម្រាប់តាមទ្រង់ផងនោះ? សាវ័កយ៉ូហានបានវែកញែកថា៖ «អ្នកណាដែលគ្មានសេចក្ដីស្រឡាញ់ នោះមិនស្គាល់ព្រះវិញ ពីព្រោះព្រះទ្រង់ជាសេចក្ដីស្រឡាញ់នោះឯង»។—យ៉ូហានទី១ ៤:៨
៦. តើដូចម្ដេចដែលសេចក្ដីស្រឡាញ់អាចជួយឲ្យមានតុល្យភាពរវាងផ្នែកផ្សេងៗនៃជីវិត?
៦ ហេតុទី៣ដែលសេចក្ដីស្រឡាញ់គឺសំខាន់ ពីព្រោះនោះជួយយើងមានតុល្យភាពក្នុងផ្នែកផ្សេងៗនៃជីវិត ព្រមទាំងក៏បន្ថែមនូវបំណងល្អចំពោះអ្វីក៏ដោយដែលយើងធ្វើ។ ជាឧទាហរណ៍ គឺជាការសំខាន់ក្នុងការបន្តក្រេបជញ្ជក់នូវចំណេះអំពីព្រះបន្ទូលរបស់ព្រះ។ ចំពោះគ្រីស្ទានម្នាក់ ចំណេះគឺស្មើនឹងម្ហូបអាហារ។ នោះជួយគាត់លូតលាស់ដល់ពេញវ័យនិងប្រព្រឹត្តសមស្របនឹងព្រះហឫទ័យរបស់ព្រះ។ (ទំនុកដំកើង ១១៩:១០៥; ម៉ាថាយ ៤:៤; ធីម៉ូថេទី២ ៣:១៥, ១៦) ក៏ប៉ុន្តែ ប៉ុលបានព្រមានថា៖ «ឯចំណេះ នោះនាំឲ្យចិត្តប៉ោងឡើង តែសេចក្ដីស្រឡាញ់ស្អាងចិត្តឡើងវិញ»។ (កូរិនថូសទី១ ៨:១) ចំណេះត្រឹមត្រូវមិនមែនជាអ្វីដ៏អាក្រក់ទេ។ ក៏ប៉ុន្តែ បញ្ហាមកពីយើងវិញ ដោយសារយើងមានទំនោរទៅខាងអំពើបាប។ (លោកុប្បត្តិ ៨:២១) បើសិនជាគ្មានឥទ្ធិពលពីសេចក្ដីស្រឡាញ់ដែលនាំឲ្យមានតុល្យភាព នោះចំណេះអាចធ្វើឲ្យមនុស្សម្នាក់ក្រអឺតក្រអោង និងគិតថាខ្លួនគឺល្អជាងអ្នកឯទៀត។ នោះនឹងមិនកើតឡើងទេ បើសិនជាគាត់ត្រូវជំរុញដោយសេចក្ដីស្រឡាញ់ជាគោល។ «សេចក្ដីស្រឡាញ់ . . . មិនចេះអួតខ្លួន ក៏មិនដែលមានចិត្តធំផង»។ (កូរិនថូសទី១ ១៣:៤) គ្រីស្ទានម្នាក់ដែលត្រូវជំរុញដោយសេចក្ដីស្រឡាញ់ មិនដែលអួតខ្លួនថ្វីបើគាត់មានចំណេះជ្រៅជ្រះក៏ដោយ។ សេចក្ដីស្រឡាញ់ជួយគាត់មានចិត្តរាបទាប និងបង្ការមិនឲ្យគាត់ចង់ធ្វើឲ្យខ្លួនល្បីឈ្មោះនោះទេ។—ទំនុកដំកើង ១៣៨:៦; យ៉ាកុប ៤:៦
៧, ៨. តើសេចក្ដីស្រឡាញ់ជួយយើងប្រមូលអារម្មណ៍ទៅលើសេចក្ដីដ៏ប្រសើរជាងយ៉ាងដូចម្ដេច?
៧ ប៉ុលបានសរសេរទៅកាន់ពួកអ្នកនៅក្រុងភីលីពថា៖ «ខ្ញុំក៏អធិស្ឋានសូមសេចក្ដីនេះ គឺឲ្យសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា បានចំរើនកាន់តែច្រើនឡើង ដោយនូវសេចក្ដីចេះដឹង នឹងយោបល់គ្រប់ជំពូក ប្រយោជន៍ឲ្យអ្នករាល់គ្នាបានលមើល ឲ្យស្គាល់អស់ទាំងសេចក្ដីដែលប្រសើរ»។ (ភីលីព ១:៩, ១០) សេចក្ដីស្រឡាញ់ជាគ្រីស្ទាននឹងជួយយើងឲ្យធ្វើតាមសេចក្ដីលើកទឹកចិត្តនេះ ឲ្យស្គាល់អស់សេចក្ដីដ៏ប្រសើរជាង។ ជាឧទាហរណ៍ សូមពិចារណាពាក្យរបស់ប៉ុលទៅកាន់ធីម៉ូថេដែលថា៖ «បើអ្នកណាប្រាថ្នាចង់ធ្វើជាអ្នកត្រួតត្រា នោះឈ្មោះថាចង់បានការល្អប្រសើរហើយ»។ (ធីម៉ូថេទី១ ៣:១) ក្នុងកំឡុងឆ្នាំកិច្ចបំរើ២០០០នេះ ចំនួនក្រុមជំនុំទូទាំងពិភពលោកបានចំរើនឡើងពី១.៥០២ក្រុមជំនុំទៅដល់ចំនួន៩១.៤៨៧។ ដូច្នេះហើយ មានសេចក្ដីត្រូវការជាខ្លាំងចំពោះអ្នកចាស់ទុំឯទៀត និងអ្នកដែលខិតខំទទួលនូវឯកសិទ្ធិនេះគឺគួរឲ្យសរសើរមែន។
៨ ក៏ប៉ុន្តែ អស់អ្នកដែលខិតខំទទួលឯកសិទ្ធិចំពោះការត្រួតពិនិត្យនឹងរក្សាឲ្យមានតុល្យភាពល្អ បើសិនជាពួកគាត់នឹកចាំពីគោលបំណងនៃឯកសិទ្ធិនេះ។ ការគ្រាន់តែមានអំណាចគ្រប់គ្រងឬក៏មានមុខមាត់ធំជាងមិនមែនជាអ្វីដ៏សំខាន់ទេ។ ពួកអ្នកចាស់ទុំដែលពេញព្រះហឫទ័យរបស់ព្រះយេហូវ៉ា ត្រូវជំរុញដោយសេចក្ដីស្រឡាញ់ចំពោះទ្រង់និងបងប្អូនរបស់គាត់។ ពួកគាត់មិនមែនរកឲ្យបានឈ្មោះល្បីឬក៏ធ្វើឲ្យខ្លួនមានឥទ្ធិពលឡើយ។ ក្រោយពីសាវ័កពេត្រុសបានជូនឱវាទចំពោះអ្នកចាស់ទុំក្រុមជំនុំឲ្យរក្សាមានទស្សនៈត្រឹមត្រូវ នោះគាត់បានបញ្ជាក់នូវភាពចាំបាច់នៃ«ចិត្តសុភាព»។ គាត់ក៏បានជូនឱវាទឲ្យទាំងអស់គ្នាក្នុងក្រុមជំនុំ «បន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ពូកែរបស់ព្រះ»។ (ពេត្រុសទី១ ៥:១-៦) អ្នកណាក៏ដោយដែលរកទទួលនូវឯកសិទ្ធិថែមទៀត នឹងទទួលប្រយោជន៍ពីការពិចារណានូវគំរូរបស់អ្នកចាស់ទុំជាច្រើននាក់ ទូទាំងពិភពលោកដែលខំធ្វើការ មានចិត្តរាបទាប និងដែលធៀបនឹងពរមួយដែលបានត្រូវជូនចំពោះក្រុមជំនុំរបស់ខ្លួន។—ហេព្រើរ ១៣:៧
ការមានបំណងល្អក៏ជួយយើងស៊ូទ្រាំ
៩. ហេតុអ្វីបានជាពួកគ្រីស្ទាននឹកចាំជានិច្ច ពីសេចក្ដីសន្យារបស់ព្រះយេហូវ៉ាចំពោះការប្រទានពរ?
៩ សារៈសំខាន់នៃការឲ្យខ្លួនត្រូវជំរុញដោយសេចក្ដីស្រឡាញ់ក៏មានលក្ខណៈឯទៀតដែរ។ ចំពោះអស់អ្នកដែលសេចក្ដីស្រឡាញ់ជំរុញឲ្យគោរពប្រតិបត្ដិដល់ព្រះ នោះព្រះគម្ពីរសន្យាថា គេនឹងទទួលពរជាច្រើននៅគ្រាឥឡូវនេះ និងពរដ៏ប្រសើរដែលខ្លួននឹកស្មានមិនដល់នាពេលអនាគត។ (ធីម៉ូថេទី១ ៤:៨) គ្រីស្ទានម្នាក់ដែលជឿជាក់ទៅលើសេចក្ដីសន្យាទាំងនេះ និងដែលជឿជាក់ថា ព្រះយេហូវ៉ា«ទ្រង់ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់» នេះក៏នឹងជួយរក្សាឲ្យមានជំនឿមុតមាំដែរ។ (ហេព្រើរ ១១:៦) យើងភាគច្រើនមានចំណង់ខ្លាំងចំពោះការសម្រេចនូវសេចក្ដីសន្យាទាំងប៉ុន្មានរបស់ព្រះ និងមានអារម្មណ៍ដូចនឹងសាវ័កយ៉ូហានដែលថា៖ «អាម៉ែន ព្រះអម្ចាស់យេស៊ូវអើយ! សូមយាងមក!»។ (វិវរណៈ ២២:២០) ត្រូវហើយ ការរំពឹងគិតអំពីពរដែលយើងអាចទទួល បើសិនជាយើងរក្សាខ្លួនឲ្យស្មោះត្រង់ ក៏ជួយពង្រឹងយើងឲ្យចេះស៊ូទ្រាំ ដូចជាការនឹកចាំពី«សេចក្ដីអំណរដែលនៅចំពោះ»ព្រះយេស៊ូបានជួយទ្រង់ស៊ូទ្រាំដែរ។—ហេព្រើរ ១២:១, ២
១០, ១១. តើដោយដូចម្ដេចដែលការអនុញ្ញាតឲ្យសេចក្ដីស្រឡាញ់ជំរុញឲ្យយើងចេះស៊ូទ្រាំ?
១០ ក៏ប៉ុន្តែ ចុះយ៉ាងណាបើសិនជាសេចក្ដីប៉ងប្រាថ្នារបស់យើងចំពោះការរស់នៅក្នុងពិភពលោកថ្មី គឺជាបំណងដ៏ចំបងរបស់យើងក្នុងការបំរើព្រះយេហូវ៉ានោះ? បំណងបែបនេះអាចធ្វើឲ្យយើងទៅជាអន្ទះអន្ទែង ឬក៏មានទោមនស្សយ៉ាងងាយស្រួល ពេលដែលមានការពិបាកឬក៏ពេលព្រឹត្ដិការណ៍ផ្សេងៗមិនកើតឡើងនៅពេល ឬក៏តាមរបៀបដែលចំណង់ចិត្តរបស់យើងគិត។ យើងអាចមានគ្រោះថ្នាក់ខ្លាំងនៃការរសាត់ចេញពីសេចក្ដីពិត។ (ហេព្រើរ ២:១; ៣:១២) ប៉ុលបាននិយាយអំពីអតីតគូកនម្នាក់របស់គាត់ឈ្មោះដេម៉ាស ដែលបានបោះបង់ចោលគាត់។ ហេតុអ្វី? ពីព្រោះ«គាត់ស្រឡាញ់លោកីយនេះ»។ (ធីម៉ូថេទី២ ៤:១០) អ្នកណាដែលថ្វាយបង្គំសំរាប់តែប្រយោជន៍ខ្លួន អាចរងគ្រោះដូចជាគាត់ដែរ។ ពួកគេអាចត្រូវទាក់ទាញដោយលទ្ធភាពរីកចំរើនភ្លាមៗខាងលោកីយ៍នេះ និងទៅជាមិនសុខចិត្តធ្វើពលិកម្មឥឡូវនេះដោយមានសេចក្ដីសង្ឃឹមខាងមុខ។
១១ ទោះបីជាការធម្មតាដែលយើងប៉ងប្រាថ្នាចង់ទទួលពរនាពេលអនាគត ហើយនិងទទួលនូវការរំដោះពីការល្បួងក៏ដោយ នោះសេចក្ដីស្រឡាញ់នឹងស្អាងនូវការយល់ដឹងពីអ្វី ដែលគួរមានអាទិភាពក្នុងជីវិតរបស់យើង។ គឺជាព្រះហឫទ័យរបស់ព្រះយេហូវ៉ាដែលជាសំខាន់បំផុត មិនមែនចំណង់របស់យើងផ្ទាល់ទេ។ (លូកា ២២:៤១, ៤២) ត្រូវហើយ សេចក្ដីស្រឡាញ់ស្អាងយើងឡើង។ នោះធ្វើឲ្យយើងសុខចិត្តរង់ចាំព្រះ ដោយមានចិត្តស្កប់ស្កល់នឹងពរអ្វីក៏ដោយដែលទ្រង់ប្រទានមកយើង និងក៏ធ្វើឲ្យយើងមានជំនឿស៊ប់ថា នៅពេលកំណត់របស់ទ្រង់ យើងនឹងទទួលអ្វីទាំងអស់ដែលទ្រង់បានសន្យា និងអ្វីលើសពីហ្នឹងទៅទៀត។ (ទំនុកដំកើង ១៤៥:១៦; កូរិនថូសទី២ ១២:៨, ៩) ក្នុងកំឡុងពេលនេះ សេចក្ដីស្រឡាញ់ជួយយើងឲ្យបន្តបំរើដោយមិនគិតអំពីតែប្រយោជន៍ខ្លួន ពីព្រោះ«សេចក្ដីស្រឡាញ់ . . . មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន»។—កូរិនថូសទី១ ១៣:៤, ៥
តើគ្រីស្ទានគួរស្រឡាញ់អ្នកណា?
១២. យោងទៅតាមព្រះយេស៊ូ តើយើងគួរស្រឡាញ់អ្នកណាខ្លះ?
១២ ព្រះយេស៊ូបានមានបន្ទូលប្រាប់ពីខ្នាតតម្រាទូទៅមួយដែលថា តើយើងគួរស្រឡាញ់អ្នកណា ពេលទ្រង់បានដកស្រង់សេចក្ដីថ្លែងពីរចេញពីក្រិត្យវិន័យលោកម៉ូសេ។ ទ្រង់បានមានបន្ទូលថា៖ «ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង» និង«ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង»។—ម៉ាថាយ ២២:៣៧-៣៩
១៣. តើយើងអាចរៀនស្រឡាញ់ព្រះយេហូវ៉ាដោយដូចម្ដេច ទោះជាយើងមិនអាចមើលឃើញទ្រង់ក៏ដោយ?
១៣ យោងទៅតាមបន្ទូលរបស់ព្រះយេស៊ូ គឺច្បាស់ដែលមុនបង្អស់និងសំខាន់បំផុតគឺថា យើងគួរស្រឡាញ់ព្រះយេហូវ៉ា។ ក៏ប៉ុន្តែ យើងមិនបានកើតមកទាំងមានសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាស្រាប់នោះទេ។ នោះគឺជាអ្វីមួយដែលយើងត្រូវតែបណ្ដុះបណ្ដាលឲ្យមានវិញ។ ពេលយើងទើបតែឮអំពីទ្រង់ នោះបានត្រូវទាក់ទាញឲ្យមកឯទ្រង់ដោយសារអ្វីដែលយើងបានឮ។ បន្ដិចម្ដងៗ យើងបានរៀនអំពីរបៀបដែលទ្រង់បានរៀបចំផែនដីសំរាប់មនុស្សជាតិ។ (លោកុប្បត្តិ ២:៥-២៣) យើងបានរៀនអំពីរបៀបដែលទ្រង់បានទាក់ទងនឹងមនុស្សជាតិ ដោយមិនបោះបង់យើងចោល ពេលដែលបាបបានឈ្លានពានមកលើមនុស្សជាតិ ក៏ប៉ុន្តែ ទ្រង់បានចាត់វិធានការដើម្បីរំដោះយើងវិញ។ (លោកុប្បត្តិ ៣:១-៥, ១៥) ទ្រង់បានប្រព្រឹត្តដោយសប្បុរសជាមួយអ្នកស្មោះត្រង់ និងក្រោយមកបានប្រទានរាជបុត្រតែមួយគត់ដែលទ្រង់បានបង្កើតផ្ទាល់ ដើម្បីអត់ឱនទោសចំពោះបាបរបស់យើង។ (យ៉ូហាន ៣:១៦, ៣៦) ការចំរើនឡើងនូវចំណេះនេះ ក៏បានធ្វើឲ្យការអបអររបស់យើងចំពោះព្រះយេហូវ៉ារីកចំរើនឡើងដែរ។ (អេសាយ ២៥:១) ស្តេចដាវីឌបានមានបន្ទូលថាទ្រង់ស្រឡាញ់ព្រះយេហូវ៉ា ដោយព្រោះការថែរក្សាដ៏ប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់។ (ទំនុកដំកើង ១១៦:១-៩) សព្វថ្ងៃនេះ ព្រះយេហូវ៉ាថែរក្សាយើង ណែនាំយើង ចំរើនកម្លាំងរបស់យើង និងលើកទឹកចិត្តយើង។ សេចក្ដីស្រឡាញ់របស់យើងទៅជាកាន់តែជ្រៅ ដោយសារយើងចេះកាន់តែច្រើនអំពីទ្រង់នោះ។—ទំនុកដំកើង ៣១:២៣; សេផានា ៣:១៧; រ៉ូម ៨:២៨
តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់របស់យើងយ៉ាងដូចម្ដេច?
១៤. តើតាមរបៀបណាដែលយើងអាចបង្ហាញថា សេចក្ដីស្រឡាញ់ចំពោះព្រះគឺពិតត្រង់នោះ?
១៤ ពិតមែន មនុស្សជាច្រើនទូទាំងពិភពលោកនិយាយថាខ្លួនស្រឡាញ់ព្រះ ក៏ប៉ុន្តែ ចរិយារបស់គេបង្ហាញឲ្យឃើញថា ពាក្យនោះគឺមិនពិត។ តើដូចម្ដេចដែលយើងអាចដឹងប្រាកដថា ខ្លួនយើងពិតជាស្រឡាញ់ព្រះយេហូវ៉ា? យើងអាចទូលទ្រង់តាមរយៈការអធិស្ឋាន និងប្រាប់ទ្រង់ពីអារម្មណ៍របស់យើង។ យើងអាចប្រព្រឹត្តតាមរបៀបមួយដែលបង្ហាញនូវសេចក្ដីស្រឡាញ់របស់យើង។ សាវ័កយ៉ូហានបាននិយាយថា៖ «តែអ្នកណាដែលកាន់តាមព្រះបន្ទូលទ្រង់វិញ នោះប្រាកដជាសេចក្ដីស្រឡាញ់នៃព្រះបានពេញខ្នាត នៅក្នុងអ្នកនោះហើយ គឺដោយសេចក្ដីនោះឯង ដែលយើងដឹងថា យើងនៅក្នុងទ្រង់»។ (យ៉ូហានទី១ ២:៥; ៥:៣) ក្រៅពីរឿងផ្សេងទៀត ព្រះគម្ពីរក៏ប្រាប់យើងឲ្យសេពគប់គ្នានិងរស់នៅតាមរបៀបដ៏ស្អាតស្អំ ដែលប្រកបដោយសីលធម៌។ យើងជៀសវាងពីការធ្វើពុត យើងនិយាយពិតត្រង់ និងរក្សាឲ្យគំនិតរបស់យើងស្អាតស្អំដែរ។ (កូរិនថូសទី២ ៧:១; អេភេសូរ ៤:១៥; ធីម៉ូថេទី១ ១:៥; ហេព្រើរ ១០:២៣-២៥) យើងបង្ហាញសេចក្ដីស្រឡាញ់ដោយការផ្ដល់ជំនួយ ផ្នែកទ្រព្យសម្បត្ដិដល់អ្នកដែលត្រូវការ។ (យ៉ូហានទី១ ៣:១៧, ១៨) យើងមិនបិទមាត់ពីការនិយាយអំពីព្រះយេហូវ៉ាទេ។ នេះរួមបញ្ចូលការរួមចំណែកក្នុងការផ្សាយដំណឹងល្អពីព្រះរាជាណាចក្រ។ (ម៉ាថាយ ២៤:១៤; រ៉ូម ១០:១០) ការស្ដាប់តាមព្រះបន្ទូលរបស់ព្រះក្នុងរឿងបែបនេះ ក៏បង្ហាញថាសេចក្ដីស្រឡាញ់របស់យើងគឺពិតប្រាកដ។
១៥, ១៦. តើសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាបានមានឥទ្ធិពលទៅលើមនុស្សជាច្រើននៅឆ្នាំមុនយ៉ាងណា?
១៥ សេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាជួយមនុស្សធ្វើការសម្រេចល្អ។ ឆ្នាំមុន សេចក្ដីស្រឡាញ់បែបនេះបានជំរុញមនុស្ស២៨៨.៩០៧នាក់ឲ្យថ្វាយជីវិតរបស់គេចំពោះទ្រង់ និងសម្ដែងនូវការសម្រេចនោះ ដោយការទទួលបុណ្យជ្រមុជទឹក។ (ម៉ាថាយ ២៨:១៩, ២០) ការថ្វាយខ្លួនរបស់គេគឺមានខ្លឹមសារ។ នោះបានបង្ហាញនូវការកែប្រែក្នុងជីវិតរបស់គេ។ ជាឧទាហរណ៍ កាសម៉ាន គឺជាបុគ្គលម្នាក់ដែលជាកីឡាករជើងឯកខាងកីឡាបាស់ស្កេតប័ល នៅប្រទេសអាល់បានី។ អស់ប៉ុន្មានឆ្នាំ គាត់និងប្រពន្ធរបស់គាត់បានសិក្សា និងទោះបីមានឧបសគ្គក៏ដោយ នៅទីបំផុតគេបានទៅជាអ្នកផ្សាយ។ ឆ្នាំមុន កាសម៉ានបានទទួលបុណ្យជ្រមុជទឹក ក្នុងចំណោមមនុស្ស៣៦៦នាក់ ដែលបានទទួលបុណ្យជ្រមុជទឹកនៅប្រទេសអាល់បានីនៅឆ្នាំកិច្ចបំរើ២០០០។ កាសែតមួយបានបោះពុម្ពអត្ថបទមួយអំពីគាត់និងចែងថា៖ «ជីវិតគាត់មានអត្ថន័យ និងដោយហេតុនេះហើយ គាត់និងគ្រួសាររបស់គាត់មានជីវិតសប្បាយជាទីបំផុត។ ចំពោះគាត់ ការស្វះស្វែងថាខ្លួនអាចបានប្រយោជន៍ច្រើនប៉ុនណាពីជីវិត បានលែងជាអ្វីដ៏សំខាន់ហើយ។ ក៏ប៉ុន្តែ ផ្ទុយទៅវិញ គឺជាការស្វះស្វែងថាខ្លួនអាចផ្ដល់ប្រយោជន៍ច្រើនប៉ុនណាដល់អ្នកឯទៀត»។
១៦ ស្រដៀងគ្នាដែរ បងស្រីម្នាក់ដែលធ្វើការសំរាប់ក្រុមហ៊ុនប្រេងនៅប្រទេសហ្កាវ៉ាម ហើយនិងទើបតែទទួលបុណ្យជ្រមុជទឹក បានទទួលនូវសំណើផ្ដល់ការងារដ៏ទាក់ទាញចិត្តមួយ។ ក្រោយគាត់បានឡើងឋានៈក្នុងក្រុមហ៊ុននោះអស់ជាច្រើនឆ្នាំហើយ នៅទីបំផុត គាត់បានត្រូវគេស្នើបើកឱកាសឲ្យគាត់ទៅជាអនុប្រធានទីមួយក្នុងប្រវត្ដិក្រុមហ៊ុននោះដែលជាភេទស្រី។ ក៏ប៉ុន្តែ គាត់បានថ្វាយខ្លួនដល់ព្រះយេហូវ៉ាហើយ។ ដូច្នេះ ក្រោយគាត់បានពិគ្រោះជាមួយប្ដីអំពីរឿងនេះ គាត់បានបដិសេធការងារនោះ និងផ្ទុយទៅវិញ បានរៀបចំធ្វើការក្រៅម៉ោងដើម្បីឲ្យគាត់លូតលាស់ទៅជាអ្នកបំរើពេញពេល ជាអ្នកត្រួសត្រាយ។ សេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាបានជំរុញគាត់ឲ្យចង់បំរើទ្រង់ជាអ្នកត្រួសត្រាយ ជាជាងតាមរកប្រយោជន៍លុយកាក់ក្នុងលោកីយ៍នេះ។ តាមការពិត សេចក្ដីស្រឡាញ់បែបនេះបានជំរុញមនុស្ស៨០៥.២០៥នាក់ទូទាំងពិភពលោក ឲ្យចូលរួមក្នុងផ្នែកផ្សេងៗនៃកិច្ចបំរើត្រួសត្រាយក្នុងកំឡុងឆ្នាំកិច្ចបំរើ២០០០។ អ្នកត្រួសត្រាយទាំងនោះបានបង្ហាញសេចក្ដីស្រឡាញ់និងជំនឿដ៏ប្រសើរម្ល៉េះហ្ន៎!
ត្រូវជំរុញឲ្យស្រឡាញ់ព្រះយេស៊ូ
១៧. តើតាមរបៀបណាដែលព្រះយេស៊ូបានធ្វើជាគំរូដ៏ប្រសើរខាងការបង្ហាញសេចក្ដីស្រឡាញ់?
១៧ ព្រះយេស៊ូគឺជាគំរូល្អប្រពៃអំពីអ្នកដែលត្រូវជំរុញដោយសេចក្ដីស្រឡាញ់។ អត្ថិភាពមុនពេលមានកំណើតជាមនុស្ស នោះទ្រង់បានស្រឡាញ់ព្រះវរបិតារបស់ទ្រង់និងបានស្រឡាញ់មនុស្សជាតិដែរ។ ដោយទ្រង់ជាតួអង្គប្រាជ្ញា នោះទ្រង់បានមានបន្ទូលថា៖ «អញបាននៅជិតទ្រង់[ព្រះយេហូវ៉ា]ដូចជាមេជាងហើយអញជាទីគាប់ព្រះហឫទ័យទ្រង់រាល់ៗថ្ងៃ ព្រមទាំងមានសេចក្ដីរីករាយនៅចំពោះទ្រង់ជានិច្ច ក៏មានសេចក្ដីរីករាយចំពោះផែនដីទាំងដុំមូលនៃទ្រង់ ហើយបានសេចក្ដីអំណរ ដោយនៅជាមួយនឹងពួកមនុស្សលោក»។ (សុភាសិត ៨:៣០, ៣១) សេចក្ដីស្រឡាញ់របស់ព្រះយេស៊ូបានជំរុញទ្រង់ឲ្យលះចោលលំនៅរបស់ទ្រង់ នៅឯស្ថានសួគ៌និងប្រសូតមកជាកូនង៉ាមួយដែលមិនអាចជួយខ្លួន។ ទ្រង់បានប្រព្រឹត្តតាមរបៀបអត់ធ្មត់និងសប្បុរសជាមួយនឹងមនុស្សរាបសានិងរាបទាប ហើយក៏បានរងទុក្ខក្នុងកណ្ដាប់ដៃនៃពួកសត្រូវរបស់ព្រះយេហូវ៉ា។ នៅទីបំផុត ទ្រង់បានសោយទិវង្គតជាប់លើបង្គោលទារុណកម្ម ជំនួសមនុស្សជាតិទាំងឡាយ។ (យ៉ូហាន ៣:៣៥; ១៤:៣០, ៣១; ១៥:១២, ១៣; ភីលីព ២:៥-១១) នេះជាគំរូល្អណាស់ហ្ន៎! ដែលសម្ដែងពីការមានសេចក្ដីជំរុញទឹកចិត្តដ៏ល្អ។
១៨. (ក) តើយើងបណ្ដុះបណ្ដាលសេចក្ដីស្រឡាញ់ចំពោះព្រះយេស៊ូដោយដូចម្ដេច? (ខ) តើតាមរបៀបណាដែលយើងបង្ហាញថាយើងស្រឡាញ់ព្រះយេស៊ូ?
១៨ ពេលអស់អ្នកដែលមានសន្ដានចិត្តត្រឹមត្រូវ អាននូវដំណើររឿងអំពីព្រះជន្មរបស់ព្រះយេស៊ូក្នុងសៀវភៅដំណឹងល្អ និងរំពឹងគិតអំពីពរទាំងប៉ុន្មានដែលគេបានទទួលដោយសារដំណើរដ៏ស្មោះត្រង់របស់ទ្រង់ នោះសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅនឹងដុះដាលក្នុងចិត្តរបស់គេ។ យើងសព្វថ្ងៃនេះគឺដូចនឹងអស់អ្នក ដែលពេត្រុសបាននិយាយទៅកាន់ដោយថា៖ «អ្នករាល់គ្នាមិនបានឃើញទ្រង់ទេ តែបានស្រឡាញ់ទ្រង់[ព្រះយេស៊ូ]»។ (ពេត្រុសទី១ ១:៨) យើងបង្ហាញនូវសេចក្ដីស្រឡាញ់របស់យើង ពេលយើងអនុវត្តជំនឿទៅលើទ្រង់និងធ្វើតម្រាប់តាមដំណើរព្រះជន្មរបស់ទ្រង់ ដែលប្រកបដោយការធ្វើពលិកម្មខ្លួន។ (កូរិនថូសទី១ ១១:១; ថែស្សាឡូនីចទី១ ១:៦; ពេត្រុសទី១ ២:២១-២៥) នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០០ ប្រមាណ១៤.៨៧២.០៨៦នាក់បានត្រូវរំឭកពីមូលហេតុដែលជំរុញឲ្យស្រឡាញ់ព្រះយេស៊ូ ពេលដែលបានចូលរួមពិធីបុណ្យរំឭកប្រចាំឆ្នាំនូវការសោយទិវង្គតរបស់ទ្រង់។ នោះគឺជាចំនួនច្រើនណាស់ហ្ន៎! ហើយគឺជាអ្វីដែលលើកទឹកចិត្តមែន ដែលមនុស្សជាច្រើនចាប់អារម្មណ៍ទៅលើការទទួលសេចក្ដីសង្គ្រោះ តាមរយៈយញ្ញបូជារបស់ព្រះយេស៊ូ។ យើងពិតជាត្រូវស្អាងឡើងដោយសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ានិងព្រះយេស៊ូចំពោះយើង និងសេចក្ដីស្រឡាញ់របស់យើងចំពោះទ្រង់ទាំងពីរអង្គ។
១៩. តើសំនួរអ្វីខ្លះទាក់ទងនឹងសេចក្ដីស្រឡាញ់ដែលនឹងត្រូវពិគ្រោះក្នុងអត្ថបទជាបន្ទាប់?
១៩ ព្រះយេស៊ូបានមានបន្ទូលថាយើងគួរស្រឡាញ់ព្រះយេហូវ៉ាឲ្យអស់ពីចិត្ត ព្រលឹង គំនិត និងកម្លាំង។ ក៏ប៉ុន្តែ ទ្រង់ក៏បានមានបន្ទូលថា យើងគួរស្រឡាញ់អ្នកជិតខាងដូចជាស្រឡាញ់ខ្លួនឯងដែរ។ (ម៉ាកុស ១២:២៩-៣១) តើនោះរួមបញ្ចូលអ្នកណាខ្លះ? តើដោយដូចម្ដេចដែលសេចក្ដីស្រឡាញ់ចំពោះអ្នកជិតខាង ជួយយើងរក្សាតុល្យភាពនិងបំណងចិត្តល្អ? សំនួរទាំងនេះនឹងត្រូវយកមកពិគ្រោះក្នុងអត្ថបទជាបន្ទាប់។
តើអ្នកចាំទេ?
• ហេតុអ្វីបានជាសេចក្ដីស្រឡាញ់គឺជាគុណសម្បត្ដិមួយដ៏ចាំបាច់?
• តើតាមរបៀបណាដែលយើងអាចរៀនឲ្យចេះស្រឡាញ់ព្រះយេហូវ៉ា?
• តើតាមរបៀបណាដែលចរិយារបស់យើងបញ្ជាក់ថាយើងស្រឡាញ់ព្រះយេហូវ៉ា?
• តើយើងបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេស៊ូដោយដូចម្ដេច?
[រូបភាពនៅទំព័រ១០, ១១]
សេចក្ដីស្រឡាញ់ជួយយើងឲ្យរង់ចាំ ដោយអត់ធ្មត់ចំពោះការធូរស្បើយ
[រូបភាពនៅទំព័រ១២]
យញ្ញបូជាដ៏ធំរបស់ព្រះយេស៊ូជំរុញយើងឲ្យ ស្រឡាញ់ទ្រង់