ជំពូកទី១១០
លោកយេស៊ូនៅឯវិហារជាលើកចុងក្រោយ
ម៉ាថាយ ២៣:២៥–២៤:២ ម៉ាកុស ១២:៤១–១៣:២ លូកា ២១:១-៦
លោកយេស៊ូបន្តផ្ដន្ទាទោសពួកអ្នកដឹកនាំសាសនា
វិហារនឹងត្រូវបំផ្លាញចោល
ស្ត្រីមេម៉ាយក្រីក្រម្នាក់ដាក់កាក់ពីរ
អំឡុងពេលដែលលោកយេស៊ូនៅវិហារជាលើកចុងក្រោយ លោកបន្តបកអាក្រាតភាពពុតត្បុតរបស់ពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ី។ លោកហៅពួកគេចំៗថាមនុស្សមានពុត។ លោកមានប្រសាសន៍ជាន័យធៀបថា៖ «អ្នករាល់គ្នាលាងពែងនិងលាងចានតែខាងក្រៅប៉ុណ្ណោះ ឯខាងក្នុងវិញពេញទៅដោយរបស់ដែលបានប្លន់ និងភាពហួសហេតុ ផារិស៊ីងងឹតភ្នែកអើយ! ចូរសម្អាតខាងក្នុងពែងនិងចានជាមុនសិន ដើម្បីឲ្យខាងក្រៅបានស្អាតដែរ»។ (ម៉ាថាយ ២៣:២៥, ២៦) ពួកផារិស៊ីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអាការក្រៅ និងភាពស្អាតបរិសុទ្ធរបស់ខ្លួនតាមតម្រូវការច្បាប់ ប៉ុន្តែពួកគេមិនបានយកចិត្តទុកដាក់ធ្វើឲ្យចិត្តរបស់ពួកគេស្អាតបរិសុទ្ធទេ។
បន្ថែមទៀត ភាពពុតត្បុតរបស់ពួកគេបានត្រូវសឲ្យឃើញ ពីព្រោះពួកគេសុខចិត្តធ្វើកន្លែងបញ្ចុះសពសម្រាប់ពួកអ្នកប្រកាសទំនាយ ព្រមទាំងតុបតែងទីកន្លែងនោះ។ ប៉ុន្តែ ដូចអ្វីដែលលោកយេស៊ូមានប្រសាសន៍ ពួកគេគឺជា«កូនរបស់អ្នកដែលបានសម្លាប់ពួកអ្នកប្រកាសទំនាយ»។ (ម៉ាថាយ ២៣:៣១) ពួកគេបង្ហាញថានេះជាការពិតពេលដែលពួកគេព្យាយាមសម្លាប់លោកយេស៊ូ។—យ៉ូហាន ៥:១៨; ៧:១, ២៥
បន្ទាប់មក លោកយេស៊ូបញ្ជាក់អំពីអ្វីដែលនឹងកើតឡើងចំពោះពួកអ្នកដឹកនាំសាសនាទាំងនេះ បើពួកគេមិនព្រមប្រែចិត្តទេ។ លោកមានប្រសាសន៍ថា៖ «ពូជពស់មានពិសអើយ! តើអ្នករាល់គ្នាអាចគេចផុតពីការផ្ដន្ទាទោសឲ្យទៅជ្រលងភ្នំហ៊ីណុំយ៉ាងដូចម្ដេចបាន?»។ (ម៉ាថាយ ២៣:៣៣) ជ្រលងភ្នំហ៊ីណុំគឺជាកន្លែងដុតសំរាម ហើយនេះសំដៅទៅលើការបំផ្លាញចោលជារៀងរហូត។ ដូច្នេះ នេះបញ្ជាក់ថាពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ីដ៏ទុច្ចរិតនឹងទទួលការបំផ្លាញចោលជារៀងរហូត។
ក្រោយមក ពួកអ្នកកាន់តាមលោកយេស៊ូនឹងតំណាងលោកក្នុងនាមជា«ពួកអ្នកប្រកាសទំនាយ ពួកអ្នកប្រាជ្ញ និងពួកគ្រូបង្រៀន»។ ប៉ុន្តែ តើមនុស្សឯទៀតនឹងប្រព្រឹត្តយ៉ាងណាចំពោះពួកគាត់? លោកយេស៊ូមានប្រសាសន៍ទៅកាន់ពួកអ្នកដឹកនាំសាសនាថា៖ «អ្នកនឹងសម្លាប់ពួកគេខ្លះ[អ្នកកាន់តាមខ្ញុំ] ហើយព្យួរលើបង្គោលឈើ ក៏នឹងវាយពួកគេខ្លះទៀតដោយរំពាត់ខ្សែតីនៅក្នុងសាលាប្រជុំ ហើយបៀតបៀនពួកគេពីក្រុងមួយទៅក្រុងមួយ ដើម្បីឲ្យអ្នករាល់គ្នាទទួលទោសចំពោះការកម្ចាយឈាមរបស់មនុស្សសុចរិតទាំងអស់នៅផែនដី តាំងពីឈាមរបស់អេបិលដែលជាមនុស្សសុចរិតនោះ រហូតដល់ឈាមរបស់សាការី . . . ដែលអ្នករាល់គ្នាបានសម្លាប់»។ រួចលោកព្រមានពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ការទាំងអស់នេះនឹងកើតឡើងចំពោះមនុស្សជំនាន់នេះ»។ (ម៉ាថាយ ២៣:៣៤-៣៦) ប្រសាសន៍របស់លោកយេស៊ូពិតជាបានកើតឡើងមែននៅឆ្នាំ៧០ គ.ស. ពេលដែលកងទ័ពរ៉ូមបានបំផ្លាញចោលក្រុងយេរូសាឡិម ហើយបានសម្លាប់ជនជាតិយូដារាប់ពាន់នាក់។
លោកយេស៊ូខ្វល់ចិត្តពេលគិតអំពីស្ថានភាពដ៏អាក្រក់នោះ ហេតុនេះ លោកមានប្រសាសន៍ទាំងទុក្ខព្រួយថា៖ «ក្រុងយេរូសាឡិម ក្រុងយេរូសាឡិមអើយ! គឺនាងហើយដែលបានសម្លាប់ពួកអ្នកប្រកាសទំនាយ ហើយបានគប់ដុំថ្មសម្លាប់អ្នកដែលបានត្រូវចាត់មកឯនាង! ច្រើនដងហើយដែលខ្ញុំចង់ប្រមូលកូនរបស់នាងមក ដូចមេមាន់ក្រុងកូនក្រោមស្លាបវា។ ប៉ុន្តែអ្នករាល់គ្នាមិនព្រមសោះ។ មើល! វិហារនេះនឹងត្រូវបោះបង់ចោល ហើយទុកឲ្យអ្នករាល់គ្នាវិញ»។—ម៉ាថាយ ២៣:៣៧, ៣៨
បន្ទាប់មក លោកយេស៊ូមានប្រសាសន៍បន្ថែមថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះទៅ អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ រហូតដល់អ្នកថា៖ ‹អ្នកដែលមកក្នុងនាមព្រះយេហូវ៉ា មានពរហើយ!›»។ (ម៉ាថាយ ២៣:៣៩) លោកបានដកស្រង់បទទំនាយពីសៀវភៅ ទំនុកតម្កើង ១១៨:២៦ ដែលថា៖ «សូមឲ្យព្រះអង្គ ដែលយាងមកដោយនូវព្រះនាមព្រះយេហូវ៉ា បានប្រកបដោយព្រះពរ យើងខ្ញុំបានសូមឲ្យទ្រង់បានព្រះពរ អំពីដំណាក់នៃព្រះយេហូវ៉ា»។ ប៉ុន្តែ ពេលដែលវិហារនឹងត្រូវបំផ្លាញចោល នោះគ្មាននរណាម្នាក់ទៅឯវិហារនោះជាតំណាងនាមរបស់ព្រះទៀតទេ។
រួចមក លោកយេស៊ូទៅកន្លែងដែលមានប្រដាប់ដាក់កាក់សម្រាប់ឃ្លាំងប្រាក់។ នៅទីនោះលោកយេស៊ូបានឃើញជនជាតិយូដាជាច្រើនកំពុងដាក់កាក់ក្នុងប្រដាប់ទាំងនោះ ហើយលោកឃើញពួកអ្នកមាន«ដាក់កាក់ជាច្រើន»ជាអំណោយ។ បន្ទាប់មក លោកយេស៊ូបានឃើញស្ត្រីមេម៉ាយក្រីក្រម្នាក់ដែលមកដាក់«កាក់ពីរដែលមានតម្លៃតិចណាស់»។ (ម៉ាកុស ១២:៤១, ៤២) ទោះជាយ៉ាងនោះក្ដី លោកយេស៊ូជ្រាបថា ព្រះច្បាស់ជាពេញចិត្តចំពោះអំណោយរបស់ស្ត្រីនោះ។
លោកយេស៊ូហៅពួកអ្នកកាន់តាមមកឯលោក រួចមានប្រសាសន៍ទៅពួកគាត់ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ស្ត្រីមេម៉ាយក្រីក្រមួយរូបនេះ បានដាក់ច្រើនជាងពួកគេទាំងអស់ដែលមកដាក់ក្នុងប្រដាប់ដាក់កាក់»។ ហេតុអ្វីលោកមានប្រសាសន៍ដូច្នេះ? លោកពន្យល់ថា៖ «ពួកគេបានដាក់ប្រាក់សំណល់របស់ខ្លួន ប៉ុន្តែចំណែកនាងវិញ ពិតមែនតែនាងខ្វះខាត តែនាងដាក់ប្រាក់ទាំងអស់ គឺអ្វីៗទាំងអស់ដែលនាងមានសម្រាប់ចិញ្ចឹមជីវិត»។ (ម៉ាកុស ១២:៤៣, ៤៤) នាងពិតជាមានចិត្តគំនិតនិងការប្រព្រឹត្តខុសពីពួកអ្នកដឹកនាំសាសនាមែន!
ក្រោយមក នៅថ្ងៃទី១១ ខែណែសានដដែលនោះ លោកយេស៊ូចាកចេញពីវិហារ ហើយលោកមិនត្រឡប់មកម្ដងទៀតឡើយ។ នៅពេលនោះ អ្នកកាន់តាមម្នាក់របស់លោកបាននិយាយថា៖ «លោកគ្រូ! មើលថ្មទាំងនេះ និងសំណង់ទាំងនេះ!»។ (ម៉ាកុស ១៣:១) ថ្មមួយចំនួននៃជញ្ជាំងវិហារពិតជាធំណាស់ ហើយតាមមើលទៅសំណង់វិហារនោះគឺរឹងមាំនិងអាចនៅជាប់ជាយូរអង្វែងបាន។ ប៉ុន្តែ ពួកអ្នកកាន់តាមប្រហែលជាងឿងឆ្ងល់ពេលដែលលោកយេស៊ូមានប្រសាសន៍ថា៖ «តើអ្នកឃើញសំណង់ដ៏អស្ចារ្យទាំងនេះឬទេ? ថ្មទាំងអស់នៅទីនេះនឹងត្រូវទម្លាក់ដល់ដី ហើយនឹងគ្មានថ្មណានៅត្រួតលើថ្មណាទៀតឡើយ»។—ម៉ាកុស ១៣:២
បន្ទាប់ពីមានប្រសាសន៍អ្វីទាំងនោះរួចហើយ លោកយេស៊ូនិងពួកសាវ័កធ្វើដំណើរឆ្លងជ្រលងគីដ្រុន ហើយឡើងទៅលើភ្នំដើមអូលីវ។ នៅពេលមួយលោកនៅដោយឡែកជាមួយនឹងសាវ័កបួននាក់របស់លោកគឺ ពេត្រុស អនទ្រេ យ៉ាកុប និងយ៉ូហាននៅលើភ្នំដើមអូលីវ។ ពីលើភ្នំនោះពួកគាត់អាចមើលឃើញវិហារដ៏អស្ចារ្យនៅក្រុងយេរូសាឡិម។