សូមគាំទ្របន្ទូលរបស់ព្រះដោយស្មោះត្រង់
«យើងខ្ញុំលះចោលអស់ទាំងការលាក់កំបាំងដែលគួរខ្មាស ឥតប្រព្រឹត្តដោយឧបាយកល ឬបំប្លែងព្រះបន្ទូលឡើយ»។—កូរិនថូសទី២ ៤:២
១. (ក) តើអ្វីដែលត្រូវការដើម្បីសម្រេចកិច្ចការដែលបានចែងមកក្នុងម៉ាថាយ ២៤:១៤ និង ២៨:១៩, ២០? (ខ) តើដល់ទំហំណាដែលព្រះគម្ពីរមានក្នុងភាសានៃមនុស្ស ពេលដែលថ្ងៃជាន់ក្រោយបង្អស់ចាប់ផ្ដើមឡើង?
ក្នុងទំនាយដ៏ធំរបស់ទ្រង់ដែលស្តីអំពីគ្រានៃវត្តមានរបស់ទ្រង់ និងអំពីគ្រាចុងបញ្ចប់នៃរបបលោកីយ៍ ព្រះយេស៊ូគ្រីស្ទបានទាយប្រាប់ថា៖ «ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»។ ទ្រង់ក៏មានបន្ទូលប្រាប់ពួកអ្នកកាន់តាមទ្រង់ទៀតថា៖ «ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ . . . ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង»។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០) សេចក្ដីសម្រេចនៃទំនាយទាំងនោះ ក៏ទាក់ទងនឹងការបកប្រែនិងបោះពុម្ពនៃព្រះគម្ពីរជាច្រើន ក្នុងការបង្រៀនមនុស្សអំពីអត្ថន័យនេះ ហើយក្នុងការជួយគេឲ្យអនុវត្តតាមក្នុងជីវិតរបស់គេ។ នេះជាឯកសិទ្ធិដ៏ល្អមែនដោយបានចូលរួមក្នុងសកម្មភាពបែបនេះ! ដល់ឆ្នាំ១៩១៤ ព្រះគម្ពីរឬមួយចំណែកខ្លះ បានត្រូវបោះពុម្ពក្នុង៥៧០ភាសារួចជាស្រេចទៅហើយ។ ប៉ុន្តែ តាំងពីពេលនោះមក មានភាសារាប់រយនិងគ្រាមភាសាច្រើនទៀត ដែលបានបន្ថែមចូល ហើយក្នុងភាសាភាគច្រើនមានសេចក្ដីបកប្រែលើសជាងមួយ។a
២. តើបំណងផ្សេងៗយ៉ាងណា ដែលមានអនុភាពលើកិច្ចការនៃពួកអ្នកបកប្រែនិងពួកអ្នកបោះពុម្ពព្រះគម្ពីរ?
២ នេះជាកិច្ចការដ៏ពិបាកចំពោះអ្នកបកប្រែណាមួយ ក្នុងការយកពត៌មានក្នុងភាសាមួយ ហើយធ្វើយ៉ាងណាឲ្យមនុស្សអានហើយយល់ក្នុងភាសាមួយទៀត។ ពួកអ្នកបកប្រែព្រះគម្ពីរខ្លះបានធ្វើកិច្ចការរបស់គេ ដោយដឹងថាអ្វីដែលគេកំពុងបកប្រែជាបន្ទូលរបស់ព្រះ។ អ្នកខ្លះទៀត ប្រហែលគ្រាន់តែមានចិត្តអស្ចារ្យ និងភាពពិបាកនៃការសិក្សាចំពោះការងារនេះ។ ពួកគេប្រហែលចាត់ទុកថាបញ្ជីរឿងនៃព្រះគម្ពីរ គឺគ្រាន់តែជាមរតកនៃវប្បធម៌ដ៏មានតម្លៃប៉ុណ្ណោះ។ ចំពោះអ្នកឯទៀត សាសនាគឺជាកិច្ចធុរៈ ហើយបោះពុម្ពសៀវភៅដែលមានឈ្មោះរបស់គេជាអ្នកបកប្រែ ឬជាអ្នកបោះពុម្ពផ្សាយ គឺជាផ្នែកនៃការចិញ្ចឹមជីវិត។ យ៉ាងជាក់ស្តែងណាស់ បំណងចិត្តរបស់អ្នកបកប្រែ គឺមានអនុភាពលើកិច្ចការរបស់គេ។
៣. តើគណៈកម្មាធិការនៃសេចក្ដីបកប្រែព្រះគម្ពីរពិភពលោកថ្មី ចាត់ទុកកិច្ចការរបស់គេយ៉ាងដូចម្ដេច?
៣ អ្វីដែលគួរឲ្យកត់សម្គាល់ គឺសេចក្ដីដែលបានថ្លែងដោយគណៈកម្មាធិការនៃសេចក្ដីបកប្រែព្រះគម្ពីរពិភពលោកថ្មី៖ «ការបកប្រែព្រះគម្ពីរបរិសុទ្ធ មានន័យថា បកប្រែជាភាសាមួយទៀត អំពីគំនិតនិងបន្ទូលនៃព្រះយេហូវ៉ា . . . នេះជាការដ៏គួរឲ្យពិបាកមួយ។ ពួកអ្នកបកប្រែនៃការងារនេះ ដែលកោតខ្លាចហើយស្រឡាញ់ព្រះ ដែលជាអ្នកនិពន្ធនៃព្រះគម្ពីរបរិសុទ្ធ មានភារកិច្ចដ៏ពិសេសចំពោះទ្រង់ ក្នុងការបញ្ចូលគំនិតរបស់ទ្រង់និងសេចក្ដីថ្លែងឲ្យបានត្រឹមត្រូវ ដែលអាចធ្វើទៅបាន។ គេក៏មានភារកិច្ចចំពោះពួកអ្នកអានដែរ ដែលស្វែងរកហើយពឹងពាក់លើការបកប្រែនៃបន្ទូលរបស់ព្រះដ៏ខ្ពស់បំផុត សំរាប់សេចក្ដីសង្គ្រោះដ៏អស់កល្បជានិច្ចរបស់គេ។ គឺដោយមានភារកិច្ចដ៏ឧឡារិកនេះហើយ ដែលក្រោយឆ្នាំមក ដែលគណៈកម្មាធិការនៃពួកបុរសដែលថ្វាយខ្លួននេះ បានបកប្រែ សេចក្ដីបកប្រែព្រះគម្ពីរបរិសុទ្ធនៃពិភពលោកថ្មី»។ គោលដៅនៃគណៈកម្មាធិការ គឺដើម្បីឲ្យមានសេចក្ដីបកប្រែនៃព្រះគម្ពីរ ដែលច្បាស់ហើយយល់ ដែលកាន់តាមយ៉ាងផ្ចិតផ្ចង់ដល់ភាសាដើម គឺហេព្រើរនិងក្រិក ដែលផ្ដល់គ្រឹះចំពោះការលូតលាស់នៃចំណេះត្រឹមត្រូវ។
តើមានអ្វីបានកើតឡើងដល់ព្រះនាមរបស់ព្រះ?
៤. តើព្រះនាមនៃព្រះក្នុងព្រះគម្ពីរមានសារៈសំខាន់យ៉ាងដូចម្ដេច?
៤ គោលដៅដ៏សំខាន់មួយនៃព្រះគម្ពីរ គឺដើម្បីជួយមនុស្សឲ្យស្គាល់ព្រះដ៏ពិត។ (និក្ខមនំ ២០:២-៧; ៣៤:១-៧; អេសាយ ៥២:៦) ព្រះយេស៊ូគ្រីស្ទបានបង្រៀនពួកអ្នកកាន់តាមទ្រង់ឲ្យអធិស្ឋានសុំឲ្យព្រះនាមនៃព្រះវរបិតាទ្រង់«បានបរិសុទ្ធ» ឲ្យចាត់ទុកជាពិសិដ្ឋ។ (ម៉ាថាយ ៦:៩) ព្រះបានដាក់ព្រះនាមទ្រង់ក្នុងព្រះគម្ពីរជាង៧.០០០ដង។ ទ្រង់ចង់ឲ្យមនុស្សស្គាល់ព្រះនាម ហើយគុណសម្បត្ដិទាំងឡាយនៃព្រះអង្គដែលមានព្រះនាមនោះ។—ម៉ាឡាគី ១:១១
៥. តើតាមរបៀបណាដែលពួកអ្នកបកប្រែផ្សេងគ្នា បង្ហាញព្រះនាមនៃព្រះ?
៥ ពួកអ្នកបកប្រែព្រះគម្ពីរជាច្រើនបានបង្ហាញការគោរពដ៏ស្មោះចំពោះព្រះនាមនៃព្រះ ហើយបានប្រើដោយឥតផ្លាស់ប្ដូរក្នុងការបកប្រែរបស់គេ។ ពួកអ្នកបកប្រែខ្លះចូលចិត្តប្រើ យ៉ាវ៉េ។ អ្នកដទៃទៀតបានសម្រេចចិត្តយកព្រះនាមរបស់ព្រះ ដែលមានក្នុងភាសារបស់គេ កាលដែលសម្គាល់យ៉ាងច្បាស់នូវអ្វីដែលមានក្នុងបទគម្ពីរភាសាហេព្រើរ ប្រហែលជាព្រះនាមដែលនិយមប្រើជាយូរយារមកហើយ។ សេចក្ដីបកប្រែព្រះគម្ពីរនៃពិភពលោកថ្មី បានប្រើព្រះនាម យេហូវ៉ា ៧.២១០ដងក្នុងព្រះគម្ពីរ។
៦. (ក) ក្នុងឆ្នាំថ្មីៗនេះ តើពួកអ្នកបកប្រែបានធ្វើអ្វីខ្លះស្តីអំពីព្រះនាមនៃព្រះ? (ខ) តើនេះមានការរាលដាលយ៉ាងដូចម្ដេច?
៦ ក្នុងឆ្នាំថ្មីៗនេះ ពួកអ្នកបកប្រែព្រះគម្ពីរបានទុកឈ្មោះនៃព្រះពាហិរជន ដូចជាព្រះបាលនិងព្រះម៉ូឡុក ហើយគេបានដកព្រះនាមនៃព្រះពិត ពីសេចក្ដីបកប្រែនៃបន្ទូលរបស់ទ្រង់ ដោយមានល្បឿនយ៉ាងលឿន។ (និក្ខមនំ ៣:១៥; យេរេមា ៣២:៣៥) ក្នុងវគ្គដូចជាម៉ាថាយ ៦:៩ និងយ៉ូហាន ១៧:៦, ២៦ សេចក្ដីបកប្រែព្រះគម្ពីរភាសាអាល់បានីដែលបានចែកចាយពាសពេញ បកប្រែពាក្យភាសាក្រិកសំរាប់ «ព្រះនាមនៃទ្រង់» (នោះគឺ ព្រះនាមនៃព្រះ) ជា«ទ្រង់» ហាក់ដូចជាវគ្គនោះមិនបានថ្លែងអំពីព្រះនាមអញ្ចឹង។ សេចក្ដីបកប្រែព្រះគម្ពីរអង់គ្លេសសំរាប់សព្វថ្ងៃនេះ នៅទំនុកដំកើង ៨៣:១៨ លុបចោលព្រះនាមរបស់ទ្រង់ និងឯកសារយោងណាទៀតដែលសំដៅទៅព្រះមានព្រះនាមនោះ។ ទោះជាព្រះនាមនៃព្រះមានក្នុងសេចក្ដីបកប្រែចាស់ជាច្រើននៃបទគម្ពីរហេព្រើរក៏ដោយ តែសេចក្ដីបកប្រែថ្មីតែងលប់ចោល ឬក៏ដាក់ទៅកន្លែងមិនសំខាន់។ នេះគឺបានកើតឡើងក្នុងភាសាអង់គ្លេស ព្រមទាំងក្នុងភាសាច្រើនទៀតនៃទ្វីបអឺរ៉ុប អាហ្វ្រិក អាមេរិកខាងត្បូង ប្រទេសឥណ្ឌា និងកោះទាំងឡាយនៃប៉ាស៊ីហ្វិក។
៧. (ក) តើពួកអ្នកបកប្រែខ្លះនៃព្រះគម្ពីរអាហ្វ្រិក ប្រព្រឹត្តលើព្រះនាមនៃព្រះយ៉ាងដូចម្ដេច? (ខ) តើអ្នកមានអារម្មណ៍យ៉ាងណាដែរអំពីរឿងនេះ?
៧ ពួកអ្នកបកប្រែនៃព្រះគម្ពីរជាភាសាអាហ្វ្រិកខ្លះៗ គឺបានឈានមួយជំហានទៅមុខទៀត។ ជាជាងគ្រាន់តែផ្លាស់ព្រះនាមនៃព្រះ ដោយឋានន្តរពីព្រះគម្ពីរ ដូចជា ព្រះ ឬក៏ព្រះអម្ចាស់ ពួកគេបានបញ្ចូលឈ្មោះពីជំនឿសាសនាក្នុងតំបន់នោះ។ ក្នុង សញ្ញាថ្មីនិងទំនុកដំកើង ជាភាសា ហ្សូលូ (សេចក្ដីបកប្រែឆ្នាំ១៩៨៦) ឋានន្តរព្រះ (ឃូឡាំងឃូលូ) បានត្រូវប្រើដោយប្ដូរគ្នាជាមួយនឹងឈ្មោះផ្ទាល់ (ម៉ាវីលីនាហ្គី) ដែលពួកហ្សូលូយល់ថា នេះសំដៅទៅ ‹ជីដូនជីតាដ៏ឧត្តមដែលបានត្រូវថ្វាយបង្គំដោយជីដូនជីតាមនុស្ស›។ អត្ថបទមួយក្នុងទស្សនាវដ្ដី អ្នកបកប្រែព្រះគម្ពីរ នៃខែតុលា១៩៩២ បានរាយការណ៍ថា ក្នុងការរៀបចំព្រះគម្ពីរឆីកាវ៉ា ដែលនឹងត្រូវហៅថា ប៊ូឃូ ឡូយឺរ៉ា ពួកអ្នកបកប្រែបានប្រើឈ្មោះឈុត្ដា ជាឈ្មោះផ្ទាល់មកជំនួសព្រះនាមយេហូវ៉ា។ អត្ថបទនោះពន្យល់ថា ឈ្មោះឈុត្ដា គឺជា«ព្រះដែលគេបានស្គាល់និងបានថ្វាយបង្គំជាយូរយារមកហើយ»។ ប៉ុន្តែ មនុស្សជាច្រើនទាំងនេះក៏ថ្វាយបង្គំវិញ្ញាណនៃមនុស្សស្លាប់ដែរ។ តើជាការពិតទេ ដែលថាបើមនុស្សអធិស្ឋានដល់«ព្រះដ៏ឧត្តម» ហើយរួចមក ឈ្មោះអ្វីក៏ដោយដែលគេប្រើសំរាប់«ព្រះដ៏ឧត្តម»នោះ គឺស្មើគ្នានឹងព្រះនាមនៃព្រះយេហូវ៉ាផ្ទាល់ មិនថាគេថ្វាយបង្គំអ្វីក៏ដោយនោះ? គឺប្រាកដជាមិនដូច្នេះទេ! (អេសាយ ៤២:៨; កូរិនថូសទី១ ១០:២០) ការដកព្រះនាមនៃព្រះផ្ទាល់ចេញ ហើយដាក់ឈ្មោះអ្វីមួយដែលមនុស្សគិតថាជំនឿតាមទំនៀមទម្លាប់របស់គេជាអ្វីដ៏ពិតនោះ មិនជួយគេឲ្យចូលទៅជិតនៃព្រះដ៏ពិតបានឡើយ។
៨. ហេតុអ្វីក៏គោលបំណងរបស់ព្រះ ដើម្បីឲ្យព្រះនាមរបស់ទ្រង់បានឮសុសសាយមិនបានត្រូវរំខាន?
៨ ការធ្វើទាំងនេះមិនបានកែប្រែឬរំខានដល់គោលបំណងរបស់ព្រះយេហូវ៉ា ក្នុងការធ្វើឲ្យព្រះនាមទ្រង់បានឮសុសសាយនោះទេ។ ក្នុងភាសាទាំងឡាយនៃទ្វីបអឺរ៉ុប អាមេរិក និងអាស៊ី និងកោះទាំងឡាយ គឺនៅមានការចែកចាយព្រះគម្ពីរជាច្រើនដែលមានព្រះនាមនៃព្រះ។ ហើយក៏មានស្មរបន្ទាល់ព្រះយេហូវ៉ាដល់៥.៤០០.០០០នាក់ ក្នុង២៣៣ប្រទេសនិងតំបន់ ដែលជាក្រុម គឺថ្វាយជាងមួយរយកោដិម៉ោងក្នុងមួយឆ្នាំ ក្នុងការប្រាប់អ្នកដទៃអំពីព្រះនាមនិងគោលបំណងនៃព្រះពិត។ ពួកគេបោះពុម្ពនិងចែកចាយព្រះគម្ពីរ—ដែលមានព្រះនាមនៃព្រះ—ក្នុងភាសាដែលមាន៣.៦០០.០០០.០០០នាក់នៃប្រជាជនលើផែនដី រួមបញ្ចូលភាសាអង់គ្លេស ចិន រុស្ស៊ី អេស្ប៉ាញ ព័រទុយហ្គេល បារាំង និងភាសាហុលឡង់ដេ។ ពួកគេក៏បោះពុម្ពឧបករណ៍នៃការសិក្សាព្រះគម្ពីរក្នុងភាសា ដែលល្បីល្បាញដល់ប្រជាជន។ មិនយូរប៉ុន្មានទៀត ព្រះទ្រង់នឹងចាត់វិធានការដើម្បីបំពេញដោយឥតរួញរា នូវសេចក្ដីប្រកាសដែលថាសាសន៍ទាំងឡាយ«នឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត»។—អេសេគាល ៣៨:២៣
ពេលដែលជំនឿផ្ទាល់ខ្លួនបង្កើតសេចក្ដីបកប្រែ
៩. តើតាមរបៀបណាដែលព្រះគម្ពីរបង្ហាញនូវភារកិច្ចដ៏ធ្ងន់ធ្ងរលើពួកអ្នកដែលបកប្រែ និងបង្រៀនអំពីបន្ទូលនៃទ្រង់នោះ?
៩ ភារកិច្ចដ៏ធ្ងន់ធ្ងរមួយគឺមានលើពួកអ្នកដែលបកប្រែ និងពួកអ្នកដែលបង្រៀនបន្ទូលនៃព្រះ។ សាវ័កប៉ុលមានប្រសាសន៍អំពីកិច្ចបំរើរបស់លោក និងអំពីពួកគូកនលោកថា៖ «យើងខ្ញុំលះចោលអស់ទាំងការលាក់កំបាំងដែលគួរខ្មាស ឥតប្រព្រឹត្តដោយឧបាយកល ឬបំប្លែងព្រះបន្ទូលឡើយ គឺយើងខ្ញុំផ្ទុកផ្ដាក់ខ្លួន នឹងបញ្ញាចិត្តរបស់មនុស្សទាំងអស់ នៅចំពោះព្រះ ដោយសំដែងសេចក្ដីពិតវិញ»។ (កូរិនថូសទី២ ៤:២) ការបំប្លែងបន្ទូលនៃព្រះ មានន័យថាធ្វើឲ្យខូច ដោយលាយចូលអ្វីពីក្រៅឬអន់ទាបជាង។ សាវ័កប៉ុលមិនមែនដូចពួកអ្នកគង្វាលដ៏ឥតស្មោះត្រង់នៃអ៊ីស្រាអែលក្នុងសម័យលោកយេរេមាទេ ដែលព្រះយេហូវ៉ាបានបន្ទោសគេ ពីព្រោះគេបានផ្សាយប្រកាសតាមគំនិតរបស់គេ ជាជាងអ្វីដែលព្រះបានមានបន្ទូលមក។ (យេរេមា ២៣:១៦, ២២) ប៉ុន្តែ តើមានអ្វីកើតឡើងក្នុងសម័យថ្មីនេះ?
១០. (ក) តើតាមរបៀបណាដែលបំណងចិត្ត មិនគ្រាន់តែភាពស្មោះត្រង់ដល់ព្រះ ដែលបានមានឥទ្ធិពលលើពួកអ្នកបកប្រែខ្លះក្នុងសម័យថ្មីនេះ? (ខ) តើមុខនាទីអ្វីដែលគេបានទទួលបន្ទុកដោយឥតត្រឹមត្រូវ?
១០ ក្នុងកំឡុងសង្គ្រាមលោកលើកទី២ គណៈកម្មាធិការនៃពួកទស្សនវិទូ និងបព្វជិត បានរួមដៃជាមួយរដ្ឋាភិបាលណាត្សីនៅប្រទេសអាល្លឺម៉ង់ ដើម្បីបង្កើតកំណែនៃ«សញ្ញាថ្មី» ដែលបានលុបចោលឯកសារដ៏វិជ្ជមានដល់ពួកយូដា និងសេចក្ដីបញ្ជាក់ជាច្រើននៃជីដូនជីតាជាតិយូដា នៃព្រះយេស៊ូគ្រីស្ទ។ ពេលថ្មីៗនេះទៀត ពួកអ្នកបកប្រែ សញ្ញាថ្មីនិងទំនុកដំកើង៖ សេចក្ដីបកប្រែដ៏ពិស្ដារ បានទោរទន់ទៅទិសផ្សេង ដោយខំកំចាត់ចេញសេចក្ដីបញ្ជាក់ដែលថា ពួកយូដាមានភារកិច្ចជាប់នឹងការសោយទិវង្គតនៃព្រះគ្រីស្ទ។ ពួកអ្នកបកប្រែទាំងនោះ បានគិតថា ពួកអ្នកអានដែលជាភេទស្រីនឹងសប្បាយចិត្ត បើព្រះបានត្រូវហៅជាព្រះវរបិតា-ព្រះមាតា មិនគ្រាន់តែជាព្រះវរបិតាទេ ហើយព្រះយេស៊ូបានត្រូវហៅជា កូនរបស់ទ្រង់ មិនគ្រាន់តែបុត្ររបស់ព្រះ។ (ម៉ាថាយ ១១:២៧) កាលដែលគេកំពុងតែធ្វើនេះ គេក៏បានដកចេញគោលការណ៍នៃការចុះចូលនៃប្រពន្ធដល់ប្ដី និងការគោរពនៃកូនចៅដល់ឪពុកម្ដាយ។ (កូល៉ុស ៣:១៨, ២០) យ៉ាងច្បាស់ណាស់ ពួកអ្នកបកប្រែទាំងនោះ មិនមានសេចក្ដីប្ដេជ្ញាដូចសាវ័កប៉ុលទេ ក្នុងការមិន‹បំប្លែងបន្ទូលនៃព្រះ›។ ពួកគេបានភ្លេចមុខនាទីនៃអ្នកបកប្រែ ហើយធ្វើជាឋានៈនៃអ្នកនិពន្ធ ដោយផលិតសៀវភៅដែលបានប្រើកេរ្ដិ៍ឈ្មោះនៃព្រះគម្ពីរ ជារបៀបផ្សព្វផ្សាយគំនិតរបស់គេ។
១១. តើសេចក្ដីបង្រៀនរបស់ពិភពគ្រីស្ទសាសនា ប្រឆាំងគ្នាយ៉ាងដូចម្ដេច ចំពោះអ្វីដែលព្រះគម្ពីរចែងអំពីព្រលឹងនិងសេចក្ដីស្លាប់នោះ?
១១ ពួកនិកាយនៃពិភពគ្រីស្ទសាសនា ជាទូទៅ បង្រៀនថា ព្រលឹងមនុស្សគឺជាវិញ្ញាណ ថាវាចេញពីរូបកាយពេលស្លាប់ ហើយថាវាជាអមតៈ។ ផ្ទុយទៅវិញ សេចក្ដីបកប្រែព្រះគម្ពីរចាស់បានថ្លែងយ៉ាងច្បាស់លាស់ថា មនុស្សគឺជាព្រលឹង ថា សត្វក៏ជាព្រលឹង ហើយថាព្រលឹងចេះស្លាប់។ (លោកុប្បត្តិ ១២:៥; ៣៦:៦; ជនគណនា ៣១:២៨; យ៉ាកុប ៥:២០) នេះបានធ្វើឲ្យពួកបព្វជិតអាម៉ាស់មុខណាស់។
១២. តាមរបៀបណាដែលសេចក្ដីបកប្រែព្រះគម្ពីរខ្លះ ធ្វើឲ្យស្រអាប់ដល់សេចក្ដីពិតព្រះគម្ពីរ?
១២ ឥឡូវនេះ មានសេចក្ដីបកប្រែថ្មីដែលធ្វើឲ្យស្រអាប់ដល់សេចក្ដីពិតទាំងនេះ។ តើយ៉ាងដូចម្ដេច? ក្នុងវគ្គខ្លះ ពួកគេជៀសវាងការបកប្រែចំៗ នៃពាក្យនីប៉ែស (neʹphesh) (ព្រលឹង) ដែលជានាមស័ព្ទនៃភាសាហេព្រើរ។ នៅលោកុប្បត្តិ ២:៧ គេអាចនិយាយថា បុរសទីមួយ«ចាប់ផ្ដើមរស់នៅ» (ជាជាង«បានក្លាយទៅជាព្រលឹងរស់»)។ ឬគេអាចសំដៅទៅ«សត្វ» ជាជាង«ព្រលឹង» ក្នុងករណីនៃជីវិតសត្វ។ (លោកុប្បត្តិ ១:២១) ក្នុងបទគម្ពីរបែបនេះ ដូចអេសេគាល ១៨:៤, ២០ គេសំដៅទៅ«មនុស្ស» ឬ «បុគ្គល» (ជាជាង«ព្រលឹង») ដែលស្លាប់នោះ។ ប្រហែលការបកប្រែបែបនេះ គឺមានយុត្ដិកម្មដល់ពួកអ្នកបកប្រែ។ ប៉ុន្តែ តើគេបានជួយយ៉ាងណា ដល់ពួកអ្នកស្វែងរកសេចក្ដីពិតដ៏ស្មោះ ដែលគំនិតរបស់គេបានអប់រំដោយសេចក្ដីបង្រៀនដ៏ឥតមានមូលដ្ឋានលើព្រះគម្ពីរនៃពិភពគ្រីស្ទសាសនានោះ?b
១៣. តាមរយៈណាដែលសេចក្ដីបកប្រែព្រះគម្ពីរខ្លះ លប់ចោលគោលបំណងរបស់ព្រះចំពោះផែនដី?
១៣ ក្នុងការខំប្រឹងគាំទ្រជំនឿរបស់គេ ថាមនុស្សល្អទាំងអស់ឡើងទៅស្ថានសួគ៌ ពួកអ្នកបកប្រែ—ឬពួកទស្សនវិទូដែលបានសើរើកិច្ចការរបស់គេ—ក៏ប្រហែលជាខំលាក់អ្វីដែលព្រះគម្ពីរថ្លែងអំពីគោលបំណងនៃព្រះចំពោះផែនដីនេះដែរ។ នៅទំនុកដំកើង ៣៧:១១ សេចក្ដីបកប្រែព្រះគម្ពីរមួយចំនួន អានថា ពួកមនុស្សរាបសានឹងមាន«ស្រុក»។ «ស្រុក» គឺជាការបកប្រែនៃពាក្យអេរ៉ីត (ʼeʹrets) បានត្រូវប្រើក្នុងបទគម្ពីរហេព្រើរ។ ប៉ុន្តែ សេចក្ដីបកប្រែព្រះគម្ពីរអង់គ្លេសសំរាប់សព្វថ្ងៃនេះ (ដែលជាគ្រឹះសំរាប់សេចក្ដីបកប្រែក្នុងភាសាជាច្រើនឯទៀត) ក៏បានផ្លាស់ប្ដូរយ៉ាងច្រើនទៀត។ ទោះជាសេចក្ដីបកប្រែព្រះគម្ពីរនេះ ឲ្យន័យពាក្យក្រិក ហ្គេ ជា«ផែនដី»១៧ដងក្នុងសិក្ខាបទនៃម៉ាថាយ តែនៅម៉ាថាយ ៥:៥ គឺបានប្ដូរពាក្យ«ផែនដី» ជាមួយនឹងឃ្លា«នូវអ្វីដែលព្រះបានសន្យាមក»។ ជាធម្មតា ពួកសមាជិក គឺគិតអំពីស្ថានសួគ៌។ គេមិនបានត្រូវប្រាប់ឲ្យទៀងត្រង់ ថាក្នុងធម្មទាននៅលើភ្នំ ព្រះយេស៊ូគ្រីស្ទ បានមានបន្ទូលថា ពួកស្លូត រាបទាប ឬរាបសានឹង«ទទួលផែនដីជាមរតក»។
១៤. តើការជំរុញដ៏កំណាញ់អ្វីដែលឃើញច្បាស់ក្នុងសេចក្ដីបកប្រែព្រះគម្ពីរខ្លះ?
១៤ សេចក្ដីបកប្រែនៃព្រះគម្ពីរខ្លះ គឺបានតែងមកដោយមានបំណងដើម្បីជួយអ្នកផ្សាយបានប្រាក់ខែច្រើន។ ជាការពិត ដែលព្រះគម្ពីរចែងថា៖ «ជើងឈ្នួល គួរឲ្យបានប្រាក់ឈ្នួលខ្លួន»។ (ធីម៉ូថេទី១ ៥:១៨) ប៉ុន្តែនៅធីម៉ូថេទី១ ៥:១៧ កន្លែងដែលចែងថា ពួកបុរសចាស់ដែលចាត់ចែងតាមរបៀបដ៏ល្អ ត្រូវ«រាប់ជាគួរនឹងគោរពប្រតិបត្ដិជាទ្វេគុណ» ចំពោះពួកខ្លះ ការគោរពដែលសមនិយាយ នោះគឺខាងប្រាក់កាសតែប៉ុណ្ណោះ។ (ប្រៀបធៀប ពេត្រុសទី១ ៥:២) ដូច្នេះ សេចក្ដីបកប្រែព្រះគម្ពីរថ្មី ចែងថាពួកចាស់ទុំទាំងនេះ «ត្រូវតែរាប់ជាសមទទួលប្រាក់ខែទ្វេគុណ» ហើយ សេចក្ដីបកប្រែព្រះគម្ពីរសហកាល ចែងថាគេ«សមទទួលប្រាក់ខែមួយជាពីរ»។
គាំទ្រដោយស្មោះត្រង់ដល់បន្ទូលនៃព្រះ
១៥. តើតាមរបៀបណាដែលយើងប្ដេជ្ញា ដើម្បីប្រើសេចក្ដីបកប្រែព្រះគម្ពីរមួយណានោះ?
១៥ តើនេះមានន័យយ៉ាងណាចំពោះមនុស្សដែលអានព្រះគម្ពីរ ហើយចំពោះអ្នកដែលប្រើព្រះគម្ពីរដើម្បីបង្រៀនអ្នកដទៃនោះ? ក្នុងភាសាដែលគេនិយមប្រើជាច្រើន គឺមានសេចក្ដីបកប្រែព្រះគម្ពីរច្រើនជាងមួយ ដែលគេអាចយកមកប្រើ។ សូមបង្ហាញការយោគយល់ក្នុងការជ្រើសរើសព្រះគម្ពីរដែលអ្នកប្រើ។ (សុភាសិត ១៩:៨) ប្រសិនបើសេចក្ដីបកប្រែព្រះគម្ពីរ គឺមិនទៀងត្រង់អំពីអត្តសញ្ញាណនៃព្រះទ្រង់ផ្ទាល់—ដោយដកព្រះនាមទ្រង់ចេញពីព្រះគម្ពីរ—នោះប្រហែលជាអ្នកបកប្រែបានធ្វើអុកឡុកនឹងភាគខ្លះនៃបទគម្ពីរឬ? នៅពេលដែលមានសង្ស័យអំពីសុពលភាពនៃសេចក្ដីបកប្រែណាមួយ សូមខំយកមកប្រៀបធៀបនឹងសេចក្ដីបកប្រែព្រះគម្ពីរចាស់ចុះ។ ប្រសិនបើអ្នកជាគ្រូនៃបន្ទូលរបស់ព្រះ សូមប្រើសេចក្ដីបកប្រែណាដែលកាន់ខ្ជាប់ដល់អ្វី ដែលចេញពីបទគម្ពីរហេព្រើរនិងក្រិកពីដើម។
១៦. តើយើងម្នាក់ៗអាចបង្ហាញសេចក្ដីស្មោះត្រង់ ក្នុងការប្រើនៃបន្ទូលព្រះយ៉ាងដូចម្ដេច?
១៦ ជាបុគ្គលម្នាក់ៗ យើងគ្រប់គ្នាត្រូវមានចិត្តស្មោះត្រង់ដល់បន្ទូលនៃព្រះ។ យើងធ្វើនេះ ដោយមើលថែរក្សាអំពីអ្វីដែលមានក្នុងនោះ ដើម្បីឲ្យយើងអាចចំណាយពេលរៀងរាល់ថ្ងៃអានព្រះគម្ពីរ។ (ទំនុកដំកើង ១:១-៣) យើងប្រព្រឹត្តយ៉ាងដូច្នេះ ដោយប្រព្រឹត្តតាមយ៉ាងពេញលេញក្នុងជីវិតរបស់យើង នូវអ្វីដែលព្រះគម្ពីរចែងមក ដោយរៀនប្រើគោលការណ៍និងឧទាហរណ៍ ជាមូលដ្ឋានសំរាប់ការធ្វើសេចក្ដីសម្រេចចិត្តឲ្យបានល្អ។ (រ៉ូម ១២:២; ហេព្រើរ ៥:១៤) យើងបង្ហាញថាយើងគាំទ្រដ៏ស្មោះត្រង់ ដោយផ្សាយប្រកាសដ៏ខ្នះខ្នែងដល់អ្នកដទៃ។ យើងក៏ធ្វើជាគ្រូ ដោយប្រើព្រះគម្ពីរយ៉ាងប្រយ័ត្នប្រយែង មិនពន្លើសនូវអ្វីដែលព្រះគម្ពីរចែង ដើម្បីឲ្យសមនឹងគំនិតរបស់យើងឡើយ។ (ធីម៉ូថេទី២ ២:១៥) ចំពោះអ្វីដែលព្រះយេហូវ៉ាបានទាយប្រាប់ នោះនឹងសម្រេចជាមិនខាន។ ទ្រង់មានព្រះទ័យស្មោះត្រង់ក្នុងការសម្រេចបន្ទូលរបស់ទ្រង់។ សូមឲ្យយើងមានចិត្តស្មោះត្រង់ក្នុងការគាំទ្រព្រះគម្ពីរដែរ។
[កំណត់សម្គាល់]
a សមាគមគម្ពីរសកលក្នុងឆ្នាំ១៩៩៧ បានកត់ចុះ២១៦៧ភាសា និងគ្រាមភាសា ដែលព្រះគម្ពីរទាំងមូលឬក៏ជាចំណែកខ្លះបានត្រូវបោះពុម្ព។ ចំនួននេះបានរួមគ្រាមភាសាជាច្រើននៃភាសាខ្លះៗ។
b ការពិគ្រោះនេះសំដៅលើភាសាដែលមានសមត្ថភាពធ្វើឲ្យរឿងនៃព្រលឹងនិងវិញ្ញាណបានច្បាស់ ប៉ុន្តែ ពួកអ្នកបកប្រែមិនបានសម្រេចធ្វើដូច្នេះសោះ។ ពាក្យដែលមាន បានធ្វើឲ្យមានកំរិតដល់ពួកអ្នកបកប្រែក្នុងភាសាខ្លះ។ ដូច្នេះ ពួកអ្នកបង្រៀនសាសនាទៀងត្រង់ នឹងពន្យល់ថាទោះជាអ្នកបកប្រែពាក្យផ្សេងៗក៏ដោយ ឬថែមទាំងបានប្រើពាក្យដែលឥតមានពីព្រះគម្ពីរ ពាក្យនៃភាសាដើម នីប៉ែស (neʹphesh) ក៏ទាក់ទងដល់មនុស្សនិងសត្វដែរ ហើយតំណាងអ្វីមួយដែលដកដង្ហើម បរិភោគ និងអាចស្លាប់។
តើអ្នកនៅចាំទេ?
◻ តើបំណងអ្វីដែលបានបង្កើតកិច្ចការនៃពួកអ្នកបកប្រែព្រះគម្ពីរក្នុងសម័យថ្មីនេះ?
◻ ហេតុអ្វីក៏សេចក្ដីបកប្រែព្រះគម្ពីរថ្មី មិនរំខានដល់គោលបំណងរបស់ព្រះចំពោះព្រះនាមនៃទ្រង់?
◻ តើតាមរបៀបណាដែលសេចក្ដីបកប្រែខ្លះធ្វើឲ្យស្រអាប់ដល់សេចក្ដីពិតព្រះគម្ពីរ អំពីព្រលឹង សេចក្ដីស្លាប់ និងផែនដី?
◻ តាមរបៀបណាដែលយើងអាចបង្ហាញថាយើងគាំទ្រដ៏ស្មោះត្រង់ដល់បន្ទូលរបស់ព្រះ?
[រូបភាពនៅទំព័រ១៥]
តើសេចក្ដីបកប្រែព្រះគម្ពីរមួយណាដែលអ្នកត្រូវប្រើ?