-
តើអ្នកណាកំពុងផ្សព្វផ្សាយដំណឹងល្អ?ទស្សនាវដ្ដីប៉មយាម ២០១១ | ១ មេសា
-
-
តើអ្នកណាកំពុងផ្សព្វផ្សាយដំណឹងល្អ?
« . . . នឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី»។—ម៉ាថាយ ២៤:១៤
សាក្សី ព្រះយេហូវ៉ាកំពុងផ្សព្វផ្សាយដំណឹងល្អនៅទូទាំងពិភពលោក។ ពួកគេបានធ្វើដូច្នេះតាមវិធីផ្សេងៗ។ វិធីមួយគឺដោយពាក្យសម្ដី។
ពាក្យសម្ដី: ដូចលោកយេស៊ូនិងពួកអ្នកកាន់តាមរបស់លោក សាក្សីព្រះយេហូវ៉ាទៅជួបមនុស្សដើម្បីផ្សព្វផ្សាយដំណឹងល្អ។ (លូកា ៨:១; ១០:១) ពួកគេមិនរង់ចាំឲ្យមនុស្សមកជួបពួកគេទេ។ ការផ្សព្វផ្សាយដល់អ្នកឯទៀតអំពីរាជាណាចក្ររបស់ព្រះជាកិច្ចការដែលសាក្សីព្រះយេហូវ៉ាទាំង៧លាននាក់ធ្វើ។ ពួកគេផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ តាមផ្លូវ តាមទូរស័ព្ទ និងតាមវិធីផ្សេងៗទៀតដែរ។ នៅឆ្នាំមុន សាក្សីព្រះយេហូវ៉ាបានចំណាយពេលជាង១.៥០០លានម៉ោងក្នុងកិច្ចការនេះ។
ពួកគេមិនគ្រាន់តែបង្រៀនអ្នកឯទៀតអំពីរាជាណាចក្ររបស់ព្រះប៉ុណ្ណោះទេ តែក៏បង្រៀនអំពី«អ្វីៗទាំងអស់ដែល[លោកយេស៊ូ]បានបង្គាប់»ដែរ។ (ម៉ាថាយ ២៨:២០) ពួកគេបង្រៀនមនុស្សជាងប្រាំបីលាននាក់អំពីគម្ពីរដោយឥតគិតថ្លៃជាទៀងទាត់។
សាក្សីព្រះយេហូវ៉ាកំពុងផ្សព្វផ្សាយនៅទូទាំងពិភពលោក ក្នុង២៣៦ប្រទេស។ ពួកគេផ្សព្វផ្សាយដល់មនុស្សគ្រប់មជ្ឈដ្ឋាន ហើយផ្សព្វផ្សាយនៅទីក្រុង ជនបទ ព្រៃស្តុកអាម៉ាសូន ព្រៃតំបន់ស៊ីបេរី តំបន់ស្ងាត់ជ្រងំនៅទ្វីបអាហ្វ្រិក និងនៅតំបន់ជួរភ្នំហិមាល័យ។ ពួកគេមិនទទួលប្រាក់ខែសម្រាប់កិច្ចការនេះទេ តែពួកគេចំណាយលុយកាក់និងពេលវេលារបស់ខ្លួនផ្ទាល់ ដោយសារពួកគេមានសេចក្ដីស្រឡាញ់ចំពោះព្រះនិងចំពោះមនុស្ស។ ពួកគេក៏ផ្សព្វផ្សាយដំណឹងល្អតាមរយៈសៀវភៅដែលពួកគេបោះពុម្ពផ្សាយដែរ។
សៀវភៅ: ទស្សនាវដ្ដីនេះដែលមានចំណងជើងពេញថា ទស្សនាវដ្ដីប៉មយាម ប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា មានក្នុង១៨៥ភាសា ហើយបានត្រូវបោះពុម្ពផ្សាយជាង៤២លានច្បាប់ក្នុងមួយលេខៗ។ ទស្សនាវដ្ដីភ្ញាក់រឭក! ក៏ផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះដែរ ហើយមានក្នុង៨៣ភាសា និងបានត្រូវបោះពុម្ពផ្សាយជិត៤០លានច្បាប់ក្នុងមួយលេខៗ។
សៀវភៅ សៀវភៅស្តើង ខិត្តប័ណ្ណ ស៊ីឌី MP3 និងឌីវីឌីដែលពន្យល់អំពីសេចក្ដីបង្រៀនក្នុងគម្ពីរក៏មាន៥៤០ភាសា។ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ សាក្សីព្រះយេហូវ៉ាបានផលិតនិងចែកចាយរបស់ទាំងនេះជាង២០ពាន់លាន ហើយបើគិតជាមធ្យម នេះមានន័យថាមនុស្សទាំងអស់ដែលកំពុងរស់នៅផែនដី អាចទទួលរបស់ទាំងនេះ៣ម្នាក់!
សាក្សីព្រះយេហូវ៉ាក៏បានបោះពុម្ពឬឲ្យគេបោះពុម្ពសៀវភៅគម្ពីរនៃសេចក្ដីបកប្រែផ្សេងៗដែរ។ សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរបរិសុទ្ធ ជាគម្ពីរដែលសាក្សីព្រះយេហូវ៉ាបានបកប្រែ បោះពុម្ព និងចែកចាយ។ គម្ពីរនេះទាំងមូលឬផ្នែកខ្លះនៃគម្ពីរនេះ ឥឡូវមាន៩៦ភាសា ហើយមានជាង១៦៦លានក្បាលដែលបានត្រូវចែកចាយ។ សាក្សីព្រះយេហូវ៉ាក៏ចែកចាយដំណឹងល្អអំពីរាជាណាចក្រនៅឯកិច្ចប្រជុំរបស់ពួកគេដែរ។
កិច្ចប្រជុំគ្រិស្តសាសនិក: កិច្ចប្រជុំដែលមានជារៀងរាល់សប្ដាហ៍នៅឯសាលប្រជុំមិនគ្រាន់តែជាការប្រជុំខាងសាសនាប៉ុណ្ណោះទេ តែគឺបានត្រូវរៀបចំឡើងដើម្បីអប់រំ។ នៅទីនោះ មានសុន្ទរកថាដែលថ្លែងអំពីរឿងគម្ពីរ ហើយមានការសិក្សាគម្ពីរតាមរយៈទស្សនាវដ្ដីប៉មយាមនិងសៀវភៅឯទៀត។ នៅឯកិច្ចប្រជុំ សាក្សីព្រះយេហូវ៉ាក៏រៀនឲ្យមានប្រសិទ្ធភាពជាងក្នុងការផ្សព្វផ្សាយដំណឹងល្អដែរ។
នៅទូទាំងផែនដី សាក្សីព្រះយេហូវ៉ាមានជាង១០៧.០០០ក្រុមជំនុំ។ ក្នុងក្រុមជំនុំនីមួយៗពួកគេសិក្សាព័ត៌មានដូចគ្នា ដែលនេះជួយពង្រឹងសាមគ្គីភាពរបស់ពួកគេថែមទៀត។ សាធារណជនអាចចូលរួមកិច្ចប្រជុំនេះបាន ហើយគ្មានការរៃលុយនោះទេ។ ប៉ុន្តែ បើសាក្សីព្រះយេហូវ៉ាមិនធ្វើតាមអ្វីដែលពួកគេផ្សព្វផ្សាយ នោះកម្មវិធីទាំងនេះគ្មានន័យសោះឡើយ។ ដូច្នេះ ពួកគេព្យាយាមលើកទឹកចិត្តអ្នកឯទៀតឲ្យទទួលយកដំណឹងល្អតាមរយៈគំរូរបស់ពួកគេ។
គំរូ: ពួកគេខំប្រឹងទុកគំរូក្នុងការប្រព្រឹត្តរបស់ពួកគេជាគ្រិស្តសាសនិក ហើយធ្វើអស់ពីសមត្ថភាពដើម្បីប្រព្រឹត្តទៅលើអ្នកឯទៀតតាមរបៀបដែលពួកគេចង់ឲ្យអ្នកឯទៀតប្រព្រឹត្តទៅលើពួកគេវិញ។ (ម៉ាថាយ ៧:១២) ទោះជាពួកគេមិនល្អឥតខ្ចោះ ហើយជួនកាលធ្វើខុសក្ដី ពួកគេចង់បង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សទាំងអស់តាមរយៈការប្រព្រឹត្តរបស់ពួកគេ ដោយជួយអ្នកឯទៀតតាមវិធីផ្សេងៗទៀតដែរ មិនគ្រាន់តែដោយការផ្សព្វផ្សាយដំណឹងល្អប៉ុណ្ណោះទេ។
សាក្សីព្រះយេហូវ៉ាមិនព្យាយាមផ្សព្វផ្សាយដើម្បីឲ្យមនុស្សទាំងអស់ក្នុងពិភពលោកក្លាយទៅជាអ្នកជឿទេ។ ផ្ទុយទៅវិញ ពេលការផ្សព្វផ្សាយនេះបានធ្វើឡើងដល់កម្រិតដែលព្រះយេហូវ៉ាពេញចិត្ត នោះទីបញ្ចប់នឹងមកដល់ដូចលោកយេស៊ូបានទាយទុក។ ប៉ុន្តែ តើនេះមានន័យអ្វីសម្រាប់ផែនដីនិងមនុស្សទាំងឡាយ?
[រូបភាពនៅទំព័រ៧]
សាក្សីព្រះយេហូវ៉ាកំពុងផ្សព្វផ្សាយដំណឹងល្អនៅទូទាំងពិភពលោក
-
-
តើអ្វីនឹងមកដល់«ទីបញ្ចប់»?ទស្សនាវដ្ដីប៉មយាម ២០១១ | ១ មេសា
-
-
តើអ្វីនឹងមកដល់«ទីបញ្ចប់»?
« . . . រួចទីបញ្ចប់នឹងមកដល់»។—ម៉ាថាយ ២៤:១៤
ថ្មីៗ នេះមនុស្សជាច្រើននិយាយអំពីទីបញ្ចប់នៃពិភពលោក។ សៀវភៅ ភាពយន្ត និងទស្សនាវដ្ដីដែលមានតាំងពីរឿងកំប្លែងរហូតដល់រឿងវិទ្យាសាស្ត្រ បានបង្ហាញអំពីទីអវសានរបស់ពិភពលោកនេះ។ ក្នុងនោះរួមមានមហន្តរាយដែលមកពីអាវុធនុយក្លេអ៊ែរ ការប៉ះទង្គិចគ្នារវាងផ្កាយព្រះគ្រោះនិងផែនដី មេរោគដែលសម្លាប់មនុស្សជាច្រើន ការប្រែប្រួលនៃអាកាសធាតុ និងការវាយប្រហាររបស់មនុស្សភពផ្សេង។
សាសនាជាច្រើនមានទស្សនៈផ្សេងៗគ្នាអំពីរឿងនេះ ហើយពួកគេបង្រៀនថាពេល«ទីបញ្ចប់»មកដល់ ភាវរស់ទាំងអស់នៅផែនដីនឹងត្រូវវិនាសសាបសូន្យ។ ស្តីអំពីម៉ាថាយ ២៤:១៤ សាសនវិទូម្នាក់បានសរសេរពាក្យដែលគួរឲ្យខ្លាចនេះថា៖ «ខនេះជាខសំខាន់បំផុតមួយក្នុងបណ្ដាំរបស់ព្រះ . . . ជំនាន់យើងអាចជួបមហន្តរាយធំដល់ម្ល៉េះដែលមានមនុស្សតិចណាស់ចង់គិតអំពីការពិតនោះ»។
ពេលមនុស្សមានទស្សនៈបែបនេះ ពួកគេមិនបានគិតអំពីការពិតដ៏សំខាន់មួយ ពោលគឺពេលព្រះយេហូវ៉ាបាន«តាំងឡើង»ផែនដី លោក«មិនមែនបង្កើតមកឲ្យនៅទទេទេ គឺបានជបសូនបង្កើតឲ្យជាទីអាស្រ័យនៅ»។ (អេសាយ ៤៥:១៨) ដូច្នេះពេលលោកយេស៊ូសំដៅទៅ«ទីបញ្ចប់» លោកមិនចង់មានន័យថាផែនដីនឹងត្រូវបំផ្លាញចោល ឬមនុស្សទាំងអស់នឹងត្រូវវិនាសនោះទេ។ ប៉ុន្តែ លោកចង់សំដៅទៅលើការបំផ្លាញមនុស្សអាក្រក់ ដែលជាមនុស្សរឹងទទឹងដែលមិនចង់រស់នៅតាមការណែនាំដ៏ប្រកបដោយសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា។
សូមពិចារណាឧទាហរណ៍នេះ។ លោកអ្នកមានផ្ទះស្អាតមួយ ហើយលោកអ្នកឲ្យមនុស្សមួយចំនួនរស់នៅផ្ទះនោះដោយឥតគិតថ្លៃ។ អ្នកខ្លះរស់នៅដោយសុខសាន្តជាមួយគ្នា ថែមទាំងជួយថែទាំផ្ទះរបស់លោកអ្នកយ៉ាងល្អ។ ចំណែកអ្នកខ្លះទៀតមិនបានធ្វើដូចនេះទេ តែពួកគេបែរជាបង្កបញ្ហាផ្សេងៗ វាយតប់គ្នា ហើយរំខានដល់មនុស្សល្អដែលរស់នៅផ្ទះនោះទៀតផង។ មនុស្សអាក្រក់ទាំងនោះបានធ្វើឲ្យខូចរបស់របរក្នុងផ្ទះ ហើយពេលលោកអ្នកព្យាយាមបញ្ឈប់ពួកគេ នោះពួកគេរឹងចចេសមិនព្រមធ្វើតាមលោកអ្នកទេ។
ក្នុងករណីនេះ តើលោកអ្នកនឹងធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហានេះ? តើលោកអ្នកនឹងបំផ្លាញផ្ទះរបស់លោកអ្នកចោលឬទេ? លោកអ្នកប្រហែលជាមិនធ្វើដូច្នេះទេ លោកអ្នកទំនងជានឹងបណ្ដេញមនុស្សអាក្រក់ទាំងនោះចេញ ហើយជួសជុលរបស់របរដែលខូចខាតឡើងវិញ។
ព្រះយេហូវ៉ាក៏នឹងធ្វើស្រដៀងគ្នានេះដែរ។ លោកបានដឹកនាំអ្នកតែងទំនុកតម្កើងឲ្យសរសេរថា៖ «ពួកអ្នកដែលធ្វើអាក្រក់ នឹងត្រូវកាត់ចេញ តែអស់អ្នកដែលរង់ចាំព្រះយេហូវ៉ា នោះនឹងបានផែនដីជាមរដក។ ដល់បន្ដិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ។ អើ! អ្នកនឹងខំមើលកន្លែងគេ តែគេមិននៅទេ។ ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្តរីករាយ ដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ»។—ទំនុកតម្កើង ៣៧:៩-១១
សាវ័កពេត្រុសក៏បាននិយាយអំពីរឿងនេះដែរ។ នៅក្រោមការដឹកនាំរបស់ព្រះ គាត់បានសរសេរថា៖ «មានមេឃនៅសម័យបុរាណ និងមានផែនដីដែលរឹងផុសឡើងពីទឹក ក៏នៅកណ្ដាលទឹក ហើយដោយការទាំងនោះ ពិភពលោកនៅសម័យនោះបានត្រូវបំផ្លាញចោល ពេលដែលមានទឹកជំនន់»។ (ពេត្រុសទី២ ៣:៥, ៦) ក្នុងខនេះពេត្រុសសំដៅទៅលើទឹកជំនន់ដែលមាននៅសម័យណូអេ។ មនុស្សទុច្ចរិតដែលរស់នៅសម័យនោះបានត្រូវបំផ្លាញចោល មិនមែនផែនដីនោះទេ។ ទឹកជំនន់នោះដែលមានពេញផែនដីទុកជា«គំរូពីអ្វីដែលនឹងកើតឡើងដល់មនុស្សទុច្ចរិតនៅថ្ងៃមុខ»។—ពេត្រុសទី២ ២:៦
ក្រោយមក ពេត្រុសបន្ថែមថា៖ «មេឃនិងផែនដីដែលមានឥឡូវនេះបានត្រូវទុកដោយឡែកសម្រាប់ឲ្យភ្លើងឆេះ»។ បើយើងអានដល់ត្រឹមនេះ យើងអាចយល់ខុស។ ប៉ុន្តែ សូមកត់សម្គាល់ខនេះដែលបន្តថា៖ ‹ហើយបំផ្លាញមនុស្សទុច្ចរិតចោល›។ ដូច្នេះ ការបំផ្លាញនេះមិនមែនជាការបំផ្លាញចោលផែនដីនោះទេ តែជាការបំផ្លាញចោលមនុស្សអាក្រក់វិញ។ តើមានអ្វីកើតឡើងបន្ទាប់មក? ពេត្រុសបានសរសេរថា៖ «យើងកំពុងទន្ទឹងរង់ចាំមេឃថ្មី[រាជាណាចក្ររបស់ព្រះដែលគ្រប់គ្រងដោយមេស្ស៊ី]និងផែនដីថ្មី[សង្គមមនុស្សសុចរិត] ស្របតាមសេចក្ដីសន្យារបស់លោក ហើយទីនោះ សេចក្ដីសុចរិតនឹងស្ថិតស្ថេរជាដរាប»។—ពេត្រុសទី២ ៣:៧, ១៣
ទំនាយក្នុងគម្ពីរក៏បានបង្ហាញថា«ទីបញ្ចប់»ជិតមកដល់ហើយ។ សូមអានម៉ាថាយ ២៤:៣-១៤ និងធីម៉ូថេទី២ ៣:១-៥ ដែលចែងអំពីសញ្ញាសម្គាល់ដែលបញ្ជាក់ថាទីបញ្ចប់ពិតជាជិតមកដល់មែន។a
ហេតុអ្វីមានមនុស្សជាច្រើនយល់ច្រឡំអត្ថន័យនៃម៉ាថាយ ២៤:១៤ ដែលជាខគម្ពីរមួយដែលក្មេងៗក៏អាចយល់បាននោះ? មូលហេតុគឺ សាថានបានធ្វើឲ្យមនុស្សមិនយល់សេចក្ដីពិតដ៏មានតម្លៃក្នុងបណ្ដាំរបស់ព្រះ។ (កូរិនថូសទី២ ៤:៤) មូលហេតុមួយទៀតគឺដោយសារព្រះបានលាក់គោលបំណងរបស់លោកពីមនុស្សដែលអួតអាង ហើយបើកបង្ហាញឲ្យមនុស្សដែលបន្ទាបខ្លួនបានយល់។ ស្តីអំពីរឿងនេះ លោកយេស៊ូបានមានប្រសាសន៍ថា៖ «ឱបិតា ជាម្ចាស់ស្ថានសួគ៌និងផែនដី ខ្ញុំសូមសរសើរលោកនៅមុខមនុស្ស ពីព្រោះលោកបានលាក់អ្វីៗទាំងនេះពីអ្នកប្រាជ្ញនិងអ្នកចេះដឹង តែបានបើកសម្ដែងឲ្យកូនតូចៗយល់វិញ»។ (ម៉ាថាយ ១១:២៥) យើងមានកិត្ដិយសមែនដែលយើងស្ថិតនៅក្នុងចំណោមមនុស្សដែលបន្ទាបខ្លួនដែលយល់អំពីអត្ថន័យនៃរាជាណាចក្ររបស់ព្រះ។ ម្យ៉ាងទៀត ដោយសារយើងគាំទ្ររាជាណាចក្រនោះ យើងនឹងទទួលពរជាមិនខាន!
-