ជីវិតដែលមានន័យខ្លឹមសារ ចូរតាមគំរូលោកយេស៊ូ
«រក្សារបៀបរស់នៅ ដូចលោកយេស៊ូធ្លាប់មានដែរ»។—យ៉ូហានទី១ ២:៦
ដូចបានពិគ្រោះក្នុងអត្ថបទមុន លោកយេស៊ូមានជីវិតដែលមានន័យខ្លឹមសារ។ ដូច្នេះ ប្រសិនបើយើងចង់ឲ្យជីវិតមានន័យខ្លឹមសារ ជាការល្អដែលយើងស្ដាប់តាមឱវាទនិងយកតម្រាប់តាមគំរូរបស់លោកយេស៊ូ។
ដូចខគម្ពីរខាងលើបានបញ្ជាក់ ព្រះយេហូវ៉ាដាស់តឿនយើងឲ្យយកតម្រាប់តាមលោកយេស៊ូ។ ដើម្បីមានរបៀបរស់នៅដូចលោកយេស៊ូ យើងត្រូវធ្វើតាមសេចក្ដីបង្រៀននិងយកតម្រាប់តាមគំរូរបស់លោកក្នុងគ្រប់ទិដ្ឋភាពនៃជីវិត។ ការធ្វើដូច្នេះនឹងជួយយើងឲ្យទទួលការពេញចិត្តពីព្រះនិងមានជីវិតដែលមានន័យខ្លឹមសារ។
សេចក្ដីបង្រៀនរបស់លោកយេស៊ូរួមបញ្ចូលគោលការណ៍គម្ពីរផ្សេងៗដែលអាចជួយយើងឲ្យមានរបៀបរស់នៅដូចលោកធ្លាប់មាន។ ក្នុងសុន្ទរកថាមួយរបស់លោក លោកបានបញ្ជាក់អំពីគោលការណ៍មួយចំនួនក្នុងគម្ពីរ។ សូមឲ្យយើងពិចារណាអំពីគោលការណ៍ខ្លះៗ និងអំពីរបៀបដែលយើងអាចអនុវត្តគោលការណ៍ទាំងនោះក្នុងជីវិតរបស់យើង។
គោលការណ៍គម្ពីរ: «អស់អ្នកដែលស្រេកឃ្លានចំពោះការណែនាំពីព្រះ នោះមានសុភមង្គលហើយ!»។—ម៉ាថាយ ៥:៣
របៀបដែលគោលការណ៍នេះនាំឲ្យជីវិតមានន័យខ្លឹមសារ: លោកយេស៊ូបានបញ្ជាក់ថា លក្ខណៈធម្មជាតិរបស់មនុស្ស គឺត្រូវការការណែនាំពីព្រះ។ ហេតុនេះហើយ យើងចង់ដឹងចម្លើយចំពោះសំណួរដូចតទៅ: ហេតុអ្វីយើងមានជីវិតរស់នៅ? ហេតុអ្វីនៅផែនដីមានទុក្ខវេទនាច្រើនម្ល៉េះ? តើព្រះពិតជាយកចិត្តទុកដាក់នឹងយើងឬ? តើមានជីវិតក្រោយពីស្លាប់ឬទេ? ដើម្បីឲ្យជីវិតយើងមានន័យខ្លឹមសារ យើងត្រូវដឹងចម្លើយចំពោះសំណួរទាំងនេះ។ លោកយេស៊ូដឹងថាមានប្រភពតែមួយគត់ដែលអាចផ្ដល់ចម្លើយដ៏គួរឲ្យទុកចិត្តចំពោះសំណួរទាំងនេះ ពោលគឺបណ្ដាំរបស់ព្រះ។ ក្នុងសេចក្ដីអធិដ្ឋានរបស់លោកទៅកាន់បិតា លោកយេស៊ូបានមានប្រសាសន៍ថា៖ «បណ្ដាំរបស់លោកជាសេចក្ដីពិត»។ (យ៉ូហាន ១៧:១៧) តើបណ្ដាំរបស់ព្រះពិតជាអាចជួយយើងឲ្យស្គាល់ព្រះនិងមានសុភមង្គលបានទេ?
បទពិសោធន៍ជីវិតពិត: បុរសម្នាក់ឈ្មោះអ៊ីសាជាអ្នកចម្រៀងក្នុងក្រុមតន្ត្រីមួយដែលមានប្រជាប្រិយភាព ហើយគាត់កំពុងតែឈានទៅរកតំណែងជាតារាចម្រៀងដ៏ល្បីមួយរូប។ ទោះជាយ៉ាងនោះក៏ដោយ អ៊ីសាមានអារម្មណ៍ថាជីវិតរបស់គាត់ដូចជាខ្វះអ្វីមួយ គឺគាត់មិនមានសុភមង្គលពេញលេញទេ។ គាត់បាននិយាយថា៖ «ទោះជាខ្ញុំចូលចិត្តនៅក្នុងក្រុមតន្ត្រីនេះក៏ដោយ ខ្ញុំចង់ឲ្យជីវិតរបស់ខ្ញុំមានន័យខ្លឹមសារថែមទៀត»។ ប៉ុន្តែ ក្រោយមក អ៊ីសាបានជួបសាក្សីព្រះយេហូវ៉ាម្នាក់។ គាត់សារភាពថា៖ «ខ្ញុំបានសួរដេញដោលគាត់នូវសំណួរជាច្រើន។ ចម្លើយសមហេតុផលរបស់គាត់ពីបទគម្ពីរបានធ្វើឲ្យខ្ញុំចាប់អារម្មណ៍ ដូច្នេះខ្ញុំក៏យល់ព្រមរៀនគម្ពីរជាមួយគាត់»។ អ្វីដែលអ៊ីសាបានរៀនពីគម្ពីរគឺមានឥទ្ធិពលទៅលើចិត្តគាត់ ហើយជំរុញគាត់ឲ្យប្រគល់ជីវិតជូនព្រះយេហូវ៉ា។ គាត់និយាយថា៖ «កាលពីមុន ខ្ញុំតែងតែមានបញ្ហានិងវិបត្ដិមិនចេះអស់មិនចេះហើយ។ តែឥឡូវខ្ញុំមានគោលបំណងក្នុងជីវិត»។a
គោលការណ៍គម្ពីរ: «អស់អ្នកដែលមានចិត្តមេត្ដាករុណា នោះមានសុភមង្គលហើយ!»។—ម៉ាថាយ ៥:៧
របៀបដែលគោលការណ៍នេះនាំឲ្យជីវិតមានន័យខ្លឹមសារ: សេចក្ដីមេត្ដាករុណារួមបញ្ចូលការបង្ហាញចិត្តអាណិតអាសូរដល់អ្នកឯទៀត មានចិត្តសប្បុរសនិងយកចិត្តទុកដាក់ចំពោះពួកគេ។ លោកយេស៊ូបានបង្ហាញចិត្តមេត្ដាករុណាដល់អស់អ្នកដែលត្រូវការជំនួយ។ ចិត្តអាណិតអាសូរបានជំរុញលោកឲ្យចាត់វិធានការដើម្បីបំបាត់ទុក្ខវេទនារបស់អ្នកឯទៀត។ (ម៉ាថាយ ១៤:១៤; ២០:៣០-៣៤) ពេលយើងយកតម្រាប់តាមលោកយេស៊ូក្នុងការបង្ហាញចិត្តមេត្ដាករុណា យើងបន្ថែមន័យខ្លឹមសារក្នុងជីវិតរបស់យើង ព្រោះអស់អ្នកដែលបង្ហាញសេចក្ដីមេត្ដាករុណាដល់អ្នកឯទៀតនឹងបានសុភមង្គលមកវិញ។ (សកម្មភាព ២០:៣៥) យើងអាចជួយអ្នកឯទៀតដោយបង្ហាញសេចក្ដីមេត្ដាករុណាតាមរយៈពាក្យសម្ដីនិងការប្រព្រឹត្តដ៏សប្បុរស។ តើការបង្ហាញសេចក្ដីមេត្ដាករុណាពិតជាធ្វើឲ្យជីវិតរបស់យើងមានសុភមង្គលច្រើនជាងឬទេ?
បទពិសោធន៍ជីវិតពិត: ម៉ារៀនិងប្ដីរបស់គាត់ឈ្មោះខាលឡូស ជាគំរូល្អក្នុងការបង្ហាញចិត្តមេត្ដាករុណា។ ឪពុករបស់ម៉ារៀជាពោះម៉ាយ ហើយប៉ុន្មានឆ្នាំកន្លងទៅនេះឪពុកគាត់ឈឺក្រោកពីគ្រែមិនរួច។ ម៉ារៀនិងខាលឡូសបានយកឪពុកមកផ្ទះរបស់ពួកគាត់ ហើយជួយថែទាំគាត់យ៉ាងដិតដល់។ ពួកគាត់អត់ងងុយជាច្រើនយប់ ហើយកាលណាជំងឺទឹកនោមផ្អែមរបស់ឪពុកធ្វើទុក្ខខ្លាំង ពួកគាត់ប្រញាប់បញ្ជូនគាត់ទៅមន្ទីរពេទ្យជាបន្ទាន់។ ពួកគាត់សារភាពថា ជួនកាលពួកគាត់ពិតជាអស់កម្លាំងខ្លាំងណាស់។ ប៉ុន្តែ ដូចប្រសាសន៍របស់លោកយេស៊ូ ពួកគាត់មានអារម្មណ៍ថាខ្លួនមានសុភមង្គលនិងស្កប់ចិត្តយ៉ាងខ្លាំងដោយសារពួកគាត់បានថែទាំឪពុកយ៉ាងយកចិត្តទុកដាក់។
គោលការណ៍គម្ពីរ: «អស់អ្នកដែលធ្វើឲ្យមានសន្ដិភាព នោះមានសុភមង្គលហើយ!»។—ម៉ាថាយ ៥:៩
របៀបដែលគោលការណ៍នេះនាំឲ្យជីវិតមានន័យខ្លឹមសារ: តើអ្នកដែលធ្វើឲ្យមានសន្ដិភាពអាចមានជីវិតដែលមានន័យខ្លឹមសារច្រើនជាងយ៉ាងដូចម្ដេច? មូលហេតុមួយ គឺយើងមានចំណងមិត្តភាពជិតស្និទ្ធជាងជាមួយអស់អ្នកដែលនៅជុំវិញយើង។ ជាការល្អឲ្យយើងស្ដាប់តាមឱវាទក្នុងគម្ពីរដែលថា៖ «ចូរខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យមានសន្ដិភាពជាមួយនឹងមនុស្សទាំងអស់ ប្រសិនបើអាចធ្វើទៅបាន»។ (រ៉ូម ១២:១៨) «មនុស្សទាំងអស់»រួមបញ្ចូលសមាជិកក្រុមគ្រួសារ និងអ្នកឯទៀតដែលមិនមានជំនឿដូចយើង។ តើការធ្វើឲ្យមានសន្ដិភាពជាមួយនឹង«មនុស្សទាំងអស់»ពិតជាអាចបន្ថែមន័យខ្លឹមសារក្នុងជីវិតរបស់យើងបានទេ?
បទពិសោធន៍ជីវិតពិត: សូមពិចារណាបទពិសោធន៍របស់ស្ត្រីម្នាក់ឈ្មោះណាអៀ។ យូរឆ្នាំមកហើយ គាត់បានជួបនឹងទុក្ខលំបាកជាច្រើនដែលធ្វើឲ្យគាត់ពិបាករក្សាឲ្យមានសន្ដិភាព ជាពិសេសក្នុងរង្វង់គ្រួសាររបស់គាត់។ ប្រហែល១៥ឆ្នាំមុន តាំងពីប្ដីគាត់បោះបង់គាត់ចោល គាត់បានចិញ្ចឹមកូនៗរបស់គាត់តែម្នាក់ឯង។ កូនប្រុសរបស់គាត់ម្នាក់ធ្លាប់ជាអ្នកញៀនថ្នាំ។ ជាញឹកញយគាត់មិនអាចគ្រប់គ្រងកូននោះបានទេ ហើយកូននោះគំរាមកំហែងគាត់និងកូនស្រី។ ណាអៀជឿថាអ្វីដែលគាត់បានរៀនពីគម្ពីរផ្ដល់កម្លាំងឲ្យគាត់រក្សាឲ្យមានសន្ដិភាព ទោះជាស្ថិតក្នុងស្ថានភាពដ៏ពិបាកបែបនេះក៏ដោយ។ គាត់ព្យាយាមមិនឈ្លោះប្រកែកជាមួយអ្នកឯទៀត ហើយខំបង្ហាញចិត្តសប្បុរស ចិត្តអាណិតអាសូរ និងយោគយល់ចំពោះអ្នកឯទៀត។ (អេភេសូរ ៤:៣១, ៣២) គាត់ជឿជាក់ថាការរៀនធ្វើឲ្យមានសន្ដិភាពបានជួយគាត់ឲ្យមានទំនាក់ទំនងល្អប្រសើរជាមួយសមាជិកគ្រួសារនិងអ្នកឯទៀត។
ពិចារណាឲ្យបានហ្មត់ចត់អំពីអនាគត
ប្រសិនបើយើងធ្វើតាមឱវាទរបស់លោកយេស៊ូដែលប្រកបដោយប្រាជ្ញា នោះយើងនឹងចេះស្កប់ចិត្តហើយជីវិតយើងនឹងមានសុភមង្គល។ ទោះជាយ៉ាងនោះក៏ដោយ ដើម្បីឲ្យជីវិតមានន័យខ្លឹមសារពិតប្រាកដ យើងក៏ត្រូវដឹងអ្វីដែលនឹងកើតឡើងនៅអនាគតដែរ។ បើយើងគ្រាន់តែដឹងថាជីវិតយើងមានតែភាពចាស់ជរា ជំងឺ និងសេចក្ដីស្លាប់ តើតាមរបៀបណាដែលជីវិតអាចមានន័យខ្លឹមសារបាន? ប៉ុន្តែ នេះជាការពិតនៃជីវិតក្នុងពិភពលោកនេះ។
ក៏ប៉ុន្តែ មានដំណឹងល្អ! ព្រះយេហូវ៉ានឹងផ្ដល់ពរជាច្រើនដល់អស់អ្នកដែលព្យាយាម«រក្សារបៀបរស់នៅ ដូចលោកយេស៊ូធ្លាប់មានដែរ»។ ព្រះយេហូវ៉ាសន្យាថាឆាប់ៗខាងមុខនេះ លោកនឹងធ្វើឲ្យមានពិភពលោកថ្មីដ៏សុចរិត។ នៅទីនោះមនុស្សជាតិស្មោះភក្ដីនឹងរស់ជារៀងរហូតដោយមានសុខភាពល្អឥតខ្ចោះដូចគោលបំណងដើមរបស់ព្រះយេហូវ៉ា។ បណ្ដាំរបស់ព្រះចែងថា៖ «មើល! ត្រសាលរបស់ព្រះនៅជាមួយនឹងមនុស្សជាតិ ហើយលោកនឹងអាស្រ័យនៅជាមួយនឹងពួកគេ ឯពួកគេនឹងធ្វើជារាស្ត្ររបស់លោក។ ហើយព្រះនឹងនៅជាមួយនឹងពួកគេដោយខ្លួនលោកផ្ទាល់។ លោកនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ ហើយសេចក្ដីស្លាប់នឹងលែងមានទៀត ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់ក៏នឹងលែងមានទៀតដែរ។ អ្វីៗដែលធ្លាប់កើតឡើងពីមុន នោះបានកន្លងបាត់អស់ហើយ»។—ការបើកបង្ហាញ ២១:៣, ៤
ម៉ារៀជាស្ត្រីដែលមានអាយុ៨៤ឆ្នាំ ដែលបានត្រូវលើកឡើងក្នុងអត្ថបទដំបូងនៃទស្សនាវដ្ដីនេះ គាត់មានអំណរដោយដឹងថានៅថ្ងៃខាងមុខពាក្យក្នុងខគម្ពីរខាងលើនេះនឹងក្លាយជាការពិត។ ចុះលោកអ្នកវិញ? តើលោកអ្នកចង់ដឹងថែមទៀតអំពី«ជីវិតដ៏ពិតប្រាកដ»ដែលនឹងមានក្រោមការគ្រប់គ្រងនៃរាជាណាចក្ររបស់ព្រះឬទេ? (ធីម៉ូថេទី១ ៦:១៩) ប្រសិនបើលោកអ្នកចង់ដឹង លោកអ្នកអាចសួរសាក្សីព្រះយេហូវ៉ានៅតំបន់របស់លោកអ្នក ឬផ្ញើសំបុត្រទៅអាសយដ្ឋានរបស់អ្នកបោះពុម្ពផ្សាយទស្សនាវដ្ដីនេះ។b
[កំណត់សម្គាល់]
a លោកអ្នកអាចអានជីវប្រវត្ដិទាំងមូលរបស់អ៊ីសា ក្នុងទស្សនាវដ្ដីនេះ«ការប្រព្រឹត្តរបស់ខ្ញុំ ធ្លាប់តែសាហាវឃោរឃៅ»។
b សៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ដែលបោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា បានជួយមនុស្សជាច្រើនសិក្សាគម្ពីរតាមប្រធានបទផ្សេងៗ។
[រូបភាពនៅទំព័រ៧]
ម៉ារៀនិងខាលឡូស
[រូបភាពនៅទំព័រ៧]
ណាអៀ