ការភៀសខ្លួនទៅទីសន្ដិសុខមុននឹង«សេចក្ដីវេទនាជាខ្លាំង»
«កាលណាឃើញពលទ័ពឡោមព័ទ្ធក្រុងយេរូសាឡិម . . . គ្រានោះ ត្រូវឲ្យអស់អ្នកនៅស្រុកយូដារត់ទៅឯភ្នំ»។—លូកា ២១:២០, ២១
១. ហេតុអ្វីក៏ពួកអ្នកដែលនៅតែជាផ្នែកនៃលោកីយ៍ត្រូវភៀសខ្លួនជាបន្ទាន់?
ចំពោះពួកអ្នកដែលជាផ្នែកនៃលោកីយ៍របស់សាតាំង ចូរភៀសខ្លួនជាបន្ទាន់។ បើសិនជាពួកគេចង់រួចរស់ជីវិតនៅពេលដែលរបបលោកីយ៍បច្ចុប្បន្ននេះត្រូវកំចាត់ចេញពីផែនដី ពួកគេត្រូវតែឲ្យភស្តុតាងដ៏គួរជឿថា គេបានសំរេចយ៉ាងម៉ឺងម៉ាត់ទៅខាងព្រះយេហូវ៉ា ហើយលែងធ្វើជាផ្នែកនៃលោកីយ៍ដែលសាតាំងជាមេដឹកនាំ។—យ៉ាកុប ៤:៤; យ៉ូហានទី១ ២:១៧
២, ៣. តើមានសំនួរអ្វីខ្លះដែលទាក់ទងនឹងពាក្យរបស់ព្រះយេស៊ូកត់នៅម៉ាថាយ ២៤:១៥-២២ ដែលយើងនឹងពិគ្រោះ?
២ នៅក្នុងទំនាយធំរបស់ទ្រង់ដែលស្តីអំពីទីបញ្ចប់នៃរបបលោកីយ៍នេះ ព្រះយេស៊ូបានដាក់ទម្ងន់ទៅលើការចាំបាច់នៃការភៀសខ្លួនបែបនេះ។ យើងតែងតែពិគ្រោះអំពីអ្វីៗដែលកត់ទុកនៅម៉ាថាយ ២៤:៤-១៤ ប៉ុន្តែសេចក្ដីបន្តបន្ទាប់នេះក៏សំខាន់ដូចនោះដែរ។ ឥឡូវនេះ យើងសូមអញ្ជើញអ្នកឲ្យបើកព្រះគម្ពីររបស់អ្នកហើយអានខ១៥ ទៅ ២២។
៣ តើទំនាយនេះមានន័យយ៉ាងណា? នៅក្នុងសតវត្សទីមួយ តើអ្វីទៅជា«សេចក្ដីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ»? តើឃ្លាដែលថា«វាឈរនៅក្នុងទីបរិសុទ្ធ»មានន័យយ៉ាងណា? តើវាឈរនៅក្នុងទីបរិសុទ្ធនោះមានប្រយោជន៍អ្វីចំពោះយើង?
‹ចូរឲ្យមិត្តអ្នកអានប្រើវិនិច្ឆ័យ›
៤. (ក) តើដានីយ៉ែល ៩:២៧ ប្រាប់ថានឹងមានអ្វីកើតឡើងបន្ទាប់ពីពួកយូដាបដិសេធព្រះយេស៊ូ? (ខ) ពេលសំដៅទៅការនេះ ហេតុអ្វីបានជាព្រះយេស៊ូមានបន្ទូលថា ‹ចូរឲ្យមិត្តអ្នកអានប្រើវិនិច្ឆ័យ›?
៤ សូមកត់សំគាល់ថានៅម៉ាថាយ ២៤:១៥ ព្រះយេស៊ូសំដៅទៅអ្វីៗដែលសរសេរមកនៅក្នុងសៀវភៅដានីយ៉ែល។ ក្នុងជំពូកទី៩នៃសៀវភៅនោះ គឺជាទំនាយដែលទាយអំពីការយាងមកនៃព្រះមេស្ស៊ី ហើយនិងអំពីសេចក្ដីជំនុំជំរះដែលនឹងត្រូវប្រហារមកលើសាសន៍យូដាដែលបដិសេធចោលទ្រង់។ នៅចុងខ២៧អានថា៖ ‹ហើយនៅលើស្លាបនៃសេចក្ដីស្អប់ខ្ពើមនោះ នឹងមានអ្នកដែលនឹងបង្ខូចបំផ្លាញ›។ ទំនៀមទំលាប់យូដាពីដើមបានយកចំណែកនៃទំនាយដានីយ៉ែលនេះ មកសំដៅទៅលើការប្រមាថមើលងាយដល់ព្រះវិហាររបស់ព្រះយេហូវ៉ាក្នុងយេរូសាឡិមដោយលោកអាន់ធីអូកូសទី ៤ ក្នុងសតវត្សទីពីរ ម.ស.យ.។ ប៉ុន្តែព្រះយេស៊ូទូន្មានថា៖ ‹ចូរឲ្យមិត្តអ្នកអានប្រើវិនិច្ឆ័យ›។ ការប្រមាថមើលងាយព្រះវិហារដោយលោកអាន់ទីអូកូសទី ៤ ជាការស្អប់ខ្ពើមមែន ប៉ុន្តែពុំបានធ្វើឲ្យហិនវិនាស—ដល់យេរូសាឡិម ដល់ព្រះវិហារ ឬដល់សាសន៍យូដាទេ។ ដូច្នេះ ព្រះយេស៊ូច្បាស់ជាព្រមានពួកអ្នកស្ដាប់ទ្រង់ថា ការសំរេចនៃទំនាយនេះមិនមែននៅអតីតកាលទេ តែនៅអនាគតកាលវិញ។
៥. (ក) តើតាមរបៀបណាដែលការប្រៀបធៀបបទគម្ពីរ ជួយយើងសំគាល់«សេចក្ដីស្អប់ខ្ពើម»នៅសតវត្សទីមួយ? (ខ) ហេតុអ្វីក៏លោកសេស្ទីអឺស ហ្គឹលឹស បញ្ជូនកងទ័ពទៅយេរូសាឡិមក្នុងឆ្នាំ៦៦ ស.យ.?
៥ តើអ្វីទៅជា«សេចក្ដីស្អប់ខ្ពើម»ដែលពួកគេត្រូវប្រយ័ត្ននោះ? គួរឲ្យចាប់អារម្មណ៍ដែរ ដំណើររឿងនេះនៅម៉ាថាយចែងថា៖ «កាលណាអ្នករាល់គ្នាឃើញ . . . សេចក្ដីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ វាឈរនៅក្នុងទីបរិសុទ្ធ»។ ប៉ុន្តែលូកា ២១:២០ ប្រាប់អំពីដំណើររឿងស្រដៀងនេះថា៖ «កាលណាឃើញពលទ័ពឡោមព័ទ្ធក្រុងយេរូសាឡិម នោះត្រូវឲ្យដឹងថា សេចក្ដីហិនវិនាសនៃក្រុងនោះជិតដល់ហើយ»។ ក្នុងឆ្នាំ៦៦ ស.យ. ពួកគ្រីស្ទានរស់នៅក្នុងយេរូសាឡិមបានឃើញសេចក្ដីដែលព្រះយេស៊ូបានទាយមកមែន។ ព្រឹត្ដិការណ៍ជាច្រើនបានកើតឡើងពីការទំនាស់គ្នារវាងពួកយូដានិងអាជ្ញាធររ៉ូម៉ាំង បានបណ្ដាលឲ្យក្រុងយេរូសាឡិមទៅជាកន្លែងបណ្ដុះការបះបោរប្រឆាំងរ៉ូម។ ជាលទ្ធផល អំពើឃោរឃៅផ្ទុះឡើងនៅពាសពេញយូដា សាម៉ារី កាលីឡេ ដេកាប៉ូល ហើយនិងស្រុកភីនីស៊ី និងតំបន់ខាងជើងចូលទៅស្រុកស៊ីរី ហើយតំបន់ខាងត្បូងចូលទៅស្រុកអេស៊ីប។ ដើម្បីស្ថាបនាឲ្យមានសណ្ដាប់ធ្នាប់ឡើងវិញដល់ភូមិភាគនោះនៃចក្រភពរ៉ូម៉ាំង លោកសេស្ទីអឺស ហ្គឹលឹស បានចាត់ពលទ័ពពីស្រុកស៊ីរីឲ្យមកយេរូសាឡិម ដែលពួកយូដាហៅថា«ទីក្រុងបរិសុទ្ធ»របស់គេ។—នេហេមា ១១:១; អេសាយ ៥២:១
៦. តើ«សេចក្ដីស្អប់ខ្ពើម»ដែលបង្ខូចបំផ្លាញ បានមក«ឈរនៅក្នុងទីបរិសុទ្ធ»យ៉ាងណា?
៦ ជាទំនៀមទំលាប់សំរាប់កងទាហានរ៉ូម៉ាំងកាន់ទុងសញ្ញា ដែលគេចាត់ទុកជាពិសិដ្ឋ ប៉ុន្តែពួកយូដាចាត់ទុកជាសរណវត្ថុបូជាទៅវិញ។ គួរឲ្យចាប់អារម្មណ៍ដែរ ពាក្យហេព្រើរដែលប្រែថា «សេចក្ដីស្អប់ខ្ពើម» នៅក្នុងដានីយ៉ែល ត្រូវបានប្រើភាគច្រើនសំដៅទៅគារវរូបនិងសរណវត្ថុបូជា។a (ចោទិយកថា ២៩:១៧) ថ្វីបើជួបប្រទះការទប់ទល់ពីពួកយូដា កងទ័ពរ៉ូម៉ាំងដែលកាន់សញ្ញាសរណវត្ថុបូជាបានវាយចូលលុកក្នុងក្រុងយេរូសាឡិមនៅខែវិច្ឆិកា ឆ្នាំ៦៦ស.យ. ហើយបន្ទាប់មក ក៏ចាប់ផ្ដើមជីកដីនៅក្រោមកំផែងព្រះវិហារនៅខាងជើង។ «សេចក្ដីស្អប់ខ្ពើម»ដែលអាចកំទេចចោលយេរូសាឡិមនេះ គឺឃើញយ៉ាងច្បាស់ថាកំពុងតែ«ឈរនៅក្នុងទីបរិសុទ្ធ»! ប៉ុន្តែតើឲ្យអាចភៀសខ្លួនយ៉ាងណាបាន?
ភៀសខ្លួនជាបន្ទាន់!
៧. ដោយឥតដឹងមូលហេតុសោះ តើកងទ័ពរ៉ូម៉ាំងបានធ្វើអ្វី?
៧ ដោយឥតដឹងអំពីមូលហេតុអ្វី ពីទស្សនៈរបស់មនុស្ស កាលដែលយេរូសាឡិមអាចចាប់យកបានយ៉ាងងាយ ស្រាប់តែកងទាហានរ៉ូម៉ាំងដកទ័ពចេញទៅ។ ពួកអ្នកយូដាដែលបះបោរបានដេញតាមកងទ័ពរ៉ូម៉ាំង ប៉ុន្តែទៅដល់តែក្រុងអាន់ទីប៉ាទ្រីស ចំងាយប្រមាណ៥០គីឡូម៉ែត្រពីក្រុងយេរូសាឡិម។ រួចគេត្រឡប់មកវិញ។ នៅពេលដែលគេមកដល់យេរូសាឡិម គេបានប្រមូលគ្នាមកក្នុងព្រះវិហារ ដើម្បីធ្វើគម្រោងការណ៍ចំបាំងរបស់គេតទៅទៀត។ ពួកក្មេងៗត្រូវបានជ្រើសរើស ដើម្បីចំរើនកំឡាំងការពារនិងចូលធ្វើទាហាន។ តើពួកគ្រីស្ទានបានជាប់រវល់នឹងការនេះដែរឬ? បើសិនជាគេចៀសផុត តើគេនៅតែជួបគ្រោះថ្នាក់ទេ ពេលទាហានរ៉ូម៉ាំងត្រឡប់មកវិញ?
៨. ក្នុងការគោរពតាមពាក្យទំនាយរបស់ព្រះយេស៊ូ តើពួកគ្រីស្ទានបានចាត់វិធានការជាបន្ទាន់យ៉ាងណា?
៨ ភ្លាមនោះ ពួកគ្រីស្ទានក្នុងយេរូសាឡិមនិងនៅម្ដុំយូដាបានធ្វើតាមពាក្យទំនាយព្រមានរបស់ព្រះយេស៊ូគ្រីស្ទ ហើយក៏បានភៀសខ្លួនចេញពីទីគ្រោះថ្នាក់នោះទៅ។ ត្រូវតែភៀសខ្លួនចេញជាបន្ទាន់! ក្រោយនោះមក គេក៏បានមកដល់តំបន់ភ្នំ ដោយមានអ្នកខ្លះសំរេចចិត្តរស់នៅក្នុងក្រុងផែឡា ខេត្តប៉ែរ៉ី។ ពួកអ្នកដែលស្ដាប់តាមសេចក្ដីព្រមានរបស់ព្រះយេស៊ូ មិនត្រឡប់ទៅយកទ្រព្យសម្បត្ដិរបស់គេទេ។ (ប្រៀបធៀប លូកា ១៤:៣៣) ការចាកចេញក្រោមកាលៈទេសៈនោះ ពួកស្ត្រីដែលមានផ្ទៃពោះនិងពួកម្ដាយច្បាស់ជាពិបាកធ្វើដំណើរដោយជើង។ ការភៀសខ្លួនរបស់គេមិនបានបង្អាក់ដោយលក្ខខណ្ឌនៃថ្ងៃឈប់សំរាកទេ ហើយថ្វីបើជិតរដូវរងាក្ដី តែមិនរដូវនោះទាន់មកទេ។ ពួកអ្នកដែលធ្វើតាមសេចក្ដីព្រមានដែលឲ្យភៀសខ្លួនជាបន្ទាន់ នោះពួកគេក៏បានផុតពីគ្រោះថ្នាក់នៅខាងក្រៅយេរូសាឡិមនិងយូដា។ ជីវិតរបស់គេពឹងទៅលើការនេះ។—ប្រៀបធៀប យ៉ាកុប ៣:១៧
៩. តើអស់រយៈពេលប៉ុន្មានទើបកងទ័ពរ៉ូម៉ាំងត្រឡប់មកវិញ ហើយមានលទ្ធផលយ៉ាងណា?
៩ មួយឆ្នាំក្រោយមក ក្នុងឆ្នាំ៦៧ ស.យ. ពួករ៉ូម៉ាំងបានចាប់ធ្វើចំបាំងឡើងវិញជាមួយពួកយូដា។ មុនដំបូង គេចាប់បានស្រុកកាលីឡេ។ មួយឆ្នាំក្រោយមក គេបានបំផ្លិចបំផ្លាញយូដា។ មកដល់ឆ្នាំ៧០ ស.យ. កងទ័ពរ៉ូម៉ាំងបានឡោមព័ទ្ធជុំវិញក្រុងយេរូសាឡិម។ (លូកា ១៩:៤៣) នៅគ្រានោះកើតមានទុរភិក្សជាខ្លាំង។ ពួកអ្នកដែលជាប់ក្នុងទីក្រុងនោះ បានវាយគ្នាឯងទៅវិញទៅមក។ ហើយពួកអ្នកដែលខំលួចរត់ចេញ នឹងត្រូវគេសំឡាប់ចោល។ អ្វីដែលគេបានពិសោធនោះ គឺដូចតាមពាក្យរបស់ព្រះយេស៊ូ គឺ«សេចក្ដីវេទនាជាខ្លាំងណាស់»។—ម៉ាថាយ ២៤:២១
១០. បើសិនជាយើងអានដោយចេះវិនិច្ឆ័យ តើយើងនឹងសំគាល់ឃើញអ្វីទៀត?
១០ តើទំនាយរបស់ព្រះយេស៊ូនេះបានសំរេចទាំងអស់ឬ? អត់ទេ គឺមានទៀត។ ដូចជាព្រះយេស៊ូបានមានបន្ទូលប្រាប់ បើយើងអានដោយចេះវិនិច្ឆ័យ នោះយើងនឹងសំគាល់ឃើញសេចក្ដីដែលនៅអនាគតនៅឡើយ។ ហើយយើងក៏ចាត់ទុកអត្ថន័យនោះជាសំខាន់ក្នុងជីវិតរបស់យើង។
«សេចក្ដីស្អប់ខ្ពើម»នៅសម័យទំនើប
១១. ក្នុងខពីរណាទៀតដែលដានីយ៉ែលសំដៅចំពោះ«សេចក្ដីស្អប់ខ្ពើម» ហើយខទាំងនោះពិគ្រោះអំពីគ្រាមួយណា?
១១ សូមកត់សំគាល់ថា បន្ថែមទៅលើអ្វីៗដែលយើងឃើញនៅដានីយ៉ែល ៩:២៧ នោះមានសេចក្ដីយោងថែមទៀតចំពោះ«សេចក្ដីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ» នៅដានីយ៉ែល ១១:៣១ និង ១២:១១។ សេចក្ដីហិនវិនាសនៃយេរូសាឡិមពុំបានពិគ្រោះក្នុងបទគម្ពីរទាំងពីរក្រោយនេះ។ តាមការពិត ពីរបទបន្ទាប់ពីសេចក្ដីដែលចែងនៅដានីយ៉ែល ១២:១១ មានសេចក្ដីយោងមួយចំពោះ«គ្រាចុងបំផុត»។ (ដានីយ៉ែល ១២:៩) យើងកំពុងរស់នៅក្នុងគ្រានោះតាំងពីឆ្នាំ១៩១៤ម្ល៉េះ។ ដូច្នេះ យើងត្រូវតែប្រុងការជានិច្ច ដើម្បីសំគាល់«សេចក្ដីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ»នៅសម័យទំនើបនេះ ហើយបន្ទាប់មក យើងត្រូវតែលៃលកយ៉ាងណាដើម្បីឲ្យគេចផុតពីទីគ្រោះថ្នាក់។
១២, ១៣. ហេតុអ្វីក៏ការរៀបរាប់អង្គការសហពលកម្មប្រជាជាតិជា «សេចក្ដីស្អប់ខ្ពើម»នៅសម័យទំនើប ជាការត្រឹមត្រូវ?
១២ តើអ្វីជា«សេចក្ដីស្អប់ខ្ពើម»នៅសម័យទំនើបនេះ? ភស្តុតាងចង្អុលទៅឯអង្គការសហពលកម្មប្រជាជាតិ ដែលចាប់ប្រតិបត្ដិការឡើងក្នុងឆ្នាំ១៩២០ ក្រោយពីលោកីយ៍អង្កិលចូលក្នុងគ្រាចុងបញ្ចប់។ ប៉ុន្តែ តើនេះអាចទៅជា«សេចក្ដីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ»យ៉ាងដូចម្ដេច?
១៣ នៅចាំទេ ពាក្យហេព្រើរដែលប្រែថា «សេចក្ដីស្អប់ខ្ពើម» ក្នុងព្រះគម្ពីរសំដៅទៅគារវរូបនិងសរណវត្ថុបូជា។ តើគេមិនគោរពយ៉ាងជ្រាលជ្រៅដល់អង្គការសហពលកម្មនេះទេឬ? ត្រូវហើយ! ពួកបព្វជិតលើកវាដាក់«ក្នុងទីបរិសុទ្ធ» ហើយពួកសិស្សរបស់គេគោរពភក្ដីដល់វា។ ក្រុមព្រឹក្សាសហព័ន្ធនៃគ្រីស្ទសាសនានៅអាមេរិក បានប្រកាសថាអង្គការសហពលកម្មនេះជា «តំណាងខាងនយោបាយនៃព្រះរាជាណាចក្ររបស់ព្រះនៅផែនដី»។ ព្រឹទ្ធសភាសហរដ្ឋបានទទួលសំបុត្រមួយគំនរធំពីក្រុមសាសនាផ្សេងៗ ស្នើសុំឲ្យកែប្រែកិច្ចព្រមព្រៀងនៃអង្គការសហពលកម្មប្រជាជាតិ។ ក្រុមបាទីស្ទ ពួកក្រុមជំនុំ និងពួកប្រេះប៊ីធារាននៅប្រទេសអង់គ្លេស លើកវាជា «ឧបករណ៍តែមួយគត់សំរាប់រក[សន្ដិភាពនៅផែនដី]»។—សូមមើល វិវរណៈ ១៣:១៤, ១៥
១៤, ១៥. តើតាមរបៀបណាដែលអង្គការសហពលកម្មប្រជាជាតិ រួចអង្គការសហប្រជាជាតិបានមកនៅ«ក្នុងទីបរិសុទ្ធ»?
១៤ ព្រះរាជាណាចក្រនៃព្រះមេស្ស៊ីរបស់ព្រះបានស្ថាបនាក្នុងស្ថានសួគ៌ក្នុងឆ្នាំ១៩១៤ ប៉ុន្តែពួកសាសន៍បានច្បាំងដើម្បីអធិបតេយ្យភាពរបស់គេរៀងៗខ្លួន។ (ទំនុកដំកើង ២:១-៦) កាលដែលអង្គការសហពលកម្មប្រជាជាតិទើបតែលេចមក សាសន៍ទាំងឡាយបានច្បាំងគ្នាក្នុងសង្គ្រាមលោកទីមួយរួចហើយ ហើយពួកបព្វជិតក៏បានប្រទានពរដល់កងទ័ពរបស់គេរៀងៗខ្លួន បង្ហាញឲ្យឃើញស្រេចថាគេបានបោះបង់ចោលច្បាប់របស់ព្រះ។ ពួកគេមិនបានបែរទៅរកព្រះគ្រីស្ទជាស្តេចនោះទេ។ ដោយហេតុនេះ ពួកគេឲ្យអង្គការរបស់មនុស្សនូវមុខនាទីនៃព្រះរាជាណាចក្ររបស់ព្រះ ដាក់អង្គការសហពលកម្មប្រជាជាតិ«ក្នុងទីបរិសុទ្ធ»ដែលមិនមែនជាកន្លែងរបស់វា។
១៥ អង្គការសហប្រជាជាតិ ស្នងតំណែងពីអង្គការសហពលកម្ម បានលេចមុខឡើងនៅថ្ងៃទី២៤ ខែតុលា ១៩៤៥។ ក្រោយមក សម្ដេចសង្ឃនៃរ៉ូមបានលើកដំកើងអង្គការសហប្រជាជាតិជា «សេចក្ដីសង្ឃឹមទាំងស្រុងចំពោះសុខដុមរម្យនានិងសន្ដិភាព» ហើយនិង «ទីប្រជុំមហាឧត្តមនៃសន្ដិភាពនិងយុត្ដិធម៌»។ ត្រូវហើយ អង្គការសហពលកម្មប្រជាជាតិ ជាមួយអង្គការសហប្រជាជាតិ គឺពិតជាបានក្លាយទៅជាគារវរូបមួយ ដែលជា«សេចក្ដីស្អប់ខ្ពើម» នៅចំពោះព្រះនេត្រនៃព្រះនិងប្រជារាស្ត្ររបស់ទ្រង់។
រត់គេចខ្លួនពីអ្វី?
១៦. សព្វថ្ងៃនេះ តើពួកអ្នកស្រឡាញ់សេចក្ដីសុចរិតត្រូវតែរត់គេចខ្លួនពីអ្វី?
១៦ ដោយ‹មើលឃើញ›អង្គការនេះ ដឹងថាអង្គការអន្តរជាតិនេះជាអ្វី ហើយដឹងអំពីរបៀបដែលមនុស្សគោរពយ៉ាងជ្រៅនោះ ពួកអ្នកស្រឡាញ់សេចក្ដីសុចរិតត្រូវតែរត់គេចខ្លួនទៅទីសន្ដិសុខ។ រត់គេចខ្លួនពីអ្វី? គឺត្រូវរត់គេចខ្លួនពីក្រុងយេរូសាឡិមដ៏ឥតស្មោះត្រង់នៅសម័យទំនើបនេះ ដែលហៅថា ពិភពគ្រីស្ទសាសនា ហើយពីបាប៊ីឡូនដ៏ធំ ដែលជាប្រព័ន្ធសាសនាមិនពិតនៃពិភពលោក។—វិវរណៈ ១៨:៤
១៧, ១៨. តើ«សេចក្ដីស្អប់ខ្ពើម»នៅសម័យទំនើបនេះ នឹងបំផ្លាញចោលអ្វី?
១៧ នៅចាំទេ ក្នុងសតវត្សទីមួយ កាលដែលកងទ័ពរ៉ូម៉ាំងដែលកាន់សញ្ញាសរណវត្ថុបូជា ដើរចូលក្នុងទីក្រុងបរិសុទ្ធនៃយូដា គឺដើម្បីបំផ្លាញចោលទីក្រុងយេរូសាឡិមនិងប្រព័ន្ធនៃការថ្វាយបង្គំនោះ។ នៅសម័យយើងនេះ សេចក្ដីហិនវិនាសនេះគឺមិនធ្លាក់មកលើតែទីក្រុងមួយ ឬពិភពគ្រីស្ទសាសនាប៉ុណ្ណោះទេ តែនឹងធ្លាក់មកលើប្រព័ន្ធសាសនាមិនពិតទាំងមូលនៃពិភពលោកនេះ។—វិវរណៈ ១៨:៥-៨
១៨ ក្នុងវិវរណៈ ១៧:១៦ សត្វសម្បុរក្រហម ដែលជាអង្គការសហប្រជាជាតិ នឹងបែរមករកស្រីសំផឹងបាប៊ីឡូនដ៏ធំ ហើយនឹងបំផ្លាញវាចោលទាំងអស់។ ដោយប្រើពាក្យរស់រវើក នេះចែងថា៖ «ស្នែងទាំង១០ដែលអ្នកឃើញ ព្រមទាំងសត្វនោះផង នោះនឹងស្អប់ដល់ស្រីសំផឹង ហើយនឹងបំផ្លាញវាទៅ ទាំងធ្វើឲ្យវានៅអាក្រាត រួចនឹងស៊ីសាច់វា ហើយដុតវានៅក្នុងភ្លើង»។ នេះបានសេចក្ដីថា ជាការអស្ចារ្យហួសនិស្ស័យ។ ជាលទ្ធផល នឹងលែងមានសាសនាមិនពិតគ្រប់បែបយ៉ាងទៀតក្នុងគ្រប់ទីកន្លែងក្នុងផែនដីនេះ។ នេះពិតជាបង្ហាញថា សេចក្ដីវេទនាជាខ្លាំងចាប់ផ្ដើមហើយ។
១៩. តាំងពីកំណើតនៃអង្គការសហប្រជាជាតិ តើមានក្រុមអ្វីដែលជាផ្នែកនៃអង្គការនេះ ហើយហេតុអ្វីក៏ក្រុមនេះសំខាន់?
១៩ គួរឲ្យកត់សំគាល់ដែរ តាំងពីអង្គការសហប្រជាជាតិចាប់ផ្ដើមប្រតិបត្ដិការក្នុងឆ្នាំ១៩៤៥ លទ្ធិបដិសេធព្រះ ក្រុមប្រឆាំងសាសនាក៏បានកើនសមាជិកច្រើនដែរ។ នៅជុំវិញពិភពលោក ក្នុងវេលាផ្សេងៗ ក្រុមមូលវិវដ្ដបែបនេះបានជួយធ្វើឲ្យកិច្ចការសាសនាជាប់ខណ្ឌជាខ្លាំង ឬជាប់បំរាមតែម្ដង។ ប៉ុន្តែ ក្នុងរយៈពេលពីរបីឆ្នាំមុននេះ ការកៀបសង្កត់មកលើក្រុមសាសនាពីរដ្ឋាភិបាលបានធូរស្រាលបន្ដិច។ មនុស្សខ្លះប្រហែលគិតថា សាសនាលែងមានគ្រោះថ្នាក់ទៀតហើយ។
២០. តើសាសនានៃលោកីយ៍បានទទួលកេរ្ដិ៍ឈ្មោះយ៉ាងណា?
២០ ប៉ុន្តែ សាសនានៃបាប៊ីឡូនដ៏ធំនៅតែបន្តឆាឆៅយ៉ាងឃោរឃៅក្នុងលោកនេះ។ ចំណងជើងក្នុងសារពត៌មានច្រើនតែសំគាល់ភាគីចំបាំង ឬក្រុមភេរវកម្មណាមួយ តាមសាសនាដែលគេកាន់។ ក្រុមប៉ូលិសខាងកុប្បកម្មនិងទាហានបានលុកចូលក្នុងព្រះវិហារ ដើម្បីបញ្ឈប់អំពើឃោរឃៅរវាងភាគីសាសនាវិវាទ។ អង្គការសាសនាខ្លះបានជួយឧបត្ថម្ភខាងលុយកាក់ដល់ក្រុមបដិវត្តន៍។ ការស្អប់ខាងសាសនាបានបង្អាក់ដល់ការខំប្រឹងប្រែងនៃអង្គការសហប្រជាជាតិ ក្នុងការរក្សាទំនាក់ទំនងនឹងធឹងរវាងក្រុមអាណិកជនផ្សេងៗ។ ក្នុងការស្វែងរកគោលដៅនៃសន្ដិភាពនិងសន្ដិសុខ ក្រុមជាច្រើនក្នុងអង្គការសហប្រជាជាតិចង់បំបាត់អំណាចសាសនាដែលជ្រៀតជ្រែកដល់គេ។
២១. (ក) តើអ្នកណានឹងសំរេចពេលវេលាសំរាប់បំផ្លាញបាប៊ីឡូនដ៏ធំ? (ខ) មុននឹងគ្រានោះមក តើត្រូវធ្វើអ្វីជាបន្ទាន់?
២១ មានកត្ដាសំខាន់មួយទៀតដែលត្រូវពិចារណាដែរ។ ថ្វីបើស្នែងដប់ចេញពីអង្គសហប្រជាជាតិនឹងត្រូវប្រើ ដើម្បីបំផ្លាញបាប៊ីឡូនដ៏ធំក៏ដោយ តែការបំផ្លាញនោះបណ្ដាលមកពីការជំនុំជំរះរបស់ព្រះទេ។ ការប្រហារសេចក្ដីជំនុំជំរះនោះ នឹងមកក្នុងវេលាកំណត់របស់ព្រះ។ (វិវរណៈ ១៧:១៧) តើយើងត្រូវតែធ្វើអ្វីនៅចន្លោះពេលនេះ? ព្រះគម្ពីរឆ្លើយថា «ចូរចេញពីទីក្រុងនោះមក»—ចូរចេញពីបាប៊ីឡូនដ៏ធំ។—វិវរណៈ ១៨:៤
២២, ២៣. តើការភៀសខ្លួននេះទាក់ទងអ្វីខ្លះ?
២២ ការភៀសខ្លួនទៅទីសន្ដិសុខនេះ មិនមែនជាការរើពីកន្លែងមួយទៅកន្លែងមួយទៀត ដូចគ្រីស្ទានយូដាបានធ្វើពេលបោះបង់ចោលយេរូសាឡិមនោះទេ។ នេះជាការភៀសខ្លួនចេញពីពិភពគ្រីស្ទសាសនា មែនហើយ គឺត្រូវតែភៀសខ្លួនចេញពីគ្រប់ផ្នែកនៃបាប៊ីឡូនដ៏ធំ។ នេះមានន័យថា យើងត្រូវតែញែកខ្លួនចេញឲ្យអស់ពីអង្គការសាសនាមិនពិត ហើយនិងពីទំនៀមទំលាប់និងគំនិតដែលមានក្នុងនោះ។ នេះជាការភៀសខ្លួនទៅទីសន្ដិសុខក្នុងអង្គការព្រះធិបតេយ្យនៃព្រះយេហូវ៉ា។—អេភេសូរ ៥:៧-១១
២៣ នៅពេលដែលពួកអ្នកបំរើចាក់ប្រេងតាំងនៃព្រះយេហូវ៉ាសំគាល់សេចក្ដីស្អប់ខ្ពើមនៅសម័យទំនើបនេះជាលើកដំបូង ជាអង្គការសហពលកម្មប្រជាជាតិ បន្ទាប់ពីសង្គ្រាមលោកទី១ តើពួកស្មរបន្ទាល់មានប្រតិកម្មយ៉ាងណា? ពួកគេបានបណ្ដាច់សមាជិកជាមួយនិកាយនៃពិភពគ្រីស្ទសាសនារួចហើយ។ ប៉ុន្តែ ពួកគេដឹងបន្ដិចម្ដងៗថា គេនៅកាន់តាមទំនៀមទំលាប់និងកិច្ចការខ្លះៗនៃពិភពគ្រីស្ទសាសនា ដូចជាការប្រើឈើឆ្កាងនិងការធ្វើបុណ្យណូអែល ហើយនិងបុណ្យខាងពាហិរជនឯទៀត។ កាលដែលគេបានរៀនដឹងសេចក្ដីពិតអំពីរបស់ទាំងនេះ គេបោះបង់ចោលភ្លាម។ ពួកគេធ្វើតាមដំបូន្មាននៅ អេសាយ ៥២:១១៖ «ចូរចេញទៅ ចូរចេញទៅ ចូរឲ្យឯងរាល់គ្នាចេញពីទីនេះទៅចុះ កុំឲ្យពាល់របស់អ្វីដែលមិនស្អាតឡើយ ចូរចេញពីកណ្ដាលទីក្រុងនេះទៅ ឱពួកអ្នកដែលលើកយកគ្រឿងនៃព្រះយេហូវ៉ាអើយ ចូរញែកខ្លួនចេញជាស្អាតចុះ»។
២៤. ជាពិសេសតាំងពីឆ្នាំ១៩៣៥ តើអ្នកណាទៀតបានចូលរួមក្នុងការភៀសខ្លួន?
២៤ ជាពិសេស តាំងពីឆ្នាំ១៩៣៥មក ហ្វូងនៃអ្នកឯទៀតដែលកំពុងតែលូតលាស់ ជាមនុស្សដែលមានសង្ឃឹមនឹងរស់នៅអស់កល្បជានិច្ចនៅលើផែនដីមនោរម្យ ពួកគេក៏ចាប់ចាត់វិធានការដូចនេះដែរ។ ពួកគេក៏‹បានឃើញសេចក្ដីស្អប់ខ្ពើមកំពុងតែឈរក្នុងទីបរិសុទ្ធ›ដែរ ហើយពួកគេដឹងថាការនេះមានន័យយ៉ាងណា។ បន្ទាប់ពីបានសំរេចចិត្តភៀសខ្លួន ពួកគេបានលុបឈ្មោះរបស់គេចេញពីបញ្ជីសមាជិកនៃអង្គការទាំងឡាយ ដែលជាផ្នែកនៃបាប៊ីឡូនដ៏ធំ។—កូរិនថូសទី២ ៦:១៤-១៧
២៥. ក្រៅពីការញែកខ្លួនចេញពីសាសនាមិនពិត តើត្រូវធ្វើអ្វីទៀត?
២៥ ប៉ុន្តែ ការភៀសខ្លួនចេញពីបាប៊ីឡូនដ៏ធំ ទាក់ទងច្រើនទៀត គឺមិនគ្រាន់តែបោះបង់ចោលសាសនាមិនពិតប៉ុណ្ណោះទេ។ នេះទាក់ទង់ច្រើនទៀត គឺមិនគ្រាន់តែមកប្រជុំម្ដងម្កាលនៅសាលព្រះរាជាណាចក្រ ឬទៅផ្សាយដំណឹងល្អម្ដងពីរដងក្នុងមួយខែនោះទេ។ បុគ្គលម្នាក់អាចនៅខាងក្រៅបាប៊ីឡូនដ៏ធំបាន តែតើគាត់បានបោះបង់ចោលទេ? តើគាត់បានញែកខ្លួនគាត់ចេញពីលោកីយ៍ដែលបាប៊ីឡូនដ៏ធំជាផ្នែកធំដុំនោះទេ? តើគាត់នៅតែកាន់តាមអ្វីៗដែលសំដែងគំនិតរបស់វា—គំនិតដែលរំលោភលើខ្នាតសុចរិតរបស់ព្រះទេ? តើគាត់ចាត់ទុកកាមសីលធម៌ និងសេចក្ដីស្មោះត្រង់ក្នុងអាពាហ៍ពិពាហ៍ ជាការឥតសំខាន់ឬ? តើគាត់យកចិត្តទុកដាក់នឹងផលប្រយោជន៍ខ្លួនជាងផលប្រយោជន៍ខាងវិញ្ញាណទេ? គាត់មិនត្រូវអនុញ្ញាតឲ្យខ្លួនយកត្រាប់តាមរបបលោកីយ៍ឡើយ។—ម៉ាថាយ ៦:២៤; ពេត្រុសទី១ ៤:៣, ៤
ចូរកុំឲ្យអ្វីបង្អាក់ដល់ការភៀសខ្លួនរបស់អ្នក!
២៦. តើអ្វីនឹងជួយយើងឲ្យចាប់ផ្ដើមភៀសខ្លួនហើយឲ្យបានសំរេចជោគជ័យ?
២៦ ក្នុងការភៀសខ្លួនទៅទីសន្ដិសុខ ជាការសំខាន់ណាស់ដែលយើងមិនត្រូវមើលមកក្រោយដោយចិត្តស្ដាយ។ (លូកា ៩:៦២) យើងត្រូវតែមូលចិត្តគំនិតរបស់យើងសំដៅទៅតែព្រះរាជាណាចក្ររបស់ព្រះនិងសេចក្ដីសុចរិតរបស់ទ្រង់។ តើយើងប្ដេជ្ញាចិត្តសំដែងជំនឿរបស់យើង ដោយចាត់ទុករបស់ទាំងនេះទីមួយ ហើយជឿជាក់ថា ព្រះយេហូវ៉ានឹងប្រទានពរដល់ដំណើរស្មោះត្រង់នេះទេ? (ម៉ាថាយ ៦:៣១-៣៣) ការជឿព្រះគម្ពីរដ៏មុតមាំរបស់យើង គួរតែជំរុញយើងឲ្យធ្វើដូច្នេះ កាលដែលយើងរង់ចាំមើលការលាតត្រដាងនៃព្រឹត្ដិការណ៍ផ្សេងៗក្នុងពិភពលោក។
២៧. ហេតុអ្វីក៏ជាការសំខាន់ក្នុងការគិតឲ្យបានហ្មត់ចត់អំពីសំនួរនៅកន្លែងនេះ?
២៧ ការប្រហារសេចក្ដីជំនុំជំរះនឹងចាប់ផ្ដើមឡើង នៅពេលបំផ្លាញចោលបាប៊ីឡូនដ៏ធំ។ ចក្រភពនៃសាសនាមិនពិតនេះ ដែលដូចស្ត្រីសំផឹង នឹងបំបាត់ឲ្យសាបសូន្យជារហូតតទៅ។ គ្រានោះជិតមកដល់ហើយ! តើយើងនឹងមានគោលជំហរយ៉ាងណា ជាបុគ្គលម្នាក់ៗ ពេលគ្រាដ៏ធំនោះមកដល់? ហើយពេលដល់កំពូលនៃសេចក្ដីវេទនាជាខ្លាំង ពេលដែលរបបអាក្រក់របស់សាតាំងដែលនៅសល់ទាំងប៉ុន្មានត្រូវកំទេចចោល តើយើងនឹងនៅខាងណា? បើយើងចាត់វិធានការចាំបាច់ឥឡូវនេះ សន្ដិសុខរបស់យើងនឹងត្រូវធានារ៉ាប់រង។ ព្រះយេហូវ៉ាមានបន្ទូលប្រាប់យើងថា៖ «តែអ្នកណាដែលស្ដាប់តាមអញ នោះនឹងនៅដោយសេចក្ដីសុខពិត»។ (សុភាសិត ១:៣៣) បើយើងខំបំរើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់និងដោយអំណរចិត្តក្នុងកំឡុងទីបញ្ចប់នៃរបបនេះ នោះយើងអាចមានសមត្ថកិច្ចបំរើព្រះយេហូវ៉ាអស់កល្បជានិច្ចបាន។
[កំណត់សម្គាល់]
a សូមមើល Insight on the Scriptures បោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិតប័ណ្ណនៃរដ្ឋញូវយ៉ក ក្បាលទី១ ទំព័រ ៦៣៤-៥។ (ភាសាអង់គ្លេស)
តើអ្នកចាំទេ?
◻ តើអ្វីជា«សេចក្ដីស្អប់ខ្ពើម»នៅសម័យទំនើបនេះ?
◻ តើ«សេចក្ដីស្អប់ខ្ពើម . . . វាឈរនៅក្នុងទីបរិសុទ្ធ»មានន័យយ៉ាងណា?
◻ តើការភៀសខ្លួនទៅទីសន្ដិសុខឥឡូវនេះ ជាប់ទាក់ទងអ្វីខ្លះ?
◻ ហេតុអ្វីក៏ត្រូវធ្វើដូច្នេះជាបន្ទាន់?
[រូបភាពនៅទំព័រ១៥]
ដើម្បីសង្គ្រោះ ពួកអ្នកកាន់តាមព្រះយេស៊ូត្រូវរត់គេចជាបន្ទាន់