ចំពោះអ្នកដទៃ តើយើងគួរប្រព្រឹត្តយ៉ាងណា?
«ដែលអ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តនឹងខ្លួនជាយ៉ាងណា នោះត្រូវតែប្រព្រឹត្តនឹងគេយ៉ាងនោះដែរ»។—លូ. ៦:៣១
១, ២. (ក) តើធម្មទាននៅលើភ្នំជាអ្វីទៅ? (ខ) ក្នុងអត្ថបទនេះនិងអត្ថបទជាបន្ទាប់ តើយើងនឹងពិភាក្សាអំពីអ្វីខ្លះ?
ព្រះយេស៊ូគ្រិស្តពិតជាគ្រូដែលពូកែបង្រៀនមែន! ពេលពួកសង្គ្រាជនិងពួកផារិស៊ីដែលជាអ្នកប្រឆាំងនឹងព្រះយេស៊ូ បានចាត់ពួកអាជ្ញាទៅចាប់ទ្រង់ ពួកគេបានវិលមកវិញតែដៃទទេ ទាំងយកលេសថា ពួកគេ«មិនដែល[ឮ]អ្នកណានិយាយដូច[ទ្រង់]ទេ»។ (យ៉ូន. ៧:៣២, ៤៥, ៤៦) ក្នុងចំណោមសុន្ទរកថាល្អៗជាច្រើនដែលព្រះយេស៊ូបានថ្លែង មានធម្មទានពិសេសដែលទ្រង់បានថ្លែងនៅលើភ្នំមួយនាស្រុកកាលីឡេ។ ក្នុងសៀវភៅម៉ាថាយ ជំពូក៥ដល់៧ លោកម៉ាថាយបានកត់ពាក្យដែលព្រះយេស៊ូថ្លែងក្នុងធម្មទាននោះ ហើយសៀវភៅលូកា ៦:២០-៤៩ ក៏រៀបរាប់ពីសាច់រឿងនៃធម្មទាននោះដែរ។a
២ ពាក្យពេចន៍ដែលប្រហែលជាល្បីជាងគេក្នុងធម្មទានរបស់ព្រះយេស៊ូនៅលើភ្នំនោះ គឺជាគោលការណ៍សំខាន់ដែលសំដៅទៅលើរបៀបដែលយើងគួរប្រព្រឹត្តនឹងអ្នកដទៃ។ គោលការណ៍នោះចែងថា៖ «ដែលអ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តនឹងខ្លួនជាយ៉ាងណា នោះត្រូវតែប្រព្រឹត្តនឹងគេយ៉ាងនោះដែរ»។ (លូ. ៦:៣១) រីឯព្រះយេស៊ូផ្ទាល់ ទ្រង់បានប្រព្រឹត្តយ៉ាងល្អមែន ចំពោះអ្នកដទៃ។ ព្រះយេស៊ូបានប្រោសអ្នកជំងឺឲ្យជា ព្រមទាំងប្រោសអ្នកស្លាប់ឲ្យរស់ឡើងវិញផង។ ប៉ុន្តែ មនុស្សបានទទួលពរច្រើនបំផុត ពេលគេជឿតាមដំណឹងល្អដែលទ្រង់ផ្សាយដល់ពួកគេ។ (សូមអាន លូកា ៧:២០-២២) ក្នុងនាមជាសាក្សីព្រះយេហូវ៉ា យើងក៏មានចិត្តរីករាយដែរ ពេលយើងធ្វើកិច្ចការផ្សព្វផ្សាយដូចព្រះយេស៊ូ ស្តីអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា។ (ម៉ាថ. ២៤:១៤; ២៨:១៩, ២០) ក្នុងអត្ថបទនេះនិងអត្ថបទជាបន្ទាប់ យើងនឹងពិនិត្យមើលពាក្យដែលព្រះយេស៊ូបានថ្លែងក្នុងធម្មទាននៅលើភ្នំ ស្តីអំពីកិច្ចការផ្សព្វផ្សាយនិងចំណុចឯទៀតដែរ ដែលសំដៅទៅលើរបៀបដែលយើងគួរប្រព្រឹត្តចំពោះអ្នកដទៃ។
ចូរប្រព្រឹត្តដោយសម្លូតចុះ!
៣. សូមរៀបរាប់អំពីលក្ខណៈរបស់មនុស្សដែលប្រព្រឹត្តដោយសម្លូត។
៣ ព្រះយេស៊ូមានប្រសាសន៍ថា៖ «មានពរហើយ អស់អ្នកដែលស្លូតត្រង់ ដ្បិតអ្នកទាំងនោះនឹងគ្រងផែនដីជាមរដក»។ (ម៉ាថ. ៥:៥) ពេលគម្ពីរសំដៅទៅលើការប្រព្រឹត្តដោយសម្លូត នេះមិនមានន័យថា អ្នកដែលប្រព្រឹត្តបែបនោះជាមនុស្សកំសាកឡើយ។ ផ្ទុយទៅវិញ មនុស្សដែលប្រព្រឹត្តដោយសម្លូត ធ្វើតាមតម្រូវការរបស់ព្រះយេហូវ៉ា ហើយគ្មានអាកប្បកិរិយាទ្រគោះបោះបោកឥតគួរឥតសមទេ។ ជាឧទាហរណ៍ មនុស្សដែលប្រព្រឹត្តដោយសម្លូត មិនចេះ«ធ្វើការអាក្រក់ស្នងនឹងការអាក្រក់ឡើយ»។—រ៉ូម ១២:១៧-១៩
៤. ហេតុអ្វីបានជាមនុស្សដែលប្រព្រឹត្តដោយសម្លូតមានពរ?
៤ មនុស្សដែលប្រព្រឹត្តដោយសម្លូតមានពរ ពីព្រោះពួកគេ«នឹងគ្រងផែនដីជាមរដក»។ ព្រះយេស៊ូជាមនុស្សដែល«ស្លូត ហើយមានចិត្តសុភាព» និងព្រះយេហូវ៉ា«ដំរូវឲ្យ[ទ្រង់]គ្រងរបស់ទាំងអស់ទុកជាមរដក»។ ហេតុនេះហើយ ព្រះយេស៊ូជាអ្នកសំខាន់ចម្បងដែលគ្រងផែនដីជាមត៌ក។ (ម៉ាថ. ១១:២៩; ហេ. ១:២; ទំនុក. ២:៨) ទំនាយក្នុងគម្ពីរបង្ហាញថា «១អង្គដូចជាមនុស្សជាតិ»ដែលមានមុខតំណែងជាមេស្ស៊ី លោកនឹងមានគូកនមួយចំនួនរួមដៃក្នុងការគ្រប់គ្រងរាជាណាចក្ររបស់ព្រះយេហូវ៉ានៅឯស្ថានសួគ៌។ (ដា. ៧:១៣, ១៤, ២១, ២២, ២៧) មនុស្សស្លូតត្រង់ ១៤៤.០០០នាក់ ដែល«ជាអ្នកគ្រងមរដកនៃព្រះជាមួយនឹងព្រះគ្រីស្ទ» បានតែងតាំងឲ្យរួមចំណែកជាមួយនឹងព្រះយេស៊ូក្នុងការគ្រងផែនដីជាមត៌ក។ (រ៉ូម ៨:១៦, ១៧; វិវរ. ១៤:១) មនុស្សឯទៀតដែលប្រព្រឹត្តដោយសម្លូតក៏នឹងមានពរដែរ ពេលដែលពួកគេទទួលជីវិតដែលគ្មានទីបញ្ចប់នៅឯផែនដី ក្រោមការណែនាំនៃរាជាណាចក្ររបស់ព្រះយេហូវ៉ា។—ទំនុក. ៣៧:១១
៥. តើការប្រព្រឹត្តដោយសម្លូតដូចព្រះយេស៊ូគ្រិស្តមានលទ្ធផលល្អបែបណាខ្លះ?
៥ បើយើងមិនប្រព្រឹត្តដោយសម្លូត ហើយបែរជាមានលក្ខណៈកាចទៅវិញ នេះអាចធ្វើឲ្យអ្នកដទៃរកាំចិត្ត ហើយពួកគេនឹងមិនចង់នៅជាមួយយើងទេ។ ប៉ុន្តែ បើយើងប្រព្រឹត្តដោយសម្លូតដូចព្រះយេស៊ូគ្រិស្ត អ្នកដទៃនឹងស្រឡាញ់យើង ហើយយើងក៏អាចជួយពង្រឹងកម្លាំងចិត្តបងប្អូនក្នុងក្រុមជំនុំដែរ។ ពេលយើង‹រស់និងដើរដោយវិញ្ញាណ› ឬមានរបៀបរស់នៅនិងការប្រព្រឹត្តដែលបង្ហាញថា សកម្មពលរបស់ព្រះយេហូវ៉ាមានឥទ្ធិពលក្នុងជីវិតរបស់យើងមែន នេះក៏ជួយយើងឲ្យមានផលឬលក្ខណៈដូចសកម្មពលនោះ ដែលរួមបញ្ចូលចិត្តស្លូតបូតផង។ (សូមអាន កាឡាទី ៥:២២-២៥) ប្រាកដណាស់! យើងពិតជាចង់ក្លាយទៅជាមនុស្សដែលប្រព្រឹត្តដោយសម្លូត ពីព្រោះយើងមានសកម្មពលរបស់ព្រះយេហូវ៉ាដឹកនាំជីវិត។
មានមេត្ដា មានពរ!
៦. តើមនុស្សដែល«មានចិត្តមេត្ដា» មានលក្ខណៈសម្បត្ដិល្អៗអ្វីទៀត?
៦ ក្នុងធម្មទានដែលព្រះយេស៊ូបានថ្លែងនៅលើភ្នំ ទ្រង់ក៏មានប្រសាសន៍ថា៖ «មានពរហើយ អស់អ្នកដែលមានចិត្តមេត្ដាករុណា ដ្បិតអ្នកទាំងនោះនឹងបានសេចក្ដីមេត្ដាករុណាវិញ»។ (ម៉ាថ. ៥:៧) «អស់អ្នកដែលមានចិត្តមេត្ដាករុណា» ជាមនុស្សដែលចេះយោគយល់និងមានចិត្តអាណិតអាសូរចំពោះអ្នកដែលកើតទុក្ខ។ មូលហេតុដែលព្រះយេស៊ូបានធ្វើអព្ភូតហេតុដើម្បីសម្រាលទុក្ខមនុស្សទាំងប៉ុន្មាន គឺដោយសារទ្រង់«មានសេចក្ដីក្ដួល»ឬចិត្ត«ក្ដួលអាណិត»។ (ម៉ាថ. ១៤:១៤; ២០:៣៤) ដូច្នេះ បើយើងចេះយោគយល់និងមានចិត្តក្ដួលអាណិតដែរ នេះនឹងជួយយើងឲ្យមានមេត្ដាផង។—យ៉ា. ២:១៣
៧. តើចិត្តក្ដួលអាណិតបានជំរុញព្រះយេស៊ូឲ្យធ្វើអ្វី?
៧ មានគ្រាមួយដែលព្រះយេស៊ូបានធ្វើដំណើរទៅឯកន្លែងដែលទ្រង់អាចសម្រាកបន្ដិចបាន។ ប៉ុន្តែ មនុស្សជាច្រើនបានទៅដល់កន្លែងនោះដើម្បីជួបព្រះយេស៊ូដែរ។ យ៉ាងណាក៏ដោយ ព្រះយេស៊ូមានចិត្ត«ក្ដួលអាណិតដល់គេ ពីព្រោះគេធៀបដូចជាចៀមដែលគ្មានអ្នកគង្វាល»។ ជាលទ្ធផល ព្រះយេស៊ូ«ចាប់តាំងបង្រៀនគេពីសេចក្ដីជាច្រើន»។ (ម៉ាក. ៦:៣៤) ពេលយើងប្រកាសសារអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ព្រមទាំងប្រាប់អ្នកដទៃថាទ្រង់ជាព្រះដែលមានចិត្តមេត្ដាយ៉ាងធំសម្បើម នេះក៏នាំឲ្យយើងមានអំណរដូចព្រះយេស៊ូដែរ។
៨. មានមេត្ដា មានពរ ហេតុអ្វី?
៨ មនុស្សដែលមានចិត្តមេត្ដាក៏មានពរម្យ៉ាងទៀត ពីព្រោះពួកគេនឹង«បានសេចក្ដីមេត្ដាករុណា»វិញ។ តាមធម្មតា ពេលយើងប្រព្រឹត្តដោយមេត្ដាចំពោះអ្នកដទៃ ពួកគេក៏ប្រព្រឹត្តដោយមេត្ដាចំពោះយើងដែរ។ (លូ. ៦:៣៨) ណាមួយទៀត ព្រះយេស៊ូមានប្រសាសន៍ថា៖ «បើអ្នករាល់គ្នាអត់ទោសចំពោះការរំលងច្បាប់ដែលមនុស្សលោកប្រព្រឹត្តធ្វើ នោះព្រះវរបិតានៃអ្នកដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងអត់ទោសឲ្យអ្នករាល់គ្នាដែរ»។ (ម៉ាថ. ៦:១៤) មានតែមនុស្សដែលមានមេត្ដាអាចយល់ច្បាស់អំពីពរដែលយើងទទួលបាន ពេលព្រះយេហូវ៉ាអត់ទោសឲ្យនិងគាប់ចិត្តចំពោះយើងផង។
«ផ្សះផ្សាគេ» មានពរ ហេតុអ្វី?
៩. បើយើងចេះផ្សះផ្សាគេនិងដេញតាមសេចក្ដីមេត្រី តើយើងនឹងប្រព្រឹត្តយ៉ាងណា?
៩ ព្រះយេស៊ូក៏បានរៀបរាប់អំពីអ្វីទៀតដែលនាំឲ្យមានពរ ពេលទ្រង់មានប្រសាសន៍ថា៖ «មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ ដ្បិតអ្នកទាំងនោះនឹងបានហៅជាកូនរបស់ព្រះ»។ (ម៉ាថ. ៥:៩) អស់អ្នកដែលចេះផ្សះផ្សាគេ ក៏មិនចូលចិត្តហើយមិនរួមដៃក្នុងអំពើអាក្រក់ ដែលរួមបញ្ចូលការនិយាយដើមគេ ដែលអាច«នាំឲ្យទាំងមិត្រសំឡាញ់យ៉ាងជិតស្និទ្ធបាក់បែកគ្នាដែរ»។ (សុ. ១៦:២៨) ពាក្យសម្ដីនិងការប្រព្រឹត្តរបស់យើងបង្ហាញថា យើងដេញតាមសេចក្ដីមេត្រី មិនថាជាមួយគ្រិស្តសាសនិកគ្នីគ្នា ឬជាមួយមនុស្សដែលមិនរួមជំនឿក្ដី។ (ហេ. ១២:១៤) សំខាន់ចម្បង យើងព្យាយាមយ៉ាងអស់ពីសមត្ថភាពដើម្បីឲ្យមានមេត្រីភាពជាមួយនឹងព្រះយេហូវ៉ា។—សូមអាន ពេត្រុសទី១ ៣:១០-១២
១០. ហេតុអ្វីបានជាអ្នកដែល«ផ្សះផ្សាគេ»មានពរ?
១០ ព្រះយេស៊ូមានប្រសាសន៍ថា «អស់អ្នកដែលផ្សះផ្សាគេ»នឹងមានពរ ពីព្រោះ«អ្នកទាំងនោះនឹងបានហៅជាកូនរបស់ព្រះ»។ គ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ មាន«អំណាចឲ្យបានត្រឡប់ជាកូនព្រះ» ពីព្រោះពួកគាត់បង្ហាញថា ពួកគាត់ជឿទៅលើព្រះយេស៊ូជាអ្នកដែលមានមុខតំណែងជាមេស្ស៊ី។ (យ៉ូន. ១:១២; ១ពេ. ២:២៤) ចុះយ៉ាងណាចំពោះ«ចៀមឯទៀត»របស់ព្រះយេស៊ូដែលសឲ្យឃើញថា ពួកគេជាអ្នកដែលដេញតាមសេចក្ដីមេត្រីនិងចេះផ្សះផ្សាគេដែរ? ក្នុងអំឡុងពេលមួយពាន់ឆ្នាំដែលព្រះយេស៊ូនឹងសោយរាជ្យជាមួយអ្នកគ្រប់គ្រងឯទៀតដែលទទួលមត៌កនៅឯស្ថានសួគ៌ ទ្រង់នឹងធ្វើជា«បិតាដ៏គង់នៅអស់កល្ប»ចំពោះពួកចៀមឯទៀត។ (យ៉ូន. ១០:១៤, ១៦; អេសា. ៩:៦; វិវរ. ២០:៦) នៅដំណាច់ការសោយរាជ្យមួយពាន់ឆ្នាំនោះ អស់អ្នកដែលដេញតាមសេចក្ដីមេត្រីនិងចេះផ្សះផ្សាគេ នឹងរាប់ជាកូនរបស់ព្រះយេហូវ៉ាមែន ពោលគឺ កូនរបស់ទ្រង់នៅឯផែនដី។—១កូ. ១៥:២៧, ២៨
១១. ប្រសិនបើយើងអនុញ្ញាតឲ្យ«ប្រាជ្ញាដែលមកពីស្ថានលើ»ដឹកនាំជីវិតខ្លួន តើយើងនឹងប្រព្រឹត្តយ៉ាងណាចំពោះអ្នកដទៃ?
១១ ដោយសារព្រះយេហូវ៉ាជា«ព្រះនៃសេចក្ដីសុខសាន្ត» យើងត្រូវតែមានលក្ខណៈដូចទ្រង់ ដោយដេញតាមសេចក្ដីមេត្រី ចេះផ្សះផ្សាគេនិងមានភាពសុខសាន្ត ទើបយើងអាចមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងទ្រង់។ (ភី. ៤:៩) ប្រសិនបើយើងអនុញ្ញាតឲ្យ«ប្រាជ្ញាដែលមកពីស្ថានលើ»ដឹកនាំជីវិតខ្លួន ការប្រព្រឹត្តរបស់យើងក៏នឹងសឲ្យឃើញនូវមេត្រីចិត្តផងដែរ។ (យ៉ា. ៣:១៧) ត្រូវមែន! យើងនឹងមានពរជាអ្នកដែលមានភាពសុខសាន្ត ពីព្រោះយើងដេញតាមសេចក្ដីមេត្រីនិងចេះផ្សះផ្សាគេ។
«ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាបានភ្លឺ»
១២. (ក) តើព្រះយេស៊ូមានប្រសាសន៍យ៉ាងណាអំពីការបញ្ចេញពន្លឺ? (ខ) តើយើងអាចបញ្ចេញពន្លឺតាមរបៀបណា?
១២ យើងប្រព្រឹត្តយ៉ាងល្អបំផុតចំពោះអ្នកដទៃ ពេលដែលយើងបង្រៀនពួកគេនូវសេចក្ដីពិតអំពីព្រះយេហូវ៉ា ហាក់ដូចជាបញ្ចេញពន្លឺដើម្បីជួយបំភ្លឺចិត្តគំនិតរបស់គេ។ (ទំនុក. ៤៣:៣) ព្រះយេស៊ូមានប្រសាសន៍ទៅកាន់សិស្សរបស់ទ្រង់ថា ពួកគេមានលក្ខណៈដូចជា«ពន្លឺនៃលោកីយ»។ ដូច្នេះ ព្រះយេស៊ូបានដាស់តឿនសិស្សទ្រង់ថា ពន្លឺរបស់ពួកគេគួរភ្លឺនៅចំពោះមុខមនុស្សលោក ដើម្បីឲ្យអ្នកដទៃឃើញ«ការល្អ»របស់ខ្លួន។ ក្នុងករណីនេះ ព្រះយេស៊ូសំដៅទៅលើកិច្ចការផ្សព្វផ្សាយ ជាកិច្ចការដែលប្រៀបដូចជាការបញ្ចេញពន្លឺឲ្យភ្លឺ«នៅមុខមនុស្សលោក» ដើម្បីនាំឲ្យគេទទួលប្រយោជន៍។ (សូមអាន ម៉ាថាយ ៥:១៤-១៦) នៅសព្វថ្ងៃ យើងក៏បញ្ចេញពន្លឺដោយធ្វើការល្អចំពោះអ្នកដទៃ ដោយផ្សាយដំណឹងល្អ«នៅគ្រប់ក្នុងលោកីយទាំងមូល» ពោលគឺ «ដល់គ្រប់សាសន៍»តែម្ដង។ (ម៉ាថ. ២៦:១៣; ម៉ាក. ១៣:១០) នេះហើយជាឯកសិទ្ធិដ៏ពិសេសមែន!
១៣. តើមនុស្សដទៃកត់សម្គាល់លក្ខណៈល្អៗអ្វីខ្លះរបស់យើង?
១៣ ព្រះយេស៊ូមានប្រសាសន៍ថា៖ «ទីក្រុងណាដែលនៅលើភ្នំ នោះលាក់មិនកំបាំងទេ»។ ទីក្រុងណាដែលស្ថិតនៅលើភ្នំ ច្បាស់ជាស្រួលឃើញមែន! ដូចគ្នាដែរ ពេលយើងផ្សាយដំណឹងល្អ មនុស្សដទៃកត់សម្គាល់ការប្រព្រឹត្តដ៏ល្អរបស់យើង ព្រមទាំងឃើញលក្ខណៈល្អៗរបស់យើងផង ដូចជាសមត្ថភាពដឹងខ្នាតដែលចេះប្រមាណខ្លួន និងចិត្តគំនិតបរិសុទ្ធ។—ទីត. ២:១-១៤
១៤. (ក) សូមរៀបរាប់អំពីចង្កៀងដែលគេធ្លាប់ប្រើនៅសតវត្សរ៍ទី១។ (ខ) ក្នុងន័យធៀប តើយើងមិនដាក់ចង្កៀងក្រោម«ថាំង»យ៉ាងដូចម្ដេច?
១៤ ព្រះយេស៊ូបានលើកបញ្ជាក់ថា ពេលមនុស្សអុជចង្កៀង គេមិនយកវាទៅដាក់ក្រោមថាំងទេ តែដាក់នៅលើជើងចង្កៀងវិញ ដើម្បីបំភ្លឺផ្ទះទាំងមូល។ នៅសតវត្សរ៍ទី១ ចង្កៀងដែលគេប្រើនោះ ធ្វើពីដីហើយមានប្រឆេះសម្រាប់ជក់ប្រេង (ធម្មតាប្រេងចម្រាញ់ពីផ្លែអូលីវ) ប្រហែលគ្នានឹងចង្កៀងប្រេងកាតដែរ។ តាមធម្មតា គេបានដាក់ចង្កៀងលើជើងចង្កៀងដែលធ្វើពីឈើឬដែក ដើម្បី«ភ្លឺដល់អ្នកដែលនៅក្នុងផ្ទះទាំងអស់គ្នា»។ មនុស្សនៅសម័យនោះមិនអុជចង្កៀងហើយយកទៅដាក់ក្រោម«ថាំង»ដែលជាប្រដាប់វាល់ស្រូវឡើយ។ ព្រះយេស៊ូមិនចង់ឲ្យសិស្សរបស់ទ្រង់លាក់ទុកពន្លឺរបស់ខ្លួន ហាក់ដូចជាយកថាំងមកគ្របទេ។ ដូច្នេះ យើងត្រូវតែបញ្ចេញពន្លឺដែរ ហើយមិនអនុញ្ញាតឲ្យការប្រឆាំងនិងទុក្ខបៀតបៀនបណ្ដាលឲ្យយើងលាក់ទុកសេចក្ដីពិតដែលយើងបានរៀនក្នុងគម្ពីរឡើយ។
១៥. តើ«ការល្អ»របស់យើងអាចមានឥទ្ធិពលយ៉ាងណាទៅលើមនុស្សដទៃ?
១៥ ក្រោយព្រះយេស៊ូបានរៀបរាប់អំពីចង្កៀងដែលបញ្ចេញពន្លឺនោះ ទ្រង់មានប្រសាសន៍ទៀតថា៖ «ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាបានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើងដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌»។ ដោយសារ«ការល្អ»ដែលយើងប្រព្រឹត្ត មនុស្សខ្លះ«សរសើរដំកើង»ព្រះយេហូវ៉ាដោយក្លាយទៅជាអ្នកបម្រើទ្រង់។ លទ្ធផលល្អនោះពិតជាជំរុញចិត្តយើងឲ្យចង់«ភ្លឺនៅកណ្ដាលគេ»ជាបន្ត «ដូចជាតួពន្លឺនៅក្នុងលោក»!—ភី. ២:១៥
១៦. តើមុខនាទីជា«ពន្លឺនៃលោកីយ» តម្រូវឲ្យយើងប្រព្រឹត្តយ៉ាងណា?
១៦ មុខនាទីជា«ពន្លឺនៃលោកីយ» តម្រូវឲ្យយើងផ្សព្វផ្សាយសារស្តីអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា និងបញ្ចុះបញ្ចូលឲ្យមានសិស្ស។ ប៉ុន្តែ មានអ្វីទៀតដែលយើងត្រូវធ្វើដែរ។ សាវ័កប៉ុលបានសរសេរថា៖ «ចូរដើរដូចជាមនុស្សភ្លឺចុះ! ដ្បិតផលផ្លែនៃពន្លឺ នោះមាននៅក្នុងគ្រប់ទាំងកិរិយាល្អ សេចក្ដីសុចរិត នឹងសេចក្ដីពិត»។ (អេភ. ៥:៨, ៩) ដូចជាពន្លឺដែលភ្លឺផ្លេកៗនោះ កិរិយារបស់យើងគួរតែសឲ្យឃើញថា យើងជាអ្នកដែលធ្វើតាមគោលការណ៍ល្អៗរបស់ព្រះយេហូវ៉ា។ គឺសំខាន់ណាស់ឲ្យយើងធ្វើតាមដំបូន្មានរបស់សាវ័កពេត្រុសដែលសរសេរថា៖ «[ចូរ]ប្រព្រឹត្តដោយទៀងត្រង់នៅក្នុងពួកសាសន៍ដទៃ ដើម្បីនៅកន្លែងណាដែលគេនិយាយដើមពីអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះឲ្យគេបានសរសើរដល់ព្រះ . . . ដោយគេឃើញការល្អរបស់អ្នករាល់គ្នាវិញ»។ (១ពេ. ២:១២) ប៉ុន្តែ ចុះយ៉ាងណាបើមានទំនាក់ទំនងប្រេះឆារវាងបងប្អូនរួមជំនឿ?
«ទៅរកជានឹងបងប្អូន»
១៧-១៩. (ក) តើ«ដង្វាយ»ក្នុងសៀវភៅម៉ាថាយ ៥:២៣, ២៤ សំដៅទៅលើអ្វី? (ខ) តើការរកជានានឹងបងប្អូនរួមជំនឿមានសារៈសំខាន់ប៉ុណ្ណា? តើព្រះយេស៊ូបានបញ្ជាក់ពីសារៈសំខាន់នេះ យ៉ាងដូចម្ដេច?
១៧ ក្នុងធម្មទានដែលព្រះយេស៊ូបានថ្លែងនៅលើភ្នំ ទ្រង់ក៏ព្រមានដល់សិស្សទ្រង់ថា មិនគួរឲ្យគេចងគំនុំនិងស្អប់បងប្អូនរួមជំនឿឡើយ។ ផ្ទុយទៅវិញ គប្បីឲ្យពួកគេខំរកជានានឹងបងប្អូនដែលតូចចិត្តនឹងគេ ហើយបើធ្វើដូច្នេះកាន់តែឆាប់ នោះកាន់តែល្អ។ (សូមអាន ម៉ាថាយ ៥:២១-២៥) សូមកត់សម្គាល់ឲ្យបានច្បាស់លាស់នូវឱវាទនេះរបស់ព្រះយេស៊ូ។ បើអ្នកថ្វាយបង្គំព្រះយេហូវ៉ាកំពុងនាំយកតង្វាយមកដល់ទីបូជា ហើយនៅទីនោះគាត់នឹកឃើញថា បងប្អូនណាមានហេតុទាស់នឹងខ្លួន តើគាត់គួរតែធ្វើអ្វី? គាត់គួរតែទុកតង្វាយរបស់ខ្លួននៅមុខទីបូជា ហើយទៅរកជានានឹងបងប្អូនជាមុនសិន។ រួចមក គាត់អាចត្រឡប់ទៅថ្វាយតង្វាយរបស់ខ្លួនចំពោះព្រះយេហូវ៉ាវិញ។
១៨ «ដង្វាយ»នោះច្រើនតែសំដៅទៅលើគ្រឿងបូជាណាដែលអ្នកថ្វាយបង្គំព្រះយេហូវ៉ាបានយកទៅថ្វាយចំពោះទ្រង់នៅឯវិហារ។ សត្វផ្សេងៗជាគ្រឿងបូជាដ៏សំខាន់ ពីព្រោះក្នុងក្រឹត្យវិន័យដែលព្រះយេហូវ៉ាឲ្យតាមរយៈលោកម៉ូសេ ទ្រង់បង្គាប់បណ្ដាជនអ៊ីស្រាអែលឲ្យបូជាសត្វទុកជាផ្នែកមួយនៃការថ្វាយបង្គំទ្រង់។ ប៉ុន្តែ បើអ្នកថ្វាយបង្គំព្រះយេហូវ៉ានឹកឃើញថាបងប្អូនណាមានហេតុទាស់នឹងខ្លួន គាត់ត្រូវតែចាត់ទុកការដោះស្រាយរឿងរ៉ាវនោះជាអ្វីដែលសំខាន់ជាងការថ្វាយសត្វជាតង្វាយទៅទៀត។ ព្រះយេស៊ូមានប្រសាសន៍ថា៖ «[អ្នក]នោះត្រូវទុកដង្វាយរបស់[ខ្លួន]នៅមុខអាសនា ហើយទៅរកជានឹងបងប្អូនជាមុនសិន»។ រួច«សឹមមកថ្វាយដង្វាយ»របស់ខ្លួនវិញ។ នេះបង្ហាញថា សូម្បីតែពេលដែលច្បាប់ក្នុងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាតម្រូវឲ្យអ្នកថ្វាយបង្គំបំពេញភារកិច្ចណាមួយក៏ដោយ នោះគាត់ត្រូវតែចាត់ទុកការរកជានានឹងបងប្អូនរួមជំនឿជាអ្វីដែលមានអាទិភាព។
១៩ អ្វីដែលព្រះយេស៊ូមានប្រសាសន៍នោះ មិនសំដៅទៅលើតង្វាយពិសេសណាមួយ ឬកំហុសជាក់លាក់ណាមួយឡើយ។ ដូច្នេះ បើអ្នកថ្វាយបង្គំនឹកឃើញថា បងប្អូនណាមានហេតុទាស់នឹងខ្លួន គាត់មិនយកតង្វាយទៅថ្វាយព្រះយេហូវ៉ាភ្លាមទេ។ បើតង្វាយរបស់គាត់ជាសត្វ គាត់ត្រូវតែទុកសត្វដែលនៅរស់នោះ «នៅមុខអាសនា»ដែលជាទីបូជាសត្វនៅឯទីលាននៃពួកសង្ឃ ដែលស្ថិតនៅខាងមុខវិហាររបស់ព្រះយេហូវ៉ា។ ពេលបានជានានឹងបងប្អូនរួមជំនឿរួចហើយ អ្នកថ្វាយបង្គំដែលបានផ្ដល់ហេតុឲ្យអ្នកនោះទាស់ចិត្ត អាចត្រឡប់មកថ្វាយសត្វរបស់ខ្លួនជាតង្វាយថ្វាយដល់ព្រះយេហូវ៉ា។
២០. បើយើងខឹងនឹងបងប្អូនរួមជំនឿណាម្នាក់ ហេតុអ្វីក៏សំខាន់ម្ល៉េះឲ្យយើងព្យាយាមដោះស្រាយបញ្ហានោះភ្លាម?
២០ ស្របទៅតាមទស្សនៈរបស់ព្រះយេហូវ៉ា ចំណងមិត្តភាពដែលបងប្អូនរួមជំនឿមានជាមួយគ្នា គឺជាចំណុចសំខាន់មួយក្នុងការថ្វាយបង្គំទ្រង់។ បើអ្នកថ្វាយបង្គំព្រះយេហូវ៉ាប្រព្រឹត្តបែបមិនល្អចំពោះអ្នកដទៃ ហើយក្រោយមកបានយកសត្វទៅបូជាថ្វាយចំពោះទ្រង់ ទ្រង់ចាត់ទុកតង្វាយនោះជាអ្វីដែលគ្មានតម្លៃទៅវិញ។ (មីកា ៦:៦-៨) ហេតុនេះហើយ បានជាព្រះយេស៊ូដាស់តឿនសិស្សរបស់ទ្រង់ថា៖ «ចូរឲ្យអ្នកជាស្រុះស្រួលនឹងអ្នកដើមចោទវិញ ជាប្រញាប់!»។ (ម៉ាថ. ៥:២៥) ស្រដៀងគ្នាដែរ ប៉ុលបានសរសេរថា៖ «ចូរខឹងចុះ! តែកុំឲ្យធ្វើបាបឡើយ កុំឲ្យសេចក្ដីកំហឹងរបស់អ្នកនៅដរាបដល់ថ្ងៃលិចឡើយ ក៏កុំឲ្យអារក្សមានឱកាសឲ្យសោះ»។ (អេភ. ៤:២៦, ២៧) បើមានហេតុខឹងគេមែន យើងក៏គួរតែព្យាយាមដោះស្រាយបញ្ហានោះភ្លាម ដើម្បីមិនឲ្យខឹងគេរហូត ដែលអាចហុចឱកាសឲ្យសាតាំងជញ្ជក់យកប្រយោជន៍ពីយើង។—លូ. ១៧:៣, ៤
ចូរផ្ដល់កិត្ដិយសដល់គេចុះ!
២១, ២២. (ក) តើយើងអាចធ្វើតាមឱវាទរបស់ព្រះយេស៊ូដែលយើងទើបតែបានពិនិត្យមើលនេះ យ៉ាងដូចម្ដេច? (ខ) ក្នុងអត្ថបទបន្ទាប់ តើយើងនឹងពិនិត្យមើលចំណុចអ្វីខ្លះ?
២១ ការពិនិត្យមើលម្ដងនេះទៀត នូវអ្វីៗដែលព្រះយេស៊ូមានប្រសាសន៍ក្នុងធម្មទានរបស់ទ្រង់នៅលើភ្នំ គួរជួយយើងឲ្យចេះផ្ដល់កិត្ដិយសនិងប្រព្រឹត្តដោយសប្បុរសចំពោះអ្នកដទៃ។ ទោះជាយើងរាល់គ្នាគ្មានភាពល្អឥតខ្ចោះក៏ដោយ យើងនៅតែអាចធ្វើតាមឱវាទរបស់ព្រះយេស៊ូនៅឡើយ។ តាមការពិត ព្រះយេស៊ូនិងបិតារបស់ទ្រង់នៅឯស្ថានសួគ៌ មិនតម្រូវឲ្យយើងធ្វើអ្វីដែលហួសពីលទ្ធភាពរបស់យើងទេ។ បើយើងអធិដ្ឋាន ខំប្រឹងប្រែងដោយខ្លួនឯង ព្រមទាំងទទួលជំនួយពីព្រះយេហូវ៉ាផង យើងអាចប្រព្រឹត្តដោយសម្លូត មានចិត្តមេត្ដា និងចេះផ្សះផ្សាគេបាន។ ណាមួយទៀត យើងក៏អាចលើកតម្កើងព្រះយេហូវ៉ា ហាក់ដូចជាបញ្ចេញពន្លឺ ព្រមទាំងរកជានានឹងបងប្អូនពេលមានរឿង។
២២ ការថ្វាយបង្គំដែលគាប់ចិត្តព្រះយេហូវ៉ាក៏រួមបញ្ចូលការប្រព្រឹត្តល្អចំពោះអ្នកដទៃដែលប្រៀបដូចជាអ្នកជិតខាង។ (ម៉ាក. ១២:៣១) ក្នុងអត្ថបទបន្ទាប់ យើងនឹងពិនិត្យមើលចំណុចឯទៀតដែលព្រះយេស៊ូបានថ្លែងក្នុងធម្មទានរបស់ទ្រង់នៅលើភ្នំ ដែលអាចជួយយើងឲ្យប្រព្រឹត្តល្អជាបន្តចំពោះអ្នកដទៃ។ យ៉ាងណាមិញ ពេលគិតពីចំណុចល្អៗដែលយើងទើបតែបានពិនិត្យមើលពីធម្មទានដ៏អស្ចារ្យរបស់ព្រះយេស៊ូ គប្បីឲ្យយើងសួរខ្លួនឯងថា ‹តើខ្ញុំប្រព្រឹត្តល្អប៉ុណ្ណាចំពោះអ្នកដទៃ?›។
[កំណត់សម្គាល់]
a ពេលសិក្សាអត្ថបទនេះនិងអត្ថបទជាបន្ទាប់ដោយខ្លួនឯង យើងអាចទទួលប្រយោជន៍ច្រើនជាងដោយអានបទគម្ពីរទាំងនេះជាមុនសិន។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើការប្រព្រឹត្តដោយសម្លូតរួមបញ្ចូលអ្វីខ្លះ?
• ហេតុអ្វីក៏មនុស្សដែល«មានចិត្តមេត្ដា»មានពរ?
• តើយើងអាចបញ្ចេញពន្លឺយ៉ាងដូចម្ដេច?
• តើយើងអាច«ទៅរកជានឹងបងប្អូន»យ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ១០]
ស្របទៅតាមគោលការណ៍របស់ព្រះយេហូវ៉ា ចាំបាច់ណាស់ឲ្យគ្រិស្តសាសនិកមានកិរិយាល្អទុកជាគំរូដល់អ្នកដទៃ