‹ចូរពួកអ្នកអានប្រើការវិនិច្ឆ័យ›
«ដូច្នេះ កាលណាអ្នករាល់គ្នាឃើញសេចក្ដីដែលហោរាដានីយ៉ែលបានទាយទុក គឺជាសេចក្ដីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ វាឈរនៅក្នុងទីបរិសុទ្ធ . . . នោះត្រូវឲ្យពួកអ្នកដែលនៅស្រុកយូដារត់ចេញទៅឯភ្នំ»។—ម៉ាថាយ ២៤:១៥, ១៦
១. សេចក្ដីព្រមានដែលព្រះយេស៊ូបានប្រទានមកនៅក្នុងលូកា ១៩:៤៣, ៤៤ មានលទ្ធផលយ៉ាងណា?
ការប្រុងប្រៀបនឹងវិបត្ដិភ័យដែលជិតមកដល់ អាចជួយយើងឲ្យជៀសវាងបាន។ (សុភាសិត ២២:៣) ដូច្នេះ ចូរគិតអំពីស្ថានការណ៍នៃពួកគ្រីស្ទានដែលនៅក្នុងក្រុងយេរូសាឡិម ក្រោយពីពួករ៉ូម៉ាំងវាយលុកនៅក្នុងឆ្នាំ៦៦ ស.យ.។ ព្រះយេស៊ូបានព្រមានថា ទីក្រុងនេះនឹងត្រូវព័ទ្ធជុំវិញហើយនិងទទួលសេចក្ដីហិនវិនាស។ (លូកា ១៩:៤៣, ៤៤) ពួកយូដាភាគច្រើនបានបដិសេធទ្រង់ចោល។ ប៉ុន្តែ ពួកសិស្សរបស់ទ្រង់បានធ្វើតាមសេចក្ដីព្រមានរបស់ទ្រង់។ ជាលទ្ធផល ពួកគេបានត្រូវសង្គ្រោះពីវិបត្ដិភ័យនោះក្នុងឆ្នាំ៧០ ស.យ.។
២, ៣. ហេតុអ្វីក៏យើងគួរចាប់អារម្មណ៍នឹងទំនាយរបស់ព្រះយេស៊ូ ដែលបានកត់ទុកនៅក្នុងម៉ាថាយ ២៤:១៥-២១?
២ នៅក្នុងទំនាយមួយដែលមានការទាក់ទងសំរាប់យើងសព្វថ្ងៃនេះ នោះព្រះយេស៊ូបានរៀបរាប់នូវទីសម្គាល់រួម ដែលរួមបញ្ចូលសង្គ្រាម ការខ្វះអាហារ កក្រើកដី រោគរាតត្បាត និងការបៀតបៀនពួកគ្រីស្ទាន ដែលផ្សព្វផ្សាយអំពីព្រះរាជាណាចក្ររបស់ព្រះ។ (ម៉ាថាយ ២៤:៤-១៤; លូកា ២១:១០-១៩) ព្រះយេស៊ូក៏បានប្រទានឲ្យសញ្ញា ដែលនឹងជួយពួកសិស្សរបស់ទ្រង់ឲ្យដឹងថាទីបញ្ចប់គឺជិតមកដល់ ដូចជា «សេចក្ដីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ វាឈរនៅក្នុងទីបរិសុទ្ធ»។ (ម៉ាថាយ ២៤:១៥) ចូរឲ្យយើងពិនិត្យមើលសាឡើងវិញនូវពាក្យដ៏មានអត្ថន័យទាំងនោះ ដើម្បីឲ្យដឹងនូវរបៀបដែលពាក្យទាំងនោះមានឥទ្ធិពលលើជីវិតរបស់យើងឥឡូវ និងនៅក្នុងអនាគតដែរ។
៣ ក្រោយពីបានរៀបរាប់អំពីទីសម្គាល់ទាំងនោះ ព្រះយេស៊ូបានមានបន្ទូលថា៖ «ដូច្នេះ កាលណាអ្នករាល់គ្នាឃើញសេចក្ដីដែលហោរាដានីយ៉ែលបានទាយទុក គឺជាសេចក្ដីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ វាឈរនៅក្នុងទីបរិសុទ្ធ (អ្នកណាដែលអានមើល ឲ្យយល់ចុះ) នោះត្រូវឲ្យពួកអ្នកដែលនៅស្រុកយូដារត់ចេញទៅឯភ្នំ កុំឲ្យអ្នកណាដែលនៅលើដំបូលផ្ទះចុះមក ដើម្បីនឹងយករបស់អ្វីពីផ្ទះឡើយ ហើយកុំឲ្យអ្នកដែលនៅស្រែចំការ ត្រឡប់មកវិញ ដើម្បីនឹងយកសំលៀកបំពាក់ខ្លួនដែរ។ នៅគ្រានោះ ស្ត្រីណាដែលមានផ្ទៃពោះ ហើយស្ត្រីណាដែលបំបៅកូន នឹងវេទនាណាស់ ចូរអធិស្ឋានសូមកុំឲ្យត្រូវរត់នៅរដូវរងា ឬនៅថ្ងៃឈប់សំរាកឡើយ ដ្បិតនៅគ្រានោះ នឹងមានសេចក្ដីវេទនាជាខ្លាំងណាស់ ដល់ម្ល៉េះបានជាតាំងពីដើមកំណើតលោកីយ»។—ម៉ាថាយ ២៤:១៥-២១
៤. តើអ្វីដែលបញ្ជាក់ថាម៉ាថាយ ២៤:១៥ មានសេចក្ដីសម្រេចនៅក្នុងសតវត្សទីមួយ?
៤ ដំណើររឿងដោយម៉ាកុសនិងលូកា ផ្ដល់នូវពត៌មានបន្ថែមទៀត។ កាលដែលម៉ាថាយ ប្រើពាក្យ«ឈរនៅក្នុងទីបរិសុទ្ធ» រីឯម៉ាកុស ១៣:១៤ ចែងថា «ឈរនៅកន្លែងដែលមិនគួរឲ្យឈរ»។ លូកា ២១:២០ បន្ថែមបន្ទូលរបស់ព្រះយេស៊ូទៀតថា៖ «កាលណាឃើញពលទ័ពឡោមព័ទ្ធក្រុងយេរូសាឡិម នោះត្រូវឲ្យដឹងថា សេចក្ដីហិនវិនាសនៃក្រុងនោះជិតដល់ហើយ»។ នេះជួយយើងឲ្យឃើញថា សេចក្ដីសម្រេចដំបូងបានទាក់ទងនឹងការវាយលុករបស់ពួករ៉ូម៉ាំង ដែលបានចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ៦៦ ស.យ.លើក្រុងយេរូសាឡិម និងព្រះវិហារនោះ ដែលជាកន្លែងបរិសុទ្ធចំពោះពួកយូដា ប៉ុន្តែលែងជាកន្លែងបរិសុទ្ធចំពោះព្រះយេហូវ៉ា។ សេចក្ដីហិនវិនាសបានកើតឡើង នៅពេលដែលពួករ៉ូម៉ាំងបានកំទេចចោល ទីក្រុងនិងព្រះវិហារនៅក្នុងឆ្នាំ៧០ ស.យ.។ តើ«សេចក្ដីស្អប់ខ្ពើម»នៅគ្រានោះជាអ្វី? ហើយតើតាមរបៀបណាដែលវា‹បានឈរនៅក្នុងទីបរិសុទ្ធ›? ការឆ្លើយនឹងសំនួរទាំងនេះនឹងជួយយើងឲ្យយល់ច្បាស់អំពីការសម្រេចនៃសម័យទំនើបនេះ។
៥, ៦. (ក) ហេតុអ្វីក៏ពួកអ្នកអាននៃដានីយ៉ែល ជំពូក៩ ត្រូវប្រើការវិនិច្ឆ័យ? (ខ) តើតាមរបៀបណាដែលទំនាយរបស់ព្រះយេស៊ូអំពី«សេចក្ដីស្អប់ខ្ពើម»បានសម្រេច?
៥ ព្រះយេស៊ូបានដាស់តឿនពួកអ្នកអានឲ្យប្រើការវិនិច្ឆ័យ។ តើពួកអ្នកអានអំពីអ្វី? ប្រហែលជាពួកអ្នក អានអំពីដានីយ៉ែល ជំពូក៩។ នៅទីនោះ យើងរកឃើញនូវទំនាយមួយដែលបញ្ជាក់នៅពេលណាដែលព្រះមេស្ស៊ីនឹងលេចខ្លួនមក ហើយបានទាយទុកជាមុនថា ទ្រង់នឹងត្រូវ«ផ្ដាច់ចេញ»ក្រោយពីបីឆ្នាំកន្លះ។ ទំនាយនេះចែងថា៖ «ហើយនៅក្នុងព្រះវិហារ នឹងមានធ្វើការ គួរស្អប់ខ្ពើមដែលនឹងបង្ខូចបំផ្លាញ ក៏នឹងមានសេចក្ដីក្រោធចាក់ទៅលើទីខូចបង់នោះ ដរាបដល់ចុងបំផុត ជាវេលាដែលបានកំណត់ទុកហើយ»។—ដានីយ៉ែល ៩:២៦, ២៧; សូមមើល ដានីយ៉ែល ១១:៣១; ១២:១១
៦ ពួកយូដាបានគិតថា នេះគឺទាក់ទងនឹងការមើលងាយដល់ព្រះវិហារ ដោយអាន់ទីយ៉ូកឹស ទី៤ ប្រមាណ២០០ឆ្នាំមុននេះ។ ក៏ប៉ុន្តែ ព្រះយេស៊ូបានបង្ហាញថាមិនជាអ៊ីចឹងសោះឡើយ ដោយដាស់តឿនឲ្យប្រើការវិនិច្ឆ័យ ពីព្រោះ«សេចក្ដីស្អប់ខ្ពើម»មិនទាន់លេចខ្លួនមកឈរនៅក្នុង«ទីបរិសុទ្ធ»នៅឡើយទេ។ គឺឃើញច្បាស់ថា ព្រះយេស៊ូបានសំដៅទៅពួកទ័ពរ៉ូម ដែលនឹងមកនៅក្នុងឆ្នាំ៦៦ ស.យ. ដែលមានកាន់ទង់សញ្ញាបែបនេះ ដែលគេនិយមប្រើជាយូរយារមកហើយ គឺសឹងតែជារូបព្រះ ហើយជាអ្វីដ៏ស្អប់ខ្ពើមចំពោះពួកយូដា។a ក៏ប៉ុន្តែ តើនៅពេលណា ដែលពួកទាហានរ៉ូម៉ាំងបាន‹ឈរនៅក្នុងទីបរិសុទ្ធ›? នោះបានកើតឡើង នៅពេលដែលពួកទ័ពរ៉ូម៉ាំង ដោយកាន់ទង់សញ្ញា បានវាយលុកក្រុងយេរូសាឡិមនិងព្រះវិហារ ដែលពួកយូដាចាត់ទុកជាអ្វីដ៏បរិសុទ្ធនោះ។ ពួករ៉ូម៉ាំងទាំងបានចាប់ផ្ដើមជីកពីក្រោមកំផែងនៃកន្លែងព្រះវិហារផង។ ប្រាកដហើយ អ្វីដែលជាទីស្អប់ខ្ពើមជាយូរយារមកហើយ ឥឡូវបានឈរនៅក្នុងទីបរិសុទ្ធហើយ!—អេសាយ ៥២:១; ម៉ាថាយ ៤:៥; ២៧:៥៣; កិច្ចការ ៦:១៣
«សេចក្ដីស្អប់ខ្ពើម»សម័យទំនើបនេះ
៧. តើទំនាយមួយណារបស់ព្រះយេស៊ូ ដែលកំពុងតែសម្រេចនៅសម័យយើងនេះ?
៧ តាំងពីសង្គ្រាមលោកលើកទី១ យើងបានឃើញការសម្រេចដ៏ធំជាងនៃទីសម្គាល់របស់ព្រះយេស៊ូ ដែលបានកត់ទុកនៅក្នុងម៉ាថាយ ជំពូកទី២៤។ ប៉ុន្តែ ចូរនឹកចាំបន្ទូលរបស់ទ្រង់ ដែលថា៖ «កាលណាអ្នករាល់គ្នាឃើញ . . . សេចក្ដីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ វាឈរនៅក្នុងទីបរិសុទ្ធ . . . នោះត្រូវឲ្យពួកអ្នកដែលនៅស្រុកយូដារត់ចេញទៅឯភ្នំ»។ (ម៉ាថាយ ២៤:១៥, ១៦) លក្ខណៈនេះក្នុងទំនាយគឺត្រូវតែមានការសម្រេចនៅក្នុងសម័យយើងនេះដែរ។
៨. ជាច្រើនឆ្នាំមកហើយ តើតាមរបៀបណាដែលស្មរបន្ទាល់ព្រះយេហូវ៉ាសម្គាល់«សេចក្ដីស្អប់ខ្ពើម»នៅក្នុងសម័យទំនើបនេះ?
៨ ដោយសម្ដែងទំនុកចិត្តនៃពួកអ្នកបំរើរបស់ព្រះយេហូវ៉ា ថាទំនាយនេះនឹងសម្រេច នោះទស្សនាវដ្ដីប៉មយាម នៃថ្ងៃទី១ ខែមករា ឆ្នាំ១៩២១ បានបញ្ជាក់លើការទាក់ទងជាមួយនឹងព្រឹត្ដិការណ៍នៅក្នុងមជ្ឈិមបូព៌ាប្រទេស។ បន្តបន្ទាប់មក ទស្សនាវដ្ដីប៉មយាម នៃថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩២៩ នៅលើទំព័រ ៣៧៤ បានចែងថា៖ «ការទោរទន់ទាំងមូលនៃអង្គការសម្ព័ន្ធប្រជាជាតិ គឺដើម្បីបំបែរមនុស្សចេញពីព្រះនិងចេញពីព្រះគ្រីស្ទ ហើយគឺដូច្នេះហើយដែលវាជាសេចក្ដីស្អប់ខ្ពើម ដែលជាផលិតផលរបស់សាតាំង ហើយជាទីស្អប់ខ្ពើមចំពោះព្រះនេត្ររបស់ព្រះ»។ ដូច្នេះនៅក្នុងឆ្នាំ១៩១៩ «សេចក្ដីស្អប់ខ្ពើម»ក៏បានលេចខ្លួនឡើង។ នៅពេលក្រោយមក ក៏មានអង្គការសហប្រជាជាតិស្នងអំណាចជំនួសអង្គការសម្ព័ន្ធប្រជាជាតិនេះ។ ស្មរបន្ទាល់ព្រះយេហូវ៉ាបានលាតត្រដាងជាយូរយារមកហើយ ថាអង្គការរកសន្ដិភាពរបស់មនុស្សនេះ ជាអ្វីដ៏ស្អប់ខ្ពើមចំពោះព្រះនេត្ររបស់ព្រះ។
៩, ១០. តើតាមរបៀបណាដែលការយល់នៅពីដើមអំពីសេចក្ដីវេទនាជាខ្លាំង មានឥទ្ធិពលលើរបៀបដែលយើងចាត់ទុកអំពីពេល ដែល«សេចក្ដីស្អប់ខ្ពើម»នឹងឈរនៅក្នុងទីបរិសុទ្ធនោះ?
៩ អត្ថបទមុននេះ បានសង្ខេបអំពីទស្សនៈមួយដ៏ច្បាស់លាស់ជាងមុននូវភាគច្រើននៃម៉ាថាយ ជំពូក២៤និងជំពូក២៥។ តើជាការសមឬ ឲ្យបញ្ជាក់បានច្បាស់ថែមទៀតស្តីអំពី‹សេចក្ដីស្អប់ខ្ពើមដែលកំពុងឈរនៅក្នុងទីបរិសុទ្ធ›នោះ? ប្រហែលជាអ៊ីចឹងហើយ។ ទំនាយរបស់ព្រះយេស៊ូអំពី‹ការឈរនៅក្នុងទីបរិសុទ្ធ› គឺទាក់ទងយ៉ាងប្រកិតនឹងការផ្ទុះឡើងនៃ«សេចក្ដីវេទនា»ដែលបានទាយមកនោះ។ ដូច្នេះហើយ ទោះបី«សេចក្ដីស្អប់ខ្ពើម»មានជាយូរយារមកហើយក្ដី ការជាប់ទាក់ទងរវាង‹ការឈរនៅក្នុងទីបរិសុទ្ធ› ជាមួយនឹងសេចក្ដីវេទនាជាខ្លាំង គួរមានឥទ្ធិពលលើគំនិតរបស់យើង។ តើយ៉ាងដូចម្ដេចទៅ?
១០ រាស្ត្ររបស់ព្រះនៅពេលមួយបានយល់ថា ផ្នែកដំបូងនៃសេចក្ដីវេទនាជាខ្លាំងបានចាប់ផ្ដើមនៅឆ្នាំ១៩១៤ ហើយថាផ្នែកចុងក្រោយគឺនឹងមកដល់នៅឯសង្គ្រាមអើម៉ាគេដូន។ (វិវរណៈ ១៦:១៤, ១៦; ប្រៀបមើលប៉មយាម ថ្ងៃ១ ខែមេសា ឆ្នាំ១៩៣៩ ទំព័រ ១១០) ដូច្នេះហើយ យើងអាចយល់នូវមូលហេតុដែលបានគិតពីមុនថា «សេចក្ដីស្អប់ខ្ពើម»នៅជាន់ក្រោយ គឺច្បាស់ជាបានឈរនៅក្នុងទីបរិសុទ្ធ មិនយូរប៉ុន្មានក្រោយពីសង្គ្រាមលោកលើកទី១។
១១, ១២. នៅក្នុងឆ្នាំ១៩៦៩ តើទស្សនៈដែលបានកែតម្រូវណាអំពីសេចក្ដីវេទនាជាខ្លាំងដែលបានសម្ដែងប្រាប់នោះ?
១១ យ៉ាងណាក៏ដោយ នៅក្នុងឆ្នាំក្រោយៗមក យើងបានយល់ឃើញយ៉ាងខុសពីនោះ។ នៅថ្ងៃព្រហស្បតិ៍ទី១០ ខែកក្កដា ឆ្នាំ១៩៦៩ នៅឯសន្និបាតអន្តរជាតិដែលមានប្រធាន «សន្ដិភាពនៅលើផែនដី» នៅក្នុងទីក្រុងញូវយ៉ក នោះហ្វ្រីឌីរិក ហ្វ្រេន្ស ដែលនៅពេលនោះមានតំណែងជាអនុប្រធាននៃសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណ បានថ្លែងសុន្ទរកថាដ៏រំភើបមួយ។ ក្នុងការពិនិត្យសាឡើងវិញនូវការយល់មុនៗអំពីទំនាយរបស់ព្រះយេស៊ូ នោះបងប្រុសហ្វ្រេន្ស បានមានប្រសាសន៍ថា៖ «សេចក្ដីពន្យល់បានផ្ដល់ឲ្យថា ‹សេចក្ដីវេទនាជាខ្លាំង›បានចាប់ផ្ដើមនៅក្នុងឆ្នាំ១៩១៤ស.យ. ហើយថានឹងមិនត្រូវអនុញ្ញាតឲ្យមានដំណើរពេញទំហឹងនៅពេលនោះឡើយ ផ្ទុយទៅវិញ ព្រះទ្រង់បានបញ្ឈប់សង្គ្រាមលោកលើកទី១នៅខែវិច្ឆិកាក្នុងឆ្នាំ១៩១៨។ តាំងពីនោះមក ព្រះបានអនុញ្ញាតឲ្យមានចន្លោះពេល សំរាប់សកម្មភាពរបស់ពួកអ្នកចាក់ប្រេងតាំងដែលនៅសល់ ជាពួកគ្រីស្ទានដែលបានរើសតាំងនោះ មុននឹងទ្រង់អនុញ្ញាតឲ្យផ្នែកចុងក្រោយនៃ‹សេចក្ដីវេទនាជាខ្លាំង›ចាប់ផ្ដើមម្ដងទៀត គឺនៅឯសង្គ្រាមអើម៉ាគេដូន»។
១២ រួចមក គឺមានសេចក្ដីពន្យល់ដែលបានកែតម្រូវដ៏ធំមួយបានផ្ដល់មក ដែលថា៖ «ដើម្បីឲ្យស៊ីគ្នាជាមួយនឹងព្រឹត្ដិការណ៍នៃសតវត្សទីមួយ . . . ‹សេចក្ដីវេទនាជាខ្លាំង›ដូចគំរូដើម មិនបានចាប់ផ្ដើមនៅក្នុងឆ្នាំ១៩១៤ស.យ.នោះទេ។ ផ្ទុយទៅវិញ អ្វីដែលបានកើតឡើងលើក្រុងយេរូសាឡិមដែលមានដូចគំរូដើម នៅសម័យទំនើបនេះក្នុងឆ្នាំ១៩១៤-១៩១៨ គឺគ្រាន់តែជា‹ការចាប់ផ្ដើមនៃការឈឺចាប់នៃសេចក្ដីទុក្ខព្រួយ› . . . ‹សេចក្ដីវេទនាជាខ្លាំង›ដែលនឹងមិនកើតឡើងម្ដងទៀត នោះគឺនៅខាងមុខនៅឡើយ ដ្បិតនេះនឹងនាំឲ្យមានសេចក្ដីហិនវិនាសដល់ចក្រភពទូទៅនៃសាសនាមិនពិត (រួមបញ្ចូលពិភពគ្រីស្ទសាសនា) ដែលបន្ទាប់មកមាន‹សង្គ្រាមនៃថ្ងៃដ៏ធំរបស់ព្រះដ៏មានព្រះចេស្ដាបំផុត›នៅឯអើម៉ាគេដូន»។ នេះមានន័យថា សេចក្ដីវេទនាជាខ្លាំងទាំងមូល គឺនៅខាងមុខនៅឡើយ។
១៣. ហេតុអ្វីក៏សមហេតុផលក្នុងការនិយាយថា នឹងមាន‹ការឈរនៅក្នុងទីបរិសុទ្ធ›នៅអនាគត ដោយ«សេចក្ដីស្អប់ខ្ពើម»នោះ?
១៣ នេះគឺមានការទាក់ទងយ៉ាងធំលើការវិនិច្ឆ័យ នៅពេលដែល«សេចក្ដីស្អប់ខ្ពើម»ឈរនៅក្នុងទីបរិសុទ្ធ។ នៅចាំទេ អ្វីដែលបានកើតឡើងនៅក្នុងសតវត្សទីមួយនោះ។ ពួករ៉ូម៉ាំងបានវាយលុកក្រុងយេរូសាឡិមនៅក្នុងឆ្នាំ៦៦ ស.យ. ប៉ុន្តែពួកគេបានដកទ័ពយ៉ាងប្រញាប់ប្រញាល់ ដែលបានអនុញ្ញាតឲ្យពួកគ្រីស្ទានដ៏ជា«មនុស្ស» ឲ្យបានសង្គ្រោះ។ (ម៉ាថាយ ២៤:២២) ស្របទៅតាមរឿងនេះ យើងសង្ឃឹមថាសេចក្ដីវេទនាជាខ្លាំងនឹងចាប់ផ្ដើមឡើងមិនយូរប៉ុន្មានទៀត ប៉ុន្តែថ្ងៃនោះនឹងត្រូវបន្ថយឲ្យខ្លី ដើម្បីជាប្រយោជន៍នៃពួករើសតាំងរបស់ព្រះ។ ចូរកត់សម្គាល់ចំណុចសំខាន់នេះ៖ នៅក្នុងគំរូពីដើម ‹សេចក្ដីស្អប់ខ្ពើមដែលកំពុងតែឈរនៅក្នុងទីបរិសុទ្ធ›បានភ្ជាប់ទាក់ទងនឹងការវាយលុករបស់ពួករ៉ូម៉ាំង នៅក្រោមការដឹកនាំរបស់ឧត្តមសេនីយហ្កាឡាស នៅក្នុងឆ្នាំ៦៦ ស.យ.។ ការមានដូចគ្នានៅសម័យទំនើបនេះដែលនាំទៅដល់ការវាយលុយនោះ ដែលជាការផ្ទុះឡើងនៃសេចក្ដីវេទនាជាខ្លាំង គឺនៅខាងមុខនៅឡើយ។ ដូច្នេះ «សេចក្ដីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ» ដែលមានតាំងពីឆ្នាំ១៩១៩ តាមមើលទៅគឺមិនទាន់ឈរនៅក្នុងទីបរិសុទ្ធទេ។b តើនេះនឹងកើតឡើងយ៉ាងដូចម្ដេច? ហើយតើតាមរបៀបណាដែលយើងអាចត្រូវជាប់ទាក់ទងនោះ?
ការវាយលុកនៅអនាគត
១៤, ១៥. តើតាមរបៀបណាដែលវិវរណៈ ជំពូក១៧ ជួយយើងឲ្យយល់អំពីព្រឹត្ដិការណ៍ ដែលនាំទៅដល់អើម៉ាគេដូន?
១៤ សៀវភៅវិវរណៈពិពណ៌នាអំពីការវាយលុកដ៏ហិនហោចលើសាសនាមិនពិត។ ជំពូក១៧ រៀបរាប់អំពីការជំនុំជំរះរបស់ព្រះលើ«ក្រុងបាប៊ីឡូនដ៏ជាធំ ជាម្ដាយនៃពួកស្រីសំផឹង» ដែលជាចក្រភពទូទៅនៃសាសនាមិនពិត។ ពិភពគ្រីស្ទសាសនាមានតួនាទីដ៏សំខាន់ ហើយអះអាងថាមានកិច្ចព្រមព្រៀងទំនាក់ទំនងជាមួយព្រះ។ (ប្រៀបមើល យេរេមា ៧:៤) សាសនាមិនពិត រួមទាំងពិភពគ្រីស្ទសាសនា គឺមានការប្រស្រ័យទាក់ទងដ៏ខុសច្បាប់ជាយូរមកហើយ ជាមួយនឹង«ពួកស្តេចនៅផែនដី» ប៉ុន្តែនេះនឹងត្រូវចប់ ដោយមានការហិនវិនាសដល់សាសនាទាំងនោះ។ (វិវរណៈ ១៧:២, ៥) តើនៅក្រោមកណ្ដាប់ដៃរបស់អ្នកណា?
១៥ វិវរណៈពិពណ៌នា«សត្វសម្បុរក្រហម» ដែលមានមួយរយៈ បានបាត់ខ្លួនទៅ ហើយរួចមកបានត្រឡប់មកវិញ។ (វិវរណៈ ១៧:៣, ៨) សត្វនេះបានត្រូវគាំទ្រដោយពួកអ្នកគ្រប់គ្រងក្នុងពិភពលោក។ ពត៌មានល្អិតល្អន់ដែលបានផ្ដល់មកក្នុងទំនាយ ជួយយើងឲ្យសម្គាល់សត្វជានិមិត្តរូបនេះជា អង្គការសន្ដិភាពមួយ ដែលមានវត្តមាននៅក្នុងឆ្នាំ១៩១៩ ជា អង្គការសម្ព័ន្ធប្រជាជាតិ (គឺ«សេចក្ដីស្អប់ខ្ពើម»មួយ) ហើយឥឡូវនេះគឺជាអង្គការសហប្រជាជាតិ។ វិវរណៈ ១៧:១៦, ១៧ បង្ហាញថា ព្រះនឹងដាក់ក្នុងចិត្តនៃពួកអ្នកគ្រប់គ្រងខ្លះ ដែលមានឋានៈធំដុំនៅក្នុង«សត្វ»នេះ ដើម្បីឲ្យកំទេច ចក្រភពទូទៅនៃសាសនាមិនពិត។ ការវាយលុកនេះនឹងសម្គាល់នៃការផ្ទុះឡើងនៃសេចក្ដីវេទនាជាខ្លាំង។
១៦. តើព្រឹត្ដិការណ៍ដ៏គួរកត់សម្គាល់អ្វី ដែលកំពុងតែកើតឡើងដែលទាក់ទងនឹងសាសនា?
១៦ ដោយព្រោះការចាប់ផ្ដើមនៃ«សេចក្ដីវេទនាជាខ្លាំង» គឺនៅអនាគតនៅឡើយ តើការ«ឈរនៅក្នុងទីបរិសុទ្ធ» គឺនៅខាងមុខយើងនៅឡើយឬ? តាមមើលទៅគឺអ៊ីចឹងហើយ។ ថ្វីបើ«សេចក្ដីស្អប់ខ្ពើម»បានលេចខ្លួននៅដើមនៃសតវត្សនេះ ហើយមានវត្តមានជាយូរទសវត្សមកហើយក៏ដោយ តែវានឹងកាន់ជំហរតាមរបៀបដ៏ចម្លែកមួយ«នៅក្នុងទីបរិសុទ្ធ»នៅនាអនាគតនេះ។ ដូចពួកអ្នកកាន់តាមរបស់ព្រះគ្រីស្ទនៅសតវត្សទីមួយ ច្បាស់ជាបានពិនិត្យមើលដោយប្រុងស្មារតីនូវរបៀបដែលការ«ឈរនៅក្នុងទីបរិសុទ្ធ»នឹងកើតឡើងនោះ ដូច្នេះពួកគ្រីស្ទានសម័យនេះក៏ត្រូវធ្វើអ៊ីចឹងដែរ។ ត្រូវហើយ យើងនឹងត្រូវតែចាំចំពោះសេចក្ដីសម្រេចមែនទែន ដើម្បីឲ្យដឹងពត៌មានទាំងអស់។ ក៏ប៉ុន្តែ គឺជាការគួរកត់សម្គាល់ដែលនៅក្នុងប្រទេសខ្លះ គឺមានឃើញការប្រឆាំងនឹងសាសនា ដែលកើនឡើងជាលំដាប់។ ពួកខាងនយោបាយខ្លះ ដែលចូលដៃនឹងអតីតគ្រីស្ទាន ដែលបានងាកចេញពីសេចក្ដីជំនឿពិត គឺកំពុងតែបណ្ដាលឲ្យមានការជំទាស់នឹងសាសនាទូទៅ ហើយជាពិសេសគឺទាស់នឹងពួកគ្រីស្ទានពិត។ (ទំនុកដំកើង ៩៤:២០, ២១; ធីម៉ូថេទី១ ៦:២០, ២១) ហេតុដូច្នេះហើយ អំណាចខាងនយោបាយសូម្បីតែឥឡូវក៏«ច្បាំងទាស់នឹងកូនចៀម» ហើយដូចវិវរណៈ ១៧:១៤ បញ្ជាក់មក ការច្បាំងទាស់នេះនឹងមានរឹតតែខ្លាំងឡើង។ ថ្វីបើពួកគេមិនអាចច្បាំងដ៏មែនទែនជាមួយព្រះយេស៊ូគ្រីស្ទ ជាកូនចៀមនៃព្រះក្នុងពេលដែលទ្រង់បានត្រូវតម្កើងនិងបានសិរីរុងរឿងក៏ដោយ តែគេនឹងបញ្ចេញថែមទៀតនូវការប្រឆាំងរបស់គេលើពួកអ្នកថ្វាយបង្គំពិតរបស់ព្រះ ជាពិសេសលើ«ពួកបរិសុទ្ធ»របស់ទ្រង់។ (ដានីយ៉ែល ៧:២៥; ប្រៀបមើល រ៉ូម ៨:២៧; កូល៉ុស ១:២; វិវរណៈ ១២:១៧) យើងមានការធានារ៉ាប់រងរបស់ព្រះ ថាកូនចៀមនិងអស់អ្នកដែលនៅជាមួយទ្រង់ នឹងបានជោគជ័យជាមិនខាន។—វិវរណៈ ១៩:១១-២១
១៧. ដោយគ្មានគំនិតដ៏មានះ តើយើងប្រហែលនិយាយយ៉ាងណា នូវរបៀបដែល«សេចក្ដីស្អប់ខ្ពើម» នឹងឈរនៅក្នុងទីបរិសុទ្ធ?
១៧ យើងដឹងថា សាសនាមិនពិតនឹងទទួលការបំផ្លាញ។ បាប៊ីឡូនដ៏ធំគឺ«ស្រវឹងនឹងឈាមនៃពួកបរិសុទ្ធ» ហើយប្រព្រឹត្តជាមហាក្សត្រិយានី ប៉ុន្តែសេចក្ដីហិនវិនាសរបស់នាងនឹងកើតឡើងជាមិនខាន។ ឥទ្ធិពលដ៏កខ្វក់របស់នាង បានកាន់កាប់លើពួកស្តេចនៃផែនដី នោះនឹងផ្លាស់ប្ដូរយ៉ាងរហ័ស កាលដែលទំនាក់ទំនងនេះបែរទៅជាមានការស្អប់ដ៏ឃោរឃៅពី‹ស្នែងទាំងដប់និងសត្វតិរច្ឆាន›។ (វិវរណៈ ១៧:៦, ១៦; ១៨:៧, ៨) នៅពេលដែល«សត្វសម្បុរក្រហម»វាយលុកលើស្រីសំផឹងដ៏ជាសាសនានេះ នោះ«សេចក្ដីស្អប់ខ្ពើម»នឹងក្រោកឈរឡើងតាមរបៀបដ៏គំរាមកំហែង នៅក្នុងទីបរិសុទ្ធរបស់ពួកពិភពគ្រីស្ទសាសនា។c ដូច្នេះ ការបំផ្លាញនឹងចាប់ផ្ដើមលើពួកពិភពគ្រីស្ទសាសនាដ៏គ្មានជំនឿ ដែលបានពណ៌នាខ្លួនជាបរិសុទ្ធនោះ។
‹ការរត់ចេញ› តើតាមរបៀបណា?
១៨, ១៩. តើមូលហេតុអ្វីដែលផ្ដល់មក ដើម្បីបង្ហាញថាការ«រត់ចេញទៅឯភ្នំ» នឹងមិនមានសេចក្ដីថាការផ្លាស់ប្ដូរសាសនានោះ?
១៨ ក្រោយពីបានទាយប្រាប់អំពី‹ការឈរនៃសេចក្ដីស្អប់ខ្ពើមនៅក្នុងទីបរិសុទ្ធ› នោះព្រះយេស៊ូបានព្រមានពួកដែលចេះវិនិច្ឆ័យឲ្យប្រព្រឹត្ត។ តើទ្រង់មានសេចក្ដីថា នៅនាគ្រាដ៏ជ្រៅនោះ នៅពេលដែល«សេចក្ដីស្អប់ខ្ពើម» គឺ‹កំពុងតែឈរនៅក្នុងទីបរិសុទ្ធ› ដែលមនុស្សជាច្រើននឹងរត់ចេញពីសាសនាមិនពិត ហើយមកកាន់តាមការថ្វាយបង្គំពិតឬ? មិនមែនជាអ៊ីចឹងទេ។ ចូរពិចារណាមើលនឹងសេចក្ដីសម្រេចទីមួយ។ ព្រះយេស៊ូបានមានបន្ទូលថា៖ «ត្រូវឲ្យពួកអ្នកនៅស្រុកយូដារត់ទៅឯភ្នំទៅ កុំឲ្យអ្នកណាដែលនៅលើដំបូលផ្ទះចុះមកក្នុងផ្ទះ ឬចូលទៅយកអ្វីចេញពីផ្ទះ ក៏កុំឲ្យអ្នកដែលនៅស្រែចំការត្រឡប់មកវិញ នឹងយកសំលៀកបំពាក់ខ្លួនឡើយ នៅគ្រានោះ ស្ត្រីណាដែលមានផ្ទៃពោះ នឹងស្ត្រីណាដែលបំបៅកូន នឹងវេទនាណាស់ ត្រូវឲ្យអធិស្ឋានសូមកុំឲ្យត្រូវរត់នៅរដូវរងាឡើយ»។—ម៉ាកុស ១៣:១៤-១៨
១៩ ព្រះយេស៊ូមិនមានបន្ទូលថា គ្រាន់តែពួកនៅក្នុងក្រុងយេរូសាឡិមនឹងត្រូវការដកថយ ដែលហាក់ដូចជាទ្រង់ចង់បញ្ជាក់ថា ពួកគេត្រូវការរត់ចេញពីមណ្ឌលនៃការថ្វាយបង្គំយូដានោះទេ។ ហើយការព្រមានទ្រង់ក៏មិនរៀបរាប់អំពីការផ្លាស់ប្ដូរសាសនាដែរ ដែលរត់ចេញពីសាសនាមិនពិតចូលទៅសាសនាពិតនោះទេ។ ពួកសិស្សរបស់ព្រះយេស៊ូប្រាកដជាមិនត្រូវការការព្រមាន អំពីការរត់ចេញពីសាសនាមួយទៅសាសនាមួយទៀតនោះដែរ។ ពួកគេបានក្លាយទៅជាគ្រីស្ទានពិតរួចទៅហើយ។ ហើយការវាយលុកនៅក្នុងឆ្នាំ៦៦ ស.យ. មិនបានជំរុញចិត្តរបស់ពួកកាន់សាសនាយូដានៅក្នុងក្រុងយេរូសាឡិម និងទូទាំងស្រុកយូដាឲ្យបោះបង់សាសនានោះ និងទទួលសាសនាគ្រីស្ទានឡើយ។ សាស្ដ្រាចារ្យ ហែនរីជ្ឈ ហ្ក្រេត្ស មានប្រសាសន៍ថា ពួកអ្នកដែលបានដេញតាមពួករ៉ូម៉ាំងដែលបានរត់ចេញនោះ បានត្រឡប់មកទីក្រុងនេះវិញ៖ «ក្រុមឧទ្ទាម ស្រែកសប្បាយក្រៃលែងនឹងចំរៀងសង្គ្រាម បានត្រឡប់មកក្រុងយេរូសាឡិម (ថ្ងៃទី៨ តុលា) ចិត្តរបស់គេគឺមានដោយសេចក្ដីសង្ឃឹមដ៏សប្បាយនៃសេរីភាពនិងឯករាជ្យ។ . . . តើព្រះមិនបានជួយគេដោយសេចក្ដីមេត្ដាករុណា ដូចទ្រង់បានជួយឰយុកោរបស់គេដែរទេឬ? ចិត្តរបស់ពួកឧទ្ទាមទាំងនេះ ឥតមានកោតក្រែងអំពីអនាគតទេ»។
២០. តើតាមរបៀបណាដែលពួកសិស្សពីដើមតបតាមសេចក្ដីព្រមានរបស់ព្រះយេស៊ូ ឲ្យរត់ចេញទៅភ្នំនោះ?
២០ បើអ៊ីចឹង តើយ៉ាងដូចម្ដេចដែលពួករើសតាំងដែលមានចំនួនដ៏តូចនៅគ្រានោះ បានប្រព្រឹត្តតាមឱវាទរបស់ព្រះយេស៊ូ? គឺដោយចាកចេញពីស្រុកយូដានិងរត់ចេញទៅភ្នំកាត់ទន្លេយ័រដាន់ ពួកគេបានបង្ហាញថាគេឥតមានចំណែកជាមួយនឹងរបបយូដា ខាងនយោបាយឬខាងសាសនា។ ពួកគេបានទុកចោលចំការនិងផ្ទះសម្បែង មិនទាំងប្រមូលរបស់នៅក្នុងផ្ទះរបស់គេផងដែរ។ ដោយមានទំនុកចិត្តនៃការការពារពីព្រះយេហូវ៉ា នោះគេចាត់ទុកការថ្វាយបង្គំដល់ទ្រង់មុនអ្វីៗទាំងអស់ ដែលប្រហែលដូចជាសំខាន់នោះ។—ម៉ាកុស ១០:២៩, ៣០; លូកា ៩:៥៧-៦២
២១. យើងមិនបាច់គិតឬជឿថានិងមានលទ្ធផលអ្វី ពេលដែល«សេចក្ដីស្អប់ខ្ពើម»ចាប់វាយលុកនោះ?
២១ ឥឡូវ ចូរពិចារណាមើលនូវសេចក្ដីសម្រេចដ៏ធំជាងនេះ។ ជាច្រើនទសវត្សមកហើយ ដែលយើងបានដាស់តឿនមនុស្សឲ្យរត់ចេញពីសាសនាមិនពិត ហើយឲ្យមកកាន់តាមការថ្វាយបង្គំពិត។ (វិវរណៈ ១៨:៤, ៥) មនុស្សរាប់លាននាក់បានធ្វើដូច្នេះមែន។ ទំនាយរបស់ព្រះយេស៊ូមិនបញ្ជាក់ថា នៅពេលដែលសេចក្ដីវេទនាជាខ្លាំងបានផ្ទុះឡើង នោះប្រជាជននឹងមកថ្វាយបង្គំបរិសុទ្ធឡើយ។ ប្រាកដហើយ គឺគ្មានការប្រែចិត្តនៃប្រជាជនសាសន៍យូដានៅក្នុងឆ្នាំ៦៦ ស.យ.នោះទេ។ ក៏ប៉ុន្តែ ពួកគ្រីស្ទានពិតនឹងមានសេចក្ដីជំរុញចិត្តយ៉ាងធំ ក្នុងការអនុវត្តតាមសេចក្ដីព្រមានរបស់ព្រះយេស៊ូ ហើយរត់ចេញនោះ។
២២. ដោយយើងអនុវត្តតាមឱវាទរបស់ព្រះយេស៊ូ អំពីការរត់ចេញទៅឯភ្នំ ប្រហែលទាក់ទងអ្វី?
២២ នៅបច្ចុប្បន្ននេះ យើងមិនមានពត៌មានទាំងអស់អំពីសេចក្ដីវេទនាជាខ្លាំងទេ ក៏ប៉ុន្តែយើងអាចសន្និដ្ឋានដ៏សមហេតុផលថា ចំពោះយើង ‹ការរត់ចេញ›ដែលព្រះយេស៊ូបានមានបន្ទូលនោះ មិនមែនជាលក្ខណៈភូមិសាស្ត្រនោះទេ។ រាស្ត្ររបស់ព្រះគឺមានជុំវិញផែនដី សឹងតែនៅគ្រប់ជ្រុង។ យ៉ាងណាក្ដី យើងអាចដឹងជាប្រាកដថា នៅពេលត្រូវការរត់ចេញជាចាំបាច់ នោះពួកគ្រីស្ទាននឹងបន្តរក្សាឲ្យឃើញយ៉ាងច្បាស់ នូវភាពផ្សេងពីគ្នារវាងខ្លួនគេនិងអង្គការសាសនាមិនពិត។ អ្វីមួយដ៏សំខាន់ទៀត នោះព្រះយេស៊ូបានព្រមានអំពីមិនឲ្យត្រឡប់ទៅផ្ទះខ្លួនវិញ ដើម្បីយកសំលៀកបំពាក់ឬរបស់ផ្សេងៗទៀត។ (ម៉ាថាយ ២៤:១៧, ១៨) ដូច្នេះ ប្រហែលជាមានការសាកល្បងនៅខាងមុខ នូវរបៀបដែលយើងមានទស្សនៈចំពោះវត្ថុទ្រព្យ តើរបស់ទាំងនេះពិតជាសំខាន់ជាងគេបំផុត ឬក៏សេចក្ដីសង្គ្រោះនឹងមានមកសំរាប់អស់អ្នកនៅខាងព្រះគឺសំខាន់ជាងវិញ? ត្រូវហើយ ការរត់ចេញរបស់យើងប្រហែលទាក់ទងសេចក្ដីពិបាកនិងភាពខ្វះខាតខ្លះ។ យើងនឹងត្រូវតែត្រៀមខ្លួនដើម្បីធ្វើអ្វីដែលត្រូវការចាំបាច់ ដូចជាពួកគ្រីស្ទាននៅសតវត្សទីមួយ ដែលបានភៀសខ្លួនចេញពីស្រុកយូដាទៅខេត្តប៉ែរ៉ី ដែលឆ្លងកាត់ទន្លេយ័រដាន់។
២៣, ២៤. (ក) តើនៅកន្លែងណាដែលយើងនឹងរកបានការការពារតែមួយប៉ុណ្ណោះ? (ខ) តើសេចក្ដីព្រមានរបស់ព្រះយេស៊ូ អំពី‹សេចក្ដីស្អប់ខ្ពើមកំពុងតែឈរនៅក្នុងទីបរិសុទ្ធ› គួរមានឥទ្ធិពលលើយើងយ៉ាងណា?
២៣ យើងត្រូវតែប្រាកដក្នុងចិត្តថា ទីជ្រកពួនរបស់យើងនឹងបន្តមានលើព្រះយេហូវ៉ានិងអង្គការរបស់ទ្រង់ ដែលមានសភាពដូចជាភ្នំ។ (សាំយូអែលទី២ ២២:២, ៣; ទំនុកដំកើង ១៨:២; ដានីយ៉ែល ២:៣៥, ៤៤) នោះជាកន្លែងដែលយើងអាចរកការការពារ! យើងនឹងមិនធ្វើតាមប្រជាជននៃមនុស្សលោក ដែលនឹងរត់ចេញទៅ«ពួននៅក្នុងរអាង» ហើយពួន«ក្នុងក្រហែងភ្នំទាំងអស់គ្នា» ដែលជាអង្គការនិងស្ថាប័នរបស់មនុស្ស ដែលនឹងមាននៅមួយរយៈខ្លី ក្រោយពីបាប៊ីឡូនដ៏ធំបានត្រូវបំផ្លាញចោល។ (វិវរណៈ ៦:១៥; ១៨:៩-១១) ពិតហើយ ប្រហែលជានឹងមានពេលពិបាកកាន់តែខ្លាំងឡើង ដូចមាននៅក្នុងឆ្នាំ៦៦ ស.យ.ដែរ ចំពោះពួកស្ត្រីដែលមានផ្ទៃពោះ ដែលបានភៀសខ្លួនចេញពីស្រុកយូដា ឬក៏ចំពោះបុគ្គលណាដែលត្រូវតែធ្វើដំណើរក្នុងធាតុអាកាសដែលមានភ្លៀងដ៏ត្រជាក់នោះ។ ក៏ប៉ុន្តែយើងអាចដឹងក្នុងចិត្តជាប្រាកដថា ព្រះនឹងធ្វើឲ្យមានការរួចរស់ជីវិតបាន។ សូមឲ្យយើងឥឡូវពង្រឹងការទុកចិត្តរបស់យើងលើព្រះយេហូវ៉ានិងបុត្រារបស់ទ្រង់ ដែលឥឡូវកំពុងតែសោយរាជ្យជាស្តេចនៃព្រះរាជាណាចក្រនោះ។
២៤ យើងមិនគួររស់នៅដោយភ័យខ្លាចនូវអ្វីដែលនឹងកើតឡើងនោះឡើយ។ ព្រះយេស៊ូមិនចង់ឲ្យពួកសិស្សរបស់ទ្រង់នៅអតីតកាលភ័យខ្លាចទេ ហើយទ្រង់ក៏មិនចង់ឲ្យយើងភ័យខ្លាចឥឡូវដែរ ឬនៅក្នុងអនាគតនោះ។ ទ្រង់បានមានបន្ទូលប្រាប់យើងឲ្យដឹងទុកជាមុន ដើម្បីឲ្យយើងអាចប្រុងប្រៀបចិត្តគំនិតរបស់យើង។ ដ្បិត ពួកគ្រីស្ទានដ៏ចេះគោរពនឹងមិនត្រូវទទួលទណ្ឌកម្មទេ នៅពេលដែលសេចក្ដីហិនវិនាសមានមកលើសាសនាមិនពិត និងមកលើរបបដ៏អាក្រក់ជួជាតិទាំងមូលនេះ។ ពួកគេនឹងធ្វើការវិនិច្ឆ័យហើយធ្វើតាមសេចក្ដីព្រមានអំពី‹សេចក្ដីស្អប់ខ្ពើមដែលកំពុងឈរនៅក្នុងទីបរិសុទ្ធ›។ ហើយពួកគេនឹងប្រព្រឹត្តតាមដែលមិនរួញរាលើជំនឿដ៏មុតមាំរបស់គេ។ សូមឲ្យយើងកុំភ្លេចនូវសេចក្ដីសន្យារបស់ព្រះយេស៊ូឡើយ ដែលថា៖ «អ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុត នោះនឹងបានសង្គ្រោះពិត»។—ម៉ាកុស ១៣:១៣
[កំណត់សម្គាល់]
a «ទង់សញ្ញារបស់ពួករ៉ូម៉ាំងបានត្រូវការពារ ដោយការថ្វាយបង្គំនៅក្នុងវិហារនៅឯក្រុងរ៉ូម។ ហើយសេចក្ដីគោរពនៃពួករ៉ូមចំពោះទង់សញ្ញារបស់គេនឹងបង្កើនឡើង ពេលមានជោគជ័យខាងចំបាំងនិមួយៗ . . . [ចំពោះពួកទាហាន ទង់សញ្ញា] គឺប្រហែលជាអ្វីដ៏ពិសិដ្ឋបំផុត ដែលមាននៅលើផែនដី។ ពួកទាហានរ៉ូម៉ាំងបានស្បថដោយទង់សញ្ញារបស់ខ្លួន»។—សព្វវចនាធិប្បាយប៊្រីធែណនីកាលើកទី១១
b គឺគួរកត់សម្គាល់ថា ទោះបីសេចក្ដីសម្រេចនៃបន្ទូលរបស់ព្រះយេស៊ូនៅក្នុងឆ្នាំ៦៦-៧០ ស.យ. អាចជួយយើងឲ្យយល់នូវរបៀបដែលនឹងសម្រេចនៅឯសេចក្ដីវេទនាជាខ្លាំង តែសេចក្ដីសម្រេចទាំងពីរនេះគឺមិនអាចមានដូចគ្នាបេះបិទនោះទេ ពីព្រោះសេចក្ដីសម្រេចនេះកើតឡើងក្រោមស្ថានការណ៍ផ្សេងៗ។
c សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៧៥ ទំព័រ ៧៤១-៧៤៤។
តើអ្នកនឹកចាំឬទេ?
◻ តើតាមរបៀបណាដែល«សេចក្ដីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ» បានលេចខ្លួនឡើងនៅក្នុងសតវត្សទីមួយ?
◻ ហេតុអ្វីក៏សមហេតុផល ក្នុងការគិតថា «សេចក្ដីស្អប់ខ្ពើម»នៅសម័យទំនើបនេះ នឹងឈរនៅក្នុងទីបរិសុទ្ធនៅអនាគត?
◻ តើការវាយលុកអ្វីដោយ«សេចក្ដីស្អប់ខ្ពើម»ដែលបានទាយប្រាប់នៅក្នុងវិវរណៈ?
◻ តើ‹ការរត់ចេញ›ប្រភេទណា ប្រហែលជាតម្រូវពីយើងនៅឡើយ?
[រូបភាពនៅទំព័រ១៦]
បាប៊ីឡូនដ៏ធំគឺបានត្រូវហៅជា«ម្ដាយនៃពួកស្រីសំផឹង»
[រូបភាពនៅទំព័រ១៧]
សត្វសម្បុរក្រហមនៃវិវរណៈ ជំពូក១៧ គឺជា«សេចក្ដីស្អប់ខ្ពើម» ដែលព្រះយេស៊ូបានសំដៅប្រាប់