ជំពូកទី១១១
ពួកសាវ័កសួរអំពីសញ្ញាសម្គាល់
ម៉ាថាយ ២៤:៣-៥១ ម៉ាកុស ១៣:៣-៣៧ លូកា ២១:៧-៣៨
អ្នកកាន់តាមបួននាក់សួរអំពីសញ្ញាសម្គាល់
ទំនាយកើតឡើងនៅសតវត្សរ៍ទី១និងនៅពេលក្រោយមក
យើងត្រូវតែប្រុងស្មារតីជានិច្ច
រសៀលថ្ងៃអង្គារ ទី១១ ខែណែសាន ជិតកន្លងផុតទៅហើយ។ លោកយេស៊ូក៏ជិតបញ្ចប់សកម្មភាពដ៏មមាញឹករបស់លោកនៅផែនដីដែរ។ ពេលថ្ងៃលោកបង្រៀននៅឯវិហារ តែពេលយប់លោកចេញទៅស្នាក់នៅខាងក្រៅក្រុងយេរូសាឡិម។ បណ្ដាជនទាំងឡាយចាប់អារម្មណ៍យ៉ាងខ្លាំងនឹងសេចក្ដីបង្រៀនរបស់លោក ពីព្រោះពួកគេ«តែងតែមកក្នុងវិហារតាំងពីព្រលឹមដើម្បីស្ដាប់លោក»។ (លូកា ២១:៣៧, ៣៨) ឥឡូវនេះ លោកយេស៊ូអង្គុយនៅលើភ្នំដើមអូលីវជាមួយនឹងសាវ័កបួននាក់ ពោលគឺពេត្រុស អនទ្រេ យ៉ាកុប និងយ៉ូហាន។
សាវ័កទាំងបួននាក់នេះបានមកជួបលោកយេស៊ូដោយឡែកពីគេ។ ពួកគាត់ព្រួយបារម្ភអំពីវិហារក្រុងយេរូសាឡិម ពីព្រោះលោកយេស៊ូទើបតែបានប្រាប់ពួកគាត់ថា គ្មានថ្មណាដែលនៅត្រួតលើថ្មណាទៀតឡើយ។ ក៏ប៉ុន្តែ ពួកគាត់ក៏មានរឿងផ្សេងទៀតដែលពួកគាត់ឆ្ងល់ដែរ។ ពេលមុន លោកយេស៊ូដាស់តឿនពួកគាត់ថា៖ «ត្រូវត្រៀមខ្លួនជានិច្ច . . . ពីព្រោះកូនមនុស្សនឹងមកនៅម៉ោងដែលអ្នករាល់គ្នាមិននឹកស្មាន»។ (លូកា ១២:៤០) លោកក៏បានមានប្រសាសន៍ដែរអំពី«ថ្ងៃដែលកូនមនុស្សនឹងត្រូវសម្ដែងឲ្យឃើញ»។ (លូកា ១៧:៣០) ដូច្នេះ ពួកសាវ័កប្រហែលជាឆ្ងល់យ៉ាងខ្លាំងថា តើប្រសាសន៍ទាំងនេះរបស់លោកយេស៊ូជាប់ទាក់ទងយ៉ាងណានឹងអ្វីដែលលោកទើបតែបានប្រាប់ស្តីអំពីវិហារ? ពួកគាត់សួរលោកថា៖ «សូមប្រាប់យើង តើការទាំងនេះនឹងកើតឡើងនៅពេលណា? ហើយតើអ្វីជាសញ្ញាសម្គាល់ដែលបញ្ជាក់វត្តមានរបស់លោក និងគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក?»។—ម៉ាថាយ ២៤:៣
ពេលពួកសាវ័កសួរលោកយេស៊ូដូច្នេះ ប្រហែលជាដោយសារពួកគាត់កំពុងគិតអំពីទីបញ្ចប់នៃវិហារនៅក្រុងយេរូសាឡិមដែលពួកគាត់មើលឃើញនោះ។ ម្យ៉ាងទៀត ពួកគាត់សួរអំពីវត្តមានរបស់កូនមនុស្ស ពីព្រោះពួកគាត់ប្រហែលជានៅចាំអំពីឧទាហរណ៍របស់លោកយេស៊ូអំពី«បុរសម្នាក់ដែលកើតក្នុងរាជវង្ស» ដែល«បានធ្វើដំណើរទៅប្រទេសឆ្ងាយ ដើម្បីទទួលអំណាចគ្រប់គ្រងជាស្តេច រួចត្រឡប់មកវិញ»។ (លូកា ១៩:១១, ១២) បន្ថែមទៀត ពួកសាវ័កឆ្ងល់ថា តើនឹងមានព្រឹត្ដិការណ៍អ្វីខ្លះនៅ«គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក»?
លោកយេស៊ូឆ្លើយតបយ៉ាងល្អិតល្អន់ ដោយផ្ដល់នូវសញ្ញាសម្គាល់ដែលបញ្ជាក់អំពីពេលដែលរបៀបរបបជនជាតិយូដា រួមទាំងវិហារនៅក្រុងយេរូសាឡិម នឹងត្រូវបំផ្លាញចោល។ បន្ថែមទៅទៀត ប្រសាសន៍របស់លោកយេស៊ូក៏ទាក់ទងនឹងគ្រិស្តសាសនិកជំនាន់ក្រោយដែរ ពីព្រោះសញ្ញាសម្គាល់នេះនឹងជួយពួកគេឲ្យដឹងថាពួកគេកំពុងរស់នៅក្នុងគ្រា«វត្តមាន»របស់លោក ហើយថាទីបញ្ចប់នៃរបៀបរបបពិភពលោកទាំងមូលជិតមកដល់ហើយ។
កាលដែលប៉ុន្មានឆ្នាំបានកន្លងទៅ ពួកសាវ័កសង្កេតឃើញថាទំនាយរបស់លោកយេស៊ូកំពុងកើតឡើងមែន។ ព្រឹត្ដិការណ៍ជាច្រើនដែលលោកបានប្រកាសទុកជាមុនចាប់ផ្ដើមកើតឡើងក្នុងជំនាន់របស់ពួកគាត់។ ដូច្នេះ ៣៧ឆ្នាំក្រោយមក ពោលគឺនៅឆ្នាំ៧០ គ.ស. គ្រិស្តសាសនិកអាចប្រុងស្មារតី ហើយត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបំផ្លាញចោលនូវរបៀបរបបជនជាតិយូដានិងវិហារនៅក្រុងយេរូសាឡិម។ ក៏ប៉ុន្តែ ការប្រកាសទុកជាមុនរបស់លោកយេស៊ូមិនបានកើតឡើងទាំងស្រុងមុនឆ្នាំ៧០ គ.ស. ឬក៏ក្នុងអំឡុងឆ្នាំនោះទេ។ ដូច្នេះ តើអ្វីនឹងបញ្ជាក់អំពីវត្តមានរបស់លោកក្នុងការគ្រប់គ្រងជាស្តេចនៃរាជាណាចក្រ? លោកយេស៊ូប្រាប់ពួកសាវ័កអំពីចម្លើយចំពោះសំណួរនេះ។
លោកយេស៊ូប្រកាសទុកជាមុនថាពួកគេនឹង«ឮសូរសង្គ្រាមនិងឮគេនិយាយអំពីសង្គ្រាម» ហើយថា«ប្រជាជាតិមួយនឹងលើកទ័ពទៅច្បាំងនឹងប្រជាជាតិមួយ ហើយរាជាណាចក្រមួយនឹងលើកទ័ពទៅច្បាំងនឹងរាជាណាចក្រមួយ»។ (ម៉ាថាយ ២៤:៦, ៧) បន្ថែមទៀត លោកមានប្រសាសន៍ថា៖ «ក៏នឹងមានរញ្ជួយដីជាខ្លាំងនៅកន្លែងផ្សេងៗ ថែមទាំងរោគរាតត្បាតនិងការអត់ឃ្លានពីកន្លែងមួយទៅកន្លែងមួយ»។ (លូកា ២១:១១) រួចមក លោកយេស៊ូព្រមានពួកអ្នកកាន់តាមលោកថា៖ ‹មនុស្សនឹងចាប់អ្នករាល់គ្នាថែមទាំងបៀតបៀនអ្នក›។ (លូកា ២១:១២) អ្នកប្រកាសទំនាយមិនពិតជាច្រើននាក់ នឹងលេចមកបំភាន់មនុស្សជាច្រើន។ ម្យ៉ាងទៀត ការប្រឆាំងច្បាប់នឹងមានកាន់តែច្រើនឡើង ហើយសេចក្ដីស្រឡាញ់របស់មនុស្សភាគច្រើននឹងរសាយទៅ។ លោកយេស៊ូមានប្រសាសន៍ថែមទៀតថា៖ ‹ដំណឹងល្អអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ រួចទីបញ្ចប់នឹងមកដល់›។—ម៉ាថាយ ២៤:១៤
ព្រឹត្ដិការណ៍មួយចំនួនក្នុងការប្រកាសទុកជាមុនរបស់លោកយេស៊ូ បានកើតឡើងមុននិងក្នុងអំឡុងពេលដែលក្រុងយេរូសាឡិមបានត្រូវបំផ្លាញចោលដោយកងទ័ពរ៉ូម។ ប៉ុន្តែ តើទំនាយរបស់លោកយេស៊ូប្រហែលជានឹងកើតឡើងទូទាំងពិភពលោកនៅពេលក្រោយមកឬ? តើអ្នកឃើញភ័ស្តុតាងដែលបង្ហាញថាទំនាយដ៏សំខាន់របស់លោកយេស៊ូកំពុងកើតឡើងនៅសម័យនេះទេ?
ព្រឹត្ដិការណ៍មួយដែលលោកយេស៊ូរួមបញ្ចូលក្នុងសញ្ញាសម្គាល់នៃវត្តមានរបស់លោក គឺការលេចមកនូវ«អ្វីដ៏គួរឲ្យស្អប់ខ្ពើមដែលបំផ្លិចបំផ្លាញ»។ (ម៉ាថាយ ២៤:១៥) នៅឆ្នាំ៦៦ គ.ស. អ្វីដ៏គួរឲ្យស្អប់ខ្ពើមនេះបានលេចមកជា«កងទ័ពបោះជំរំ»របស់ជនជាតិរ៉ូម ដែលមានទង់សញ្ញាដែលពួកគេគោរពបូជា។ កងទ័ពរ៉ូមបានព័ទ្ធជុំវិញក្រុងយេរូសាឡិម ហើយបំផ្លាញផ្នែកខ្លះនៃកំពែងរបស់ក្រុងនោះ។ (លូកា ២១:២០) ដូច្នេះ «អ្វីដ៏គួរឲ្យស្អប់ខ្ពើម»កំពុងឈរនៅកន្លែងដែលវាមិនគួរឈរ ពោលគឺកន្លែងដែលជនជាតិយូដាគិតថាជា«កន្លែងបរិសុទ្ធ»។
លោកយេស៊ូប្រកាសទុកជាមុនថែមទៀតថា៖ «នឹងមានទុក្ខវេទនាជាខ្លាំង ដែលមិនធ្លាប់មានតាំងពីកំណើតពិភពលោករហូតដល់ឥឡូវនេះ ហើយក៏នឹងមិនមានដូច្នោះទៀតឡើយ»។ នៅឆ្នាំ៧០ គ.ស. កងទ័ពរ៉ូមបានបំផ្លាញក្រុងយេរូសាឡិមចោល។ ការបំផ្លាញចោលនូវ‹ក្រុងបរិសុទ្ធ›របស់ជនជាតិយូដា រួមទាំងវិហារនៅក្រុងយេរូសាឡិម និងការកាប់សម្លាប់ជនជាតិយូដារាប់ពាន់នាក់ គឺជាគ្រាទុក្ខវេទនាជាខ្លាំងរបស់ប្រជាជាតិយូដា។ (ម៉ាថាយ ៤:៥; ២៤:២១) ហេតុអ្វី? ពីព្រោះក្រុងយេរូសាឡិមនិងប្រជាជាតិយូដាមិនធ្លាប់ទទួលការបំផ្លិចបំផ្លាញយ៉ាងខ្លាំងដូចនេះទេ។ ជាលទ្ធផល របៀបរបបនៃការគោរពប្រណិប័តន៍ព្រះដែលជនជាតិយូដាមានអស់ជាច្រើនសតវត្សរ៍មកហើយ បានមកដល់ទីបញ្ចប់។ ក្រោយមក ពេលទំនាយរបស់លោកយេស៊ូកើតឡើងក្នុងកម្រិតធំជាង នោះប្រាកដជាព្រឹត្ដិការណ៍ដ៏គួរឲ្យភ័យខ្លាចមែន!
ចូរមានទំនុកចិត្តនៅគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក
លោកយេស៊ូបន្តប្រាប់ពួកសាវ័កអំពីសញ្ញាសម្គាល់នៃវត្តមានរបស់លោកក្នុងការគ្រប់គ្រងជាស្តេចនៃរាជាណាចក្រ និងអំពីទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ។ ឥឡូវ លោកព្រមានពួកគាត់កុំឲ្យទៅតាម«អ្នកក្លែងខ្លួនជាគ្រិស្ត និងអ្នកប្រកាសទំនាយមិនពិត» ពីព្រោះពួកគេមានបំណងចង់«បំភាន់ទាំងអ្នករើសតាំង ប្រសិនបើអាចបំភាន់បាន»។ (ម៉ាថាយ ២៤:២៤) ក៏ប៉ុន្តែ ពួកអ្នករើសតាំងទាំងនេះនឹងមិនត្រូវបំភាន់ឡើយ។ មនុស្សអាចមើលឃើញអ្នកក្លែងខ្លួនជាគ្រិស្ត តែពេលលោកយេស៊ូគ្រិស្តមានវត្តមាន នោះគ្មានអ្នកណាអាចមើលលោកឃើញឡើយ។
ស្តីអំពីគ្រាទុក្ខវេទនាដ៏ខ្លាំងដែលនឹងកើតឡើងនៅទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ លោកយេស៊ូមានប្រសាសន៍ថា៖ «ថ្ងៃនឹងទៅជាងងឹត ខែក៏នឹងលែងភ្លឺ ផ្កាយទាំងឡាយនឹងធ្លាក់ពីលើមេឃ ហើយកម្លាំងធម្មជាតិនៅលើមេឃនឹងត្រូវអង្រួន»។ (ម៉ាថាយ ២៤:២៩) ពេលពួកសាវ័កឮការរៀបរាប់ដ៏គួរឲ្យរន្ធត់នោះ ពួកគាត់មិនដឹងថានឹងមានអ្វីកើតឡើងទេ។ ប៉ុន្តែ ព្រឹត្ដិការណ៍នោះនឹងពិតជាគួរឲ្យខ្លាចមែន!
តើព្រឹត្ដិការណ៍ដ៏គួរឲ្យរន្ធត់ទាំងនោះនឹងមានឥទ្ធិពលយ៉ាងណាមកលើមនុស្សជាតិ? លោកយេស៊ូមានប្រសាសន៍ថា៖ «មនុស្ស[នឹង]ស្ទើរតែសន្លប់បាត់ស្មារតីដោយសារភ័យខ្លាចនិងដោយសាររង់ចាំអ្វីដែលជិតកើតឡើងនៅគ្រប់ទីអាស្រ័យនៅផែនដី ព្រោះកម្លាំងធម្មជាតិនៅលើមេឃនឹងត្រូវអង្រួន»។ (លូកា ២១:២៦) ពិតណាស់ លោកយេស៊ូកំពុងពណ៌នាអំពីគ្រាវេទនាដ៏ខ្លាំងបំផុតក្នុងប្រវត្ដិសាស្ត្ររបស់មនុស្ស។
ទោះជាយ៉ាងណាក្ដី លោកយេស៊ូបញ្ជាក់ប្រាប់ពួកសាវ័កថា មិនមែនមនុស្សទាំងអស់នឹងយំសោកនៅពេលដែល‹កូនមនុស្សមកដោយមានឫទ្ធានុភាពនិងសិរីរុងរឿងអស្ចារ្យ›នោះឡើយ។ (ម៉ាថាយ ២៤:៣០) លោកក៏បានបញ្ជាក់ដែរថាព្រះនឹងធ្វើអន្តរាគមន៍«ដោយសារពួកអ្នករើសតាំង»។ (ម៉ាថាយ ២៤:២២) ដូច្នេះ តើពួកអ្នកកាន់តាមដ៏ស្មោះត្រង់គួរមានប្រតិកម្មយ៉ាងណាចំពោះព្រឹត្ដិការណ៍ដ៏គួរឲ្យរន្ធត់ដែលលោកយេស៊ូកំពុងរៀបរាប់? លោកយេស៊ូលើកទឹកចិត្តពួកអ្នកកាន់តាមលោកថា៖ «ពេលដែលការទាំងនេះចាប់ផ្ដើមកើតឡើង ចូរឈរឲ្យត្រង់ខ្លួនហើយងើបមុខឡើង ព្រោះសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាគឺជិតដល់ហើយ»។—លូកា ២១:២៨
ប៉ុន្តែ តើពួកអ្នកកាន់តាមដែលកំពុងរស់នៅក្នុងគ្រាដែលលោកយេស៊ូបានប្រកាសទុកជាមុន អាចដឹងថាទីបញ្ចប់គឺជិតមកដល់យ៉ាងដូចម្ដេច? លោកយេស៊ូលើកឧទាហរណ៍អំពីដើមល្វាតូចមួយ ដោយមានប្រសាសន៍ថា៖ «កាលដែលមែកខ្ចីរបស់វាទៅជាទន់ ហើយដុះស្លឹក អ្នកដឹងភ្លាមថា រដូវក្ដៅជិតដល់ហើយ។ ចំពោះអ្នករាល់គ្នាក៏ដូចគ្នាដែរ។ កាលដែលអ្នកឃើញការទាំងអស់នេះ ចូរដឹងថាកូនមនុស្សនៅជិតមាត់ទ្វារហើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ជំនាន់នេះនឹងមិនកន្លងបាត់ទៅសោះឡើយ ទាល់តែការទាំងអស់នេះកើតឡើង»។—ម៉ាថាយ ២៤:៣២-៣៤
ម្ល៉ោះហើយ ពេលពួកអ្នកកាន់តាមឃើញព្រឹត្ដិការណ៍ផ្សេងៗនៃសញ្ញាសម្គាល់កំពុងកើតឡើង នោះពួកគាត់គួរដឹងថាទីបញ្ចប់គឺជិតមកដល់ហើយ។ លោកយេស៊ូដាស់តឿនពួកអ្នកកាន់តាមដែលនឹងរស់នៅគ្រាដ៏សំខាន់នេះ ដោយមានប្រសាសន៍ដូចតទៅនេះថា៖
«គ្មានអ្នកណាដឹងថ្ងៃនិងម៉ោងនោះឡើយ។ សូម្បីតែបណ្ដាទេវតានៅស្ថានសួគ៌ និងបុត្ររបស់ព្រះក៏មិនជ្រាបដែរ។ មានតែបិតាដែលស្ថិតនៅស្ថានសួគ៌ប៉ុណ្ណោះដែលជ្រាប ពីព្រោះវត្តមានរបស់កូនមនុស្ស នឹងដូចសម័យណូអេ។ ព្រោះមនុស្សនៅសម័យនោះ មុនទឹកជំនន់មកដល់ ពួកគេកំពុងពិសាអាហារពិសាស្រា រៀបការប្ដីប្រពន្ធ រហូតដល់ថ្ងៃដែលណូអេចូលទៅក្នុងទូកធំនោះ ហើយពួកគេមិនបានយកចិត្តទុកដាក់សោះ រហូតដល់ទឹកជន់ឡើង កញ្ឆក់យកគេទាំងអស់គ្នាទៅ។ ពេលកូនមនុស្សមានវត្តមាន ក៏នឹងដូចគ្នាដែរ»។ (ម៉ាថាយ ២៤:៣៦-៣៩) លោកយេស៊ូកំពុងរំលឹកពួកអ្នកស្ដាប់លោកថាទឹកជំនន់នៅសម័យណូអេបានកើតឡើងទូទាំងផែនដី ដូច្នេះវត្តមានរបស់កូនមនុស្សក៏នឹងមានឥទ្ធិពលមកលើផែនដីទាំងមូលដែរ។
ពួកសាវ័កដែលកំពុងស្ដាប់លោកយេស៊ូនៅលើភ្នំដើមអូលីវច្បាស់ជាទទួលស្គាល់ថា ពួកគាត់ត្រូវប្រុងស្មារតីជានិច្ច។ លោកយេស៊ូមានប្រសាសន៍ថា៖ «កុំភ្លេចខ្លួនឲ្យសោះ ក្រែងការផឹកនិងការបរិភោគហួសប្រមាណ និងកង្វល់អំពីជីវិតពង្វក់ចិត្តអ្នករាល់គ្នា ស្រាប់តែថ្ងៃនោះមកដល់ភ្លាមមួយរំពេច ដូចជាលប់ ព្រោះថ្ងៃនោះនឹងមកគ្របលើអស់ទាំងមនុស្សនៅលើផែនដី។ ដូច្នេះ ចូរចាំយាមព្រមទាំងអធិដ្ឋានជានិច្ចអង្វរសុំឲ្យរួចផុតពីការទាំងអស់នេះដែលត្រូវកើតឡើង ហើយឲ្យឈរនៅមុខកូនមនុស្សផង»។—លូកា ២១:៣៤-៣៦
ម្ដងនេះទៀត លោកយេស៊ូកំពុងបង្ហាញថាអ្វីដែលលោកកំពុងប្រកាសទុកជាមុន គឺនឹងកើតឡើងដល់កម្រិតធំជាង។ លោកយេស៊ូមិនមែនកំពុងប្រកាសទុកជាមុននូវព្រឹត្ដិការណ៍ដែលនឹងកើតឡើងប៉ុន្មានទសវត្សរ៍ក្រោយមក ដែលគ្រាន់តែប៉ះពាល់ក្រុងយេរូសាឡិម ឬប្រជាជាតិយូដាប៉ុណ្ណោះឡើយ ប៉ុន្តែលោកកំពុងបញ្ជាក់អំពីព្រឹត្ដិការណ៍ដែល«នឹងមកគ្របលើអស់ទាំងមនុស្សនៅលើផែនដី»។
ដូច្នេះ លោកព្រមានពួកអ្នកកាន់តាមថាពួកគាត់ត្រូវប្រុងស្មារតីជានិច្ច ចាំយាម ហើយត្រៀមខ្លួនជាស្រេច។ ដើម្បីបញ្ជាក់អំពីការព្រមាននេះ លោកយេស៊ូលើកឧទាហរណ៍មួយទៀតដែលថា៖ «ចូរដឹងថា បើម្ចាស់ផ្ទះបានដឹងថាចោរនឹងមកនៅយាមណា នោះម្ចាស់ផ្ទះមុខជាចាំយាមមិនឲ្យចោរចូលផ្ទះគាត់ឡើយ។ ហេតុនេះហើយ អ្នករាល់គ្នាត្រូវត្រៀមខ្លួនជានិច្ចដូច្នេះដែរ ពីព្រោះកូនមនុស្សនឹងមកនៅម៉ោងដែលអ្នករាល់គ្នាមិននឹកស្មាន»។—ម៉ាថាយ ២៤:៤៣, ៤៤
ក្រោយមក លោកយេស៊ូផ្ដល់មូលហេតុដែលនាំឲ្យពួកអ្នកកាន់តាមមានសង្ឃឹម។ លោកជួយពួកគាត់ឲ្យមានទំនុកចិត្តថាពេលទំនាយរបស់លោកកើតឡើង នោះនឹងមាន«ខ្ញុំបម្រើ»ដែលចាំយាម ហើយកំពុងបំពេញកិច្ចបម្រើយ៉ាងសកម្ម។ រួចលោកយេស៊ូលើកយកស្ថានភាពមួយដែលពួកសាវ័កអាចស្រមៃឃើញបាន ដោយមានប្រសាសន៍ថា៖ «តើអ្នកណាជាខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា ដែលម្ចាស់បានតែងតាំងឲ្យមើលការខុសត្រូវលើខ្ញុំបម្រើឯទៀតរបស់លោក ដើម្បីឲ្យអាហារពួកគេបរិភោគតាមត្រូវពេល? ខ្ញុំបម្រើនោះមានសុភមង្គលហើយ! ប្រសិនបើម្ចាស់មកដល់ ហើយឃើញថាគាត់កំពុងធ្វើដូច្នោះមែន។ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា លោកនឹងតែងតាំងគាត់ឲ្យមើលការខុសត្រូវលើទ្រព្យសម្បត្ដិទាំងអស់របស់លោក»។ ក៏ប៉ុន្តែ ប្រសិនបើ«ខ្ញុំបម្រើ»នោះចាប់ផ្ដើមមានចិត្តគំនិតអាក្រក់ ហើយធ្វើបាបខ្ញុំបម្រើគ្នីគ្នា នោះម្ចាស់នឹង«ដាក់ទោសគាត់ធ្ងន់បំផុត»។—ម៉ាថាយ ២៤:៤៥-៥១; សូមពិនិត្យបន្ថែម លូកា ១២:៤៥, ៤៦
ក៏ប៉ុន្តែ លោកយេស៊ូមិនមែនកំពុងមានប្រសាសន៍ថាអ្នកកាន់តាមមួយក្រុមរបស់លោកនឹងចាប់ផ្ដើមមានចិត្តគំនិតអាក្រក់នោះឡើយ។ ដូច្នេះ តើអ្វីជាមេរៀនដែលលោកយេស៊ូចង់ឲ្យអ្នកកាន់តាមលោកចងចាំ? លោកចង់ឲ្យពួកគាត់ប្រុងស្មារតីជានិច្ច ហើយបំពេញកិច្ចបម្រើយ៉ាងសកម្ម។ លោកនឹងបញ្ជាក់អំពីរឿងនេះយ៉ាងច្បាស់នៅក្នុងឧទាហរណ៍មួយទៀត។