ដោយពេលបន្ទាន់ហើយ យើងត្រូវចាំយាមលើសជាងមុន
«[ចូរ]ចាំយាម ដ្បិតអ្នករាល់គ្នាមិនដឹងជាពេលណា ដែលព្រះអម្ចាស់នៃអ្នករាល់គ្នានឹងយាងមកទេ»។—ម៉ាថាយ ២៤:៤២
១, ២. តើអ្វីបង្ហាញថាយើងកំពុងតែរស់នៅក្នុងទីបញ្ចប់នៃរបបលោកីយ៍នេះ?
អ្នកនិពន្ធម្នាក់ឈ្មោះ ប៊ីល អេមុត បានសរសេរថា៖ «អ្វីដែលបានមានឥទ្ធិពលខ្លាំងបំផុតលើសតវត្សទី២០ គឺសង្គ្រាម»។ លោកទទួលស្គាល់ថា មនុស្សធ្លាប់ឆ្លងកាត់សង្គ្រាមនិងអំពើឃោរឃៅតាំងពីដើមមកម្ល៉េះ តែក៏ពោលបន្ថែមថា៖ «សតវត្សទី២០គឺខុសគ្នាពីសតវត្សឯទៀត មិនមែនដោយសារមានសង្គ្រាមនោះទេ តែដោយសារទំហំនៃសង្គ្រាមវិញ។ សតវត្សទី២០ជាសតវត្សលើកដំបូងដែលពិភពលោកទាំងមូលធ្វើសង្គ្រាម . . . ហើយមិនមែនមានសង្គ្រាមដូចនេះតែមួយគត់នោះទេ តែមានទៅដល់ពីរលើក ហាក់ដូចជាចង់បញ្ជាក់កាន់តែច្បាស់ថា នោះជាសតវត្សខុសប្លែកពីគេ»។
២ ព្រះយេស៊ូគ្រីស្ទបានទាយថា នឹងមានសង្គ្រាមដែល‹សាសន៍១លើកគ្នាទាស់នឹងសាសន៍១ នគរ១ទាស់នឹងនគរ១›។ ក៏ប៉ុន្តែ សង្គ្រាមទាំងនេះគ្រាន់តែជាលក្ខណៈមួយប៉ុណ្ណោះនៃ‹ទីសំគាល់ពីព្រះគ្រីស្ទយាងមក ហើយពីបំផុតកល្ប›។ ក្នុងទំនាយយ៉ាងធំរបស់ព្រះយេស៊ូ ទ្រង់ក៏បានទាយអំពីទុរភិក្ស ជំងឺអាសន្នរោគ និងរញ្ជួយដី។ (ម៉ាថាយ ២៤:៣, ៧, ៨; លូកា ២១:៦, ៧, ១០, ១១) សព្វថ្ងៃនេះ មហន្តរាយបែបនេះមានទំហំធំជាងមុន។ មនុស្សជាច្រើនជាមនុស្សខូចអាក្រក់ ហើយទស្សនៈដែលពួកគេមានចំពោះព្រះនិងមនុស្សគ្នីគ្នាបង្ហាញឲ្យឃើញភាពខូចអាក្រក់របស់ពួកគេ។ ភាពសីលធម៌ហាក់ដូចជាបានរលាយសាបសូន្យ ហើយឧក្រិដ្ឋកម្មនិងអំពើឃោរឃៅមានកំនើនជាក់ស្តែង។ មនុស្សបានក្លាយទៅជាអ្នកដែលស្រឡាញ់ប្រាក់ជាជាងព្រះ ហើយក៏ជាមនុស្សមានចិត្តភ្លើតភ្លើនវក់នឹងការសប្បាយ។ ព្រឹត្ដិការណ៍ទាំងអស់នេះជាភស្តុតាងថា យើងកំពុងតែរស់នៅ«គ្រាលំបាកណាស់»។—ធីម៉ូថេទី២ ៣:១-៥
៣. តើ«ទីសំគាល់នៃសម័យនេះ»គួរមានឥទ្ធិពលយ៉ាងណាមកលើយើង?
៣ តើអ្នកមានទស្សនៈយ៉ាងណាចំពោះសភាពការណ៍សង្គមមនុស្សដែលកំពុងតែអាក្រក់ទៅៗ? ចិត្តរបស់មនុស្សជាច្រើនហាក់ដូចជាស្ពឹកមិនខ្ចីអើពើនឹងព្រឹត្ដិការណ៍ដ៏គួរឲ្យព្រួយបារម្ភសព្វថ្ងៃនេះទេ។ មនុស្សធំដុំនិងអ្នកប្រាជ្ញមិនយល់នូវអត្ថន័យចំពោះ«ទីសំគាល់នៃសម័យនេះ»ទេ ហើយអ្នកដឹកនាំសាសនាក៏មិនឲ្យការណែនាំដ៏ត្រឹមត្រូវអំពីរឿងនេះដែរ។ (ម៉ាថាយ ១៦:១-៣) ប៉ុន្តែ ព្រះយេស៊ូបានដាស់តឿនអ្នកកាន់តាមទ្រង់ថា៖ «[ចូរ]ចាំយាម ដ្បិតអ្នករាល់គ្នាមិនដឹងជាពេលណា ដែលព្រះអម្ចាស់នៃអ្នករាល់គ្នានឹងយាងមកទេ»។ (ម៉ាថាយ ២៤:៤២) ព្រះយេស៊ូបានលើកទឹកចិត្តយើងទាំងអស់គ្នាថាមិនត្រឹមតែយាមប៉ុណ្ណោះ តែឲ្យ«ចាំយាម»ផងដែរ។ ដើម្បីចាំយាមយើងត្រូវតែវៃរហ័សនិងចេះប្រុងប្រយ័ត្នជានិច្ច។ នេះមិនគ្រាន់តែតម្រូវឲ្យយើងទទួលស្គាល់ថា ជាថ្ងៃជាន់ក្រោយបង្អស់ប៉ុណ្ណោះទេ ហើយការយល់ថានេះជាគ្រាលំបាកក៏មិនគ្រប់គ្រាន់ដែរ។ យើងក៏ត្រូវមានជំនឿមុតមាំថា«ចុងបំផុតនៃរបស់ទាំងអស់ នោះជិតដល់ហើយ»។ (ពេត្រុសទី១ ៤:៧) បើមានជំនឿបែបនេះ ទើបតាំងចិត្តយើងឲ្យចាំយាមដោយយល់ថា ពេលគឺបន្ទាន់ហើយ។ ដូច្នេះ សំនួរដែលយើងត្រូវសួរខ្លួនឯងគឺ៖ ‹តើអ្វីនឹងជួយខ្ញុំឲ្យពង្រឹងជំនឿរបស់ខ្ញុំថា ទីបញ្ចប់គឺជិតដល់ហើយ?›
៤, ៥. (ក) តើអ្វីនឹងពង្រឹងជំនឿរបស់យើងថា ទីបញ្ចប់នៃរបបលោកីយ៍នេះគឺជិតដល់ហើយ? ហេតុអ្វី? (ខ) តើអ្វីជាភាពស្រដៀងគ្នាមួយរវាងសម័យលោកណូអេនិងវត្តមានរបស់កូនមនុស្ស?
៤ សូមពិចារណានូវស្ថានភាពដែលធ្លាប់មានក្នុងគ្រាមុនទឹកជំនន់ដ៏ធំនៅសម័យលោកណូអេ ដែលជាព្រឹត្ដិការណ៍អស្ចារ្យគ្មានដូចក្នុងប្រវត្ដិសាស្ត្រ។ នៅសម័យនោះ មនុស្សមានភាពខូចអាក្រក់រហូតដល់ព្រះយេហូវ៉ា«មានព្រះហឫទ័យព្រួយ»។ ទ្រង់ប្រកាសថា៖ «អញនឹងលុបមនុស្សដែលអញបានបង្កើតមកឲ្យសូន្យបាត់ពីផែនដីចេញ»។ (លោកុប្បត្តិ ៦:៦, ៧) ហើយទ្រង់ក៏បានធ្វើដូច្នេះមែន។ ព្រះយេស៊ូបានប្រៀបធៀបសម័យនោះ ទៅនឹងសម័យយើងនេះថា៖ «ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ»។—ម៉ាថាយ ២៤:៣៧
៥ គឺសមហេតុសមផលដែលយើងសន្និដ្ឋានថា ព្រះហឫទ័យរបស់ព្រះយេហូវ៉ាចំពោះលោកីយ៍នេះ គឺដូចគ្នានឹងព្រះហឫទ័យរបស់ទ្រង់ចំពោះលោកីយ៍មុនទឹកជំនន់ដែរ។ ដោយសារទ្រង់បានបំផ្លាញចោលពិភពលោកដែលមានមនុស្សមិនគោរពព្រះនៅសម័យលោកណូអេ ទ្រង់ប្រាកដជានឹងបំផ្លាញលោកីយ៍ដ៏អាក្រក់នេះចោលដែរ។ ការយល់ដឹងច្បាស់លាស់អំពីភាពស្រដៀងគ្នារវាងសម័យណូអេនិងសម័យយើង គួរពង្រឹងជំនឿរបស់យើងឲ្យរឹងមាំថា ទីបញ្ចប់នៃរបបលោកីយ៍នេះគឺជិតដល់មែន។ បើដូច្នេះ តើភាពស្រដៀងគ្នាមានអ្វីខ្លះ? យ៉ាងតិច មានភាពស្រដៀងគ្នាប្រាំយ៉ាង។ ទីមួយគឺ មានការព្រមានយ៉ាងជាក់ច្បាស់ថា សេចក្ដីហិនវិនាសជិតដល់ហើយ។
មានការព្រមានអំពី«ការដែលមើលមិនទាន់ឃើញនៅឡើយ»
៦. នៅសម័យលោកណូអេ តើព្រះយេហូវ៉ាតាំងព្រះទ័យថាទ្រង់នឹងធ្វើអ្វី?
៦ នៅសម័យលោកណូអេ ព្រះយេហូវ៉ាបានប្រកាសថា៖ «វិញ្ញាណអញនឹងមិនតវ៉ានឹងមនុស្សជាដរាបទេ ពីព្រោះគេជាសាច់ឈាមប៉ុណ្ណោះ អាយុគេនឹងបានត្រឹមតែ១២០ឆ្នាំវិញ»។ (លោកុប្បត្តិ ៦:៣) សេចក្ដីប្រកាសរបស់ព្រះនៅឆ្នាំ២៤៩០មុនស.យ.បញ្ជាក់ថា ទីបញ្ចប់បានចាប់ផ្ដើមហើយសំរាប់លោកីយ៍ដែលមិនគោរពព្រះនោះ។ សូមគិតទៅមើលអំពីអត្ថន័យដែលសេចក្ដីប្រកាសរបស់ព្រះមានចំពោះអ្នកដែលរស់នៅសម័យនោះ! មានតែ១២០ឆ្នាំទៀត រួចព្រះយេហូវ៉ានឹងធ្វើឲ្យមាន«ជំនន់លើផែនដី ដើម្បីនឹងបំផ្លាញគ្រប់ទាំងសាច់ដែលមានដង្ហើមជីវិតពីក្រោមមេឃចេញ» ដូចទ្រង់បានមានបន្ទូលប្រាប់ណូអេក្រោយមក។—លោកុប្បត្តិ ៦:១៧
៧. (ក) ពេលដែលណូអេទទួលសេចក្ដីព្រមានអំពីទឹកជំនន់ តើគាត់ប្រព្រឹត្តតបយ៉ាងដូចម្ដេច? (ខ) តើយើងគួរប្រព្រឹត្តតបយ៉ាងណាចំពោះសេចក្ដីព្រមានផ្សេងៗអំពីទីបញ្ចប់នៃរបបលោកីយ៍នេះ?
៧ ណូអេបានឮសេចក្ដីព្រមានអំពីមហន្តរាយនេះរាប់ទសវត្សមុនដែលបានកើតឡើង ហើយគាត់បង្ហាញថាខ្លួនមានប្រាជ្ញាដោយប្រើពេលវេលាដែលនៅសល់ដើម្បីត្រៀមលក្ខណៈឲ្យរួចរស់ជីវិតបាន។ សាវ័កប៉ុលសរសេរថា៖ «ព្រះបានមានបន្ទូលពន្យល់លោកណូអេ ពីការដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកមានសេចក្ដីកោតខ្លាច បានជាលោកធ្វើទូក១យ៉ាងធំសំរាប់នឹងជួយសង្គ្រោះដល់ពួកគ្រួសាររបស់លោក»។ (ហេព្រើរ ១១:៧) ចុះយើងវិញ? ប្រមាណ៩០ឆ្នាំបានកន្លងទៅតាំងពីថ្ងៃជាន់ក្រោយបង្អស់ចាប់ផ្ដើមនៅឆ្នាំ១៩១៤។ យើងពិតជាកំពុងតែស្ថិតក្នុង«គ្រាចុងបំផុត»។ (ដានីយ៉ែល ១២:៤) តើយើងគួរប្រព្រឹត្តតបនឹងសេចក្ដីព្រមានផ្សេងៗដែលយើងបានទទួលយ៉ាងដូចម្ដេច? ព្រះគម្ពីរចែងថា៖ «អ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ច»។ (យ៉ូហានទី១ ២:១៧) ដូច្នេះ គឺនៅពេលឥឡូវនេះដែលយើងត្រូវធ្វើតាមព្រះហឫទ័យរបស់ព្រះយេហូវ៉ា ដោយយល់ថាពេលគឺបន្ទាន់ណាស់ហើយ។
៨, ៩. នៅសម័យនេះ តើមានការព្រមានអំពីអ្វីខ្លះ? ហើយតើសេចក្ដីព្រមានទាំងនេះត្រូវប្រកាសយ៉ាងដូចម្ដេច?
៨ នៅសម័យនេះ សិស្សព្រះគម្ពីរដែលពិតជាចង់ដឹងសេចក្ដីពិត បានរៀនពីបទគម្ពីរដែលព្រះបានបណ្ដាលឲ្យសរសេរថា របបលោកីយ៍នេះនឹងទទួលសេចក្ដីហិនវិនាសជាក់ជាពុំខាន។ តើយើងពិតជាជឿឬទេ? សូមកត់សម្គាល់នូវអ្វីដែលព្រះយេស៊ូគ្រីស្ទមានបន្ទូលយ៉ាងច្បាស់ថា៖ «នឹងមានសេចក្ដីវេទនាជាខ្លាំងណាស់ ដល់ម្ល៉េះបានជាតាំងពីដើមកំណើតលោកីយ ដរាបមកដល់សព្វថ្ងៃនេះ មិនដែលមានយ៉ាងដូច្នោះឡើយ ហើយទៅមុខក៏មិនដែលមានដែរ»។ (ម៉ាថាយ ២៤:២១) ព្រះយេស៊ូក៏បានមានបន្ទូលថា ទ្រង់នឹងមកក្នុងឋានៈជាចៅក្រមដែលព្រះបានតែងតាំង ហើយនឹងញែកមនុស្សចេញពីគ្នាដូចជាអ្នកគង្វាលញែកចៀមចេញពីពពែ។ អស់អ្នកដែលទ្រង់វិនិច្ឆ័យថាមិនគួរនឹងទទួលជីវិត ពួកគេនឹង«ថយទៅ មានទោសអស់កល្បជានិច្ច តែពួកសុចរិតនឹងចូលទៅក្នុងជីវិតដ៏នៅអស់កល្បជានិច្ចវិញ»។—ម៉ាថាយ ២៥:៣១-៣៣, ៤៦
៩ ព្រះយេហូវ៉ាធ្វើឲ្យរាស្ត្រទ្រង់ចងចាំជានិច្ចនូវសេចក្ដីព្រមានទាំងនេះ ដោយរំឭកយ៉ាងត្រូវពេលតាមរយៈអាហារខាងវិញ្ញាណផ្គត់ផ្គង់ដោយ‹អ្នកបំរើស្មោះត្រង់មានវិនិច្ឆ័យល្អ›។ (ម៉ាថាយ ២៤:៤៥-៤៧) ម្យ៉ាងទៀត គ្រប់ទាំងសាសន៍ គ្រប់ទាំងពូជអំបូរ គ្រប់ទាំងភាសា ត្រូវតម្រូវឲ្យ«កោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ចុះ ដ្បិតពេលដែលទ្រង់ត្រូវជំនុំជំរះ នោះបានមកដល់ហើយ»។ (វិវរណៈ ១៤:៦, ៧) ផ្នែកដ៏ធំមួយនៃសារព្រះរាជាណាចក្រដែលស្មរបន្ទាល់ព្រះយេហូវ៉ាផ្សាយទូទាំងផែនដី គឺជាសេចក្ដីព្រមានថា បន្ដិចទៀតព្រះរាជាណាចក្ររបស់ព្រះនឹងបំផ្លាញចោលការគ្រប់គ្រងរបស់មនុស្ស។ (ដានីយ៉ែល ២:៤៤) មិនគួរមើលស្រាលដល់ការព្រមាននេះទេ។ ព្រះដែលមានគ្រប់ព្រះចេស្ដាតែងតែធ្វើតាមអ្វីដែលទ្រង់មានបន្ទូល។ (អេសាយ ៥៥:១០, ១១) ទ្រង់បានធ្វើតាមបន្ទូលទ្រង់នៅសម័យណូអេ ហើយទ្រង់នឹងធ្វើតាមអ្វីដែលទ្រង់មានបន្ទូលនៅសម័យយើងដែរ។—ពេត្រុសទី២ ៣:៣-៧
អំពើដ៏លាមកខាងកាមចាប់ផ្ដើមមានពាសពេញ
១០. ស្តីអំពីអំពើលាមកខាងកាមនៅសម័យណូអេ តើធ្លាប់មានស្ថានភាពយ៉ាងណា?
១០ មានហេតុមួយទៀតដែលសម័យរបស់យើងគឺស្រដៀងគ្នានឹងសម័យណូអេ។ ព្រះយេហូវ៉ាបានបង្គាប់បុរសស្ត្រីទីមួយឲ្យបង្កើតកូនជាច្រើន«ឲ្យមានពេញពាសលើផែនដី»។ ពួកគាត់ត្រូវធ្វើដូច្នេះដោយប្រើសមត្ថភាពបន្តពូជតាមរបៀបថ្លៃថ្នូរនៅក្នុងអាពាហ៍ពិពាហ៍។ (លោកុប្បត្តិ ១:២៨) នៅសម័យណូអេ ទេវតាដែលមិនស្ដាប់បង្គាប់បានផ្ដើមឲ្យមានការរួមភេទដែលមិនត្រឹមត្រូវតាមក្រិត្យក្រមធម្មជាតិ។ ពួកវាបានចុះមកផែនដី ប្រែក្រឡាជាមនុស្ស ហើយរួមរស់ជាមួយស្រីស្អាតៗដើម្បីបង្កើតកូនដែលជាបិសាចពាក់កណ្ដាលនិងមនុស្សពាក់កណ្ដាលហៅថានីហ្វីលីម។ (លោកុប្បត្តិ ៦:២, ៤) អំពើបាបរបស់បណ្ដាទេវតាទាំងនេះដែលបានបណ្ដោយតាមតណ្ហារបស់ខ្លួន គឺប្រៀបស្មើនឹងអំពើដ៏លាមកដែលមាននៅទីក្រុងសូដុំមនិងកូម៉ូរ៉ា។ (យូដាស ៦, ៧) ជាលទ្ធផល អំពើលាមកខាងកាមមានពាសពេញនៅសម័យនោះ។
១១. សព្វថ្ងៃនេះ តើមានសីលធម៌បែបណាដែលស្រដៀងនឹងសម័យណូអេ?
១១ ចុះយ៉ាងណាវិញចំពោះភាពសីលធម៌សព្វថ្ងៃនេះ? ក្នុងកំឡុងថ្ងៃជាន់ក្រោយបង្អស់នេះ មនុស្សជាច្រើនគិតតែអំពីការរួមភេទ។ ប៉ុលបានរៀបរាប់យ៉ាងជាក់ច្បាស់អំពីបុគ្គលបែបនេះថា ពួកគេ«លែងខ្លាចបាប» ហើយបណ្ដោយខ្លួន«ទៅខាងសេចក្ដីអាសអាភាស ដើម្បីនឹងប្រព្រឹត្តសេចក្ដីស្មោកគ្រោកគ្រប់យ៉ាង ដោយចិត្តវក់វិញ»។ (អេភេសូរ ៤:១៩) រូបអាសអាភាស ការរួមភេទមុនរៀបការ ការបៀតបៀនកេរ្ដិ៍ខ្មាសកូនក្មេង និងការរួមភេទជាមួយនឹងមនុស្សភេទដូចគ្នាជាអំពើដែលមានជាប្រក្រតី។ មនុស្សខ្លះ«ក៏ទទួលរង្វាន់ចំពោះខ្លួនគេ»រួចហើយ ដោយបានឆ្លងជំងឺកាមរោគ ក្រុមគ្រួសារបែកបាក់គ្នា ឬបញ្ហាណាផ្សេងទៀតដែលញាំញីសង្គម។—រ៉ូម ១:២៦, ២៧
១២. ហេតុអ្វីយើងត្រូវបណ្ដុះឲ្យមានចិត្តស្អប់នូវអំពើអាក្រក់?
១២ នៅសម័យណូអេ ព្រះយេហូវ៉ាធ្វើឲ្យមានទឹកជំនន់បំផ្លាញលោកីយ៍ដែលឆ្កួតនឹងកាមនោះ។ កុំបីឲ្យយើងភ្លេចថា សព្វថ្ងៃនេះគឺដូចគ្នាបេះបិទនឹងសម័យណូអេដែរ។ «សេចក្ដីវេទនាជាខ្លាំង»ដែលជិតដល់ហើយ នឹងបំបាត់ចេញពីផែនដីនូវ«ពួកសហាយស្មន់ ពួកអ្នកសំរេចកិច្ចដោយខ្លួនឯង ពួកលេងកូនជឹង[ឬ«ពួកអ្នករួមសង្វាសនឹងភេទដូចគ្នា», ខ.ស.]»។ (ម៉ាថាយ ២៤:២១; កូរិនថូសទី១ ៦:៩, ១០; វិវរណៈ ២១:៨) ពេលគឺបន្ទាន់ណាស់ហើយ! ដូច្នេះយើងត្រូវបណ្ដុះឲ្យមានចិត្តស្អប់នូវអំពើអាក្រក់ ហើយចៀសឆ្ងាយពីកាលៈទេសៈណាដែលអាចនាំឲ្យធ្វើអំពើអសីលធម៌!—ទំនុកដំកើង ៩៧:១០; កូរិនថូសទី១ ៦:១៨
ផែនដីពោរពេញទៅដោយ«អំពើឃោរឃៅ»
១៣. នៅសម័យណូអេ ហេតុអ្វីផែនដី«ពេញជាសេចក្ដីកាចសហ័ស»ឬអំពើឃោរឃៅនោះ?
១៣ ព្រះគម្ពីរចង្អុលបញ្ជាក់នូវលក្ខណៈមួយទៀតនៃសម័យណូអេថា៖ «ឯផែនដី នោះបានខូចអាក្រក់នៅចំពោះព្រះ ក៏មានពេញជាសេចក្ដីកាចសហ័ស[ឬ«អំពើឃោរឃៅ», ខ.ស.]ផង»។ (លោកុប្បត្តិ ៦:១១) នេះមិនបានន័យថាគ្មានអំពើឃោរឃៅមុនសម័យណូអេទេ។ កាអ៊ីនដែលជាកូនប្រុសរបស់អ័ដាម បានធ្វើឃាតប្អូនប្រុសដ៏សុចរិតរបស់គាត់។ (លោកុប្បត្តិ ៤:៨) ឡាមេកបានបង្ហាញចិត្តគំនិតឃោរឃៅដូចគេឯងនៅសម័យគាត់ ដោយតែងកំណាព្យមួយអួតខ្លួនថាគាត់បានសម្លាប់យុវជនម្នាក់ ដោយអះអាងថាគ្រាន់តែដើម្បីការពារខ្លួនប៉ុណ្ណោះ។ (លោកុប្បត្តិ ៤:២៣, ២៤) ប៉ុន្តែ នៅសម័យណូអេ អំពើឃោរឃៅមានទំហំធំជាងមុន។ ពេលដែលទេវតាមិនស្ដាប់បង្គាប់បានរៀបការជាមួយស្រីៗនៅផែនដីហើយបង្កើតកូនដែលជានីហ្វីលីម នោះអំពើឃោរឃៅបានឈានដល់កំរិតដែលពុំធ្លាប់មាន។ សេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធឲ្យដឹងថា ពាក្យភាសាហេព្រើរដែលប្រើសំដៅលើមនុស្សរូបធំសម្បើមដ៏ឃោរឃៅទាំងនេះ មានន័យថា«ពួកអ្នកផ្ដួល» គឺ«អ្នកដែលធ្វើឲ្យអ្នកដទៃដួល»។ (លោកុប្បត្តិ ៦:៤) ជាលទ្ធផល ផែនដី«ពេញជាសេចក្ដីកាចសហ័ស»។ (លោកុប្បត្តិ ៦:១៣) សូមគិតទៅមើលអំពីណូអេគាត់ច្បាស់ជាធ្លាប់ជួបបញ្ហា កាលដែលខំចិញ្ចឹមអប់រំក្រុមគ្រួសាររបស់គាត់ក្នុងបរិយាកាសបែបនេះ! ប៉ុន្តែ ‹ក្នុងមនុស្សជាន់នោះ›ឃើញថា ណូអេជាមនុស្ស‹សុចរិតនៅចំពោះព្រះយេហូវ៉ា›។—លោកុប្បត្តិ ៧:១
១៤. សព្វថ្ងៃនេះ តើពិភពលោកពោរពេញដោយ«សេចក្ដីកាចសហ័ស»ដល់ថ្នាក់ណា?
១៤ អំពើឃោរឃៅធ្លាប់មានតាំងពីដើមមកម្ល៉េះ។ ប៉ុន្តែ សម័យយើងក៏ដូចជាសម័យណូអេដែរ ដ្បិតអំពើឃោរឃៅនៅសម័យនេះមានទំហំដែលពុំធ្លាប់មានទេ។ យើងតែងតែឮអំពីអំពើហិង្សាក្នុងក្រុមគ្រួសារ ភេរវកម្ម ការប្រល័យពូជសាសន៍ ការបាញ់សម្លាប់រង្គាលដោយមនុស្សដែលតាមមើលទៅគ្មានហេតុជំរុញឲ្យសម្លាប់ទេ។ បន្ថែមទៅទៀតក៏មានការបង្ហូរឈាមជាច្រើនក្នុងសង្គ្រាម។ ផែនដីពោរពេញទៅដោយអំពើឃោរឃៅម្ដងហើយ។ ហេតុអ្វី? តើអ្វីបានធ្វើឲ្យមានការកើនឡើងដូច្នេះ? ចម្លើយសំរាប់សំនួរនេះបញ្ជាក់ភាពស្រដៀងគ្នាមួយទៀតរវាងសម័យណូអេនិងសម័យយើង។
១៥. (ក) តើអ្វីបាននាំឲ្យអំពើឃោរឃៅកើនឡើងនៅថ្ងៃជាន់ក្រោយបង្អស់នេះ? (ខ) តើយើងអាចជឿជាក់ថាអ្វីនឹងកើតឡើងនៅទីបំផុត?
១៥ នៅពេលព្រះរាជាណាចក្រនៃព្រះមេស្ស៊ីត្រូវបានស្ថាបនាឡើងនៅឆ្នាំ១៩១៤ ព្រះយេស៊ូគ្រីស្ទដែលទទួលរាជ្យជាស្តេចបានចាត់វិធានការសំខាន់បំផុតមួយនៅសម័យនេះ។ អារក្សសាតាំងនិងពួកបិសាចរបស់វាត្រូវបានបណ្ដេញចេញពីស្ថានសួគ៌មកផែនដី។ (វិវរណៈ ១២:៩-១២) មុនទឹកជំនន់ ទេវតាដែលមិនស្ដាប់បង្គាប់បានបោះបង់ចោលមុខតំណែងនៅស្ថានសួគ៌ហើយចុះមកផែនដីដោយខ្លួនឯង។ ប៉ុន្តែ នៅសម័យនេះ ពួកវាត្រូវបានបណ្ដេញចេញពីស្ថានសួគ៌ឲ្យមកផែនដីតែម្ដង។ ម្យ៉ាងទៀត ឥឡូវនេះពួកវាគ្មានសមត្ថភាពប្រែក្រឡាទៅជាមនុស្សនៅលើផែនដីដើម្បីបំពេញតណ្ហាដែលខុសច្បាប់ព្រះនោះទេ។ ដូច្នេះ ដោយមានចិត្តមួម៉ៅ ខឹង និងខ្លាចការជំនុំជំរះដែលពួកវានឹងជិតទទួលនោះ ពួកវាបញ្ចេញឥទ្ធិពលទៅលើមនុស្សនិងអង្គការផ្សេងៗឲ្យធ្វើឧក្រិដ្ឋកម្មនិងអំពើឃោរឃៅព្រៃផ្សៃដែលមានទំហំធំជាងសម័យណូអេទៅទៀត។ ព្រះយេហូវ៉ាបានកំទេចចោលលោកីយ៍មុនទឹកជំនន់ក្រោយពីទេវតាអាក្រក់និងកូនចៅរបស់ពួកវាបានធ្វើឲ្យលោកីយ៍ពោរពេញទៅដោយអំពើអាក្រក់។ កុំច្រឡំឲ្យសោះឡើយ! ទ្រង់នឹងធ្វើដូចគ្នានៅសម័យយើងដែរ! (ទំនុកដំកើង ៣៧:១០) ក៏ប៉ុន្តែ អ្នកដែលចាំយាមសព្វថ្ងៃនេះដឹងថា សេចក្ដីសង្គ្រោះរបស់ពួកគេគឺជិតមកដល់ហើយ។
កំពុងតែមានអ្នកផ្សព្វផ្សាយ
១៦, ១៧. តើអ្វីជាភាពស្រដៀងគ្នាទី៤រវាងសម័យណូអេនិងសម័យយើង?
១៦ ភាពស្រដៀងគ្នាទី៤រវាងសម័យយើងនិងសម័យណូអេមុនទឹកជំនន់ គឺកិច្ចការដែលណូអេត្រូវបានបង្គាប់ឲ្យធ្វើ។ ណូអេបានសង់ទូកដ៏ធំសម្បើមមួយ។ ណូអេក៏ជា«អ្នកប្រកាស»ទៀតផង។ (ពេត្រុសទី២ ២:៥) តើណូអេបានប្រកាសអំពីអ្វី? តាមមើលទៅ ការប្រកាសផ្សាយរបស់ណូអេបានរួមបញ្ចូលការប្រាប់មនុស្សថាពួកគេត្រូវប្រែចិត្ត ហើយក៏បានព្រមានពួកគេអំពីសេចក្ដីហិនវិនាសដែលជិតមកដល់។ ព្រះយេស៊ូមានបន្ទូលថា មនុស្សនៅសម័យណូអេ«ឥតបានដឹងខ្លួនឡើយ ទាល់តែទឹកជន់ឡើង យកគេទៅទាំងអស់គ្នា»។—ម៉ាថាយ ២៤:៣៨, ៣៩
១៧ ស្រដៀងគ្នាដែរ ពេលដែលស្មរបន្ទាល់ព្រះយេហូវ៉ាព្យាយាមបំពេញកិច្ចការផ្សព្វផ្សាយរបស់ពួកគេ នោះសារព្រះរាជាណាចក្ររបស់ព្រះកំពុងតែត្រូវផ្សាយទូទាំងពិភពលោក។ នៅស្ទើរតែគ្រប់ភូមិភាគលើពិភពលោក មនុស្សអាចស្ដាប់ឮនិងអានសារព្រះរាជាណាចក្រជាភាសារបស់ខ្លួន។ ទស្សនាវដ្ដីប៉មយាម ដែលប្រកាសព្រះរាជាណាចក្ររបស់ព្រះយេហូវ៉ា បានបោះពុម្ព២៥.០០០.០០០ក្បាលហើយត្រូវបោះពុម្ពជាង១៤០ភាសា។ ពិតណាស់ថាដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះកំពុងតែត្រូវប្រកាសផ្សាយ«ទូទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍»។ នៅពេលព្រះចាត់ទុកថាកិច្ចការនេះត្រូវបានបង្ហើយ នោះទីបញ្ចប់នឹងមកជាក់ជាពុំខាន។—ម៉ាថាយ ២៤:១៤
១៨. របៀបដែលមនុស្សតបឆ្លើយនឹងកិច្ចផ្សព្វផ្សាយរបស់យើង តើនោះស្រដៀងគ្នានឹងការឆ្លើយតបរបស់មនុស្សនៅសម័យណូអេយ៉ាងដូចម្ដេច?
១៨ បើគិតពីកង្វះខាតខាងសីលធម៌និងភាពខាងវិញ្ញាណនៅសម័យមុនទឹកជំនន់ យើងអាចយល់ពីមូលហេតុដែលណូអេនិងក្រុមគ្រួសាររបស់គាត់ត្រូវអ្នកជិតខាងដែលមិនជឿសើចចំអកឡកឡឺយ។ ប៉ុន្តែ ទីបញ្ចប់បានមកដល់ពិតដែរ។ ស្រដៀងគ្នាដែរ នៅថ្ងៃជាន់ក្រោយបង្អស់«មានមនុស្សចំអក»ជាច្រើន។ ប៉ុន្តែ ព្រះគម្ពីរចែងថា៖ «រីឯថ្ងៃនៃព្រះអម្ចាស់ នោះនឹងមកដូចជាចោរប្លន់»។ (ពេត្រុសទី២ ៣:៣, ៤, ១០) ថ្ងៃរបស់ព្រះយេហូវ៉ានឹងមកជាពិតនៅពេលកំណត់។ ថ្ងៃនោះនឹងមិនរារង់ទេ។ (ហាបាគុក ២:៣) ពិតជាគួរគប្បីឲ្យយើងចាំយាមជានិច្ច!
មានមនុស្សតិចណាស់រួចរស់ជីវិត
១៩, ២០. តើមានភាពស្រដៀងគ្នាអ្វីរវាងទឹកជំនន់និងការបំផ្លាញចោលនូវរបបលោកីយ៍នេះ?
១៩ ភាពស្រដៀងគ្នារវាងសម័យណូអេនិងសម័យយើងនេះ មិនមានត្រឹមតែភាពអាក្រក់របស់មនុស្សនិងការបំផ្លាញពួកគេចោលនោះទេ។ បើមានអ្នករួចរស់ជីវិតពីទឹកជំនន់នោះ ក៏នឹងមានអ្នករួចរស់ជីវិតពីទីបញ្ចប់នៃរបបលោកីយ៍នេះដែរ។ អ្នករួចរស់ជីវិតពីទឹកជំនន់ជាមនុស្សរាបសាដែលមិនមានរបៀបរស់នៅដូចមនុស្សទូទៅទេ។ ពួកគាត់បានស្ដាប់តាមការព្រមានរបស់ព្រះនិងប្រុងប្រយ័ត្នកុំឲ្យខ្លួនទៅជារបស់ផងលោកីយ៍ដ៏ទុច្ចរិតនេះ។ ព្រះគម្ពីរចែងថា៖ «ណូអេបានប្រកបដោយព្រះគុណនៅចំពោះព្រះយេហូវ៉ា»។ ‹ណូអេជាអ្នកគ្រប់លក្ខណ៍នៅក្នុងដំណវង្សខ្លួន›។ (លោកុប្បត្តិ ៦:៨, ៩) ក្នុងចំណោមមនុស្សជាតិ ក្រុមគ្រួសារមួយដែលមាន«មនុស្សតែបន្ដិច គឺ៨នាក់ប៉ុណ្ណោះដែលបានរួចដោយសារទឹក»ជំនន់។ (ពេត្រុសទី១ ៣:២០) ហើយចំពោះពួកគាត់ព្រះយេហូវ៉ាបានបង្គាប់ថា៖ «ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យបាននៅពេញពាសលើផែនដីចុះ!»។—លោកុប្បត្តិ ៩:១
២០ ព្រះបន្ទូលរបស់ព្រះធ្វើឲ្យយើងមានទំនុកចិត្តថា៖ «មនុស្ស១ហ្វូងយ៉ាងធំ»នឹង«ចេញពីគ្រាវេទនាយ៉ាងធំមក»។ (វិវរណៈ ៧:៩, ១៤) តើមនុស្សមួយហ្វូងយ៉ាងធំនេះគឺមានមនុស្សច្រើនប៉ុនណាទៅ? ព្រះយេស៊ូបានមានបន្ទូលដោយអង្គទ្រង់ថា៖ «ឯទ្វារដែលនាំទៅឯជីវិត នោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ»។ (ម៉ាថាយ ៧:១៣, ១៤) បើប្រៀបធៀបនឹងមនុស្សរាប់ពាន់លាននាក់ដែលកំពុងតែរស់លើផែនដីឥឡូវនេះ អ្នកដែលរួចរស់ជីវិតពីគ្រាវេទនាយ៉ាងធំគឺតិចណាស់។ ប៉ុន្តែ ពួកគេប្រហែលជានឹងមានឯកសិទ្ធិដូចជាអ្នករួចរស់ជីវិតពីទឹកជំនន់នៅសម័យណូអេដែរ។ អស់មួយរយៈអ្នកដែលរួចរស់ជីវិតប្រហែលជានឹងអាចបង្កើតកូនជាផ្នែកនៃសង្គមមនុស្សនៅលើផែនដីថ្មី។—អេសាយ ៦៥:២៣
‹ចូរចាំយាម›
២១, ២២. (ក) តើការពិចារណានូវកំណត់ហេតុអំពីទឹកជំនន់បានជួយអ្នកយ៉ាងដូចម្ដេច? (ខ) តើបទគម្ពីរប្រចាំឆ្នាំ២០០៤ជាអ្វី? ហើយហេតុអ្វីយើងគួរស្ដាប់តាមឱវាទក្នុងបទគម្ពីរនោះ?
២១ ទោះជាទឹកជំនន់ហាក់ដូចជាគ្មានទំនាក់ទំនងនឹងសម័យយើងដោយសារបានកើតឡើងយូរហើយនោះ តែទឹកជំនន់នោះជាការព្រមានច្បាស់លាស់មួយដែលយើងត្រូវតែយកចិត្តទុកដាក់ស្ដាប់កុំខាន។ (រ៉ូម ១៥:៤) ភាពស្រដៀងគ្នារវាងសម័យណូអេនិងសម័យយើងគួរធ្វើឲ្យយើងយល់កាន់តែច្បាស់អំពីអត្ថន័យនៃអ្វីដែលកំពុងតែកើតឡើង ហើយក៏គួរជាសញ្ញាឲ្យដឹងអំពីការយាងមករបស់ព្រះយេស៊ូដែលនឹងមកដូចជាចោរប្លន់ ក្នុងបំណងសម្រេចតាមការជំនុំជំរះនិងដាក់ទោសមនុស្សទុច្ចរិត។
២២ សព្វថ្ងៃនេះ ព្រះយេស៊ូគ្រីស្ទកំពុងតែដឹកនាំការដ៏ធំមួយ គឺជាកិច្ចការមួយដែលប្រៀបដូចជាការសាងសង់ខាងវិញ្ញាណ។ ដើម្បីឲ្យអ្នកថ្វាយបង្គំពិតមានសុវត្ថិភាពហើយរួចរស់ជីវិតនោះ គឺមានសួនមនោរម្យខាងវិញ្ញាណមួយដែលប្រៀបដូចជាទូកធំ។ (កូរិនថូសទី២ ១២:៣, ៤) ដើម្បីការពារជីវិតឲ្យរួចរស់គ្រាវេទនាយ៉ាងធំនោះ យើងត្រូវតែនៅក្នុងសួនមនោរម្យខាងវិញ្ញាណនេះជានិច្ច។ នៅខាងក្រៅសួនមនោរម្យខាងវិញ្ញាណនេះគឺជាលោកីយ៍របស់សាតាំង ដែលប្រុងប្រៀបលេបបំបាត់អស់អ្នកណាដែលងងុយដេកខាងវិញ្ញាណ។ គឺជាការសំខាន់ហើយចាំបាច់ណាស់ដែលយើង«ចាំយាម»ជានិច្ច និងប្រុងប្រៀបខ្លួនជាស្រេចសំរាប់ថ្ងៃរបស់ព្រះយេហូវ៉ា។—ម៉ាថាយ ២៤:៤២, ៤៤
តើអ្នកចាំទេ?
• តើព្រះយេស៊ូជូនឱវាទអ្វីស្តីអំពីការយាងមករបស់ទ្រង់?
• តើព្រះយេស៊ូប្រៀបធៀបវត្តមានរបស់ទ្រង់ទៅនឹងសម័យណា?
• តើសម័យយើងស្រដៀងគ្នានឹងសម័យណូអេ យ៉ាងដូចម្ដេច?
• ពេលដែលជញ្ជឹងគិតអំពីភាពស្រដៀងគ្នារវាងសម័យណូអេនិងសម័យយើង តើនោះគួរមានឥទ្ធិពល យ៉ាងណាទៅលើការយល់ដឹងអំពីភាពបន្ទាន់?
[ឃ្លាអក្សរធំនៅទំព័រ២២]
បទគម្ពីរប្រចាំឆ្នាំ២០០៤គឺ៖ «[ចូរ]ចាំយាម . . . [ចូរ]ប្រុងប្រៀបខ្លួនជាស្រេច»។—ម៉ាថាយ ២៤:៤២, ៤៤
[រូបភាពនៅទំព័រ១៩]
ណូអេបានស្ដាប់តាមការព្រមានពីព្រះ។ តើយើងស្ដាប់តាមដូចគ្នាដែរឬ?
[រូបភាពនៅទំព័រ២០]
«កាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ»