ហេតុដែលណូអេជាទីពេញចិត្តដល់ព្រះ ហេតុដែលគួរឲ្យយើងយកចិត្តទុកដាក់
យើងភាគច្រើននៅចងចាំពីពេលដែលយើងឮដំណឹងសំខាន់។ យើងនឹកឃើញចំណុចល្អិតល្អន់ មិនត្រឹមតែនៅទីណាហើយកំពុងធ្វើអ្វីទេ ប៉ុន្តែ ពីប្រតិកម្មរបស់យើងដែរ។ ប្រាកដណាស់ ណូអេនៅនឹកចាំពីថ្ងៃដែលគាត់បានទទួលដំណឹងពីព្រះយេហូវ៉ាដែលជាព្រះមហាក្សត្រសកលលោក។ គ្មានដំណឹងណាសំខាន់ជាងនេះទៀតទេ។ ព្រះយេហូវ៉ាសម្រេចថានឹងបំផ្លាញចោល«អស់ទាំងសាច់»។ ព្រះបានបង្គាប់ណូអេឲ្យសង់ទូកធំមួយដើម្បីការពារជីវិតខ្លួនឯង ក្រុមគ្រួសាររបស់គាត់ និងសត្វគ្រប់ប្រភេទ។—លោកុប្បត្តិ ៦:៩-២១
តើណូអេមានអារម្មណ៍យ៉ាងណា? តើគាត់រំភើបចិត្តពេលឮដំណឹងនោះ ឬក៏តវ៉ា? តើលោកប្រាប់ប្រពន្ធនិងកូនអំពីដំណឹងនេះយ៉ាងដូចម្ដេច? គម្ពីរមិនបានរៀបរាប់ទេ។ ក៏ប៉ុន្តែ គម្ពីរចែងយ៉ាងនេះទៅវិញ៖ «ណូអេក៏ធ្វើដូច្នោះ តាមគ្រប់ទាំងសេចក្ដីដែលព្រះបានបង្គាប់ គាត់ធ្វើការនោះសំរេចទាំងអស់»។—លោកុប្បត្តិ ៦:២២
ឃ្លាខាងលើនេះពិតជាសំខាន់មែន! ដោយសារឃ្លានោះពន្យល់ពីហេតុមួយដែលណូអេជាទីពេញចិត្តរបស់ព្រះ ពោលគឺលោកស្ម័គ្រចិត្តធ្វើកិច្ចការដែលព្រះបានបង្គាប់។ (លោកុប្បត្តិ ៦:៨) តើអ្វីទៀតដែលធ្វើឲ្យព្រះពេញចិត្តណូអេដល់ម្ល៉េះ? ចម្លើយចំពោះសំណួរនេះសំខាន់ណាស់ ពីព្រោះ យើងត្រូវតែធ្វើតាមគំរូរបស់ណូអេដើម្បីឲ្យបានរួចរស់ជីវិត ពេលព្រះបំផ្លាញអំពើអាក្រក់ជួជាតិឲ្យអស់រលីងពីផែនដី។ ដូច្នេះ ជាដំបូងសូមពិនិត្យមើលដំណើរជីវិតរបស់ណូអេពេលមុនទឹកជំនន់។
វិញ្ញាណកំណាចចុះមកផែនដី
ណូអេបានរស់នៅនាដើមប្រវត្ដិសាស្ត្ររបស់មនុស្សជាតិ។ គាត់បានកើតប្រហែលជា១.០០០ឆ្នាំក្រោយពេលដែលព្រះបានបង្កើតមនុស្សទី១មក។ មនុស្សនៅសម័យនោះ មិនមែនជាមនុស្សដែលរស់នៅក្នុងរូងភ្នំដូចអ្នកខ្លះគិតស្មាននោះទេ។ ពួកគេមិនមែនជាមនុស្សភ្លើៗដែលមានរោមពេញខ្លួន ហើយដើរកោងៗដោយដៃកាន់ព្រនង់ឡើយ។ ផ្ទុយទៅវិញ មនុស្សនៅសម័យនោះមានទាំងពួកជាងលង្ហិននិងជាងដែក ហើយណូអេប្រហែលជាបានយកឧបករណ៍ទាំងនោះមកសង់ទូកធំ។ ឧបករណ៍ភ្លេងក៏មានដែរ។ មនុស្សរៀបការប្ដីប្រពន្ធ ចិញ្ចឹមក្រុមគ្រួសារ ដាំដំណាំ ព្រមទាំងមានហ្វូងសត្វផង។ ពួកគេទិញនិងលក់ទំនិញ។ ដោយហេតុនេះហើយ ជីវិតនៅពេលនោះដូចគ្នានឹងជីវិតសព្វថ្ងៃនេះណាស់។—លោកុប្បត្តិ ៤:២០-២២; លូកា ១៧:២៦-២៨
ប៉ុន្តែ មានរឿងខ្លះខុសប្លែកឆ្ងាយណាស់ពីសព្វថ្ងៃនេះ។ ការខុសប្លែកមួយគឺមនុស្សនៅសម័យនោះមានអាយុវែងជាង។ មិនជាការចម្លែកទេដែលមនុស្សរស់នៅបានច្រើនជាង៨០០ឆ្នាំ ដូចណូអេ៩៥០ឆ្នាំ អ័ដាម៩៣០ឆ្នាំ មធូសាឡាជីតារបស់ណូអេ៩៦៩ឆ្នាំជាដើម។—លោកុប្បត្តិ ៥:៥, ២៧; ៩:២៩
លក្ខណៈខុសប្លែកមួយទៀតត្រូវបានរៀបរាប់នៅលោកុប្បត្តិ ៦:១,២ ដែលចែងថា៖ «កាលពួកមនុស្សចាប់តាំងមានគ្នាច្រើននៅលើផែនដីឡើង ហើយបង្កើតបានកូនស្រីៗ។ នោះពួកកូនប្រុសរបស់ព្រះគេឃើញកូនស្រីរបស់មនុស្សថាជាស្រស់ល្អ ក៏យកធ្វើជាប្រពន្ធតាមតែចិត្តគេទៅ»។ «ពួកកូនប្រុសរបស់ព្រះ»ទាំងនោះគឺជាពួកទេវតាពីស្ថានសួគ៌ដែលបានយករូបកាយជាមនុស្ស ហើយដើរចរច្រប់នៅផែនដី។ ពួកគេមិនមកតាមបញ្ជារបស់ព្រះ ឬក៏ដើម្បីប្រយោជន៍ដល់មនុស្សជាតិឡើយ។ ពួកទេវតាទាំងនោះបាន«បោះបង់ចោលទីលំនៅ»នៅស្ថានសួគ៌ចេញ ដើម្បីរួមភេទជាមួយនឹងស្ត្រីស្អាតៗនៅផែនដី។ ពួកគេក៏ក្លាយជាពួកវិញ្ញាណកំណាច។—យូដាស ៦
ទេវតាកំណាចទាំងនោះបះបោរ ខូចអាក្រក់ មានអំណាចនិងសតិបញ្ញាមិនធម្មតា។ ដូច្នេះហើយ ពួកគេមានឥទ្ធិពលដែលនាំឲ្យហិនហោចដល់មនុស្សជាតិ។ ពួកគេប្រហែលជាបានត្រួតត្រានិងក្ដោបក្ដាប់លើសង្គមមនុស្សទាំងមូល។ ពួកវាមិនធ្វើដោយសម្ងាត់ដូចជាឧក្រិដ្ឋជនម្នាក់ ដែលខំលាក់អត្តសញ្ញាណខ្លួនដើម្បីធ្វើអំពើអាក្រក់ឡើយ។ ផ្ទុយទៅវិញ ពួកវាបានប្រព្រឹត្តដោយឥតអៀនខ្មាស និងដោយឥតលាក់លៀមទាស់ប្រឆាំងនឹងការរៀបចំរបស់ព្រះ។
កូនប្រុសរបស់ព្រះទាំងនោះរួមដំណេកជាមួយនឹងកូនស្រីៗរបស់មនុស្ស ហើយក៏បង្កើតបានកូនដែលធំឡើងសុទ្ធតែជាមនុស្សខ្លាំងពូកែមែន។ គម្ពីរបានហៅកូននោះថា «មនុស្សរូបធំសំបើម»។ គម្ពីរបានរៀបរាប់ឲ្យយើងដឹងថា៖ «នៅជំនាន់នោះ មានមនុស្សរូបធំសំបើមនៅផែនដី ក្រោយនោះមក កាលពួកកូនប្រុសរបស់ព្រះ បានចូលទៅឯកូនស្រីរបស់មនុស្ស ហើយនាងទាំងនោះបានបង្កើតកូនឲ្យគេ នោះបានជាមនុស្សខ្លាំងពូកែដែលរស់នៅកាលពីដើម ជាមនុស្សមានល្បីឈ្មោះ»។ (លោកុប្បត្តិ ៦:៤) មនុស្សដែលមានរូបធំសម្បើមនោះគួរឲ្យខ្លបខ្លាចណាស់។ ពាក្យភាសាដើមដែលបកប្រែថា «មនុស្សរូបធំសំបើម» មានន័យចំៗថា អ្នកដែលធ្វើឲ្យអ្នកដទៃដួល។ ពួកវាជាអ្នកសម្លាប់គេ ហើយការប្រព្រឹត្តដ៏សាហាវឃោរឃៅរបស់ពួកវា ប្រហែលជាបានបង្ហាញក្នុងរឿងព្រេងពីបុរាណដែរ។
មនុស្សសុចរិតមានចិត្តព្រួយ
គម្ពីររៀបរាប់ថា ការពុករលួយដែលមានរាលដាលនៅពាសពេញផែនដីមានដើមកំណើតពីជំនាន់នោះមក។ គម្ពីរចែងយ៉ាងនេះ៖ «ការអាក្រក់របស់មនុស្សបានចំរើនជាច្រើនឡើងនៅផែនដី ហើយអស់ទាំងគំនិតក្នុងចិត្តគេក៏សុទ្ធតែអាក្រក់ជានិច្ច។ . . . ឯផែនដី . . . ក៏មានពេញជាសេចក្ដីកាចសហ័សផង។ . . . គ្រប់ទាំងសាច់បានបង្ខូចផ្លូវខ្លួននៅផែនដីទៅហើយ»។—លោកុប្បត្តិ ៦:៥, ១១, ១២
ណូអេរស់នៅក្នុងពិភពលោកដែលមានស្ថានភាពបែបនេះ។ តែផ្ទុយស្រឡះពីមនុស្សដែលរស់នៅជុំវិញគាត់«ណូអេ . . . ជាអ្នកសុចរិត»ដែល«ដើរជាមួយនឹងព្រះ[ពិត]»។ (លោកុប្បត្តិ ៦:៩) មិនជាការងាយស្រួលទេឲ្យមនុស្សសុចរិតរស់នៅក្នុងសង្គមមនុស្សទុច្ចរិត។ ពាក្យសម្ដីនិងការប្រព្រឹត្តរបស់មនុស្សទាំងនោះពិតជាធ្វើឲ្យណូអេមានចិត្តព្រួយលំបាកមែន! គាត់ប្រហែលជាមានអារម្មណ៍ដូចឡុតដែលជាមនុស្សសុចរិតម្នាក់ទៀត ដែលបានរស់នៅសម័យក្រោយទឹកជំនន់។ ឡុតរស់នៅក្នុងចំណោមមនុស្សខូចអាក្រក់នៅទីក្រុងសូដុំម។ គាត់«មានចិត្តព្រួយលំបាក ដោយព្រោះកិរិយាខូចអាក្រក់របស់មនុស្សទទឹងច្បាប់ទាំងនោះ»។ ហើយ«ដ្បិតអ្នកសុចរិតនោះ ដែលនៅជាមួយនឹងគេ ក៏កើតទុក្ខក្នុងចិត្តសុចរិតរបស់លោករាល់តែថ្ងៃ ដោយបានឮ ហើយឃើញការទទឹងច្បាប់ ដែលគេប្រព្រឹត្តធ្វើ»។ (ពេត្រុសទី២ ២:៧, ៨) លោកណូអេក៏ច្បាស់ជាមានចិត្តព្រួយលំបាកដែរ។
ពេលអ្នកឮព័ត៌មានដែលធ្វើឲ្យរន្ធត់ចិត្ត ឬពីការប្រព្រឹត្តដ៏អាក្រក់របស់មនុស្សដែលមិនគោរពព្រះ តើអ្នកមានចិត្តព្រួយទេ? បើមានចិត្តព្រួយមែន អ្នកអាចយល់អារម្មណ៍របស់លោកណូអេ។ ណូអេមានអាយុ៦០០ឆ្នាំទើបមានទឹកជំនន់។ សូមគិតទៅមើល ច្បាស់ជាមិនងាយទេឲ្យលោកស៊ូទ្រាំនឹងពិភពលោកដ៏ទុច្ចរិតអស់រយៈប្រមាណរយឆ្នាំនោះ។ គាត់ពិតជាចង់ឲ្យអំពើអាក្រក់លែងមានតទៅទៀត!—លោកុប្បត្តិ ៧:៦
ដោយក្លាហាន ណូអេបង្ហាញលក្ខណៈខុសពីមនុស្សដទៃ
ណូអេជាមនុស្ស«គ្រប់លក្ខណ៍នៅក្នុងដំណវង្សខ្លួន[ឬ«ក្នុងចំណោមអស់អ្នកដែលរស់នៅជំនាន់លោក»]»។ (លោកុប្បត្តិ ៦:៩; កំណើតពិភពលោក ៦:៩, ខ.ស.) សូមកត់សម្គាល់ គម្ពីរបានចែងថា គាត់ជាមនុស្សគ្រប់លក្ខណ៍នៅក្នុង មិនមែនទៅតាមទស្សនៈរបស់មនុស្សដែលរស់នៅជំនាន់គាត់ទេ។ ឬក៏អាចនិយាយថា ព្រះចាត់ទុកគាត់ជាគ្រប់លក្ខណ៍ តែចំពោះមនុស្សសម័យមុនទឹកជំនន់ ពួកគេចាត់ទុកណូអេជាមនុស្សចម្លែកទៅវិញ។ យើងអាចប្រាកដថាគាត់មិនឯកភាពនឹងទស្សនៈដែលគេនិយម ហើយមិនចូលរួមការកម្សាន្តដែលមិនបង្ហាញការគោរពចំពោះព្រះ ឬក៏ចូលរួមក្នុងពិធីផ្សេងៗដែលមាននៅសម័យគាត់ឡើយ។ មនុស្សម្នាពិតជាទិតៀនគាត់ច្រើនហើយ ពេលគាត់ចាប់ផ្ដើមសង់ទូកធំនោះ! ពួកគេទំនងជាសើចចំអកគាត់មិនតិចទេ។ ពួកគេមិនគិតថាអ្វីដែលគាត់បាននិយាយនោះ អាចកើតឡើងបានឡើយ។
បន្ថែមទៅទៀត ណូអេមានជំនឿយ៉ាងខ្លាំងទៅលើព្រះ ដែលគាត់មិនបានលាក់ទុកសម្រាប់តែខ្លួនឯងទេ។ គម្ពីរចែងថា៖ «[ណូអេ]ជាអ្នកប្រកាសប្រាប់ពីសេចក្ដីសុចរិត»។ (ពេត្រុសទី២ ២:៥) ណូអេដឹងច្បាស់ថានឹងមានការប្រឆាំង។ ជីតាទួតរបស់គាត់ឈ្មោះហេណុកក៏ជាមនុស្សសុចរិតដែរ។ ហេណុកបានប្រកាសប្រាប់ជាមុនថាព្រះនឹងកាត់ទោសពួកមនុស្សអាក្រក់។ តាមមើលទៅ នេះនាំឲ្យគេធ្វើទុក្ខបុកម្នេញដល់គាត់ ប៉ុន្តែព្រះមិនបានទុកឲ្យពួកបះបោរទាំងនោះសម្លាប់គាត់ទេ។ (លោកុប្បត្តិ ៥:១៨, ២១-២៤; ហេព្រើរ ១១:៥; ១២:១; យូដាស ១៤, ១៥) ដោយមានសាតាំង ពួកវិញ្ញាណកំណាច មនុស្សរូបធំសម្បើម និងមនុស្សភាគច្រើនដែលធ្វើព្រងើយកន្តើយឬក៏ប្រឆាំងនឹងគាត់តែម្ដង ដូចនេះណូអេពិតជាត្រូវមានចិត្តក្លាហាន ព្រមទាំងមានជំនឿថាព្រះយេហូវ៉ាអាចសង្គ្រោះគាត់បាន។
អស់អ្នកដែលបម្រើព្រះតែងតែមានការប្រឆាំងធ្វើទុក្ខបុកម្នេញពីអ្នកដែលមិនបម្រើព្រះ។ សូម្បីតែព្រះយេស៊ូគ្រិស្តក៏ត្រូវគេស្អប់ដែរ កុំថាឡើយតែអស់អ្នកដែលកាន់តាមទ្រង់។ (ម៉ាថាយ ១០:២២; យ៉ូហាន ១៥:១៨) ណូអេមានចិត្តក្លាហានក្នុងកិច្ចបម្រើព្រះសូម្បីតែគ្មាននរណាចូលចិត្តក៏ដោយ។ គាត់ទទួលស្គាល់ថាមានការពេញចិត្តពីព្រះពិតជាសំខាន់ជាងឆ្ងាយណាស់ពីមនុស្សដែលប្រឆាំងនឹងទ្រង់។ ហើយព្រះពិតជាពេញចិត្តនឹងណូអេមែន!
ណូអេបានយកចិត្តទុកដាក់
ដូចយើងបានឃើញមកហើយ ណូអេបានផ្សព្វផ្សាយដោយក្លាហានដល់មនុស្សឯទៀត។ តើពួកគេព្រមស្ដាប់គាត់ទេ? គម្ពីររៀបរាប់ថានៅគ្រាមុនទឹកជន់លិច នោះមនុស្ស‹កំពុងតែស៊ីផឹក ហើយរៀបការប្ដីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ។ គេឥតបានដឹងខ្លួន[ឬ«យកចិត្តទុកដាក់សោះ»]ឡើយ ទាល់តែទឹកជន់ឡើង យកគេទៅទាំងអស់គ្នា›។ ពួកគេមិនបានស្ដាប់តាមការព្រមានរបស់ណូអេទេ។—ម៉ាថាយ ២៤:៣៨, ៣៩; ព.ថ.
ព្រះយេស៊ូបានពោលថានឹងមានដូចគ្នានៅសម័យយើងនេះ។ អស់ជាង១០០ឆ្នាំទៅហើយ ដែលសាក្សីព្រះយេហូវ៉ាបានព្រមានថា ព្រះយេហូវ៉ានឹងបញ្ជឿនកិច្ចការទ្រង់ដើម្បីសម្រេចតាមសេចក្ដីសន្យាក្នុងការស្ថាបនាពិភពលោកថ្មីមួយដែលមានសុទ្ធតែសេចក្ដីសុចរិត។ ថ្វីបើមានមនុស្សរាប់លាននាក់បានយកចិត្តទុកដាក់ស្ដាប់សារក្ដី តែនៅមានមនុស្សរាប់ពាន់លាននៅលើផែនដីទាំងមូលមិនរវីរវល់នឹងសារនេះទេ។ ពួកគេមិនទទួលស្គាល់ការពិតនិងសារៈសំខាន់នៃទឹកជំនន់ទេ «ពីព្រោះគេចង់បំភ្លេច»។—ពេត្រុសទី២ ៣:៥, ១៣
យ៉ាងណាក៏ដោយ ណូអេបានយកចិត្តទុកដាក់។ គាត់ជឿជាក់ទៅលើអ្វីដែលព្រះយេហូវ៉ាបានប្រាប់។ គាត់បានសង្គ្រោះដោយសារគាត់ស្ដាប់តាមព្រះ។ សាវ័កប៉ុលបានសរសេរថា៖«ដោយសារសេចក្ដីជំនឿ នោះព្រះបានមានបន្ទូលពន្យល់លោកណូអេពីការដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកមានសេចក្ដីកោតខ្លាច បានជាលោកធ្វើទូក១យ៉ាងធំសំរាប់នឹងជួយសង្គ្រោះដល់ពួកគ្រួសាររបស់លោក»។—ហេព្រើរ ១១:៧
គំរូល្អដែលគប្បីយកតម្រាប់តាម
ណូអេបានសង់ទូកដ៏ធំស្កឹមស្កៃមួយ បណ្ដោយមានប្រវែងវែងជាងទីលានកីឡាបាល់ទាត់ កម្ពស់ខ្ពស់ស្មើនឹងកម្ពស់អគារបីជាន់។ ណាមួយទៀត ទូកនោះក៏មានប្រវែង៣០ម៉ែត្រវែងជាងកប៉ាល់ដ៏ធំបំផុតដែលគេបានសង់ដោយគម្រោងពីឈើ។ ពិតមែន ទូកធំនោះមិនមែនជាកប៉ាល់ទេ គ្រាន់តែត្រូវការឲ្យអណ្ដែតនៅលើទឹកប៉ុណ្ណោះ។ យ៉ាងណាក្ដី នៅតែត្រូវការបច្ចេកទេសឲ្យចំណានបន្ដិច។ ហើយត្រូវពរជ័រទាំងខាងក្នុងនិងខាងក្រៅទូកធំដែរ។ ប្រហែលជាត្រូវការពេលជាង៥០ឆ្នាំដើម្បីសង់ទូកធំ។—លោកុប្បត្តិ ៦:១៤-១៦
ប៉ុន្តែ ក្រោយពីសង់ទូករួចហើយ នោះណូអេត្រូវប្រមូលអាហារមកទុកជាស្បៀងឲ្យក្រុមគ្រួសារខ្លួននឹងហ្វូងសត្វ ឲ្យបានគ្រប់គ្រាន់សម្រាប់មួយឆ្នាំ។ មុនពេលទឹកជន់លិច គាត់ត្រូវប្រមូលសត្វឲ្យចូលទៅក្នុងទូក។ «ណូអេក៏ធ្វើសំរេចតាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក»។ ពិតជាគួរឲ្យធូរចិត្តមែន! ពេលដែលអ្វីៗបានរៀបចំជាស្រេច ហើយព្រះយេហូវ៉ាក៏បិទទ្វារទូកធំទៅ។—លោកុប្បត្តិ ៦:១៩-២១; ៧:៥, ១៦
បន្ទាប់មកទឹកក៏ផ្ដើមជន់លិចបន្ដិចម្ដងៗ។ ភ្លៀងធ្លាក់អស់រយៈ៤០ថ្ងៃនិង៤០យប់។ ទាំងអស់គ្នាត្រូវតែរស់នៅក្នុងទូកអស់រយៈពេញមួយឆ្នាំរហូតដល់ទឹកចាប់ផ្ដើមស្រក។ (លោកុប្បត្តិ ៧:១១, ១២; ៨:១៣-១៦) មនុស្សអាក្រក់បានវិនាសសាបសូន្យអស់រលីង។ មានតែណូអេនិងក្រុមគ្រួសាររបស់គាត់ដែលរួចរស់ជីវិតនៅលើផែនដីដែលលែងមានមនុស្សអាក្រក់ទៀតហើយ។
គម្ពីរចែងថាទឹកជំនន់សម័យណូអេចាត់«ទុកជាគំរូដល់ពួកមនុស្សតទៅមុខ»។ តើតាមរបៀបណា? យើងអានថា៖ «តែផ្ទៃមេឃ នឹងផែនដីនៅជាន់នេះ បានបំរុងទុកដល់ថ្ងៃជំនុំជំរះ ដោយសារព្រះបន្ទូលនៃទ្រង់ សំរាប់ឲ្យភ្លើងឆេះវិញ ហើយបំផ្លាញមនុស្សទមិលល្មើសចេញ»។ យ៉ាងណាក៏ដោយ នឹងមានមនុស្សដែលអាចរួចរស់ជីវិតដូចនៅសម័យណូអេដែរ។ សូមជឿជាក់ថា៖ «ព្រះ[យេហូវ៉ា]ចេះប្រោសមនុស្សដែលគោរពប្រតិបត្ដិដល់ទ្រង់ឲ្យរួចពីសេចក្ដីល្បួង»។—ពេត្រុសទី២ ២:៥, ៦, ៩; ៣:៧
ណូអេជាបុរសដែលមានភក្ដីភាពចំពោះព្រះ ជាបុរសសុចរិតដែលស្ថិតក្នុងចំណោមតំណមនុស្សអាក្រក់។ គាត់បានស្ដាប់តាមទាំងស្រុងអ្វីៗដែលព្រះបានបង្គាប់។ គាត់មានចិត្តក្លាហានក្នុងការធ្វើអ្វីៗដែលត្រឹមត្រូវ ទោះជាគាត់ដឹងថានេះនឹងនាំមកនូវការប្រមាថមើលងាយពីអ្នកដែលមិនមានបំណងបម្រើព្រះក៏ដោយ។ ដោយធ្វើតាមគំរូរបស់ណូអេ យើងក៏អាចជាទីពេញចិត្តដល់ព្រះ ហើយមានសេចក្ដីសង្ឃឹមរស់នៅលើផែនដីថ្មីដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។—ទំនុកដំកើង ៣៧:៩, ១០
[ឃ្លាអក្សរធំនៅទំព័រ៥]
ការប្រព្រឹត្តដ៏សាហាវឃោរឃៅ របស់ពួកមនុស្សធំសម្បើម ប្រហែលជាមាន ក្នុងរឿងព្រេងពីបុរាណដែរ
[រូបភាពនៅទំព័រ៦]
ដោយធ្វើតាមគំរូរបស់ណូអេ ព្រះក៏ពេញចិត្តនឹងយើងដែរ
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៥]
Alinari/Art Resource, NY