ចូរប្រុងប្រៀបខ្លួនជាស្រេចសំរាប់ថ្ងៃនៃព្រះយេហូវ៉ា
«[ចូរ]ប្រុងប្រៀបខ្លួនជាស្រេចដែរ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនគិត»។—ម៉ាថាយ ២៤:៤៤
១. ហេតុអ្វីយើងគួរចង់ដឹងអំពីថ្ងៃរបស់ព្រះយេហូវ៉ា?
ថ្ងៃនោះជាថ្ងៃចំបាំងនិងសេចក្ដីក្រោធ គឺជាថ្ងៃវេទនាហើយមានទុក្ខ ក៏ជាថ្ងៃបំផ្លាញនិងថ្ងៃងងឹត។ «ថ្ងៃធំគួរស្ញែងខ្លាច»របស់ព្រះយេហូវ៉ានឹងមកលើរបបលោកីយ៍ដ៏អាក្រក់នេះយ៉ាងពិតប្រាកដ ដូចទឹកជំនន់បានពន្លិចពន្លង់លោកីយ៍អាក្រក់នៅសម័យណូអេដែរ។ ថ្ងៃនោះនឹងមកជាក់ជាពុំខាន។ ប៉ុន្តែ «អស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ានឹងបានប្រោសឲ្យរួច»។ (យ៉ូអែល ២:៣០-៣២; អេម៉ុស ៥:១៨-២០) ព្រះនឹងបំផ្លាញសត្រូវរបស់ទ្រង់ចោល ហើយនឹងសង្គ្រោះរាស្ត្រទ្រង់។ ដោយយល់ថាពេលគឺបន្ទាន់ នោះព្យាការីសេផានាបានប្រកាសថា៖ «ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាជិតមកដល់ គឺបានមកជិតហើយ ក៏ប្រញឹកណាស់ដែរ»។ (សេផានា ១:១៤) ប៉ុន្តែ តើព្រះនឹងសម្រេចការជំនុំជំរះនេះនៅពេលណា?
២, ៣. ហេតុអ្វីចាំបាច់ដែលយើងត្រូវប្រុងប្រៀបខ្លួនជាស្រេចសំរាប់ថ្ងៃនៃព្រះយេហូវ៉ា?
២ ព្រះយេស៊ូបានមានបន្ទូលថា៖ «ឯត្រង់ថ្ងៃនឹងពេលកំណត់ នោះគ្មានអ្នកណាដឹងទេ ទោះទាំងពួកទេវតាដែលនៅលើស្ថានសួគ៌ក៏មិនដឹងដែរ ជ្រាបតែព្រះវរបិតានៃខ្ញុំប៉ុណ្ណោះ»។ (ម៉ាថាយ ២៤:៣៦) ដោយសារយើងមិនដឹងពេលកំណត់ គឺចាំបាច់ណាស់ដែលយើងស្ដាប់តាមបន្ទូលក្នុងបទគម្ពីរប្រចាំឆ្នាំ២០០៤ដែលថា៖ «[ចូរ]ចាំយាម . . . [ចូរ]ប្រុងប្រៀបខ្លួនជាស្រេច»។—ម៉ាថាយ ២៤:៤២, ៤៤
៣ បន្ទូលព្រះយេស៊ូបញ្ជាក់ឲ្យដឹងថា ការប្រមូលអ្នកដែលបានប្រុងប្រៀបខ្លួនជាស្រេចមកដើម្បីមានសុវត្ថិភាពដោយបោះបង់ចោលអ្នកឯទៀតទុកនៅ នោះនឹងកើតឡើងក្នុងមួយរំពេច។ ទ្រង់មានបន្ទូលថា៖ «នឹងមានមនុស្ស២នាក់នៅចំការ ម្នាក់នឹងបានយកទៅ ហើយម្នាក់ទុកនៅ ស្ត្រី២នាក់កំពុងតែកិនម្សៅ ម្នាក់នឹងបានយកទៅ ហើយម្នាក់ទុកនៅ»។ (ម៉ាថាយ ២៤:៤០, ៤១) នៅគ្រាសំខាន់នោះ តើខ្លួនយើងនឹងស្ថិតក្នុងសភាពបែបណា? តើយើងនឹងប្រុងប្រៀបខ្លួនជាស្រេចឬទេ? ឬក៏ពេលដែលថ្ងៃនោះនឹងមកដល់តើយើងមិនបានដឹងខ្លួនជាមុនទេដឹង? នេះភាគច្រើនអាស្រ័យទៅលើអ្វីដែលយើងធ្វើនៅគ្រាឥឡូវនេះ។ ដើម្បីប្រុងប្រៀបខ្លួនជាស្រេចសំរាប់ថ្ងៃនៃព្រះយេហូវ៉ា យើងត្រូវតែប្រុងប្រយ័ត្នកុំឲ្យចាប់ផ្ដើមមានចិត្តគំនិតមួយដែលមនុស្សទូទៅមានសព្វថ្ងៃនេះ ហើយក៏ត្រូវការពារខ្លួនកុំឲ្យធ្លាក់ទៅក្នុងសភាពមិនល្អមួយខាងវិញ្ញាណ ហើយក៏ត្រូវចៀសពីរបៀបរស់នៅខ្លះៗដែរ។
ចូរប្រុងប្រយ័ត្នកុំឲ្យមានគំនិតឥតកង្វល់
៤. នៅសម័យណូអេ តើមនុស្សមានចិត្តគំនិតបែបណា?
៤ សូមពិចារណានូវសម័យណូអេ។ ព្រះគម្ពីរចែងថា៖ «ដោយសារសេចក្ដីជំនឿ នោះព្រះបានមានបន្ទូលពន្យល់លោកណូអេ ពីការដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកមានសេចក្ដីកោតខ្លាច បានជាលោកធ្វើទូក១យ៉ាងធំសំរាប់នឹងជួយសង្គ្រោះដល់ពួកគ្រួសាររបស់លោក»។ (ហេព្រើរ ១១:៧) ទូកធំនោះមើលទៅចំឡែកហើយមនុស្សទាំងអស់គ្នាអាចឃើញយ៉ាងស្រួល។ ម្យ៉ាងទៀត ណូអេជា«អ្នកប្រកាសប្រាប់ពីសេចក្ដីសុចរិត»។ (ពេត្រុសទី២ ២:៥) ថ្វីត្បិតណូអេបានសង់ទូកធំនោះ ហើយបានប្រកាសផ្សាយក៏ដោយ ក៏នេះមិនបានជំរុញទឹកចិត្តមនុស្សនៅសម័យគាត់ឲ្យកែខ្លួនទេ។ ហេតុអ្វី? ពីព្រោះពួកគេកំពុងតែ«ស៊ីផឹក ហើយរៀបការប្ដីប្រពន្ធ»។ ណូអេបានប្រកាសផ្សាយដល់មនុស្សដែលវក់តែការសប្បាយនិងរឿងផ្ទាល់ខ្លួនរហូតដល់«ឥតបានដឹងខ្លួនឡើយ[ឬ«មិនបានចាប់អារម្មណ៍អ្វីសោះ», ខ.ស.] ទាល់តែទឹកជន់ឡើង យកគេទៅទាំងអស់គ្នា»។—ម៉ាថាយ ២៤:៣៨, ៣៩
៥. នៅសម័យឡុត តើប្រជាជននៅទីក្រុងសូដុំមមានទស្សនៈយ៉ាងណា?
៥ នៅសម័យឡុតក៏ដូចគ្នាដែរ។ បទគម្ពីរប្រាប់ថា៖ «គេកំពុងតែស៊ីផឹក លក់ដូរ ដាំដំណាំ ហើយសង់ផ្ទះ តែនៅថ្ងៃដែលលោកឡុតចេញពីក្រុងសូដុំមមក នោះមានភ្លៀង ជាភ្លើងនឹងស្ពាន់ធ័រ ធ្លាក់ពីលើមេឃមក បំផ្លាញគេទាំងអស់គ្នាបង់»។ (លូកា ១៧:២៨, ២៩) ក្រោយទេវតាពីររូបព្រមានឡុតអំពីសេចក្ដីហិនវិនាសដែលជិតដល់ហើយ នោះឡុតបានទៅប្រាប់កូនប្រសាប្រុសរបស់គាត់អំពីអ្វីដែលនឹងកើតឡើង។ ប៉ុន្តែ ពួកគេ«ស្មានថា គាត់និយាយលេងទេ»។—លោកុប្បត្តិ ១៩:១៤
៦. តើយើងត្រូវប្រុងប្រយ័ត្នកុំឲ្យមានចិត្តគំនិតបែបណា?
៦ ដូចនៅសម័យណូអេនិងសម័យឡុត ព្រះយេស៊ូមានបន្ទូលថា៖ «កាលណាកូនមនុស្សមក ក៏នឹងមានដូច្នោះដែរ»។ (ម៉ាថាយ ២៤:៣៩; លូកា ១៧:៣០) ពិតណាស់ថា សព្វថ្ងៃនេះមនុស្សទូទៅមានចិត្តគំនិតឥតខ្វល់អ្វីសោះ។ យើងត្រូវប្រុងប្រយ័ត្នកុំឲ្យទស្សនៈបែបនេះមានឥទ្ធិពលមកលើយើង។ ការពិសាស្រានិងអាហារដ៏ឈ្ងុយឆ្ងាញ់ដោយមានតុល្យភាពគឺមិនខុសទេ ហើយការរៀបការប្ដីប្រពន្ធគឺជាអ្វីដែលព្រះរៀបចំ។ ក៏ប៉ុន្តែ បើរឿងទាំងនេះទៅជាអ្វីដ៏សំខាន់បំផុតក្នុងជីវិតរហូតនាំឲ្យយើងលែងយកចិត្តទុកដាក់លើរឿងខាងវិញ្ញាណនោះ តើរូបយើងបានប្រុងប្រៀបជាស្រេចសំរាប់ថ្ងៃដ៏គួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាឬ?
៧. មុនដែលចាប់ផ្ដើមធ្វើតាមគម្រោងណាមួយ តើយើងគួរសួរសំនួរអ្វី? ហេតុអ្វី?
៧ សាវ័កប៉ុលប្រាប់ថា៖ «ពេលវេលាចង្អៀតណាស់ហើយ ពីនេះទៅមុខ គួរតែឲ្យពួកអ្នកដែលមានប្រពន្ធ បាននៅដូចជាគ្មានវិញ»។ (កូរិនថូសទី១ ៧:២៩-៣១) ពេលដែលនៅសល់ដើម្បីបង្ហើយកិច្ចផ្សព្វផ្សាយអំពីព្រះរាជាណាចក្ររបស់ព្រះមានតិចណាស់។ (ម៉ាថាយ ២៤:១៤) ប៉ុលក៏ដាស់តឿនអ្នកដែលបានរៀបការហើយមិនឲ្យចំណាយពេលច្រើនហួសហេតុពេកទៅលើការគាប់ចិត្តដល់គូខ្លួនរហូតនាំឲ្យរឿងខាងព្រះរាជាណាចក្ររបស់ព្រះទៅជារឿងបន្ទាប់បន្សំវិញ។ គឺឃើញច្បាស់ហើយថា ចិត្តគំនិតដែលប៉ុលណែនាំឲ្យមាននោះ គឺផ្ទុយស្រឡះពីគំនិតដែលឥតខ្វល់អ្វីសោះ។ ព្រះយេស៊ូបានមានបន្ទូលថា៖ «ចូរស្វែងរកនគរ នឹងសេចក្ដីសុចរិតនៃព្រះជាមុនសិន»។ (ម៉ាថាយ ៦:៣៣) មុនដែលធ្វើការសម្រេចចិត្តណាមួយឬខំបំពេញគោលដៅណាមួយ សំនួរសំខាន់បំផុតដែលត្រូវសួរខ្លួនឯងគឺ៖ ‹តើនេះនឹងមានឥទ្ធិពលយ៉ាងណាទៅលើការរក្សារឿងខាងព្រះរាជាណាចក្រព្រះជាអាទិភាពក្នុងជីវិតខ្ញុំ?›។
៨. បើជីវិតប្រចាំថ្ងៃបានទៅជារឿងសំខាន់បំផុតចំពោះយើង តើយើងគួរធ្វើយ៉ាងណា?
៨ ចុះយ៉ាងណាវិញបើយើងទទួលស្គាល់ថា យើងកំពុងតែរវល់នឹងជីវិតប្រចាំថ្ងៃរហូតដល់មិនសល់ពេលសំរាប់អ្វីៗខាងវិញ្ញាណនោះ? របៀបរស់នៅរបស់អ្នកជិតខាងយើងដែលគ្មានចំណេះត្រឹមត្រូវអំពីបទគម្ពីរហើយមិនមែនជាអ្នកផ្សាយអំពីព្រះរាជាណាចក្រព្រះនោះ តើរបៀបរស់នៅរបស់យើងនិងពួកគេស្ទើរតែដូចគ្នាឬទេ? បើដូច្នេះមែន យើងត្រូវតែអធិស្ឋានអំពីរឿងនេះ។ ព្រះយេហូវ៉ាអាចជួយឲ្យយើងមានចិត្តគំនិតត្រឹមត្រូវវិញ។ (រ៉ូម ១៥:៥; ភីលីព ៣:១៥) ទ្រង់អាចជួយយើងឲ្យរក្សាទុករឿងព្រះរាជាណាចក្រសំខាន់បំផុត ហើយជួយយើងធ្វើអ្វីដ៏ត្រឹមត្រូវ ហើយបំពេញភារកិច្ចដែលយើងមានចំពោះទ្រង់។—រ៉ូម ១២:២; កូរិនថូសទី២ ១៣:៧
កុំទៅជាងងុយដេកខាងវិញ្ញាណ
៩. យោងទៅតាមវិវរណៈ ១៦:១៤-១៦ ហេតុអ្វីបានជាការសំខាន់ដែលយើងត្រូវតែការពារកុំឲ្យទៅជាងងុយដេកខាងវិញ្ញាណ?
៩ ទំនាយនោះដែលប្រាប់អំពី«ចំបាំងនៅថ្ងៃដ៏ធំរបស់ព្រះដ៏មានព្រះចេស្ដាបំផុត»នៅអើម៉ាគេដូន ក៏ព្រមានថាមនុស្សខ្លះប្រហែលជានឹងដេកលក់ខាងវិញ្ញាណ។ ព្រះអម្ចាស់យេស៊ូគ្រីស្ទមានបន្ទូលថា៖ «មើល! អញមកដូចជាចោរប្លន់ មានពរហើយ អ្នកណាដែលនៅចាំ ហើយរក្សាសំលៀកបំពាក់ខ្លួន ដើម្បីមិនឲ្យដើរអាក្រាត ឲ្យអ្នកណាឃើញកេរ្ដិ៍ខ្មាសខ្លួនឡើយ»។ (វិវរណៈ ១៦:១៤-១៦) សំលៀកបំពាក់ក្នុងខគម្ពីរនេះសំដៅលើអ្វីដែលសម្គាល់យើងជាស្មរបន្ទាល់របស់ព្រះយេហូវ៉ា។ នេះរួមបញ្ចូលកិច្ចការផ្សាយអំពីព្រះរាជាណាចក្រ និងកិរិយាប្រព្រឹត្តសមស្របតាមគោលការណ៍គ្រីស្ទាន។ បើយើងទៅជាអសកម្មហាក់ដូចជាកំពុងដេកលក់វិញ នោះយើងប្រហែលជានឹងបាត់បង់អត្តសញ្ញាណរបស់យើងជាគ្រីស្ទានម្នាក់ ហាក់ដូចជាគេបានដោះសំលៀកបំពាក់យើងចេញ។ នោះគួរឲ្យអាម៉ាស់ខ្មាស ហើយក៏ប្រកបដោយគ្រោះថ្នាក់ដែរ។ យើងត្រូវខំប្រឹងកុំឲ្យងងុយដេកឬរហិតរហៃខាងវិញ្ញាណ។ តើយើងអាចការពារខ្លួនកុំឲ្យធ្លាក់ក្នុងសភាពនេះយ៉ាងដូចម្ដេច?
១០. ហេតុអ្វីបានជាការអានព្រះគម្ពីររៀងរាល់ថ្ងៃជួយយើងប្រុងស្មារតីខាងវិញ្ញាណជានិច្ច?
១០ ម្ដងហើយម្ដងទៀត ព្រះគម្ពីរសង្កត់ធ្ងន់ថាយើងត្រូវតែចាំយាមនិងដឹងខ្លួនជានិច្ច។ ជាឧទាហរណ៍ កំណត់ហេតុដំណឹងល្អរំឭកយើងថា៖ «[ចូរ]ចាំយាម» (ម៉ាថាយ ២៤:៤២; ២៥:១៣; ម៉ាកុស ១៣:៣៥, ៣៧) «[ចូរ]ប្រុងប្រៀបខ្លួនជាស្រេច» (ម៉ាថាយ ២៤:៤៤) «ចូរប្រុងប្រយ័ត ឲ្យចាំយាម» (ម៉ាកុស ១៣:៣៣) «[ចូរ]បំរុងខ្លួនជាស្រេច» (លូកា ១២:៤០)។ ក្រោយសាវ័កប៉ុលប្រាប់ថាថ្ងៃនៃព្រះយេហូវ៉ានឹងមកលើលោកីយ៍នេះនៅពេលមួយដែលយើងមិននឹកស្មានដល់ នោះគាត់ជំរុញអ្នកជឿគ្នីគ្នាថា៖ «ត្រូវឲ្យយើងចាំយាម ហើយដឹងខ្លួន មិនត្រូវឲ្យដេកលក់ ដូចជាមនុស្សឯទៀតទេ»។ (ថែស្សាឡូនីចទី១ ៥:៦) នៅសៀវភៅចុងក្រោយនៃព្រះគម្ពីរ ព្រះគ្រីស្ទយេស៊ូដែលបានទទួលសិរីរុងរឿងក៏បញ្ជាក់ឲ្យដឹងថា ការយាងមករបស់ទ្រង់នឹងមកឆាប់ប៉ុនណា ពេលទ្រង់មានបន្ទូលថា៖ «អញមកជាឆាប់»នោះ។ (វិវរណៈ ៣:១១; ២២:៧, ១២, ២០) ព្យាការីជនជាតិហេព្រើរជាច្រើនក៏បានពណ៌នានិងព្រមានអំពីថ្ងៃដ៏ធំនៃការជំនុំជំរះរបស់ព្រះយេហូវ៉ាដែរ។ (អេសាយ ២:១២, ១៧; យេរេមា ៣០:៧; យ៉ូអែល ២:១១; សេផានា ៣:៨) ការអានព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ព្រះជារៀងរាល់ថ្ងៃ ហើយការរំពឹងគិតទៅលើអ្វីដែលយើងអាននោះ ជាជំនួយល្អប្រសើរក្នុងការប្រុងស្មារតីខាងវិញ្ញាណ។
១១. ហេតុអ្វីបានជាការសិក្សាព្រះគម្ពីរដោយខ្លួនឯងគឺចាំបាច់ដើម្បីកុំឲ្យងងុយដេកខាងវិញ្ញាណ?
១១ បើប្រើប្រកាសនវត្ថុដែលផ្គត់ផ្គង់ដោយ‹អ្នកបំរើស្មោះត្រង់មានវិនិច្ឆ័យល្អ›ដើម្បីព្យាយាមសិក្សាបទគម្ពីរដោយខ្លួនឯង នោះពិតជាជួយយើងច្រើនណាស់ក្នុងការការពារកុំឲ្យយើងងងុយដេកខាងវិញ្ញាណ! (ម៉ាថាយ ២៤:៤៥-៤៧) ក៏ប៉ុន្តែ ដើម្បីទទួលផលប្រយោជន៍ពីការសិក្សាផ្ទាល់ខ្លួន ការសិក្សានោះត្រូវតែស៊ីជំរៅកាន់តែជ្រៅទៅៗហើយក៏ត្រូវទៀងទាត់ផងដែរ។ (ហេព្រើរ ៥:១៤–៦:៣) យើងត្រូវតែទទួលអាហាររឹងខាងវិញ្ញាណជាទៀងទាត់។ នៅសម័យនេះ ការឆ្លៀតពេលសិក្សាប្រហែលជាពិបាកណាស់។ (អេភេសូរ ៥:១៥, ១៦) យ៉ាងណាក៏ដោយ គឺមិនគ្រប់គ្រាន់ទេ បើយើងគ្រាន់តែអានព្រះគម្ពីរនិងប្រកាសនវត្ថុអំពីបទគម្ពីរនៅពេលដែលយើងទំនេរ។ ការសិក្សាផ្ទាល់ខ្លួនជាទៀងទាត់គឺចាំបាច់ដើម្បីយើងអាច«មានសេចក្ដីជំនឿត្រឹមត្រូវ»ហើយមិនទៅជាងងុយដេកខាងវិញ្ញាណនោះ។—ទីតុស ១:១៣
១២. តើកិច្ចប្រជុំ សន្និបាត និងមហាសន្និបាតជួយការពារយើងកុំឲ្យងងុយដេកខាងវិញ្ញាណយ៉ាងដូចម្ដេច?
១២ កិច្ចប្រជុំគ្រីស្ទាន សន្និបាត មហាសន្និបាត ក៏ជួយការពារយើងកុំឲ្យងងុយដេកខាងវិញ្ញាណ។ តើយ៉ាងដូចម្ដេច? គឺដោយសារការណែនាំដែលយើងទទួល។ នៅឯកិច្ចប្រជុំទាំងប៉ុន្មាននេះ ជួយរំឭកជាញឹកញយឲ្យយើងដឹងថា ថ្ងៃនៃព្រះយេហូវ៉ាគឺកៀកណាស់ហើយ មែនទេ? កិច្ចប្រជុំប្រចាំសប្ដាហ៍របស់គ្រីស្ទានពិតក៏ផ្ដល់ឱកាស‹បណ្ដាលឲ្យបងប្អូនមានសេចក្ដីស្រឡាញ់ ហើយប្រព្រឹត្តការល្អផង›។ ការបណ្ដាលឬជំរុញទឹកចិត្តនេះ ជាជំនួយកុំឲ្យយើងងងុយដេកខាងវិញ្ញាណ។ គ្មានអ្វីចំឡែកទេ ដែលយើងត្រូវបង្គាប់ឲ្យជួបជុំគ្នាជាទៀងទាត់ នៅពេលយើង«ឃើញថា ថ្ងៃនោះជិតមកដល់ហើយ»។—ហេព្រើរ ១០:២៤, ២៥
១៣. តើកិច្ចបំរើគ្រីស្ទានជួយការពារកុំឲ្យយើងងងុយដេកខាងវិញ្ញាណយ៉ាងដូចម្ដេច?
១៣ យើងក៏ទទួលជំនួយកុំឲ្យងងុយដេកខាងវិញ្ញាណ នៅពេលយើងចូលរួមអស់ពីចិត្តក្នុងកិច្ចបំរើគ្រីស្ទានពិត។ ការនិយាយជាមួយនឹងអ្នកឯទៀតអំពីទីសម្គាល់នៃសម័យនេះនិងអត្ថន័យនៃទីសម្គាល់ គឺជាវិធីល្អបំផុតដែលជួយយើងចងចាំជានិច្ចនូវទីសម្គាល់នោះ មែនទេ? ហើយពេលយើងឃើញអ្នកដែលយើងបង្រៀនព្រះគម្ពីរចាប់ផ្ដើមរីកចំរើននិងធ្វើតាមអ្វីដែលពួកគាត់រៀន នោះក៏ជួយយើងយល់កាន់តែច្បាស់ថា ពេលគឺបន្ទាន់ហើយដែរ។ សាវ័កពេត្រុសបានប្រាប់ថា៖ «ចូរក្រវាត់គំនិតអ្នករាល់គ្នាឲ្យមាំមួនចុះ!»ដើម្បីធ្វើសកម្មភាព ថែមទាំងត្រូវ«ដឹងខ្លួន»ផង។ (ពេត្រុសទី១ ១:១៣) បើ«ធ្វើការព្រះអម្ចាស់ ឲ្យបរិបូរជាដរាប» នោះជាវិធីដ៏ល្អប្រសើរដែលជួយយើងឲ្យស្វាងពីការងងុយដេកខាងវិញ្ញាណ។—កូរិនថូសទី១ ១៥:៥៨
ចូរចៀសពីរបៀបរស់នៅដែលពង្រេចពង្រឹលភាពខាងវិញ្ញាណ
១៤. នៅលូកា ២១:៣៤-៣៦ តើព្រះយេស៊ូព្រមានអំពីរបៀបរស់នៅបែបណា?
១៤ ក្នុងទំនាយដ៏ធំរបស់ព្រះយេស៊ូស្តីអំពីទីសម្គាល់នៃវត្តមានរបស់ទ្រង់ នោះទ្រង់ព្រមានអំពីអ្វីមួយទៀត។ ទ្រង់មានបន្ទូលថា៖ «ចូរអ្នករាល់គ្នាប្រយ័តខ្លួន ក្រែងចិត្តអ្នករាល់គ្នាកំពុងតែផ្ទុកនូវសេចក្ដីវក់នឹងស៊ីផឹក ហើយនឹងសេចក្ដីខ្វល់ខ្វាយនៅជីវិត នោះលោតែថ្ងៃនោះមកដល់អ្នករាល់គ្នាភ្លាម ដ្បិតថ្ងៃនោះនឹងមកដូចជាលប់ គ្របលើអស់ទាំងមនុស្សដែលនៅគ្រប់លើផែនដី ដូច្នេះ ចូរចាំយាមចុះ! ហើយអធិស្ឋានជានិច្ច ដើម្បីឲ្យបានរាប់ជាគួរនឹងរួចពីការទាំងនេះដែលត្រូវមក ហើយឲ្យបានឈរនៅមុខកូនមនុស្សផង»។ (លូកា ២១:៣៤-៣៦) ព្រះយេស៊ូពណ៌នាយ៉ាងត្រឹមត្រូវអំពីរបៀបរស់នៅដែលមនុស្សទូទៅខំឲ្យបាននោះ គឺពួកគេស៊ីផឹកជ្រុល ហើយមានរបៀបរស់នៅមួយដែលនាំឲ្យមានសេចក្ដីខ្វល់ខ្វាយជាច្រើន។
១៥. ហេតុអ្វីបានជាយើងមិនត្រូវជាមនុស្សល្មោភស៊ីឬផឹកស្រាហួសប្រមាណនោះ?
១៥ ការល្មោភស៊ីនិងការផឹកស្រាហួសប្រមាណគឺខុសពីគោលការណ៍ព្រះគម្ពីរ ហើយជាអ្វីដែលយើងត្រូវចៀសវាងដាច់ខាត។ ព្រះគម្ពីរចែងថា៖ «កុំឲ្យនៅកណ្ដាលពួកអ្នកប្រមឹកស្រា ឬក្នុងពួកល្មោភស៊ីឡើយ»។ (សុភាសិត ២៣:២០) ក៏ប៉ុន្តែ ការបរិភោគនិងការផឹកស្រា មិនចាំបាច់ឈានដល់ថ្នាក់ថាស៊ីផឹកជ្រុល ទើបបង្កគ្រោះថ្នាក់ដល់ភាពខាងវិញ្ញាណរបស់យើងទេ។ ការបរិភោគនិងការផឹកស្រាអាចនាំឲ្យងងុយដេកនិងខ្ជិលច្រអូសមុនឈានដល់ថ្នាក់ហៅថាស៊ីផឹកជ្រុល។ សុភាសិតមួយពីព្រះគម្ពីរចែងថា៖ «ព្រលឹងនៃមនុស្សខ្ជិលច្រអូសប្រាថ្នាចង់បាន តែមិនបានអ្វីសោះ»។ (សុភាសិត ១៣:៤) មនុស្សខ្ជិលក៏ប្រហែលជាចង់ធ្វើតាមព្រះហឫទ័យរបស់ព្រះពិតមែន តែមិនអាចបំពេញបំណងនេះបានទេ ដោយសារពួកគេមិនយកចិត្តទុកដាក់។
១៦. ដើម្បីកុំឲ្យមានសេចក្ដីខ្វល់ខ្វាយច្រើនហួសហេតុពេកអំពីក្រុមគ្រួសាររបស់យើង តើយើងអាចធ្វើអ្វី?
១៦ សេចក្ដីខ្វល់ខ្វាយនៅជីវិតដែលព្រះយេស៊ូបានព្រមានយើងនោះ តើមានអ្វីខ្លះ? នោះរួមបញ្ចូលរឿងផ្ទាល់ខ្លួន ដូចជាការចិញ្ចឹមក្រុមគ្រួសារជាដើម។ មិនជាការល្អសោះ បើយើងទៅជាវក់នឹងរឿងទាំងនេះ! ព្រះយេស៊ូបានសួរថា៖ «តើមានអ្នកឯណាដែលអាចនឹងបន្ថែមកំពស់ខ្លួន១ហត្ថដោយសារសេចក្ដីខ្វល់ខ្វាយបានឬទេ?»។ ទ្រង់ទូន្មានអ្នកស្ដាប់ថា៖ «កុំឲ្យខ្វល់ខ្វាយថា តើត្រូវបរិភោគអ្វីឬស្លៀកពាក់អ្វីនោះឡើយ។ ដ្បិតគឺជាសាសន៍ដទៃទេតើ ដែលខំស្វែងរករបស់ទាំងនោះវិញ។ ឯព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ ទ្រង់ជ្រាបហើយ ថាអ្នករាល់គ្នាត្រូវការនឹងរបស់ទាំងនោះដែរ»។ ការរក្សាទុកអ្វីខាងព្រះរាជាណាចក្រជាអាទិភាពទីមួយក្នុងជីវិតយើង ហើយការជឿជាក់ថាព្រះយេហូវ៉ានឹងទំនុកបំរុងយើងជាអ្វីដែលអាចជួយយើងកុំឲ្យខ្វល់ខ្វាយហួសហេតុពេក និងជួយមិនឲ្យងងុយដេកខាងវិញ្ញាណ។—ម៉ាថាយ ៦:២៥—៣៤
១៧. តើការខំឲ្យបានទ្រព្យសម្បត្ដិអាចនាំឲ្យមានសេចក្ដីខ្វល់ខ្វាយយ៉ាងដូចម្ដេច?
១៧ ការខ្វល់ខ្វាយក៏អាចផ្ដើមមកពីការខំប្រឹងប្រមូលទ្រព្យសម្បត្ដិដែរ។ ជាឧទាហរណ៍ មនុស្សខ្លះធ្វើឲ្យខ្លួនទៅជាពិបាកដោយរស់នៅហួសពីធនធានដែលខ្លួនមាន។ អ្នកខ្លះទៀតត្រូវបានទាក់ទាញឲ្យចូលរួមក្នុងគម្រោងដែលគេចាត់ទុកថាអាចទទួលលុយបានច្រើនក្នុងរយៈពេលខ្លី ហើយអ្នកឯទៀតប្រថុយធ្វើវិនិយោគ។ ចំណែកអ្នកខ្លះទៀតជាប់អន្ទាក់ដោយទទួលការអប់រំរបស់លោកីយ៍ក្នុងបំណងបានប្រាក់ខែខ្ពស់។ ពិតមែនថា ដើម្បីបានការងារធ្វើត្រូវមានការអប់រំមួយកំរិតដែរ។ ប៉ុន្តែតាមពិតទៅ មនុស្សខ្លះបាននាំឲ្យខ្លួនមានគ្រោះថ្នាក់ខាងវិញ្ញាណដោយខំទទួលការអប់រំខ្ពស់ដែលតម្រូវឲ្យចំណាយពេលជាច្រើននោះ។ ពិតជាគ្រោះថ្នាក់ណាស់! បើស្ថិតក្នុងសភាពបែបនេះពេលដែលថ្ងៃនៃព្រះយេហូវ៉ាកំពុងតែឈានមកដល់នោះ! ព្រះគម្ពីរព្រមានថា៖ «ពួកអ្នកដែលចង់ធ្វើជាអ្នកស្តុកស្តម្ភ នោះនឹងធ្លាក់ទៅក្នុងសេចក្ដីល្បួង នឹងអន្ទាក់ ហើយក្នុងបំណងជាច្រើនដែលផ្ដេសផ្ដាស ហើយធ្វើទុក្ខដល់ខ្លួន ក៏ពន្លិចមនុស្សទៅក្នុងសេចក្ដីហិនវិនាស នឹងសេចក្ដីអន្តរធានវិញ»។—ធីម៉ូថេទី១ ៦:៩
១៨. ដើម្បីកុំឲ្យចាប់ផ្ដើមមានរបៀបរស់នៅគិតតែអំពីទ្រព្យសម្បត្ដិនោះ តើយើងត្រូវបណ្ដុះឲ្យមានសមត្ថភាពអ្វី?
១៨ ដើម្បីកុំឲ្យចាប់ផ្ដើមមានរបៀបរស់នៅគិតតែអំពីទ្រព្យសម្បត្ដិនោះ គឺចាំបាច់ត្រូវបណ្ដុះឲ្យមានសមត្ថភាពវិនិច្ឆ័យយល់ខុសនិងត្រូវ ពេលដែលធ្វើការសម្រេចចិត្ត។ សមត្ថភាពនេះត្រូវបណ្ដុះដោយទទួលជាទៀងទាត់នូវ‹អាហាររឹងខាងវិញ្ញាណសំរាប់មនុស្សធំ› ហើយតាមរយៈការ«បង្ហាត់ឥន្ទ្រីយ ដោយធ្លាប់ខ្លួន»។ (ហេព្រើរ ៥:១៣, ១៤) ការយកចិត្តទុកដាក់ទៅលើ«អស់ទាំងសេចក្ដីដែលប្រសើរ»ឬអ្វីដែលសំខាន់បំផុត ពេលធ្វើការសម្រេចចិត្តថាអ្វីគួរមានអាទិភាពនោះ ក៏នឹងការពារយើងកុំឲ្យធ្វើការសម្រេចចិត្តមិនល្អដែរ។—ភីលីព ១:១០
១៩. បើឃើញថាយើងមានពេលតិចណាស់សំរាប់អ្វីខាងវិញ្ញាណ តើយើងគួរធ្វើយ៉ាងណា?
១៩ របៀបរស់នៅគិតតែអំពីទ្រព្យសម្បត្ដិអាចបាំងភ្នែកយើងធ្វើឲ្យមានពេលតែបន្ដិចបន្តួចឬគ្មានពេលសោះសំរាប់អ្វីខាងវិញ្ញាណ។ ដើម្បីដឹងថាយើងត្រូវបានទាក់ទាញដោយរបៀបរស់នៅបែបនេះឬក៏អត់នោះ តើយើងអាចពិនិត្យមើលខ្លួនយ៉ាងដូចម្ដេច? យើងត្រូវតែអធិស្ឋាននិងពិចារណាថា តើយើងអាចធ្វើឲ្យជីវភាពយើងទៅជាសាមញ្ញជាងយ៉ាងដូចម្ដេចខ្លះ? ស្តេចសាឡូម៉ូនជាស្តេចអ៊ីស្រាអែលពីបុរាណបានមានបន្ទូលថា៖ «ការដេកលក់នៃមនុស្សដែលធ្វើការនឿយហត់ នោះស្រួលឆ្ងាញ់ ទោះបើបានបរិភោគតិចឬច្រើនក្ដី ប៉ុន្តែការបរិភោគហួសប្រមាណរបស់អ្នកមាន នោះមិនឲ្យគេដេកលក់បានទេ»។ (សាស្ដា ៥:១២) តើការថែរក្សាទ្រព្យសម្បត្ដិដែលមិនចាំបាច់ស៊ីពេលវេលានិងកម្លាំងច្រើនរបស់យើងឬទេ? មានទ្រព្យសម្បត្ដិកាន់តែច្រើន ត្រូវថែរក្សា ធានារ៉ាប់រង និងការពារវាកាន់តែច្រើនផងដែរ។ តើយើងអាចទទួលផលប្រយោជន៍ឬទេ បើវត្ថុទ្រព្យខ្លះយើងឈប់ទុកតទៅទៀតដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់យើងសាមញ្ញជាងនោះ?
ចូរប្រុងប្រៀបខ្លួនជាស្រេចកុំខាន!
២០, ២១. (ក) តើពេត្រុសធ្វើឲ្យយើងមានទំនុកចិត្តអំពីអ្វីដែលទាក់ទងនឹងថ្ងៃនៃព្រះយេហូវ៉ា? (ខ) ពេលដែលយើងប្រុងប្រៀបខ្លួនជាស្រេចសំរាប់ថ្ងៃនៃព្រះយេហូវ៉ា តើយើងត្រូវបន្តមានកិរិយានិងការប្រព្រឹត្តបែបណាខ្លះ?
២០ ទីបញ្ចប់បានមកដល់លោកីយ៍នៅសម័យណូអេ ក៏នឹងមកដល់របបលោកីយ៍នេះដែរ។ សាវ័កពេត្រុសធ្វើឲ្យយើងមានទំនុកចិត្តដោយពោលថា៖ «ថ្ងៃនៃព្រះអម្ចាស់ នោះនឹងមកដូចជាចោរប្លន់ នៅថ្ងៃនោះផ្ទៃមេឃនឹងបាត់ទៅ ដោយសូរគ្រាំគ្រេង ឯធាតុសព្វសារពើនឹងរលាយទៅ ដោយកំដៅដ៏ក្រៃលែង ហើយផែនដីនឹងការសព្វសារពើ នឹងត្រូវឆេះអស់រលីងទៅ»។ លោកីយ៍នេះនឹងពុំអាចរួចពីសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាដែលក្ដៅដូចជាភ្លើងនោះ មិនថាផ្ទៃមេឃអត្ថបដិរូបដែលតំណាងរដ្ឋាភិបាលអាក្រក់ទាំងប៉ុន្មាន ឬផែនដីអត្ថបដិរូបដែលតំណាងមនុស្សជាតិដែលគ្មានទំនាក់ទំនងជាមួយព្រះក៏ដោយ។ ដើម្បីបញ្ជាក់របៀបយើងអាចប្រុងប្រៀបខ្លួនជាស្រេច ពេត្រុសសួរថា៖ «ចុះដែលរបស់ទាំងនោះនឹងត្រូវរលាយទៅ នោះតើគួរឲ្យអ្នករាល់គ្នាប្រព្រឹត្តបែបយ៉ាងណាវិញ ក្នុងកិរិយាបរិសុទ្ធ នឹងសេចក្ដីគោរពប្រតិបត្ដិ ទាំងទន្ទឹងចាំហើយខំជួយឲ្យថ្ងៃនៃព្រះបានឆាប់មកដល់ផង»។—ពេត្រុសទី២ ៣:១០-១២
២១ វត្តមានជាទៀងទាត់នៅឯកិច្ចប្រជុំរបស់គ្រីស្ទានពិត និងការចូលរួមកិច្ចផ្សាយដំណឹងល្អគឺជាផ្នែកនៃកិរិយាបរិសុទ្ធនិងសេចក្ដីគោរពប្រតិបត្ដិដល់ព្រះ។ ចូរយើងអនុវត្តតាមការទាំងនេះដោយភក្ដីភាពស្មោះអស់ពីចិត្តពេលដែលយើងរង់ចាំដោយចិត្តអត់ធ្មត់នូវថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ា។ ចូរយើង‹មានចិត្តឧស្សាហ៍ ឲ្យព្រះបានឃើញយើងរាល់គ្នាជាឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន ទាំងមានសេចក្ដីមេត្រីផង›ដែរ។—ពេត្រុសទី២ ៣:១៤
តើអ្នកចាំទេ?
• ហេតុអ្វីយើងគួរប្រុងប្រៀបខ្លួនជាស្រេចសំរាប់ថ្ងៃនៃព្រះយេហូវ៉ា?
• បើជីវិតប្រចាំថ្ងៃបានទៅជារឿងសំខាន់បំផុត ចំពោះយើង តើយើងគួរធ្វើយ៉ាងណា?
• តើអ្វីនឹងជួយការពារយើងកុំឲ្យទៅជាងងុយដេក ខាងវិញ្ញាណ?
• តើយើងត្រូវចៀសពីរបៀបរស់នៅបែបណាខ្លះ? តើយើងអាចចៀសយ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ២៥]
មនុស្សនៅសម័យណូអេមិនបានចាប់អារម្មណ៍អ្វីសោះនឹងការជំនុំជំរះកាត់ទោសដែលជិតមកដល់ ចុះអ្នកវិញ?
[រូបភាពនៅទំព័រ២៧]
តើអ្នកអាចធ្វើឲ្យជីវភាពរបស់អ្នកសាមញ្ញជាងដើម្បីមានពេលច្រើនជាងសំរាប់អ្វីខាងវិញ្ញាណបានទេ?