អ្នកបំរើរបស់ព្រះយេហូវ៉ាមានសុភមង្គល
«មានពរ[ឬ«សុភមង្គល», ខ.ស.]ហើយ អស់អ្នកដែលមានសេចក្ដីកំសត់ខាងឯវិញ្ញាណ»។—ម៉ាថាយ ៥:៣
១. តើសុភមង្គលដ៏ពិតជាអ្វី? ហើយតើនោះបញ្ជាក់អ្វីខ្លះ?
សុភមង្គលរបស់រាស្ត្រព្រះយេហូវ៉ាមានតម្លៃវិសេសចំពោះពួកគេ។ ស្តេចដាវីឌបានតែងទំនុកដំកើងថា៖ «សាសន៍ណាដែលយកព្រះយេហូវ៉ា ទុកជាព្រះរបស់ខ្លួន នោះសប្បាយ[ឬ«មានសុភមង្គល», ខ.ស.]ហើយ!»។ (ទំនុកដំកើង ១៤៤:១៥) សុភមង្គលបញ្ជាក់នូវអារម្មណ៍សុខសប្បាយ។ សុភមង្គលដែលកប់យ៉ាងជ្រៅក្នុងជំរៅចិត្ត មកពីយើងដឹងថាយើងមានព្រះពរឬព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងយើង។ (សុភាសិត ១០:២២) សុភមង្គលបែបនេះបញ្ជាក់ថាយើងមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះវរបិតារបស់យើងនៅស្ថានសួគ៌ ហើយដឹងថាយើងកំពុងតែធ្វើតាមព្រះហឫទ័យរបស់ទ្រង់។ (ទំនុកដំកើង ១១២:១; ១១៩:១, ២) គួរឲ្យចាប់អារម្មណ៍ដែរថា ព្រះយេស៊ូក៏ធ្លាប់មានបន្ទូលរៀបរាប់មូលហេតុប្រាំបួនយ៉ាងដែលយើងគួរសប្បាយ។ ក្នុងអត្ថបទនេះនិងអត្ថបទបន្ទាប់ យើងនឹងពិចារណានូវមូលហេតុទាំងប្រាំបួនដែលយើងអាចមានសុភមង្គល ដ្បិតនេះនឹងជួយឲ្យយើងយល់ថាយើងអាចសប្បាយប៉ុនណា បើបំរើព្រះយេហូវ៉ា ជា«ព្រះដែលមានព្រះទ័យសប្បាយ»យ៉ាងស្មោះនោះ។—ធីម៉ូថេទី១ ១:១១, ព.ថ.
ការទទួលស្គាល់ថាយើងមានសេចក្ដីកំសត់ខាងឯវិញ្ញាណ
២. តើព្រះយេស៊ូមានបន្ទូលអំពីសុភមង្គលនៅពេលណា? តើទ្រង់បានមានបន្ទូលអ្វីជាមុនបង្អស់?
២ នៅឆ្នាំ៣១ ស.យ. ព្រះយេស៊ូបានថ្លែងសុន្ទរកថាដ៏ល្បីបំផុតមួយ។ សុន្ទរកថានោះហៅថាធម្មទាននៅលើភ្នំ ពីព្រោះព្រះយេស៊ូបានធ្វើធម្មទាននេះនៅជម្រាលភ្នំមួយក្បែរសមុទ្រកាលីឡេ។ សៀវភៅដំណឹងល្អរបស់ម៉ាថាយរៀបរាប់ថា៖ «កាល[ព្រះយេស៊ូ]បានឃើញហ្វូងមនុស្ស ទ្រង់ក៏យាងឡើងទៅលើភ្នំ រួចកាលបានគង់ចុះហើយ នោះពួកសិស្សចូលមកឯទ្រង់ ហើយទ្រង់បើកព្រះឱស្ឋបង្រៀនគេថា៖ ‹មានសុភមង្គលហើយ អស់អ្នកដែលមានសេចក្ដីកំសត់ខាងឯវិញ្ញាណ ដ្បិតនគរស្ថានសួគ៌ជារបស់ផងអ្នកទាំងនោះ›»។a—ម៉ាថាយ ៥:១-៣, កំណែជាអក្សរទ្រេត
៣. បើយើងមានចិត្តរាបទាប តើនោះជួយឲ្យមានសុភមង្គលយ៉ាងដូចម្ដេច?
៣ ក្នុងសុន្ទរកថានេះ ព្រះយេស៊ូបញ្ជាក់ថា មនុស្សនឹងសប្បាយជាងបើទទួលស្គាល់ថាខ្លួនកំសត់ឬមានសេចក្ដីត្រូវការខាងវិញ្ញាណ។ ដោយសារទទួលស្គាល់ថាខ្លួនមានបាបនោះ គ្រីស្ទានដែលមានចិត្តរាបទាបទូលអង្វរសុំព្រះយេហូវ៉ាឲ្យអត់ឱនទោស ដោយផ្អែកលើយញ្ញបូជាលោះរបស់ព្រះគ្រីស្ទ។ (យ៉ូហានទី១ ១:៩) យ៉ាងនេះ ពួកគេមានសេចក្ដីសុខសាន្តក្នុងចិត្តហើយមានសុភមង្គលយ៉ាងពិតប្រាកដ។ «មានពរ[ឬ«សុភមង្គល», ខ.ស.]ហើយ មនុស្សណាដែលការរំលងច្បាប់របស់ខ្លួនបានអត់ទោសឲ្យ គឺដែលបាបរបស់ខ្លួនបានគ្របបាំងហើយ»។—ទំនុកដំកើង ៣២:១; ១១៩:១៦៥
៤. (ក) តើយើងអាចបង្ហាញថាយើងទទួលស្គាល់នូវសេចក្ដីកំសត់ខាងវិញ្ញាណរបស់ខ្លួននិងអ្នកឯទៀតយ៉ាងដូចម្ដេច? (ខ) តើអ្វីធ្វើឲ្យយើងមានសុភមង្គលថែមទៀតពេលដែលយើងទទួលស្គាល់ថាយើងមានសេចក្ដីកំសត់ខាងវិញ្ញាណ?
៤ ការទទួលស្គាល់ថាយើងកំសត់ឬមានសេចក្ដីត្រូវការខាងវិញ្ញាណនឹងជំរុញឲ្យយើងអានព្រះគម្ពីររៀងរាល់ថ្ងៃ ទាំងទទួលនូវអាហារខាងវិញ្ញាណដែលផ្ដល់«តាមត្រូវពេល»ដោយ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› ហើយក៏ជំរុញឲ្យទៅឯកិច្ចប្រជុំគ្រីស្ទានជាទៀងទាត់ដែរ។ (ម៉ាថាយ ២៤:៤៥; ទំនុកដំកើង ១:១, ២; ១១៩:១១១; ហេព្រើរ ១០:២៥) សេចក្ដីស្រឡាញ់ចំពោះអ្នកជិតខាងធ្វើឲ្យយើងទទួលស្គាល់នូវសេចក្ដីកំសត់ខាងវិញ្ញាណរបស់អ្នកឯទៀត ហើយជំរុញយើងឲ្យខ្នះខ្នែងផ្សព្វផ្សាយនិងបង្រៀនពួកគេអំពីដំណឹងល្អស្តីពីព្រះរាជាណាចក្ររបស់ព្រះ។ (ម៉ាកុស ១៣:១០; រ៉ូម ១:១៤-១៦) ការប្រាប់សេចក្ដីពិតពីព្រះគម្ពីរដល់អ្នកឯទៀតធ្វើឲ្យយើងមានសុភមង្គល។ (កិច្ចការ ២០:២០, ៣៥, ខ.ស.) យើងនឹងមានសុភមង្គលកាន់តែខ្លាំងឡើងៗ ពេលដែលរំពឹងគិតអំពីសេចក្ដីសង្ឃឹមដ៏អស្ចារ្យដែលទាក់ទងនឹងព្រះរាជាណាចក្ររបស់ព្រះ ហើយប្រយោជន៍ដែលព្រះរាជាណាចក្រនោះនឹងនាំមក។ សំរាប់អ្នកដែលចូលរួមក្នុង«ហ្វូងតូច» ជាគ្រីស្ទានចាក់ប្រេងតាំងនោះ ពួកគាត់មានសេចក្ដីសង្ឃឹមទទួលជាជីវិតអមតៈនៅស្ថានសួគ៌ជាសមាជិកនៃរាជរដ្ឋាភិបាលរបស់ព្រះគ្រីស្ទ។ (លូកា ១២:៣២; កូរិនថូសទី១ ១៥:៥០, ៥៤) ចំពោះ«ចៀមឯទៀត» ពួកគេសង្ឃឹមទទួលបាននូវជីវិតជារៀងរហូតនៅលើផែនដីមនោរម្យក្រោមការគ្រប់គ្រងនៃរាជរដ្ឋាភិបាលនោះ។—យ៉ូហាន ១០:១៦; ទំនុកដំកើង ៣៧:១១; ម៉ាថាយ ២៥:៣៤, ៤៦
មូលហេតុដែលអ្នកយំសោកអាចមានសុភមង្គល
៥. (ក) តើពាក្យថា«អ្នកដែលយំសោក»សំដៅលើអ្វី? (ខ) តើមនុស្សដែលយំសោកទទួលការសម្រាលទុក្ខដោយដូចម្ដេច?
៥ បន្ទូលបន្តបន្ទាប់របស់ព្រះយេស៊ូស្ដាប់ទៅដូចជាផ្ទុយគ្នា។ ទ្រង់មានបន្ទូលថា៖ ‹មានសុភមង្គលហើយ អស់អ្នកដែលយំសោក ដ្បិតអ្នកទាំងនោះនឹងបានសេចក្ដីកំសាន្តចិត្ត›។ (ម៉ាថាយ ៥:៤, កំណែជាអក្សរទ្រេត) តើមនុស្សអាចយំសោកហើយមានសុភមង្គលនៅដំណាលគ្នាយ៉ាងដូចម្ដេចបាន? ដើម្បីយល់អត្ថន័យនៃបន្ទូលរបស់ព្រះយេស៊ូ យើងត្រូវយល់ថាតើការយំសោកដែលទ្រង់រៀបរាប់នោះសំដៅលើអ្វី។ យ៉ាកុបបានពន្យល់ថា យើងគួរយំសោកដោយសារមានបាប។ គាត់សរសេរថា៖ «ឱពួកមានបាបអើយ! ចូរលាងដៃឲ្យស្អាតចុះ! ឱពួកអ្នកមានចិត្ត២អើយ! ចូរសំអាតចិត្តឡើង។ ចូរឲ្យមានសេចក្ដីទុក្ខ ហើយយំសោក ទាំងស្រក់ទឹកភ្នែកចុះ! សូមឲ្យសំណើចរបស់អ្នករាល់គ្នាត្រឡប់ជាដំងូរ ហើយឲ្យសេចក្ដីអំណរទៅជាសេចក្ដីព្រួយវិញ។ ចូរបន្ទាបខ្លួននៅចំពោះព្រះអម្ចាស់ នោះទ្រង់នឹងដំកើងអ្នករាល់គ្នាឡើង»។ (យ៉ាកុប ៤:៨-១០) មនុស្សដែលពិតជាពិបាកចិត្តដោយសារខ្លួនមានបាបក៏ទទួលការសម្រាលទុក្ខពេលដែលរៀនថា បាបរបស់ពួកគេអាចត្រូវអត់ឱនបាន បើពួកគេមានជំនឿទៅលើយញ្ញបូជាលោះរបស់ព្រះគ្រីស្ទ ហើយប្រែចិត្តយ៉ាងស្មោះដោយធ្វើតាមព្រះហឫទ័យរបស់ព្រះយេហូវ៉ា។ (យ៉ូហាន ៣:១៦; កូរិនថូសទី២ ៧:៩, ១០) យ៉ាងនេះ ពួកគេអាចមានចំណងមិត្តភាពដ៏វិសេសជាមួយនឹងព្រះយេហូវ៉ា ហើយមានសេចក្ដីសង្ឃឹមទទួលបានជីវិតជារៀងរហូតដើម្បីបំរើហើយសរសើរទ្រង់ជានិរន្តរ៍។ នេះធ្វើឲ្យពួកគេមានសុភមង្គលដែលកប់ជ្រៅក្នុងជំរៅចិត្ត។—រ៉ូម ៤:៧, ៨
៦. តើមនុស្សខ្លះយំសោកក្នុងន័យអ្វី? តើពួកគេទទួលការសម្រាលទុក្ខយ៉ាងដូចម្ដេច?
៦ បន្ទូលរបស់ព្រះយេស៊ូក៏រួមបញ្ចូលពួកអ្នកដែលយំសោកដោយសារសភាពគួរឲ្យស្អប់ខ្ពើមដែលមានទូទៅក្នុងលោកីយ៍នេះដែរ។ ព្រះយេស៊ូបានបញ្ជាក់ថា បទទំនាយនៅអេសាយ ៦១:១, ២ សំដៅលើទ្រង់។ ទំនាយនោះប្រាប់ថា៖ «ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ា ទ្រង់សណ្ឋិតលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ។ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង . . . ហើយឲ្យកំសាន្តចិត្តនៃអស់អ្នកណាដែលសោយសោក»។ ការងារនេះក៏ជាភារកិច្ចរបស់គ្រីស្ទានចាក់ប្រេងតាំងដែលរស់នៅលើផែនដីនេះនៅឡើយ ដោយមានជំនួយពី«ចៀមឯទៀត»ដែលជាគូកនរបស់ពួកគាត់។ ពួកគេទាំងអស់គ្នាចូលរួមក្នុងការងារដាក់សញ្ញាអត្ថបដិរូបលើថ្ងាសរបស់«ពួកមនុស្សដែលដកដង្ហើមធំហើយថ្ងូរ ដោយព្រោះការគួរស្អប់ខ្ពើមដែលមនុស្សប្រព្រឹត្តនៅក្នុងទីក្រុង[ដែលសំដៅលើយេរូសាឡិមដែលបានក្បត់ជំនឿ ហើយតំណាងពិភពគ្រីស្ទសាសនា]»។ (អេសេគាល ៩:៤) មនុស្សដែលយំសោកក៏ទទួលការសម្រាលទុក្ខពី‹ដំណឹងល្អដែលសំដែងពីព្រះរាជាណាចក្រ›។ (ម៉ាថាយ ២៤:១៤) ពួកគេសប្បាយចិត្តពេលដែលរៀនដឹងថារបបលោកីយ៍របស់សាតាំងនឹងត្រូវបំផ្លាញចោលបន្ដិចទៀត ហើយត្រូវជំនួសដោយពិភពលោកថ្មីដ៏សុចរិតរបស់ព្រះយេហូវ៉ា។
មានសុភមង្គលហើយ អស់អ្នកដែលស្លូតបូត
៧. តើពាក្យ«ស្លូតបូត» មិនមានន័យអ្វី?
៧ ព្រះយេស៊ូបន្តសុន្ទរកថារបស់ទ្រង់ដោយមានបន្ទូលថា៖ ‹មានសុភមង្គលហើយ អស់អ្នកដែលស្លូតត្រង់[ឬ«ស្លូតបូត», ខ.ស.] ដ្បិតអ្នកទាំងនោះនឹងគ្រងបានផែនដីជាមរដក›។ (ម៉ាថាយ ៥:៥, កំណែជាអក្សរទ្រេត) ជួនកាល មនុស្សស្លូតបូតត្រូវគេចាត់ទុកជាមនុស្សអន់ខ្សោយ។ ក៏ប៉ុន្តែ គឺមិនដូច្នេះទេ។ បណ្ឌិតព្រះគម្ពីរមួយរូបបានពន្យល់ខ្លឹមសារពាក្យ«ស្លូតបូត»នេះក្នុងព្រះគម្ពីរថា៖ «លក្ខណៈប្រសើរបំផុតរបស់មនុស្ស[ស្លូតបូត]គឺ ពួកគេអាចទប់ចិត្តទប់អារម្មណ៍បានយ៉ាងគ្រប់ល័ក្ខណ៍។ នោះមិនសំដៅទៅមនុស្សដែលឲ្យគេដឹកច្រមុះបាននោះទេ ក៏មិនទាក់ទងនឹងមនោសញ្ចេតនាឬចិត្តស្ងប់ដែរ តែជាការចេះទប់ចិត្តទប់អារម្មណ៍»។ ព្រះយេស៊ូមានបន្ទូលអំពីអង្គទ្រង់ថា៖ «ខ្ញុំស្លូតហើយមានចិត្តសុភាព»។ (ម៉ាថាយ ១១:២៩) យ៉ាងណាក៏ដោយ ព្រះយេស៊ូមានព្រះទ័យក្លាហានក្នុងការគាំទ្រគោលការណ៍សុចរិត។—ម៉ាថាយ ២១:១២, ១៣; ២៣:១៣-៣៣
៨. តើភាពស្លូតបូតជាប់ទាក់ទងនឹងគុណសម្បត្ដិអ្វីទៀត? ហេតុអ្វីយើងត្រូវមានគុណសម្បត្ដិនេះពេលដែលទាក់ទងជាមួយនឹងអ្នកឯទៀត?
៨ ដូច្នេះ ភាពស្លូតបូតជាប់ទាក់ទងនឹងការទប់ចិត្ត។ ប្រាកដហើយ នៅពេលដែលសាវ័កប៉ុលរៀបរាប់នូវ«ផលផ្លែនៃព្រះវិញ្ញាណ»នោះ ភាពស្លូតបូតនិងការទប់ចិត្តបានត្រូវរៀបរាប់ជាមួយគ្នា។ (កាឡាទី ៥:២២, ២៣) ដើម្បីលត់ដំខ្លួនឲ្យមានភាពស្លូតបូតនោះ ត្រូវមានជំនួយពីវិញ្ញាណបរិសុទ្ធ។ ភាពស្លូតបូតជាគុណសម្បត្ដិមួយដែលជួយឲ្យមានទំនាក់ទំនងយ៉ាងសុខសាន្តជាមួយនឹងអ្នកនៅក្នុងក្រុមជំនុំ និងអ្នកខាងក្រៅក្រុមជំនុំទៀតផង។ ប៉ុលបានសរសេរថា៖ «ចូរប្រដាប់កាយ ដោយចិត្តក្ដួលអាណិត សប្បុរស សុភាព សំឡូត នឹងចិត្តអត់ធ្មត់ . . . ហើយទ្រាំទ្រគ្នា ទាំងអត់ទោសទៅវិញទៅមក»។—កូល៉ុស ៣:១២, ១៣
៩. (ក) ហេតុអ្វីបានជាភាពស្លូតបូតគឺមិនសំរាប់តែទំនាក់ទំនងជាមួយនឹងមនុស្សប៉ុណ្ណោះ? (ខ) តើអ្នកដែលស្លូតបូត«គ្រងបានផែនដីជាមរដក»យ៉ាងដូចម្ដេច?
៩ ប៉ុន្តែ យើងមិនគ្រាន់តែបង្ហាញភាពស្លូតបូតពេលដែលទាក់ទងមនុស្សប៉ុណ្ណោះទេ។ ដោយចុះចូលស្ម័គ្រពីចិត្តចំពោះអធិបតេយ្យរបស់ព្រះយេហូវ៉ានោះ យើងបង្ហាញថាយើងជាមនុស្សស្លូតបូត។ ព្រះយេស៊ូគ្រីស្ទជាគំរូល្អបំផុតអំពីរឿងនេះ ដ្បិតពេលដែលទ្រង់គង់នៅផែនដី ទ្រង់បង្ហាញព្រះទ័យស្លូតបូតហើយក៏បានចុះចូលទាំងស្រុងនឹងព្រះហឫទ័យរបស់ព្រះវរបិតាទ្រង់។ (យ៉ូហាន ៥:១៩, ៣០) ព្រះយេស៊ូជាអ្នកដែលនឹងគ្រងផែនដីជាមរតកមុនគេ ដ្បិតទ្រង់ជាអ្នកដែលបានត្រូវតែងតាំងជាអ្នកគ្រប់គ្រង។ (ទំនុកដំកើង ២:៦-៨; ដានីយ៉ែល ៧:១៣, ១៤) ព្រះយេស៊ូក៏ឲ្យពួក១៤៤.០០០នាក់‹គ្រងមរដកជាមួយ›នឹងទ្រង់ដែរ គឺជាអ្នកដែលបានត្រូវរើស«ចេញពីពួកមនុស្សលោក»ដើម្បី«សោយរាជ្យលើផែនដី»។ (រ៉ូម ៨:១៧; វិវរណៈ ៥:៩, ១០; ១៤:១, ៣, ៤; ដានីយ៉ែល ៧:២៧) ព្រះគ្រីស្ទនិងអ្នករួមគ្រប់គ្រងជាមួយនឹងទ្រង់ នឹងគ្រប់គ្រងមនុស្សរាប់លាននាក់ ដែលជាអ្នកមានលក្ខណៈដូចចៀមនឹងឃើញការសម្រេចនៃទំនាយដ៏គួរឲ្យសប្បាយដែលថា៖ «ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្តរីករាយ ដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ»។—ទំនុកដំកើង ៣៧:១១; ម៉ាថាយ ២៥:៣៣, ៣៤, ៤៦
មានសុភមង្គលហើយ អស់អ្នកដែលស្រេកឃ្លាននូវសេចក្ដីសុចរិត
១០. តើអ្នកដែល«ស្រេកឃ្លាននូវសេចក្ដីសុចរិត»អាចឆ្អែតយ៉ាងដូចម្ដេចបាន?
១០ ចំណុចបន្តបន្ទាប់ដែលព្រះយេស៊ូមានបន្ទូលពេលដែលទ្រង់គង់នៅជម្រាលភ្នំកាលីឡេគឺ៖ ‹មានសុភមង្គលហើយ អស់អ្នកដែលស្រេកឃ្លាននូវសេចក្ដីសុចរិត ដ្បិតអ្នកទាំងនោះនឹងបានឆ្អែត›។ (ម៉ាថាយ ៥:៦, កំណែជាអក្សរទ្រេត) សំរាប់ពួកគ្រីស្ទាន ព្រះយេហូវ៉ាកំណត់ខ្នាតតម្រាស្តីអំពីសេចក្ដីសុចរិត។ ហេតុនេះ អ្នកដែលស្រេកឃ្លាននូវសេចក្ដីសុចរិត គឺមានន័យថាស្រេកឃ្លាននូវការណែនាំពីព្រះ។ អ្នកទាំងនោះយល់ច្បាស់ថា ខ្លួនមានបាប ក៏ឥតគ្រប់ល័ក្ខណ៍ ហើយប៉ងប្រាថ្នាយ៉ាងខ្លាំងចង់ឲ្យព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងខ្លួន។ ពួកគេពិតជាសប្បាយចិត្តណាស់ពេលដែលរៀនពីព្រះបន្ទូលរបស់ព្រះដឹងថា បើពួកគេប្រែចិត្តនិងខំទទួលការអត់ឱនទោសដោយផ្អែកលើយញ្ញបូជាលោះរបស់ព្រះគ្រីស្ទនោះ ព្រះអាចចាត់ទុកពួកគេជាមនុស្សសុចរិតបាន!—កិច្ចការ ២:៣៨; ១០:៤៣; ១៣:៣៨, ៣៩; រ៉ូម ៥:១៩
១១, ១២. (ក) តើគ្រីស្ទានចាក់ប្រេងតាំងទៅជាសុចរិតយ៉ាងដូចម្ដេច? (ខ) តើគូកនរបស់ពួកអ្នកចាក់ប្រេងតាំងដែលស្រេកឃ្លានសេចក្ដីសុចរិតទៅជាឆ្អែតយ៉ាងដូចម្ដេច?
១១ ព្រះយេស៊ូមានបន្ទូលថាអ្នកទាំងនេះនឹងមានសុភមង្គល ដោយសារពួកគេ«នឹងបានឆ្អែត»។ (ម៉ាថាយ ៥:៦) គ្រីស្ទានចាក់ប្រេងតាំងដែលត្រូវរើសឲ្យ«សោយរាជ្យ»ជាមួយនឹងព្រះគ្រីស្ទនៅស្ថានសួគ៌បានត្រូវចាត់ទុកជា«សុចរិតឲ្យបានជីវិត»។ (រ៉ូម ៥:១, ៩, ១៦-១៨) ព្រះយេហូវ៉ាបង្កើតពួកគាត់ជាថ្មី គឺទ្រង់តែងតាំងពួកគាត់ដោយវិញ្ញាណឲ្យធ្វើជាបុត្ររបស់ទ្រង់។ ពួកគាត់ទៅជាអ្នកគ្រងមរតកជាមួយនឹងព្រះគ្រីស្ទ ហើយត្រូវរើសឲ្យទៅជាស្តេចនិងសង្ឃក្នុងរាជរដ្ឋាភិបាលរបស់ទ្រង់នៅស្ថានសួគ៌។—យ៉ូហាន ៣:៣; ពេត្រុសទី១ ២:៩
១២ គូកនរបស់អ្នកចាក់ប្រេងតាំងមិនទាន់ចាត់ទុកថាសុចរិតឲ្យបានជីវិតនោះទេ។ ក៏ប៉ុន្តែ តាមរយៈជំនឿរបស់ពួកគេទៅលើព្រះលោហិតរបស់ព្រះគ្រីស្ទដែលបានបង្ហូរនោះ ពួកគេត្រូវបានចាត់ទុកជាសុចរិតមួយកំរិតដោយសារព្រះយេហូវ៉ា។ (យ៉ាកុប ២:២២-២៥; វិវរណៈ ៧:៩, ១០) ពួកគេត្រូវចាត់ទុកថាសុចរិតជាសំឡាញ់របស់ព្រះយេហូវ៉ាដែលនឹងទទួលសេចក្ដីសង្គ្រោះក្នុង«គ្រាវេទនាយ៉ាងធំ»។ (វិវរណៈ ៧:១៤) អ្នកដែលស្រេកឃ្លានឲ្យបានសេចក្ដីសុចរិតក៏នឹងបានឆ្អែតដែរ នៅក្រោម«ផ្ទៃមេឃថ្មី» ពេលដែលពួកគេក្លាយជាផ្នែកនៃផែនដីថ្មីដែលមាន«សុទ្ធតែសេចក្ដីសុចរិត»។—ពេត្រុសទី២ ៣:១៣; ទំនុកដំកើង ៣៧:២៩
មានសុភមង្គលហើយ អស់អ្នកដែលមានចិត្តមេត្ដាករុណា
១៣, ១៤. តើយើងគួរបង្ហាញចិត្តមេត្ដាករុណាយ៉ាងដូចម្ដេចខ្លះ? តើមានប្រយោជន៍អ្វីដល់យើង?
១៣ ព្រះយេស៊ូបន្តសុន្ទរកថារបស់ទ្រង់ដោយមានបន្ទូលថា៖ ‹មានសុភមង្គលហើយ អស់អ្នកដែលមានចិត្តមេត្ដាករុណា ដ្បិតអ្នកទាំងនោះនឹងបានសេចក្ដីមេត្ដាករុណាវិញ›។ (ម៉ាថាយ ៥:៧, កំណែជាអក្សរទ្រេត) អត្ថន័យសេចក្ដីមេត្ដាករុណាខាងច្បាប់តុលាការ គឺពេលដែលចៅក្រមអនុគ្រោះនិងបន្ថយទោសរបស់ជនល្មើស។ ក៏ប៉ុន្តែ ក្នុងព្រះគម្ពីរពាក្យដើមដែលបកប្រែថា«សេចក្ដីមេត្ដាករុណា» ច្រើនតែសំដៅទៅលើការប្រព្រឹត្តដោយសេចក្ដីសប្បុរសឬក្ដីអាណិតអាសូរដើម្បីជួយអ្នកដែលគ្មានទីពឹង។ ដូច្នេះ មនុស្សដែលមានចិត្តមេត្ដាករុណាក៏ប្រព្រឹត្តដោយសន្ដោសប្រណី។ ឧទាហរណនិទស្សន៍របស់ព្រះយេស៊ូស្តីអំពីជនជាតិសាម៉ារីដែលមានចិត្តល្អនោះ ជាគំរូប្រសើរអំពីបុគ្គលម្នាក់ដែល«មានចិត្តអាណិត»ដល់អ្នកដែលត្រូវការជំនួយ។—លូកា ១០:២៩-៣៧
១៤ ដើម្បីទទួលសុភមង្គលដែលមកពីការមានចិត្តមេត្ដាករុណានោះ យើងត្រូវតែប្រព្រឹត្តដោយសេចក្ដីសប្បុរសទៅលើអ្នកដែលត្រូវការជំនួយ។ (កាឡាទី ៦:១០) ព្រះយេស៊ូមានព្រះទ័យអាណិតអាសូរចំពោះមនុស្សដែលទ្រង់ទតឃើញនោះ។ ទ្រង់«មានព្រះហឫទ័យក្ដួលអាណិតដល់គេ ពីព្រោះគេធៀបដូចជាចៀមដែលគ្មានអ្នកគង្វាល រួចទ្រង់ចាប់តាំងបង្រៀនគេពីសេចក្ដីជាច្រើន»។ (ម៉ាកុស ៦:៣៤) ព្រះយេស៊ូបានទទួលស្គាល់ថាសេចក្ដីត្រូវការខ្លាំងបំផុតរបស់មនុស្សគឺខាងវិញ្ញាណ។ យើងក៏អាចបង្ហាញសេចក្ដីអាណិតអាសូរនិងសេចក្ដីមេត្ដាករុណាដោយប្រាប់អ្នកឯទៀតអំពីអ្វីដែលពួកគេត្រូវការខ្លាំងបំផុត ពោលគឺ‹ដំណឹងល្អដែលសំដែងពីព្រះរាជាណាចក្ររបស់ព្រះ›។ (ម៉ាថាយ ២៤:១៤) យើងក៏ផ្ដល់ជំនួយដល់គ្រីស្ទានចាស់ជរា មេម៉ាយ កូនកំព្រា និង«ជួយកំសាន្តដល់ពួកអ្នកណាដែលមានសេចក្ដីទន់ក្រំចិត្ត»ដែរ។ (ថែស្សាឡូនីចទី១ ៥:១៤; សុភាសិត ១២:២៥; យ៉ាកុប ១:២៧) នេះមិនត្រឹមតែធ្វើឲ្យយើងមានសុភមង្គលទេ តែយើងក៏នឹងទទួលសេចក្ដីមេត្ដាករុណាពីព្រះយេហូវ៉ាផងដែរ។—កិច្ចការ ២០:៣៥; យ៉ាកុប ២:១៣
មានសុភមង្គលហើយ អស់អ្នកដែលមានចិត្តបរិសុទ្ធហើយផ្សះផ្សាគេ
១៥. តើយើងអាចមានចិត្តបរិសុទ្ធនិងផ្សះផ្សាគេយ៉ាងដូចម្ដេច?
១៥ ព្រះយេស៊ូបានរៀបរាប់នូវមូលហេតុទីប្រាំមួយនិងប្រាំពីរដែលយើងអាចមានសុភមង្គលដូចតទៅថា៖ ‹មានសុភមង្គលហើយ អស់អ្នកដែលមានចិត្តបរិសុទ្ធ ដ្បិតអ្នកទាំងនោះនឹងបានឃើញព្រះ។ មានសុភមង្គលហើយ អស់អ្នកដែលផ្សះផ្សាគេ ដ្បិតអ្នកទាំងនោះនឹងបានហៅជាកូនរបស់ព្រះ›។ (ម៉ាថាយ ៥:៨, ៩, កំណែជាអក្សរទ្រេត) ចិត្តបរិសុទ្ធគឺមិនត្រឹមតែស្អាតស្អំខាងសីលធម៌ប៉ុណ្ណោះ តែក៏ស្អាតស្អំខាងវិញ្ញាណដែរ ហើយគឺស្មោះគ្រប់ល័ក្ខណ៍ក្នុងការបំរើព្រះយេហូវ៉ា។ (របាក្សត្រទី១ ២៨:៩; ទំនុកដំកើង ៨៦:១១) ពាក្យភាសាដើមដែលបកប្រែថា«អ្នកដែលផ្សះផ្សាគេ»មានអត្ថន័យត្រង់ៗថា«អ្នកដែលបង្កើតឲ្យមានសន្ដិភាព»។ អ្នកដែលផ្សះផ្សាគេរស់នៅដោយសុខសាន្តជាមួយនឹងបងប្អូនគ្រីស្ទានរបស់ពួកគេហើយជាមួយនឹងអ្នកជិតខាងផងដែរបើអាចធ្វើទៅបាន។ (រ៉ូម ១២:១៧-២១) ពួកគេ«ស្វែងរក ហើយដេញតាមសេចក្ដីមេត្រីភាព»។—ពេត្រុសទី១ ៣:១១
១៦, ១៧. (ក) ហេតុអ្វីបានជាអ្នកចាក់ប្រេងតាំងហៅថា«កូនព្រះ»? តើពួកគាត់«ឃើញព្រះ»យ៉ាងដូចម្ដេច? (ខ) តើ«ចៀមឯទៀត»«ឃើញព្រះ»យ៉ាងដូចម្ដេច? (គ) តើ«ចៀមឯទៀត»នឹងទៅជា«កូនព្រះ»យ៉ាងពេញលេញដោយដូចម្ដេចនិងនៅពេលណា?
១៦ ចំពោះអ្នកដែលមានចិត្តបរិសុទ្ធហើយផ្សះផ្សាគេនោះ មានសេចក្ដីសន្យាថា ពួកគាត់«នឹងបានហៅជាកូនរបស់ព្រះ»ហើយនឹង«ឃើញព្រះ»ដែរ។ គ្រីស្ទានចាក់ប្រេងតាំងបានត្រូវតែងតាំងដោយវិញ្ញាណ ហើយព្រះយេហូវ៉ាទទួលពួកគាត់ជា«កូន» ទោះជាពួកគេរស់នៅផែនដីនៅឡើយក្ដី។ (រ៉ូម ៨:១៤-១៧) នៅពេលដែលត្រូវប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌ដើម្បីនៅជាមួយនឹងព្រះគ្រីស្ទនោះ ពួកគាត់បំរើនៅចំពោះព្រះភក្ដ្រព្រះយេហូវ៉ាហើយអាចមើលឃើញទ្រង់យ៉ាងពិតប្រាកដ។—យ៉ូហានទី១ ៣:១, ២; វិវរណៈ ៤:៩-១១
១៧ «ចៀមឯទៀត»ដែលជាអ្នកផ្សះផ្សាគេដែរ ពួកគេបំរើព្រះយេហូវ៉ានៅក្រោមការត្រួតពិនិត្យរបស់ព្រះយេស៊ូគ្រីស្ទជាអ្នកគង្វាលល្អ ដែលក្លាយទៅជា«ព្រះវរបិតាដ៏គង់នៅអស់កល្ប»របស់ពួកគេ។ (យ៉ូហាន ១០:១៤, ១៦; អេសាយ ៩:៦) មនុស្សដែលរក្សាភាពស្មោះត្រង់ក្នុងគ្រាសាកល្បងចុងក្រោយពេលដែលការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទចប់នោះ នឹងត្រូវទទួលជាកូនរបស់ព្រះយេហូវ៉ានៅលើផែនដីហើយមាន«សេរីភាពនៃសិរីល្អរបស់ពួកកូនព្រះ»ដែរ។ (រ៉ូម ៨:២១; វិវរណៈ ២០:៧, ៩) ពេលដែលរង់ចាំគ្រានោះ ពួកគេហៅព្រះយេហូវ៉ាជាព្រះវរបិតា ដោយសារពួកគេថ្វាយខ្លួនជូនទ្រង់ ថែមទាំងទទួលស្គាល់ថាជីវិតពួកគេមកពីទ្រង់។ (អេសាយ ៦៤:៨) ដូចយ៉ូបនិងម៉ូសេពីសម័យបុរាណនោះ ពួកគេអាច«ឃើញព្រះ»ដោយសារជំនឿរបស់ពួកគេ។ (យ៉ូប ៤២:៥; ហេព្រើរ ១១:២៧) ដោយ«ភ្នែកចិត្ត[ឬ«ចិត្តគំនិត», ខ.ស.]» ហើយដោយមានចំណេះត្រឹមត្រូវអំពីព្រះ នោះពួកគេយល់នូវគុណសម្បត្ដិដ៏វិសេសរបស់ព្រះយេហូវ៉ានិងព្យាយាមយកតម្រាប់តាមទ្រង់ដោយធ្វើតាមព្រះហឫទ័យទ្រង់។—អេភេសូរ ១:១៨; រ៉ូម ១:១៩, ២០; យ៉ូហានទី៣ ១១
១៨. សមស្របតាមមូលហេតុប្រាំពីរយ៉ាងដែលព្រះយេស៊ូបានរៀបរាប់ថានាំឲ្យមានសុភមង្គលនោះ តើអ្នកណាមានសុភមង្គលដ៏ពិតសព្វថ្ងៃនេះ?
១៨ យើងបានរៀនថា មនុស្សដែលទទួលស្គាល់ថាខ្លួនមានសេចក្ដីកំសត់ខាងវិញ្ញាណ អ្នកដែលយំសោក អ្នកដែលស្លូតបូត អ្នកដែលស្រេកឃ្លានសេចក្ដីសុចរិត អ្នកដែលមានចិត្តមេត្ដាករុណាហើយចិត្តបរិសុទ្ធ និងអ្នកដែលផ្សះផ្សាគេមានសុភមង្គលយ៉ាងពិតប្រាកដក្នុងការបំរើព្រះយេហូវ៉ា។ ប៉ុន្តែ អ្នកទាំងនេះធ្លាប់ជួបតែការប្រឆាំងនិងការបៀតបៀន។ តើនេះបំផ្លាញនូវសុភមង្គលរបស់ពួកគេទេ? អត្ថបទបន្តបន្ទាប់នឹងប្រាប់ចម្លើយ។
[កំណត់សម្គាល់]
a ជាជាងប្រើពាក្យ«មានពរហើយ» សេចក្ដីបកប្រែពិភពលោកថ្មី និងសេចក្ដីបកប្រែឯទៀតដូចជាព្រះគម្ពីរភាសាខ្មែរសម្រាយ ប្រើពាក្យត្រឹមត្រូវជាង គឺ«មានសុភមង្គលហើយ»។ ដូច្នេះក្នុងអត្ថបទនេះនិងអត្ថបទបន្ទាប់ យើងនឹងប្រើពាក្យ«សុភមង្គល»ជាសទិសន័យពាក្យ«ពរ»។
សំនួរសំរាប់រៀនសាឡើងវិញ
• តើអ្នកដែលទទួលស្គាល់ថាខ្លួនមានសេចក្ដីកំសត់ខាងវិញ្ញាណមានសុភមង្គលយ៉ាងដូចម្ដេច?
• តើអ្នកដែលយំសោកទទួលការសម្រាលទុក្ខបែបណា?
• តើយើងបង្ហាញថាយើងស្លូតបូតយ៉ាងដូចម្ដេច?
• ហេតុអ្វីយើងគួរមានចិត្តមេត្ដាករុណា ចិត្តបរិសុទ្ធ និងគួរផ្សះផ្សាគេ?
[រូបភាពនៅទំព័រ១០]
‹មានសុភមង្គលហើយ អស់អ្នកដែលមានសេចក្ដីកំសត់ខាងឯវិញ្ញាណ›
[រូបភាពនៅទំព័រ១០]
‹មានសុភមង្គលហើយ អស់អ្នកដែលមានចិត្តមេត្ដាករុណា›
[រូបភាពនៅទំព័រ១០]
‹មានសុភមង្គលហើយ អស់អ្នកដែលស្រេកឃ្លាននូវសេចក្ដីសុចរិត›