ការបញ្ចេញពន្លឺ—ដែលធំនិងតូច ភាគទីមួយ
«តែផ្លូវរបស់មនុស្សសុចរិត ធៀបដូចជាពន្លឺដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើង ដរាបដល់ពេញកំឡាំង»។—សុភាសិត ៤:១៨
១. ហេតុអ្វីក៏សេចក្ដីពិតបានបញ្ចេញឲ្យដឹងបន្ដិចម្ដងៗដូច្នេះ?
នេះជាភស្តុតាងនៃប្រាជ្ញារបស់ព្រះ ដែលការបង្ហាញនៃសេចក្ដីពិតខាងវិញ្ញាណមានបន្ដិចម្ដងៗតាមរយៈការបញ្ចេញពន្លឺ ក្នុងការស្របទៅតាមសុភាសិត ៤:១៨។ នៅក្នុងអត្ថបទមុននេះ យើងបានឃើញនូវរបៀបដែលបទគម្ពីរនេះបានសម្រេចនៅក្នុងសម័យនៃពួកសាវ័ក។ បើសិនជាសេចក្ដីពិតខាងបទគម្ពីរបានបញ្ចេញឲ្យដឹងទាំងអស់តែម្ដងនោះ នេះច្បាស់ជាធ្វើឲ្យស្រវាំងភ្នែកនិងវង្វេងហើយ—គឺហាក់បីដូចជាទើបតែចេញពីរូងភ្នំដ៏ងងឹតទៅឯពន្លឺភ្លឺចិញ្ចាចអញ្ចឹង។ ម្យ៉ាងវិញទៀត ការបញ្ចេញឲ្យដឹងសេចក្ដីពិតបន្ដិចម្ដងៗគឺពង្រឹងជំនឿនៃពួកជនគ្រីស្ទានដែលតាមរបៀបបន្តរហូតទៅ។ នេះធ្វើឲ្យសេចក្ដីសង្ឃឹមរបស់គេកាន់តែច្បាស់ឡើងៗ ហើយផ្លូវដែលពួកគេត្រូវដើរក៏កាន់តែភ្លឺឡើងៗដែរ។
«អ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃ»
២. ព្រះយេស៊ូបានបញ្ជាក់ថា ទ្រង់នឹងប្រើអ្នកណាក្នុងការនាំពន្លឺខាងវិញ្ញាណសំរាប់ពួកអ្នកកាន់តាមរបស់ទ្រង់នោះ ហើយតើពួកណាជាសមាជិកនៃក្រុមនោះ?
២ នៅសម័យនៃពួកសាវ័ក ព្រះយេស៊ូគ្រីស្ទបានសម្រេចព្រះទ័យក្នុងការប្រើតាមរយៈអធិធម្មជាតិក្នុងការប្រទានឲ្យពួកអ្នកកាន់តាមទ្រង់នូវការបញ្ចេញពន្លឺ។ យើងមានឧទាហរណ៍ពីរអំពីរឿងនេះ៖ នៅបុណ្យភិន្ដាកុសឆ្នាំ៣៣ស.យ. និងនៅពេលកូនេលាសបានផ្លាស់ជំនឿក្នុងឆ្នាំ៣៦ ស.យ.។ ក្នុងគ្រាតមក ព្រះគ្រីស្ទបានទតឃើញថាជាការត្រឹមត្រូវក្នុងការប្រើតាមរយៈមនុស្ស ហើយទ្រង់បានមានបន្ទូលប្រាប់ថា៖ «ដូច្នេះ អ្នកណាជាអ្នកបំរើស្មោះត្រង់មានមារយាទ[«អ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃ» ព.ថ.] ដែលចៅហ្វាយបានតាំងឲ្យត្រួតលើពួកផ្ទះ[«ពួកបំរើក្នុងផ្ទះ» ព.ថ.]លោក នឹងឲ្យអាហារគេបរិភោគ តាមត្រូវពេល បើកាលណាចៅហ្វាយមកដល់ ឃើញអ្នកបំរើនោះកំពុងតែធ្វើដូច្នោះ នោះមានពរហើយ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ចៅហ្វាយនឹងតាំងអ្នកនោះឡើង ឲ្យត្រួតលើរបស់ទ្រព្យលោកទាំងអស់»។ (ម៉ាថាយ ២៤:៤៥-៤៧) អ្នកបំរើនេះមិនអាចជាបុគ្គលតែម្នាក់នោះទេ ពីព្រោះគាត់បានតម្រូវឲ្យផ្ដល់អាហារខាងវិញ្ញាណ តាំងពីពេលដែលក្រុមជំនុំគ្រីស្ទានបានចាប់ផ្ដើមនៅបុណ្យភិន្ដាកុស រហូតមកដល់ព្រះយេស៊ូគ្រីស្ទជាចៅហ្វាយយាងមកជំនុំជំរះវិញ។ ហេតុការណ៍បញ្ជាក់ឲ្យឃើញថា ក្រុមអ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃនេះ គឺរួមបញ្ចូលពួកជនគ្រីស្ទានចាក់ប្រេងតាំងទាំងឡាយដែលមានជីវិតរស់នៅជាក្រុមមួយនៅលើផែនដីនៅពេលណាមួយ។
៣. តើអ្នកណាខ្លះដែលបានរួមបញ្ចូលក្នុងចំណោមសមាជិកដំបូងនៃក្រុមអ្នកបំរើនោះ?
៣ តើអ្នកណាដែលរួមបញ្ចូលក្នុងចំណោមសមាជិកដំបូងនៃក្រុមអ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃនោះ? សាវ័កពេត្រុសជាបុគ្គលម្នាក់ដែលបាននៅក្នុងចំណោមនោះ ដែលបានធ្វើតាមបញ្ជារបស់ព្រះយេស៊ូ៖ «ចូរឲ្យចំណីដល់ហ្វូងចៀមខ្ញុំស៊ីផង»។ (យ៉ូហាន ២១:១៧) សមាជិកដំបូងឯទៀតនៃក្រុមអ្នកបំរើនេះ រួមបញ្ចូលម៉ាថាយ ដែលបានសរសេរសៀវភៅដំណឹងល្អក្នុងឈ្មោះរបស់គាត់ ហើយប៉ុល យ៉ាកុប និងយូដាស ដែលព្រះវិញ្ញាណបានបណ្ដាលឲ្យសរសេរសំបុត្រ។ សាវ័កយ៉ូហាន ដែលបានកត់ទុកសៀវភៅវិវរណៈ និងសៀវភៅដំណឹងល្អព្រមទាំងសំបុត្ររបស់គាត់ ក៏ជាសមាជិកម្នាក់ដែរនៃអ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃនោះ។ ពួកបុរសទាំងនេះបានសរសេរសៀវភៅព្រះគម្ពីរយោងទៅតាមបញ្ជារបស់ព្រះយេស៊ូ។
៤. តើអ្នកណាជា«ពួកបំរើក្នុងផ្ទះ»?
៤ បើសិនជាពួកចាក់ប្រេងតាំងទាំងអស់ជាក្រុមមួយ មិនថាគេរស់នៅកន្លែងណាក៏ដោយនៅលើផែនដីនេះ តើ«ពួកបំរើក្នុងផ្ទះ»ជាអ្នកណា? ពួកគេជាជនចាក់ប្រេងតាំងដដែលនេះឯង ប៉ុន្តែបានចាត់ទុកពីទស្សនៈផ្សេងវិញ—ជាបុគ្គលម្នាក់ៗ។ ត្រូវហើយ ជាបុគ្គលពួកគេនឹងជា«អ្នកបំរើ» ឬជា«ពួកបំរើក្នុងផ្ទះ» ស្រេចទៅលើថាតើពួកគេចែកអាហារខាងវិញ្ញាណឬទទួលអាហារខាងវិញ្ញាណ។ ដើម្បីនឹងពន្យល់៖ ដូចជាបានកត់មកនៅពេត្រុសទី២ ៣:១៥, ១៦ សាវ័កពេត្រុសបានសំដៅទៅនឹងសំបុត្ររបស់ប៉ុល។ នៅពេលដែលគាត់អានសំបុត្រទាំងនោះ ពេត្រុសគឺនឹងទៅជាបុគ្គលម្នាក់នៃពួកបំរើក្នុងផ្ទះ ដែលកំពុងតែបរិភោគអាហារខាងវិញ្ញាណដែលប៉ុលបានផ្ដល់មក ជាអ្នកតំណាងនៃក្រុមអ្នកបំរើ។
៥. (ក) តើមានអ្វីកើតឡើងទៅពួកអ្នកបំរើក្នុងកំឡុងសតវត្សក្រោយពីពួកសាវ័ក? (ខ) តើមានអ្វីបានកើតឡើងក្នុងចុងសតវត្សទី១៩?
៥ ចំពោះរឿងនេះ សៀវភៅដែលមានចំណងជើងថា ព្រះរាជាណាចក្ររបស់ព្រះមួយពាន់ឆ្នាំចូលជិតហើយបានថ្លែងថា៖ «ចំពោះរបៀបដែលមានក្រុម‹អ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃ› ហើយបានបំរើក្នុងសតវត្សជាច្រើនមកនេះ បន្ទាប់ពីពួកសាវ័ករបស់ព្រះយេស៊ូគ្រីស្ទជាចៅហ្វាយបានស្លាប់ទៅនោះ យើងមិនមានប្រវត្ដិសាស្ត្រដ៏ច្បាស់លាស់ទេ។ តាមប្រមើលទៅ តំណមួយនៃក្រុម‹អ្នកបំរើ›បានបំប៉នតំណមួយបន្ទាប់មកទៀត។ (ធីម៉ូថេទី២ ២:២) ប៉ុន្តែនៅចុងសតវត្សទីដប់ប្រាំបួន មានពួកបុគ្គលដែលកោតខ្លាចព្រះ ហើយចូលចិត្តអាហារខាងវិញ្ញាណពីព្រះគម្ពីរបរិសុទ្ធ ហើយមានសេចក្ដីប្រាថ្នាចង់បរិភោគអាហារនេះ . . . ក្រុមសិក្សាព្រះគម្ពីរ . . . បានបង្កើតឡើងហើយក៏បានយល់បន្ដិចម្ដងៗពីសេចក្ដីពិតដ៏សំខាន់នៃព្រះគម្ពីរបរិសុទ្ធ។ ចំពោះពួកសិស្សព្រះគម្ពីរដែលគ្មានចិត្តអាត្មានិយមនោះ ពួកគេមានចិត្តខ្នះខ្នែងណាស់ ក្នុងការចែកចាយផ្នែកនៃអាហារខាងវិញ្ញាណជាមួយអ្នកដទៃ។ ពួកគេមានចិត្តគំនិតដ៏ស្មោះត្រង់ក្នុងការបំពេញមុខនាទីជា‹អ្នកបំរើ›ដែលបានចាត់ឲ្យផ្ដល់‹អាហារនៅពេលត្រឹមត្រូវ›ទៅ‹ពួកបំរើក្នុងផ្ទះ›។ ពួកគេ‹ឈ្លាសវៃ›ក្នុងការវិនិច្ឆ័យថា នៅពេលនោះហើយជាពេលដ៏ត្រឹមត្រូវ ហើយដឹងនូវរយៈដ៏ល្អសំរាប់ចែកម្ហូបអាហារនេះ។ ពួកគេមានចិត្តខ្នះខ្នែងដើម្បីនឹងបំរើ»។—ទំព័រ ៣៤៤-៥a
ការបញ្ចេញពន្លឺដំបូងនៅសម័យថ្មី
៦. តើហេតុការណ៍ពិតអ្វីដែលលេចធ្លោជាងគេ ដែលទាក់ទងនឹងការបញ្ចេញពន្លឺនៃសេចក្ដីពិតនោះ?
៦ ហេតុការណ៍ពិតមួយដែលលេចធ្លោជាងគេដែលទាក់ទងនឹងពួកអ្នកដែលព្រះយេហូវ៉ាបានប្រើក្នុងការបញ្ចេញពន្លឺខាងវិញ្ញាណបន្ដិចម្ដងៗនោះ គឺថាពួកគេមិនបានយកកិត្ដិយសនេះចំពោះខ្លួនគេឡើយ។ អាកប្បកិរិយារបស់លោករ៉ាសិល ដែលជាប្រធានទីមួយនៃសមាគមប៉មយាម គឺថាព្រះអម្ចាស់សព្វព្រះហឫទ័យក្នុងការប្រើការប៉ិនប្រសប់ដ៏រាបទាបរបស់គេ។ ចំពោះពាក្យបង្អាប់ដែលពួកសត្រូវរបស់គាត់បានប្រើនោះ បងប្រុសរ៉ាសិលបានបញ្ជាក់ឲ្យដឹងយ៉ាងច្បាស់លាស់ថា គាត់មិនដែលជួប«ពួករ៉ាសិល»ហើយថាពុំមានអ្វីមួយដូចជា«លទ្ធិរបស់រ៉ាសិល»ឡើយ។ គ្រប់កិត្ដិយសទាំងអស់បានផ្ដល់ទៅឲ្យព្រះវិញ។
៧. តើបងប្រុសរ៉ាសិលនិងគូកនរបស់គាត់បានបង្ហាញនូវទីសំអាងអ្វីខ្លះ ដែលថាពួកគេចូលរួមជាមួយពួកអ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃ?
៧ បើយើងគិតមើលអំពីលទ្ធផល គឺថាច្បាស់ជាព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះយេហូវ៉ាហើយដែលបានដឹកនាំបងប្រុសរ៉ាសិលនិងពួកចូលរួមជាមួយគាត់នោះ។ ពួកគេបានឲ្យបង្ហាញទីសំអាងថាពួកគេបានចូលរួមជាមួយនឹងអ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃ។ ថ្វីបើពួកបព្វជិតជាច្រើនជំនាន់នោះ បានជឿអះអាងថាព្រះគម្ពីរជាពាក្យបន្ទូលរបស់ព្រះ ហើយថាព្រះយេស៊ូជារាជបុត្រារបស់ព្រះក្ដី ពួកគេបានយល់ព្រមនឹងលទ្ធិដ៏មិនពិតទៅវិញ ដូចជាលទ្ធិត្រីឯកភាព អមតភាពនៃព្រលឹងរបស់មនុស្ស និងទារុណកម្មជាអនន្ត។ យោងទៅតាមកិច្ចសន្យារបស់ព្រះយេស៊ូ គឺព្រះវិញ្ញាណបរិសុទ្ធនោះហើយ ដែលបណ្ដាលឲ្យការខ្នះខ្នែងដ៏រាបទាបរបស់បងប្រុសរ៉ាសិលនិងពួកគូកនរបស់គាត់ ឲ្យបញ្ចេញពន្លឺច្រើនជាងមុនៗទៅទៀត។ (យ៉ូហាន ១៦:១៣) ពួកសិស្សព្រះគម្ពីរចាក់ប្រេងតាំងទាំងនោះ បានបង្ហាញនូវភស្តុតាងថាពួកគេជាផ្នែកមួយនៃក្រុមអ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃ ដែលមានមុខងារដើម្បីផ្ដល់អាហារខាងវិញ្ញាណសំរាប់ពួកបំរើក្នុងផ្ទះរបស់ចៅហ្វាយ។ ការខ្នះខ្នែងរបស់គេជាជំនួយដ៏ធំមួយក្នុងការប្រមូលពួកអ្នកចាក់ប្រេងតាំង។
៨. តើហេតុការណ៍ពិតអ្វីចំពោះព្រះយេហូវ៉ា ព្រះគម្ពីរ ព្រះយេស៊ូគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធដែលពួកសិស្សព្រះគម្ពីរបានយល់យ៉ាងច្បាស់លាស់នោះ?
៨ ជាការគួរឲ្យអស្ចារ្យណាស់ ក្នុងការឃើញថាព្រះយេហូវ៉ា តាមរយព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់បានសព្វព្រះហឫទ័យជាមួយនឹងពួកសិស្សព្រះគម្ពីរដំបូងនេះក្នុងការបញ្ចេញពន្លឺ។ ជាដំបូង ពួកគេបានស្ថាបនាយ៉ាងជាក់ស្តែងថា មានព្រះជាអ្នកបង្កើត ហើយថាទ្រង់មានព្រះនាមយ៉ាងអស្ចារ្យ គឺយេហូវ៉ា។ (ទំនុកដំកើង ៨៣:១៨; រ៉ូម ១:២០) ពួកគេបានយល់ឃើញថា ព្រះយេហូវ៉ាមានគុណសម្បត្ដិបួនដ៏សំខាន់—គឺព្រះចេស្ដា យុត្ដិធម៌ ប្រាជ្ញា និងសេចក្ដីស្រឡាញ់។ (លោកុប្បត្តិ ១៧:១ ចោទិយកថា ៣២:៤; រ៉ូម ១១:៣៣; យ៉ូហានទី១ ៤:៨) ពួកជនគ្រីស្ទានចាក់ប្រេងតាំងទាំងនេះបានស្ថាបនាយ៉ាងច្បាស់ថា ព្រះគម្ពីរជាពាក្យបន្ទូលនៃព្រះ ហើយជាសេចក្ដីពិត។ (យ៉ូហាន ១៧:១៧; ធីម៉ូថេទី២ ៣:១៦, ១៧) បន្ថែមទៀតពួកគេជឿថា ព្រះយេស៊ូគ្រីស្ទជារាជបុត្រារបស់ព្រះ ត្រូវបានបង្កើតមក ហើយថាទ្រង់បានប្រគល់ព្រះជន្មរបស់ទ្រង់សំរាប់ឲ្យមនុស្សលោក។ (ម៉ាថាយ ២០:២៨; កូល៉ុស ១:១៥) ព្រះវិញ្ញាណបរិសុទ្ធជាឥទ្ធិពលសកម្មរបស់ព្រះ មិនមែនជាបុគ្គលទីបីនៃលទ្ធិត្រីឯកភាពនោះឡើយ។—កិច្ចការ ២:១៧
៩. (ក) តើសេចក្ដីពិតអ្វីដែលពួកសិស្សព្រះគម្ពីរបានយល់យ៉ាងច្បាស់ចំពោះសភាវៈរបស់មនុស្សនិងទីដៅរបស់គេដែលមាននៅក្នុងព្រះគម្ពីរនោះ? (ខ) តើសេចក្ដីពិតអ្វីទៀតដែលពួកអ្នកបំរើព្រះយេហូវ៉ាបានយល់ឃើញច្បាស់នោះ?
៩ ពួកសិស្សព្រះគម្ពីរបានយល់ឃើញយ៉ាងច្បាស់លាស់ថា មនុស្សមិនមែនមានព្រលឹងអមតនោះទេ ប៉ុន្តែជាព្រលឹងដែលអាចស្លាប់ទៅវិញបាន។ ពួកគេបានដឹងថា«ឈ្នួលរបស់អំពើបាប នោះជាសេចក្ដីស្លាប់» មិនមែនទារុណកម្មជាអនន្តឡើយ ហើយមិនមានកន្លែងដូចជានរកឡើយ។ (រ៉ូម ៥:១២, ៦:២៣; លោកុប្បត្តិ ២:៧; អេសេគាល ១៨:៤) ម្យ៉ាងវិញទៀត ពួកគេបានឃើញយ៉ាងច្បាស់ថាទ្រឹស្តីវិវត្តន៍ មិនគ្រាន់តែឥតមាននៅក្នុងព្រះគម្ពីរប៉ុណ្ណោះទេ ប៉ុន្តែគឺគ្មានមូលដ្ឋានណាសោះឡើយ។ (លោកុប្បត្តិ ជំពូក១និង២) ពួកគេក៏យល់ថាព្រះគម្ពីរផ្ដល់នូវសេចក្ដីសង្ឃឹមជាពីរយ៉ាង—មួយគឺនៅខាងស្ថានសួគ៌សំរាប់ពួក១៤៤.០០០នៃពួកអ្នកចាក់ប្រេងតាំងដែលកាន់តាមដានជើងរបស់ព្រះគ្រីស្ទ មួយទៀតគឺផែនដីមនោរម្យសំរាប់«ពួកហ្វូងធំ»ដែលមិនអាចរាប់បាននៃពួក«ចៀមឯទៀត»។ (វិវរណៈ ៧:៩; ១៤:១; យ៉ូហាន ១០:១៦) ពួកសិស្សព្រះគម្ពីរទាំងនោះក៏បានទទួលស្គាល់ថា ផែនដីនឹងនៅគង់វង់ជានិរន្តរ៍ ហើយនឹងមិនឆេះរលាយឡើយ មិនដូចពួកសាសនាជាច្រើនបានបង្រៀននោះឡើយ។ (សាស្ដា ១:៤; លូកា ២៣:៤៣) ពួកគេក៏បានរៀនដឹងទៀតថា ការយាងត្រឡប់មកវិញរបស់ព្រះគ្រីស្ទនឹងមើលមិនឃើញទេ ហើយថានៅពេលនោះទ្រង់នឹងប្រហារសេចក្ដីជំនុំជំរះទៅលើសាសន៍ទាំងឡាយ ហើយធ្វើឲ្យមានផែនដីមនោរម្យ។—កិច្ចការ ១០:៤២; រ៉ូម ៨:១៩-២១; ពេត្រុសទី១ ៣:១៨
១០. តើពួកសិស្សព្រះគម្ពីរបានរៀនសេចក្ដីពិតអ្វីចំពោះពិធីជ្រមុជទឹក ភាពខុសគ្នាចំពោះពួកបព្វជិតនិងគ្រហស្ត និងពិធីបុណ្យរំឭកមរណភាពរបស់ព្រះគ្រីស្ទ?
១០ ពួកសិស្សព្រះគម្ពីរបានរៀនដឹងថាពិធីជ្រមុជទឹកតាមព្រះគម្ពីរ គឺមិនមែនជាការប្រោះទឹកទៅលើកូនង៉ាទេ ប៉ុន្តែយោងទៅតាមបញ្ជារបស់ព្រះយេស៊ូនៅម៉ាថាយ ២៨:១៩, ២០ នេះគឺជាការជ្រមុជទឹកនៃពួកអ្នកដែលជឿ ជាពួកអ្នកដែលបានរៀនចេះដឹងហើយ។ ពួកគេក៏បានឃើញថា គ្មានមូលដ្ឋានក្នុងព្រះគម្ពីរចំពោះភាពខុសគ្នារវាងពួកបព្វជិតនិងគ្រហស្ថឡើយ។ (ម៉ាថាយ ២៣:៨-១០) ផ្ទុយទៅវិញ ជនគ្រីស្ទានទាំងអស់ត្រូវតែជាអ្នកផ្សាយនៃដំណឹងល្អ។ (កិច្ចការ ១:៨) ពួកសិស្សព្រះគម្ពីរបានអបអរថា ពិធីបុណ្យរំឭកមរណភាពរបស់ព្រះគ្រីស្ទត្រូវធ្វើឡើងតែមួយឆ្នាំមួយដងទេ នៅខែចេត្រទី១៤។ ម្យ៉ាងវិញទៀត ពួកគេបានយល់ឃើញថា បុណ្យរំឭកថ្ងៃដែលព្រះយេស៊ូរស់ឡើងវិញនោះ ជាថ្ងៃឈប់សំរាករបស់ពាហិរជន។ បន្ថែមទៀតនោះ ពួកអ្នកចាក់ប្រេងតាំងទាំងនោះក៏ជឿជាក់ថាព្រះកំពុងតែគាំទ្រកិច្ចការរបស់គេ ដូច្នេះហើយបានជាពួកគេមិនដែលរៃលុយឡើយ។ (ម៉ាថាយ ១០:៨) តាំងពីពេលដើមមក ពួកគេបានយល់ថា ជនគ្រីស្ទានត្រូវតែប្រកបជីវិតឲ្យស្របទៅតាមគោលការណ៍របស់ព្រះគម្ពីរ ដែលរួមបញ្ចូលការបណ្ដុះឲ្យមានផលផ្លែវិញ្ញាណរបស់ព្រះដែរ។—កាឡាទី ៥:២២, ២៣
ការបញ្ចេញពន្លឺកាន់តែមានច្រើនឡើង
១១. តើពន្លឺអ្វីបានបញ្ចេញទៅលើមុខងាររបស់ជនគ្រីស្ទាន ហើយទៅលើរឿងប្រៀបប្រដូចនៃចៀមនិងពពែរបស់ព្រះយេស៊ូនោះ?
១១ ជាពិសេស តាំងពីឆ្នាំ១៩១៩មក ពួកអ្នកបំរើរបស់ព្រះយេហូវ៉ាបានទទួលប្រសិទ្ធិពរដោយមានការបញ្ចេញពន្លឺកាន់តែមានច្រើនឡើង។ នៅឯមហាសន្និបាតជាយក្រុងស៊ីដាផូញក្នុងឆ្នាំ១៩២២មានការបញ្ចេញពន្លឺដ៏អស្ចារ្យមែន កាលដែលបងប្រុសរ៉ូធើហ្វឺត ជាប្រធានទីពីនៃសមាគមប៉មយាមបានបញ្ជាក់ថា កាតព្វកិច្ចដ៏សំខាន់របស់អ្នកបំរើព្រះយេហូវ៉ាគឺ «ប្រកាស ប្រកាស ប្រកាស អំពីស្តេចនិងព្រះរាជាណាចក្ររបស់ទ្រង់»! នៅឆ្នាំជាបន្ទាប់ ពន្លឺភ្លឺបានបញ្ចេញឲ្យឃើញច្បាស់ចំពោះរឿងប្រៀបប្រដូចនៃចៀមនិងពពែ។ ពួកគេបានឃើញថា ទំនាយនេះនឹងត្រូវបានសម្រេចក្នុងវត្តមាននៃថ្ងៃរបស់ព្រះអម្ចាស់ មិនមែននៅអនាគតក្នុងកំឡុងសហស្សវត្សដែលបានគិតយល់ដូចពីមុននោះទេ។ ក្នុងកំឡុងសហស្សវត្ស បងប្អូនរបស់ព្រះគ្រីស្ទនឹងមិនមានជម្ងឺ ឬត្រូវគេចាប់ដាក់គុកនោះឡើយ។ ដ្បិតនៅចុងបញ្ចប់នៃសហស្សវត្សនេះ គឺព្រះយេហូវ៉ាទេដែលនឹងធ្វើជំនុំជំរះ មិនមែនព្រះយេស៊ូគ្រីស្ទឡើយ។—ម៉ាថាយ ២៥:៣១-៤៦
១២. តើមានការបញ្ចេញពន្លឺអ្វីខ្លះចំពោះសង្គ្រាមអើម៉ាគេដូន?
១២ នៅឆ្នាំ១៩២៦មានការបញ្ចេញពន្លឺភ្លឺចិញ្ចាចមួយទៀតដែលថា សង្គ្រាមនៃអើម៉ាគេដូន មិនមែនជាបដិវត្តខាងសង្គមនោះទេ ដូចពួកសិស្សព្រះគម្ពីរបានគិតពីមុននោះ។ ផ្ទុយទៅវិញ នេះជាសង្គ្រាមដែលព្រះយេហូវ៉ានឹងសម្ដែងព្រះចេស្ដារបស់ទ្រង់ឲ្យឃើញយ៉ាងច្បាស់ដល់ម្ល៉េះ ដែលមនុស្សជាច្រើននឹងជឿជាក់ថាទ្រង់ជាព្រះមួយអង្គមែន។—វិវរណៈ ១៦:១៤-១៦; ១៩:១៧-២១
បុណ្យណូអែល—ជាថ្ងៃសំរាកពាហិរជន
១៣. (ក) តើមានការបញ្ចេញពន្លឺអ្វីចំពោះការធ្វើបុណ្យណូអែល? (ខ) ហេតុអ្វីក៏លែងធ្វើបុណ្យកំណើតទៀតនោះ? (រួមបញ្ចូលកំណត់ចំណាំ)
១៣ មិនយូរប៉ុន្មានក្រោយពីនោះមក ការបញ្ចេញពន្លឺបានបណ្ដាលឲ្យពួកសិស្សព្រះគម្ពីរឈប់ធ្វើបុណ្យណូអែល។ ពីមុនពេលនោះ បុណ្យណូអែលតែងតែបានធ្វើឡើងដោយពួកសិស្សព្រះគម្ពីរពាសពេញពិភពលោក ហើយការធ្វើបុណ្យនេះនៅឯមន្ទីរចាត់ការនៅក្រុងប៊្រុគ្លីនជាគ្រាដ៏ធំដុំមួយ។ ប៉ុន្តែក្រោយមកពួកគេបានយល់ថា ពិធីបុណ្យនៅថ្ងៃទី២៥ខែធ្នូគឺពិតជាពាហិរជន ហើយពួកពិភពគ្រីស្ទសាសនាដែលបះបោរជំនឿបានយកថ្ងៃនេះ ដើម្បីឲ្យពួកពាហិរជនផ្លាស់ជំនឿ។ ម្យ៉ាងវិញទៀត គេបានយល់ឃើញថា ព្រះយេស៊ូមិនអាចបានប្រសូតមកនៅក្នុងរដូវរងាទេ ពីព្រោះនៅគ្រាដែលទ្រង់បានប្រសូតនោះ ពួកអ្នកគង្វាលបានឲ្យហ្វូងសត្វរបស់គេស៊ីស្មៅនៅឯវាល—នេះជាអ្វីមួយដែលពួកគេមិនអាចធ្វើទៅបានក្នុងពេលយប់នៅចុងខែធ្នូ។ (លូកា ២:៨) ផ្ទុយទៅវិញព្រះគម្ពីរបញ្ជាក់ថា ព្រះយេស៊ូបានប្រសូតមកប្រហែលនៅខែតុលាថ្ងៃទី១។ ពួកសិស្សព្រះគម្ពីរក៏បានដឹងថា ពួកអ្នកប្រាជ្ញដែលបានមកលេងព្រះយេស៊ូប្រមាណពីរឆ្នាំក្រោយពីទ្រង់បានប្រសូតមកនោះជាពួកមន្តអាគមពាហិរជន។b
ឈ្មោះថ្មីមួយ
១៤. ហេតុអ្វីក៏ឈ្មោះថា ពួកសិស្សព្រះគម្ពីរ មិនបានតំណាងគ្រប់គ្រាន់ចំពោះប្រជារាស្ត្ររបស់ព្រះយេហូវ៉ា?
១៤ ក្នុងឆ្នាំ១៩៣១ ការបញ្ចេញពន្លឺយ៉ាងច្បាស់មួយបានបង្ហាញដល់ពួកសិស្សព្រះគម្ពីរ ឲ្យមានឈ្មោះមួយដ៏ត្រឹមត្រូវដែលដកស្រង់ចេញពីព្រះគម្ពីរ។ ប្រជារាស្ត្ររបស់ព្រះយេហូវ៉ាបានយល់ថា ពួកគេមិនអាចព្រមទទួលឈ្មោះក្រៅ ដែលគេបានហៅនោះឡើយ ដូចជាពួកកាន់តាមរ៉ាសិល ពួកចាប់ផ្ដើមមួយពាន់ឆ្នាំ ពួកគ្មាននរក។c ប៉ុន្តែពួកគេក៏បានយល់ថា ឈ្មោះដែលពួកគេបានដាក់ខ្លួនឯងដែលជា—ពួកសិស្សព្រះគម្ពីរអន្តរជាតិ—ក៏មិនតំណាងពួកគេឲ្យបានគ្រប់គ្រាន់ដែរ។ ពួកគេមិនគ្រាន់តែពួកសិស្សព្រះគម្ពីរប៉ុណ្ណោះទេ។ ម្យ៉ាងវិញទៀត គឺមានមនុស្សជាច្រើនទៀតដែលជាពួកសិស្សព្រះគម្ពីរ ប៉ុន្តែមិនមានភាពស្រដៀងដូចពួកសិស្សព្រះគម្ពីរឡើយ។
១៥. តើឈ្មោះអ្វីដែលពួកសិស្សព្រះគម្ពីរបានចាប់ផ្ដើមប្រើនៅឆ្នាំ១៩៣១ ហើយហេតុអ្វីបាននេះជាការត្រឹមត្រូវ?
១៥ តើពួកសិស្សព្រះគម្ពីរបានមានឈ្មោះថ្មីដោយយ៉ាងណា? ជាច្រើនឆ្នាំសមាគម ប៉មយាម បានយកឈ្មោះព្រះយេហូវ៉ាជាអ្វីដ៏សំខាន់មួយ។ ដូច្នេះ ជាការត្រឹមត្រូវណាស់ដែលពួកសិស្សព្រះគម្ពីរត្រូវចាប់ផ្ដើមប្រើឈ្មោះដែលរកឃើញនៅអេសាយ ៤៣:១០៖ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឯងរាល់គ្នាជាស្មរបន្ទាល់របស់អញ ហើយជាអ្នកបំរើដែលអញបានរើសតាំង ដើម្បីឲ្យបានស្គាល់ ហើយជឿដល់អញ ព្រមទាំងយល់ថា គឺអញនេះហើយ ឥតមានព្រះណាកើតមកមុនអញទេ ហើយក្រោយអញក៏ឥតមានដែរ»។
ការបង្ហាញឲ្យឃើញថាគ្មានទោស និង«ពួកហ្វូងធំ»
១៦. ហេតុអ្វីក៏ទំនាយដែលធ្វើឲ្យដូចដើមវិញ មិនទាក់ទងនឹងពួកយូដាដែលត្រឡប់ទៅប្រទេសប៉ាឡេស្ទិន ប៉ុន្តែតើទាក់ទងនឹងពួកណាទៅ?
១៦ ក្នុងសៀវភៅក្បាលទីពីរដែលមានចំណងជើង ការបង្ហាញឲ្យឃើញថាគ្មានទោស ដែលបានបោះពុម្ពដោយសមាគមប៉មយាមនៅឆ្នាំ១៩៣២ បានបញ្ចេញពន្លឺនូវទំនាយដែលធ្វើឲ្យដូចដើមវិញ ដែលកត់ទុកនៅក្នុងអេសាយ យេរេមា អេសេគាល និងពួកព្យាការីឯទៀតនោះ មិនទាក់ទងនឹងពួកអ៊ីស្រាអែលមែនទែននោះទេ (ដូចបានគិតពីមុននោះ) ដែលបានត្រឡប់ទៅប៉ាឡេស្ទិនដោយមិនជឿ និងដោយការជំរុញខាងនយោបាយ។ ផ្ទុយទៅវិញ ទំនាយដែលធ្វើឲ្យដូចដើមវិញទាំងនេះ ដែលបានសម្រេចបន្ដិចបន្តួចនៅពេលដែលពួកយូដាបានត្រឡប់មកពីស្រុកបាប៊ីឡូននៅឆ្នាំ ៥៣៧ ម.ស.យ. តែបានសម្រេចយ៉ាងពេញលេញវិញ ដល់ការរំដោះរបស់ពួកអ៊ីស្រាអែលខាងវិញ្ញាណ ហើយបានធ្វើឲ្យដូចដើមវិញ ចាប់ផ្ដើមក្នុង១៩១៩ ហើយបានមានការរីកចំរើនក្នុងសួនមនោរម្យខាងវិញ្ញាណដែលពួកអ្នកបំរើ ពិតនៃព្រះយេហូវ៉ាបានទទួលនៅសព្វថ្ងៃនេះ។
១៧, ១៨. (ក) ក្រោយមកតាមរយៈការបញ្ចេញពន្លឺ តើអ្វីដែលបានបង្ហាញថាជាគោលបំណងរបស់ព្រះយេហូវ៉ាដ៏សំខាន់នោះ? (ខ) តើការបញ្ចេញពន្លឺអ្វីចំពោះវិវរណៈ ៧:៩-១៧ បានកើតឡើងនៅឆ្នាំ១៩៣៥?
១៧ ក្រោយមក ការបញ្ចេញពន្លឺបានធ្វើឲ្យយល់ឃើញថា គោលបំណងដ៏សំខាន់របស់ព្រះយេហូវ៉ា គឺការធ្វើឲ្យឃើញថាគ្មានទោសដល់អធិបតេយ្យភាពរបស់ទ្រង់ មិនមែនការសង្គ្រោះរបស់មនុស្សលោកទេ។ ផ្ទៃរឿងដ៏សំខាន់នៅក្នុងព្រះគម្ពីរគឺអំពីព្រះរាជាណាចក្រ មិនមែនជាការលោះបាបនោះទេ ពីព្រោះព្រះរាជាណាចក្រនេះហើយ ដែលនឹងបង្ហាញឲ្យឃើញថាគ្មានទោសដល់អធិបតេយ្យភាពរបស់ព្រះយេហូវ៉ា។ នេះជាការបញ្ចេញពន្លឺដ៏អស្ចារ្យមែន! ជនគ្រីស្ទានដែលបានថ្វាយខ្លួននោះ លែងមានការខ្វល់ខ្វាយចំពោះការឡើងទៅស្ថានសួគ៌ទៀតហើយ។
១៨ ក្នុងឆ្នាំ១៩៣៥ ការបញ្ចេញពន្លឺបានធ្វើឲ្យយល់ឃើញថា ពួកហ្វូងធំដែលបានថ្លែងមកនៅវិវរណៈ ៧:៩-១៧ មិនមែនជាក្រុមទីពីរនៅលើស្ថានសួគ៌ទេ។ ពួកគេបានជឿពីមុនមកថា ពួកអ្នកដែលបានថ្លែងនៅក្នុងខទាំងនោះ គឺជាពួកចាក់ប្រេងតាំងខ្លះៗដែលមិនមានចិត្តស្មោះត្រង់ពេញលេញ ដូច្នេះហើយបានជាពួកគេឈរពីមុខបល្ល័ង្កប៉ុណ្ណោះ ជាជាងអង្គុយលើបល្ល័ង្កសោយរាជ្យជាស្តេចនិងសង្ឃជាមួយព្រះយេស៊ូគ្រីស្ទ។ ប៉ុន្តែចំពោះគំនិតថាមានចិត្តស្មោះត្រង់សើៗនោះ គឺមិនដែលមានទេ។ បុគ្គលម្នាក់មានចិត្តស្មោះត្រង់ឬក៏អត់មាន។ ដូច្នេះពួកគេបានយល់ឃើញថាទំនាយនេះ បានសំដៅទៅពួកហ្វូងធំដែលមិនអាចរាប់បាន ដែលមកពីគ្រប់ទាំងសាសន៍ដែលកំពុងតែប្រមូលគ្នាមក ហើយមានសេចក្ដីសង្ឃឹមរស់នៅលើផែនដី។ ពួកគេជា«ចៀម»នៃម៉ាថាយ ២៥:៣១-៤៦ ហើយជា«ពួកចៀមឯទៀត»នៃយ៉ូហាន ១០:១៦។
ឈើឆ្កាង—មិនមែនជាសញ្ញាគ្រីស្ទានទេ
១៩, ២០. ហេតុអ្វីក៏ឈើឆ្កាងមិនអាចជាសញ្ញានៃសាសនាគ្រីស្ទានពិតនោះ?
១៩ ជាច្រើនឆ្នាំពួកសិស្សព្រះគម្ពីរបានធ្វើឈើឆ្កាងជាសញ្ញានៃសាសនាគ្រីស្ទាន។ ពួកគេព្រមទាំងមាន«ឈើឆ្កាង-និង-មកុដ»ខ្ទាស់គ្នាផង។ យោងទៅតាមសេចក្ដីបកប្រែព្រះគម្ពីរឃីងជេម្សព្រះយេស៊ូបានមានបន្ទូលសួរពួកអ្នកកាន់តាមទ្រង់ឲ្យយក«ឈើឆ្កាង»របស់គេ ហើយមនុស្សជាច្រើនក៏បានជឿថា ទ្រង់ត្រូវបានគេប្រហារជីវិតនៅលើឈើឆ្កាង។ (ម៉ាថាយ ១៦:២៤; ២៧:៣២) ជាច្រើនទសវត្សមក សញ្ញានេះក៏បានមាននៅលើក្របទស្សនាវដ្ដីប៉មយាមដែរ។
២០ សៀវភៅដែលមានចំណងជើង ភោគទ្រព្យ ដែលបានបោះពុម្ពដោយសមាគមក្នុង១៩៣៦ បានធ្វើឲ្យយល់ឃើញយ៉ាងច្បាស់ថា ព្រះយេស៊ូគ្រីស្ទត្រូវបានគេប្រហារជីវិត មិនមែននៅលើឈើឆ្កាងទេ ប៉ុន្តែនៅលើបង្គោលឈើវិញ។ ថ្វីបើសេចក្ដីបកប្រែព្រះគម្ពីរឃីងជេម្សបានឲ្យអត្ថន័យ«ឈើឆ្កាង»ក្ដី យោងទៅតាមប្រភពមួយ ពាក្យភាសាក្រិក (ស្ទរ៉ុស)«ជាសញ្ញាសំដៅទៅបង្គោលឈើ។ [វា]អាចធ្វើឲ្យដឹងនូវលក្ខណៈប្លែកគ្នាពីភាពខាងសាសនានៃឈើឆ្កាងដែលចាំងជាពីរ។ . . . ឈើទីពីរបានចាប់កំណើតពីប្រទេសខាល់ដេពីបុរាណ ហើយបានប្រើជាសញ្ញានៃព្រះថាមូស»។ យើងត្រូវតែមានទស្សនៈថា បង្គោលឈើដែលព្រះយេស៊ូបានភ្ជួរនេះជាអ្វីមួយដ៏គួរឲ្យស្អប់ខ្ពើម មិនមែនសំរាប់ប្រើក្នុងការថ្វាយបង្គំនោះទេ។
២១. តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទជាបន្ទាប់?
២១ នៅមានឧទាហរណ៍ថែមទៀតអំពីការបញ្ចេញពន្លឺ។ ពន្លឺខ្លះជាពន្លឺធំហើយខ្លះទៀតជាពន្លឺតូច។ ចំពោះការពិភាក្សាទាំងនេះ សូមមើលអត្ថបទជាបន្ទាប់។
[កំណត់សម្គាល់]
a បោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិតប័ណ្ណនៃរដ្ឋញូវយ៉ក។
b ក្រោយមក ត្រូវបានយល់ឃើញយ៉ាងច្បាស់ថា បើសិនជាកំណើតដ៏សំខាន់ជាងគេនោះមិនអាចធ្វើបុណ្យបាន យើងមិនគួរធ្វើបុណ្យកំណើតណាមួយឡើយ។ ម្យ៉ាងទៀតពួកអ៊ីស្រាអែល ឬពួកគ្រីស្ទាននៅសម័យដើមមិនដែលធ្វើបុណ្យកំណើតទេ។ ព្រះគម្ពីរបានចែងប្រាប់នូវបុណ្យកំណើតតែពីរប៉ុណ្ណោះ មួយគឺស្តេចផារ៉ោន និងមួយទៀតគឺស្តេចហេរ៉ូឌ អាន់ទីប៉ាស។ ពិធីបុណ្យនិមួយៗបានធ្វើឲ្យសៅហ្មងដោយការប្រហារជីវិត។ ស្មរបន្ទាល់ព្រះយេហូវ៉ាមិនធ្វើបុណ្យកំណើតទេ ពីព្រោះការប្រព្រឹត្តទាំងនេះមានកំណើតមកពីពាហិរជន ហើយតែងតែលើកដំកើងអ្នកដែលគេធ្វើបុណ្យឲ្យនោះ។—លោកុប្បត្តិ ៤០:២០-២២; ម៉ាកុស ៦:២១-២៨
c កំហុសនេះបានធ្វើឡើងដោយពួកនិកាយពិភពគ្រីស្ទសាសនាមួយចំនួន។ ពួកលូហ្សឺរ៉ុងជាឈ្មោះក្រៅដែលពួកសត្រូវរបស់លោកម៉ាថិន លូហ្សឺបានដាក់ឈ្មោះឲ្យដល់អស់អ្នកដែលកាន់តាមគាត់ ដែលពួកគេចាប់ផ្ដើមប្រើឈ្មោះនោះទៅ។ ពួកបាទីស្ទក៏បានយកឈ្មោះក្រៅ ដែលពួកអ្នកផ្សេងទៀតបានឲ្យឈ្មោះគេ ពីព្រោះពួកគេផ្សាយពិធីជ្រមុជទឹកដោយការជ្រមុជ។ ពួកមិតសូឌិសក៏មានភាពស្រដៀងគ្នាដែរ ដែលបានប្រើឈ្មោះដែលពួកអ្នកមិនកាន់សាសនានោះបានដាក់ឲ្យ។ ចំពោះនូវរបៀបដែលសង្គមមិត្តបានគេហៅជាពួកខ្វេកឃឺ សព្វវចនាធិប្បាយសៀវភៅពិភពលោកចែងថា៖ «ពាក្យខ្វេកឃឺ ជាដើមដំបូងជាពាក្យប្រមាថដល់លោកហ្វក់ [អ្នកបង្កើតសាសនានេះ] ដែលបានប្រាប់ចៅក្រមអង់គ្លេសម្នាក់ឲ្យ‹ភ័យញ័រនឹងពាក្យនៃព្រះអម្ចាស់›។ ចៅក្រមក៏ហៅលោកហ្វក់ជាអ្នក‹ខ្វេកឃឺ›»។
តើអ្នកនៅចាំទេ?
◻ តើអ្នកណាជា«អ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃ» ហើយតើអ្នកជា«ពួកបំរើក្នុងផ្ទះ»?
◻ តើមានការបញ្ចេញពន្លឺដំបូងក្នុងសម័យថ្មីនេះអ្វីខ្លះ?
◻ ហេតុអ្វីក៏ឈ្មោះថ្មី ស្មរបន្ទាល់ព្រះយេហូវ៉ា ជាការត្រឹមត្រូវ?
◻ តើសេចក្ដីពិតដ៏សំខាន់ណាខ្លះ ដែលបានបញ្ចេញឲ្យដឹងនៅឆ្នាំ១៩៣៥?
[រូបភាពនៅទំព័រ២៥]
បងប្រុសរ៉ាសិលនិងគូកនរបស់គាត់បានចែកចាយពន្លឺខាងវិញ្ញាណ ប៉ុន្តែកិត្ដិយសទាំងអស់បានផ្ដល់ទៅឲ្យព្រះយេហូវ៉ា