ត្រូវគេបៀតបៀនតែមានសុភមង្គល
«អ្នករាល់គ្នាមានពរ[ឬ«សុភមង្គល», ខ.ស.] ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្ដីអាក្រក់ ពីអ្នករាល់គ្នា ដោយព្រោះខ្ញុំ»។—ម៉ាថាយ ៥:១១
១. ស្តីអំពីសុភមង្គលនិងការបៀតបៀន តើព្រះយេស៊ូបានបង្កើនទំនុកចិត្តរបស់អ្នកកាន់តាមទ្រង់យ៉ាងដូចម្ដេច?
លើកដំបូងដែលព្រះយេស៊ូចាត់សាវ័ករបស់ទ្រង់ឲ្យទៅប្រកាសអំពីព្រះរាជាណាចក្ររបស់ព្រះនោះ ទ្រង់បានព្រមានថា ពួកគេនឹងជួបប្រទះការប្រឆាំង។ ព្រះយេស៊ូមានបន្ទូលថា៖ «មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ»។ (ម៉ាថាយ ១០:៥-១៨, ២២) ក៏ប៉ុន្តែ មុនពេលនោះ កាលដែលព្រះយេស៊ូថ្លែងធម្មទាននៅលើភ្នំ ទ្រង់បានបង្កើនទំនុកចិត្តរបស់សាវ័កទ្រង់និងអ្នកឯទៀតថា ការប្រឆាំងមិនចាំបាច់បំផ្លាញនូវសុភមង្គលដែលមានក្នុងជំរៅចិត្តរបស់ពួកគេឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ព្រះយេស៊ូក៏បានបញ្ជាក់ថា គ្រីស្ទានអាចមានសុភមង្គលពេលដែលមនុស្សបៀតបៀនពួកគេ! តើការបៀតបៀនអាចធ្វើឲ្យមានសុភមង្គលយ៉ាងដូចម្ដេចបាន?
ការរងទុក្ខដោយព្រោះសេចក្ដីសុចរិត
២. យោងទៅតាមព្រះយេស៊ូនិងសាវ័កពេត្រុស តើការរងទុក្ខអាចធ្វើឲ្យមានសុភមង្គលនៅពេលណា?
២ ព្រះយេស៊ូរៀបរាប់នូវមូលហេតុទីប្រាំបីដែលអាចមានសុភមង្គលដោយមានបន្ទូលថា៖ ‹មានសុភមង្គលហើយ អស់អ្នកដែលត្រូវគេបៀតបៀន ដោយព្រោះសេចក្ដីសុចរិត ដ្បិតនគរស្ថានសួគ៌ជារបស់ផងអ្នកទាំងនោះ›។ (ម៉ាថាយ ៥:១០, កំណែជាអក្សរទ្រេត) គ្រាន់តែរងទុក្ខប៉ុណ្ណោះ មិនមែនគួរឲ្យសរសើរនោះទេ។ សាវ័កពេត្រុសបានសរសេរថា៖ «បើអ្នកទ្រាំឲ្យគេវាយដោយអំណត់ដោយព្រោះបានធ្វើបាប នោះតើនឹងមានសេចក្ដីប្រសើរអ្វី? តែបើអ្នកបានប្រព្រឹត្តល្អ ហើយទ្រាំឲ្យគេធ្វើទុក្ខដោយអត់ទ្រាំវិញ នោះទើបជាការដែលគាប់ព្រះហឫទ័យនៅចំពោះព្រះមែន»។ គាត់ក៏បានមានប្រសាសន៍តទៅទៀតថា៖ «កុំបីឲ្យអ្នករាល់គ្នាណាមួយរងទុក្ខទោស ដោយព្រោះសំឡាប់គេ ឬលួចគេ ឬធ្វើការអាក្រក់ ឬសៀតចូលក្នុងការរបស់អ្នកដទៃឡើយ។ តែបើរងទុក្ខ ដោយព្រោះជាពួកគ្រីស្ទានវិញ នោះកុំឲ្យខ្មាសឲ្យសោះ ចូរសរសើរដំកើងដល់ព្រះ ដោយព្រោះនាមនោះវិញ»។ (ពេត្រុសទី១ ២:២០; ៤:១៥, ១៦) យោងទៅតាមបន្ទូលរបស់ព្រះយេស៊ូ ការរងទុក្ខនឹងធ្វើឲ្យមានសុភមង្គល បើការរងទុក្ខនោះដោយព្រោះសេចក្ដីសុចរិត។
៣. (ក) តើការរងទុក្ខដោយព្រោះសេចក្ដីសុចរិតមានអត្ថន័យអ្វី? (ខ) តើការបៀតបៀនបានមានអានុភាពយ៉ាងណាទៅលើជនគ្រីស្ទាននៅសម័យដើម?
៣ ការធ្វើតាមព្រះហឫទ័យនិងបញ្ញត្ដិរបស់ព្រះគឺជាការបង្ហាញនូវសេចក្ដីសុចរិតដ៏ពិតប្រាកដ។ ដូច្នេះ ការរងទុក្ខដោយព្រោះសេចក្ដីសុចរិតមានន័យថា យើងរងទុក្ខដោយសារមិនព្រមបណ្ដោយខ្លួនតាមការបង្ខិតបង្ខំឲ្យធ្វើខុសនឹងខ្នាតតម្រាឬសេចក្ដីតម្រូវរបស់ព្រះ។ សាវ័កទាំងឡាយបានត្រូវបៀតបៀនដោយអ្នកដឹកនាំសាសនាយូដា ពីព្រោះពួកគេមិនព្រមឈប់ផ្សព្វផ្សាយដោយនូវព្រះនាមព្រះយេស៊ូ។ (កិច្ច-ការ ៤:១៨-២០; ៥:២៧-២៩, ៤០) តើនេះបានធ្វើឲ្យពួកគេបាត់បង់អំណរឬឈប់ផ្សព្វផ្សាយឬទេ? ប្រាកដជាមិនដូច្នេះទេ! «ពួកសាវកក៏ចេញពីពួកក្រុមជំនុំទៅ ដោយអរសប្បាយ ពីព្រោះព្រះបានរាប់ជាអ្នកគួរនឹងទ្រាំសេចក្ដីដំនៀល ដោយព្រោះព្រះនាមទ្រង់។ ហើយអ្នកទាំងនោះចេះតែបង្រៀន ព្រមទាំងប្រាប់ដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ នៅក្នុងព្រះវិហារ ហើយនៅអស់ទាំងផ្ទះរាល់តែថ្ងៃជានិច្ច»។ (កិច្ចការ ៥:៤១, ៤២) ការបៀតបៀននេះបានធ្វើឲ្យពួកគេមានអំណរ ថែមទាំងលើកទឹកចិត្តឲ្យខ្នះខ្នែងតទៅទៀតក្នុងកិច្ចផ្សព្វផ្សាយ។ ក្រោយមកទៀត ជនគ្រីស្ទានបានត្រូវបៀតបៀនដោយជនជាតិរ៉ូម ដោយសារពួកគេមិនព្រមថ្វាយបង្គំព្រះចៅអធិរាជ។
៤. តើគ្រីស្ទានទទួលការបៀតបៀនដោយសារមូលហេតុអ្វីខ្លះ?
៤ នៅសម័យនេះ ស្មរបន្ទាល់ព្រះយេហូវ៉ាបានត្រូវបៀតបៀនដោយព្រោះពួកគេមិនព្រមឈប់ផ្សាយ‹ដំណឹងល្អដែលសម្ដែងពីព្រះរាជាណាចក្រ›។ (ម៉ាថាយ ២៤:១៤) នៅពេលដែលត្រូវគេដាក់បំរាមមិនឲ្យប្រជុំគ្នានោះ ស្មរបន្ទាល់ព្រះយេហូវ៉ានៅតែប្រជុំគ្នាតាមបង្គាប់ក្នុងព្រះគម្ពីរដោយសុខចិត្តរងទុក្ខលំបាក។ (ហេព្រើរ ១០:២៤, ២៥) ពួកគេក៏ធ្លាប់ទទួលការបៀតបៀនដោយព្រោះកាន់ជំហរអព្យាក្រឹតឬដោយព្រោះមិនព្រមប្រើឈាម។ (យ៉ូហាន ១៧:១៤; កិច្ចការ ១៥:២៨, ២៩) យ៉ាងណាក៏ដោយ ការគាំទ្រខាងសេចក្ដីសុចរិត ធ្វើឲ្យរាស្ត្ររបស់ព្រះមានសេចក្ដីសុខសាន្តនិងសុភមង្គលយ៉ាងខ្លាំងក្នុងចិត្ត។—ពេត្រុសទី១ ៣:១៤
ត្រូវគេជេរប្រមាថមើលងាយដោយព្រោះព្រះគ្រីស្ទ
៥. ជាបឋម តើរាស្ត្ររបស់ព្រះយេហូវ៉ាសព្វថ្ងៃនេះទទួលការបៀតបៀនដោយព្រោះអ្វី?
៥ យោងទៅតាមបន្ទូលរបស់ព្រះយេស៊ូពេលដែលកំពុងតែធ្វើធម្មទានលើភ្នំ មូលហេតុទីប្រាំបួនដែលយើងអាចមានសុភមង្គលក៏ទាក់ទងនឹងការបៀតបៀនដែរ។ ទ្រង់មានបន្ទូលថា៖ ‹អ្នករាល់គ្នាមានសុភមង្គលហើយក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្ដីអាក្រក់ពីអ្នករាល់គ្នា ដោយព្រោះខ្ញុំ›។ (ម៉ាថាយ ៥:១១, កំណែជាអក្សរទ្រេត) មូលហេតុចំបងដែលរាស្ត្ររបស់ព្រះយេហូវ៉ាបានត្រូវបៀតបៀន គឺពីព្រោះពួកគេមិនមែនជារបស់ផងលោកីយ៍ដ៏អាក្រក់នេះ។ ព្រះយេស៊ូធ្លាប់មានបន្ទូលប្រាប់សិស្សរបស់ទ្រង់ថា៖ «បើអ្នករាល់គ្នាជារបស់ផងលោកីយ នោះលោកីយនឹងស្រឡាញ់អ្នករាល់គ្នា។ តែដោយព្រោះខ្ញុំបានរើសចេញពីលោកីយមក ហើយអ្នករាល់គ្នាមិនមែនជារបស់ផងលោកីយទៀត នោះបានជាលោកីយស្អប់អ្នករាល់គ្នាវិញ»។ (យ៉ូហាន ១៥:១៩) ស្រដៀងគ្នាដែរ សាវ័កពេត្រុសបានមានប្រសាសន៍ថា៖ «គេក៏ឆ្ងល់ ដែលអ្នករាល់គ្នាមិនរត់ទៅតាមសេចក្ដីខូចអាក្រក់ដ៏ហូរហៀរជាមួយនឹងគេដែរ បានជាគេប្រមាថដល់អ្នករាល់គ្នា»។—ពេត្រុសទី១ ៤:៤
៦. (ក) ហេតុអ្វីបានជាមនុស្សបៀតបៀននិងជេរប្រមាថមើលងាយអ្នកសំណល់និងគូកនរបស់ពួកគេ? (ខ) តើការប្រមាថមើលងាយនេះបំផ្លាញនូវសុភមង្គលរបស់យើងទេ?
៦ យើងបានរៀនហើយថា គ្រីស្ទាននៅសម័យដើមធ្លាប់មានគេបៀតបៀនដោយសារពួកគេមិនព្រមឈប់ផ្សព្វផ្សាយដោយនូវព្រះនាមព្រះយេស៊ូ។ ព្រះគ្រីស្ទបានបង្គាប់សិស្សរបស់ទ្រង់ថា៖ ‹អ្នករាល់គ្នានឹងធ្វើជាទីបន្ទាល់ពីខ្ញុំរហូតដល់ចុងផែនដីបំផុតផង›។ (កិច្ចការ ១:៨) អ្នកសំណល់ស្មោះភក្ដីនៃបងប្អូនចាក់ប្រេងតាំងរបស់ព្រះគ្រីស្ទបានខ្នះខ្នែងធ្វើតាមបង្គាប់នេះ ដោយមានជំនួយពីគូកនជា«មនុស្ស១ហ្វូងយ៉ាងធំ»។ (វិវរណៈ ៧:៩) ហេតុនេះហើយ សាតាំងច្បាំង«នឹងសំណល់ពូជនាងទាំងប៉ុន្មាន[ជាពូជរបស់«ស្ត្រី»ដែលជាផ្នែកនៃអង្គការព្រះយេហូវ៉ាដែលនៅស្ថានសួគ៌] ជាពួកអ្នកដែលកាន់តាមបញ្ញត្តព្រះ ហើយមានសេចក្ដីបន្ទាល់ពីព្រះយេស៊ូវ»។ (វិវរណៈ ១២:៩, ១៧) ក្នុងនាមជាស្មរបន្ទាល់ព្រះយេហូវ៉ា យើងធ្វើបន្ទាល់ពីព្រះយេស៊ូ ដែលកំពុងតែសោយរាជជាស្តេចនៃរាជរដ្ឋាភិបាលរបស់ព្រះ។ រដ្ឋាភិបាលនោះឯងនឹងបំផ្លាញរដ្ឋាភិបាលរបស់មនុស្សដែលប្រឆាំងនឹងពិភពលោកថ្មីដ៏សុចរិតរបស់ព្រះ។ (ដានីយ៉ែល ២:៤៤; ពេត្រុសទី២ ៣:១៣) គឺហេតុនេះហើយដែលយើងត្រូវគេបៀតបៀននិងជេរប្រមាថមើលងាយ ប៉ុន្តែយើងមានសុភមង្គលដ្បិតយើងរងទុក្ខដោយព្រោះព្រះនាមព្រះគ្រីស្ទ។—ពេត្រុសទី១ ៤:១៤
៧, ៨. តើអ្នកប្រឆាំងធ្លាប់ភូតកុហកយ៉ាងណាអំពីគ្រីស្ទាននៅសម័យដើម?
៧ ព្រះយេស៊ូមានបន្ទូលថា អ្នកកាន់តាមទ្រង់គួរមានសុភមង្គលពេលដែលមនុស្ស«និយាយបង្ខុសគ្រប់ទាំងសេចក្ដីអាក្រក់»អំពីពួកគេដោយព្រោះទ្រង់។ (ម៉ាថាយ ៥:១១, កំណែជាអក្សរទ្រេត) នេះបានកើតឡើងយ៉ាងពិតប្រាកដចំពោះគ្រីស្ទាននៅសម័យដើម។ នៅពេលដែលសាវ័កប៉ុលត្រូវគេឃុំនៅទីក្រុងរ៉ូមនៅឆ្នាំប្រមាណ៥៩-៦១ ស.យ.នោះ អ្នកដឹកនាំសាសនាយូដាបាននិយាយអំពីបណ្ដាគ្រីស្ទានថា៖ «នៅគ្រប់ទីកន្លែង គេតែងតែនិយាយអាក្រក់ពីពួកអ្នកកាន់សាសនានេះណាស់»។ (កិច្ចការ ២៨:២២) ប៉ុលនិងស៊ីឡាសបានត្រូវគេចោទថាជា«ពួកដែលនាំឲ្យក្រឡាប់ផែនដី» ដោយ«ប្រព្រឹត្តសុទ្ធតែខុសនឹងបញ្ញត្តរបស់សេសារ»។—កិច្ចការ ១៧:៦, ៧
៨ លោកកេណិត ស្កត ឡាទូរេត ប្រវត្ដិវិទូមួយរូបធ្លាប់មានប្រសាសន៍អំពីគ្រីស្ទាននៅសម័យចក្រភពរ៉ូមថា៖ «មានការចោទប្រកាន់ជាច្រើន ដោយព្រោះពួកគ្រីស្ទានមិនចូលរួមក្នុងពិធីសាសនារបស់សាសនាផ្សេងទៀត មនុស្សបានចោទប្រកាន់ថាពួកគ្រីស្ទានមិនជឿថាមានព្រះទេ។ ពួកគ្រីស្ទានក៏មិនចូលរួមក្នុងសកម្មភាពផ្សេងៗក្នុងសហគមន៍ដែរ ដូចជាពិធីបុណ្យនិងកម្មវិធីកំសាន្តផ្សេងៗ . . . ដោយហេតុនេះត្រូវគេចោទប្រកាន់ថាជាអ្នកស្អប់មនុស្សជាតិ។ . . . ធ្លាប់មានគេចោទប្រកាន់ថាបុរសនិងស្ត្រីគ្រីស្ទានជួបជុំគ្នាពេលយប់ . . . ហើយរួមភេទឥតរើសមុខ។ . . . ដោយសារពួកគ្រីស្ទានធ្វើ[បុណ្យរំឭកការសោយទិវង្គតរបស់ព្រះគ្រីស្ទ]ជាមួយតែអ្នកជឿគ្នីគ្នា នេះបាននាំឲ្យមនុស្សជឿតាមពាក្យចចាមអារ៉ាមថា គ្រីស្ទានមានទម្លាប់សម្លាប់បូជាទារកហើយស៊ីសាច់ហុតឈាមវា»។ ម្យ៉ាងទៀត ដោយសារគ្រីស្ទាននៅសម័យដើមមិនព្រមថ្វាយបង្គំព្រះចៅអធិរាជ ពួកគេធ្លាប់ត្រូវចោទប្រកាន់ជាសត្រូវរដ្ឋាភិបាល។
៩. តើគ្រីស្ទាននៅសតវត្សរ៍ទីមួយបានប្រព្រឹត្តយ៉ាងណាពេលដែលមានការចោទប្រកាន់មិនពិតទៅលើពួកគេ? តើមានស្ថានភាពយ៉ាងណាសព្វថ្ងៃនេះ?
៩ ការចោទប្រកាន់ដោយមិនពិតដូច្នោះមិនបានធ្វើឲ្យគ្រីស្ទានឈប់ធ្វើតាមបង្គាប់ឲ្យផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះនោះទេ។ នៅឆ្នាំ៦០-៦១ ស.យ. ប៉ុលបាននិយាយអំពី«ដំណឹងល្អ»ថា«កំពុងតែបង្កើតផល ហើយចំរើនឡើង»ទូទាំងពិភពលោកនិង«បានផ្សាយ ទៅដល់គ្រប់ទាំងមនុស្ស ដែលកើតក្រោមមេឃផង»។ (កូល៉ុស ១:៥, ៦, ២៣) សព្វថ្ងៃនេះគឺដូចគ្នាដែរ។ ស្មរបន្ទាល់ព្រះយេហូវ៉ាត្រូវគេចោទប្រកាន់ដោយមិនពិត ដូចគ្រីស្ទាននៅសតវត្សរ៍ទីមួយនោះ។ យ៉ាងណាក៏ដោយ កិច្ចការផ្សព្វផ្សាយសារព្រះរាជាណាចក្រនៅតែរីកចំរើនព្រមទាំងធ្វើឲ្យអ្នកដែលចូលរួមកិច្ចការនោះមានសុភមង្គលយ៉ាងខ្លាំង។
មានសុភមង្គលដោយសារទទួលការបៀតបៀន ដូចពួកព្យាការីពីបុរាណ
១០, ១១. (ក) តើព្រះយេស៊ូបានបញ្ចប់ការពន្យល់នូវមូលហេតុទីប្រាំបួនយ៉ាងណា? (ខ) ហេតុអ្វីបានជាពួកព្យាការីមានការបៀតបៀន? សូមឲ្យឧទាហរណ៍។
១០ ក្រោយដែលព្រះយេស៊ូបញ្ជាក់នូវមូលហេតុទីប្រាំបួនដែលយើងអាចមានសុភមង្គល ទ្រង់បញ្ចប់ដោយមានបន្ទូលថា៖ «ចូរមានចិត្តអំណរ . . . ពីព្រោះគេក៏បានធ្វើទុក្ខដល់ពួកហោរា[ឬ«ព្យាការី», ខ.ស.]ដែលនៅមុនអ្នករាល់គ្នាបែបដូច្នោះដែរ»។ (ម៉ាថាយ ៥:១២, កំណែជាអក្សរទ្រេត) ប្រជាជនមិនត្រឹមតែមិនទទួលស្វាគមន៍ប៉ុណ្ណោះទេក៏បានបៀតបៀនជាញឹកញយនូវបណ្ដាព្យាការីដែលព្រះយេហូវ៉ាចាត់ទៅព្រមានប្រជាជនអ៊ីស្រាអែលដ៏មិនស្មោះត្រង់នោះ។ (យេរេមា ៧:២៥, ២៦) សាវ័កប៉ុលបញ្ជាក់ហេតុការណ៍នេះដោយសរសេរថា៖ «តើត្រូវឲ្យខ្ញុំនិយាយអ្វីទៀត? ដ្បិតគ្មានពេលវេលានឹងថ្លែងប្រាប់រឿងពី . . . ពួកហោរា . . . ដែលដោយសារសេចក្ដីជំនឿ . . . ត្រូវសេចក្ដីល្បង ដោយមានគេចំអកឲ្យ ទាំងវាយនឹងរំពាត់ ក៏ទ្រាំទាំងជាប់ចំណងនឹងជាប់គុកផង»។—ហេព្រើរ ១១:៣២-៣៨
១១ ក្នុងរជ្ជកាលរបស់ស្តេចទុច្ចរិតមួយអង្គនាមអ័ហាប និងព្រះអគ្គមហេសីយេសិបិលនោះ ព្យាការីជាច្រើនរបស់ព្រះយេហូវ៉ាបានត្រូវសម្លាប់ដោយដាវ។ (ពង្សាវតារក្សត្រទី១ ១៨:៤, ១៣; ១៩:១០) ព្យាការីយេរេមាត្រូវគេដាក់ខ្នោះ ហើយក្រោយមកទៀតត្រូវគេបោះទម្លាក់ទៅក្នុងអណ្ដូងមួយដែលមានសុទ្ធតែភក់។ (យេរេមា ២០:១, ២; ៣៨:៦) ព្យាការីដានីយ៉ែលបានត្រូវទម្លាក់ទៅក្នុងរូងសត្វសិង្ហ។ (ដានីយ៉ែល ៦:១៦, ១៧) ព្យាការីទាំងអស់នេះដែលរស់មុនសម័យពួកគ្រីស្ទាន ក៏បានត្រូវបៀតបៀនដោយព្រោះពួកគេគាំទ្រការថ្វាយបង្គំពិតរបស់ព្រះយេហូវ៉ាដែរ។ ព្យាការីជាច្រើនបានត្រូវបៀតបៀនដោយអ្នកដឹកនាំសាសនាយូដាដែរ។ ព្រះយេស៊ូធ្លាប់មានបន្ទូលហៅពួកអាចារ្យនិងពួកផារិស៊ីថាជា«កូនរបស់ពួកអ្នកដែលបានសំឡាប់ហោរាទាំងនោះ»។—ម៉ាថាយ ២៣:៣១
១២. ហេតុអ្វីយើងជាស្មរបន្ទាល់ព្រះយេហូវ៉ាចាត់ទុកការបៀតបៀនដូចពួកព្យាការីពីសម័យបុរាណជាឯកសិទ្ធិ?
១២ សព្វថ្ងៃនេះ យើងដែលជាស្មរបន្ទាល់ព្រះយេហូវ៉ាច្រើនតែទទួលការបៀតបៀនពីព្រោះយើងខ្នះខ្នែងផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះ។ ពួកសត្រូវរបស់យើងចោទប្រកាន់ថាយើង«បង្ខិតបង្ខំមនុស្សឲ្យដូរសាសនា» ប៉ុន្តែយើងដឹងថាអ្នកថ្វាយបង្គំព្រះយេហូវ៉ាដោយស្មោះត្រង់នៅសម័យបុរាណក៏ធ្លាប់មានគេរិះគន់ដូច្នេះដែរ។ (យេរេមា ១១:២១; ២០:៨, ១១) យើងចាត់ទុកនេះជាឯកសិទ្ធិមួយ គឺយើងអាចរងទុក្ខដោយព្រោះមូលហេតុដែលព្យាការីពីសម័យបុរាណធ្លាប់រងទុក្ខនោះដែរ។ យ៉ាកុបបានសរសេរថា៖ «បងប្អូនអើយ! ចូរយកតំរាប់តាមពួកព្យាការី ដែលបានរងទុក្ខលំបាក និង មានចិត្តអត់ធ្មត់ ហើយថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះអម្ចាស់។ យើងតែងតែសរសើរអស់អ្នកដែលចេះស៊ូទ្រាំថាជាអ្នកមានសុភមង្គល»។—យ៉ាកុប ៥:១០, ១១, ខ.ស.
មូលហេតុវិសេសដែលយើងអាចមានសុភមង្គល
១៣. (ក) ហេតុអ្វីបានជាការបៀតបៀនមិនធ្វើឲ្យយើងធ្លាក់ទឹកចិត្ត? (ខ) តើអ្វីជួយឲ្យយើងកាន់ជំហរមាំមួន? តើនេះជាភស្តុតាងដែលបញ្ជាក់អ្វី?
១៣ ជាជាងធ្លាក់ទឹកចិត្តពីព្រោះមានការបៀតបៀននោះ យើងទទួលការសម្រាលទុក្ខដោយសារយើងដឹងថា យើងកំពុងតែយកតម្រាប់តាមពួកព្យាការី បណ្ដាគ្រីស្ទាននៅសម័យដើម ហើយព្រះគ្រីស្ទយេស៊ូទៀតផង។ (ពេត្រុសទី១ ២:២១) យើងមានក្ដីពេញចិត្តយ៉ាងខ្លាំង ពេលដែលអានបទគម្ពីរដូចដែលសាវ័កពេត្រុសបានសរសេរថា៖ «ពួកស្ងួនភ្ងាអើយ! កុំឲ្យមានប្លែកក្នុងចិត្ត ដោយភ្លើងដ៏ក្ដៅក្រហាយ ដែលកំពុងតែល្បងអ្នករាល់គ្នា ទុកដូចជាកើតមានសេចក្ដីចំឡែកនោះឡើយ។ បើសិនជាគេតិះដៀលអ្នករាល់គ្នា ដោយព្រោះព្រះគ្រីស្ទ នោះមានពរ[ឬ«សុភមង្គល», ខ.ស.]ហើយ ពីព្រោះព្រះវិញ្ញាណដ៏មានសិរីល្អ គឺជាព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតលើអ្នករាល់គ្នាហើយ»។ (ពេត្រុសទី១ ៤:១២, ១៤) យើងដឹងដោយបទពិសោធន៍ថា យើងអាចកាន់ជំហរឲ្យមាំមួននៅចំពោះមុខការបៀតបៀន ដោយសារតែវិញ្ញាណរបស់ព្រះយេហូវ៉ាសណ្ឋិតលើយើងហើយពង្រឹងកម្លាំងរបស់យើង។ ការគាំទ្រពីវិញ្ញាណបរិសុទ្ធជាភស្តុតាងបញ្ជាក់ថា យើងមានព្រះពរពីព្រះយេហូវ៉ា ហើយនេះធ្វើឲ្យយើងមានសុភមង្គលយ៉ាងខ្លាំង។—ទំនុកដំកើង ៥:១២; ភីលីព ១:២៧-២៩
១៤. តើមានមូលហេតុអ្វីខ្លះដែលយើងអាចអរសប្បាយពេលដែលត្រូវគេបៀតបៀនដោយព្រោះសេចក្ដីសុចរិតនោះ?
១៤ មូលហេតុមួយទៀតដែលការប្រឆាំងនិងការបៀតបៀនដោយព្រោះសេចក្ដីសុចរិតធ្វើឲ្យយើងសប្បាយគឺនោះបញ្ជាក់ថា យើងជាគ្រីស្ទានពិតដែលកំពុងតែរស់ដោយគោរពប្រតិបត្ដិដល់ព្រះ។ សាវ័កប៉ុលបានសរសេរថា៖ «អស់អ្នកណាដែលចង់រស់ ដោយគោរពប្រតិបត្ដិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវមានសេចក្ដីបៀតបៀនដែរ»។ (ធីម៉ូថេទី២ ៣:១២) យើងមានសុភមង្គលជាខ្លាំងបំផុត ដោយដឹងថា ពេលដែលយើងរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍នៅចំពោះមុខការល្បងល នោះផ្ដល់ចម្លើយចំពោះការចោទប្រកាន់របស់សាតាំងដែលថា បុគ្គលទាំងឡាយបំរើព្រះយេហូវ៉ាដើម្បីតែប្រយោជន៍ខ្លួនទេ។ (យ៉ូប ១:៩-១១; ២:៣, ៤) យើងរីករាយដែលយើងអាចរួមចំណែក ទោះជាតិចក៏ដោយ ក្នុងការបង្ហាញភាពត្រឹមត្រូវនៃអធិបតេយ្យដ៏សុចរិតរបស់ព្រះយេហូវ៉ា។—សុភាសិត ២៧:១១
ចូររីករាយជាខ្លាំងដោយព្រោះរង្វាន់
១៥, ១៦. (ក) តើព្រះយេស៊ូបានផ្ដល់មូលហេតុអ្វីដែលអាចធ្វើឲ្យយើង«រីករាយជាខ្លាំង»? (ខ) តើមានរង្វាន់អ្វីនៅស្ថានសួគ៌សំរាប់គ្រីស្ទានចាក់ប្រេងតាំង? តើ«ចៀមឯទៀត»នឹងទទួលរង្វាន់អ្វី?
១៥ ព្រះយេស៊ូបានបន្ថែមមូលហេតុមួយទៀត ដែលយើងអាចមានអំណរពេលដែលត្រូវគេបង្កាច់បង្ខូចហើយបៀតបៀនដូចព្យាការីពីសម័យបុរាណនោះ។ ក្រោយរៀបរាប់មូលហេតុទីប្រាំបួនចប់ហើយ ព្រះយេស៊ូមានបន្ទូលថា៖ «[ចូរ]រីករាយជាខ្លាំងចុះ! ដ្បិតអ្នករាល់គ្នាមានរង្វាន់ជាធំនៅឯស្ថានសួគ៌»។ (ម៉ាថាយ ៥:១២, កំណែជាអក្សរទ្រេត) សាវ័កប៉ុលបានសរសេរថា៖ «ឈ្នួលរបស់អំពើបាប នោះជាសេចក្ដីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា»។ (រ៉ូម ៦:២៣) មែនហើយ «រង្វាន់ជាធំ»ជាជីវិត ហើយនោះមិនមែនជាឈ្នួលដែលយើងអាចសមទទួលនោះទេ តែជាអំណោយទានវិញ។ ព្រះយេស៊ូមានបន្ទូលថារង្វាន់នោះគឺ«នៅឯស្ថានសួគ៌»ដ្បិតនោះមកពីព្រះយេហូវ៉ា។
១៦ អ្នកចាក់ប្រេងតាំងទទួល«មកុដនៃជីវិត» គឺជីវិតអមតៈជាមួយនឹងព្រះគ្រីស្ទនៅស្ថានសួគ៌។ (យ៉ាកុប ១:១២, ១៧) «ចៀមឯទៀត» អ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដីរង់ចាំទទួលជីវិតជារៀងរហូតក្នុងសួនមនោរម្យនៅផែនដី។ (យ៉ូហាន ១០:១៦; វិវរណៈ ២១:៣-៥) សំរាប់ក្រុមទាំងពីរនេះ «រង្វាន់»មិនមែនជាឈ្នួលដែលសមនឹងទទួលនោះទេ។ ទាំងអ្នកចាក់ប្រេងតាំងទាំង«ចៀមឯទៀត»ទទួលរង្វាន់ដោយសារ«ព្រះគុណនៃព្រះដ៏លើសលប់»របស់ព្រះយេហូវ៉ា ដែលបានជំរុញសាវ័កប៉ុលឲ្យពោលថា៖ «អរព្រះគុណដល់ព្រះអង្គ ដោយព្រោះអំណោយទានទ្រង់ដ៏រកថ្លែងពុំបាន»។—កូរិនថូសទី២ ៩:១៤, ១៥
១៧. ហេតុអ្វីយើងអាចមានអំណរហើយ«រីករាយជាខ្លាំង»នៅពេលដែលមានការបៀតបៀន?
១៧ សាវ័កប៉ុលបានសរសេរទៅកាន់ជនគ្រីស្ទានដែលជិតទទួលទោសប្រហារជីវិតពីអធិរាជនីរ៉ូថា៖ «យើងនៅតែអួត[ឬ«អរសប្បាយ», ព.ថ.]ក្នុងកាលដែលមានទុក្ខលំបាកដែរ ដោយដឹងថា សេចក្ដីទុក្ខលំបាកបង្កើតឲ្យមានសេចក្ដីទ្រាំទ្រ[ឬ«នាំឲ្យចេះស៊ូទ្រាំ», ព.ថ.] សេចក្ដីទ្រាំទ្របង្កើតឲ្យមានសេចក្ដីស៊ាំថ្នឹក[ឬ«ធ្វើឲ្យព្រះសព្វព្រះហឫទ័យនឹងយើង», ព.ថ.] សេចក្ដីស៊ាំថ្នឹកបង្កើតឲ្យមានសេចក្ដីសង្ឃឹម ឯសេចក្ដីសង្ឃឹមក៏មិនដែលនាំឲ្យមានសេចក្ដីខ្មាសឡើយ[ឬ«ខកចិត្ត», ខ.ស.]»។ គាត់ក៏បាននិយាយទៀតថា៖ «ចូរអរសប្បាយ ដោយមានសង្ឃឹម។ ចូរអត់ធន់ក្នុងសេចក្ដីទុក្ខលំបាក»។ (រ៉ូម ៥:៣-៥; ១២:១២) មិនថាសេចក្ដីសង្ឃឹមរបស់យើងគឺជីវិតនៅស្ថានសួគ៌ឬនៅផែនដីក៏ដោយ រង្វាន់ដែលយើងទទួលដោយសារយើងរក្សាភាពស្មោះភក្ដីនៅចំពោះមុខការល្បងលគឺអស្ចារ្យលើសពីអ្វីដែលយើងសមទទួលឆ្ងាយណាស់។ យើងរកអ្វីមកពណ៌នាពុំបានឡើយអំពីអំណររបស់យើងដោយសារមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅក្រោមព្រះយេស៊ូគ្រីស្ទជាស្តេច ហើយដើម្បីបំរើនិងសរសើរព្រះយេហូវ៉ាជាព្រះវរបិតាដែលប្រកបដោយសេចក្ដីស្រឡាញ់។ យើងពិតជា«រីករាយជាខ្លាំង»។
១៨. ពេលដែលទីបញ្ចប់ឆ្ពោះមកកាន់តែជិត តើសាសន៍ទាំងឡាយនឹងធ្វើអ្វី? តើព្រះយេហូវ៉ានឹងធ្វើយ៉ាងណា?
១៨ នៅប្រទេសខ្លះ ស្មរបន្ទាល់ព្រះយេហូវ៉ាធ្លាប់ហើយនៅតែទទួលការបៀតបៀន។ ក្នុងទំនាយរបស់ព្រះយេស៊ូស្តីអំពីគ្រាចុងបញ្ចប់ ទ្រង់ព្រមានគ្រីស្ទានពិតថា៖ «គ្រប់ទាំងសាសន៍នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ»។ (ម៉ាថាយ ២៤:៩, កំណែជាអក្សរទ្រេត) ពេលដែលទីបញ្ចប់កាន់តែជិតមកដល់ សាតាំងនឹងនាំឲ្យសាសន៍ទាំងឡាយបង្ហាញនូវសេចក្ដីស្អប់ចំពោះរាស្ត្រព្រះយេហូវ៉ា។ (អេសេគាល ៣៨:១០-១២, ១៤-១៦) នេះជាសញ្ញាបញ្ជាក់ថា ពេលដែលព្រះយេហូវ៉ានឹងចាត់វិធានការបានមកដល់ហើយ។ «អញនឹងដំកើងខ្លួនអញ ហើយតាំងខ្លួនអញជាបរិសុទ្ធ ព្រមទាំងធ្វើឲ្យសាសន៍ជាច្រើន ស្គាល់អញចំពោះភ្នែកផង នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត»។ (អេសេគាល ៣៨:២៣) យ៉ាងនេះព្រះយេហូវ៉ានឹងលើកព្រះនាមទ្រង់ញែកឲ្យបានបរិសុទ្ធ ហើយរំដោះរាស្ត្រទ្រង់ឲ្យរួចពីការបៀតបៀន។ ហេតុនេះហើយ «អ្នកណាស៊ូទ្រាំនឹងទុក្ខលំបាក អ្នកនោះពិតជាមានសុភមង្គល»។—យ៉ាកុប ១:១២, ខ.ស.
១៩. ពេលដែលរង់ចាំ‹ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ា› តើយើងគួរធ្វើអ្វី?
១៩ កាលដែល‹ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ា›កាន់តែជិតដល់នោះ ចូរយើងអរសប្បាយឡើង ពីព្រោះយើង«បានរាប់ជាអ្នកគួរនឹងទ្រាំសេចក្ដីដំនៀល»ដោយព្រោះព្រះនាមព្រះយេស៊ូ។ (ពេត្រុសទី២ ៣:១០-១៣; កិច្ចការ ៥:៤១) ដូចគ្រីស្ទានពីសម័យដើម ចូរយើងបន្ត«បង្រៀន ព្រមទាំងប្រាប់ដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ»ហើយរាជរដ្ឋាភិបាលរបស់ទ្រង់ ពេលដែលយើងរង់ចាំទទួលរង្វាន់របស់យើងក្នុងពិភពលោកថ្មីដ៏សុចរិតរបស់ព្រះយេហូវ៉ា។—កិច្ចការ ៥:៤២; យ៉ាកុប ៥:១១
សំនួរសំរាប់រៀនសាឡើងវិញ
• តើការរងទុក្ខដោយព្រោះសេចក្ដីសុចរិតមានន័យដូចម្ដេច?
• តើការបៀតបៀនធ្លាប់មានអានុភាពយ៉ាងណាទៅលើគ្រីស្ទាននៅសម័យដើម?
• ហេតុអ្វីអាចនិយាយថាស្មរបន្ទាល់ព្រះយេហូវ៉ាត្រូវគេបៀតបៀនដូចពួកព្យាការីពីសម័យដើម?
• ហេតុអ្វីយើងអាច«រីករាយជាខ្លាំង»ពេលដែលត្រូវគេបៀតបៀន?
[រូបភាពនៅទំព័រ១៦, ១៧]
‹អ្នករាល់គ្នាមានសុភមង្គលហើយ ក្នុងកាលដែលគេជេរ បៀតបៀន›
[អ្នកផ្ដល់សិទ្ធិ]
Group in prison: Chicago Herald-American