តើពួកចៀមនិងពួកពពែមានអនាគតយ៉ាងណា?
«រួចគ្រប់ទាំងសាសន៍នឹងត្រូវប្រមូលគ្នា នៅចំពោះលោក ហើយលោកនឹងញែកគេចេញពីគ្នា ដូចជាអ្នកគង្វាល ដែលញែកចៀមចេញពីពពែដែរ»។—ម៉ាថាយ ២៥:៣២
១, ២. ហេតុអ្វីក៏រឿងប្រៀបប្រដូចនៃចៀមនិងពពែ ត្រូវតែជាការដ៏សំខាន់មួយចំពោះយើង?
ព្រះយេស៊ូគ្រីស្ទគឺពិតជាគ្រូដ៏ឧត្តមនៅលើផែនដីនេះ។ (យ៉ូហាន ៧:៤៦) វិធីបង្រៀនរបស់ទ្រង់មួយ គឺទ្រង់បានប្រើរឿងប្រៀបប្រដូចឬឧទាហរណនិទស្សន៍។ (ម៉ាថាយ ១៣:៣៤, ៣៥) រឿងប្រៀបប្រដូចទាំងនេះគឺស្រួលយល់ណាស់ តែមានឥទ្ធិពលយ៉ាងខ្លាំង ក្នុងការបង្ហាញឲ្យឃើញនូវសេចក្ដីពិតខាងវិញ្ញាណនិងខាងទំនាយដ៏ជ្រៅៗ។
២ នៅក្នុងរឿងប្រៀបប្រដូចនៃចៀមនិងពពែ ព្រះយេស៊ូបានចង្អុលប្រាប់ទៅពេលវេលាមួយ ដែលទ្រង់នឹងប្រព្រឹត្តក្នុងសមត្ថភាពដ៏ពិសេស៖ «កាលណាកូនមនុស្សនឹងមក ក្នុងសិរីល្អរបស់លោក មានទាំង . . . »។ (ម៉ាថាយ ២៥:៣១) យើងត្រូវតែយកចិត្តទុកដាក់នឹងរឿងនេះ ពីព្រោះនេះជារឿងប្រៀបប្រដូចដែលព្រះយេស៊ូបានបញ្ចប់ការតបឆ្លើយនឹងសំនួរដែលថា៖ «តើមានទីសម្គាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប»? (ម៉ាថាយ ២៤:៣) ប៉ុន្តែ តើនេះមានន័យយ៉ាងណាដែរចំពោះយើង?
៣. នៅដើមនៃសេចក្ដីថ្លែងរបស់ទ្រង់ តើព្រះយេស៊ូបានមានបន្ទូលយ៉ាងណា អំពីអ្វីដែលនឹងកើតឡើងក្រោយពីសេចក្ដីវេទនាជាខ្លាំងចាប់ផ្ដើមនោះ?
៣ ព្រះយេស៊ូបានទាយអំពីព្រឹត្ដិការណ៍ដែលនឹងកើតឡើង «ក្រោយពី»ការផ្ទុះនៃសេចក្ដីវេទនាជាខ្លាំង ដែលយើងកំពុងតែរង់ចាំ។ ទ្រង់បានមានបន្ទូលថា រួចមកការ«សម្គាល់នៃកូនមនុស្ស»នឹងលេចឡើង។ នេះនឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើ«កុលសម្ព័ន្ធនៃផែនដី» ដែល«នឹងឃើញកូនមនុស្ស មកលើពពកនៅលើមេឃ មានទាំងព្រះចេស្ដា នឹងសិរីល្អជាខ្លាំង»។ កូនមនុស្សនឹងមាន«ពួកទេវតារបស់លោក»មកជាមួយ។ (ម៉ាថាយ ២៤:២១, ២៩-៣១)a ចុះយ៉ាងណាវិញ ចំពោះរឿងប្រៀបប្រដូចនៃចៀមនិងពពែនោះ? ព្រះគម្ពីរសម័យថ្មីនេះ បានចែងរឿងនេះនៅក្នុងជំពូក ២៥ ប៉ុន្តែនេះជាផ្នែកខ្លះៗនៃការតបឆ្លើយរបស់ព្រះយេស៊ូ ដោយផ្ដល់នូវការរៀបរាប់ថែមទៀតអំពីការយាងមកវិញក្នុងសិរីល្អរបស់ទ្រង់ ហើយសំដៅទៅលើការជំនុំជំរះនៃ«គ្រប់ទាំងសាសន៍»។—ម៉ាថាយ ២៥:៣២
ពួកបុគ្គលនៅក្នុងរឿងប្រៀបប្រដូចនេះ
៤. តើការថ្លែងអ្វីអំពីព្រះយេស៊ូ នៅដើមនៃរឿងប្រៀបប្រដូចនៃចៀមនិងពពែ ហើយតើបានរៀបរាប់អំពីពួកណាទៀត?
៤ ព្រះយេស៊ូចាប់ផ្ដើមរឿងប្រៀបប្រដូចនេះ ដោយមានបន្ទូលថា៖ «កាលណាកូនមនុស្សនឹងមក»។ អ្នកប្រហែលជាដឹងថា«កូនមនុស្ស»ជាអ្នកណាហើយ។ ពួកអ្នកសរសេរព្រះគម្ពីរដំណឹងល្អតែងតែសំដៅពាក្យនេះទៅចំពោះព្រះយេស៊ូ។ សូម្បីតែព្រះយេស៊ូអង្គទ្រង់ក៏បានធ្វើដូច្នេះដែរ ហើយទ្រង់ច្បាស់ជាដឹងអំពីចក្ខុនិមិត្តរបស់លោកដានីយ៉ែល អំពី«១អង្គដូចជាមនុស្សជាតិ» ដើរឆ្ពោះទៅព្រះដ៏មានព្រះជន្មពីបុរាណ ដើម្បីនឹងទទួល«អំណាចគ្រប់គ្រង នឹងសិរីល្អ ព្រមទាំងឲ្យមានរាជ្យផង»។ (ដានីយ៉ែល ៧:១៣, ១៤; ម៉ាថាយ ២៦:៦៣, ៦៤; ម៉ាកុស ១៤:៦១, ៦២) ថ្វីបើព្រះយេស៊ូជាបុគ្គលដ៏សំខាន់ក្នុងរឿងប្រៀបប្រដូចនេះក្ដី ប៉ុន្តែមិនមានទ្រង់តែមួយអង្គនោះទេ។ នៅដើមនៃការថ្លែងនេះ ដូចបានដកស្រង់មកពីម៉ាថាយ ២៤:៣០, ៣១ ទ្រង់បានមានបន្ទូលថា នៅពេលដែលកូនមនុស្សមក‹មានទាំងព្រះចេស្ដានិងសិរីល្អជាខ្លាំងនោះ› ពួកទេវតារបស់ទ្រង់ក៏មានមុខនាទីដ៏សំខាន់ដែរ។ យ៉ាងដូច្នេះដែរ ក្នុងរឿងប្រៀបប្រដូចនៃចៀមនិងពពែ បង្ហាញថា ពួកទេវតានៅជាមួយនឹងព្រះយេស៊ូ នៅពេលដែលទ្រង់‹គង់លើបល្ល័ង្កដ៏រុងរឿងរបស់ទ្រង់›ដើម្បីនឹងជំនុំជំរះ។ (ប្រៀបធៀប ម៉ាថាយ ១៦:២៧) ប៉ុន្តែ ចៅក្រមនិងពួកទេវតារបស់ទ្រង់គឺនៅលើស្ថានសួគ៌ តើពួកមនុស្សដែលបានពិគ្រោះនៅក្នុងរឿងប្រៀបប្រដូចនេះនៅទីនោះដែរឬ?
៥. តើតាមរបៀបណាដែលយើងអាចសម្គាល់«បងប្អូន»របស់ព្រះយេស៊ូបាននោះ?
៥ ការមើលរឿងប្រៀបប្រដូចនេះមួយភ្លែត សម្ដែងប្រាប់ថាមានក្រុមបីដែលយើងត្រូវតែសម្គាល់។ ក្រៅពីចៀមនិងពពែ កូនមនុស្សបានបន្ថែមនូវក្រុមទីបី ដែលអត្ថសញ្ញាណរបស់គេគឺមានសារៈសំខាន់ក្នុងការសម្គាល់ពួកចៀមនិងពួកពពែ។ ព្រះយេស៊ូហៅក្រុមទីបីនេះ ជាបងប្អូនខាងវិញ្ញាណរបស់ទ្រង់។ (ម៉ាថាយ ២៥:៤០, ៤៥) ពួកគេត្រូវតែជាអ្នកថ្វាយបង្គំដ៏ពិត ពីព្រោះព្រះយេស៊ូបានមានបន្ទូលថា៖ «អ្នកណា ដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតាខ្ញុំ . . . គឺអ្នកនោះហើយ ជាប្អូនប្រុសស្រី ហើយជាម្ដាយខ្ញុំវិញ»។ (ម៉ាថាយ ១២:៥០; យ៉ូហាន ២០:១៧) អ្វីដែលមានចំណុចចំៗទៀត គឺអ្វីដែលប៉ុលបានសរសេរអំពីជនគ្រីស្ទាន ដែលជាផ្នែកនៃ«ពូជរបស់លោកអ័ប្រាហាំ» ហើយដែលជាពួកកូនរបស់ព្រះ។ លោកបានហៅពួកទាំងនេះ ជា«បងប្អូន»របស់ព្រះយេស៊ូ ហើយ«មានចំណែកក្នុងការងារស្ថានសួគ៌»។—ហេព្រើរ ២:៩–៣:១; កាឡាទី ៣:២៦, ២៩
៦. តើអ្នកណាដែល«តូចជាងគេ»នៃបងប្អូនរបស់ព្រះយេស៊ូ?
៦ ហេតុអ្វីក៏ព្រះយេស៊ូបានរៀបរាប់អំពី«អ្នកតូចជាងគេ»នៃបងប្អូនរបស់ទ្រង់? ពាក្យទាំងនោះបញ្ចេញសាជាថ្មីនូវអ្វីដែលពួកសាវ័កបានឮទ្រង់មានបន្ទូលពីមុន។ នៅពេលប្រៀបធៀបយ៉ូហាន-បាទីស្ទ ដែលបានស្លាប់មុនព្រះយេស៊ូ ដែលមានសេចក្ដីសង្ឃឹមនៅលើផែនដីនោះ ទៅនឹងអស់អ្នកដែលនឹងទទួលជីវិតនៅលើស្ថានសួគ៌ ព្រះយេស៊ូបានមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងបណ្ដាមនុស្សដែលកើតពីស្ត្រីមក នោះគ្មានអ្នកណាបានធំជាងយ៉ូហាន-បាទីស្ទទេ ប៉ុន្តែអ្នកណាដែលតូចជាងគេក្នុងនគរស្ថានសួគ៌ នោះធំជាងគាត់ហើយ»។ (ម៉ាថាយ ១១:១១) ពួកខ្លះទៅស្ថានសួគ៌ប្រហែលជាអ្នកធំដុំនៅក្នុងក្រុមជំនុំ ដូចជាពួកសាវ័ក តែពួកអ្នកខ្លះទៀតគឺមិនធំដុំប៉ុន្មានទេ ប៉ុន្តែពួកគេទាំងអស់សុទ្ធតែជាបងប្អូនខាងវិញ្ញាណរបស់ព្រះយេស៊ូ។ (លូកា ១៦:១០; កូរិនថូសទី១ ១៥:៩; អេភេសូរ ៣:៨ ហេព្រើរ ៨:១១) ដូច្នេះ ថ្វីបើអ្នកខ្លះហាក់បីដូចជាមិនសំខាន់នៅលើផែនដីក្ដី ពួកគេជាបងប្អូនរបស់ទ្រង់ ហើយត្រូវប្រព្រឹត្តនឹងពួកអ្នកទាំងនេះដោយសមស្របដែរ។
តើពួកអ្នកណាជាចៀមនិងពពែនោះ?
៧, ៨. តើព្រះយេស៊ូបានមានបន្ទូលយ៉ាងណាអំពីចៀម ដូច្នេះតើយើងអាចសន្និដ្ឋានយ៉ាងណាអំពីពួកគេ?
៧ យើងអានអំពីការជំនុំជំរះនៃពួកចៀមថា៖ «នោះ[ព្រះយេស៊ូ]ដ៏ជាស្តេច នឹងមានបន្ទូលទៅពួកអ្នកដែលនៅខាងស្ដាំថា ‹ឱពួកអ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ ចូរមកទទួលមរដកចុះ គឺជានគរដែលបានរៀបចំទុកសំរាប់អ្នករាល់គ្នា តាំងពីកំណើតលោកីយមក ពីព្រោះយើងបានឃ្លាន ហើយអ្នករាល់គ្នាបានឲ្យបរិភោគ យើងបានស្រេក ហើយអ្នករាល់គ្នាបានឲ្យផឹក យើងជាអ្នកដទៃ ហើយអ្នករាល់គ្នាបានទទួលយើង យើងនៅអាក្រាត ហើយអ្នករាល់គ្នាបានស្លៀកពាក់ឲ្យយើង យើងបានឈឺ ហើយអ្នករាល់គ្នាបានមកសួរយើង ក៏ជាប់គុក ហើយអ្នករាល់គ្នាបានមកឯយើង នោះពួកមនុស្សសុចរិតនឹងទូលសួរទ្រង់ថា ‹ព្រះអម្ចាស់អើយ តើយើងខ្ញុំបានឃើញទ្រង់ស្រេកឃ្លាន ហើយបានថ្វាយទ្រង់សោយពីកាលណា តើយើងខ្ញុំបានឃើញទ្រង់ជាអ្នកដទៃ ហើយបានទទួលទ្រង់ពីកាលណា ឬទ្រង់អាក្រាត ហើយបានបំពាក់ថ្វាយទ្រង់ពីកាលណា តើយើងខ្ញុំបានឃើញទ្រង់ឈឺ ឬជាប់គុក ហើយបានមកឯទ្រង់ពីកាលណា នោះស្តេចនឹងឆ្លើយទៅគេថា ‹យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ›»។—ម៉ាថាយ ២៥:៣៤-៤០
៨ យ៉ាងច្បាស់ណាស់ ពួកចៀមដែលបានជំនុំជំរះសមនឹងនៅខាងស្ដាំដៃនៃកិត្ដិយសនិងព្រះគុណនោះ គឺតំណាងមនុស្សមួយក្រុម។ (អេភេសូរ ១:២០; ហេព្រើរ ១:៣) តើពួកគេធ្វើអ្វី ហើយនៅពេលណា? ព្រះយេស៊ូមានបន្ទូលថា ពួកគេមានចិត្តសប្បុរស គួរឲ្យគោរព ហើយបានឲ្យម្ហូបអាហារ ទឹក និងសំលៀកបំពាក់យ៉ាងបរិបូរ ដើម្បីនឹងជួយទ្រង់នៅពេលដែលទ្រង់បានឈឺឬនៅក្នុងគុក។ នៅពេលដែលពួកចៀមមានប្រសាសន៍ថា ពួកគេមិនបានធ្វើដូចនេះដល់ព្រះយេស៊ូដោយផ្ទាល់ខ្លួននោះ ទ្រង់ចង្អុលប្រាប់ថា ពួកគេបានគាំទ្រដល់បងប្អូនខាងវិញ្ញាណរបស់ទ្រង់ ពួកអ្នកសំណល់នៃជនគ្រីស្ទានចាក់ប្រេងតាំង ដូច្នេះគឺហាក់បីដូចជាធ្វើដល់ទ្រង់តែម្ដង។
៩. ហេតុអ្វីក៏រឿងប្រៀបប្រដូចនេះមិនទាក់ទងក្នុងកំឡុងសហស្សវត្សបាន?
៩ រឿងប្រៀបប្រដូចនេះមិនទាក់ទងក្នុងកំឡុងនៃសហស្សវត្សនោះទេ ពីព្រោះពួកចាក់ប្រេងតាំងនៅពេលនោះ គឺមិនមែនជាមនុស្សដែលរងទុក្ខការអត់ឃ្លាន ជម្ងឺ ឬជាប់គុកឡើយ។ ពួកចាក់ប្រេងតាំងជាច្រើនបានពិសោធការបៀតបៀនដូចនេះមែន នៅក្នុងកំឡុងវេលាចុងបញ្ចប់នៃរបបលោកីយ៍នេះ។ តាំងពីសាតាំងបានទំលាក់មកលើផែនដីនេះ វាបានចាត់ទុកពួកអ្នកសំណល់ជាអ្វីនៃកំហឹងរបស់វា ដោយនាំឲ្យមានការសើចចំអក ទណ្ឌកម្ម និងសេចក្ដីស្លាប់។—វិវរណៈ ១២:១៧
១០, ១១. (ក) ហេតុអ្វីក៏មិនសមហេតុផលក្នុងការគិតថា ពួកចៀមរួមបញ្ចូលមនុស្សគ្រប់គ្នាដែលធ្វើល្អដល់បងប្អូនរបស់ព្រះយេស៊ូនោះ? (ខ) តើពួកចៀមតំណាងអ្នកណាដោយសមហេតុផល?
១០ តើព្រះយេស៊ូមានបន្ទូលថា មនុស្សណាដែលបានប្រព្រឹត្តដ៏សប្បុរសយ៉ាងតិចតួចដល់ពួកបងប្អូនរបស់ទ្រង់ ដូចជាឲ្យនំប៉័ងមួយចំណិត ឬក៏ទឹកមួយកែវ មានសិទ្ធិនៅក្នុងចំណោមពួកចៀមឬ? ថ្វីបើការធ្វើគុណបែបនេះ ប្រហែលជាការសម្ដែងសេចក្ដីសប្បុរសពីមនុស្សក្ដី ប៉ុន្តែនេះហាក់បីដូចជាទាក់ទងច្រើនទៅទៀតនឹងពួកចៀមក្នុងរឿងប្រៀបប្រដូចនេះ។ ជាឧទាហរណ៍ ព្រះយេស៊ូមិនបានសំដៅទៅពួកមិនជឿព្រះឬបព្វជិត ដែលបានប្រព្រឹត្តការសប្បុរសដល់បងប្អូនមួយរបស់ទ្រង់នោះទេ។ ផ្ទុយទៅវិញ ព្រះយេស៊ូបានហៅចៀម«ពួកមនុស្សសុចរិត»។ (ម៉ាថាយ ២៥:៣៧, ៤៦) ដូច្នេះពួកចៀមត្រូវតែជាបុគ្គលណាដែលបានមកជួយក្នុងមួយរយៈដោយ—គាំទ្រយ៉ាងសកម្ម—ដល់ពួកបងប្អូនរបស់ព្រះគ្រីស្ទ ហើយបានប្រព្រឹត្តដោយជំនឿ រហូតដល់អាចទទួលឋានៈដ៏សុចរិតនៅពីមុខព្រះ។
១១ ជាច្រើនសតវត្សកន្លងមកនេះ មានមនុស្សជាច្រើន ដូចជាលោកអ័ប្រាហាំ បានមានឋានៈដ៏សុចរិត។ (យ៉ាកុប ២:២១-២៣) លោកណូអេ អ័ប្រាហាំ និងពួកស្មោះត្រង់ឯទៀតគឺរួមបញ្ចូលក្នុងចំណោមពួក«ចៀមឯទៀត» ដែលនឹងទទួលនូវជីវិតក្នុងសួនមនោរម្យនៅក្រោមព្រះរាជាណាចក្ររបស់ព្រះជាមរតក។ ក្នុងពេលថ្មីៗនេះ មនុស្សរាប់លាននាក់បានទទួលយកការថ្វាយបង្គំពិត ជាពួកចៀមឯទៀត ហើយបានក្លាយទៅជា«ហ្វូងមួយ» ជាមួយនឹងពួកអ្នករើសតាំង។ (យ៉ូហាន ១០:១៦; វិវរណៈ ៧:៩) ពួកទាំងនេះមានសេចក្ដីសង្ឃឹមនៅលើផែនដី ទទួលស្គាល់បងប្អូនរបស់ព្រះយេស៊ូ ជាឯកអគ្គរាជទូតនៃព្រះរាជាណាចក្រ ហើយដូច្នេះក៏បានជួយពួកគេ—តាមរបៀបពិតៗនិងខាងវិញ្ញាណ។ ព្រះយេស៊ូចាត់ទុកថា អ្វីៗដែលពួកចៀមឯទៀតធ្វើចំពោះបងប្អូនរបស់ទ្រង់នៅលើផែនដី ក៏ដូចជាបានធ្វើទៅលើទ្រង់ដែរ។ បុគ្គលបែបនេះដែលមានជីវិតរស់នៅ នៅពេលដែលទ្រង់មកជំនុំជំរះសាសន៍ទាំងឡាយនោះ នឹងត្រូវជំនុំជំរះជាពួកចៀម។
១២. ហេតុអ្វីក៏ពួកចៀមប្រហែលជាសួរនូវរបៀបណាដែលពួកគេបានប្រព្រឹត្តសេចក្ដីសប្បុរសទៅព្រះយេស៊ូនោះ?
១២ បើសិនជាចៀមឯទៀតកំពុងតែផ្សាយដំណឹងល្អជាមួយនឹងពួករើសតាំង ហើយជួយពួកគេនោះ ហេតុអ្វីក៏គេសួរថា៖ «ព្រះអម្ចាស់អើយ តើយើងខ្ញុំបានឃើញទ្រង់ស្រេកឃ្លាន ហើយបានថ្វាយទ្រង់សោយពីកាលណា»? (ម៉ាថាយ ២៥:៣៧) គឺប្រហែលជាមានមូលហេតុផ្សេងៗទៀត។ នេះគឺជារឿងប្រៀបប្រដូច។ តាមរយៈរឿងនេះ ព្រះយេស៊ូបង្ហាញនូវការយកព្រះទ័យទុកដាក់អំពីបងប្អូនខាងវិញ្ញាណរបស់ទ្រង់ ទ្រង់មានអារម្មណ៍ដូចគេ ហើយរងទុក្ខការបៀតបៀនដូចពួកគេដែរ។ នៅពីមុន ព្រះយេស៊ូបានមានបន្ទូលថា៖ «អ្នកណាដែលទទួលអ្នករាល់គ្នា នោះឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះក៏ឈ្មោះថាទទួលព្រះអង្គ ដែលចាត់ឲ្យខ្ញុំមកដែរ»។ (ម៉ាថាយ ១០:៤០) ក្នុងរឿងប្រៀបប្រដូចនេះ ព្រះយេស៊ូបង្ហាញឲ្យឃើញជាគោលការណ៍ថា អ្វីៗដែលបានធ្វើ (ល្អឬអាក្រក់) ដល់បងប្អូនរបស់ទ្រង់ គឺទៅដល់ស្ថានសួគ៌ដែរ នេះគឺហាក់បីដូចជាធ្វើដល់ទ្រង់នៅលើស្ថានសួគ៌អញ្ចឹង។ ម្យ៉ាងវិញទៀតនៅទីនេះ ព្រះយេស៊ូបង្ហាញអំពីបមាណីយរបស់ព្រះយេហូវ៉ាចំពោះការជំនុំជំរះ ដោយបញ្ជាក់យ៉ាងច្បាស់ថា ការជំនុំជំរះរបស់ព្រះ ទោះបីជាបានព្រះគុណឬជាប់ទោសក្ដី គឺជាការជំនុំជំរះដ៏ត្រឹមត្រូវហើយមានយុត្ដិធម៌។ ពួកពពែមិនអាចដោះសារថា ‹អូ៎! ដ្បិតយើងពុំបានឃើញទ្រង់ផ្ទាល់ភ្នែកផង›។
១៣. ហេតុអ្វីក៏ពួកដែលមានលក្ខណៈដូចពពែហៅព្រះយេស៊ូជា«ព្រះអម្ចាស់»?
១៣ ក្រោយពីយើងបានយល់ នៅពេលណាដែលការជំនុំជំរះដែលបានបង្ហាញនៅក្នុងរឿងប្រៀបប្រដូចនេះបានផ្ដើមនោះ យើងក៏អាចមើលឃើញច្បាស់អំពីអ្នកណាជាពួកពពែដែរ។ ការសម្រេចគឺនៅ«ក្រោយសេចក្ដីវេទនារបស់គ្រានោះមក ស្រាប់តែថ្ងៃនឹងទៅជាងងឹត ខែនឹងលែងភ្លឺ អស់ទាំងផ្កាយនឹងធ្លាក់ចុះពីលើមេឃ ហើយអស់ទាំងអំណាចនៅលើមេឃនឹងត្រូវកក្រើករំពើក នោះទីសំគាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ គ្រប់ទាំងពូជមនុស្សនៅផែនដី នឹង គក់ទ្រង់យំ ក៏នឹងឃើញកូនមនុស្ស . . . មានទាំងព្រះចេស្ដា នឹងសិរីល្អជាខ្លាំង»។ (ម៉ាថាយ ២៤:២៩, ៣០) ពួកអ្នករួចរស់ជីវិតពីសេចក្ដីវេទនានៅខាងបាប៊ីឡូនដ៏ធំ ដែលបានប្រព្រឹត្តនឹងបងប្អូនរបស់ស្តេចយ៉ាងស្អប់ខ្ពើមនោះ ប្រហែលជាឥឡូវនេះនិយាយទៅចៅក្រមជា«ព្រះអម្ចាស់» ដោយសង្ឃឹមថានេះនឹងសង្គ្រោះជីវិតរបស់គេ។—ម៉ាថាយ ៧:២២, ២៣; ប្រៀបធៀប វិវរណៈ ៦:១៥-១៧
១៤. តើព្រះយេស៊ូនឹងជំនុំជំរះពួកចៀមនឹងពពែទៅលើមូលដ្ឋានអ្វី?
១៤ ប៉ុន្តែ ការជំនុំជំរះរបស់ព្រះយេស៊ូគឺនឹងមិនមានមូលដ្ឋានលើការខំអះអាងពីពួកអ្នកដែលធ្លាប់ទៅព្រះវិហារ ពួកមិនជឿថាមានព្រះ ឬពីពួកអ្នកដទៃនោះទេ។ (ថែស្សាឡូនីចទី២ ១:៨) ផ្ទុយទៅវិញ ចៅក្រមនឹងពិនិត្យសាឡើងវិញនូវស្ថានភាពនៃចិត្ត ហើយនិងការប្រព្រឹត្តពីអតីតកាលរបស់មនុស្ស សូម្បីតែទៅដល់«បងប្អូនដ៏តូចបំផុត[របស់ទ្រង់]»។ យ៉ាងពិតហើយ ចំនួននៃពួកជនគ្រីស្ទានដែលនៅសល់លើផែនដី គឺកាន់តែតិចឡើងៗ។ ប៉ុន្តែ ឲ្យតែពួករើសតាំង ដែលជា«អ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃ» បន្តផ្ដល់នូវម្ហូបអាហារនិងការណែនាំនោះ ពួកមនុស្សដែលអាចទៅជាចៀម នឹងមានឱកាសធ្វើល្អដល់ក្រុមអ្នកបំរើ ដូចជា‹ពួកហ្វូងធំមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ›បានធ្វើ។—វិវរណៈ ៧:៩, ១៤
១៥. (ក) តើមនុស្សជាច្រើនបានបង្ហាញខ្លួនគេជាពួកពពែយ៉ាងដូចម្ដេច? (ខ) ហេតុអ្វីក៏យើងត្រូវតែចៀសវាងក្នុងការនិយាយ ថាតើអ្នកណានឹងត្រូវទៅជាចៀមឬពពែនោះ?
១៥ តើបងប្អូនរបស់ព្រះគ្រីស្ទនិងពួកមនុស្សរាប់លាននៃចៀមឯទៀតដែលនៅជាមួយជាហ្វូងតែមួយ ត្រូវបានគេប្រព្រឹត្តមកលើយ៉ាងណាដែរ? មនុស្សជាច្រើនប្រហែលជាមិនប្រយុទ្ធដល់អ្នកតំណាងរបស់ព្រះគ្រីស្ទដោយផ្ទាល់ខ្លួននោះទេ ប៉ុន្តែពួកគេក៏មិនបានប្រព្រឹត្តមកលើប្រជារាស្ត្ររបស់ទ្រង់ដោយសេចក្ដីស្រឡាញ់ដែរ។ ដោយចូលចិត្តនឹងលោកីយ៍ដ៏អាក្រក់ ពួកមនុស្សដែលមានប្រភេទដូចពពែបដិសេធសារព្រះរាជាណាចក្រ ដោយផ្ទាល់ខ្លួនឬមិនផ្ទាល់ខ្លួនក្ដី។ (យ៉ូហានទី១ ២:១៥-១៧) ពិតហើយ នៅទីផ្ដាច់ព្រ័ត្រ ព្រះយេស៊ូជាបុគ្គលដែលបានតែងតាំងមកដើម្បីនឹងជំនុំជំរះ។ នេះមិនមែនសំរាប់ឲ្យយើងសម្រេចថា អ្នកណាជាពួកចៀមនិងពួកពពែឡើយ។—ម៉ាកុស ២:៨; លូកា ៥:២២; យ៉ូហាន ២:២៤, ២៥; រ៉ូម ១៤:១០-១២; កូរិនថូសទី១ ៤:៥
តើក្រុមនិមួយៗមានអនាគតយ៉ាងណា?
១៦, ១៧. តើពួកចៀមនឹងមានអនាគតយ៉ាងណា?
១៦ ព្រះយេស៊ូបានជំនុំជំរះពួកចៀមឯទៀតថា៖ «ឱពួកអ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ ចូរមកទទួលមរដកចុះ គឺជានគរដែលបានរៀបចំទុកសំរាប់អ្នករាល់គ្នា តាំងពីកំណើតលោកីយមក»។ នេះជាការអញ្ជើញដ៏កក់ក្ដៅមែន—«ចូរមក»! ដើម្បីទៅណា? គឺទៅឯជីវិតអស់កល្បជានិច្ច ដូចបានសម្ដែងមកជាបន្ថែមថា៖ «ពួកសុចរិតនឹងចូលទៅក្នុងជីវិតដ៏នៅអស់កល្បជានិច្ច»។—ម៉ាថាយ ២៥:៣៤, ៤៦
១៧ នៅក្នុងរឿងប្រៀបប្រដូចនៃប្រាក់ថាល្លិន ព្រះយេស៊ូបានបង្ហាញនូវការតម្រូវពីពួកអ្នកដែលនឹងសោយរាជ្យជាមួយទ្រង់នៅលើស្ថានសួគ៌ ប៉ុន្តែនៅក្នុងរឿងប្រៀបប្រដូចនេះ ទ្រង់បានបង្ហាញនូវអ្វីដែលត្រូវការពីអនុរាស្ត្រនៃព្រះរាជាណាចក្រនោះ។ (ម៉ាថាយ ២៥:១៤-២៣) យ៉ាងចំៗ ដោយសារតែពួកចៀមឯទៀតគាំទ្រដល់បងប្អូនរបស់ព្រះយេស៊ូ ពួកគេមានកន្លែងជាមរតកនៅលើផែនដីនៃព្រះរាជាណាចក្ររបស់ទ្រង់។ ពួកគេនឹងទទួលជីវិតនៅលើផែនដីមនោរម្យ—ជាអ្វីដែលព្រះបានរៀបចំមកសំរាប់ពួកគេ«តាំងពីកំណើតលោកីយរៀងមក»។—លូកា ១១:៥០, ៥១
១៨, ១៩. (ក) តើព្រះយេស៊ូនឹងជំនុំជំរះយ៉ាងណាទៅលើពួកពពែ? (ខ) តើយើងអាចដឹងពិតប្រាកដយ៉ាងណា ថាពួកពពែនឹងជួបប្រទះការរងទុក្ខជាអនន្តនោះ?
១៨ នេះជាការជំនុំជំរះដ៏ផ្ទុយស្រឡះទៅលើពួកពពែមែន! «រួចទ្រង់នឹងមានបន្ទូលទៅពួកខាងឆ្វេងទៀតថា ‹ពួកអ្នករាល់គ្នាដែលត្រូវបណ្ដាសាអើយ ចូរថយពីអញចេញទៅ ក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ដែលបានរៀបចំទុកសំរាប់អារក្ស ហើយនឹងពួកទេវតារបស់វាវិញ ពីព្រោះអញបានឃ្លាន តែឯងរាល់គ្នាមិនបានឲ្យបរិភោគទេ អញបានស្រេក តែឯងរាល់គ្នាមិនបានឲ្យផឹកទេ អញជាអ្នកដទៃ តែឯងរាល់គ្នាមិនបានទទួលសោះ អញនៅអាក្រាត តែឯងរាល់គ្នាមិនបានស្លៀកពាក់ឲ្យអញទេ អញក៏ឈឺ ហើយនៅជាប់គុក តែឯងរាល់គ្នាមិនបានមកសួរសោះ›។ រួចគេនឹងទូលសួរទ្រង់ថា ‹ព្រះអម្ចាស់អើយ តើយើងខ្ញុំបានឃើញទ្រង់ឃ្លាន ឬស្រេក ឬជាអ្នកដទៃ ឬនៅអាក្រាត ឬឈឺ ឬជាប់គុក ហើយមិនបានទៅជួយទ្រង់នោះពីកាលណា›? នោះទ្រង់នឹងមានបន្ទូលតបថា ‹អញប្រាប់ឯងរាល់គ្នាជាប្រាកដថា ដែលមិនបានធ្វើការទាំងនោះ ដល់អ្នកយ៉ាងតូចបំផុត ក្នុងពួកអ្នកទាំងនេះ នោះឈ្មោះថាមិនបានធ្វើដល់អញដែរ› »។—ម៉ាថាយ ២៥:៤១-៤៥
១៩ ពួកសិស្សព្រះគម្ពីរយល់ដឹងថានេះគឺមិនមានន័យថា ព្រលឹងអមតៈនៃពួកមនុស្សមានភេទដូចពពែ នឹងរងទុក្ខនៅក្នុងភ្លើងជាអនន្តឡើយ។ ពីព្រោះមនុស្សជាព្រលឹង គឺមិនមែនមានព្រលឹងអមតៈនោះទេ។ (លោកុប្បត្តិ ២:៧; សាស្ដា ៩:៥, ១០; អេសេគាល ១៨:៤) ដោយកាត់ទោសពួកពពែទៅ«ភ្លើងអស់កល្បជានិច្ច» ចៅក្រមនឹងបំផ្លាញមិនឲ្យមានសេចក្ដីសង្ឃឹមនៅអនាគត ដែលនឹងទៅជាទីបញ្ចប់នៃអារក្សនិងពួកបិសាចរបស់វាដែរ។ (វិវរណៈ ២០:១០, ១៤) ដូច្នេះហើយ ចៅក្រមរបស់ព្រះយេហូវ៉ាបានរៀបចំការជំនុំជំរះខុសពីគ្នា។ ទ្រង់មានបន្ទូលប្រាប់ពួកចៀមថា៖ «ចូរមក» តែពួកពពែវិញ ‹ចូរចេញពីអញទៅ›។ ពួកចៀមនឹងទទួល«ជីវិតដ៏នៅអស់កល្បជានិច្ច»។ ពួកពពែនឹងទទួល«ទោសអស់កល្បជានិច្ច»។—ម៉ាថាយ ២៥:៤៦b
តើនេះមានន័យយ៉ាងណាចំពោះយើង?
២០, ២១. (ក) តើពួកជនគ្រីស្ទានមានកិច្ចការដ៏សំខាន់អ្វីដើម្បីនឹងធ្វើនោះ? (ខ) តើការបែងចែកអ្វីដែលកំពុងតែកើតឡើង? (គ) តើស្ថានការណ៍របស់មនុស្សនឹងទៅជាយ៉ាងណា នៅពេលដែលរឿងប្រៀបប្រដូចនៃចៀមនិងពពែចាប់ផ្ដើមសម្រេចនោះ?
២០ ពួកសាវ័កបួននាក់ដែលបានឮការតបឆ្លើយរបស់ព្រះយេស៊ូអំពីសញ្ញានៃវត្តមានរបស់ទ្រង់ និងវេលាចុងបញ្ចប់នៃរបបសម័យនេះ គឺមានអ្វីៗជាច្រើនដើម្បីនឹងពិចារណា។ ពួកគេត្រូវតែរក្សាការភ្ញាក់រឭក ហើយចាំយាមមើល។ (ម៉ាថាយ ២៤:៤២) ពួកគេត្រូវតែធ្វើកិច្ចការផ្សាយដែលបានរៀបរាប់មកនៅម៉ាកុស ១៣:១០ដែរ។ ស្មរបន្ទាល់ព្រះយេហូវ៉ាគឺកំពុងតែមានការជាប់ផ្សាយកិច្ចការនេះយ៉ាងស្វាហាប់នៅក្នុងសព្វថ្ងៃនេះ។
២១ ប៉ុន្តែ តើការយល់ថ្មីៗនេះនៃរឿងប្រៀបប្រដូចនៃចៀមនិងពពែមានន័យយ៉ាងណាចំពោះយើង? ប្រជាជនគឺកំពុងតែសម្រេចចិត្តនឹងទៅខាងណាមួយទៅហើយ។ ពួកខ្លះគឺនៅតាម‹ផ្លូវធំទូលាយដែលនាំទៅសេចក្ដីហិនវិនាស› តែពួកអ្នកដទៃទៀតខំព្យាយាមនៅតាម‹ផ្លូវចង្អៀតដែលនាំទៅឯជីវិត›។ (ម៉ាថាយ ៧:១៣, ១៤) ប៉ុន្តែ ពេលវេលាដែលព្រះយេស៊ូនឹងជំនុំជំរះនៅចុងបញ្ចប់ទៅលើចៀមនិងពពែ ដែលបានរៀបរាប់មកនៅក្នុងរឿងប្រៀបប្រដូចគឺនៅខាងមុខនៅឡើយ។ នៅពេលដែលកូនមនុស្សយាងមក ដែលមានមុខនាទីជាចៅក្រម ទ្រង់នឹងសម្រេចថា ពួកជនគ្រីស្ទានជាច្រើន—គឺ«ពួកហ្វូងធំ»នៃពួកចៀមដែលបានថ្វាយខ្លួននោះ—នឹងមានសមត្ថភាពឆ្លងផុតពីផ្នែកចុងក្រោយនៃ«សេចក្ដីវេទនាជាខ្លាំង»ចូលទៅក្នុងពិភពលោកថ្មី។ ការមានសង្ឃឹមនោះត្រូវតែជាប្រភពនៃអំណររបស់យើងនៅសព្វថ្ងៃនេះ។ (វិវរណៈ ៧:៩, ១៤) ម្យ៉ាងវិញទៀត មនុស្សមួយចំនួនធំនៃ«គ្រប់ទាំងសាសន៍»នឹងបានសម្ដែងខ្លួនគេជាពពែដ៏ចចេស។ ពួកគេនឹង«មានទោសអស់កល្បជានិច្ច»។ នេះជាការគួរឲ្យសម្រាលទុក្ខសំរាប់ផែនដីមែន!
២២, ២៣. ដោយសារការសម្រេចនៃរឿងប្រៀបប្រដូចគឺនៅនាអនាគតនោះ ហេតុអ្វីក៏ការផ្សាយរបស់យើងជាការសំខាន់ម្ល៉េះចំពោះយើង?
២២ ថ្វីបើការជំនុំជំរះដូចជាបានរៀបរាប់មកនៅក្នុងរឿងប្រៀបប្រដូចនៅនាអនាគតក្ដី សូម្បីតែឥឡូវនេះក៏មានអ្វីដ៏សំខាន់កំពុងតែកើតឡើងដែរ។ យើងជាជនគ្រីស្ទានបានចូលរួមក្នុងកិច្ចការសង្គ្រោះនៃការប្រកាសសារ ដែលបណ្ដាលឲ្យមានការបែងចែកក្នុងចំណោមមនុស្ស។ (ម៉ាថាយ ១០:៣២-៣៩) ប៉ុលបានសរសេរថា៖ «ហើយគ្រប់គ្នា គឺអស់អ្នកណា ដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ នោះនឹងបានសង្គ្រោះ ដូច្នេះ បើគេមិនជឿ ធ្វើដូចម្ដេចឲ្យគេអំពាវនាវដល់ព្រះបាន ហើយបើគេមិនបានឮនិយាយ នោះធ្វើដូចម្ដេចឲ្យគេជឿដល់ ព្រះបាន ហើយធ្វើដូចម្ដេចឲ្យគេឮនិយាយបាន បើគ្មានអ្នកណាប្រាប់សោះ»? (រ៉ូម ១០:១៣, ១៤) កិច្ចផ្សាយសាធារណៈរបស់យើងគឺបានទៅដល់មនុស្សជាង២៣០ប្រទេស ដែលប្រាប់អំពីព្រះនាមរបស់ព្រះនិងសារនៃសេចក្ដីសង្គ្រោះរបស់ទ្រង់។ បងប្អូនចាក់ប្រេងតាំងរបស់ព្រះគ្រីស្ទគឺនៅតែជាអ្នកនាំមុខក្នុងកិច្ចការនេះ។ ប្រមាណប្រាំលាននាក់នៃពួកចៀមឯទៀតក៏បានចូលរួមជាមួយពួកគេដែរ។ ហើយមនុស្សនៅជុំវិញផែនដី ក៏កំពុងតែតបឆ្លើយនឹងសារដែលបានប្រកាសដោយបងប្អូនរបស់ព្រះគ្រីស្ទដែរ។
២៣ មនុស្សជាច្រើនបានឮសាររបស់យើង កាលដែលយើងផ្សាយពីផ្ទះមួយទៅផ្ទះមួយឬក្រៅផ្លូវការ។ អ្នកឯទៀតក៏រៀនដឹងអំពីស្មរបន្ទាល់ព្រះយេហូវ៉ា ហើយថាតើយើងតំណាងអ្វី តាមរបៀបដែលយើងមិនបានដឹងផង។ នៅពេលវេលាជំនុំជំរះមក តើដល់កំរិតណាទៅដែលព្រះយេស៊ូនឹងពិចារណានៃការទទួលខុសត្រូវនៃសហគមន៍និងគ្រួសារនោះ? យើងមិនអាចមានប្រសាសន៍បានទេ ហើយការស្មានក៏ជាការដ៏ឥតប្រយោជន៍ដែរ។ (ប្រៀបធៀប កូរិនថូសទី១ ៧:១៤) មនុស្សជាច្រើន នៅឥឡូវនេះមិនអើពើដោយចេតនា សើចចំអក ឬចូលដៃក្នុងការធ្វើទណ្ឌកម្មដល់ប្រជារាស្ត្ររបស់ព្រះ។ ដូច្នេះ នេះជាពេលវេលាដ៏សំខាន់ណាស់ ពីព្រោះពួកបុគ្គលបែបនេះប្រហែលជាបណ្ដុះទៅជាពួកបុគ្គល ដែលព្រះយេស៊ូនឹងជំនុំជំរះចាត់ទុកជាពួកពពែ។—ម៉ាថាយ ១០:២២; យ៉ូហាន ១៥:២០; ១៦:២, ៣; រ៉ូម ២:៥, ៦
២៤. (ក) ហេតុអ្វីក៏ជាការសំខាន់ចំពោះមនុស្សក្នុងការតបឆ្លើយឲ្យបានត្រឹមត្រូវទៅលើការផ្សាយរបស់យើង? (ខ) តើការសិក្សានេះបានជួយអ្នកឲ្យមានអាកប្បកិរិយាយ៉ាងណា ចំពោះកិច្ចការផ្សាយរបស់អ្នកនោះ?
២៤ ប៉ុន្តែ យ៉ាងសប្បាយណាស់ មនុស្សជាច្រើនតបឆ្លើយយ៉ាងត្រឹមត្រូវ ដោយសិក្សាបន្ទូលរបស់ព្រះ ហើយបានក្លាយទៅជាស្មរបន្ទាល់ព្រះយេហូវ៉ា។ ពួកខ្លះដែលនៅឥឡូវនេះហាក់បីដូចជាពួកពពែក្ដី ក៏អាចផ្លាស់ប្ដូរចិត្តគំនិតហើយអាចក្លាយទៅជាពួកចៀមដែរ។ ចំណុចដ៏សំខាន់នោះគឺថា ពួកអ្នកដែលតបឆ្លើយហើយជ្រោមជ្រែងពួកអ្នកសំណល់នៃបងប្អូនរបស់ព្រះគ្រីស្ទ ហើយឥឡូវនេះ គឺថាគេកំពុងតែផ្ដល់នូវទីសំអាងពីមូលហេតុដែលពួកគេនឹងត្រូវបានដាក់នៅខាងស្ដាំដៃរបស់ព្រះយេស៊ូ នៅពេលដែលទ្រង់គង់លើបល្ល័ង្កដើម្បីនឹងជំនុំជំរះនៅនាអនាគត។ ពួកទាំងនេះនឹងទទួលប្រសិទ្ធិពរជានិច្ច។ ដូច្នេះ រឿងប្រៀបប្រដូចនេះគួរតែជំរុញយើងឲ្យមានចិត្តខ្នះខ្នែងក្នុងកិច្ចការបំរើគ្រីស្ទាន។ យើងចង់ធ្វើឲ្យអស់ពីសមត្ថភាពដើម្បីនឹងប្រកាសដំណឹងល្អនៃព្រះរាជាណាចក្រ មុននឹងខកពេល ដោយធ្វើតាមវិធីនេះ អ្នកដទៃនឹងមានឱកាសដើម្បីនឹងតបឆ្លើយ។ រួចមក គឺស្រេចទៅលើព្រះយេស៊ូទេ ក្នុងការជំនុំជំរះផ្ដន្ទាទោសឬមានព្រះគុណ។—ម៉ាថាយ ២៥:៤៦
[កំណត់សម្គាល់]
a សូមមើលទស្សនាវដ្ដីប៉មយាមនៃខែកុម្ភៈ ថ្ងៃទី១៥ ១៩៩៤ ទំព័រ ១៦-២១
b អែល អ៊ីវែនចីឡូ ឌឺ ម៉ាថេអូបានកត់សម្គាល់ថា៖ «ជីវិតជាអនន្តគឺជាជីវិតច្បាស់លាស់ គឺផ្ទុយនឹងការដាក់ទណ្ឌកម្មជាស្ថាពរ។ គុណនាមនៃភាសាក្រិក aionios មិនគ្រាន់តែមានន័យរយៈពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែគឺអំពីគុណសម្បត្ដិដែរ។ ការដាក់ទណ្ឌកម្មជាស្ថាពរ គឺជាសេចក្ដីស្លាប់ជានិរន្តរ៍»។—និវត្តសាស្ដ្រាចារ្យឈ្មោះ ឃ្វាន ម៉ាថេអូស (វិជ្ជាស្ថានខាងសៀវភៅព្រះគម្ពីរ ប្រទេសរ៉ូម) និងសាស្ដ្រាចារ្យ ហ្វឺននេនដូ ខាម៉ាចឆូ (ស៊ីវិលមណ្ឌលខាងសាសនវិទ្យា) ទីក្រុងម៉ាទ្រិឌ នៃប្រទេសអេស្ប៉ាញុល ១៩៨១
តើអ្នកនៅចាំទេ?
◻ តើមានការស្របគ្នាយ៉ាងណារវាងម៉ាថាយ ២៤:២៩-៣១ និងម៉ាថាយ ២៥:៣១-៣៣ ដែលបង្ហាញថារឿងប្រៀបប្រដូចនៃចៀមនិងពពែមានទាក់ទងនៅអនាគត ហើយតើនៅពេលណាទៅ?
◻ តើពួកណាជា«តូចជាងគេ»នៃបងប្អូនរបស់ព្រះយេស៊ូ?
◻ តើតាមរបៀបណាដែលព្រះយេស៊ូប្រើពាក្យ«ពួកមនុស្សសុចរិត» បានជួយយើងឲ្យសម្គាល់ថាតើពួកនេះបានតំណាង ហើយអ្នកណាដែលគេមិនតំណាងនោះ?
◻ ថ្វីបើរឿងប្រៀបប្រដូចនឹងត្រូវសម្រេចក្នុងអនាគតក្ដី ហេតុអ្វីក៏ការផ្សាយរបស់យើងជាការសំខាន់នៅឥឡូវនេះ ព្រមទាំងជាការបន្ទាន់ផងនោះ?
[ប្រអប់⁄រូបភាពនៅទំព័រ២៨]
ចូរកត់សម្គាល់នូវការស្របនឹងគ្នា
ម៉ាថាយ ២៤:២៩-៣១ ម៉ាថាយ ២៥:៣១-៣៣
ក្រោយពីសេចក្ដីវេទនាជាខ្លាំងបានចាប់ផ្ដើម កូនមនុស្សមក
កូនមនុស្សនឹងមក
យាងមកដោយសិរីល្អជាខ្លាំង យាងមកក្នុងសិរីល្អនិងគង់លើបល្ល័ង្ក
រុងរឿងឧត្តម
ពួកទេវតាមាននៅជាមួយទ្រង់ ពួកទេវតាមកជាមួយទ្រង់
គ្រប់ទាំងពូជមនុស្សនៅផែនដីនឹងឃើញទ្រង់ គ្រប់ទាំងសាសន៍នឹងត្រូវប្រមូលគ្នា
ពួកពពែបានជំនុំជំរះនៅទីបំផុត
(សេចក្ដីវេទនាជាខ្លាំងនឹងបានចប់)
[អ្នកផ្ដល់សិទ្ធិ]
Garo Nalbandian