ទំនាយស្តីអំពីអ្នកដែលជាមេស្ស៊ី
ដោយដឹងអំពីអ្វីដែលអេសាយនិងអ្នកប្រកាសទំនាយឯទៀតបានសរសេរ នោះជនជាតិយូដារង់ចាំការមកដល់របស់អ្នកដែលជាមេស្ស៊ី។ តាមពិត នៅសម័យរបស់ព្រះយេស៊ូ ជនជាតិយូដាជាច្រើន«នៅតែចាំមើល»ការលេចខ្លួនរបស់អ្នកដែលជាមេស្ស៊ី។ (លូកា ៣:១៥) គួរឲ្យកត់សម្គាល់មែន ដែលទំនាយក្នុងគម្ពីរមានព័ត៌មានល្អិតល្អន់ដែលគួរឲ្យកោតស្ងើចពីជីវិតរបស់អ្នកដែលជាមេស្ស៊ី។ មនុស្សមិនអាចទាយពីព្រឹត្ដិការណ៍បែបនេះ ឬរៀបចំព័ត៌មាននោះឲ្យកើតឡើងក្នុងពេលដែលព្រះយេស៊ូនៅផែនដីឡើយ។
ព័ត៌មានល្អិតល្អន់ស្តីអំពីកំណើតរបស់អ្នកដែលជាមេស្ស៊ី។ លោកអេសាយបានទាយថាអ្នកដែលជាមេស្ស៊ី ឬគ្រិស្តនឹងកើតពីស្ត្រីក្រមុំម្នាក់។ ក្រោយពីបានរៀបរាប់អំពីកាលៈទេសៈដ៏អស្ចារ្យនៃកំណើតរបស់ព្រះយេស៊ូ នោះសាវ័កម៉ាថាយសរសេរថា៖ «ការទាំងនោះកើតមក ដើម្បីឲ្យបានសំរេចសេចក្ដី ដែលព្រះអម្ចាស់ទ្រង់មានបន្ទូល ដោយសារហោរាថា ‹មើល! នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១›»។ (ម៉ាថាយ ១:២២, ២៣; អេសាយ ៧:១៤) អេសាយក៏បានទាយថាព្រះគ្រិស្តនឹងមកតាមវង្សត្រកូលរបស់ដាវីឌ ដែលបានរៀបរាប់យ៉ាងចំៗអំពីអ៊ីសាយដែលជាឪពុករបស់ដាវីឌ។ ព្រះយេស៊ូប្រាកដជាមកពីវង្សត្រកូលរបស់ដាវីឌមែន។ (ម៉ាថាយ ១:៦, ១៦; លូកា ៣:២៣, ៣១, ៣២) ដូច្នេះ មុនកំណើតព្រះយេស៊ូ ទេវតាឈ្មោះកាព្រីយ៉ែលបានប្រាប់ម៉ារាថា៖ «[ព្រះយេហូវ៉ា]នឹងប្រទានរាជ្យនៃហ្លួងដាវីឌ ជាឰយុកោទ្រង់ថ្វាយទ្រង់សោយ»។—លូកា ១:៣២, ៣៣, កំណែជាអក្សរទ្រេត; អេសាយ ១១:១-៥, ១០; រ៉ូម ១៥:១២
ព័ត៌មានល្អិតល្អន់ស្តីអំពីជីវិតរបស់អ្នកដែលជាមេស្ស៊ី។ នៅសាលាប្រជុំនាក្រុងណាសារ៉ែត ពេលព្រះយេស៊ូបានធំពេញវ័យហើយ ទ្រង់បានអានពីទំនាយអេសាយថា៖ «វិញ្ញាណព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ពីព្រោះទ្រង់បានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទ័លក្រ»។ ដោយហេតុថាទំនាយនេះទាក់ទងនឹងទ្រង់ ព្រះយេស៊ូមានប្រសាសន៍ថា៖ «ថ្ងៃនេះ បទគម្ពីរនេះបានសំរេចនៅត្រចៀកអ្នករាល់គ្នាហើយ»។ (លូកា ៤:១៧-២១; អេសាយ ៦១:១, ២) អេសាយបានទាយអំពីរបៀបដែលព្រះយេស៊ូប្រព្រឹត្តចំពោះពួកអ្នកត្រូវការការប្រោសឲ្យជា គឺដោយចិត្តសប្បុរស ចិត្តសុភាពនិងមិនចេះអួតខ្លួន។ ម៉ាថាយសរសេរថា៖ «មនុស្សកកកុញដើរតាមទ្រង់ទៅ ហើយទ្រង់ក៏ប្រោសគេឲ្យជាគ្រប់គ្នាដែរ។ ទ្រង់ហាមផ្ដាច់ មិនឲ្យគេប្រាប់ឲ្យបណ្ដាមនុស្សស្គាល់ទ្រង់ឡើយ ដើម្បីឲ្យបានសំរេចតាមទំនាយ ដែលហោរាអេសាយ បានទាយទុកមក . . . ‹ទ្រង់នឹងមិនតតាំងនឹងគេ ឬស្រែកសំរែកឡើយ . . . នឹងមិនផ្ដាច់ដើមត្រែងដែលបាក់ឡើយ›»។—ម៉ាថាយ ៨:១៦, ១៧; ១២:១០-២១; អេសាយ ៤២:១-៤; ៥៣:៤, ៥
ព័ត៌មានល្អិតល្អន់ស្តីអំពីការរងទុក្ខរបស់អ្នកដែលជាមេស្ស៊ី។ អេសាយបានទាយថាមនុស្សភាគច្រើននៅអ៊ីស្រាអែលមិនទទួលស្គាល់អ្នកដែលជាមេស្ស៊ីទេ តែគិតថាអ្នកនោះ«ជាថ្មជំពប់»ដល់ពួកគេវិញ។ (ពេត្រុសទី១ ២:៦-៨; អេសាយ ៨:១៤, ១៥) មែនហើយ! ទោះជាព្រះយេស៊ូបានធ្វើកិច្ចការអស្ចារ្យជាច្រើនក៏ដោយ មនុស្ស«មិនបានជឿដល់ទ្រង់ដែរ ដើម្បីឲ្យពាក្យរបស់ហោរាអេសាយបានសំរេច ដែលទាយថា ‹ព្រះអម្ចាស់អើយ! តើអ្នកណាបានជឿសេចក្ដីដែលយើងខ្ញុំប្រាប់?›»។ (យ៉ូហាន ១២:៣៧, ៣៨; អេសាយ ៥៣:១) ទោះជាខុសក៏ដោយ មូលហេតុមួយដែលជនជាតិយូដាគ្មានជំនឿលើព្រះយេស៊ូជាអ្នកដែលជាមេស្ស៊ី គឺដោយសារគេនិយមជាទូទៅថាព្រះយេស៊ូនឹងរំដោះពួកគេភ្លាមៗពីការគ្រប់គ្រងរបស់ជនជាតិរ៉ូម ហើយបានឯករាជ្យដើម្បីស្ថាបនាឡើងវិញនូវរាជាណាចក្រនៃហ្លួងដាវីឌនៅផែនដី។ ពីព្រោះព្រះយេស៊ូរងទុក្ខដល់ស្លាប់ ជនជាតិយូដាភាគច្រើនមិនទទួលស្គាល់ទ្រង់ជាមេស្ស៊ីទេ។ ប៉ុន្តែ តាមពិត អេសាយបានទាយថាអ្នកដែលជាមេស្ស៊ីនឹងត្រូវរងទុក្ខមុនឡើងសោយរាជ្យជាស្តេច។
សៀវភៅអេសាយបានទាយថាអ្នកដែលជាមេស្ស៊ីនឹងមានប្រសាសន៍ថា៖ «ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ . . . ខ្ញុំមិនបានគេចមុខពីសេចក្ដីអាម៉ាស់ខ្មាស ឬពីការស្ដោះទឹកមាត់ទេ»។ ម៉ាថាយបានរាយការណ៍នូវអ្វីដែលបានកើតឡើង ពេលព្រះយេស៊ូត្រូវគេកាត់ទោសដោយពោលថា «គេក៏ស្ដោះដាក់ព្រះភក្ដ្រ ហើយដាល់តប់ទ្រង់ មានអ្នកខ្លះទះទ្រង់»។ (អេសាយ ៥០:៦; ម៉ាថាយ ២៦:៦៧) អេសាយបានសរសេរថា៖ «ត្រូវគេ . . . ធ្វើទុក្ខ តែទ្រង់មិនបានហើបព្រះឱស្ឋសោះ»។ ដូច្នេះ ពេលលោកពីឡាត់បានសួរព្រះយេស៊ូអំពីការចោទប្រកាន់របស់ពួកយូដា នោះព្រះយេស៊ូ«មិនមានបន្ទូលឆ្លើយនឹងពាក្យណាមួយរបស់លោកសោះ បានជាលោកចៅហ្វាយឆ្ងល់ខ្លាំងណាស់»។—អេសាយ ៥៣:៧; ម៉ាថាយ ២៧:១២-១៤; កិច្ចការ ៨:២៨, ៣២-៣៥
ព័ត៌មានល្អិតល្អន់ស្តីអំពីមរណភាពរបស់អ្នកដែលជាមេស្ស៊ី។ ទំនាយរបស់អេសាយក៏សម្រេចនៅពេលដែលព្រះយេស៊ូទទួលមរណភាព និងក្រោយមកទៀតដែរ។ អេសាយបានទាយថា៖ «ក្នុងកាលដែលទ្រង់សុគត នោះគេក៏បញ្ចុះសពទ្រង់នៅជាមួយនឹងពួកអាក្រក់ ហើយនៅក្នុងផ្នូររបស់អ្នកមានម្នាក់»។ (អេសាយ ៥៣:៩) តើទំនាយនេះ ដែលស្ដាប់ទៅហាក់ដូចជាផ្ទុយគ្នាបានសម្រេចយ៉ាងដូចម្ដេច? ពេលព្រះយេស៊ូទទួលមរណភាព ទ្រង់ត្រូវគេព្យួរជិតចោរពីរនាក់ ម្នាក់ខាងស្ដាំ ហើយម្នាក់ទៀតខាងឆ្វេង។ (ម៉ាថាយ ២៧:៣៨) ប៉ុន្តែ ក្រោយមក មានអ្នកមានម្នាក់ឈ្មោះយ៉ូសែបដែលនៅភូមិអើរីម៉ាថេ បានយកសពព្រះយេស៊ូមកបញ្ចុះក្នុងផ្នូរថ្មីដែលគាត់បានដាប់ក្នុងថ្មវិញ។ (ម៉ាថាយ ២៧:៥៧-៦០) នៅទីបំផុត មរណភាពរបស់ព្រះយេស៊ូបំពេញលក្ខណៈដ៏សំខាន់មួយក្នុងទំនាយរបស់អេសាយ។ អេសាយនិយាយអំពីអ្នកដែលជាមេស្ស៊ីថា៖ «អ្នកដ៏សុចរិត គឺជាអ្នកបំរើរបស់អញ ទ្រង់នឹងធ្វើឲ្យមនុស្សជាច្រើនបានសុចរិត ដោយគេស្គាល់ដល់ទ្រង់ ហើយទ្រង់នឹងទទួលរងទោសចំពោះអំពើទុច្ចរិតរបស់គេ»។ មែនហើយ! មរណភាពរបស់ព្រះយេស៊ូបានផ្ដល់ជាថ្លៃលោះ ដើម្បីលើកអំពើខុសឆ្គងដែលប្រៀបដូចជាបន្ទុកចេញពីមនុស្សស្មោះត្រង់ទាំងអស់។—អេសាយ ៥៣:៨, ១១; រ៉ូម ៤:២៥
បទទំនាយនានាដែលនឹងត្រូវសម្រេចជាក់ជាពុំខាន
ដើម្បីបញ្ជាក់អត្តសញ្ញាណរបស់អ្នកដែលជាមេស្ស៊ីដោយផ្អែកលើគម្ពីរ នោះពួកសាវ័កនិងព្រះយេស៊ូបានដកស្រង់ជាញឹកញយពីទំនាយរបស់អេសាយច្រើនជាងសៀវភៅណាៗទៀត។ ប៉ុន្តែ ក៏មានសៀវភៅផ្សេងទៀតក្នុងគម្ពីរដែលមានទំនាយស្តីអំពីអនាគតដែរ។ ទំនាយនានាពីសៀវភៅជាច្រើនទៀតក្នុងបទគម្ពីរភាសាហេព្រើរ ក៏បានសម្រេចដែរ គឺទំនាយអំពីព្រះយេស៊ូ រាជាណាចក្ររបស់ទ្រង់ ហើយអ្វីល្អៗដែលរាជាណាចក្រនឹងសម្រេចនៅអនាគត។a (កិច្ចការ ២៨:២៣; វិវរណៈ ១៩:១០) តើទំនាយទាំងនេះនឹងសម្រេចជាប្រាកដមែនទេ? ព្រះយេស៊ូប្រាប់ពួកអ្នកស្ដាប់ដែលជាសាសន៍យូដាថា៖ «កុំឲ្យគិតស្មានថា ខ្ញុំមកដើម្បីនឹងលើកក្រិត្យវិន័យឬទំនាយពួកហោរា[ដែលជាបទគម្ពីរភាសាហេព្រើរ]ចោលឡើយ ខ្ញុំមិនមែនមកនឹងលើកចោលទេ គឺមកនឹងធ្វើឲ្យសំរេចវិញ។ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នឹងគ្មានបាំងឈើ១ ឬក្បៀស១នៅក្នុងក្រិត្យវិន័យ ត្រូវបាត់ឡើយ ដរាបដល់កាលណាមេឃនឹងផែនដី បានកន្លងបាត់ទៅ គឺទាល់តែសេចក្ដីទាំងអស់បានសំរេច ដោយសព្វគ្រប់»។—ម៉ាថាយ ៥:១៧, ១៨
ព្រះយេស៊ូក៏បានបញ្ជាក់អំពីរបៀបដែលព្រឹត្ដិការណ៍ផ្សេងៗនៅជំនាន់ទ្រង់ និងនៅអនាគតធ្វើឲ្យទំនាយក្នុងគម្ពីរសម្រេចដែរ។ (ដានីយ៉ែល ៩:២៧; ម៉ាថាយ ១៥:៧-៩; ២៤:១៥) បន្ថែមទៀត ព្រះយេស៊ូនិងពួកសិស្សទ្រង់បានទាយពីព្រឹត្ដិការណ៍ដែលនឹងកើតឡើងនៅអនាគត រួមបញ្ចូលព្រឹត្ដិការណ៍ជាច្រើនដែលយើងបានឃើញថាកំពុងសម្រេចនៅសព្វថ្ងៃនេះ។ អត្ថបទបន្ទាប់ យើងនឹងពិនិត្យមើលព្រឹត្ដិការណ៍ទាំងនេះ និងព្រឹត្ដិការណ៍ឯទៀតនៅថ្ងៃមុខដែលនឹងត្រូវសម្រេចតាមទំនាយក្នុងគម្ពីរ។
[កំណត់សម្គាល់]
a បើចង់បានព័ត៌មានថែមទៀតអំពីបទទំនាយដែលត្រូវបានសម្រេចចំពោះព្រះយេស៊ូ សូមមើលសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ទំព័រ២៣១ បោះពុម្ពដោយសាក្សីព្រះយេហូវ៉ា។
[រូបភាពនៅទំព័រ៤]
«នាងព្រហ្មចារី . . . ប្រសូត្របានបុត្រាមួយ»
[រូបភាពនៅទំព័រ៥]
‹ខ្ញុំមិនបានគេចមុខពីសេចក្ដីអាម៉ាស់ខ្មាសទេ›