ការពង្រឹងទំនុកចិត្តយ៉ាងខ្លាំងពីអក្សរហេប្រឺដ៏តូចបំផុត
តើយើងពិតជាអាចមានទំនុកចិត្តទាំងស្រុងថាគ្រប់ទាំងសេចក្ដីសន្យារបស់ព្រះនឹងក្លាយជាការពិតឬទេ? លោកយេស៊ូបានជឿជាក់អំពីរឿងនេះ ហើយសេចក្ដីបង្រៀនរបស់លោកបានធ្វើឲ្យអ្នកស្ដាប់មានជំនឿ។ សូមពិចារណាឧទាហរណ៍ក្នុងសុន្ទរកថារបស់លោកយេស៊ូដែលបានថ្លែងនៅលើភ្នំ ដែលបានត្រូវកត់ទុកនៅម៉ាថាយ ៥:១៨ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ទោះជាមេឃនិងផែនដីបាត់សូន្យទៅក៏ដោយ ក៏តួអក្សរតូចជាងគេ ឬសញ្ញាបន្តក់មួយក្នុងច្បាប់នឹងមិនបាត់សូន្យឡើយ ទាល់តែច្បាប់ទាំងមូលបានត្រូវសម្រេចគ្រប់ជំពូក»។
ព្យញ្ជនៈហេប្រឺតូចបំផុតគឺ י (យ៉ត) ជាអក្សរទីមួយនៃតេត្រាក្រាម ដែលជាតំណាងនាមដ៏ពិសិដ្ឋរបស់ព្រះយេហូវ៉ា។a ក្រៅពីពាក្យនិងអក្សរក្នុងច្បាប់ព្រះ ពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ីបានចាត់ទុក«សញ្ញាបន្តក់»នីមួយៗថាមានតម្លៃខ្លាំងណាស់។
លោកយេស៊ូចង់មានន័យថាទោះជាមេឃនិងផែនដីបាត់សូន្យក៏ដោយ ក៏ចំណុចតូចក្នុងច្បាប់នឹងសម្រេចជាក់ជាមិនខាន។ ប៉ុន្តែ បទគម្ពីរបញ្ជាក់យ៉ាងច្បាស់ថាមេឃនិងផែនដីនឹងនៅជាប់ជារៀងរហូត។ (ទំនុកតម្កើង ៧៨:៦៩) យ៉ាងនេះ យើងឃើញថាលោកយេស៊ូគ្រាន់តែប្រៀបធៀបប៉ុណ្ណោះ ដូច្នេះឃ្លានេះបង្ហាញថាសូម្បីតែចំណុចតូចក្នុងច្បាប់នឹងសម្រេចជាពិតប្រាកដមែន។
តើព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះចំណុចតូចតាចឬទេ? ប្រាកដណាស់។ សូមពិចារណាចំណុចនេះ៖ អ៊ីស្រាអែលសម័យបុរាណបានត្រូវបង្គាប់ថាពួកគេមិនត្រូវបំបាក់ឆ្អឹងកូនចៀមសម្រាប់បុណ្យរំលងឡើយ។ (និក្ខមនំ ១២:៤៦) នេះប្រហែលជាចំណុចតូចតាចប៉ុណ្ណោះ។ តើពួកគេយល់មូលហេតុដែលពួកគេមិនគួរបំបាក់ឆ្អឹងកូនចៀមឬទេ? ទំនងជាមិនយល់ទេ។ ប៉ុន្តែ ព្រះយេហូវ៉ាបានដឹងថាចំណុចនេះគឺជាទំនាយចំពោះមេស្ស៊ីដែលថាឆ្អឹងរបស់លោកនឹងមិនបានត្រូវបំបាក់ឡើយ ពេលដែលលោកស្លាប់នៅលើបង្គោលទារុណកម្ម។—ទំនុកតម្កើង ៣៤:២០; យ៉ូហាន ១៩:៣១-៣៣, ៣៦
តើប្រសាសន៍របស់លោកយេស៊ូបង្រៀនយើងយ៉ាងណា? យើងក៏អាចមានទំនុកចិត្តទាំងស្រុងថាគ្រប់ទាំងសេចក្ដីសន្យារបស់ព្រះយេហូវ៉ានឹងក្លាយទៅជាការពិតទាំងស្រុងឥតចន្លោះ។ អក្សរហេប្រឺដ៏តូចបំផុតនេះពិតជាពង្រឹងទំនុកចិត្តយើងយ៉ាងខ្លាំងមែន!
a ព្យញ្ជនៈក្រិចតូចបំផុតគឺ ι (អៃអូថា) ហើយនេះគឺស្រដៀងនឹងអក្សរហេប្រឺ י (យ៉ត)។ ច្បាប់ម៉ូសេបានត្រូវសរសេរនិងប្រាប់តៗគ្នាជាភាសាហេប្រឺ។ ដូច្នេះ ពេលលោកយេស៊ូបានបញ្ជាក់អំពី«សញ្ញាបន្តក់មួយ» នោះលោកយេស៊ូទំនងជាសំដៅទៅលើអក្សរហេប្រឺ י (យ៉ត)។