អ្នកអានសួរថា . . .
ក្នុងគម្ពីរ តើព្រះយេហូវ៉ា ព្រះយេស៊ូ និងព្រះវិញ្ញាណបរិសុទ្ធ គឺជាព្រះតែមួយឬទេ?
▪ មានការពន្យល់ផ្សេងៗអំពីសេចក្ដីបង្រៀនដែលថាព្រះបីរួមជាព្រះតែមួយ។ ការពន្យល់មួយគឺដូចតទៅនេះ: «មានព្រះបីអង្គ (ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ) ហើយថាព្រះទាំងបីនោះមានជីវិតជារៀងរហូត មានឫទ្ធានុភាពខ្លាំងក្លាបំផុត គ្មានមួយណាធំជាងឬតូចជាងទេ ហើយព្រះទាំងបីនោះបានត្រូវហៅថាព្រះ ប៉ុន្តែព្រះទាំងបីនោះរួមជាព្រះតែមួយ»។ តើនេះជាសេចក្ដីបង្រៀនដែលមានក្នុងគម្ពីរឬទេ?
តាមធម្មតា មនុស្សដែលជឿលើសេចក្ដីបង្រៀននេះយកបទគម្ពីរនៅម៉ាថាយ ២៨:១៩ដើម្បីធ្វើជាទីសំអាង។ គម្ពីរមួយបានដកស្រង់ពាក្យរបស់លោកយេស៊ូថា៖ «ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ»។ (សមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ) បទគម្ពីរនេះពិតជាបានបញ្ជាក់អំពីព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ (ឬសកម្មពលបរិសុទ្ធ)។ ក៏ប៉ុន្តែ បទគម្ពីរនេះមិនចែងអំពីការរួមជាព្រះតែមួយទេ។ លោកយេស៊ូបានបង្គាប់ពួកអ្នកកាន់តាមលោកដែលជាជនជាតិយូដាឲ្យបង្រៀនមនុស្ស និងជ្រមុជទឹកឲ្យពួកគេក្នុងនាមបិតា ក្នុងនាមបុត្ររបស់លោក និងក្នុងនាមសកម្មពលបរិសុទ្ធរបស់លោក។ តើជនជាតិយូដាធ្លាប់ជឿយ៉ាងណាអំពីរឿងនេះ?
ពេលបណ្ដាជនអ៊ីស្រាអែលទទួលកិច្ចព្រមព្រៀងខាងច្បាប់ ដែលជាផ្នែកមួយនៃគម្ពីរ ពួកគេបានត្រូវបង្គាប់ថា៖ «កុំឲ្យមានព្រះឯណាទៀតនៅមុខអញឲ្យសោះ»។ (ចោទិយកថា ៥:៧) តើអ្នកណាកំពុងនិយាយពាក្យនេះ? តើមានតែម្នាក់ឬក៏បីនាក់? ដោយគ្មានការភាន់ច្រឡំ ចោទិយកថា ៦:៤ចែងថា៖ «ចូរស្ដាប់ចុះ ឱអ៊ីស្រាអែលអើយ ព្រះយេហូវ៉ាជាព្រះនៃយើង គឺព្រះយេហូវ៉ាតែ១អង្គទ្រង់» មិនមែនជាព្រះបីរួមតែមួយទេ។ បណ្ដាជនអ៊ីស្រាអែលទើបតែមានសេរីភាពចេញពីស្រុកអេស៊ីប ដែលជាស្រុកគោរពបូជាព្រះអូសៃរីស ព្រះអៃសីស និងព្រះហូរើស (ដូចរូបភាពនៅខាងឆ្វេង) ជាព្រះបីរួមតែមួយ ហើយក៏មានក្រុមព្រះជាច្រើនទៀតរបស់ជនជាតិអេស៊ីបដែលជាព្រះបីរួមតែមួយដែរ។ ដូច្នេះ បណ្ដាជនអ៊ីស្រាអែលបានត្រូវបង្គាប់ឲ្យគោរពប្រណិប័តន៍តែព្រះមួយប៉ុណ្ណោះ។ តើការយល់អំពីបង្គាប់នេះគឺសំខាន់យ៉ាងណា? យោងទៅតាមលោកយ៉ូសែប ហឺមែន ហាតស៍ ដែលជាមេដឹកនាំសាសនាយូដា គាត់បានរៀបរាប់ថា៖ «ការបញ្ជាក់យ៉ាងច្បាស់អំពីការគោរពបូជាព្រះតែមួយប៉ុណ្ណោះ ប្រឆាំងនឹងការគោរពបូជាព្រះជាច្រើន . . . ស៊ីម៉ាធ្វើឲ្យសេចក្ដីបង្រៀនអំពីព្រះបីរួមជាព្រះតែមួយរបស់ពិភពគ្រិស្តសាសនាមិនអាចយកជាការបានដោយចាត់ទុកថាសេចក្ដីបង្រៀននោះប្រទាំងគ្នានឹងការពិតដែលថាព្រះគឺតែមួយ»។a
ដោយសារលោកយេស៊ូបានកើតមកជាជនជាតិយូដា លោកក៏បានត្រូវណែនាំឲ្យធ្វើតាមបង្គាប់នេះដែរ។ ពេលមេកំណាចមកល្បួងលោកយេស៊ូ ក្រោយលោកទទួលការជ្រមុជទឹក នោះលោកបានមានប្រសាសន៍ថា៖ «នែ! សាថាន! ចូរទៅឆ្ងាយពីខ្ញុំទៅ! ពីព្រោះបទគម្ពីរចែងថា៖ ‹គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលអ្នកត្រូវគោរពប្រណិប័តន៍ ហើយគឺសម្រាប់តែលោកប៉ុណ្ណោះ ដែលអ្នកត្រូវបំពេញកិច្ចបម្រើពិសិដ្ឋ›»។ (ម៉ាថាយ ៤:១០; ចោទិយកថា ៦:១៣) ពីហេតុការណ៍នេះ យ៉ាងហោចណាស់យើងអាចរៀនចំណុចពីរ។ ទី១ សាថានព្យាយាមល្បួងលោកយេស៊ូឲ្យគោរពប្រណិប័តន៍វាជាជាងព្រះយេហូវ៉ា។ ប៉ុន្តែបើលោកយេស៊ូជាផ្នែកមួយរបស់ព្រះ ការល្បួងនេះនឹងមិនសមហេតុផលទេ។ ទី២ លោកយេស៊ូបានបញ្ជាក់យ៉ាងច្បាស់ថា មានព្រះតែមួយប៉ុណ្ណោះដែលត្រូវគោរពប្រណិប័តន៍ ពេលលោកមានប្រសាសន៍ថា៖ «សម្រាប់តែលោកប៉ុណ្ណោះ» មិនមែន«សម្រាប់តែយើងប៉ុណ្ណោះ»ទេ។ ប៉ុន្តែ បើលោកយេស៊ូជាផ្នែកនៃព្រះបីរួមតែមួយមែន លោកនឹងនិយាយពាក្យ«យើង»វិញ។
ពេលមនុស្សចាប់ផ្ដើមមានចំណេះត្រឹមត្រូវអំពីព្រះ និងចង់បម្រើលោក ពួកគេត្រូវជ្រមុជទឹក«ក្នុងនាមបិតាដែលស្ថិតនៅស្ថានសួគ៌ ក្នុងនាមបុត្ររបស់លោក និងក្នុងនាមសកម្មពលបរិសុទ្ធរបស់លោក»។ (ម៉ាថាយ ២៨:១៩) នេះមានន័យថាពួកគេយល់និងទទួលស្គាល់អំណាចគ្រប់គ្រងរបស់ព្រះយេហូវ៉ា រួមទាំងតួនាទីរបស់លោកយេស៊ូគ្រិស្តក្នុងការបំពេញគោលបំណងរបស់ព្រះយេហូវ៉ា។ (ទំនុកតម្កើង ៨៣:១៨; ម៉ាថាយ ២៨:១៨) ពួកគេក៏យល់អំពីគោលបំណង និងតួនាទីនៃសកម្មពលបរិសុទ្ធរបស់ព្រះដែរ។—លោកុប្បត្តិ ១:២; កាឡាទី ៥:២២, ២៣; ពេត្រុសទី២ ១:២១
សេចក្ដីបង្រៀនអំពីព្រះបីរួមតែមួយបានធ្វើឲ្យមនុស្សភាន់ច្រឡំអស់រាប់សតវត្សរ៍មកហើយ។ ប៉ុន្តែ លោកយេស៊ូបានឲ្យចំណេះដល់ពួកអ្នកកាន់តាមលោក ហើយបានដឹកនាំពួកគេឲ្យទៅឯព្រះយេហូវ៉ាដែលជាព្រះពិតតែមួយ។—យ៉ូហាន ១៧:៣
[កំណត់សម្គាល់]
a ការប្រកាសទទួលស្គាល់ថាព្រះគឺតែមួយ បានត្រូវរៀបរាប់ក្នុងស៊ីម៉ា។ ស៊ីម៉ាគឺជាសេចក្ដីអធិដ្ឋានរបស់ជនជាតិយូដាដែលមានមូលដ្ឋានលើចោទិយកថា ៦:៤ ហើយជាផ្នែកសំខាន់មួយនៃការគោរពប្រណិប័តន៍របស់ពួកគេនៅសាលាប្រជុំ។
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៩]
Musée du Louvre, Paris