ពួកអ្នកត្រួតពិនិត្យនិងពួកអ្នកងារជំនួយបានតែងតាំងឡើងដោយព្រះធិបតេយ្យ
«ចូរអ្នករាល់គ្នាប្រយ័តខ្លួន ហើយខំថែរក្សាហ្វូងសិស្ស ដែលព្រះវិញ្ញាណបរិសុទ្ធបានតាំងអ្នករាល់គ្នា ឲ្យធ្វើជាអ្នកគង្វាលដល់គេ»។—កិច្ចការ ២០:២៨
១, ២. តើអេសាយ ៦០:២២ កំពុងតែសម្រេចយ៉ាងដូចម្ដេច?
ជាយូរយារមកហើយ ព្រះយេហូវ៉ាបានទាយប្រាប់ថានឹងមានអ្វីមួយដ៏អស្ចារ្យ ដែលនឹងកើតឡើងក្នុងគ្រាចុងបញ្ចប់។ តាមរយៈព្យាការីអេសាយ គឺបានថ្លែងថា៖ «អ្នកតូចបំផុតនឹងត្រឡប់ជាមនុស្ស១ពាន់ ហើយពួកមានគ្នាតិច នឹងត្រឡប់ទៅជាសាសន៍១យ៉ាងពូកែ អញនេះគឺព្រះយេហូវ៉ា អញនឹងបញ្ជឿនឲ្យការនេះឆាប់កើតឡើងនៅពេលកំណត់»។—អេសាយ ៦០:២២
២ តើមានទីសំអាងដែលថាទំនាយនេះកំពុងតែសម្រេចនៅសព្វថ្ងៃនេះឬទេ? ប្រាកដមែនហើយ! ក្នុងកំឡុងទសវត្សរ៍នៃឆ្នាំ១៨៧០ នោះក្រុមជំនុំមួយនៃរាស្ត្ររបស់ព្រះយេហូវ៉ាបានស្ថាបនាឡើងនៅក្នុងទីក្រុងអាលីគេនី រដ្ឋប៉ិនស៊ីវ៉ានី ស.រ.អ.។ ពីការចាប់ផ្ដើមដ៏តូចនេះ នោះមានក្រុមជំនុំរាប់ម៉ឺនបានស្ថាបនាឡើង ដែលកំពុងតែរីកចំរើនទូទាំងពិភពលោក។ ពួកអ្នកប្រកាសព្រះរាជាណាចក្ររាប់លាននាក់ ដែលជាសាសន៍មួយយ៉ាងពូកែ ឥឡូវនេះកំពុងតែចូលរួមក្នុងជាង៩១.០០០ក្រុមជំនុំ នៅ២៣៥ប្រទេសនៅជុំវិញផែនដីនេះ។ យ៉ាងប្រាកដហើយ នេះបញ្ជាក់ថា ព្រះយេហូវ៉ាកំពុងតែបញ្ជឿនការប្រមូលយកពួកអ្នកថ្វាយបង្គំពិត មុននឹងការផ្ទុះឡើងនៃ«សេចក្ដីវេទនាជាខ្លាំង» ដែលជិតមកដល់ហើយ។—ម៉ាថាយ ២៤:២១; វិវរណៈ ៧:៩-១៤
៣. តើការទទួលបុណ្យជ្រមុជទឹក‹ដោយនូវព្រះនាមនៃព្រះវរបិតា ព្រះរាជបុត្រា និងវិញ្ញាណបរិសុទ្ធ›មានន័យយ៉ាងណា?
៣ ក្រោយពីបានឧទ្ទិសថ្វាយខ្លួនដល់ព្រះយេហូវ៉ា ដែលសមស្របតាមសេចក្ដីបង្ហាត់បង្រៀនរបស់ព្រះយេស៊ូ នោះពួកមនុស្សរាប់លាននាក់នេះ បានទទួលបុណ្យជ្រមុជទឹក«ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធ»។ (ម៉ាថាយ ២៨:១៩) ដោយទទួលបុណ្យជ្រមុជទឹក«ដោយនូវព្រះនាមព្រះវរបិតា» មានន័យថា ពួកបុគ្គលទាំងនេះដែលបានថ្វាយខ្លួន ទទួលស្គាល់ព្រះយេហូវ៉ាជាព្រះវរបិតានៅស្ថានសួគ៌ និងជាព្រះអង្គប្រទានជីវិត ហើយចុះចូលតាមអធិបតេយ្យរបស់ទ្រង់។ ការទទួលបុណ្យជ្រមុជទឹក‹ដោយនូវព្រះនាមនៃព្រះរាជបុត្រា› បង្ហាញថាពួកគេទទួលស្គាល់ព្រះយេស៊ូគ្រីស្ទជាអ្នកលោះ មេដឹកនាំ និងជាស្តេចរបស់គេ។ ពួកគេក៏ទទួលស្គាល់នូវមុខនាទីនៃវិញ្ញាណបរិសុទ្ធ ឬក៏សកម្មពលរបស់ព្រះ ក្នុងការដឹកនាំជីវិតរបស់គេដែរ។ នេះបង្ហាញឲ្យឃើញថា ពួកគេបានទទួលបុណ្យជ្រមុជទឹក‹ដោយនូវនាមនៃវិញ្ញាណបរិសុទ្ធ›។
៤. តើពួកអ្នកបំរើជាគ្រីស្ទានបានត្រូវតែងតាំងឡើងយ៉ាងដូចម្ដេច?
៤ នៅឯពិធីបុណ្យជ្រមុជទឹករបស់គេ នោះពួកសិស្សថ្មីបានត្រូវតែងតាំងឡើងជាពួកអ្នកបំរើរបស់ព្រះយេហូវ៉ា។ តើអ្នកណាដែលតែងតាំងពួកគេ? ពាក្យដែលបានកត់ទុកនៅកូរិនថូសទី២ ៣:៥ គឺជាគោលការណ៍ទាក់ទងដល់ពួកគេ ដែលថា៖ «ដែលយើងខ្ញុំពូកែ[ជាអ្នកបំរើ] នោះមកតែពីព្រះទេ»។ នេះជាកិត្ដិយសដ៏ល្អណាស់ហ្ន៎! ដែលពួកគេបានត្រូវតែងតាំងឡើងដោយព្រះយេហូវ៉ាផ្ទាល់នោះ។ ក្រោយពីពិធីបុណ្យជ្រមុជទឹករបស់គេ នោះពួកគេនឹងបន្តរីកចំរើនខាងវិញ្ញាណ ជាពួកអ្នកបំរើនៃ«ដំណឹងល្អ» ឲ្យតែពួកគេទទួលការដឹកនាំពីវិញ្ញាណរបស់ព្រះ និងបន្តអនុវត្តតាមបន្ទូលរបស់ទ្រង់នោះ។—ម៉ាថាយ ២៤:១៤; កិច្ចការ ៩:៣១
ការតែងតាំងដោយព្រះធិបតេយ្យ មិនមែនដោយប្រជាធិបតេយ្យទេ
៥. តើពួកអ្នកត្រួតពិនិត្យគ្រីស្ទាននិងពួកអ្នកងារជំនួយ បានជ្រើសរើសដោយប្រជាធិបតេយ្យឬទេ? សូមពន្យល់។
៥ ការមើលខុសត្រូវដោយពួកអ្នកត្រួតពិនិត្យដែលមានគុណវុឌ្ឍិ និងជំនួយពីពួកអ្នកងារជំនួយ គឺត្រូវការចាំបាច់ដើម្បីមើលថែរក្សាសេចក្ដីត្រូវការខាងវិញ្ញាណ នៃពួកអ្នកបំរើដ៏សកម្មដែលមានកាន់តែច្រើនឡើងៗ។ (ភីលីព ១:១) តើពួកបុរសទាំងនេះបានត្រូវតែងតាំងឡើងយ៉ាងដូចម្ដេច? គេមិនមែនតែងតាំងឡើងតាមវិធីដូចបានប្រើដោយពួកក្នុងពិភពគ្រីស្ទសាសនាទេ។ ជាឧទាហរណ៍ ពួកអ្នកត្រួតពិនិត្យគ្រីស្ទាន មិនបានត្រូវបោះឆ្នោតរើសដោយប្រជាធិបតេយ្យទេ ដែលធម្មតាគឺទទួលឆ្នោតពីមនុស្សភាគច្រើន ដែលចូលរួមក្នុងក្រុមជំនុំមួយនោះ។ ផ្ទុយទៅវិញ ការតែងតាំងទាំងនេះ បានធ្វើឡើងដោយព្រះធិបតេយ្យ។ តើនេះមានន័យយ៉ាងណា?
៦. (ក) តើព្រះធិបតេយ្យពិតជាអ្វី? (ខ) ហេតុអ្វីបានជាការតែងតាំងពួកអ្នកត្រួតពិនិត្យ និងពួកអ្នកងារជំនួយ គឺប្រកបដោយព្រះធិបតេយ្យ?
៦ បើនិយាយឲ្យស្រួលយល់ទៅ ព្រះធិបតេយ្យពិត គឺជាការគ្រប់គ្រងដោយព្រះ។ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាចុះចូលនឹងការគ្រប់គ្រងរបស់ទ្រង់ ដោយស្ម័គ្រចិត្ត និងរួមដៃគ្នាដើម្បីធ្វើតាមបំណងព្រះហឫទ័យព្រះ។ (ទំនុកដំកើង ១៤៣:១០; ម៉ាថាយ ៦:៩, ១០) ការតែងតាំងពួកអ្នកត្រួតពិនិត្យគ្រីស្ទាន ឬពួកអ្នកចាស់ទុំ និងពួកអ្នកងារជំនួយគឺធ្វើឡើងដោយព្រះធិបតេយ្យ ពីព្រោះដំណើរការនៃការឲ្យសេចក្ដីយល់ព្រមនិងការតែងតាំងពួកបុរសបែបនេះ គឺធ្វើឡើងសមស្របតាមរបៀបរៀបចំរបស់ព្រះ ដូចបានរៀបរាប់ក្នុងបទគម្ពីរបរិសុទ្ធ។ ប្រាកដហើយ ជា«ប្រធានលើទាំងអស់» នោះព្រះយេហូវ៉ាមានសិទ្ធិដើម្បីសម្រេចនូវរបៀបដែលអង្គការដ៏មើលឃើញរបស់ទ្រង់ នឹងមានដំណើរការនោះ។—របាក្សត្រទី១ ២៩:១១; ទំនុកដំកើង ៩៧:៩
៧. តើស្មរបន្ទាល់ព្រះយេហូវ៉ាមានដំណើរការយ៉ាងដូចម្ដេច?
៧ ផ្ទុយនឹងក្រុមសាសនាជាច្រើនក្នុងពិភពគ្រីស្ទសាសនា នោះស្មរបន្ទាល់ព្រះយេហូវ៉ាមិនសម្រេចចិត្តខ្លួនគេ នូវបែបបទរចនាសម្ព័ន្ធខាងសាសនា ដែលពួកគេនឹងប្រតិបត្ដិការនោះទេ។ ពួកគ្រីស្ទានដែលមានចិត្តស្មោះទាំងនេះ ខំប្រឹងកាន់តាមខ្នាតតម្រារបស់ព្រះយេហូវ៉ា។ ពួកអ្នកត្រួតពិនិត្យក្នុងចំណោមពួកគេ មិនបានទទួលមុខតំណែងដោយបែបបទរចនាសម្ព័ន្ធខាងសាសនា ទោះជាក្រុមជំនុំ តាមលំដាប់សក្ដិ ឬក្រុមអភិជនណាឡើយ។ ប្រសិនបើមានរបស់ណាខាងលោកីយ៍នេះ ខំមករំខាននឹងការតែងតាំងទាំងនេះ នោះរាស្ត្ររបស់ព្រះយេហូវ៉ាបដិសេធមិនចុះចូលតាមឡើយ។ ដោយប្រកាន់យ៉ាងខ្ជាប់ ពួកគេរក្សានូវជំហរ ដែលបានសម្ដែងយ៉ាងត្រឹមត្រូវ ដោយពួកសាវ័កនៅសតវត្សទីមួយ ពេលដែលពួកគេបាននិយាយថា៖ «ត្រូវតែស្ដាប់បង្គាប់របស់ព្រះជាជាងមនុស្ស»។ (កិច្ចការ ៥:២៩) ដូច្នេះហើយ ពួកស្មរបន្ទាល់ចុះចូលតាមព្រះក្នុងគ្រប់ប្រការទាំងអស់។ (ហេព្រើរ ១២:៩; យ៉ាកុប ៤:៧) ការធ្វើតាមទម្រង់ការខាងព្រះធិបតេយ្យ នាំឲ្យមានការយល់ព្រមពីព្រះ។
៨. តើទម្រង់ការខាងប្រជាធិបតេយ្យនិងខាងព្រះធិបតេយ្យខុសគ្នាយ៉ាងណា?
៨ ជាពួកអ្នកបំរើរបស់ព្រះយេហូវ៉ា ដែលទ្រង់ជាព្រះធិបតេយ្យដ៏ឧត្តម នោះជាការល្អបើយើងចងចាំ នូវភាពខុសគ្នារវាងទម្រង់ការខាងប្រជាធិបតេយ្យនិងព្រះធិបតេយ្យ។ ទម្រង់ការខាងប្រជាធិបតេយ្យតម្រូវឲ្យមានការតំណាងស្មើគ្នា និងច្រើនតែមានការឃោសនាចំពោះមុខតំណែងនិងការបោះឆ្នោតដោយសម្លេងឆ្នោតភាគច្រើន។ ទម្រង់ការបែបនេះឥតទាក់ទិននឹងការតែងតាំងដោយព្រះធិបតេយ្យនោះទេ។ ការតែងតាំងទាំងនេះឥតបានមកពីមនុស្សទេ ឬក៏មិនមកពីសាជីវកម្មត្រឹមត្រូវតាមច្បាប់ឡើយ។ តាមមើលទៅ ដោយបង្ហើបប្រាប់ពីការតែងតាំងរបស់ខ្លួនពីព្រះយេស៊ូនិងព្រះយេហូវ៉ា ជា«សាវកដល់សាសន៍ដទៃ» នោះប៉ុលបានប្រាប់ពួកកាឡាទីថា គាត់បានត្រូវតែងតាំង«មិនមែនអំពីមនុស្ស ឬដោយសារមនុស្សទេ គឺដោយសារព្រះយេស៊ូវគ្រីស្ទ នឹងព្រះដ៏ជាព្រះវរបិតា ដែលបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងនោះវិញ»។—រ៉ូម ១១:១៣; កាឡាទី ១:១
បានតែងតាំងដោយវិញ្ញាណបរិសុទ្ធ
៩. តើកិច្ចការ ២០:២៨ ចែងយ៉ាងណាអំពីការតែងតាំងពួកអ្នកត្រួតពិនិត្យគ្រីស្ទាន?
៩ ប៉ុលបានរំឭកពួកអ្នកត្រួតពិនិត្យដែលកំពុងតែរស់នៅក្នុងទីក្រុងអេភេសូរ ថាពួកគេបានត្រូវតែងតាំងឡើងដោយព្រះតាមរយៈវិញ្ញាណបរិសុទ្ធ។ គាត់បាននិយាយថា៖ «ចូរអ្នករាល់គ្នាប្រយ័តខ្លួន ហើយខំថែរក្សាហ្វូងសិស្ស ដែលព្រះវិញ្ញាណបរិសុទ្ធបានតាំងអ្នករាល់គ្នា ឲ្យធ្វើជាអ្នកគង្វាលដល់គេ ដើម្បីឲ្យបានឃ្វាលពួកជំនុំរបស់ព្រះអម្ចាស់ ដែលទ្រង់បានទិញដោយព្រះលោហិត[រាជបុត្រា, ព.ថ]ព្រះអង្គទ្រង់ចុះ»។ (កិច្ចការ ២០:២៨) ពួកអ្នកត្រួតពិនិត្យគ្រីស្ទានទាំងនោះ ត្រូវការឲ្យវិញ្ញាណបរិសុទ្ធដឹកនាំគេជាបន្ត កាលដែលអនុវត្តភារកិច្ចរបស់គេ ជាពួកអ្នកគង្វាលហ្វូងចៀមរបស់ព្រះ។ ប្រសិនបើបុរសម្នាក់ដែលមានតំណែងដែលបានតែងតាំង លែងបំពេញតាមខ្នាតតម្រារបស់ព្រះ នោះក្រោយមក វិញ្ញាណបរិសុទ្ធនឹងមានដំណើរការដើម្បីដកគាត់ចេញពីតំណែងនោះ។
១០. តើយ៉ាងដូចម្ដេចដែលវិញ្ញាណបរិសុទ្ធមានមុខនាទីដ៏សំខាន់ ស្តីអំពីការតែងតាំងខាងព្រះធិបតេយ្យ?
១០ តើយ៉ាងដូចម្ដេចដែលវិញ្ញាណបរិសុទ្ធមានមុខនាទីដ៏សំខាន់? មុនដំបូង ឯកសារដែលចែងអំពីសេចក្ដីតម្រូវទាំងប៉ុន្មាន ចំពោះការមើលខុសត្រូវខាងវិញ្ញាណ បានត្រូវបណ្ដាលឲ្យតែងដោយវិញ្ញាណបរិសុទ្ធ។ ក្នុងសំបុត្រជូនធីម៉ូថេនិងទីតុស ប៉ុលបានរៀបរាប់អំពីខ្នាតតម្រាដែលពួកអ្នកត្រួតពិនិត្យនិងពួកអ្នកងារជំនួយ ត្រូវតែបំពេញនោះ។ សរុបទាំងអស់ទៅ គាត់បានរៀបរាប់សេចក្ដីតម្រូវប្រមាណ១៦ផ្សេងៗ។ ជាឧទាហរណ៍ ពួកអ្នកត្រួតពិនិត្យត្រូវជាអ្នកចាប់ទោសមិនបាន ទំលាប់ល្មមត្រឹមត្រូវ គំនិតសមហេតុផល មានសណ្ដាប់ធ្នាប់ ជាអ្នករាក់ទាក់ មានសមត្ថភាពដើម្បីបង្រៀន និងធ្វើគំរូដ៏ល្អជាមេគ្រួសារ។ ពួកគេត្រូវឲ្យមានការថ្លឹងថ្លែងស្តីអំពីការផឹកភេសជ្ជៈស្រវឹង មិនឲ្យជាអ្នកដែលស្រឡាញ់ប្រាក់ និងឲ្យចេះទប់ចិត្ត។ ខ្នាតតម្រាដ៏ខ្ពស់ស្រដៀងនេះ ក៏បានទុកសំរាប់ពួកបុរស ដែលឈោងយកចំពោះការតែងតាំងជាពួកអ្នកងារជំនួយដែរ។—ធីម៉ូថេទី១ ៣:១-១០, ១២, ១៣; ទីតុស ១:៥-៩
១១. តើមានគុណវុឌ្ឍិណាខ្លះដែលត្រូវតែបំពេញ ដោយពួកបុរសដែលឈោងយកភារកិច្ចក្នុងក្រុមជំនុំ?
១១ ការពិនិត្យមើលសាឡើងវិញនូវគុណវុឌ្ឍិទាំងនេះ បង្ហាញថាអស់អ្នកដែលនាំមុខក្នុងការថ្វាយបង្គំព្រះយេហូវ៉ា ត្រូវតែមានចរិយាគ្រីស្ទានដ៏គួរយកជាគំរូ។ ពួកបុរសដែលឈោងយកភារកិច្ចខាងក្រុមជំនុំ ត្រូវតែផ្ដល់ទីសំអាងថាវិញ្ញាណបរិសុទ្ធកំពុងតែមានអានុភាពលើពួកគេ។ (ធីម៉ូថេទី២ ១:១៤) គឺត្រូវតែឲ្យឃើញជាក់ស្តែងថា វិញ្ញាណរបស់ព្រះ គឺកំពុងតែបង្កើតផលក្នុងបុរសទាំងនេះ ដូចជា«សេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត»។ (កាឡាទី ៥:២២, ២៣) ផលផ្លែបែបនេះនឹងត្រូវសម្ដែងឡើង ពេលគេទាក់ទងជាមួយនឹងពួកអ្នកជឿគ្នីគ្នានិងពួកអ្នកដទៃ។ ប្រាកដហើយ អ្នកខ្លះប្រហែលជាពូកែសម្ដែងនូវផលផ្លែវិញ្ញាណណាមួយ កាលដែលអ្នកដទៃប្រហែលជាបំពេញនូវគុណវុឌ្ឍិនៃអ្នកត្រួតពិនិត្យ ដល់កំរិតប្រសើរជាង។ ប៉ុន្តែ ក្នុងលំនាំនៃជីវិតរបស់គេទាំងមូល អស់អ្នកដែលសង្ឃឹមចង់ឲ្យបានការតែងតាំងជាពួកអ្នកត្រួតពិនិត្យ ឬជាពួកអ្នកងារជំនួយ គួរសម្ដែងថាពួកគេជាបុរសខាងវិញ្ញាណ ដោយបំពេញតាមសេចក្ដីតម្រូវពីបន្ទូលរបស់ព្រះ។
១២. តើអ្នកណាដែលអាចនិយាយថា បានត្រូវតែងតាំងឡើងដោយវិញ្ញាណបរិសុទ្ធនោះ?
១២ នៅពេលដែលប៉ុលបានដាស់តឿនអ្នកដទៃឲ្យត្រាប់តាមគាត់ គាត់អាចធ្វើអ៊ីចឹងដោយមានសេរីភាពខាងការនិយាយ ពីព្រោះខ្លួនគាត់ផ្ទាល់បានត្រាប់តាមព្រះគ្រីស្ទ ដែល«ទុកដំរាប់ ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់»។ (ពេត្រុសទី១ ២:២១; កូរិនថូសទី១ ១១:១) អស់អ្នកដែលបំពេញតាមសេចក្ដីតម្រូវក្នុងបទគម្ពីរ ក្នុងពេលដែលគេបានតែងតាំង ជាពួកអ្នកត្រួតពិនិត្យ ឬជាពួកអ្នកងារជំនួយ គឺអាចនិយាយថា ពួកគេបានត្រូវតែងតាំងឡើងដោយវិញ្ញាណបរិសុទ្ធ។
១៣. តើតាមរបៀបណាដែលវិញ្ញាណបរិសុទ្ធ ជួយក្នុងការផ្ដល់ឲ្យការយល់ព្រមនៃពួកបុរស ដើម្បីឲ្យបំរើក្នុងក្រុមជំនុំ?
១៣ គឺមានកត្ដាមួយទៀត ដែលបង្ហាញនូវរបៀបដែលវិញ្ញាណបរិសុទ្ធមានដំណើរការ ស្តីអំពីការយល់ព្រមនិងការតែងតាំងពួកអ្នកត្រួតពិនិត្យ។ ព្រះយេស៊ូបានមានបន្ទូលថា‹ព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ នឹងប្រទានវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូមទ្រង់›។ (លូកា ១១:១៣) ដូច្នេះនៅពេលដែលពួកអ្នកចាស់ទុំក្នុងក្រុមជំនុំជួបជុំគ្នា ដើម្បីមានការយល់ព្រមឲ្យពួកបុរសមានភារកិច្ចក្នុងក្រុមជំនុំ នោះពួកគេអធិស្ឋានសុំវិញ្ញាណរបស់ព្រះ ឲ្យដឹកនាំពួកគេ។ ស្តីអំពីការយល់ព្រមរបស់ពួកគេ នោះពួកអ្នកចាស់ទុំសំអាងទៅលើអ្វីដែលបានចែងក្នុងបន្ទូលរបស់ព្រះ ដែលបានត្រូវវិញ្ញាណបណ្ដាលឲ្យតែងនិងវិញ្ញាណបរិសុទ្ធ ដើម្បីជួយគេឲ្យយល់ថាតើបុគ្គលម្នាក់នេះ ដែលគេកំពុងតែពិគ្រោះចំពោះការតែងតាំង បំពេញតាមសេចក្ដីតម្រូវទាំងប៉ុន្មានក្នុងព្រះគម្ពីរឬក៏យ៉ាងណា។ អាការក្រៅ ជំនាញខាងការអប់រំ ឬសមត្ថភាពដែលមានពីកំណើតមក មិនគួរមានអានុភាពយ៉ាងហួសហេតុលើអស់អ្នកដែលកំពុងតែផ្ដល់ឲ្យការយល់ព្រមនោះឡើយ។ ការប្រមូលអារម្មណ៍ដ៏សំខាន់របស់ពួកគេត្រូវតែសំដៅទៅលើថា តើបុគ្គលម្នាក់ជាបុរសដែលមានភាពខាងវិញ្ញាណ ជាបុគ្គលដែលពួកសមាជិកក្នុងក្រុមជំនុំ ឥតមានចិត្តស្ទាក់ស្ទើរនឹងមករកឱវាទខាងវិញ្ញាណ។
១៤. តើយើងរៀនអ្វីពីកិច្ចការ ៦:១-៣?
១៤ ថ្វីបើគណៈនៃពួកអ្នកចាស់ទុំ ចូលរួមជាមួយនឹងពួកអ្នកធ្វើដំណើរត្រួតពិនិត្យ ក្នុងការផ្ដល់ឲ្យការយល់ព្រមសំរាប់បងប្អូនប្រុសៗ ដើម្បីបំរើជាអ្នកចាស់ទុំនិងជាអ្នកងារជំនួយក៏ដោយ តែការតែងតាំងពិតគឺបានធ្វើឡើង សមស្របតាមលំនាំនៅក្នុងសតវត្សទីមួយ។ នៅគ្រាមួយ គឺត្រូវការឲ្យពួកបុរសដែលមានគុណវុឌ្ឍិខាងវិញ្ញាណ ដើម្បីមើលខុសត្រូវកិច្ចការដ៏សំខាន់មួយ។ គណៈអភិបាលបានផ្ដល់ឲ្យនូវសេចក្ដីបង្គាប់ដូចតទៅនេះថា៖ «ដូច្នេះ បងប្អូនអើយ! ចូររើសយក៧នាក់ក្នុងពួកអ្នករាល់គ្នា ជាអ្នកមានឈ្មោះល្អ ពេញជាព្រះវិញ្ញាណបរិសុទ្ធ នឹងប្រាជ្ញានោះយើងខ្ញុំនឹងតាំងគេឲ្យត្រួតត្រាលើការងារនេះ»។ (កិច្ចការ ៦:១-៣) ថ្វីបើពួកបុរសដែលបានទាក់ទងនឹងស្ថានការណ៍ផ្ទាល់ខ្លួនបានទទួលការយល់ព្រមក៏ដោយ តែការតែងតាំងបានធ្វើឡើងដោយពួកបុរស ដែលមានភារកិច្ចធ្វើអ៊ីចឹងនៅឯទីក្រុងយេរូសាឡិមវិញ។ លំនាំស្រដៀងនេះក៏បានកាន់តាមនៅសព្វថ្ងៃនេះដែរ។
១៥. តើគណៈអភិបាលមានការជាប់ទាក់ទងយ៉ាងណា ក្នុងការតែងតាំងពួកបុរសនោះ?
១៥ គណៈអភិបាលនៃស្មរបន្ទាល់ព្រះយេហូវ៉ាតែងតាំង នូវពួកសមាជិកនៃគណៈកម្មាធិការសាខាដោយផ្ទាល់។ នៅពេលសម្រេចចិត្តថាអ្នកណា ដែលអាចទទួលនូវភារកិច្ចដ៏ធ្ងន់ធ្ងរនេះ នោះគណៈអភិបាលចាំនូវសេចក្ដីថ្លែងរបស់ព្រះយេស៊ូ ដែលថា៖ «ឯអស់អ្នកណាដែលគេប្រគល់ទុកជាច្រើនឲ្យ នោះគេនឹងទារជាច្រើនពីអ្នកនោះវិញ គេនឹងសូមលើសទៅទៀត ពីអ្នកណាដែលគេបានផ្ញើទុកជាច្រើនផង»។ (លូកា ១២:៤៨) ក្រៅពីតែងតាំងសមាជិកនៃគណៈកម្មាធិការសាខា នោះគណៈអភិបាលក៏តែងតាំងពួកអ្នកចាស់ទុំដែលបំរើនៅបេតអែល និងពួកអ្នកធ្វើដំណើរត្រួតពិនិត្យដែរ។ ប៉ុន្តែ ពួកគេចាត់ឲ្យបងប្អូនប្រុសៗដែលអាចទុកចិត្តបាន ឲ្យប្រព្រឹត្តជំនួសគេក្នុងការធ្វើការតែងតាំងខ្លះៗ។ គឺធ្លាប់មានរឿងបែបនេះពីមុនមក ដែលមានមូលដ្ឋានក្នុងបទគម្ពីរ។
‹ចូរធ្វើការតែងតាំង ដូចជាខ្ញុំបានបង្គាប់អ្នករួចហើយ›
១៦. ហេតុអ្វីបានជាប៉ុលទុកទីតុសឲ្យនៅកោះក្រេត និងតើនេះបង្ហាញអ្វីស្តីអំពីការតែងតាំងខាងព្រះធិបតេយ្យសព្វថ្ងៃនេះ?
១៦ ប៉ុលបានប្រាប់ទីតុសដែលជាអ្នកធ្វើការជាមួយគាត់ ថា៖ «ខ្ញុំបានទុកឲ្យអ្នកនៅកោះក្រេត ដើម្បីនឹងរៀបចំការដែលនៅខ្វះ ឲ្យស្រួលបួលឡើង ហើយនឹងតាំងឲ្យមានពួកចាស់ទុំនៅគ្រប់ទាំងទីក្រុង»។ (ទីតុស ១:៥) រួចមក ប៉ុលក៏បានរៀបរាប់នូវគុណវុឌ្ឍិ ដែលទីតុសត្រូវរកក្នុងពួកបុរស ដែលនឹងមានគុណវុឌ្ឍិគ្រប់គ្រាន់ចំពោះការតែងតាំងបែបនេះ។ ដូច្នេះហើយ សព្វថ្ងៃនេះ គណៈអភិបាលតែងតាំងបងប្អូនប្រុសដែលមានគុណវុឌ្ឍិនៅឯសាខាទាំងឡាយ ដើម្បីតំណាងគេក្នុងការធ្វើការតែងតាំងពួកអ្នកចាស់ទុំ និងពួកអ្នកងារជំនួយ។ គឺមានការប្រយ័ត្នប្រយែងមែន ដែលអស់អ្នកដែលប្រព្រឹត្តតំណាងគណៈអភិបាល យល់យ៉ាងច្បាស់និងធ្វើតាមគោលការណ៍ណែនាំពីបទគម្ពីរ ចំពោះការធ្វើការតែងតាំងបែបនេះ។ ដូច្នេះហើយ គឺនៅក្រោមការដឹកនាំរបស់គណៈអភិបាល ដែលពួកបុរសមានគុណវុឌ្ឍិបានតែងតាំងឡើង ដើម្បីបំរើក្នុងក្រុមជំនុំនៃស្មរបន្ទាល់ព្រះយេហូវ៉ាទូទាំងពិភពលោក។
១៧. តើការយល់ព្រមចំពោះការតែងតាំងពួកអ្នកត្រួតពិនិត្យ និងពួកអ្នកងារជំនួយ បានធ្វើឡើងនៅការិយាល័យសាខាយ៉ាងដូចម្ដេច?
១៧ នៅពេលដែលការយល់ព្រមចំពោះការតែងតាំងពួកអ្នកត្រួតពិនិត្យ និងពួកអ្នកងារជំនួយ បានបញ្ជូនទៅការិយាល័យសាខានៃសមាគមប៉មយាម នោះពួកបុរសដែលមានបទពិសោធន៍ទុកចិត្តលើវិញ្ញាណរបស់ព្រះ ចំពោះការណែនាំ ក្នុងការធ្វើការតែងតាំងនេះ។ ពួកបុរសទាំងនេះដឹងនូវការទទួលខុសត្រូវ ដោយដឹងថាពួកគេមិនប្រញាប់ដាក់ដៃលើអ្នកណា ដើម្បីកុំឲ្យមានការចូលរួមក្នុងអំពើបាបរបស់គាត់។—ធីម៉ូថេទី១ ៥:២២
១៨, ១៩. (ក) តើការតែងតាំងខ្លះបានត្រូវបញ្ជូនមកយ៉ាងដូចម្ដេច? (ខ) តើដំណើរការនៃការយល់ព្រមចំពោះការតែងតាំងទាំងមូល បានធ្វើឡើងយ៉ាងដូចម្ដេច?
១៨ ការតែងតាំងខ្លះអាចបញ្ជូនដោយសំបុត្រមួយ ដែលបានត្រូវបោះត្រាតាមផ្លូវការពីសាជីវកម្មត្រឹមត្រូវតាមច្បាប់។ សំបុត្របែបនេះអាចប្រើដើម្បីតែងតាំងបងប្អូនប្រុសៗក្នុងក្រុមជំនុំ។
១៩ ការតែងតាំងខាងព្រះធិបតេយ្យមកពីព្រះយេហូវ៉ាតាមរយៈបុត្រាទ្រង់ និងខ្សែរយៈនៅលើផែនដីដែលមើលឃើញ គឺ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› ដែលរួមបញ្ចូលគណៈអភិបាល។ (ម៉ាថាយ ២៤:៤៥-៤៧) ដំណើរការទាំងមូលនៃការយល់ព្រមនិងការតែងតាំងបែបនេះ គឺបានដឹកនាំឬណែនាំដោយវិញ្ញាណបរិសុទ្ធ។ នេះគឺបានធ្វើឡើងដូច្នេះ ពីព្រោះគុណវុឌ្ឍិទាំងប៉ុន្មានដែលបានរៀបរាប់ក្នុងព្រះបន្ទូល ដែលបានបណ្ដាលឲ្យតែងដោយវិញ្ញាណបរិសុទ្ធ និងបុគ្គលដែលបានតែងតាំងនេះ ផ្ដល់នូវទីសំអាងនៃការបង្កើតនូវផលផ្លែនៃវិញ្ញាណនោះ។ ដូច្នេះ ការតែងតាំង ត្រូវចាត់ទុកជាការធ្វើឡើងដោយវិញ្ញាណបរិសុទ្ធវិញ។ ដូចជាពួកអ្នកត្រួតពិនិត្យនិងពួកអ្នកងារជំនួយ បានត្រូវតែងតាំងដោយព្រះធិបតេយ្យនៅក្នុងសតវត្សទីមួយ ដូច្នេះនៅសព្វថ្ងៃនេះក៏មានការធ្វើអ៊ីចឹងដែរ។
ការដឹងគុណចំពោះការ ណែនាំរបស់ព្រះយេហូវ៉ា
២០. ហេតុអ្វីបានជាយើងមានមនោសញ្ចេតនាដូចដាវីឌ ដែលបានកត់ទុកនៅទំនុកដំកើង ១៣៣:១?
២០ ក្នុងគ្រានៃភាពចំរើនខាងវិញ្ញាណ និងការចំរើនខាងព្រះធិបតេយ្យក្នុងសកម្មភាពផ្សព្វផ្សាយព្រះរាជាណាចក្រ យើងមានអំណរគុណដែលព្រះយេហូវ៉ាគឺច្រើនតែមើលខុសត្រូវ ចំពោះការតែងតាំងនៃពួកអ្នកត្រួតពិនិត្យនិងពួកអ្នកងារជំនួយ។ របៀបរៀបចំខាងបទគម្ពីរនេះ ជួយឲ្យរក្សានូវខ្នាតតម្រាដ៏ខ្ពស់ខាងសេចក្ដីសុចរិត ក្នុងចំណោមយើងជាស្មរបន្ទាល់ព្រះយេហូវ៉ា។ ម្យ៉ាងវិញទៀត គតិគ្រីស្ទាននិងការខំប្រឹងដ៏ខ្នះខ្នែងនៃពួកបុរសទាំងនេះ នាំឲ្យយើងជាពួកអ្នកបំរើរបស់ព្រះយេហូវ៉ា មានសន្ដិភាពនិងឯកភាពដ៏អស្ចារ្យយ៉ាងច្រើន។ ដូច្នេះ ដូចជាដាវីឌដ៏ជាអ្នកតែងបទទំនុកដំកើង បានជំរុញទឹកចិត្តយើងឲ្យលាន់មាត់ថា៖ «មើល! ដែលបងប្អូននៅមូលជាមួយគ្នា ដោយចិត្តព្រមព្រៀង នោះជាការល្អ ហើយសមគួរយ៉ាងណាទៅ»។—ទំនុកដំកើង ១៣៣:១
២១. តើអេសាយ ៦០:១៧ កំពុងតែសម្រេចនៅសព្វថ្ងៃនេះយ៉ាងណា?
២១ យើងមានអំណរគុណណាស់ហ្ន៎! ចំពោះការដឹកនាំរបស់ព្រះយេហូវ៉ាតាមរយៈព្រះបន្ទូលទ្រង់ និងវិញ្ញាណបរិសុទ្ធនោះ។ ប្រាកដហើយ ពាក្យដែលបានកត់ទុកនៅអេសាយ ៦០:១៧ គឺមានអត្ថន័យមែន ដែលថា៖ «អញនឹងនាំមាសមកឲ្យជំនួសលង្ហិន ប្រាក់ឲ្យជំនួសដែក លង្ហិនឲ្យជំនួសឈើ ហើយដែកឲ្យជំនួសថ្មផង អញនឹងយកសេចក្ដីសុខធ្វើជារដ្ឋបាលឯង ហើយឲ្យសេចក្ដីសុចរិតជាអ្នកគ្រប់គ្រងលើឯងផង»។ កាលដែលទម្រង់ការខាងព្រះធិបតេយ្យ បានអនុវត្តយ៉ាងពេញលេញជាបណ្ដើរៗក្នុងចំណោមស្មរបន្ទាល់ព្រះយេហូវ៉ា នោះយើងបានពិសោធនូវស្ថានភាពដែលមានប្រសិទ្ធិពរទូទាំងអង្គការលើផែនដីរបស់ព្រះ។
២២. តើយើងមានអំណរគុណចំពោះអ្វី ហើយតើយើងគួរតែប្ដេជ្ញាចិត្តធ្វើអ្វី?
២២ យើងមានអំណរគុណយ៉ាងខ្លាំងមែន ចំពោះរបៀបរៀបចំខាងព្រះធិបតេយ្យ ដែលមានក្នុងចំណោមយើងនេះ។ ហើយយើងមានចិត្តអបអរយ៉ាងខ្លាំង នូវកិច្ចការដ៏នឿយហត់ ប៉ុន្តែដ៏ស្កប់ចិត្ត ដែលបានធ្វើដោយពួកអ្នកត្រួតពិនិត្យនិងពួកអ្នកងារជំនួយ ដែលបានតែងតាំងឡើងដោយព្រះធិបតេយ្យ។ ដោយស្មោះអស់ពីចិត្ត យើងលើកតម្កើងព្រះវរបិតារបស់យើងដែលប្រកបដោយសេចក្ដីស្រឡាញ់នៅស្ថានសួគ៌ ដែលបានប្រទានឲ្យយើងនូវភាពចំរើនខាងវិញ្ញាណ និងដែលប្រទានពរយ៉ាងវិសេសដល់យើង។ (សុភាសិត ១០:២២) ដូច្នេះហើយ សូមឲ្យយើងខំតាំងចិត្តដើម្បីឈានទៅមុខជាមួយអង្គការរបស់ព្រះយេហូវ៉ា។ អ្វីដែលសំខាន់បំផុតគឺ សូមឲ្យយើងបន្តបំរើគ្នាដោយសាមគ្គីភាព ដើម្បីផ្ដល់កិត្ដិយស សេចក្ដីសរសើរ និងសិរីរុងរឿងដល់ព្រះនាមដ៏ឧត្តមនិងបរិសុទ្ធរបស់ព្រះយេហូវ៉ា។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• ហេតុអ្វីបានជាយើងអាចនិយាយថា ការតែងតាំងពួកអ្នកត្រួតពិនិត្យ និងពួកអ្នកងារជំនួយ គឺប្រកបដោយព្រះធិបតេយ្យ មិនមែនដោយប្រជាធិបតេយ្យ?
• តើពួកគ្រីស្ទានដែលទទួលការខុសត្រូវ
បានត្រូវតែងតាំង ដោយវិញ្ញាណបរិសុទ្ធយ៉ាងដូចម្ដេច?
• តើតាមរបៀបណាដែលគណៈអភិបាលជាប់ទាក់ទងនឹងការតែងតាំងពួកអ្នកត្រួតពិនិត្យ និងពួកអ្នកងារជំនួយ?
• ស្តីអំពីការតែងតាំងខាងព្រះធិបតេយ្យ ហេតុអ្វីបានជាយើងគួរមានអំណរគុណនឹងព្រះយេហូវ៉ា?
[រូបភាពនៅទំព័រ២៣]
ពួកអ្នកចាស់ទុំនិងពួកអ្នកងារជំនួយ មានឯកសិទ្ធិបំរើដោយការតែងតាំងដោយព្រះធិបតេយ្យ