ជំពូកទីដប់ពីរ
អត្ថន័យនៃពិធីជ្រមុជទឹករបស់អ្នក
១. ហេតុអ្វីក៏ពិធីជ្រមុជទឹកគួរជាទីចាប់អារម្មណ៍ចំពោះខ្លួនយើងផ្ទាល់?
នៅក្នុងឆ្នាំ២៩ ស.យ.យ៉ូហានបានធ្វើជ្រមុជទឹកថ្វាយព្រះយេស៊ូនៅទន្លេយ័រដាន់។ ព្រះយេហូវ៉ាក៏បានទតឃើញនិងបានបង្ហាញនូវការយល់ព្រមដែរ។ (ម៉ាថាយ ៣:១៦, ១៧) ដូច្នេះហើយ ព្រះយេស៊ូបានតាំងគំរូទុកឲ្យពួកសិស្សរបស់ទ្រង់ធ្វើតាម។ បីឆ្នាំប្រាំមួយខែក្រោយមក ព្រះយេស៊ូប្រទាននូវសេចក្ដីណែនាំនេះដល់ពួកសិស្សរបស់ទ្រង់ថា៖ «គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ ហើយលើផែនដីផង ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធចុះ!»។ (ម៉ាថាយ ២៨:១៨, ១៩) តើអ្នកបានទទួលបុណ្យជ្រមុជទឹកស្របតាមអ្វីដែលព្រះយេស៊ូបានបង្គាប់ឬទេ? បើមិនដូច្នេះទេ តើអ្នកកំពុងតែត្រៀមលក្ខណៈធ្វើតាមបង្គាប់របស់ព្រះយេស៊ូឬទេ?
២. ស្តីអំពីពិធីជ្រមុជទឹក តើមានសំនួរណាខ្លះដែលត្រូវការចម្លើយនោះ?
២ ទោះជាអ្នកបានទទួលបុណ្យជ្រមុជទឹករួចហើយ ឬបំរុងនឹងទទួលបុណ្យជ្រមុជទឹកក៏ដោយ ការយល់ច្បាស់អំពីពិធីជ្រមុជទឹកគឺសំខាន់ចំពោះគ្រប់គ្នាដែលចង់បំរើព្រះយេហូវ៉ា និងចង់រស់នៅក្នុងពិភពលោកថ្មីដ៏សុចរិតរបស់ទ្រង់។ សំនួរដែលត្រូវការចម្លើយ គឺមានដូចជា៖ តើពិធីជ្រមុជទឹករបស់ជនគ្រីស្ទានសព្វថ្ងៃនេះមានអត្ថន័យដូចគ្នានឹងពិធីជ្រមុជទឹករបស់ព្រះយេស៊ូឬទេ? តើការទទួលបុណ្យជ្រមុជទឹក«[ក្នុង]ព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធ»មានន័យយ៉ាងណា? តើការរស់នៅតាមអ្វីដែលពិធីជ្រមុជទឹកតំណាងនោះរួមបញ្ចូលអ្វីខ្លះ?
ពិធីជ្រមុជទឹកដែលយ៉ូហានបានធ្វើ
៣. តើពិធីជ្រមុជទឹកដែលយ៉ូហានធ្វើនោះគឺសំរាប់តែពួកណា?
៣ ប្រាំមួយខែមុននឹងព្រះយេស៊ូទទួលបុណ្យជ្រមុជទឹក នោះយ៉ូហាន-បាទីស្ទបានចេញទៅផ្សព្វផ្សាយក្នុងទីរហោស្ថាននៃស្រុកយូដា ដោយពោលថា៖ «ចូរឲ្យប្រែចិត្តចុះ! ដ្បិតនគរស្ថានសួគ៌ជិតដល់ហើយ»។ (ម៉ាថាយ ៣:១, ២) ប្រជាជនបានឮអ្វីដែលយ៉ូហានបានប្រកាស ហើយក៏ធ្វើតាមសេចក្ដីដាស់តឿននោះផងដែរ។ ពួកគេបានសារភាពនូវអំពើបាបរបស់ពួកគេដោយឥតលាក់លៀម និងបានប្រែចិត្តពីកំហុសនោះ ហើយក៏បានមកឯយ៉ូហានឲ្យគាត់ធ្វើបុណ្យជ្រមុជទឹកឲ្យក្នុងទន្លេយ័រដាន់។ ពិធីជ្រមុជទឹកនោះគឺសំរាប់តែសាសន៍យូដាទេ។—លូកា ១:១៣-១៦; កិច្ចការ ១៣:២៣, ២៤
៤. ហេតុអ្វីក៏សាសន៍យូដានៅសតវត្សទីមួយត្រូវតែប្រែចិត្តជាបន្ទាន់នោះ?
៤ ពួកយូដាទាំងនោះត្រូវតែប្រែចិត្តជាបន្ទាន់។ ព្រោះឰយុកោរបស់ពួកគេបានចូលក្នុងកិច្ចព្រមព្រៀងជាតិ ដែលជាកិច្ចព្រមព្រៀងដ៏ឧឡារិកនិងជាផ្លូវការជាមួយនឹងព្រះយេហូវ៉ានៅឆ្នាំ១៥១៣ ម.ស.យ.នៅឯភ្នំស៊ីណាយ។ ប៉ុន្តែ ដោយសារអំពើបាបដ៏លាមករបស់ពួកឰយុកោទាំងនោះ ពួកគេពុំបានបំពេញភារកិច្ចរបស់ពួកគេតាមកិច្ចព្រមព្រៀងនោះទេ ដូច្នេះពួកគេត្រូវបានផ្ដន្ទាទោសដោយកិច្ចព្រមព្រៀងនោះវិញ។ មកដល់សម័យរបស់ព្រះយេស៊ូ នោះសភាពនៃបាបរបស់ពួកគេគឺកាន់តែធ្ងន់ធ្ងរឡើងៗ។ «ថ្ងៃដ៏ធំហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ា»ដែលម៉ាឡាគីបានទាយគឺជិតដល់ហើយ។ «ថ្ងៃ»នោះបានមកដល់នៅឆ្នាំ៧០ ស.យ. ពេលពួកទ័ពរ៉ូមបានកំទេចចោលទីក្រុងយេរូសាឡិម និងព្រះវិហារនៅទីនោះ ហើយថែមទាំងសម្លាប់ពួកគេអស់ជាងមួយលាននាក់។ យ៉ូហានអ្នកធ្វើបុណ្យជ្រមុជទឹក ដែលមានចិត្តខ្នះខ្នែងចំពោះការថ្វាយបង្គំពិត បានត្រូវបញ្ជូនឲ្យទៅ«រៀបចំមនុស្ស១ពួកទុកជាស្រេច សំរាប់ជារាស្ត្ររបស់ព្រះអម្ចាស់» មុននឹងសេចក្ដីហិនវិនាសនោះមកដល់។ សាសន៍យូដាត្រូវតែប្រែចិត្តពីអំពើបាបរបស់ពួកគេ ដែលបានបំពានលើកិច្ចព្រមព្រៀងខាងក្រិត្យវិន័យរបស់ម៉ូសេ។ ហើយជួយពួកគេត្រៀមខ្លួនជាមុនដើម្បីទទួលរាជបុត្រារបស់ព្រះ ដែលព្រះយេហូវ៉ាបានបញ្ជូនទ្រង់ទៅឯពួកគេនោះ។—ម៉ាឡាគី ៤:៤-៦; លូកា ១:១៧; កិច្ចការ ១៩:៤
៥. (ក) ពេលព្រះយេស៊ូបានមកទទួលបុណ្យជ្រមុជទឹក ហេតុអ្វីបានជាយ៉ូហានប្រកែក? (ខ) តើពិធីជ្រមុជទឹករបស់ព្រះយេស៊ូតំណាងអ្វី?
៥ ព្រះយេស៊ូក៏នៅក្នុងចំណោមបណ្ដាជនដែលមកឯយ៉ូហាន ដើម្បីនឹងទទួលបុណ្យជ្រមុជពីគាត់ដែរ។ ប៉ុន្តែ ហេតុអ្វី? យ៉ូហានដឹងថា ព្រះយេស៊ូឥតមានអំពើបាបដើម្បីមកសារភាពនោះទេ។ យ៉ូហានក៏បានទូលទ្រង់ថា៖ «ដូចម្ដេចបានជាទ្រង់យាងមកឯទូលបង្គំ គឺទូលបង្គំដែលត្រូវទទួលបុណ្យជ្រមុជពីទ្រង់វិញទេតើ?»។ ប៉ុន្តែ ពិធីជ្រមុជទឹករបស់ព្រះយេស៊ូ គឺត្រូវតំណាងអ្វីមួយផ្សេងទៀត។ ដូច្នេះ ព្រះយេស៊ូបានតបថា៖ «ចូរធ្វើម្ដងនេះចុះ! ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្ដីសុចរិតយ៉ាងដូច្នេះ»។ (ម៉ាថាយ ៣:១៣-១៥) ពិធីជ្រមុជទឹករបស់ព្រះយេស៊ូមិនបានតំណាងការប្រែចិត្តពីអំពើបាបនោះទេ ពីព្រោះទ្រង់ឥតមានបាបសោះ ហើយក៏មិនមានន័យថា ទ្រង់ត្រូវថ្វាយខ្លួនទ្រង់ចំពោះព្រះយេហូវ៉ាឡើយ ពីព្រោះទ្រង់ជាសមាជិកនៃសាសន៍ដែលបានថ្វាយខ្លួនចំពោះព្រះយេហូវ៉ារួចទៅហើយ។ ផ្ទុយទៅវិញ ការទទួលបុណ្យជ្រមុជទឹកពេលទ្រង់មានព្រះជន្ម៣០ឆ្នាំ គឺមានលក្ខណៈពិសេសចំពោះទ្រង់ ហើយពិធីជ្រមុជទឹកនេះក៏តំណាងផងដែរនូវការប្រគល់អង្គទ្រង់ចំពោះព្រះវរបិតាទ្រង់នៅស្ថានសួគ៌ ដើម្បីធ្វើតាមបំណងព្រះហឫទ័យឯទៀតរបស់ព្រះ។
៦. តើការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ គឺសំខាន់យ៉ាងណាចំពោះព្រះយេស៊ូ?
៦ បំណងព្រះហឫទ័យរបស់ព្រះចំពោះព្រះគ្រីស្ទយេស៊ូ គឺរួមបញ្ចូលកិច្ចការដែលទាក់ទងនឹងព្រះរាជាណាចក្រនៃព្រះ។ (លូកា ៨:១) ព្រះហឫទ័យព្រះក៏រួមបញ្ចូលផងដែរនូវការបូជាជីវិតរបស់ទ្រង់ជាមនុស្សដ៏គ្រប់ល័ក្ខណ៍ទុកជាតម្លៃលោះ និងជាមូលដ្ឋាននៃកិច្ចព្រមព្រៀងថ្មី។ (ម៉ាថាយ ២០:២៨; ២៦:២៦-២៨; ហេព្រើរ ១០:៥-១០) ព្រះយេស៊ូចាត់ទុកពិធីជ្រមុជទឹករបស់ទ្រង់ជាពិធីដ៏សំខាន់ណាស់។ ទ្រង់មិនឲ្យស្មារតីរបស់ទ្រង់ត្រូវបង្វែរដោយរឿងអ្វីផ្សេងៗឡើយ។ ទ្រង់បានធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះយ៉ាងស្មោះត្រង់រហូតដល់ទីបញ្ចប់នៃព្រះជន្មរបស់ទ្រង់លើផែនដីនេះ ដោយចាត់ទុកការផ្សព្វផ្សាយព្រះរាជាណាចក្រនៃព្រះ ជាកិច្ចការដ៏ចំបងរបស់ទ្រង់។—យ៉ូហាន ៤:៣៤
ពិធីជ្រមុជទឹករបស់ពួកសិស្សគ្រីស្ទាន
៧. តាំងពីបុណ្យថ្ងៃទី៥០នៅឆ្នាំ៣៣ ស.យ. តើពួកគ្រីស្ទានបានត្រូវបង្គាប់ឲ្យធ្វើអ្វីដែលទាក់ទងនឹងពិធីជ្រមុជទឹក?
៧ យ៉ូហានបានធ្វើបុណ្យជ្រមុជទឹកឲ្យពួកសិស្សដំបូងរបស់ព្រះយេស៊ូ ហើយក្រោយមកក៏បញ្ជូនពួកគេទៅឲ្យព្រះយេស៊ូ ឲ្យមានលទ្ធភាពក្លាយជាសមាជិកនៅអនាគតក្នុងព្រះរាជាណាចក្រនៅស្ថានសួគ៌។ (យ៉ូហាន ៣:២៥-៣០) ក្រោមការដឹកនាំរបស់ព្រះយេស៊ូ នោះពួកសិស្សទាំងនេះក៏បានធ្វើបុណ្យជ្រមុជទឹកឲ្យមនុស្សដទៃដែរ ហើយពិធីជ្រមុជទឹកដែលពួកគេធ្វើ ក៏មានអត្ថន័យដូចគ្នានឹងពិធីជ្រមុជទឹកដែលយ៉ូហានបានធ្វើដែរ។ (យ៉ូហាន ៤:១, ២) ប៉ុន្តែ ចាប់ផ្ដើមពីបុណ្យថ្ងៃទី៥០នៅឆ្នាំ៣៣ ស.យ. ពួកសិស្សក៏ចាប់ផ្ដើមសម្រេចនូវមុខងារនៃការធ្វើបុណ្យជ្រមុជទឹកឲ្យ«ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធ»។ (ម៉ាថាយ ២៨:១៩) អ្នកនឹងទទួលនូវផលប្រយោជន៍ជាច្រើន ពេលអ្នកពិនិត្យមើលនូវអត្ថន័យនៃបុណ្យជ្រមុជទឹកបែបនោះ។
៨. តើការទទួលបុណ្យជ្រមុជទឹក«ដោយនូវព្រះនាមព្រះវរបិតា»មានន័យយ៉ាងណា?
៨ តើការទទួលបុណ្យជ្រមុជទឹក«ដោយនូវព្រះនាមព្រះវរបិតា»មានន័យយ៉ាងណា? នេះសំដៅទៅលើការទទួលស្គាល់ព្រះនាមរបស់ទ្រង់ ទទួលស្គាល់តំណែង អំណាចគ្រប់គ្រង គោលបំណង និងច្បាប់របស់ទ្រង់។ ចូរគិតអំពីអ្វីដែលនេះរួមបញ្ចូល។ (១) ចំពោះព្រះនាមរបស់ទ្រង់ ទំនុកដំកើង ៨៣:១៨ ចែងថា៖ «គឺទ្រង់តែ១អង្គ ព្រះនាមជាយេហូវ៉ា ដែលជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល»។ (២) ស្តីអំពីតំណែងរបស់ទ្រង់ ពង្សាវតារក្សត្រទី២ ១៩:១៥ ចែងថា៖ ‹ឱព្រះយេហូវ៉ា គឺទ្រង់តែមួយជាព្រះដ៏ពិត›។ (៣) ចំពោះអំណាចគ្រប់គ្រងរបស់ទ្រង់ វិវរណៈ ៤:១១ ចែងថា៖ «ឱព្រះអម្ចាស់ ជាព្រះនៃយើងរាល់គ្នាអើយ! ទ្រង់គួរនឹងទទួលសិរីល្អ កិត្ដិនាម នឹងព្រះចេស្ដា ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក ហើយគឺដោយបំណងព្រះហឫទ័យទ្រង់ហើយ ដែលរបស់ទាំងនោះបានកើតមក ហើយមាននៅផង»។ (៤) យើងក៏ត្រូវទទួលស្គាល់ថា ព្រះយេហូវ៉ាជាព្រះអង្គប្រទានជីវិត ដែលមានបំណងសង្គ្រោះយើងពីបាបនិងសេចក្ដីស្លាប់។ «ឯសេចក្ដីសង្គ្រោះ នោះស្រេចនៅព្រះយេហូវ៉ា»។ (ទំនុកដំកើង ៣:៨; ៣៦:៩) (៥) យើងត្រូវតែទទួលស្គាល់ព្រះយេហូវ៉ាជាព្រះដែលមានសិទ្ធិច្រើនបំផុតក្នុងការប្រទានច្បាប់ដល់យើង។ «ព្រះយេហូវ៉ាទ្រង់ជាចៅក្រមនៃយើងរាល់គ្នា ព្រះយេហូវ៉ាទ្រង់ជាអ្នកតែងច្បាប់ឲ្យយើងរាល់គ្នា ព្រះយេហូវ៉ាទ្រង់ជាមហាក្សត្រនៃយើងរាល់គ្នា»។ (អេសាយ ៣៣:២២) ពីព្រោះព្រះយេហូវ៉ាមានតំណែងទាំងនេះ នោះយើងបានត្រូវដាស់តឿនថា៖ «ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង»។—ម៉ាថាយ ២២:៣៧
៩. តើការទទួលបុណ្យជ្រមុជទឹក«ដោយនូវព្រះនាម . . . ព្រះរាជបុត្រា»មានន័យយ៉ាងណា?
៩ តើការទទួលបុណ្យជ្រមុជទឹក«ដោយនូវព្រះនាម . . . ព្រះរាជបុត្រា»មានន័យយ៉ាងណា? នេះក៏មានន័យថាទទួលស្គាល់ព្រះនាម តំណែង និងអំណាចគ្រប់គ្រងរបស់ព្រះយេស៊ូគ្រីស្ទផងដែរ។ ព្រះនាមរបស់ព្រះយេស៊ូមានន័យថា «ព្រះយេហូវ៉ាជាសេចក្ដីសង្គ្រោះ»។ ព្រះយេស៊ូទទួលតំណែងរបស់ទ្រង់ ដោយសារទ្រង់ជារាជបុត្រាតែមួយគត់ដែលព្រះបង្កើតផ្ទាល់ ជាការបង្កើតដំបូងរបស់ព្រះ។ (ម៉ាថាយ ១៦:១៦; កូល៉ុស ១:១៥, ១៦) យ៉ូហាន ៣:១៦ ចែងអំពីរាជបុត្រារបស់ព្រះថា៖ «ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក[មនុស្សជាតិដែលអាចរំដោះពីបាប]ដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»។ ដោយសារព្រះយេស៊ូបានរក្សាភាពស្មោះត្រង់រហូតដល់ទ្រង់សោយទិវង្គតនោះ ព្រះបានប្រោសឲ្យព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ និងប្រទានឲ្យទ្រង់នូវអំណាចគ្រប់គ្រងថែមទៀត។ យោងទៅតាមសាវ័កប៉ុល ព្រះ«បានលើកទ្រង់ឡើងយ៉ាងខ្ពស់»ក្នុងសកលលោកឲ្យទទួលឋានៈខ្ពស់បន្ទាប់ពីព្រះយេហូវ៉ា។ ហេតុនេះហើយបានជា«កាលណាឮព្រះនាមព្រះយេស៊ូវ នោះឲ្យគ្រប់ទាំងជង្គង់ . . . ហើយឲ្យគ្រប់ទាំងអណ្ដាតបានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអម្ចាស់ សំរាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតា»។ (ភីលីព ២:៩-១១) នេះបានសេចក្ដីថា យើងស្ដាប់បង្គាប់តាមបញ្ញត្តរបស់ព្រះយេស៊ូ ដែលបានចេញមកពីព្រះយេហូវ៉ាផ្ទាល់នោះ។—យ៉ូហាន ១៥:១០
១០. តើការទទួលបុណ្យជ្រមុជទឹក«ដោយនូវព្រះនាម . . . ព្រះវិញ្ញាណបរិសុទ្ធ»មានន័យយ៉ាងណា?
១០ តើការទទួលបុណ្យជ្រមុជទឹក«ដោយនូវព្រះនាម . . . ព្រះវិញ្ញាណបរិសុទ្ធ»មានន័យយ៉ាងណា? នេះមានន័យថា យើងទទួលស្គាល់នូវតួនាទីនិងសកម្មភាពនៃព្រះវិញ្ញាណបរិសុទ្ធ។ តើព្រះវិញ្ញាណបរិសុទ្ធជាអ្វី? ព្រះវិញ្ញាណបរិសុទ្ធគឺជាសកម្មពលរបស់ព្រះយេហូវ៉ា ដែលទ្រង់ប្រើដើម្បីសម្រេចគោលបំណងរបស់ទ្រង់។ ព្រះយេស៊ូមានបន្ទូលប្រាប់ពួកអ្នកកាន់តាមទ្រង់ថា៖ ‹នោះខ្ញុំនឹងទូលសូមដល់ព្រះវរបិតា ហើយទ្រង់នឹងប្រទានជំនួយ មកអ្នករាល់គ្នាឲ្យបានគង់នៅជាមួយនៅអស់កល្បរៀងទៅ គឺជាព្រះវិញ្ញាណនៃសេចក្ដីពិត›។ (យ៉ូហាន ១៤:១៦, ១៧) តើព្រះវិញ្ញាណនឹងជួយពួកគេឲ្យធ្វើអ្វីទៅ? ព្រះយេស៊ូមានបន្ទូលប្រាប់ពួកគេទៀតថា៖ «កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្ដា ហើយនឹងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា នឹងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង»។ (កិច្ចការ ១:៨) តាមរយៈព្រះវិញ្ញាណបរិសុទ្ធ នោះព្រះយេហូវ៉ាក៏បានបណ្ដាលឲ្យតែងព្រះគម្ពីរដែរ គឺថា៖ «សេចក្ដីទំនាយមិនដែលមក ដោយបំណងចិត្តមនុស្សទេ គឺជាមនុស្សបរិសុទ្ធរបស់ព្រះ ដែលបានទាយ ដោយសារព្រះវិញ្ញាណបរិសុទ្ធទ្រង់បណ្ដាលវិញ»។ (ពេត្រុសទី២ ១:២១) ដូច្នេះ យើងត្រូវទទួលស្គាល់តួនាទីនៃព្រះវិញ្ញាណបរិសុទ្ធ ពេលយើងសិក្សាព្រះគម្ពីរ។ វិធីមួយទៀត ដែលយើងទទួលស្គាល់តួនាទីនៃព្រះវិញ្ញាណបរិសុទ្ធ គឺដោយទូលសុំព្រះយេហូវ៉ាឲ្យជួយយើងបង្កើត«ផលផ្លែនៃព្រះវិញ្ញាណ»។ នោះគឺជា«សេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត»។—កាឡាទី ៥:២២, ២៣
១១. (ក) តើពិធីជ្រមុជទឹកនៅសម័យយើងមានន័យយ៉ាងណា? (ខ) តើតាមរបៀបណាដែលពិធីជ្រមុជទឹក គឺប្រៀបដូចជាស្លាប់ទៅ ហើយត្រូវងើបឡើងវិញ?
១១ ពួកអ្នកដំបូងដែលបានទទួលបុណ្យជ្រមុជទឹកសមស្របតាមសេចក្ដីបង្គាប់របស់ព្រះយេស៊ូ គឺជាសាសន៍យូដានិងអ្នកចូលសាសនាយូដា ដែលបានចាប់ផ្ដើមនៅឆ្នាំ៣៣ ស.យ.។ ក្រោយពីនោះបន្ដិចមក ឱកាសដ៏វិសេសនេះ ក្នុងការធ្វើជាសិស្សព្រះគ្រីស្ទ គឺមានសំរាប់ពួកសាសន៍សាម៉ារី។ បន្ទាប់មកនៅឆ្នាំ៣៦ ស.យ. សេចក្ដីអញ្ជើញនេះក៏មានការអញ្ជើញចំពោះសាសន៍ដទៃដែលឥតកាត់ស្បែកផងដែរ។ ពួកសាសន៍សាម៉ារីនិងសាសន៍ដទៃត្រូវតែធ្វើការថ្វាយខ្លួនផ្ទាល់ចំពោះព្រះយេហូវ៉ាដើម្បីបំរើទ្រង់និងជាសិស្សនៃរាជបុត្រារបស់ទ្រង់ មុននឹងពួកគេទទួលបុណ្យជ្រមុជទឹក។ នេះក៏បន្តមានន័យដូច្នេះរហូតមកដល់សព្វថ្ងៃនេះចំពោះពិធីជ្រមុជទឹករបស់គ្រីស្ទាន។ ការជ្រមុជរូបកាយទាំងមូលទៅក្នុងទឹកគឺជានិមិត្តរូបដ៏សមហេតុផលនៃការឧទ្ទិសថ្វាយខ្លួនចំពោះព្រះ ពីព្រោះពិធីជ្រមុជទឹកគឺជាកិច្ចបញ្ចុះសពជានិមិត្តរូប។ ពេលដែលអ្នកត្រូវពន្លិចទៅក្នុងទឹក នេះតំណាងថាអ្នកបានស្លាប់ពីគន្លងជីវិតដើមរបស់អ្នក។ ពេលដែលអ្នកងើបចេញពីទឹកវិញ តំណាងថាអ្នកមានជីវិតឡើងវិញដើម្បីធ្វើតាមបំណងព្រះហឫទ័យនៃព្រះ។ ‹ពិធីជ្រមុជទឹកមួយ›នេះគឺសំរាប់តែពួកអ្នកដែលនឹងក្លាយទៅជាគ្រីស្ទានពិត។ នៅឯពិធីបុណ្យជ្រមុជទឹក នោះពួកគេក្លាយទៅជាគ្រីស្ទាន ដែលជាស្មរបន្ទាល់ព្រះយេហូវ៉ា និងជាអ្នកបំរើដែលបានតែងតាំងរបស់ព្រះ។—អេភេសូរ ៤:៥; កូរិនថូសទី២ ៦:៣, ៤
១២. តើអ្វីជាគំរូនៃពិធីជ្រមុជទឹកចំពោះគ្រីស្ទាន? ហើយតើនោះជាគំរូយ៉ាងដូចម្ដេច?
១២ តាមទស្សនៈរបស់ព្រះ ពិធីជ្រមុជទឹកបែបនេះមានប្រយោជន៍យ៉ាងច្រើនក្នុងការសង្គ្រោះជីវិត ជាឧទាហរណ៍ ក្រោយពីពេត្រុសរៀបរាប់ថា ណូអេបានសាងសង់ទូកធំ ដែលគាត់និងគ្រួសាររបស់គាត់ចូលក្នុងទូកឲ្យបានសង្គ្រោះពីទឹកជំនន់ នោះពេត្រុសក៏បានសរសេរថា៖ «នោះហើយជាគំរូពីបុណ្យជ្រមុជ ដែលជួយសង្គ្រោះអ្នករាល់គ្នាសព្វថ្ងៃនេះ មិនមែនជាការសំអាតក្អែលរបស់រូបសាច់ចេញទេ គឺជាសេចក្ដីសន្មតិរបស់បញ្ញាចិត្តដ៏ជ្រះថ្លាចំពោះព្រះវិញ ដោយសារព្រះយេស៊ូវគ្រីស្ទទ្រង់មានព្រះជន្មរស់ឡើងវិញ»។ (ពេត្រុសទី១ ៣:២១) ទូកធំនេះជាភស្តុតាងដ៏ជាក់ច្បាស់ថា ណូអេបានធ្វើកិច្ចការដែលព្រះបានចាត់ឲ្យគាត់ធ្វើយ៉ាងស្មោះស្ម័គ្រ។ ក្រោយពីសាងសង់ទូកធំនេះចប់ហើយ នោះ‹លោកីយត្រូវទឹកជន់លិចបំផ្លាញទៅ›។ (ពេត្រុសទី២ ៣:៦) ប៉ុន្តែ ណូអេនិងក្រុមគ្រួសាររបស់គាត់«គឺ៨នាក់ប៉ុណ្ណោះដែលបានរួចដោយសារទឹក»។—ពេត្រុសទី១ ៣:២០
១៣. តើគ្រីស្ទានម្នាក់ត្រូវសង្គ្រោះពីអ្វីដោយសារពិធីជ្រមុជទឹក?
១៣ សព្វថ្ងៃនេះ អស់អ្នកដែលបានថ្វាយខ្លួនចំពោះព្រះយេហូវ៉ា ដែលមានជំនឿជាមូលដ្ឋានលើព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ អ្នកនោះក៏ទទួលបុណ្យជ្រមុជទឹកដើម្បីបង្ហាញនូវការថ្វាយខ្លួននោះដែរ។ ពួកគេនឹងធ្វើតាមបំណងព្រះហឫទ័យនៃព្រះនៅសព្វថ្ងៃនេះ ហើយពួកគេនឹងត្រូវសង្គ្រោះពីលោកីយ៍ដ៏អាក្រក់ជួជាតិនៅបច្ចុប្បន្ននេះដែរ។ (កាឡាទី ១:៣, ៤) ពួកគេនឹងលែងធ្វើដំណើរឆ្ពោះទៅកាន់សេចក្ដីហិនវិនាស ដូចរបបលោកីយ៍ដ៏អាក្រក់ជួជាតិសព្វថ្ងៃនេះទៀតហើយ។ ពួកគេនឹងត្រូវសង្គ្រោះពីសេចក្ដីហិនវិនាស និងទទួលមនសិការជ្រះថ្លាពីព្រះ។ សាវ័កយ៉ូហានធានាពួកអ្នកបំរើរបស់ព្រះថា៖ «លោកីយនេះ នឹងសេចក្ដីប៉ងប្រាថ្នារបស់វា នោះកំពុងកន្លងទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ»។—យ៉ូហានទី១ ២:១៧
ការរស់នៅឲ្យស្របតាម ការថ្វាយខ្លួននិងពិធីជ្រមុជទឹករបស់យើង
១៤. ហេតុអ្វីបានជាពិធីជ្រមុជទឹកប៉ុណ្ណោះ មិនអាចធានារ៉ាប់រងថាយើងនឹងទទួលសេចក្ដីសង្គ្រោះនោះ?
១៤ គឺខុសហើយបើយើងសន្និដ្ឋានថា ការទទួលបុណ្យជ្រមុជទឹកប៉ុណ្ណោះ អាចធានារ៉ាប់រងថាយើងនឹងទទួលសេចក្ដីសង្គ្រោះនោះ។ ពិធីជ្រមុជទឹកមានប្រយោជន៍លុះត្រាតែបុគ្គលនោះ ពិតជាបានថ្វាយខ្លួនចំពោះព្រះយេហូវ៉ា តាមរយៈព្រះយេស៊ូគ្រីស្ទ ហើយក្រោយមកធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ ដោយមានចិត្តស្មោះត្រង់រហូតដល់ទីបញ្ចប់។ «តែអ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុតវិញ អ្នកនោះនឹងបានសង្គ្រោះ»។—ម៉ាថាយ ២៤:១៣
១៥. (ក) តើអ្វីជាបំណងព្រះហឫទ័យនៃព្រះសព្វថ្ងៃនេះ សំរាប់គ្រីស្ទានដែលបានទទួលបុណ្យជ្រមុជទឹក? (ខ) តើការធ្វើជាសិស្សរបស់ព្រះយេស៊ូ គួរមានសារៈសំខាន់យ៉ាងណាក្នុងជីវិតរបស់យើង?
១៥ ចំពោះព្រះយេស៊ូ ការធ្វើតាមបំណងព្រះហឫទ័យនៃព្រះរួមបញ្ចូលរបៀបដែលទ្រង់ប្រើព្រះជន្មរបស់ទ្រង់ជាមនុស្ស។ ព្រះជន្មរបស់ទ្រង់នឹងត្រូវផ្ដល់ជាយញ្ញបូជា។ ក្នុងករណីរបស់យើង រូបកាយរបស់យើងនឹងត្រូវប្រគល់ថ្វាយព្រះ ហើយយើងត្រូវធ្វើពលិកម្មខ្លួន ដើម្បីធ្វើតាមបំណងព្រះហឫទ័យនៃព្រះ។ (រ៉ូម ១២:១, ២) យើងច្បាស់ជាមិនធ្វើតាមបំណងព្រះហឫទ័យនៃព្រះទេ បើយើងយូរៗម្ដងប្រព្រឹត្តដូចមនុស្សក្នុងលោកីយ៍ដោយចេតនា ឬស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនទុកជាអ្វីដ៏សំខាន់ក្នុងជីវិតយើង ឬធ្វើកិច្ចបំរើបន្ដិចបន្តួចថ្វាយព្រះ។ (ពេត្រុសទី១ ៤:១-៣; យ៉ូហានទី១ ២:១៥, ១៦) ពេលជនជាតិយូដាម្នាក់បានទូលសួរព្រះយេស៊ូ ថាគាត់ត្រូវធ្វើយ៉ាងណាដើម្បីបានជីវិតអស់កល្បជានិច្ច នោះព្រះយេស៊ូក៏ទទួលស្គាល់នូវសារៈសំខាន់ នៃការដើរតាមគន្លងសីលធម៌ស្អាតស្អំនោះដែរ។ ប៉ុន្តែ ក្រោយមក ទ្រង់បានចង្អុលប្រាប់នូវអ្វីដែលសំខាន់ជាង៖ គឺថា គាត់ត្រូវជាសិស្សព្រះគ្រីស្ទឬថាជាអ្នកកាន់តាមព្រះយេស៊ូ។ នេះត្រូវតែជាអ្វីដែលមានអាទិភាពដ៏ចំបងក្នុងជីវិត។ នេះក៏ត្រូវជាអ្វីសំខាន់ជាងការស្វែងរកទ្រព្យសម្បត្ដិទៅទៀតដែរ។—ម៉ាថាយ ១៩:១៦-២១
១៦. (ក) តើពួកគ្រីស្ទានទាំងអស់មានភារកិច្ចយ៉ាងណា ដែលទាក់ទងនឹងព្រះរាជាណាចក្រនៃព្រះ? (ខ) ដូចត្រូវបង្ហាញនូវទំព័រ១១៦និង១១៧ តើមានវិធីណាខ្លះដែលយើងអាចមានប្រសិទ្ធិភាព ក្នុងការផ្សព្វផ្សាយអំពីសារព្រះរាជាណាចក្រ? (គ) តើការចូលរួមធ្វើបន្ទាល់ដ៏ស្មោះអស់ពីចិត្ត ផ្ដល់ភស្តុតាងអំពីអ្វី?
១៦ យើងសូមបញ្ជាក់ម្ដងទៀតថា បំណងព្រះហឫទ័យនៃព្រះចំពោះព្រះយេស៊ូ រួមបញ្ចូលសកម្មភាពដ៏សំខាន់ទាក់ទងនឹងព្រះរាជាណាចក្រនៃព្រះ។ ព្រះយេស៊ូអង្គទ្រង់ផ្ទាល់បានត្រូវតែងតាំងឡើងជាស្តេច។ ប៉ុន្តែ ពេលទ្រង់គង់នៅលើផែនដី ទ្រង់ក៏ធ្វើបន្ទាល់យ៉ាងខ្នះខ្នែងស្តីអំពីព្រះរាជាណាចក្រនៃព្រះ។ យើងក៏មានកិច្ចការធ្វើបន្ទាល់ស្រដៀងគ្នាដែរ ហើយយើងគួរធ្វើកិច្ចការនេះដោយស្មោះអស់ពីចិត្ត។ ពេលយើងធ្វើកិច្ចការនេះដោយស្មោះអស់ពីចិត្ត យើងបង្ហាញថា យើងមានកតញ្ញូធម៌ចំពោះអធិបតេយ្យរបស់ព្រះយេហូវ៉ា ព្រមទាំងមានសេចក្ដីស្រឡាញ់ចំពោះមនុស្សគ្នីគ្នា។ (ម៉ាថាយ ២២:៣៦-៤០) យើងក៏បង្ហាញថា យើងមានសាមគ្គីភាពជាមួយអ្នកថ្វាយបង្គំគ្នីគ្នាទូទាំងពិភពលោក ដែលពួកគេជាអ្នកប្រកាសព្រះរាជាណាចក្ររបស់ព្រះដែរ។ ដោយមានសាមគ្គីភាពពេញពិភពលោក យើងខំឈានទៅកាន់គោលដៅនៃជីវិតអស់កល្បជានិច្ចនៅលើផែនដី ក្រោមការគ្រប់គ្រងនៃព្រះរាជាណាចក្រនេះ។
ការពិគ្រោះសាឡើងវិញ
• តើពិធីជ្រមុជទឹករបស់ព្រះយេស៊ូនិងពិធីជ្រមុជទឹកសព្វថ្ងៃនេះ
មានភាពស្រដៀងគ្នានិងភាពខុសគ្នាយ៉ាងណា?
• តើការទទួលបុណ្យជ្រមុជទឹក«ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធ»មានន័យយ៉ាងណា?
• តើភារកិច្ចដែលមកពីការធ្វើជ្រមុជទឹកជាគ្រីស្ទានម្នាក់ រួមបញ្ចូលអ្វីខ្លះ?
[រូបភាពនៅទំព័រ១១៦, ១១៧]
វិធីខ្លះៗដើម្បីប្រកាសសារព្រះរាជាណាចក្រ
ពីផ្ទះមួយទៅផ្ទះមួយ
ដល់ញាតិសន្ដាន
ដល់អ្នកធ្វើការជាមួយគ្នា
ដល់មិត្តរួមថ្នាក់
តាមផ្លូវថ្នល់
ដោយត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍
ការសិក្សាព្រះគម្ពីរតាមផ្ទះ