ជំពូកទី១២
លោកយេស៊ូទទួលការជ្រមុជទឹក
ម៉ាថាយ ៣:១៣-១៧ ម៉ាកុស ១:៩-១១ លូកា ៣:២១, ២២ យ៉ូហាន ១:៣២-៣៤
លោកយេស៊ូបានទទួលការជ្រមុជទឹក ហើយបានត្រូវរើសតាំង
ព្រះយេហូវ៉ាប្រកាសថាលោកយេស៊ូជាបុត្ររបស់លោក
ប្រហែលជា៦ខែក្រោយពីយ៉ូហានដែលជាអ្នកជ្រមុជទឹកចាប់ផ្ដើមផ្សព្វផ្សាយ លោកយេស៊ូដែលឥឡូវមានអាយុប្រហែលជា៣០ឆ្នាំ មកជួបយ៉ូហាននៅទន្លេយ៉ូដាន់។ ហេតុអ្វី? លោកមិនមែនទៅសួរសុខទុក្ខយ៉ូហាន ហើយក៏មិនមែនទៅមើលការរីកចម្រើនរបស់យ៉ូហានក្នុងកិច្ចផ្សព្វផ្សាយដែរ។ ប៉ុន្តែ លោកយេស៊ូទៅជួបយ៉ូហានគឺដើម្បីសុំគាត់ឲ្យជ្រមុជទឹកលោក។
យើងអាចយល់អារម្មណ៍របស់យ៉ូហាន ពេលគាត់បដិសេធថា៖ «គឺខ្ញុំទេដែលត្រូវការលោកជ្រមុជទឹកឲ្យ ហើយហេតុអ្វីលោកមករកខ្ញុំវិញដូច្នេះ?»។ (ម៉ាថាយ ៣:១៤) យ៉ូហានដឹងថាលោកយេស៊ូគឺជាបុត្រពិសេសរបស់ព្រះ។ ហេតុអ្វី? អ្នកទំនងជានឹកឃើញអ្វីដែលម៉ារៀបានធ្វើ កាលដែលនាងកំពុងពពោះទារកយេស៊ូ គឺពេលនោះនាងបានទៅលេងអេលីសាបិតដែលកំពុងពពោះទារកយ៉ូហាន ហើយនៅពេលនោះទារកយ៉ូហានបានកញ្ជ្រោលឡើងដោយអំណរក្នុងផ្ទៃម្ដាយ។ ក្រោយមក ម្ដាយរបស់យ៉ូហានច្បាស់ជាបានប្រាប់គាត់អំពីហេតុការណ៍នោះ។ បន្ថែមទៀត គាត់ពិតជាបានដឹងអំពីការប្រកាសរបស់ទេវតាស្តីអំពីកំណើតរបស់លោកយេស៊ូ និងអំពីទេវតាដែលបានលេចមកឲ្យពួកគង្វាលឃើញនៅយប់ដែលលោកយេស៊ូកើតមក។
យ៉ូហានយល់ថាការជ្រមុជទឹកដែលគាត់កំពុងធ្វើគឺសម្រាប់អស់អ្នកដែលបានប្រែចិត្តពីអំពើខុសឆ្គង តែការជ្រមុជទឹកនេះមិនមែនសម្រាប់លោកយេស៊ូទេ ពីព្រោះលោកគ្មានភាពខុសឆ្គងឡើយ។ ទោះបីជាយ៉ូហានបដិសេធយ៉ាងណាក៏ដោយ លោកយេស៊ូនៅតែមានប្រសាសន៍ថា៖ «ចូរធ្វើម្ដងនេះចុះ ពីព្រោះគឺសមត្រឹមត្រូវឲ្យយើងសម្រេចគ្រប់ការសុចរិតតាមរបៀបនេះ»។—ម៉ាថាយ ៣:១៥
លោកយេស៊ូបានទទួលការជ្រមុជទឹក មិនមែនជាតំណាងការប្រែចិត្តពីអំពើខុសឆ្គងនោះទេ។ ដូច្នេះ ហេតុអ្វីជាការសមត្រឹមត្រូវដែលលោកយេស៊ូទទួលការជ្រមុជទឹក? លោកទទួលការជ្រមុជទឹកបង្ហាញថា លោកបានប្រគល់ខ្លួនជូនព្រះដែលជាបិតាលោក ដើម្បីធ្វើតាមបំណងប្រាថ្នារបស់ព្រះ។ (ហេប្រឺ ១០:៥-៧) លោកយេស៊ូធ្លាប់ធ្វើជាជាងឈើ តែឥឡូវនេះដល់ពេលដែលលោកចាប់ផ្ដើមបំពេញកិច្ចបម្រើព្រះ ហើយនេះជាមូលហេតុដែលបិតានៅស្ថានសួគ៌បានចាត់លោកឲ្យមកផែនដី។ ពេលយ៉ូហានជ្រមុជទឹកឲ្យលោកយេស៊ូ តើគាត់រំពឹងថានឹងមានអ្វីដ៏អស្ចារ្យកើតឡើងឬ? តើអ្នកគិតយ៉ាងណា?
ក្រោយមក យ៉ូហាននិយាយថា៖ «ព្រះដែលបានចាត់ខ្ញុំឲ្យមកជ្រមុជគេក្នុងទឹក បានមានប្រសាសន៍មកខ្ញុំថា៖ ‹អ្នកឃើញសកម្មពលរបស់ខ្ញុំចុះមកសណ្ឋិតនៅលើអ្នកណា គឺអ្នកនោះហើយជាអ្នកជ្រមុជគេក្នុងសកម្មពលបរិសុទ្ធរបស់ខ្ញុំ›»។ (យ៉ូហាន ១:៣៣) ដូច្នេះ យ៉ូហានរង់ចាំមើលសកម្មពលរបស់ព្រះមកសណ្ឋិតលើអ្នកណាម្នាក់ដែលគាត់ជ្រមុជទឹកឲ្យ។ ហេតុនេះ ពេលលោកយេស៊ូងើបឡើងពីទឹក យ៉ូហានទំនងជាមិនភ្ញាក់ផ្អើលទេពេលគាត់ឃើញ«សកម្មពលរបស់ព្រះចុះមកដូចជាសត្វព្រាប ហើយសណ្ឋិតលើលោក[យេស៊ូ]»។—ម៉ាថាយ ៣:១៦
ប៉ុន្តែ ពេលលោកយេស៊ូបានទទួលការជ្រមុជទឹក មានហេតុការណ៍ផ្សេងទៀតបានកើតឡើង។ «មេឃបានបើកចំហ»ចំពោះលោក។ តើនេះមានន័យអ្វី? នេះទំនងជាមានន័យថា ពេលលោកយេស៊ូបានទទួលការជ្រមុជទឹក លោកចាប់ផ្ដើមចងចាំឡើងវិញអំពីជីវិតនៅស្ថានសួគ៌។ ដូច្នេះ លោកយេស៊ូនឹកចាំអំពីជីវិតរបស់លោកដែលជាបុគ្គលវិញ្ញាណ ពោលគឺជាបុត្ររបស់ព្រះយេហូវ៉ា រួមទាំងសេចក្ដីពិតដែលព្រះបានបង្រៀនលោកនៅស្ថានសួគ៌មុនលោកមកផែនដី។
បន្ថែមទៅទៀត ពេលលោកយេស៊ូបានទទួលការជ្រមុជទឹក មានសំឡេងពីលើមេឃប្រកាសថា៖ «នេះជាបុត្រដែលជាទីស្រឡាញ់របស់ខ្ញុំ ជាទីពេញចិត្តខ្ញុំណាស់»។ (ម៉ាថាយ ៣:១៧) តើនេះជាសំឡេងរបស់អ្នកណា? សំឡេងនេះមិនអាចជាសំឡេងរបស់លោកយេស៊ូទេ ពីព្រោះលោកកំពុងនៅជាមួយនឹងយ៉ូហាន។ នេះជាសំឡេងរបស់ព្រះ។ ដូច្នេះ លោកយេស៊ូប្រាកដជាបុត្ររបស់ព្រះ។ លោកយេស៊ូមិនមែនជាព្រះទេ។
គួរឲ្យកត់សម្គាល់ថាលោកយេស៊ូជាមនុស្សដែលជាបុត្ររបស់ព្រះ ដូចអាដាមដែលជាបុរសដំបូងបង្អស់ជាកូនរបស់ព្រះដែរ។ ក្រោយពីបានពណ៌នាអំពីការជ្រមុជទឹករបស់លោកយេស៊ូ លូកាដែលជាអ្នកកាន់តាមលោក សរសេរថា៖ «ចំណែកឯលោកយេស៊ូ កាលដែលលោកចាប់ផ្ដើមបំពេញកិច្ចការ លោកមានអាយុប្រហែលសាមសិបឆ្នាំ ហើយគេចាត់ទុកលោក ជាកូនយ៉ូសែប . . . កូនហេលី . . . កូនដាវីឌ . . . កូនអាប្រាហាំ . . . កូនណូអេ . . . កូនអាដាម . . . កូនព្រះ»។—លូកា ៣:២៣-៣៨
ដូចអាដាមជាមនុស្សដែលជា«កូនព្រះ» លោកយេស៊ូក៏ជាមនុស្សដែលជា«កូនព្រះ»ដែរ។ ប៉ុន្តែ ពេលលោកយេស៊ូបានទទួលការជ្រមុជទឹក លោកយល់ថាលោកជាបុត្ររបស់ព្រះដែលនឹងក្លាយទៅជាបុគ្គលវិញ្ញាណនៅស្ថានសួគ៌។ ដូច្នេះនៅផែនដី លោកយេស៊ូមានតួនាទីបង្រៀនសេចក្ដីពិតពីព្រះ និងជួយមនុស្សឲ្យស្វែងរកផ្លូវទៅកាន់ជីវិត ហើយនៅទីបញ្ចប់នៃកិច្ចការនោះ លោកនឹងប្រគល់ជីវិតជាថ្លៃលោះសម្រាប់មនុស្សជាតិដែលមានភាពខុសឆ្គង។