តើអ្នកលើកតម្កើងការគ្រប់គ្រងរបស់ព្រះយេហូវ៉ាទេ?
«ចូរពោលនៅកណ្ដាលអស់ទាំងសាសន៍ថា៖ ‹ព្រះយេហូវ៉ាទ្រង់គ្រប់គ្រង› »។—ទំនុកដំកើង ៩៦:១០
១, ២. (ក) ប្រហែលជានៅខែតុលា ឆ្នាំ២៩ គ.ស. តើមានព្រឹត្ដិការណ៍អ្វីដ៏អស្ចារ្យបានកើតឡើង? (ខ) តើព្រឹត្ដិការណ៍នោះបានសម្គាល់ព្រះយេស៊ូជាអ្នកណា?
ប្រហែលជានៅខែតុលា ឆ្នាំ២៩ គ.ស. មានព្រឹត្ដិការណ៍ដ៏អស្ចារ្យមួយបានកើតឡើង ជាព្រឹត្ដិការណ៍ដែលមិនធ្លាប់មាននៅផែនដី។ លោកម៉ាថាយដែលបានសរសេរសៀវភៅដំណឹងល្អមួយបានរាយការណ៍ថា៖ «កាលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជហើយ នោះទ្រង់យាងឡើងពីទឹកភ្លាម ស្រាប់តែមេឃក៏របើកឡើង»។ រួចមក លោកយ៉ូហានដែលជ្រមុជទឹកឲ្យព្រះយេស៊ូបាន«ឃើញព្រះវិញ្ញាណនៃព្រះយាងចុះមកដូចជាសត្វព្រាប ក៏សណ្ឋិតលើទ្រង់ [ហើយ]មានឮសំឡេងចេញពីមេឃថា៖ ‹នេះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់!› »។ កម្រណាស់ដែលអ្នកសរសេរសៀវភៅដំណឹងល្អទាំងបួននាក់សរសេរអំពីព្រឹត្ដិការណ៍ដូចៗគ្នា ប៉ុន្តែនេះជាព្រឹត្ដិការណ៍មួយដែលពួកគេទាំងបួននាក់បានសរសេរមែន!—ម៉ាថាយ ៣:១៦, ១៧; ម៉ាកុស ១:៩-១១; លូកា ៣:២១, ២២; យ៉ូហាន ១:៣២-៣៤
២ ពេលយ៉ូហានឃើញវិញ្ញាណឬសកម្មពលរបស់ព្រះយេហូវ៉ាចុះមកលើព្រះយេស៊ូ នេះបានសម្គាល់ទ្រង់ជាអ្នកតែងតាំងមួយរូប ដែលភាសាដើមហៅថា មេស្ស៊ីឬគ្រិស្ត។ (យ៉ូហាន ១:៣៣) នៅទីបំផុត «ពូជ»សន្យាបានលេចមកហើយ! អ្នកដែលឈរនៅចំពោះមុខយ៉ូហាន គឺជាអ្នកដែលសាតាំងត្រូវចឹកកែងជើង។ ក្រោយមក អ្នកនោះនឹងកិនក្បាលសាតាំងដែលជាមេសត្រូវរបស់ព្រះយេហូវ៉ា ដោយព្រោះវាបានប្រឆាំងនឹងការគ្រប់គ្រងរបស់ទ្រង់។ (លោកុប្បត្តិ ៣:១៥) ចាប់ពីពេលនោះមក ព្រះយេស៊ូជ្រាបយ៉ាងជាក់ថា ទ្រង់ត្រូវតែព្យាយាមធ្វើតាមគោលបំណងរបស់ព្រះយេហូវ៉ាស្តីអំពីរាជ្យនិងការគ្រប់គ្រងរបស់ទ្រង់។
៣. ដើម្បីបំពេញភារកិច្ចជាអ្នកដែលលើកតម្កើងការគ្រប់គ្រងរបស់ព្រះយេហូវ៉ា តើព្រះយេស៊ូបានត្រៀមខ្លួនយ៉ាងណា?
៣ ក្រោយព្រះយេស៊ូបានទទួលការជ្រមុជទឹក ‹ទ្រង់បានពេញទៅដោយវិញ្ញាណបរិសុទ្ធ ក៏ចេញពីទន្លេយ័រដាន់ ហើយវិញ្ញាណរបស់ព្រះបាននាំទ្រង់ទៅឯទីរហោស្ថាន›ដើម្បីត្រៀមខ្លួនសម្រាប់ភារកិច្ចដែលទ្រង់ត្រូវបំពេញ។ (លូកា ៤:១; ម៉ាកុស ១:១២) ពេលនៅក្នុងទីរហោឋានអស់៤០ថ្ងៃ ព្រះយេស៊ូមានឱកាសរំពឹងគិតអំពីការសង្ស័យដែលសាតាំងបានបង្កឡើង ស្តីអំពីការគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ ព្រះយេស៊ូក៏មានឱកាសគិតវែងឆ្ងាយអំពីអ្វីដែលទ្រង់ត្រូវធ្វើដើម្បីលើកតម្កើងការគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ តាមការពិត មនុស្សគ្រប់រូបនិងទេវតាទាំងឡាយត្រូវតែសម្រេចចិត្តរៀងៗខ្លួន ថានឹងលើកតម្កើងការគ្រប់គ្រងរបស់ព្រះយេហូវ៉ា ឬប្រឆាំងនឹងទ្រង់។ ដូច្នេះ យកល្អឲ្យយើងពិនិត្យមើលគន្លងជីវិតរបស់ព្រះយេស៊ូដែលរមែងតែស្មោះត្រង់ ហើយគិតពិចារណាអំពីអ្វីដែលយើងត្រូវធ្វើដើម្បីបង្ហាញថា យើងចង់លើកតម្កើងការគ្រប់គ្រងរបស់ព្រះយេហូវ៉ា ដូចព្រះយេស៊ូបានធ្វើដែរ។—យ៉ូប ១:៦-១២; ២:២-៦
សាតាំងនាំឲ្យមានការសង្ស័យស្តីអំពីការគ្រប់គ្រងរបស់ព្រះយេហូវ៉ា
៤. តើសាតាំងបានធ្វើអ្វីដែលនាំឲ្យមានការសង្ស័យទៅលើសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា?
៤ ជាការពិតមែន! ដែលសាតាំងបានឃើញព្រឹត្ដិការណ៍ទាំងអស់នោះដែរ។ ដោយមិនបង្អែបង្អង់ សាតាំងបានចុះមកភ្លាមៗដើម្បីពាធា«ពូជ»នៃ«ស្ត្រី»របស់ព្រះយេហូវ៉ា។ (លោកុប្បត្តិ ៣:១៥) អស់បីដង សាតាំងបានល្បួងព្រះយេស៊ូ ដោយខំញុះញង់ទ្រង់ឲ្យធ្វើអ្វីដែលអាចនាំឲ្យបានប្រយោជន៍ខ្លួនឯងជាជាងគាប់ចិត្តបិតាទ្រង់។ ជាពិសេស សេចក្ដីល្បួងទីបីបានលើកសំណួរឡើងថា តើព្រះយេហូវ៉ាពិតជាមានសិទ្ធិតម្រូវឲ្យមនុស្សចុះចូលចំពោះការគ្រប់គ្រងរបស់ទ្រង់ឬទេ? សាតាំងបាន«បង្ហាញអស់ទាំងនគរក្នុងលោកីយ នឹងសិរីលំអរបស់នគរទាំងនោះ»ដល់ព្រះយេស៊ូ ហើយវាក៏និយាយត្រង់ទៅកាន់ព្រះយេស៊ូថា៖ «បើសិនជាអ្នកក្រាបថ្វាយបង្គំខ្ញុំ នោះខ្ញុំនឹងឲ្យរបស់ទាំងនេះដល់អ្នក»។ ព្រះយេស៊ូជ្រាបថា សាតាំងមានអំណាចលើ«អស់ទាំងនគរក្នុងលោកីយ»មែន ដូច្នេះទ្រង់បង្ហាញថាទ្រង់បានសម្រេចចិត្តលើកតម្កើងការគ្រប់គ្រងរបស់ព្រះយេហូវ៉ាដោយឆ្លើយតបនឹងសាតាំងថា៖ «នែ សាតាំង ចូរឯងថយចេញពីអញទៅ! ដ្បិតមានសេចក្ដីចែងទុកមកថា៖ ‹ឯងត្រូវថ្វាយបង្គំដល់ព្រះអម្ចាស់ ជាព្រះនៃឯង ហើយត្រូវគោរពដល់ទ្រង់តែមួយព្រះអង្គប៉ុណ្ណោះ› »។—ម៉ាថាយ ៤:៨-១០
៥. តើព្រះយេស៊ូមានភារកិច្ចអ្វីដែលពិបាកបំពេញ?
៥ របៀបរស់នៅរបស់ព្រះយេស៊ូបង្ហាញយ៉ាងច្បាស់ថា ទ្រង់ចង់លើកតម្កើងការគ្រប់គ្រងរបស់ព្រះយេហូវ៉ា ហើយនេះជាគោលបំណងចម្បងក្នុងជីវិតទ្រង់។ ស្របទៅតាមទំនាយដែលទាយថា សាតាំងនឹងចឹកកែងជើង«ពូជ»ស្ត្រីនោះ ព្រះយេស៊ូជ្រាបថា ទ្រង់ត្រូវតែរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ារហូតដល់ពេលដែលសាតាំងធ្វើគុតទ្រង់។ យ៉ាងនេះ ព្រះយេស៊ូបញ្ជាក់ថា ទ្រង់ទទួលស្គាល់ព្រះយេហូវ៉ាជាព្រះដែលពិតជាមានសិទ្ធិគ្រប់គ្រងមែន។ (ម៉ាថាយ ១៦:២១; ១៧:១២) ព្រះយេស៊ូក៏មានភារកិច្ចប្រកាសឲ្យមនុស្សយល់ថា រាជាណាចក្ររបស់ព្រះយេហូវ៉ាជារាជរដ្ឋាភិបាលដែលទ្រង់នឹងប្រើដើម្បីបង្ក្រាបសាតាំងដែលជាមេបះបោរ ហើយនាំឲ្យសកលលោកទាំងមូលមានភាពសុខសាន្តនិងរបៀបរៀបរយម្ដងទៀត។ (ម៉ាថាយ ៦:៩, ១០) តើព្រះយេស៊ូបានបំពេញភារកិច្ចដ៏ពិបាកនេះយ៉ាងដូចម្ដេច?
‹រាជ្យរបស់ព្រះជិតមកដល់ ›
៦. ដើម្បីឲ្យមនុស្សដឹងថា ព្រះយេហូវ៉ានឹង«បំផ្លាញការរបស់អារក្សចេញ»ដោយរាជ្យរបស់ទ្រង់ តើព្រះយេស៊ូបានធ្វើអ្វី?
៦ ព្រះយេស៊ូចាប់ផ្ដើមចូលទៅ«ក្នុងស្រុកកាលីឡេ» ហើយនៅទីនោះទ្រង់«ប្រកាសប្រាប់ដំណឹងល្អពីនគរ[ឬ«រាជ្យរបស់»]ព្រះថា៖ ‹ពេលវេលាបានសំរេចហើយ នគរ[ឬ«រាជ្យរបស់»]ព្រះជិតមកដល់› »។ (ម៉ាកុស ១:១៤, ១៥; ខ.ស.) តាមការពិត ព្រះយេស៊ូមានប្រសាសន៍ថា៖ «ខ្ញុំត្រូវប្រាប់ដំណឹងល្អពីនគរ[ឬ«រាជ្យរបស់»]ព្រះដល់អស់ទាំងស្រុកឯទៀតដែរ គឺហេតុនោះបានជាព្រះវរបិតាចាត់ឲ្យខ្ញុំមក»។ (លូកា ៤:១៨-២១, ៤៣; ខ.ស.) ព្រះយេស៊ូបានទៅជួបមនុស្សនៅគ្រប់ទិសទីនៃប្រទេសអ៊ីស្រាអែល ទាំង«ប្រាប់ដំណឹងល្អពីនគរ[ឬ«រាជ្យរបស់»]ព្រះ»។ (លូកា ៨:១; ខ.ស.) ព្រះយេស៊ូក៏បានធ្វើអព្ភូតហេតុដ៏អស្ចារ្យ ដោយផ្ដល់អាហារដល់មនុស្សដែលមានគ្នាយ៉ាងច្រើន ទ្រង់ក៏បង្ក្រាបធម្មជាតិ ប្រោសមនុស្សឈឺឲ្យជា និងអ្នកស្លាប់ឲ្យរស់ឡើងវិញ។ ពេលព្រះយេស៊ូធ្វើអព្ភូតហេតុទាំងនោះ ទ្រង់ផ្ដល់ទីសំអាងថា ព្រះយេហូវ៉ាអាចបំបាត់ចោលការអាក្រក់និងទុក្ខលំបាកទាំងឡាយ ដែលជាផលវិបាកពីការបះបោរក្នុងសួនច្បារអេដែន។ យ៉ាងនេះ ព្រះយេហូវ៉ានឹង«បំផ្លាញការរបស់អារក្សចេញ»។—យ៉ូហានទី១ ៣:៨
៧. តើព្រះយេស៊ូបង្គាប់សិស្សទ្រង់ឲ្យធ្វើកិច្ចការអ្វី? តើមានលទ្ធផលយ៉ាងណា?
៧ ព្រះយេស៊ូក៏បានប្រមូលសិស្សស្មោះត្រង់មួយចំនួនដែរ ហើយបានបង្រៀនពួកគេឲ្យចេះធ្វើកិច្ចការផ្សព្វផ្សាយ ដើម្បីប្រកាសដំណឹងល្អអំពីរាជ្យរបស់ព្រះយេហូវ៉ាឲ្យបានច្រើនបំផុត។ មុនដំបូង ព្រះយេស៊ូប្រគល់សិទ្ធិឲ្យសាវ័ក១២នាក់របស់ទ្រង់ ហើយ«ចាត់គេឲ្យទៅប្រកាសប្រាប់ពីនគរ[ឬ«រាជ្យរបស់»]ព្រះ»។ (លូកា ៩:១, ២; ខ.ស.) រួចមក ព្រះយេស៊ូបានចាត់៧០នាក់ទៀតឲ្យប្រកាសសារដែលថា៖ «នគរ[ឬ«រាជ្យរបស់»]ព្រះជិតមកដល់អ្នករាល់គ្នាហើយ»។ (លូកា ១០:១, ៨, ៩; ខ.ស.) ពេលសិស្សទាំងនោះបានវិលមកឯព្រះយេស៊ូវិញ និងរៀបរាប់ពីលទ្ធផលល្អដែលពួកគេមានក្នុងកិច្ចការផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះ ទ្រង់បានឆ្លើយតបថា៖ «ខ្ញុំបានឃើញអារក្សសាតាំងធ្លាក់ពីលើមេឃមក ដូចជាផ្លេកបន្ទោរ»។—លូកា ១០:១៧, ១៨
៨. តើរបៀបរស់នៅរបស់ព្រះយេស៊ូបង្ហាញយ៉ាងច្បាស់អំពីអ្វី?
៨ ព្រះយេស៊ូបានព្យាយាមប្រឹងប្រែង ព្រមទាំងឆ្លៀតគ្រប់ឱកាសដើម្បីផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា។ ព្រះយេស៊ូធ្វើការនោះដោយឥតឈប់ឈរ ទាំងយប់ទាំងថ្ងៃ ហើយទោះបើទ្រង់អត់មានអ្វីៗដែលមនុស្សយើងចាត់ទុកជារបស់ចាំបាច់ក្ដី ទ្រង់នៅតែស្កប់ចិត្ត។ ព្រះយេស៊ូមានប្រសាសន៍ថា៖ «កញ្ជ្រោងមានរូងវា ហើយសត្វហើរលើអាកាសក៏មានសំបុកដែរ តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ»។ (លូកា ៩:៥៨; ម៉ាកុស ៦:៣១; យ៉ូហាន ៤:៣១-៣៤) មិនយូរប៉ុន្មានមុនព្រះយេស៊ូបានទទួលមរណភាព ទ្រង់ជម្រាបដល់លោកប៉ុនទាសពីឡាត់ថា៖ «ខ្ញុំបានកើតមកហើយក៏ចូលក្នុងលោកីយនេះសំរាប់តែការនោះឯង ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់»ឬ«ផ្ដល់សក្ខីភាពអំពីសេចក្ដីពិត»។ (យ៉ូហាន ១៨:៣៧; ខ.ស.) របៀបរស់នៅទាំងស្រុងរបស់ព្រះយេស៊ូបង្ហាញថា ទ្រង់ចាប់កំណើតនៅផែនដី មិនមែនដោយមានបំណងចង់បានកេរ្ដិ៍ឈ្មោះជាគ្រូដែលពូកែបង្រៀន ជាអ្នកដែលចេះធ្វើអព្ភូតហេតុ ឬជាអ្នកសង្គ្រោះដែលសុខចិត្តលះបង់ប្រយោជន៍ខ្លួនទេ តែទ្រង់មកដើម្បីធ្វើតាមឆន្ទៈរបស់ព្រះយេហូវ៉ា ព្រមទាំងផ្ដល់ទីសំអាងថា ព្រះយេហូវ៉ាមានសមត្ថភាពបំពេញតាមបំណងរបស់ទ្រង់ តាមរយៈរាជ្យរបស់ទ្រង់។—យ៉ូហាន ១៤:៦
«ការស្រេចហើយ!»
៩. នៅទីបំផុត តើសាតាំងបានចឹកកែងជើង«ពូជ»នៃស្ត្រីរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៩ សាតាំងមិនពេញចិត្តសោះ ចំពោះអ្វីៗទាំងអស់ដែលព្រះយេស៊ូបានធ្វើក្នុងការលើកតម្កើងរាជ្យរបស់ព្រះយេហូវ៉ា។ ម្ដងហើយម្ដងទៀត សាតាំងបានប្រើ«ពូជ»របស់វានៅឯផែនដី រួមទាំងអ្នកធំខាងសាសនានិងខាងនយោបាយផង ដើម្បីធ្វើគុតដល់«ពូជ»នៃស្ត្រីរបស់ព្រះយេហូវ៉ា។ ចាប់តាំងពីថ្ងៃដែលព្រះយេស៊ូកើតមក រហូតដល់ថ្ងៃដែលទ្រង់ផុតដង្ហើមទៅ សាតាំងនិងគ្នីគ្នារបស់វាមានគោលដៅបំបាត់ទ្រង់ចោល។ នៅឆ្នាំ៣៣ គ.ស. គ្រាបានមកដល់ឲ្យគេបញ្ជូនព្រះយេស៊ូដែលជាកូនមនុស្សទៅដល់មេសត្រូវរបស់ព្រះយេហូវ៉ាដើម្បីឲ្យវាចឹកកែងជើង។ (ម៉ាថាយ ២០:១៨, ១៩; លូកា ១៨:៣១-៣៣) ព័ត៌មានក្នុងសៀវភៅដំណឹងល្អនីមួយៗបង្ហាញយ៉ាងច្បាស់នូវរបៀបដែលសាតាំងបានញុះញង់មនុស្សផ្សេងៗ ដូចជាយូដាសអ៊ីស្ការីយ៉ុត និងពួកសង្គ្រាជ ពួកអាចារ្យ ពួកផារិស៊ីហើយជនជាតិរ៉ូមខ្លះៗដែរ ឲ្យកាត់ទោសព្រះយេស៊ូ ព្រមទាំងធ្វើបាបទ្រង់យ៉ាងឈឺចាប់នៅលើបង្គោលទារុណកម្មរហូតដល់ទីមរណៈ។—កិច្ចការ ២:២២, ២៣
១០. ពេលព្រះយេស៊ូផុតដង្ហើមនៅលើបង្គោលទារុណកម្ម តើទ្រង់បានសម្រេចការអ្វីជាចម្បង?
១០ ពេលគិតអំពីព្រះយេស៊ូនៅលើបង្គោលទារុណកម្ម ដែលកំពុងឈឺចាប់យ៉ាងខ្លាំងទាំងយូរផង តើនេះនាំឲ្យអ្នកនឹកចាំអំពីអ្វី? ប្រហែលជាអ្នកនឹកគិតអំពីការបូជាលោះរបស់ព្រះយេស៊ូ ដែលទ្រង់សុខចិត្តផ្ដល់ដើម្បីជួយសង្គ្រោះមនុស្សដែលមានបាប។ (ម៉ាថាយ ២០:២៨; យ៉ូហាន ១៥:១៣) ឬមួយក៏អ្នកប្រហែលជាកោតស្ងើចចំពោះព្រះយេហូវ៉ាដែលបង្ហាញសេចក្ដីស្រឡាញ់យ៉ាងខ្លាំងដល់ម្ល៉េះ បានជាទ្រង់សុខចិត្តបូជាបុត្ររបស់ទ្រង់។ (យ៉ូហាន ៣:១៦) ប្រហែលជាអ្នកមានអារម្មណ៍ដូចមេទ័ពជនជាតិរ៉ូមដែលមានចិត្តជំរុញឲ្យនិយាយថា៖ «នេះពិតជាព្រះរាជបុត្រានៃព្រះមែន!»។ (ម៉ាថាយ ២៧:៥៤) ទស្សនៈបែបនេះពិតជាត្រឹមត្រូវណាស់! ប៉ុន្តែ ម្យ៉ាងវិញទៀត សូមគិតអំពីពាក្យដែលព្រះយេស៊ូបានពោលមួយរំពេចមុនទ្រង់ផុតដង្ហើមនៅលើបង្គោលទារុណកម្ម។ ទ្រង់បានលាន់មាត់ថា៖ «ការស្រេចហើយ!»។ (យ៉ូហាន ១៩:៣០) តើអ្វីបានសម្រេចរួចជាស្រេចនៅពេលនោះ? ទោះបើជីវិតរបស់ព្រះយេស៊ូ និងមរណភាពរបស់ទ្រង់បានសម្រេចកិច្ចការជាច្រើនក្ដី គោលបំណងចម្បងរបស់ទ្រង់ក្នុងការចាប់កំណើតនៅឯផែនដី គឺដើម្បីលើកតម្កើងការគ្រប់គ្រងរបស់ព្រះយេហូវ៉ា មែនទេ? ណាមួយទៀត ទំនាយបានបង្ហាញថា សាតាំងនឹងធ្វើបាបដល់ព្រះយេស៊ូជា«ពូជ»សន្យា រហូតដល់ទីមរណៈ មែនទេ? ហើយព្រះយេស៊ូសុខចិត្តរងទុក្ខបែបនេះ ដើម្បីកុំឲ្យនរណាមានហេតុតិះដៀលព្រះយេហូវ៉ាទៀត។ (អេសាយ ៥៣:៣-៧) ព្រះយេស៊ូពិតជាមានភារកិច្ចធ្ងន់ធ្ងរមែន! ហើយទ្រង់បានសម្រេចកិច្ចការនោះទាំងអស់។ នេះហើយជាការសម្រេចដ៏អស្ចារ្យណាស់!
១១. តើព្រះយេស៊ូនឹងធ្វើអ្វីដើម្បីសម្រេចមួយដងជាស្រេចនូវទំនាយដែលបានពោលមកក្នុងសួនច្បារអេដែន?
១១ ដោយសារព្រះយេស៊ូស្មោះត្រង់និងមានភក្ដីភាពរហូតដល់ទីមរណៈ ព្រះយេហូវ៉ាបានប្រោសទ្រង់ឲ្យរស់ឡើងវិញ មិនមែនជាមនុស្សម្ដងទៀតទេ តែ«ជាវិញ្ញាណ»។ (កូរិនថូសទី១ ១៥:៤៥) ក្រោយព្រះយេហូវ៉ាបានប្រោសព្រះយេស៊ូឲ្យឡើងទៅស្ថានសួគ៌ ទ្រង់សន្យាដល់បុត្ររបស់ទ្រង់ថា៖ «ចូរឲ្យឯងអង្គុយនៅខាងស្ដាំអញ ទាល់តែអញដាក់ពួកខ្មាំងសត្រូវឯងឲ្យធ្វើជាកំណល់កល់ជើងឯង»។ (ទំនុកដំកើង ១១០:១) «ពួកខ្មាំងសត្រូវ»ទាំងនោះរួមបញ្ចូលសាតាំងជាមេបះបោរ និងអស់អ្នកដែលរួមគ្នាជា«ពូជ»របស់វា។ ពេលព្រះយេស៊ូមានមុខតំណែងជាស្តេចក្នុងរាជាណាចក្ររបស់ព្រះយេហូវ៉ាដែលទ្រង់ប្រគល់ឲ្យបុត្រទ្រង់ជាមេស្ស៊ីនោះ ព្រះគ្រិស្តនឹងចាត់វិធានការដើម្បីបំផ្លាញចោលអស់ទាំងអ្នកបះបោរនៅឯស្ថានសួគ៌និងនៅផែនដី។ (វិវរណៈ ១២:៧-៩; ១៩:១១-១៦; ២០:១-៣, ១០) ពេលនោះហើយ បទទំនាយក្នុងសៀវភៅលោកុប្បត្តិ ៣:១៥ នឹងបានសម្រេចរួចជាស្រេច ហើយពាក្យដែលព្រះយេស៊ូបានបង្រៀនសិស្សទ្រង់ ស្តីអំពីរបៀបអធិស្ឋាន ក៏នឹងបានសម្រេចដែរ ពោលគឺ៖ «សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។—ម៉ាថាយ ៦:១០; ភីលីព ២:៨-១១
ព្រះយេស៊ូទុកតម្រាប់ឲ្យយើង
១២, ១៣. (ក) សព្វថ្ងៃនេះ តើការផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ានាំឲ្យមានលទ្ធផលអ្វី? (ខ) តើសំណួរអ្វីខ្លះដែលយើងត្រូវសួរខ្លួនឯងស្តីអំពីការយកតម្រាប់តាមព្រះយេស៊ូ?
១២ សព្វថ្ងៃនេះ ដំណឹងល្អអំពីនគរ រាជ្យ រាជាណាចក្ររបស់ព្រះយេហូវ៉ា កំពុងផ្សព្វផ្សាយនៅច្រើនប្រទេស ដូចព្រះយេស៊ូបានទាយទុកជាមុន។ (ម៉ាថាយ ២៤:១៤) ជាលទ្ធផល មនុស្សរាប់លាននាក់បានថ្វាយខ្លួនជាអ្នកបម្រើព្រះយេហូវ៉ា។ អ្នកទាំងនោះមានចិត្តរំភើបរីករាយពេលគិតអំពីប្រយោជន៍ជាច្រើនដែលរាជាណាចក្ររបស់ព្រះយេហូវ៉ានឹងនាំមក។ ពួកគាត់រង់ចាំគ្រាទទួលជីវិតដែលគ្មានទីបញ្ចប់ ទាំងមានសន្ដិសុខនិងភាពសុខសាន្តក្នុងសួនមនោរមដែលមានទូទាំងផែនដី។ ដូច្នេះ កូនកតញ្ញូទាំងនេះមានអំណរក្នុងកិច្ចការប្រកាសប្រាប់ដល់អ្នកដទៃអំពីសេចក្ដីសង្ឃឹមនោះ។ (ទំនុកដំកើង ៣៧:១១; ពេត្រុសទី២ ៣:១៣) តើអ្នកកំពុងផ្សាយប្រកាសសារអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ាទេ? គួរឲ្យសរសើរណាស់ បើអ្នកកំពុងធ្វើកិច្ចការនេះមែន! ប៉ុន្តែ មានចំណុចមួយទៀតដែលយើងរាល់គ្នាត្រូវតែយកមកពិចារណាដែរ។
១៣ សាវ័កពេត្រុសបានសរសេរថា៖ «ព្រះគ្រីស្ទក៏បានរងទុក្ខជំនួសយើងដែរ ទាំងទុកដំរាប់ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់»។ (ពេត្រុសទី១ ២:២១) សូមកត់សម្គាល់ថា ក្នុងខនេះពេត្រុសមិនបានសំដៅទៅលើចិត្តខ្នះខ្នែងរបស់ព្រះយេស៊ូក្នុងកិច្ចការផ្សព្វផ្សាយ ឬសមត្ថភាពរបស់ទ្រង់ក្នុងការបង្រៀនទេ តែគាត់បញ្ជាក់ពីការរងទុក្ខរបស់ទ្រង់ទៅវិញ។ ពេត្រុសធ្លាប់នៅជាមួយព្រះយេស៊ូ ដូច្នេះគាត់យល់ច្បាស់ថា សូម្បីតែពេលដែលទ្រង់រងទុក្ខលំបាកច្រើនក្ដី ទ្រង់នៅតែសុខចិត្តចុះចូលចំពោះការគ្រប់គ្រងរបស់ព្រះយេហូវ៉ា ដោយមានបំណងចង់ផ្ដល់ទីសំអាងថា សាតាំងជាអ្នកភូតកុហក។ បើដូច្នេះ តើយើងអាចយកតម្រាប់តាមព្រះយេស៊ូយ៉ាងដូចម្ដេចខ្លះ? យើងត្រូវតែសួរខ្លួនឯងថា ‹តើខ្ញុំសុខចិត្តរងទុក្ខច្រើនប៉ុណ្ណាដើម្បីលើកតម្កើងការគ្រប់គ្រងរបស់ព្រះយេហូវ៉ា និងលើកកិត្ដិយសទ្រង់? តើរបៀបរស់នៅរបស់ខ្ញុំ និងកិច្ចការផ្សព្វផ្សាយរបស់ខ្ញុំបង្ហាញថា ការលើកតម្កើងការគ្រប់គ្រងរបស់ព្រះយេហូវ៉ាមានអាទិភាពក្នុងជីវិតរបស់ខ្ញុំឬទេ?›។—កូល៉ុស ៣:១៧
១៤, ១៥. (ក) ពេលអ្នកដទៃជូនយោបល់ឬសូមឲ្យព្រះយេស៊ូធ្វើអ្វីដែលមិនគប្បី តើទ្រង់មានប្រតិកម្មយ៉ាងណា? ហេតុអ្វីបានជាព្រះយេស៊ូឆ្លើយតបយ៉ាងនោះ? (ខ) តើអ្វីគួរមានអាទិភាពក្នុងជីវិត? (សូមលើកបញ្ជាក់ចំណុចខ្លះៗពីព័ត៌មានក្នុងប្រអប់ដែលមានចំណងជើងថា «ចូរគាំទ្រព្រះយេហូវ៉ាចុះ!»។)
១៤ រៀងរាល់ថ្ងៃយើងជួបប្រទះស្ថានការណ៍ដែលល្បួងយើង ហើយយើងក៏ត្រូវធ្វើការសម្រេចចិត្តខ្លះៗ មិនថាជារឿងតូចតាចឬធំដុំក្ដី។ តើអ្វីអាចជួយយើងដើម្បីទប់ទល់នឹងការល្បួង ហើយធ្វើការសម្រេចចិត្តឲ្យបានល្អ? ឧបមាថា ពេលយើងជួបប្រទះកាលៈទេសៈដែលល្បួងចិត្តឲ្យធ្វើអ្វីដែលប្រាសចាកគោលការណ៍ក្នុងគម្ពីរ តើយើងប្រព្រឹត្តយ៉ាងណា? ពេលពេត្រុសបានលើកទឹកចិត្តព្រះយេស៊ូឲ្យប្រណីអង្គទ្រង់ តើទ្រង់ឆ្លើយតបយ៉ាងដូចម្ដេច? ព្រះយេស៊ូមានប្រសាសន៍ថា៖ «សាតាំងអើយ! ចូរថយទៅក្រោយអញទៅ . . . ព្រោះ[ឯង]មិនចេះគិតតាមគំនិតនៃព្រះសោះ គឺគិតតាមតែគំនិតរបស់មនុស្សលោកវិញ»។ (ម៉ាថាយ ១៦:២១-២៣) ណាមួយទៀត បើយើងមានឱកាសប្រកបមុខរបរល្អជាង ដែលមានប្រាក់ខែច្រើនជាង តែរំខានដល់កិច្ចបម្រើព្រះយេហូវ៉ាវិញ តើយើងធ្វើដូចព្រះយេស៊ូឬទេ? ពេលព្រះយេស៊ូយល់ថា មនុស្សដែលឃើញទ្រង់ធ្វើអព្ភូតហេតុចង់‹ចាប់ទ្រង់ដើម្បីនឹងតាំងឡើងជាស្តេច› នោះទ្រង់បានថយចេញពីពួកគេភ្លាមៗ។—យ៉ូហាន ៦:១៥
១៥ ក្នុងករណីទាំងនេះ និងករណីច្រើនឯទៀតដែរ ហេតុអ្វីបានជាព្រះយេស៊ូមានប្រតិកម្មខ្លាំងដល់ម្ល៉េះ? គឺពីព្រោះទ្រង់ជ្រាបថា ស្ថានការណ៍ទាំងនោះអាចប៉ះពាល់ដល់អ្វីដែលសំខាន់ជាងសុវត្ថិភាពនិងប្រយោជន៍ដែលទ្រង់អាចទទួលផ្ទាល់។ ព្រះយេស៊ូប្រាថ្នាចង់ធ្វើតាមឆន្ទៈនៃបិតាទ្រង់ ហើយក៏ចង់លើកតម្កើងការគ្រប់គ្រងរបស់ព្រះយេហូវ៉ាលើសជាងអ្វីៗទាំងអស់។ (ម៉ាថាយ ២៦:៥០-៥៤) បើយើងមិនយកតម្រាប់តាមព្រះយេស៊ូ ហើយមិននឹកចាំពីរឿងដែលសំខាន់ចម្បង យើងអាចរងគ្រោះថ្នាក់វិញ ដោយខានធ្វើអ្វីដែលព្រះយេហូវ៉ាតម្រូវ ឬរហូតដល់លះចោលគោលការណ៍ក្នុងគម្ពីរទៀតផង។ ម្ដេចក៏យើងងាយរងគ្រោះម្ល៉េះ? គឺពីព្រោះសាតាំងពូកែប្រើល្បិចដែលធ្វើឲ្យការអាក្រក់មើលទៅដូចជាការល្អ ហើយគួរឲ្យចង់បាន ដូចវាបានធ្វើចំពោះនាងអេវ៉ា។—កូរិនថូសទី២ ១១:១៤; ធីម៉ូថេទី១ ២:១៤
១៦. ពេលជួយអ្នកដទៃ តើអ្វីជាគោលបំណងចម្បងរបស់យើង?
១៦ ក្នុងកិច្ចបម្រើផ្សាយរបស់យើង យើងមានគោលបំណងចង់យល់អំពីកង្វល់របស់មនុស្ស ដើម្បីបង្ហាញដល់ពួកគេនូវការណែនាំដែលមានក្នុងគម្ពីរ។ នេះជាវិធីល្អមួយដែលយើងអាចទាក់ចិត្តទាញអារម្មណ៍ពួកគេឲ្យចង់សិក្សាគម្ពីរ។ ក៏ប៉ុន្តែ យើងមិនគ្រាន់តែមានគោលបំណងចង់ជួយពួកគេឲ្យយល់នូវសេចក្ដីបង្រៀនក្នុងគម្ពីរ និងដឹងអំពីប្រយោជន៍ដែលមកពីរាជាណាចក្ររបស់ព្រះប៉ុណ្ណោះទេ។ យើងក៏ត្រូវតែជួយពួកគេឲ្យយល់អំពីសារៈសំខាន់នៃការគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ តើពួកគេសុខចិត្តក្លាយទៅជាគ្រិស្តសាសនិកពិតដែលរងទុក្ខលំបាក ហាក់ដូចជាលីបង្គោលទារុណកម្ម ដោយព្រោះពួកគេជារាស្ត្រនៃរាជាណាចក្ររបស់ព្រះយេហូវ៉ាឬទេ? (ម៉ាកុស ៨:៣៤) តើពួកគេមានកម្លាំងចិត្តល្មមនឹងផ្ដល់ទីសំអាងថា សាតាំងជាអ្នកភូតកុហកដែលចេះតែនិយាយបង្កាច់បង្ខូច ដោយរួមចំណែកជាមួយអស់អ្នកដែលលើកតម្កើងការគ្រប់គ្រងរបស់ព្រះយេហូវ៉ាឬ? (សុភាសិត ២៧:១១) យើងមានឯកសិទ្ធិជួយមនុស្សដទៃឲ្យធ្វើដូច្នេះមែន ដំណាលគ្នានឹងការជួយខ្លួនឯងផង។—ធីម៉ូថេទី១ ៤:១៦
ពេលព្រះ«គ្រងរាជ្យលើអ្វីៗទាំងអស់»
១៧, ១៨. បើយើងលើកតម្កើងការគ្រប់គ្រងរបស់ព្រះយេហូវ៉ា តើយើងអាចរស់នៅគ្រាណាមួយជាគ្រាដែលមានពរពិត?
១៧ គប្បីឲ្យយើងខិតខំបង្ហាញយ៉ាងអស់ពីសមត្ថភាព ថាយើងលើកតម្កើងការគ្រប់គ្រងរបស់ព្រះយេហូវ៉ា មិនថាក្នុងកិច្ចបម្រើផ្សាយរបស់យើង ឬដោយសារកិរិយាប្រព្រឹត្តរបស់យើងក្ដី។ បើដូច្នេះ យើងអាចមានសេចក្ដីសង្ឃឹមរស់នៅគ្រាដែលព្រះយេស៊ូគ្រិស្ត«ប្រគល់នគរ[ឬ«រាជ្យ»]ដល់ព្រះដ៏ជាព្រះវរបិតាទៅវិញ»។ តើព្រះយេស៊ូនឹងប្រគល់រាជ្យថ្វាយព្រះយេហូវ៉ានៅពេលណា? សាវ័កប៉ុលពន្យល់ថា៖ «ក្រោយដែលទ្រង់បានទំលាក់អស់ទាំងរាជ្យនឹងអំណាច ហើយនឹងឥទ្ធិឫទ្ធិទាំងប៉ុន្មានចេញ ដ្បិតគួរឲ្យទ្រង់បានសោយរាជ្យទាល់តែដាក់អស់ទាំងខ្មាំងសត្រូវនៅក្រោមព្រះបាទទ្រង់។ [រួចមក]រាជបុត្រានោះឯងក៏នឹងត្រូវក្រាបក្រោមព្រះដែលបានបង្ក្រាបគ្រប់ទាំងអស់នៅក្រោមទ្រង់ដែរ ដើម្បីឲ្យព្រះបានធ្វើជាគ្រប់ទាំងអស់ក្នុងគ្រប់ទាំងអស់»ឬ«គ្រងរាជ្យលើអ្វីៗទាំងអស់ក្នុងគ្រប់ប្រការទាំងអស់»។—កូរិនថូសទី១ ១៥:២៤, ២៥, ២៨; ខ.ស.
១៨ គ្រាដែលព្រះយេហូវ៉ា«គ្រងរាជ្យលើអ្វីៗទាំងអស់ក្នុងគ្រប់ប្រការទាំងអស់» ពិតជានឹងនាំឲ្យមានពរមែន! មកដល់គ្រានោះ គោលដៅទាំងអស់នៃរាជាណាចក្ររបស់ព្រះយេហូវ៉ា នឹងបានសម្រេចហើយ។ អស់អ្នកដែលប្រឆាំងការគ្រប់គ្រងរបស់ព្រះយេហូវ៉ា នឹងលែងមានទៀតដែរ។ សកលលោកទាំងមូលនឹងពេញទៅដោយភាពសុខសាន្តហើយមានរបៀបរៀបរយម្ដងទៀត។ មនុស្សនិងទេវតាគ្រប់រូបនឹងនាំគ្នាច្រៀងចម្រៀងសមស្របនឹងអ្វីដែលអ្នកតែងបទទំនុកដំកើងបានសរសេរ៖ «ចូរថ្លែងប្រាប់ពីព្រះយេហូវ៉ាថា ព្រះនាមទ្រង់មានសិរីល្អ . . . ចូរពោលនៅកណ្ដាលអស់ទាំងសាសន៍ថា៖ ‹ព្រះយេហូវ៉ាទ្រង់គ្រប់គ្រង[ហើយ!]› »។—ទំនុកដំកើង ៩៦:៨, ១០
តើអ្នកអាចឆ្លើយបានទេ?
• តើព្រះយេស៊ូបានទុកការលើកតម្កើងការគ្រប់គ្រងរបស់ព្រះយេហូវ៉ាជាអាទិភាពយ៉ាងដូចម្ដេច?
• តើមរណភាពនិងកិច្ចបម្រើផ្សាយរបស់ព្រះយេស៊ូបានសម្រេចការអ្វីជាចម្បង?
• ដើម្បីបង្ហាញថាយើងជាអ្នកដែលលើកតម្កើងការគ្រប់គ្រងរបស់ព្រះយេហូវ៉ា តើយើងអាចយកតម្រាប់តាមព្រះយេស៊ូដោយរបៀបណាខ្លះ?
[ប្រអប់នៅទំព័រ១១]
ចូរគាំទ្រព្រះយេហូវ៉ាចុះ!
បងប្អូនជាច្រើននៅប្រទេសកូរ៉េនិងប្រទេសឯទៀតជ្រាបថា ពេលគ្រិស្តសាសនិករងទុក្ខលំបាកយ៉ាងខ្លាំង គប្បីឲ្យពួកគេនឹកចាំពីមូលហេតុនៃការពិបាកទាំងនោះ។
ស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់ដែលធ្លាប់ជាប់គុកក្នុងអំឡុងពេលដែលអតីតសហភាពសូវៀតមានអំណាចនោះ គាត់មានប្រសាសន៍ថា៖ «អ្វីដែលជួយយើងឲ្យស៊ូទ្រាំបាន គឺដោយយល់យ៉ាងច្បាស់ពីរឿងសំខាន់ដែលចាប់ផ្ដើមមានឡើងនៅក្នុងសួនច្បារអេដែន ស្តីអំពីសិទ្ធិគ្រប់គ្រងរបស់ព្រះ។ . . . យើងជ្រាបថា យើងមានឱកាសគាំទ្រព្រះយេហូវ៉ានិងលើកតម្កើងការគ្រប់គ្រងរបស់ទ្រង់។ . . . ការយល់ដឹងបែបនេះបានពង្រឹងកម្លាំងយើង ទាំងជួយយើងឲ្យមានចិត្តស្មោះត្រង់រហូត»។
ស្មរបន្ទាល់ម្នាក់ក៏ពន្យល់អំពីអ្វីដែលបានជួយពង្រឹងកម្លាំងគាត់និងស្មរបន្ទាល់ម្នាក់ទៀត ពេលដែលពួកគាត់ទាំងពីរនាក់ជាប់នៅជំរំឃុំឃាំងដែលគេបង្ខំឲ្យពួកគាត់ធ្វើពលកម្មជាទម្ងន់។ គាត់មានប្រសាសន៍ថា៖ «ព្រះយេហូវ៉ាបានបន្ថែមកម្លាំងឲ្យយើង។ ទោះជាមានសភាពការណ៍ដ៏លំបាកក្ដី យើងមិនអនុញ្ញាតឲ្យអ្វីក៏ដោយមកធ្វើឲ្យចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ាចុះខ្សោយបានឡើយ។ យើងតែងតែលើកទឹកចិត្តនិងរំលឹកគ្នាទៅវិញទៅមកថា យើងបានគាំទ្រព្រះយេហូវ៉ាដោយលើកតម្កើងការគ្រប់គ្រងរបស់ទ្រង់»។
[រូបភាពនៅទំព័រ៨]
ពេលសាតាំងបានល្បួងព្រះយេស៊ូ តើទ្រង់លើកតម្កើងការគ្រប់គ្រងរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ១០]
តើមរណភាពរបស់ព្រះយេស៊ូបានសម្រេចការអ្វី?