លោកយេស៊ូធ្វើឲ្យជីវិតមានន័យខ្លឹមសារ
តើលោកយេស៊ូពិតជាមានជីវិតដែលមានន័យខ្លឹមសារឬ? តាមមើលទៅ លោកបានធំឡើងក្នុងក្រុមគ្រួសារក្រីក្រ ហើយលោកមិនធ្លាប់មានទ្រព្យសម្បត្ដិច្រើនទេ។ តាមពិត លោក«គ្មានកន្លែងស្នាក់នៅទេ»។ (លូកា ៩:៥៧, ៥៨) ជាងនេះទៅទៀត លោកត្រូវគេស្អប់ ត្រូវគេបង្កាច់បង្ខូច ហើយនៅទីបំផុតពួកសត្រូវបានសម្លាប់លោក។
លោកអ្នកប្រហែលគិតថា៖ ‹ជីវិតបែបនេះមិនមែនជាជីវិតដែលមានន័យខ្លឹមសារទេ!›។ ប៉ុន្តែមានចំណុចថែមទៀតអំពីជីវិតរបស់លោកយេស៊ូដែលយើងគួរយកមកពិចារណា។ សូមយើងពិចារណាវិធីបួនយ៉ាងដែលធ្វើឲ្យជីវិតលោកមានន័យខ្លឹមសារ។
១. លោកយេស៊ូមានគោលបំណងក្នុងជីវិត គឺធ្វើតាមបំណងប្រាថ្នារបស់ព្រះ
«អាហាររបស់ខ្ញុំ គឺខ្ញុំធ្វើតាមបំណងប្រាថ្នារបស់លោកដែលបានចាត់ខ្ញុំឲ្យមក»។—យ៉ូហាន ៤:៣៤
តាមរយៈពាក្យសម្ដីនិងការប្រព្រឹត្ត លោកយេស៊ូព្យាយាមធ្វើតាមបំណងប្រាថ្នារបស់បិតានៅស្ថានសួគ៌គឺព្រះយេហូវ៉ា។a លោកយេស៊ូមានអំណរយ៉ាងខ្លាំងក្នុងការធ្វើតាមបំណងប្រាថ្នារបស់ព្រះ។ ដូចបង្ហាញក្នុងបទគម្ពីរខាងលើនេះ លោកប្រៀបធៀបការធ្វើតាមបំណងប្រាថ្នារបស់ព្រះទៅនឹងអាហារ។ សូមពិចារណាថា តើលោកបាននិយាយពាក្យទាំងនេះនៅពេលណា?
លោកយេស៊ូបាននិយាយពាក្យនេះប្រហែលជានៅពេលថ្ងៃត្រង់។ (យ៉ូហាន ៤:៦) លោកបានដើរពេញមួយព្រឹកកាត់តំបន់ដែលមានទីទួលជាច្រើនក្នុងស្រុកសាម៉ារី ដូច្នេះ លោកច្បាស់ជាឃ្លាន។ ម្ល៉ោះហើយ អ្នកកាន់តាមលោកបានតឿនលោកថា៖ «រ៉ាប៊ី អញ្ជើញពិសាទៅ»។ (យ៉ូហាន ៤:៣១) តាមចម្លើយរបស់លោក លោកយេស៊ូបានបញ្ជាក់ថាការបំពេញកិច្ចការរបស់ព្រះបានធ្វើឲ្យលោកមានកម្លាំងឡើងវិញ។ ស្ដាប់ទៅជីវិតរបស់លោកមានន័យខ្លឹមសារណាស់ មែនទេ?
២. លោកយេស៊ូស្រឡាញ់បិតាយ៉ាងខ្លាំង
«ខ្ញុំស្រឡាញ់បិតានៅស្ថានសួគ៌»។—យ៉ូហាន ១៤:៣១
លោកយេស៊ូមានចំណងមិត្តភាពជិតស្និទ្ធខ្លាំងណាស់ជាមួយបិតារបស់លោកនៅស្ថានសួគ៌។ សេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះព្រះ ជំរុញលោកយេស៊ូសម្ដែងឲ្យមនុស្សស្គាល់បិតា ពោលគឺនាម គោលបំណង និងគុណសម្បត្ដិរបស់បិតា។ លោកយេស៊ូដូចបិតាបេះបិទ។ ដោយអានអំពីពាក្យសម្ដី ការប្រព្រឹត្ត និងអាកប្បកិរិយារបស់លោកយេស៊ូ នោះប្រៀបដូចជាយើងកំពុងអានអំពីបិតារបស់លោកដែរ។ ដូច្នេះហើយ ពេលភីលីពសួរលោកយេស៊ូថា៖ «សូមបង្ហាញឲ្យយើងឃើញបិតានៅស្ថានសួគ៌» លោកយេស៊ូតបថា៖ «អ្នកណាដែលបានឃើញខ្ញុំ អ្នកនោះបានឃើញបិតាដែលនៅស្ថានសួគ៌ហើយ»។—យ៉ូហាន ១៤:៨, ៩
លោកយេស៊ូស្រឡាញ់បិតាលោកខ្លាំងដល់ម្ល៉េះដែលលោកសុខចិត្តស្ដាប់បង្គាប់បិតាទោះជាត្រូវស្លាប់ក៏ដោយ។ (ភីលីព ២:៧, ៨; យ៉ូហានទី១ ៥:៣) សេចក្ដីស្រឡាញ់ខ្លាំងបែបនេះដែលលោកមានចំពោះព្រះបានធ្វើឲ្យជីវិតរបស់លោកមានន័យខ្លឹមសារ។
៣. លោកយេស៊ូស្រឡាញ់មនុស្ស
«គ្មានអ្នកណាមានសេចក្ដីស្រឡាញ់ច្រើនជាងអ្នកដែលលះបង់ជីវិតដើម្បីមិត្តសម្លាញ់របស់ខ្លួនឡើយ»។—យ៉ូហាន ១៥:១៣
អនាគតរបស់មនុស្សដែលមិនល្អឥតខ្ចោះគឺមានតែភាពអស់សង្ឃឹមប៉ុណ្ណោះ។ គម្ពីរពន្យល់ថា៖ «ដូចភាពខុសឆ្គងបានចូលក្នុងពិភពលោកតាមរយៈបុរសតែម្នាក់[អាដាម] ហើយសេចក្ដីស្លាប់បានចូលតាមរយៈភាពខុសឆ្គង ដូច្នេះ សេចក្ដីស្លាប់បានឆ្លងរាលដាលដល់មនុស្សទាំងអស់ ពីព្រោះពួកគេទាំងអស់គ្នាជាអ្នកធ្វើខុស»។ (រ៉ូម ៥:១២) យើងមិនអាចគេចផុតដោយខ្លួនឯងបានទេពីផលវិបាកដែលមកពីភាពខុសឆ្គង ពោលគឺសេចក្ដីស្លាប់។—រ៉ូម ៦:២៣
យើងពិតជាដឹងគុណណាស់ ដែលព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់ដោយផ្ដល់ដំណោះស្រាយចំពោះស្ថានភាពរបស់មនុស្សជាតិ។ ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យលោកយេស៊ូដែលជាបុត្រដ៏ល្អឥតខ្ចោះនិងគ្មានភាពខុសឆ្គង រងទុក្ខនិងស្លាប់ក្នុងបំណងផ្ដល់ថ្លៃលោះដែលមនុស្សជាតិត្រូវការដើម្បីរួចផុតពីអំណាចនៃភាពខុសឆ្គងនិងសេចក្ដីស្លាប់។ សេចក្ដីស្រឡាញ់ចំពោះបិតានិងចំពោះមនុស្សជាតិបានជំរុញលោកយេស៊ូឲ្យប្រគល់ជីវិតរបស់លោកជាមនុស្សល្អឥតខ្ចោះដើម្បីប្រយោជន៍យើង។ (រ៉ូម ៥:៦-៨) សេចក្ដីស្រឡាញ់ដែលមិនគិតពីប្រយោជន៍ខ្លួនបែបនេះ បានធ្វើឲ្យជីវិតរបស់លោកមានន័យខ្លឹមសារ។b
៤. លោកយេស៊ូដឹងថាបិតា ស្រឡាញ់និងពេញចិត្តលោក
«នេះជាបុត្រដែលជាទីស្រឡាញ់របស់ខ្ញុំ ជាទីពេញចិត្តខ្ញុំណាស់»។—ម៉ាថាយ ៣:១៧
ព្រះយេហូវ៉ាបានមានប្រសាសន៍ខាងលើនេះពីស្ថានសួគ៌នៅពេលដែលលោកយេស៊ូបានទទួលការជ្រមុជទឹក។ យ៉ាងនេះ ព្រះយេហូវ៉ាបានបង្ហាញជាចំហថាលោកស្រឡាញ់និងពេញចិត្តលោកយេស៊ូដែលជាបុត្ររបស់លោក។ ហេតុនេះ មិនជាការចម្លែកឡើយដែលលោកយេស៊ូបានមានប្រសាសន៍ចំៗថា៖ «បិតានៅស្ថានសួគ៌ស្រឡាញ់ខ្ញុំ»។ (យ៉ូហាន ១០:១៧) ដោយដឹងថាបិតាស្រឡាញ់និងពេញចិត្តលោក លោកយេស៊ូបានប្រឈមមុខដោយចិត្តក្លាហានចំពោះការប្រឆាំងនិងការរិះគន់។ លោកមានចិត្តនឹងនរជានិច្ចទោះជាប្រឈមមុខនឹងសេចក្ដីស្លាប់ក៏ដោយ។ (យ៉ូហាន ១០:១៨) ការដឹងថាបិតាស្រឡាញ់និងពេញចិត្តលោក ប្រាកដជាធ្វើឲ្យជីវិតលោកយេស៊ូកាន់តែមានន័យខ្លឹមសារថែមទៀត។
លោកយេស៊ូពិតជាមានជីវិតដែលមានន័យខ្លឹមសារមែន។ ច្បាស់ហើយ យើងអាចរៀនពីលោកយ៉ាងច្រើនអំពីរបៀបយើងអាចមានជីវិតដែលមានន័យខ្លឹមសារ។ អត្ថបទបន្ទាប់នឹងពិចារណានូវឱវាទចំៗដែលលោកយេស៊ូបានផ្ដល់ឲ្យអ្នកកាន់តាមលោកស្តីអំពីរបៀបរស់នៅ។
[កំណត់សម្គាល់]
a យេហូវ៉ាគឺជានាមរបស់ព្រះដែលមានក្នុងគម្ពីរ។
b ដើម្បីដឹងព័ត៌មានថែមទៀតអំពីថ្លៃលោះរបស់លោកយេស៊ូ សូមមើលជំពូកទី៥ ក្នុងសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? បោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។
[រូបភាពនៅទំព័រ៤, ៥]