តើលោកអ្នករកឃើញសាសនាត្រឹមត្រូវហើយឬ?
«ឯសាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មង នៅចំពោះព្រះដ៏ជាព្រះវរបិតា នោះគឺ»។—យ៉ាកុប ១:២៧
១, ២. (ក) ចំពោះមតិនៃមនុស្សជាច្រើន តើអ្វីទៅដែលជាកត្ដាក្នុងការសម្រេចថាតើសាសនារបស់ពួកគេត្រឹមត្រូវនោះ? (ខ) តើត្រូវពិចារណាអ្វីឲ្យបានប្រាកដប្រជា ក្នុងការវិនិច្ឆ័យសាសនា?
យើងរស់នៅក្នុងសម័យ ដែលមនុស្សជាច្រើនពេញចិត្តក្នុងការចាត់ទុកសាសនាជាផ្នែកដ៏តូចមួយនៃជីវិតរបស់គេ។ ពួកគេប្រហែលជាទៅឯកិច្ចប្រជុំខាងសាសនាខ្លះៗ ប៉ុន្តែមានតែមួយចំនួនតូចទេ ដែលទៅបានជាទៀងទាត់នោះ។ មនុស្សជាច្រើនមិនជឿថា សាសនាទាំងអស់ខុសទេ ហើយជឿថាសាសនារបស់គេត្រឹមត្រូវវិញ។ ពួកគេប្រហែលជាមានអារម្មណ៍ថា សាសនារបស់គេត្រឹមត្រូវចំពោះគេហើយ។
២ ដោយសារហេតុនេះ សំនួរដែលថា តើលោកអ្នករកឃើញសាសនាត្រឹមត្រូវហើយឬនៅ? គ្រាន់តែមានន័យថា តើលោកអ្នកបានរកឃើញសាសនាដែលលោកអ្នកចូលចិត្តហើយប៉ុណ្ណោះឬ? តើអ្វីទៅដែលជាកត្ដាក្នុងការសម្រេចអ្វីមួយដែលអ្នកចូលចិត្តនោះ? តើក្រុមគ្រួសាររបស់អ្នកឬ? តើសហការីរបស់អ្នកឬ? តើអារម្មណ៍របស់អ្នកផ្ទាល់ឬ? តើអ្នកបានពិចារណាទស្សនៈរបស់ព្រះឲ្យបានប្រាកដប្រជាយ៉ាងណា អំពីរឿងនេះ?
តើតាមរបៀបណាដែលយើងអាចដឹងទស្សនៈរបស់ព្រះ?
៣. (ក) បើសិនជាយើងត្រូវដឹងទស្សនៈរបស់ព្រះ តើយើងត្រូវតែមានអ្វី? (ខ) តើសំនួរអ្វីដែលយើងត្រូវតែសួរ អំពីមូលហេតុដែលយើងជឿ ថាព្រះគម្ពីរគឺមកពីព្រះនោះ?
៣ បើសិនជាយើងត្រូវដឹងនូវអ្វីៗដែលព្រះទ្រង់គិតនោះ គឺត្រូវតែមានការសម្ដែងប្រាប់អ្វីមួយពីទ្រង់ជាមិនខាន។ ព្រះគម្ពីរជាសៀវភៅដ៏ចាស់បំផុតពីបុរាណ ដែលអះអាងថាព្រះបានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែង។ (ធីម៉ូថេទី២ ៣:១៦, ១៧) ប៉ុន្តែ តើអាចនិយាយបានដោយពិតទេ ថាសៀវភៅនេះមានសាររបស់ព្រះសំរាប់មនុស្សលោកគ្រប់ៗគ្នា ផ្ទុយពីសៀវភៅឯទៀតទាំងអស់នោះ? តើអ្នកនឹងឆ្លើយសំនួរនោះដូចម្ដេច ហើយហេតុអ្វីបានជាឆ្លើយដូច្នេះ? តើនេះដោយសារតែមាតាបិតារបស់អ្នកកាន់ទស្សនៈដូច្នេះឬ? តើនេះដោយសារតែអាកប្បកិរិយានៃសហការីរបស់អ្នកឬ? តើអ្នកបានពិចារណាមើលទីសំអាងនោះដោយខ្លួនឯងហើយឬ? ដូច្នេះ ម្ដេចក៏មិនធ្វើដូច្នេះឥឡូវនេះទៅ ដោយប្រើទីសំអាងបួនជាបន្តបន្ទាប់នេះ?
៤. ចំពោះភាពមានទូទៅ តើអ្វីដែលបង្ហាញប្រាប់ថា ព្រះគម្ពីរគឺមកពីព្រះ ជាជាងសៀវភៅដទៃទៀត?
៤ ភាពមានទូទៅ: សារដែលពិតជាមកពីព្រះ ហើយពិតជាសំរាប់គ្រួសារមនុស្សលោកទាំងមូល គឺត្រូវតែមានដល់មនុស្សគ្រប់ៗគ្នា។ តើព្រះគម្ពីរដូច្នេះមែនឬ? សូមពិចារណាការណ៍ពិតនេះ៖ ព្រះគម្ពីរទាំងមូលឬក៏ជាចំណែកខ្លះៗ ឥឡូវនេះត្រូវបានបោះពុម្ពជាង២.០០០ភាសា។ យោងទៅតាមសមាគមអាមេរិកាំងនៃព្រះគម្ពីរ ជិតមួយទសវត្សកន្លងទៅនេះ ៩៨ភាគរយនៃប្រជាជនក្នុងពិភពលោកនេះមានព្រះគម្ពីរអានបាន។ ដូចជាបានបញ្ជាក់មកដោយ សៀវភៅហ្គីននិសអំពីឯតទគ្គកម្មនៃពិភពលោក ព្រះគម្ពីរជាសៀវភៅដែល«បានចែកចេញលើសជាងគេទាំងអស់ក្នុងពិភពលោក»។ នេះហើយជាអ្វីដែលយើងសង្ឃឹមអំពីសារដែលមកពីព្រះ ដែលសំរាប់មនុស្សគ្រប់អម្បូរសាសន៍ និងប្រជាជាតិ ហើយក្រុមភាសាផ្សេងៗ។ (ប្រៀបធៀប វិវរណៈ ១៤:៦) គ្មានសៀវភៅឯណាទៀតក្នុងលោកីយ៍នេះ មានប្រវត្ដិដូចព្រះគម្ពីរឡើយ។
៥. ហេតុអ្វីក៏មូលដ្ឋានខាងប្រវត្ដិសាស្ត្រនៃព្រះគម្ពីរជាការសំខាន់ម្ល៉េះ?
៥ ភាពពិតខាងប្រវត្ដិសាស្ត្រ: ការពិនិត្យដោយប្រយ័ត្នប្រយែងនៃនិទានកថាព្រះគម្ពីរ សម្ដែងឲ្យឃើញនូវផ្លូវមួយទៀត ដែលព្រះគម្ពីរផ្លែកពីសៀវភៅឯទៀត ដែលអះអាងថាបរិសុទ្ធនោះ។ ព្រះគម្ពីរមានការណ៍ពិតខាងប្រវត្ដិសាស្ត្រ មិនមែនរឿងព្រេងដែលមិនអាចបង្ហាញភស្តុតាងបាននោះឡើយ។ លោកអាវ៉ិនល៉ិនថិន ជាមេធាវីបានធ្លាប់ធ្វើវិភាគរកអ្វីដែលត្រូវការសំរាប់ជាភស្តុតាងនៅក្នុងតុលាការច្បាប់ បានសរសេរថា៖ «កាលដែលរឿងប្រលោមលោក រឿងព្រេង និងសក្ខីភាពក្លែងក្លាយ មានការប្រយ័ត្នប្រយែងក្នុងការប្រាប់ពីព្រឹត្ដិការណ៍ដែលទាក់ទងនឹងកន្លែងណាមួយយ៉ាងឆ្ងាយ និងពេលវេលាណាដ៏មិនច្បាស់លាស់នោះ . . . និទានកថានៃព្រះគម្ពីរប្រាប់យើងនូវពេលវេលានិងកន្លែងនៃព្រឹត្ដិការណ៍ដែលទាក់ទងនោះ ដោយមានភាពទៀងទាត់ជាទីបំផុត»។ (ជាឧទាហរណ៍ សូមមើលពង្សាវតារក្សត្រទី១ ១៤:២៥; អេសាយ ៣៦:១; លូកា ៣:១, ២) ចំពោះមនុស្សណាដែលបែរទៅរកសាសនាដោយព្រោះតែសេចក្ដីពិត គឺមិនដើម្បីគេចឲ្យផុតពីការជាក់ស្តែងនេះ ការពិចារណានេះជាការដ៏សំខាន់មួយ។
៦. (ក) តើព្រះគម្ពីរពិតជាជួយបុគ្គលម្នាក់ដែលមានបញ្ហានៃជីវិតដូចម្ដេចបាន? (ខ) ក្នុងវិធីបីយ៉ាងណា ដែលព្រះគម្ពីរជួយបុគ្គលម្នាក់ ក្នុងការដោះស្រាយនឹងភាពជាក់ស្តែងនៃជីវិតដ៏លំបាក?
៦ ភាពមានប្រយោជន៍: ពួកអ្នកដែលពិចារណាព្រះគម្ពីរដោយប្រាកដប្រជានោះ មិនយូរប៉ុន្មានគេនឹងដឹងថា បទបញ្ជានិងគោលការណ៍របស់ព្រះគម្ពីរមិនបានស្ថាបនាឡើងដើម្បីកេងប្រវ័ញ្ចពីពួកគេឡើយ។ តែផ្ទុយទៅវិញ បទបញ្ជានិងគោលការណ៍ទាំងនេះ ផ្ដល់នូវចំណុចសំខាន់ៗចំពោះជីវភាពរស់នៅដែលនាំឲ្យមានផលប្រយោជន៍ដល់ពួកអ្នកដែលប្រកាន់ភ្ជាប់ចំពោះគោលការណ៍ទាំងនោះ។ (អេសាយ ៤៨:១៧, ១៨) ការជួយសម្រាលទុក្ខដែលព្រះគម្ពីរផ្ដល់ទៅពួកដែលមានទុក្ខព្រួយនោះ មិនមែនជាឥតប្រយោជន៍ទេ ហើយក៏មិនមានមូលដ្ឋានលើទស្សនវិជ្ជាឥតន័យនោះឡើយ។ តែផ្ទុយទៅវិញ ព្រះគម្ពីរអាចជួយមនុស្សលៃលកដោះស្រាយនឹងភាពជាក់ស្តែងនៃជីវិតដ៏លំបាកបំផុត។ តើតាមរបៀបណា? គឺក្នុងវិធីបីយ៉ាង៖ (១) ដោយផ្ដល់ឲ្យឱវាទដ៏ត្រឹមត្រូវ នូវរបៀបដោះស្រាយផលវិបាកទាំងឡាយ (២) ដោយពន្យល់ប្រាប់ពីរបៀបទទួលការគាំទ្រដ៏ជាទីស្រឡាញ់ដែលព្រះប្រទានដល់អ្នកបំរើរបស់ទ្រង់ នៅពេលឥឡូវនេះ និង(៣) ដោយសម្ដែងឲ្យឃើញនូវអនាគតដ៏អស្ចារ្យ ដែលព្រះទ្រង់ទុកប្រការសំរាប់អ្នកដែលបំរើទ្រង់ ប្រទានឲ្យពួកគេមានសេចក្ដីទុកចិត្តដ៏ត្រឹមត្រូវចំពោះសេចក្ដីសន្យារបស់ទ្រង់។
៧. (ក) ក្នុងការប្រើបទគម្ពីរក្នុងកំណត់ចំណាំ សូមពន្យល់ចម្លើយរបស់ព្រះគម្ពីរ ចំពោះបញ្ហាមនុស្សសំខាន់ៗជាច្រើននៅសព្វថ្ងៃនេះ។ (ខ) សូមបង្ហាញនូវរបៀបដែលឱវាទព្រះគម្ពីរ ការពារយើងឬក៏ជួយយើងក្នុងការដោះស្រាយនឹងស្ថានការណ៍ដ៏តានតឹង។
៧ ថ្វីបើឱវាទព្រះគម្ពីរ តែងតែមិនមានប្រជាប្រិយក្នុងចំណោមពួកអ្នកដែលបដិសេធអាជ្ញាធរ និងស្វែងរកជីវិតដែលបណ្ដោយខ្លួនហួសហេតុក្ដី ពួកគេជាច្រើនដឹងថា ជីវិតបែបនេះមិនបាននាំឲ្យគេមានសុភមង្គលដ៏ពិតឡើយ។ (កាឡាទី ៦:៧, ៨) ព្រះគម្ពីរផ្ដល់ចម្លើយយ៉ាងចំៗ ចំពោះបញ្ហាខាងការពន្លូតកូន, ការលែងលះគ្នា, និងការប្រតិព័ទ្ធមនុស្សភេទដូចគ្នា។ ឱវាទព្រះគម្ពីរជារបាំងការពារនឹងគ្រឿងញៀន ហើយការប្រើសុរាជ្រុល ហើយព្រមទាំងការពារពីការកើតរោគអេដស៍ តាមរយៈឈាមដែលកខ្វក់ ឬការសេពកាមដោយមិនរើសមុខ។ ព្រះគម្ពីរបង្ហាញយើង នូវរបៀបដែលគ្រួសារមានសេចក្ដីសប្បាយរីករាយ។ ហើយក៏ផ្ដល់ឲ្យចម្លើយដែលជួយបុគ្គល ដោះស្រាយស្ថានការណ៍ដ៏តានតឹងបំផុតក្នុងជីវិត រួមទាំងការលែងរាប់អានពីសមាជិកនៃក្រុមគ្រួសារ, ជម្ងឺយ៉ាងធ្ងន់ធ្ងរ ហើយសេចក្ដីស្លាប់នៃអ្នកជាទីស្រឡាញ់ផង។ ក៏ជួយយើងឲ្យចេះគិតលៃលកអាទិភាពរបស់យើង ដើម្បីឲ្យជីវិតរបស់យើងពេញទៅដោយអត្ថន័យ ជាជាងការសោកស្ដាយ។a
៨, ៩. (ក) តើទំនាយព្រះគម្ពីរណាមួយដែលធ្វើឲ្យអ្នកស្ងើច ជាភស្តុតាងនៃការបណ្ដាលមកពីព្រះនោះ? (ខ) តើទំនាយទាំងឡាយក្នុងព្រះគម្ពីរសម្ដែងជាភស្តុតាងយ៉ាងណា ចំពោះប្រភពនៃទំនាយទាំងនោះ?
៨ ទំនាយ: ព្រះគម្ពីរជាសៀវភៅនៃទំនាយដ៏អស្ចារ្យមួយ ជាសៀវភៅមួយដែលចែងប្រាប់អ្វីៗដែលនឹងកើតឡើងនៅអនាគតយ៉ាងល្អិតល្អន់។ ព្រះគម្ពីរបានទាយប្រាប់អំពីសេចក្ដីហិនវិនាសនៃស្រុកទីរ៉ុសពីបុរាណ ការធ្លាក់អំណាចនៃពួកបាប៊ីឡូន, ការសង់ក្រុងយេរូសាឡិមឡើងវិញ, និងការឡើងនិងការធ្លាក់ដំណែងនៃពួកស្តេចមេឌី-ពើស៊ី និងស្រុកក្រិក, ហើយក៏ប្រាប់អំពីព្រឹត្ដិការណ៍ជាច្រើននៃព្រះជន្មរបស់ព្រះយេស៊ូវគ្រីស្ទ។ ព្រះគម្ពីរក៏បានទាយប្រាប់អំពីស្ថានភាពនៃលោកីយ៍យ៉ាងល្អិតល្អន់ ដែលបានលូតឡើងក្នុងសតវត្សនេះ ហើយក៏ពន្យល់អំពីលក្ខណៈសំខាន់ៗនៃព្រឹត្ដិការណ៍ទាំងនេះផង។ ព្រះគម្ពីរក៏បង្ហាញអំពីរបៀបដែលបញ្ហាជាច្រើននឹងត្រូវដោះស្រាយ ដែលពួកអ្នកគ្រប់គ្រងមនុស្សលោកមិនអាចធ្វើបាន ហើយព្រមទាំងសម្គាល់ប្រាប់នូវអ្នកគ្រប់គ្រងម្នាក់ ដែលនឹងនាំឲ្យមានសន្ដិភាពជាស្ថាពរ និងសន្ដិសុខពិតប្រាកដដល់មនុស្សលោក។b—អេសាយ ៩:៦, ៧; ១១:១-៥, ៩; ៥៣:៤-៦
៩ គួរឲ្យអស្ចារ្យដែរ ព្រះគម្ពីរសម្ដែងនូវសមត្ថភាព ក្នុងការទាយអំពីអនាគតយ៉ាងត្រូវទៀងទាត់ គឺជាការល្បងមើលនៃភាពជាព្រះ។ (អេសាយ ៤១:១–៤៦:១៣) បុគ្គលម្នាក់ដែលអាចធ្វើយ៉ាងនេះ ឬក៏អាចបណ្ដាលអ្នកឯទៀតឲ្យធ្វើយ៉ាងនេះ មិនមែនជារូបព្រះដែលឥតជីវិតនោះទេ។ បុគ្គលនេះមិនមែនគ្រាន់តែជាមនុស្សដែលស៊ប់នឹងសាសនាប៉ុណ្ណោះឡើយ។ ទ្រង់ជាព្រះដ៏ពិត ហើយសៀវភៅដែលមានទំនាយដូចនេះ គឺជាពាក្យបន្ទូលរបស់ទ្រង់។—ថែស្សាឡូនីចទី១ ២:១៣
តើពួកអ្នកទាំងអស់ដែលប្រើព្រះគម្ពីរបង្រៀនសាសនាត្រឹមត្រូវឬ?
១០, ១១. ដូចជាបានបង្ហាញដោយព្រះយេស៊ូវ ថ្វីបើបព្វជិតម្នាក់ប្រហែលជាប្រើព្រះគម្ពីរក្ដី តើអ្វីដែលអាចធ្វើឲ្យសាសនាគាត់ជាការឥតប្រយោជន៍វិញ?
១០ ជាការសំខាន់ជាងនោះទៅទៀត តើជាការសមហេតុផលឬស្របតាមព្រះគម្ពីរទេ ដោយសន្និដ្ឋានថា ពួកក្រុមនៃសាសនាទាំងអស់ដែលអះអាងថាប្រើព្រះគម្ពីរ បង្រៀនសាសនាពិតនោះ? តើពួកគ្រប់ៗគ្នាដែលកាន់ឬដកស្រង់ពីព្រះគម្ពីរ កាន់សាសនាត្រឹមត្រូវឬ?
១១ គណៈបព្វជិតជាច្រើន ថ្វីបើគេមានព្រះគម្ពីរក្ដី ប្រើសាសនាជាមធ្យោបាយមួយដើម្បីនឹងលើកតំកើងខ្លួនគេ។ ពួកគេបានលាយសេចក្ដីពិតដ៏បរិសុទ្ធជាមួយនឹងប្រពៃណី ហើយទស្សនវិជ្ជារបស់មនុស្ស។ តើព្រះទ្រង់សព្វព្រះហឫទ័យនឹងការថ្វាយបង្គំរបស់គេទេ? ចំពោះមេដឹកនាំសាសនានៅក្នុងក្រុងយេរូសាឡិមនៃសតវត្សទីមួយ ដែលបានប្រព្រឹត្តបែបដូច្នោះ ព្រះយេស៊ូវគ្រីស្ទបានលើកការប្រកាសរបស់ព្រះ តាមរយៈហោរាអេសាយយ៉ាងម៉ឺងម៉ាត់ថា៖ «បណ្ដាជននេះ គេគោរពប្រតិបត្ដិដល់អញតែបបូរមាត់ទេ ឯចិត្តគេ នោះនៅឆ្ងាយពីអញណាស់ គេថ្វាយបង្គំអញជាឥតប្រយោជន៍ទេ ព្រោះគេបង្រៀនសេចក្ដីដែលជាបញ្ញត្តរបស់មនុស្សវិញ»។ (ម៉ាថាយ ១៥:៨, ៩; ២៣:៥-១០) ជាច្បាស់ណាស់ សាសនាប្រភេទនេះ មិនមែនជាសាសនាពិតឡើយ។
១២, ១៣. (ក) តើមារយាទរបស់សមាជិកសាសនាទាំងឡាយ អាចជួយបុគ្គលម្នាក់ ក្នុងការពិនិត្យមើលថាតើសាសនារបស់គេជាត្រូវឬក៏មិនត្រូវនោះ? (ខ) តើព្រះនឹងមានទស្សនៈចំពោះការថ្វាយបង្គំរបស់យើងយ៉ាងណា បើយើងជ្រើសរើសសហការីដែលទ្រង់បដិសេធនោះ? (របាក្សត្រទី២ ១៩:២)
១២ ចុះយ៉ាងណាវិញ បើសិនជាផលផ្លែដែលបានផលិតមក ដោយការបង្រៀននៃសាសនាណាមួយ ទៅជារលួយនោះ ដូចជាបានសម្ដែងឲ្យឃើញមកក្នុងជីវិតនៃសមាជិករបស់គេដែលមានឋានៈល្អ? ក្នុងធម្មទានរបស់ទ្រង់នៅលើភ្នំដើមអូលីវ ព្រះយេស៊ូវបានព្រមានថា៖ «ចូរប្រយ័តនឹងពួកគ្រូក្លែងក្លាយ . . . អ្នករាល់គ្នានឹងស្គាល់គេបាន ដោយសារផលគេបង្កើត . . . អស់ទាំងដើមឈើល្អ តែងមានផ្លែល្អ ឯដើមអាក្រក់ ក៏តែងមានផ្លែអាក្រក់ដែរ»។ (ម៉ាថាយ ៧:១៥-១៧) ពិតមែនហើយ មានបុគ្គលខ្លះប្រហែលជាប្រព្រឹត្តអំពើអាក្រក់ ហើយត្រូវការកែប្រដៅ។ ប៉ុន្តែជារឿងផ្ទុយទៅវិញ ពេលដែលសមាជិកនៃសាសនា ព្រមទាំងគណៈបព្វជិត ប្រព្រឹត្តនូវអំពើសហាយស្មន់ និងអំពើកំផិត, ការវាយតប់គ្នា, ការប្រមឹក, ការលោភលន់, ភូតភរ, ចេតោនិយម, ថ្វាយបង្គំរូបព្រះ—ខ្លះឬទាំងអស់ក្ដី—ហើយនៅតែគ្មានការប្រដែប្រដៅកាត់ទោសសោះឡើយ។ ហើយពួកអ្នកដែលបន្តការប្រព្រឹត្តដូចនេះ មិនបានបណ្ដេញឲ្យចេញពីក្រុមជំនុំទេ។ ព្រះគម្ពីរបានចែងយ៉ាងច្បាស់លាស់ថា អស់អ្នកដែលប្រព្រឹត្តអំពើដូចនេះ ត្រូវតែបណ្ដេញចេញពីក្រុមជំនុំ ហើយពួកគេនឹងមិនមានកន្លែងក្នុងព្រះរាជាណាចក្ររបស់ព្រះឡើយ។ (កាឡាទី ៥:១៩-២១) ការថ្វាយបង្គំរបស់ពួកគេ ព្រះមិនសព្វព្រះហឫទ័យឡើយ ហើយការថ្វាយបង្គំរបស់យើងក៏មិនគាប់ព្រះហឫទ័យទ្រង់ដែរ បើយើងជ្រើសរើសសហការីដែលទ្រង់បដិសេធនោះ។—កូរិនថូសទី១ ៥:១១-១៣; ៦:៩, ១០; វិវរណៈ ២១:៨
១៣ ជាការច្បាស់លាស់ណាស់ គឺថាមិនមែនក្រុមសាសនាទាំងអស់ដែលអះអាងប្រើព្រះគម្ពីរ កាន់តាមសាសនាពិត ដែលព្រះគម្ពីរពិពណ៌នានោះឡើយ។ ដូច្នេះ តើព្រះគម្ពីរបង្ហាញប្រាប់សញ្ញាសម្គាល់អ្វីខ្លះអំពីសាសនាពិត?
សញ្ញាសម្គាល់នៃសាសនាពិត
១៤. (ក) តើសេចក្ដីបង្រៀនទាំងអស់របស់សាសនាពិត មានមូលដ្ឋានពីណាមក? (ខ) តើសេចក្ដីបង្រៀនរបស់ពិភពគ្រីស្ទសាសនា អំពីព្រះនិងព្រលឹងនោះ ទទួលលទ្ធផលយ៉ាងណាចំពោះការសាកល្បងនេះ?
១៤ ការបង្រៀននៃសាសនាពិត ត្រូវមានមូលដ្ឋានយ៉ាងមាំមួនពីព្រះគម្ពីរដែលបណ្ដាលមកពីព្រះ។ «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត»។ (ធីម៉ូថេទី២ ៣:១៦) ប៉ុន្តែ តើនៅឯណា ដែលព្រះគម្ពីរបរិសុទ្ធចែងអំពីត្រីឯកភាពនៃពិភពគ្រីស្ទសាសនានោះ? តើនៅឯណាដែលព្រះគម្ពីរបង្រៀនថា មនុស្សមានព្រលឹងរស់នៅក្រោយពីរាងកាយបានស្លាប់ ដូចពួកគណៈបព្វជិតបង្រៀននោះ? តើអ្នកមានដែលសួរបព្វជិតឲ្យបង្ហាញអ្នកអំពីការបង្រៀននោះ នៅក្នុងព្រះគម្ពីររបស់អ្នកទេ? សព្វវចនាធិប្បាយប៊្រីធែណនីកាថ្មី ចែងថា៖ «ពាក្យត្រីឯកភាពនិងលទ្ធិយ៉ាងជាក់លាក់នោះ មិនមានក្នុងសញ្ញាថ្មីឡើយ»។ (1992, Micropædia, Volume 11, page 928) ហើយសព្វវចនាធិប្បាយកាតូលិកថ្មី សារភាពថា៖ «ក្នុងចំណោមពួកអ្នកនិពន្ធគ្រីស្ទានពីដើម គឺគ្មានគំនិតឬក៏ទស្សនៈបែបនេះ សូម្បីតែទាក់ទងបន្ដិចបន្តួចក៏គ្មានដែរ»។ (1967, Volume XIV, page 299) ចំពោះសេចក្ដីបង្រៀនរបស់ពិភពគ្រីស្ទសាសនាអំពីព្រលឹង ដែលបែកចេញពីរាងកាយនៅពេលស្លាប់នោះ ពួកវិជ្ជាករខាងសាសនាសារភាពថា គេបានខ្ចីមតិនេះពីទស្សនវិជ្ជាក្រិក។ ប៉ុន្តែ សាសនាពិតពុំបដិសេធចោលសេចក្ដីពិតរបស់ព្រះគម្ពីរ ដើម្បីជាប្រយោជន៍ដល់ទស្សនវិជ្ជារបស់មនុស្សឡើយ។—លោកុប្បត្តិ ២:៧; ចោទិយកថា ៦:៤; អេសេគាល ១៨:៤; យ៉ូហាន ១៤:២៨
១៥. (ក) តើព្រះគម្ពីរសម្គាល់ថា បុគ្គលមួយណាទៅដែលយើងត្រូវតែថ្វាយបង្គំនោះ? (ខ) តើអ្នកថ្វាយបង្គំពិតមានអារម្មណ៍យ៉ាងណា អំពីការមកជិតព្រះយេហូវ៉ានោះ?
១៥ សាសនាពិតគាំទ្រការថ្វាយបង្គំព្រះយេហូវ៉ា ជាព្រះពិតតែមួយអង្គ។ (ចោទិយកថា ៤:៣៥; យ៉ូហាន ១៧:៣) ក្នុងការបកស្រាយឡើងវិញនូវចោទិយកថា ៥:៩ និង៦:១៣ ព្រះយេស៊ូវគ្រីស្ទបានមានបន្ទូលយ៉ាងម៉ឺងម៉ាត់ថា៖ «ឯងត្រូវថ្វាយបង្គំដល់ព្រះអម្ចាស់[យេហូវ៉ា,ពថ] ជាព្រះនៃឯង ហើយត្រូវគោរពដល់ទ្រង់តែមួយព្រះអង្គប៉ុណ្ណោះ»។ (ម៉ាថាយ ៤:១០) ក្នុងការប្រព្រឹត្តស្របតាមសេចក្ដីនោះ ព្រះយេស៊ូវបានធ្វើឲ្យពួកសិស្សទ្រង់ស្គាល់ព្រះនាមរបស់ព្រះវរបិតាទ្រង់។ (យ៉ូហាន ១៧:២៦) តើសាសនារបស់អ្នកបានបង្រៀនអ្នកឲ្យថ្វាយបង្គំព្រះយេហូវ៉ាទេ? តើអ្នកស្គាល់បុគ្គលដែលត្រូវបានសម្គាល់ដោយឈ្មោះនោះទេ—ដូចជាស្គាល់រាជបំណងរបស់ទ្រង់ សកម្មភាពរបស់ទ្រង់ គុណសម្បត្ដិរបស់ទ្រង់—ដើម្បីឲ្យអ្នកមានអារម្មណ៍ថា អ្នកអាចមានការទុកចិត្តបានមកជិតទ្រង់នោះ? បើសិនជាសាសនារបស់អ្នកជាសាសនាពិតនោះ ចម្លើយគឺត្រូវមែនហើយ។—លូកា ១០:២២; យ៉ូហានទី១ ៥:១៤
១៦. តើមានជំនឿលើព្រះគ្រីស្ទមានន័យយ៉ាងណា ចំពោះអស់អ្នកដែលកាន់តាមសាសនាពិតនោះ?
១៦ ផ្នែកមួយដ៏សំខាន់នៃការថ្វាយបង្គំ ដែលព្រះសព្វព្រះហឫទ័យនោះ គឺការមានជំនឿទៅលើបុត្ររបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ។ (យ៉ូហាន ៣:៣៦; កិច្ចការ ៤:១២) នេះមិនមានសេចក្ដីគ្រាន់តែជឿថា ទ្រង់ធ្លាប់មានព្រះជន្មរស់នៅឬក៏ទ្រង់ជាបុគ្គលដ៏អស្ចារ្យមួយប៉ុណ្ណោះទេ។ នេះគឺរួមបញ្ចូលអំណរអរនូវអ្វីៗដែលព្រះគម្ពីរបង្រៀនចំពោះតម្លៃនៃយញ្ញបូជាព្រះជន្មដ៏ល្អឥតខ្ចោះជាមនុស្សរបស់ទ្រង់ ហើយទទួលស្គាល់ឋានៈរបស់ទ្រង់ជាស្តេចនៃស្ថានសួគ៌នៅសព្វថ្ងៃនេះ។ (ទំនុកដំកើង ២:៦-៨; យ៉ូហាន ៣:១៦; វិវរណៈ ១២:១០) បើសិនជាអ្នកចូលរួបរួមជាមួយអស់អ្នកដែលកាន់សាសនាពិត អ្នកនឹងដឹងថា ក្នុងគ្រប់ជីវភាពប្រចាំថ្ងៃរបស់គេ ពួកគេខំប្រឹងដោយយកចិត្តទុកដាក់គោរពតាមព្រះយេស៊ូវ ធ្វើតាមគំរូរបស់ទ្រង់ ហើយនឹងចូលរួមផ្ទាល់ខ្លួន ដោយមានចិត្តយ៉ាងខ្នះខ្នែងក្នុងកិច្ចការដែលទ្រង់បានចាត់ឲ្យសិស្សរបស់ទ្រង់ធ្វើ។ (ម៉ាថាយ ២៨:១៩, ២០; យ៉ូហាន ១៥:១៤; ពេត្រុសទី១ ២:២១) បើសិនជា ពួកអ្នកដែលអ្នកថ្វាយបង្គំជាមួយមិនប្រព្រឹត្តបែបនេះទេ អ្នកត្រូវតែទៅរកកន្លែងផ្សេងទៀត។
១៧. ហេតុអ្វីក៏អ្នកថ្វាយបង្គំពិត ត្រូវប្រយ័ត្នប្រយែងកុំឲ្យជាប់ប្រឡាក់ជាមួយនឹងលោកីយ៍ ហើយតើនេះរួមបញ្ចូលអ្វីដែរ?
១៧ ការថ្វាយបង្គំពិតមិនត្រូវបានប្រឡាក់នឹងការជាប់ទាក់ទងខាងនយោបាយ ហើយការប៉ះទង្គិចខាងលោកីយ៍នេះឡើយ។ (យ៉ាកុប ១:២៧) ហេតុអ្វីបានជាដូច្នេះ? ពីព្រោះព្រះយេស៊ូវបានមានបន្ទូលចំពោះអ្នកកាន់តាមទ្រង់ថា៖ «គេមិនមែនជារបស់ផងលោកីយ ដូចជាទូលបង្គំក៏មិនមែនជារបស់លោកីយដែរ»។ (យ៉ូហាន ១៧:១៦) ព្រះយេស៊ូវមិនបានជ្រៀតជ្រែកចូលក្នុងរឿងនយោបាយទេ ហើយទ្រង់ក៏បានទប់ចិត្តពួកអ្នកកាន់តាមទ្រង់ពីការប្រើអាវុធដែរ។ (ម៉ាថាយ ២៦:៥២) ពួកទាំងនោះដែលយកបន្ទូលរបស់ព្រះមកកាន់ជាប់នឹងចិត្តនោះ ‹មិនហាត់រៀនធ្វើសង្គ្រាមទេ›។ (អេសាយ ២:២-៤) បើសិនជាសាសនាណាមួយដែលអ្នកកាន់តាម សូម្បីតែបន្ដិចបន្តួចក្ដី ដែលមិនសមស្របនឹងពិពណ៌នានេះ នេះជាពេលវេលាដែលលោកអ្នកគួរឈប់បន្តសេពគប់ជាមួយនឹងសាសនានោះ។—យ៉ាកុប ៤:៤; វិវរណៈ ១៨:៤, ៥
១៨. (ក) តើយ៉ូហាន ១៣:៣៥សម្គាល់នូវលក្ខណៈដ៏អស្ចារ្យណា នៃសាសនាពិត? (ខ) តើអ្នកនឹងអាចជួយអ្នកណាម្នាក់បានយ៉ាងណា ក្នុងការរកមើលក្រុមណាមួយដែលអនុលោមតាមយ៉ូហាន ១៣:៣៥នោះ?
១៨ សាសនាពិតបង្រៀនហើយប្រតិបត្ដិសេចក្ដីស្រឡាញ់ដែលអអញនិយម។ (យ៉ូហាន ១៣:៣៥; យ៉ូហានទី១ ៣:១០-១២) សេចក្ដីស្រឡាញ់បែបនេះ មិនគ្រាន់តែបាននិយាយមកនៅពេលធម្មទានឡើយ។ សាសនាពិតនាំមនុស្សឲ្យមានភាតរភាពពិតប្រាកដ ពីគ្រប់អម្បូរសាសន៍ ពីគ្រប់ក្រុមនៃសេដ្ឋកិច្ច ពីគ្រប់ភាសា ព្រមទាំងពីសញ្ជាតិផង។ (វិវរណៈ ៧:៩, ១០) សាសនាពិតធ្វើឲ្យជនគ្រីស្ទានពិត មានសភាពខុសប្លែកពីលោកីយ៍ដែលនៅជុំវិញគេ។ សូមអញ្ជើញលោកទៅកិច្ចប្រជុំនៅឯសាលព្រះរាជាណាចក្រនៃស្មរបន្ទាល់ព្រះយេហូវ៉ា ថែមទាំងមហាសន្និបាតផ្សេងៗទៀត បើសិនជាអ្នកមិនទាន់បានធ្វើដូច្នេះនៅឡើយ។ សូមមើលពួកគេកាលដែលគេធ្វើការជាមួយគ្នា ដើម្បីសង់សាលព្រះរាជាណាចក្រមួយ។ សូមសង្កេតមើលនូវរបៀបដែលគេប្រព្រឹត្តនឹងពួកចាស់ទុំ(រួមទាំងពួកមេម៉ាយ)និងពួកក្មេងៗ(រួមទាំងអស់អ្នកដែលមានតែឪពុកឬម្ដាយឬក៏មិនមានសោះ)។ (យ៉ាកុប ១:២៧) សូមប្រៀបធៀបនូវអ្វីៗដែលអ្នកសង្កេតឃើញជាមួយនឹងអ្វីៗដែលបានឃើញក្នុងសាសនាឯទៀតចុះ។ បន្ទាប់មកសូមសួរខ្លួនថា ‹តើពួកណាដែលកាន់សាសនាពិត›?
១៩. (ក) តើមានផ្លូវដោះស្រាយអ្វីចំពោះបញ្ហាមនុស្សលោក ដែលសាសនាពិតគាំទ្រ? (ខ) តើសមាជិកនៃក្រុមដែលកាន់ភ្ជាប់តាមសាសនាពិតគួរតែកំពុងធ្វើអ្វី?
១៩ សាសនាពិតគាំទ្រព្រះរាជាណាចក្ររបស់ព្រះ ជាផ្លូវដោះស្រាយជាស្ថាពរចំពោះបញ្ហាទាំងឡាយនៃមនុស្សលោក។ (ដានីយ៉ែល ២:៤៤; ៧:១៣, ១៤; ពេត្រុសទី២ ៣:១៣; វិវរណៈ ២១:៤, ៥) តើសាសនានៃពួកពិភពគ្រីស្ទសាសនាធ្វើដូច្នេះទេ? តើអ្នកមានដែលបានឮបព្វជិតណាម្នាក់ពន្យល់អំពីព្រះរាជាណាចក្ររបស់ព្រះ ហើយអំពីអ្វីៗដែលព្រះគម្ពីរបង្ហាញថានឹងត្រូវសម្រេចនោះទេ? តើអង្គការរបស់អ្នកលើកទឹកចិត្តអ្នកឲ្យទៅនិយាយនឹងអ្នកដទៃអំពីព្រះរាជាណាចក្ររបស់ព្រះទេ ហើយបើសិនជាដូច្នេះមែន តើសមាជិកទាំងអស់ចូលរួមក្នុងកិច្ចការនេះទេ? ព្រះយេស៊ូវបានផ្សាយអំពីរឿងនេះ ហើយសិស្សដំបូងរបស់ទ្រង់ក៏បានធ្វើដូច្នេះដែរ។ អ្នកក៏មានសិទ្ធិចូលរួមក្នុងសកម្មភាពនេះដែរ។ នេះជាកិច្ចការដ៏សំខាន់បំផុតដែលកំពុងតែធ្វើឡើងនៅលើផែនដីសព្វថ្ងៃនេះ។—ម៉ាថាយ ២៤:១៤
២០. ក្រៅពីការសម្គាល់សាសនាពិតដ៏ត្រឹមត្រូវ តើយើងត្រូវធ្វើយ៉ាងណាទៀត?
២០ ថ្វីបើមានសាសនារាប់ពាន់ក្ដី ព្រះគម្ពីរជួយយើងយ៉ាងរហ័សក្នុងការបំបាត់ការវង្វេងនេះ ដើម្បីនឹងសម្គាល់សាសនាដែលពិត។ ប៉ុន្តែ គ្រាន់តែសម្គាល់សាសនាពិតនោះ មិនគ្រប់គ្រាន់ទេ យើងត្រូវតែធ្វើច្រើនជាងនោះទៅទៀត។ ជាការសំខាន់ដ៏ជីវិតសម្ព័ន្ធ ដែលយើងប្រព្រឹត្តតាមសាសនាពិត។ អ្វីដែលទាក់ទងក្នុងការប្រព្រឹត្តតាមសាសនាពិតនេះ នឹងត្រូវពិចារណាឲ្យបានវែងឆ្ងាយទៅទៀត ក្នុងអត្ថបទជាបន្ទាប់របស់យើង។
[កំណត់សម្គាល់]
a ការពន្លូតកូន: កិច្ចការ ១៧:២៨; ទំនុកដំកើង ១៣៩:១, ១៦; និក្ខមនំ ២១:២២, ២៣ ការលែងលះគ្នា: ម៉ាថាយ ១៩:៨, ៩; រ៉ូម ៧:២, ៣ ការប្រតិព័ទ្ធមនុស្សភេទដូចគ្នា: រ៉ូម ១:២៤-២៧; កូរិនថូសទី១ ៦:៩-១១ គ្រឿងញៀននិងការប្រើសុរាជ្រុល: កូរិនថូសទី២ ៧:១; លូកា ១០:២៥-២៧; សុភាសិត ២៣:២០, ២១; កាឡាទី ៥:១៩-២១ ឈាមនិងដំណើរសេពកាមមិនរើសមុខ: កិច្ចការ ១៥:២៨, ២៩; សុភាសិត ៥:១៥-២៣; យេរេមា ៥:៧-៩ ក្រុមគ្រួសារ: អេភេសូរ ៥:២២–៦:៤; កូល៉ុស ៣:១៨-២១ ការលែងរាប់អាន: ទំនុកដំកើង ២៧:១០; ម៉ាឡាគី ២:១៣-១៦; រ៉ូម ៨:៣៥-៣៩ ជម្ងឺ: វិវរណៈ ២១:៤, ៥; ២២:១, ២; ទីតុស ១:២; ទំនុកដំកើង ២៣:១-៤ សេចក្ដីស្លាប់: អេសាយ ២៥:៨; កិច្ចការ ២៤:១៥ អាទិភាព: ម៉ាថាយ ៦:១៩-៣៤; លូកា ១២:១៦-២១; ធីម៉ូថេទី១ ៦:៦-១២
b ចំពោះការពិនិត្យនៃទំនាយទាំងឡាយនេះ និងការសំរេចនៃទំនាយនោះ សូមមើលសៀវភៅ ព្រះគម្ពីរ—ជាបន្ទូលរបស់ព្រះ ឬជាពាក្យសំដីរបស់មនុស្ស? ទំព័រទី១១៧-៦១; និងសៀវភៅ ការវែកញែកពីព្រះគម្ពីរ, ទំព័រទី ៦០-២, ២២៥-៣២, ២៣៤-៤០។ សៀវភៅទាំងពីរគឺបោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក ជាសាជីវកម្ម។
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ ក្នុងការសម្គាល់សាសនាត្រឹមត្រូវនោះ តើទស្សនៈរបស់អ្នកណាដែលជាសំខាន់ជាងគេបំផុត?
◻ តើមានទីសំអាងបួនណា ដែលចង្អុលប្រាប់ថាព្រះគម្ពីរជាបន្ទូលរបស់ព្រះ?
◻ ហេតុអ្វីក៏ព្រះមិនសព្វព្រះហឫទ័យនឹងសាសនាទាំងអស់ដែលប្រើព្រះគម្ពីរ?
◻ តើមានសញ្ញាសម្គាល់ប្រាំមួយណាខ្លះនៃសាសនាពិតតែមួយនោះ?
[ប្រអប់នៅទំព័រ១០]
ស្មរបន្ទាល់ព្រះយេហូវ៉ា . . .
◆ សេចក្ដីបង្រៀនរបស់គេទាំងអស់មានមូលដ្ឋានពីព្រះគម្ពីរ។
◆ ថ្វាយបង្គំព្រះយេហូវ៉ា ជាព្រះពិតតែមួយអង្គ។
◆ រស់នៅស្របតាមជំនឿរបស់គេក្នុងព្រះយេស៊ូវគ្រីស្ទ។
◆ មិនជាប់ទាក់ទងក្នុងរឿងនយោបាយនិងការប៉ះទង្គិចខាងលោកីយ៍នេះ។
◆ ខំសម្ដែងសេចក្ដីស្រឡាញ់ដែលអអញនិយមក្នុងគ្រប់ជីវភាពប្រចាំថ្ងៃ។
◆ គាំទ្រព្រះរាជាណាចក្ររបស់ព្រះជាផ្លូវដោះស្រាយជាស្ថាពរ ចំពោះបញ្ហាទាំងឡាយរបស់មនុស្សលោក។
[រូបភាពនៅទំព័រ៩]
ព្រះគម្ពីរ—តើអ្វីដែលបង្ហាញប្រាប់ថា មានសាររបស់ព្រះសំរាប់មនុស្សលោកទាំងអស់?