ជំពូកទី២៨
ហេតុអ្វីអ្នកកាន់តាមលោកយេស៊ូមិនតមអាហារ?
ម៉ាថាយ ៩:១៤-១៧ ម៉ាកុស ២:១៨-២២ លូកា ៥:៣៣-៣៩
អ្នកកាន់តាមយ៉ូហានសួរលោកយេស៊ូអំពីការតមអាហារ
យ៉ូហានដែលជាអ្នកជ្រមុជទឹកបានត្រូវគេដាក់គុក ក្រោយពីលោកយេស៊ូបានចូលរួមបុណ្យរំលងនាឆ្នាំ៣០ គ.ស.។ យ៉ូហានចង់ឲ្យអ្នកកាន់តាមគាត់ក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូវិញ ក៏ប៉ុន្តែ អស់ប៉ុន្មានខែហើយតាំងពីគាត់បានជាប់គុក ពួកអ្នកកាន់តាមខ្លះមិនបានធ្វើដូច្នេះទេ។
បុណ្យរំលងនាឆ្នាំ៣១ គ.ស.កំពុងខិតចូលមកដល់។ ពេលនោះ អ្នកកាន់តាមយ៉ូហានខ្លះបានមកឯលោកយេស៊ូ ហើយសួរថា៖ «ហេតុអ្វីបានជាយើងនិងពួកផារិស៊ី មានទម្លាប់តមអាហារ តែអ្នកកាន់តាមលោកមិនតមអាហារដូច្នេះ?»។ (ម៉ាថាយ ៩:១៤) តាមធម្មតា ពួកផារិស៊ីតមអាហារតាមទម្លាប់សាសនា។ ឧទាហរណ៍មួយដែលលោកយេស៊ូបានលើកឡើងនៅពេលមួយទៀតក៏បញ្ជាក់អំពីរឿងនោះដែរ។ ក្នុងឧទាហរណ៍នោះ ផារិស៊ីម្នាក់ដែលចាត់ទុកខ្លួនជាមនុស្សសុចរិតអធិដ្ឋានថា៖ «ឱព្រះអើយ ខ្ញុំអរគុណលោកដែលខ្ញុំមិនដូចមនុស្សឯទៀត . . . ខ្ញុំតមអាហារពីរដងរាល់សប្ដាហ៍»។ (លូកា ១៨:១១, ១២) ចំណែកឯអ្នកកាន់តាមយ៉ូហានវិញ ប្រហែលជាបានតមអាហារតាមទម្លាប់ស្រដៀងនឹងពួកផារិស៊ីដែរ ឬមួយក៏ពួកគេប្រហែលជាតមអាហារដោយសារយ៉ូហានជាប់គុក ហើយពួកគេពិបាកចិត្ត។ បន្ថែមទៀត ពួកគេឆ្ងល់ថា ហេតុអ្វីអ្នកកាន់តាមលោកយេស៊ូមិនតមអាហារ ឬរួមទុក្ខជាមួយនឹងពួកគេចំពោះអ្វីដែលបានកើតឡើងដល់យ៉ូហាន?
លោកយេស៊ូឆ្លើយដោយលើកឧទាហរណ៍ប្រាប់ពួកគេថា៖ «មិត្តភក្ដិរបស់កូនកំលោះគ្មានមូលហេតុឲ្យតមអាហារ ដរាបណាដែលកូនកំលោះនៅជាមួយនឹងពួកគេ មែនទេ? ក៏ប៉ុន្តែនឹងមានគ្រាមកដល់ ពេលដែលកូនកំលោះនឹងត្រូវគេពង្រាត់ចេញពីមិត្តភក្ដិ ហើយពេលនោះពួកគេនឹងតមអាហារ»។—ម៉ាថាយ ៩:១៥
យ៉ូហានផ្ទាល់បានប្រាប់អ្នកកាន់តាមគាត់ថា លោកយេស៊ូជាកូនកំលោះ។ (យ៉ូហាន ៣:២៨, ២៩) ដូច្នេះ កាលដែលលោកយេស៊ូនៅជាមួយនឹងអ្នកកាន់តាមលោក នោះពួកគេមិនចាំបាច់តមអាហារឡើយ។ ប៉ុន្តែ ក្រោយពេលលោកយេស៊ូស្លាប់ អ្នកកាន់តាមលោកនឹងកាន់ទុក្ខ ហើយមិនចង់បរិភោគអ្វីឡើយ។ យ៉ាងណាមិញ ពេលលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ ស្ថានភាពនោះនឹងផ្លាស់ប្ដូរជាមិនខាន! ដូច្នេះ ពេលនោះពួកគេនឹងលែងមានមូលហេតុតមអាហារដោយកើតទុក្ខទៀតហើយ។
ក្រោយមក លោកយេស៊ូបានលើកឧទាហរណ៍ពីរទៀត ដែលថា៖ «គ្មានអ្នកណាយកក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ឡើយ ពីព្រោះ ក្រណាត់ថ្មីនោះនឹងរួញ ធ្វើឲ្យសម្លៀកបំពាក់ចាស់រហែកលើសដើម។ ក៏គ្មានអ្នកណាយកស្រាថ្មីមកច្រកថង់ស្បែកចាស់ដែរ។ បើធ្វើដូច្នោះ ថង់ស្បែកនឹងធ្លាយ ស្រាក៏ហូរចេញអស់ ហើយថង់ស្បែកក៏ត្រូវខូចដែរ។ ប៉ុន្តែ គេច្រកស្រាថ្មីក្នុងថង់ស្បែកថ្មីវិញ»។ (ម៉ាថាយ ៩:១៦, ១៧) តើលោកយេស៊ូចង់បញ្ជាក់អំពីអ្វី?
លោកយេស៊ូកំពុងជួយអ្នកកាន់តាមយ៉ូហានឲ្យយល់ថា គ្មានអ្នកណាម្នាក់គួរតម្រូវឲ្យអ្នកកាន់តាមលោកយេស៊ូធ្វើតាមទំនៀមទម្លាប់ចាស់របស់សាសនាយូដា ដូចជាទម្លាប់តមអាហារនោះទេ។ លោកមិនបានមកដើម្បីលើកស្ទួយការគោរពប្រណិប័តន៍ចាស់នេះឲ្យនៅមានជាបន្តនោះឡើយ ព្រោះការគោរពប្រណិប័តន៍នោះនឹងលែងមានទៀត។ បើលោកមកដើម្បីធ្វើដូច្នោះ គឺប្រៀបដូចជា លោកព្យាយាមយកក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ ឬយកស្រាថ្មីមកច្រកក្នុងថង់ស្បែកចាស់ដែលតឹង។ ផ្ទុយទៅវិញ ការគោរពប្រណិប័តន៍ដែលលោកយេស៊ូកំពុងលើកទឹកចិត្តមនុស្សឲ្យធ្វើតាម គឺមិនមែនការគោរពប្រណិប័តន៍តាមសាសនាយូដា ដែលជាទំនៀមទម្លាប់របស់មនុស្សនៅសម័យនោះឡើយ។