ជំពូកទី៤៧
ក្មេងស្រីម្នាក់បានរស់ឡើងវិញ!
ម៉ាថាយ ៩:១៨, ២៣-២៦ ម៉ាកុស ៥:២២-២៤, ៣៥-៤៣ លូកា ៨:៤០-៤២, ៤៩-៥៦
លោកយេស៊ូប្រោសកូនស្រីយ៉ែរ៉ូសឲ្យរស់ឡើងវិញ
យ៉ែរ៉ូសបានឃើញថាស្ត្រីដែលមានជំងឺធ្លាក់ឈាមម្នាក់បានជាសះស្បើយដោយសារលោកយេស៊ូ ហេតុនេះគាត់មានទំនុកចិត្តថាលោកយេស៊ូក៏អាចជួយកូនស្រីរបស់គាត់បានដែរ ទោះបីជាគាត់គិតថា‹ឥឡូវនេះកូនស្រីរបស់គាត់ច្បាស់ជាស្លាប់ហើយ›ក៏ដោយ។ (ម៉ាថាយ ៩:១៨) បើដូច្នេះ តើលោកយេស៊ូនៅតែអាចជួយសង្គ្រោះក្មេងស្រីនោះបានឬទេ?
កាលដែលលោកយេស៊ូកំពុងនិយាយជាមួយនឹងស្ត្រីដែលលោកទើបតែបានធ្វើឲ្យជានោះ មានបុរសខ្លះបានមកពីផ្ទះរបស់យ៉ែរ៉ូស ហើយប្រាប់គាត់ថា៖ «កូនស្រីរបស់អ្នកស្លាប់ហើយ! មិនចាំបាច់រំខានលោកគ្រូទៀតឡើយ»។—ម៉ាកុស ៥:៣៥
ដំណឹងនេះពិតជាធ្វើឲ្យយ៉ែរ៉ូសពិបាកចិត្តយ៉ាងខ្លាំង! គាត់ជាបុរសដែលមានអំណាច ហើយមនុស្សក្នុងសហគមន៍គោរពគាត់យ៉ាងជ្រាលជ្រៅ។ ទោះជាយ៉ាងនោះក៏ដោយ គាត់មិនអាចជួយកូនស្រីរបស់គាត់បានទេ ពីព្រោះកូនស្រីតែមួយគត់របស់គាត់បានស្លាប់ហើយ។ ប៉ុន្តែ ពេលលោកយេស៊ូឮអ្វីដែលពួកគេបាននិយាយ លោកក៏ងាកទៅរកយ៉ែរ៉ូស ហើយមានប្រសាសន៍លើកទឹកចិត្តគាត់ថា៖ «កុំខ្លាចឡើយ ចូរអនុវត្តជំនឿប៉ុណ្ណោះ គ្រប់គ្រាន់ហើយ»។—ម៉ាកុស ៥:៣៦
រួចមក លោកយេស៊ូក៏ធ្វើដំណើរជាមួយនឹងយ៉ែរ៉ូសទៅផ្ទះរបស់គាត់។ ពេលទៅដល់ទីនោះពួកគាត់ឃើញមានភាពជ្រួលច្របល់ជាខ្លាំងនៅក្នុងផ្ទះ ហើយមនុស្សដែលបានជួបជុំនៅទីនោះកំពុងស្រែកទ្រហោយំ និងគក់ទ្រូងសោកស្ដាយនាង។ លោកយេស៊ូក៏ចូលទៅក្នុងផ្ទះ ហើយមានប្រសាសន៍ដែលធ្វើឲ្យពួកគេភ្ញាក់ផ្អើលជាខ្លាំង ថា៖ «ក្មេងនេះមិនបានស្លាប់ទេ តែនាងកំពុងដេកលក់»។ (ម៉ាកុស ៥:៣៩) ពេលដែលពួកគេឮលោកយេស៊ូមានប្រសាសន៍ដូចនេះ ពួកគេក៏សើចចំអកឲ្យលោក ពីព្រោះពួកគេបានដឹងថាក្មេងស្រីនេះពិតជាបានស្លាប់មែន។ ប៉ុន្តែ ដោយប្រើឫទ្ធានុភាពដែលលោកយេស៊ូបានទទួលពីព្រះ លោកនឹងបង្ហាញឲ្យឃើញថា លោកអាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញបាន ប្រៀបដូចជាការដាស់មនុស្សដែលដេកលក់ស៊ប់ឲ្យភ្ញាក់ឡើង។
ឥឡូវនេះ លោកយេស៊ូបានសុំឲ្យមនុស្សទាំងអស់ចេញពីក្នុងផ្ទះ លើកលែងតែពេត្រុស យ៉ាកុប យ៉ូហាន និងឪពុកម្ដាយរបស់ក្មេងស្រីដែលបានស្លាប់។ លោកយេស៊ូបាននាំពួកគាត់ទាំងប្រាំនាក់ចូលទៅកន្លែងដែលក្មេងនោះនៅ។ រួចមក លោកចាប់ដៃនាង ហើយមានប្រសាសន៍ថា៖ «ថាលីតា គូមី» ដែលបកប្រែថា៖ «នាងអើយ! ខ្ញុំប្រាប់ថា ចូរក្រោកឡើង!»។ (ម៉ាកុស ៥:៤១) រំពេចនោះ នាងក៏ងើបឡើង ហើយចាប់ផ្ដើមដើរ។ សូមស្រមៃគិតទៅមើល តើយ៉ែរ៉ូសនិងប្រពន្ធគាត់រំភើបចិត្តខ្លាំងយ៉ាងណានៅពេលដែលឃើញកូនស្រីរស់ឡើងវិញ! បន្ទាប់មក លោកយេស៊ូក៏បានបង្គាប់គេឲ្យយកអាហារមកឲ្យក្មេងស្រីនោះបរិភោគ ដើម្បីបង្ហាញថែមទៀតថានាងពិតជាបានរស់ឡើងវិញមែន។
ពីមុន លោកយេស៊ូបង្គាប់អស់អ្នកដែលលោកបានធ្វើឲ្យជាថា កុំនិយាយប្រាប់អ្នកឯទៀតអំពីអ្វីដែលលោកបានធ្វើចំពោះពួកគេ។ ដូច្នេះ នៅលើកនេះទៀត លោកក៏បានបង្គាប់យ៉ែរ៉ូសនិងប្រពន្ធគាត់មិនឲ្យប្រាប់អ្នកណាអំពីរឿងនេះដែរ។ ទោះជាយ៉ាងនោះក៏ដោយ ពួកគាត់និងអ្នកឯទៀតបានផ្សព្វផ្សាយអំពីដំណឹងនេះ«ពេញតំបន់នោះ»។ (ម៉ាថាយ ៩:២៦) បើអ្នកបានឃើញមនុស្សជាទីស្រឡាញ់របស់អ្នកបានត្រូវប្រោសឲ្យរស់ឡើងវិញ អ្នកច្បាស់ជាចង់និយាយប្រាប់អ្នកឯទៀតអំពីរឿងនេះដោយចិត្តរំភើប មែនទេ? នេះជាកំណត់ហេតុអំពីការប្រោសឲ្យរស់ឡើងវិញទី២ដែលលោកយេស៊ូបានធ្វើ។