មេរៀនទី២១
តើដំណឹងល្អកំពុងត្រូវផ្សព្វផ្សាយតាមរបៀបណា?
មិនយូរទៀត ព្រះយេហូវ៉ានឹងបំបាត់ចោលបញ្ហាទាំងអស់របស់យើងតាមរយៈរាជាណាចក្ររបស់លោក។ នេះជាដំណឹងដ៏ល្អដែលមនុស្សគ្រប់គ្នាត្រូវដឹង។ លោកយេស៊ូចង់ឲ្យពួកអ្នកកាន់តាមលោកប្រាប់ដំណឹងនេះដល់មនុស្សទាំងអស់! (ម៉ាថាយ ២៨:១៩, ២០) តើសាក្សីព្រះយេហូវ៉ាធ្វើតាមបង្គាប់របស់លោកយេស៊ូយ៉ាងដូចម្ដេច?
១. តើម៉ាថាយ ២៤:១៤ កំពុងកើតឡើងនៅសព្វថ្ងៃនេះយ៉ាងដូចម្ដេច?
លោកយេស៊ូបានប្រាប់ទុកជាមុនថា៖ «ដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី»។ (ម៉ាថាយ ២៤:១៤) សាក្សីព្រះយេហូវ៉ាសប្បាយចិត្តណាស់ដែលបានរួមចំណែកក្នុងកិច្ចការដ៏សំខាន់នេះ។ យើងកំពុងផ្សព្វផ្សាយដំណឹងល្អជាង១.០០០ភាសានៅទូទាំងពិភពលោក! កិច្ចការដ៏អស្ចារ្យនេះតម្រូវឲ្យមានការខំព្យាយាមយ៉ាងខ្លាំងនិងការរៀបចំល្អ។ ប៉ុន្តែ យើងមិនអាចធ្វើកិច្ចការនេះដោយគ្មានជំនួយពីព្រះយេហូវ៉ាបានឡើយ។
២. តើយើងខំព្យាយាមផ្សព្វផ្សាយប្រាប់មនុស្សតាមវិធីណាខ្លះ?
យើងផ្សព្វផ្សាយប្រាប់មនុស្សនៅគ្រប់ទីកន្លែង។ ដូចគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ យើងផ្សព្វផ្សាយ«ពីផ្ទះមួយទៅផ្ទះមួយ»។ (សកម្មភាព ៥:៤២) ជារៀងរាល់ឆ្នាំ វិធីផ្សព្វផ្សាយដ៏សំខាន់នេះជួយយើងឲ្យប្រាប់មនុស្សរាប់លាននាក់។ ដោយសារមនុស្សមិនសូវនៅផ្ទះ យើងក៏ផ្សព្វផ្សាយនៅតាមទីសាធារណៈដែរ។ យើងតែងតែរកឱកាសដើម្បីប្រាប់អ្នកឯទៀតអំពីព្រះយេហូវ៉ានិងគោលបំណងរបស់លោក។
៣. តើអ្នកណាមានភារកិច្ចផ្សព្វផ្សាយដំណឹងល្អ?
គ្រិស្តសាសនិកពិតទាំងអស់មានភារកិច្ចប្រាប់ដំណឹងល្អដល់អ្នកឯទៀត។ យើងបំពេញភារកិច្ចរបស់យើងដោយយកចិត្តទុកដាក់។ យើងខំផ្សព្វផ្សាយច្រើនបំផុតតាមដែលយើងអាចធ្វើបាន ដោយសារយើងដឹងថាកិច្ចការនេះអាចសង្គ្រោះជីវិតមនុស្ស។ (សូមអាន ធីម៉ូថេទី១ ៤:១៦) យើងមិនទទួលប្រាក់ខែពីកិច្ចការនេះទេ ព្រោះគម្ពីរចែងថា៖ «អ្នករាល់គ្នាបានទទួលដោយឥតបង់ថ្លៃ ចូរឲ្យដោយឥតគិតថ្លៃដែរ»។ (ម៉ាថាយ ១០:៧, ៨) ទោះជាមនុស្សខ្លះមិនព្រមស្ដាប់ដំណឹងដែលយើងផ្សព្វផ្សាយក៏ដោយ យើងនៅតែបន្តផ្សព្វផ្សាយ ព្រោះកិច្ចការនេះជាផ្នែកមួយនៃការគោរពប្រណិប័តន៍ព្រះយេហូវ៉ា ហើយជាកិច្ចការដែលធ្វើឲ្យលោកសប្បាយរីករាយ។
បង្កើនចំណេះ
សូមរៀនថែមទៀតអំពីការខំព្យាយាមរបស់សាក្សីព្រះយេហូវ៉ានៅទូទាំងពិភពលោក ហើយសូមមើលរបៀបដែលព្រះយេហូវ៉ាជួយយើង។
៤. យើងខំព្យាយាមផ្សព្វផ្សាយដល់មនុស្សទាំងអស់
សាក្សីព្រះយេហូវ៉ាខំព្យាយាមយ៉ាងខ្លាំងដើម្បីផ្សព្វផ្សាយដល់មនុស្សគ្រប់ទីកន្លែង។ លេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
តើអ្នកកោតស្ងើចអ្វីខ្លះអំពីការខំព្យាយាមផ្សព្វផ្សាយរបស់សាក្សីព្រះយេហូវ៉ា?
សូមអាន ម៉ាថាយ ២២:៣៩ និងរ៉ូម ១០:១៣-១៥ រួចពិភាក្សាសំណួរដូចតទៅ៖
ពេលយើងផ្សព្វផ្សាយដល់អ្នកជិតខាង ហេតុអ្វីនេះបង្ហាញថាយើងស្រឡាញ់ពួកគេ?
តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះអស់អ្នកដែលផ្សព្វផ្សាយដំណឹងល្អ? (សូមមើលខ១៥)
៥. យើងជាអ្នករួមការងារជាមួយនឹងព្រះ
បទពិសោធន៍ជាច្រើនបង្ហាញថាព្រះយេហូវ៉ាកំពុងដឹកនាំកិច្ចការរបស់យើង។ ជាឧទាហរណ៍ មានបទពិសោធន៍របស់បងប្រុសម្នាក់ឈ្មោះផលនៅប្រទេសនូវែលសេឡង់។ នៅព្រឹកថ្ងៃមួយ មានស្ត្រីម្នាក់បានអធិដ្ឋានទៅព្រះដោយប្រើនាមរបស់ព្រះគឺយេហូវ៉ា ហើយសុំលោកឲ្យចាត់អ្នកណាម្នាក់មកជួបនាង។ នៅរសៀលថ្ងៃដដែលនោះ ផលកំពុងផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ហើយបានជួបស្ត្រីនោះ។ ផលនិយាយថា៖ «បីម៉ោងក្រោយមក[គឺបន្ទាប់ពីស្ត្រីនោះបានអធិដ្ឋាន] ខ្ញុំបានមកដល់មុខផ្ទះរបស់គាត់»។
សូមអាន កូរិនថូសទី១ ៣:៩ រួចពិភាក្សាសំណួរនេះ៖
តើបទពិសោធន៍ដូចនៅប្រទេសនូវែលសេឡង់បង្ហាញយ៉ាងណាថា ព្រះយេហូវ៉ាកំពុងដឹកនាំកិច្ចការផ្សព្វផ្សាយ?
សូមអាន សកម្មភាព ១:៨ រួចពិភាក្សាសំណួរនេះ៖
ហេតុអ្វីយើងត្រូវការជំនួយពីព្រះយេហូវ៉ា ដើម្បីបំពេញកិច្ចបម្រើផ្សាយរបស់យើង?
តើអ្នកដឹងទេ?
រៀងរាល់សប្ដាហ៍ នៅឯកិច្ចប្រជុំកិច្ចបម្រើនិងជីវិត យើងទទួលការបង្ហាត់បង្រៀនដើម្បីជួយយើងក្នុងកិច្ចបម្រើផ្សាយ។ បើអ្នកធ្លាប់ចូលរួមកិច្ចប្រជុំនេះ តើអ្នកគិតយ៉ាងណាអំពីការបង្ហាត់បង្រៀននោះ?
៦. យើងផ្សព្វផ្សាយតាមបង្គាប់របស់ព្រះ
នៅសតវត្សរ៍ទី១ ពួកអ្នកប្រឆាំងបានព្យាយាមបញ្ឈប់ពួកអ្នកកាន់តាមលោកយេស៊ូមិនឲ្យផ្សព្វផ្សាយ។ គ្រិស្តសាសនិកនៅសម័យមុនបានការពារសិទ្ធិផ្សព្វផ្សាយរបស់ពួកគេ ដោយ«ធ្វើឲ្យដំណឹងល្អមានការទទួលស្គាល់តាមផ្លូវច្បាប់»។ (ភីលីព ១:៧) នៅសព្វថ្ងៃសាក្សីព្រះយេហូវ៉ាក៏ធ្វើដូចគ្នាដែរ។a
សូមអាន សកម្មភាព ៥:២៧-៤២ រួចពិភាក្សាសំណួរនេះ៖
មនុស្សខ្លះប្រហែលជាសួរថា៖ «ហេតុអ្វីសាក្សីព្រះយេហូវ៉ាផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ?»។
តើអ្នកនឹងឆ្លើយយ៉ាងណា?
សេចក្ដីសង្ខេប
លោកយេស៊ូបានបង្គាប់ពួកអ្នកកាន់តាមលោកឲ្យផ្សព្វផ្សាយដំណឹងល្អដល់គ្រប់ប្រជាជាតិ។ ព្រះយេហូវ៉ាកំពុងជួយរាស្ត្ររបស់លោកឲ្យធ្វើកិច្ចការនេះ។
រៀនសាឡើងវិញ
តើយើងកំពុងផ្សព្វផ្សាយដំណឹងល្អនៅទូទាំងពិភពលោកយ៉ាងដូចម្ដេច?
ពេលយើងផ្សព្វផ្សាយដល់អ្នកជិតខាង ហេតុអ្វីនេះបង្ហាញថាយើងស្រឡាញ់ពួកគេ?
តើអ្នកគិតថាការផ្សព្វផ្សាយនាំឲ្យមានសុភមង្គលឬទេ? ហេតុអ្វី?
ស្វែងយល់ថែមទៀត
សូមមើលរបៀបដែលសាក្សីព្រះយេហូវ៉ាផ្សព្វផ្សាយនៅក្រុងធំៗ។
តើសាក្សីព្រះយេហូវ៉ាបានធ្វើអ្វីខ្លះដើម្បីផ្សព្វផ្សាយដល់ជនភៀសខ្លួន?
ការផ្សព្វផ្សាយដល់ជនភៀសខ្លួនដែលស្រេកឃ្លានចំណេះអំពីព្រះ (៥:៥៩)
សូមស្ដាប់បងស្រីម្នាក់ប្រាប់អំពីមូលហេតុដែលកិច្ចផ្សព្វផ្សាយពេញពេលធ្វើឲ្យជីវិតគាត់មានន័យខ្លឹមសារ។
ខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំជ្រើសរើសជីវិតបែបនេះ (៦:២៩)
សូមរៀនអំពីជ័យជម្នះរឿងក្ដីធំៗនៅតុលាការ ដែលបានធ្វើឲ្យកិច្ចការផ្សព្វផ្សាយដំណឹងល្អរីកចម្រើន។
a ព្រះជាអ្នកបង្គាប់យើងឲ្យផ្សព្វផ្សាយ ហេតុនេះហើយសាក្សីព្រះយេហូវ៉ាមិនចាំបាច់សុំការអនុញ្ញាតពីពួកអាជ្ញាធរដើម្បីផ្សព្វផ្សាយដំណឹងល្អទេ។