ចូររក្សាអព្យាក្រឹតភាពរបស់អ្នកក្នុងពិភពលោកដែលបែកបាក់គ្នា
«អ្វីដែលជារបស់ព្រះ ចូរសងព្រះវិញ»។—ម៉ាថាយ ២២:២១
១. តើតាមរបៀបណាយើងអាចស្ដាប់បង្គាប់ព្រះនិងរដ្ឋាភិបាលរបស់មនុស្ស?
គម្ពីរបង្រៀនយើងឲ្យស្ដាប់បង្គាប់រដ្ឋាភិបាលរបស់មនុស្ស ប៉ុន្តែក៏ប្រាប់យើងដែរថាយើងត្រូវស្ដាប់បង្គាប់ព្រះជានិច្ច។ (សកម្មភាព ៥:២៩; ទីតុស ៣:១) តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? លោកយេស៊ូបានពន្យល់អំពីគោលការណ៍មួយដែលជួយយើងឲ្យដឹងថាយើងគួរស្ដាប់បង្គាប់អ្នកណា។ លោកបានមានប្រសាសន៍ថា៖ «អ្វីដែលជារបស់សេសារ ចូរសងសេសារវិញ តែអ្វីដែលជារបស់ព្រះ ចូរសងព្រះវិញ»។ [១] (សូមមើលកំណត់នៅចុងអត្ថបទ) (ម៉ាថាយ ២២:២១) យើងសងសេសារ«អ្វីដែលជារបស់សេសារ»នៅពេលដែលយើងធ្វើតាមច្បាប់របស់រដ្ឋាភិបាល បង់ពន្ធ និងប្រព្រឹត្តដោយការគោរពចំពោះពួកអាជ្ញាធរ។ (រ៉ូម ១៣:៧) ប៉ុន្តែ បើរដ្ឋាភិបាលប្រាប់យើងឲ្យធ្វើអ្វីដែលព្រះមិនចង់ឲ្យយើងធ្វើ យើងមិនព្រមធ្វើទេ តែយើងធ្វើដូច្នេះដោយបង្ហាញការគោរព។
២. តើតាមរបៀបណាយើងបង្ហាញថាយើងមិនគាំទ្រម្ខាងៗក្នុងរឿងនយោបាយនៃពិភពលោកនេះ?
២ របៀបមួយដែលយើងអាចសងព្រះ«អ្វីដែលជារបស់ព្រះ»គឺដោយមិនគាំទ្រខាងណាមួយក្នុងរឿងនយោបាយនៃពិភពលោកនេះទេ។ យើងកាន់ជំហរអព្យាក្រឹតក្នុងរឿងទាំងនេះ។ (អេសាយ ២:៤) ដោយសារព្រះយេហូវ៉ាអនុញ្ញាតឲ្យរដ្ឋាភិបាលរបស់មនុស្សគ្រប់គ្រង នោះយើងមិនប្រឆាំងពួកគេឡើយ។ យើងក៏មិនចូលរួមក្នុងសកម្មភាពណាដែលជាប់ទាក់ទងនឹងការស្នេហាជាតិ ឬជាតិនិយមឡើយ។ (រ៉ូម ១៣:១, ២) យើងមិនព្យាយាមផ្លាស់ប្ដូររដ្ឋាភិបាល ឬព្យាយាមមានឥទ្ធិពលលើអ្នកនយោបាយ ហើយយើងក៏មិនបោះឆ្នោត ឬក្លាយទៅជាអ្នកនយោបាយដែរ។
៣. ហេតុអ្វីយើងត្រូវរក្សាអព្យាក្រឹតភាព?
៣ មានមូលហេតុជាច្រើនដែលព្រះប្រាប់យើងឲ្យកាន់ជំហរអព្យាក្រឹត។ មូលហេតុមួយគឺយើងយកតម្រាប់លោកយេស៊ូដែល«មិនរួមចំណែកក្នុងពិភពលោក»។ លោកមិនដែលគាំទ្រខាងណាមួយក្នុងសង្គ្រាមឬរឿងនយោបាយទេ។ (យ៉ូហាន ៦:១៥; ១៧:១៦) មូលហេតុមួយទៀតគឺយើងគាំទ្ររាជាណាចក្ររបស់ព្រះ។ ដោយសារយើងមិនគាំទ្ររដ្ឋាភិបាលរបស់មនុស្ស យើងមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោសពេលយើងផ្សព្វផ្សាយថាមានតែរាជាណាចក្ររបស់ព្រះប៉ុណ្ណោះដែលនឹងដោះស្រាយបញ្ហាទាំងអស់របស់មនុស្សជាតិ។ សាសនាមិនពិតគាំទ្រម្ខាងៗក្នុងរឿងនយោបាយ ហើយនេះធ្វើឲ្យមនុស្សបែកបាក់គ្នា។ ប៉ុន្តែ ដោយសារយើងកាន់ជំហរអព្យាក្រឹត យើងមានសាមគ្គីភាពជាមួយនឹងបងប្អូនរបស់យើងទូទាំងពិភពលោក។—ពេត្រុសទី១ ២:១៧
៤. (ក) ហេតុអ្វីយើងដឹងថាការរក្សាអព្យាក្រឹតភាពនឹងកាន់តែពិបាក? (ខ) ហេតុអ្វីយើងគួរត្រៀមខ្លួនឥឡូវនេះដើម្បីរក្សាអព្យាក្រឹតភាព?
៤ យើងប្រហែលជារស់នៅក្នុងកន្លែងដែលមនុស្សមិនតម្រូវឲ្យយើងគាំទ្រខាងណាមួយក្នុងរឿងនយោបាយ។ ប៉ុន្តែ កាលដែលយើងកាន់តែជិតមកដល់ទីបញ្ចប់នៃរបៀបរបបពិភពលោករបស់សាថាន យើងនឹងកាន់តែពិបាករក្សាអព្យាក្រឹតភាព។ មនុស្សនៅសព្វថ្ងៃនេះ«មិនព្រមស្រុះស្រួលគ្នា»និង«ធ្វើតាមទំនើងចិត្ត» ហើយពួកគេនឹងកាន់តែបែកបាក់គ្នាទៀត។ (ធីម៉ូថេទី២ ៣:៣, ៤) បងប្អូនខ្លះបានរងឥទ្ធិពលពីការផ្លាស់ប្ដូរភ្លាមៗក្នុងនយោបាយរបស់ប្រទេសដែលពួកគាត់រស់នៅ។ នោះជាមូលហេតុដែលយើងត្រូវត្រៀមខ្លួនឥឡូវនេះដើម្បីរក្សាអព្យាក្រឹតភាពរបស់យើង សូម្បីតែក្នុងស្ថានភាពពិបាកក៏ដោយ។ សូមយើងពិចារណាអ្វីបួនយ៉ាងដែលយើងអាចធ្វើដើម្បីត្រៀមខ្លួន។
ចូរមានទស្សនៈដូចព្រះយេហូវ៉ា ចំពោះរដ្ឋាភិបាលរបស់មនុស្ស
៥. តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះរដ្ឋាភិបាលរបស់មនុស្ស?
៥ របៀបទី១ដែលយើងអាចត្រៀមខ្លួននៅឥឡូវនេះដើម្បីរក្សាអព្យាក្រឹតភាពគឺដោយមានទស្សនៈដូចព្រះយេហូវ៉ាចំពោះរដ្ឋាភិបាលរបស់មនុស្ស។ ពេលព្រះយេហូវ៉ាបានបង្កើតមនុស្សជាតិ លោកមិនបានឲ្យពួកគេមានសិទ្ធិគ្រប់គ្រងលើអ្នកឯទៀតទេ។ (យេរេមា ១០:២៣) ចំពោះលោក មនុស្សទាំងអស់គឺជាក្រុមគ្រួសារតែមួយ។ ប៉ុន្តែ រដ្ឋាភិបាលរបស់មនុស្សបានធ្វើឲ្យមនុស្សបែកបាក់គ្នាដោយអះអាងថាប្រជាជាតិរបស់ពួកគេគឺល្អបំផុត។ សូម្បីតែពេលរដ្ឋាភិបាលមើលទៅដូចជាល្អ ពួកគេមិនអាចដោះស្រាយបញ្ហាទាំងអស់បានឡើយ។ ម្យ៉ាងទៀត ពួកគេបានទៅជាសត្រូវរបស់រាជាណាចក្រព្រះ ដែលបានចាប់ផ្ដើមគ្រប់គ្រងនៅឆ្នាំ១៩១៤។ មិនយូរទៀត រាជាណាចក្រនេះនឹងបំផ្លាញរដ្ឋាភិបាលទាំងអស់របស់មនុស្ស។—សូមអាន ទំនុកតម្កើង ២:២, ៧-៩
ចូរត្រៀមខ្លួនឥឡូវនេះដើម្បីរក្សាអព្យាក្រឹតភាព សូម្បីតែក្នុងស្ថានភាពពិបាកក៏ដោយ
៦. តើយើងគួរប្រព្រឹត្តយ៉ាងណាចំពោះពួកអ្នកដែលមានអំណាចក្នុងរដ្ឋាភិបាល?
៦ ព្រះអនុញ្ញាតឲ្យមានរដ្ឋាភិបាលមនុស្សដោយសារពួកគេអាចរក្សាសន្ដិសុខនិងសណ្ដាប់ធ្នាប់មួយកម្រិត។ នេះជួយយើងឲ្យផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ។ (រ៉ូម ១៣:៣, ៤) ព្រះថែមទាំងប្រាប់យើងឲ្យអធិដ្ឋានអំពីពួកអ្នកដែលមានអំណាចដើម្បីឲ្យយើងអាចគោរពប្រណិប័តន៍លោកដោយសេចក្ដីសុខសាន្ត។ (ធីម៉ូថេទី១ ២:១, ២) កាលណាយើងបានត្រូវគេប្រព្រឹត្តដោយអយុត្ដិធម៌ យើងអាចសុំពួកអ្នកដែលមានអំណាចក្នុងរដ្ឋាភិបាលឲ្យជួយយើង។ នេះជាអ្វីដែលប៉ូលបានធ្វើ។ (សកម្មភាព ២៥:១១) ទោះជាគម្ពីរចែងថាសាថានគ្រប់គ្រងលើរដ្ឋាភិបាលមនុស្សក្ដី គម្ពីរមិនដែលចែងថាសាថានកាន់កាប់លើបុគ្គលម្នាក់ៗដែលមានអំណាចក្នុងរដ្ឋាភិបាលទេ។ (លូកា ៤:៥, ៦) ដូច្នេះ យើងមិនគួរធ្វើឲ្យអ្នកណាយល់ថាមន្ត្រីរដ្ឋាភិបាលណាម្នាក់បានត្រូវកាន់កាប់ដោយមេកំណាចឡើយ។ គម្ពីរពន្យល់ថាយើងមិនគួរនិយាយអាក្រក់អំពីអ្នកណាទេ។—ទីតុស ៣:១, ២
៧. តើយើងគួរជៀសវាងពីគំនិតបែបណា?
៧ យើងស្ដាប់បង្គាប់ព្រះដោយមិនលម្អៀងទៅលើអ្នកនយោបាយ ឬគណបក្សនយោបាយណាមួយឡើយ សូម្បីតែនៅពេលដែលគំនិត ឬមតិរបស់ពួកគេអាចមានប្រយោជន៍ចំពោះយើងក៏ដោយ។ ប្រហែលជានៅពេលខ្លះ នេះមិនងាយស្រួលសម្រាប់យើងទេ។ ជាឧទាហរណ៍ សូមស្រមៃគិតថាបណ្ដាជនបះបោរប្រឆាំងរដ្ឋាភិបាលមួយដែលបានធ្វើឲ្យប្រជាជនរងទុក្ខវេទនា សូម្បីតែចំពោះសាក្សីព្រះយេហូវ៉ាក្ដី។ អ្នកច្បាស់ជាមិនចូលរួមជាមួយនឹងពួកអ្នកបះបោរទេ ប៉ុន្តែតើអ្នកនឹងគិតថាពួកគេគឺត្រឹមត្រូវ ហើយសង្ឃឹមថាពួកគេនឹងទទួលជ័យជម្នះឬទេ? (អេភេសូរ ២:២) បើយើងចង់រក្សាអព្យាក្រឹតភាព យើងមិនគួរគិតថាខាងណាមួយគឺត្រឹមត្រូវ ឬល្អជាងម្ខាងទៀតឡើយ។ នេះនឹងសឲ្យឃើញតាមរយៈអ្វីដែលយើងនិយាយនិងអ្វីដែលយើងធ្វើ។
ចូរ«ប្រុងប្រយ័ត្ន»តែ«មានចិត្តស្លូតត្រង់»
៨. ពេលយើងពិបាករក្សាអព្យាក្រឹតភាព តើតាមរបៀបណាយើងអាច«ប្រុងប្រយ័ត្ន» តែ«មានចិត្តស្លូតត្រង់»?
៨ របៀបទី២ដើម្បីរក្សាអព្យាក្រឹតភាពគឺដោយ«ប្រុងប្រយ័ត្នដូចសត្វពស់ តែមានចិត្តស្លូតត្រង់ដូចសត្វព្រាប»។ (សូមអាន ម៉ាថាយ ១០:១៦, ១៧) យើង«ប្រុងប្រយ័ត្ន»ពេលយើងគិតអំពីការពិបាកដែលអាចកើតឡើងនៅពេលខាងមុខ។ យើងរក្សា«ចិត្តស្លូតត្រង់»ពេលយើងរក្សាអព្យាក្រឹតភាពក្នុងស្ថានភាពពិបាកទាំងនោះ។ សូមយើងពិចារណាស្ថានភាពទាំងនោះខ្លះ និងអ្វីដែលយើងអាចធ្វើដើម្បីរក្សាអព្យាក្រឹតភាព។
៩. តើយើងត្រូវប្រុងប្រយ័ត្នអំពីអ្វីពេលយើងនិយាយជាមួយនឹងអ្នកឯទៀត?
៩ ការសន្ទនា។ យើងត្រូវប្រុងប្រយ័ត្នពេលមនុស្សចាប់ផ្ដើមសន្ទនាអំពីរឿងនយោបាយ។ ជាឧទាហរណ៍ ពេលយើងនិយាយជាមួយនឹងបុគ្គលណាម្នាក់អំពីរាជាណាចក្ររបស់ព្រះ យើងនឹងមិននិយាយថាយើងយល់ស្របឬមិនយល់ស្របនឹងគំនិតឬមតិរបស់គណបក្សមួយ ឬអ្នកដឹកនាំនយោបាយណាម្នាក់ឡើយ។ ជាជាងពិគ្រោះអំពីអ្វីដែលមនុស្សចង់ធ្វើដើម្បីដោះស្រាយបញ្ហារបស់មនុស្សជាតិ ចូរបង្ហាញពីគម្ពីរអំពីរបៀបដែលរាជាណាចក្រព្រះនឹងដោះស្រាយបញ្ហាទាំងនេះជារៀងរហូត។ បើមនុស្សចង់ឈ្លោះប្រកែកជាមួយនឹងយើងអំពីរឿងណាមួយ ដូចជាព្រំដែនប្រទេស ឬអន្ដោប្រវេសន៍ខុសច្បាប់ សូមប្រាប់ពួកគេអំពីអ្វីដែលបណ្ដាំរបស់ព្រះចែង ហើយរបៀបដែលអ្នកព្យាយាមធ្វើតាមបទគម្ពីរនោះក្នុងជីវិតរបស់អ្នក។ បើបុគ្គលម្នាក់និយាយថាគេគួរដកចេញឬផ្លាស់ប្ដូរច្បាប់ខ្លះ យើងមិនគាំទ្រខាងណាមួយ ហើយយើងមិនបង្ខំបុគ្គលនោះឲ្យផ្លាស់ប្ដូរមតិរបស់គាត់ឡើយ។
សូមប្រៀបធៀបអ្វីដែលអ្នកឮទៅនឹង«គំរូនៃពាក្យដែលមានប្រយោជន៍»នៅក្នុងគម្ពីរ
១០. តើតាមរបៀបណាយើងអាចធ្វើឲ្យប្រាកដថាយើងរក្សាអព្យាក្រឹតភាព ពេលយើងមើលឬអានអ្វីណាក៏ដោយតាមប្រព័ន្ធផ្សាយព័ត៌មាន?
១០ ប្រព័ន្ធផ្សាយព័ត៌មាន។ ជួនកាលរបៀបដែលគេផ្សាយព័ត៌មានគាំទ្រតែម្ខាងក្នុងរឿងណាមួយ។ ជាពិសេសនេះកើតឡើងនៅប្រទេសដែលប្រព័ន្ធផ្សាយព័ត៌មាននៅក្រោមអំណាចរបស់រដ្ឋាភិបាល។ បើបណ្ដាញផ្សាយព័ត៌មានឬអ្នករាយការណ៍អំពីព័ត៌មានគាំទ្រខាងណាមួយ យើងត្រូវប្រុងប្រយ័ត្នមិនចាប់ផ្ដើមគិតដូចពួកគេ។ ជាឧទាហរណ៍ សូមសួរខ្លួនអ្នកថា ‹តើខ្ញុំចូលចិត្តស្ដាប់អ្នករាយការណ៍ព័ត៌មានណាម្នាក់ដោយសារខ្ញុំយល់ស្របនឹងអ្វីដែលគាត់និយាយអំពីរឿងនយោបាយឬទេ?›។ ដើម្បីជួយអ្នកឲ្យរក្សាអព្យាក្រឹតភាព ចូរជៀសវាងពីការមើលឬអានសេចក្ដីរាយការណ៍ជាច្រើនដែលគាំទ្រម្ខាងៗក្នុងរឿងនយោបាយ។ ផ្ទុយទៅវិញ សូមព្យាយាមរកសេចក្ដីរាយការណ៍ដែលមិនគាំទ្រខាងណាមួយទេ។ ម្យ៉ាងទៀត សូមប្រៀបធៀបជានិច្ចអ្វីដែលអ្នកឮទៅនឹង«គំរូនៃពាក្យដែលមានប្រយោជន៍»នៅក្នុងគម្ពីរ។—ធីម៉ូថេទី២ ១:១៣
១១. កាលដែលយើងចាត់ទុកអ្វីៗដែលយើងមានថាសំខាន់ណាស់ ហេតុអ្វីនោះអាចធ្វើឲ្យយើងពិបាករក្សាអព្យាក្រឹតភាព?
១១ ការឈ្លក់វង្វេងនឹងទ្រព្យសម្បត្ដិ។ កាលដែលយើងចាត់ទុកលុយនិងអ្វីៗដែលយើងមានថាសំខាន់ណាស់ នោះយើងប្រហែលជាពិបាករក្សាអព្យាក្រឹតភាព។ ក្រោយឆ្នាំ១៩៧០ សាក្សីជាច្រើននាក់នៅប្រទេសម៉ាឡាវីត្រូវលះបង់អ្វីៗទាំងអស់ដែលពួកគេមានដោយសារពួកគេមិនព្រមចូលគណបក្សមួយ។ គួរឲ្យស្ដាយណាស់ អ្នកខ្លះមិនចង់លះបង់ជីវិតដ៏សុខស្រួលទេ។ បងស្រីម្នាក់ឈ្មោះរូថនឹកចាំថា៖ «បងប្អូនខ្លះបានត្រូវនិរទេសជាមួយនឹងយើង ប៉ុន្តែក្រោយមកបានចូលគណបក្ស ហើយត្រឡប់ទៅផ្ទះវិញ ដោយសារពួកគេមិនចង់ស៊ូទ្រាំនឹងជីវិតមិនស្រណុកនៅក្នុងជំរំ»។ ប៉ុន្តែ រាស្ត្ររបស់ព្រះភាគច្រើនគឺមិនដូច្នេះទេ។ ពួកគាត់រក្សាអព្យាក្រឹតភាព ទោះបីជាលទ្ធផលពួកគាត់មានលុយតិចជាង ឬបាត់បង់អ្វីៗទាំងអស់ដែលពួកគាត់មានក៏ដោយ។—ហេប្រឺ ១០:៣៤
១២, ១៣. (ក) តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះមនុស្សជាតិ? (ខ) តើតាមរបៀបណាយើងអាចដឹងថាយើងមានមោទនភាពហួសហេតុពេកចំពោះប្រទេសរបស់យើង?
១២ មោទនភាពហួសហេតុពេក។ មនុស្សភាគច្រើនមានមោទនភាពហួសហេតុពេកនិងអួតអំពីពូជសាសន៍ កុលសម្ព័ន្ធ វប្បធម៌ ក្រុង ឬប្រទេសរបស់ពួកគេ។ ប៉ុន្តែ ព្រះយេហូវ៉ាមិនគិតថាបុគ្គលម្នាក់ ឬក្រុមមួយគឺល្អជាងមួយទៀតទេ។ ចំពោះលោក យើងទាំងអស់គឺស្មើគ្នា។ ព្រះយេហូវ៉ាបានបង្កើតយើងឲ្យមានលក្ខណៈខុសៗពីគ្នា ហើយយើងអាចអរសប្បាយនិងកោតស្ងើចចំពោះភាពខុសគ្នាទាំងនេះ។ លោកមិនចង់ឲ្យយើងបោះបង់វប្បធម៌របស់យើងទេ។ ប៉ុន្តែ លោកក៏មិនចង់ឲ្យយើងគិតថាយើងល្អប្រសើរជាងអ្នកឯទៀតដែរ។—រ៉ូម ១០:១២
១៣ យើងមិនគួរមានមោទនភាពខ្លាំងដល់ម្ល៉េះចំពោះប្រទេសឬជាតិរបស់យើង បានជាយើងគិតថានោះគឺល្អជាងប្រទេសឬជាតិឯទៀត។ បើយើងមានអារម្មណ៍ដូច្នេះ នោះយើងប្រហែលជានឹងពិបាករក្សាអព្យាក្រឹតភាពណាស់។ នេះជាអ្វីដែលបានកើតឡើងនៅសតវត្សរ៍ទី១។ បងប្អូនខ្លះដែលនិយាយភាសាហេប្រឺបានប្រព្រឹត្តដោយអយុត្ដិធម៌ចំពោះពួកស្ត្រីមេម៉ាយដែលនិយាយភាសាក្រិច។ (សកម្មភាព ៦:១) តើតាមរបៀបណាយើងអាចដឹងថាយើងចាប់ផ្ដើមមានមោទនភាពហួសហេតុពេកដូចនោះ? បើបងប្អូនណាម្នាក់ដែលមកពីកន្លែងផ្សេងឲ្យយោបល់ដល់អ្នក តើអ្នកគិតភ្លាមៗថា ‹នៅទីនេះយើងធ្វើផ្សេង ហើយល្អជាង› ហើយក្រោយមកបដិសេធយោបល់របស់គាត់ឬទេ? បើដូច្នេះ សូមនឹកចាំឱវាទដ៏សំខាន់នេះដែលថា៖ ‹ចូរបន្ទាបខ្លួនដោយចាត់ទុកអ្នកឯទៀតថាប្រសើរជាងខ្លួន›។—ភីលីព ២:៣
ព្រះយេហូវ៉ានឹងជួយអ្នក
១៤. តើសេចក្ដីអធិដ្ឋានអាចជួយយើងយ៉ាងដូចម្ដេច ហើយតើមានឧទាហរណ៍អ្វីក្នុងគម្ពីរដែលបញ្ជាក់អំពីចំណុចនេះ?
១៤ របៀបទី៣ដើម្បីរក្សាអព្យាក្រឹតភាពគឺដោយពឹងផ្អែកលើព្រះយេហូវ៉ា។ សូមអធិដ្ឋានសុំសកម្មពលបរិសុទ្ធដែលអាចជួយអ្នកឲ្យមានចិត្តអត់ធ្មត់និងចេះទប់ចិត្ត។ បើរដ្ឋាភិបាលធ្វើអ្វីណាមួយដែលមិនទៀងត្រង់ឬអយុត្ដិធម៌ គុណសម្បត្ដិទាំងនេះនឹងជួយអ្នក។ ចូរសុំប្រាជ្ញាពីព្រះយេហូវ៉ាដើម្បីសម្គាល់ស្ថានភាពដែលអាចធ្វើឲ្យអ្នកពិបាករក្សាអព្យាក្រឹតភាព។ ម្យ៉ាងទៀត ចូរសុំលោកឲ្យជួយអ្នកប្រព្រឹត្តអ្វីដែលត្រឹមត្រូវក្នុងស្ថានភាពនោះ។ (យ៉ាកុប ១:៥) ប្រហែលជាគេនឹងបញ្ជូនអ្នកទៅគុក ឬដាក់ទោសអ្នកតាមវិធីផ្សេងទៀតដោយសារអ្នករក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា។ បើដូច្នេះ ចូរអធិដ្ឋានសុំឲ្យមានចិត្តក្លាហានដើម្បីអ្នកអាចពន្យល់អ្នកឯទៀតយ៉ាងច្បាស់អំពីមូលហេតុដែលអ្នកកាន់ជំហរអព្យាក្រឹត។ អ្នកអាចប្រាកដថាព្រះយេហូវ៉ានឹងជួយអ្នកឲ្យស៊ូទ្រាំ។—សូមអាន សកម្មភាព ៤:២៧-៣១
សូមចាំខគម្ពីរដែលនឹងជួយអ្នកឲ្យរក្សាអព្យាក្រឹតភាព និងខគម្ពីរដែលរៀបរាប់អំពីពិភពលោកថ្មី
១៥. តើគម្ពីរអាចជួយយើងយ៉ាងណាឲ្យរក្សាអព្យាក្រឹតភាព? (សូមមើលដែរនូវប្រអប់ដែលមានចំណងជើងថា«បណ្ដាំរបស់ព្រះបានធ្វើឲ្យពួកគាត់កាន់តែជឿជាក់»)
១៥ ព្រះយេហូវ៉ាបានផ្ដល់គម្ពីរឲ្យយើងដើម្បីពង្រឹងកម្លាំងចិត្តយើង។ ចូររំពឹងគិតអំពីខគម្ពីរដែលនឹងជួយអ្នកឲ្យរក្សាអព្យាក្រឹតភាព។ ចូរព្យាយាមចាំខគម្ពីរទាំងនេះ ដោយសារខគម្ពីរទាំងនោះនឹងជួយអ្នកប្រសិនបើអ្នកមិនមានគម្ពីរនៅជាមួយ។ គម្ពីរក៏អាចធ្វើឲ្យអ្នកមានសេចក្ដីសង្ឃឹមកាន់តែខ្លាំងចំពោះអ្វីដែលព្រះមានប្រសាសន៍អំពីពេលអនាគត។ យើងត្រូវការសេចក្ដីសង្ឃឹមនេះដើម្បីស៊ូទ្រាំនឹងការបៀតបៀន។ (រ៉ូម ៨:២៥) សូមជ្រើសរើសខគម្ពីរដែលរៀបរាប់អំពីអ្វីដែលអ្នកពិតជាចង់ធ្វើក្នុងពិភពលោកថ្មី ហើយសូមស្រមៃគិតថាអ្នកនៅទីនោះ។
ចូរឲ្យពួកអ្នកបម្រើស្មោះត្រង់របស់ព្រះមានឥទ្ធិពលល្អមកលើអ្នក
១៦, ១៧. តើយើងអាចរៀនអ្វីពីគំរូនៃអ្នកបម្រើស្មោះត្រង់របស់ព្រះដែលបានរក្សាអព្យាក្រឹតភាព? (សូមមើលរូបភាពនៅដើមអត្ថបទ)
១៦ របៀបទី៤ដែលនឹងជួយយើងឲ្យរក្សាអព្យាក្រឹតភាពគឺដោយគិតអំពីគំរូនៃអ្នកបម្រើស្មោះត្រង់របស់ព្រះយេហូវ៉ា។ នៅសម័យគម្ពីរ បុគ្គលជាច្រើននាក់មានចិត្តក្លាហាន ហើយពួកគេបានធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃដែលបានជួយពួកគេឲ្យរក្សាអព្យាក្រឹតភាព។ សូមគិតអំពីសាដ្រាក់ មែសាក់ និងអ័បេឌនេកោដែលមិនព្រមគោរពប្រណិប័តន៍រូបសំណាកមួយដែលជាតំណាងរដ្ឋាភិបាលនៃបាប៊ីឡូន។ (សូមអាន ដានីយ៉ែល ៣:១៦-១៨) កំណត់ហេតុគម្ពីរនេះជួយសាក្សីជាច្រើននាក់នៅសព្វថ្ងៃនេះឲ្យមានចិត្តក្លាហានដោយមិនព្រមគោរពទង់ជាតិនៃប្រទេសដែលពួកគាត់រស់នៅ។ លោកយេស៊ូមិនបានរួមចំណែកក្នុងរឿងនយោបាយ ឬរឿងផ្សេងៗដែលធ្វើឲ្យមនុស្សបែកបាក់គ្នា។ លោកបានដឹងថាគំរូដ៏ល្អរបស់លោកនឹងជួយពួកអ្នកកាន់តាមលោក។ លោកបានមានប្រសាសន៍ថា៖ «ចូរមានចិត្តក្លាហានឡើង! ខ្ញុំបានឈ្នះពិភពលោកហើយ»។—យ៉ូហាន ១៦:៣៣
១៧ នៅសព្វថ្ងៃនេះ សាក្សីព្រះយេហូវ៉ាជាច្រើននាក់បានរក្សាអព្យាក្រឹតភាព។ ពួកគាត់ខ្លះបានត្រូវគេធ្វើទារុណកម្ម ដាក់គុក និងថែមទាំងសម្លាប់ដោយសារពួកគាត់បានរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា។ គំរូរបស់ពួកគាត់អាចជួយយើងឲ្យមានចិត្តក្លាហាន។ បងប្រុសម្នាក់ដែលមកពីប្រទេសតួកគីបាននិយាយថា៖ «បងប្រុសហ្វ្រេន រ៉ាយធើដែលមានវ័យក្មេងបានត្រូវគេប្រហារជីវិតដោយសារគាត់មិនព្រមចូលបម្រើក្នុងជួរកងទ័ពរបស់ហ៊ីត្លែរ។ សំបុត្រដែលគាត់បានសរសេរទៅម្ដាយរបស់គាត់នៅយប់មុនគាត់ស្លាប់ បានបង្ហាញជំនឿដ៏មាំមួននិងទំនុកចិត្តយ៉ាងខ្លាំងរបស់គាត់ទៅលើព្រះយេហូវ៉ា។ បើខ្ញុំប្រឈមមុខនឹងទុក្ខលំបាកដូចគាត់ ខ្ញុំចង់ធ្វើតាមគំរូរបស់គាត់» [២] (សូមមើលកំណត់នៅចុងអត្ថបទ)។
១៨, ១៩. (ក) តើតាមរបៀបណាបងប្អូនក្នុងក្រុមជំនុំអាចជួយអ្នកឲ្យរក្សាអព្យាក្រឹតភាព? (ខ) តើអ្នកតាំងចិត្តធ្វើអ្វី?
១៨ បងប្អូនក្នុងក្រុមជំនុំរបស់អ្នកអាចជួយអ្នកឲ្យរក្សាអព្យាក្រឹតភាព។ បើអ្នកស្ថិតនៅក្នុងស្ថានភាពពិបាក សូមប្រាប់ពួកអ្នកចាស់ទុំ។ ពួកគាត់អាចឲ្យអ្នកនូវឱវាទល្អពីគម្ពីរ។ ម្យ៉ាងទៀត បើសមាជិកក្នុងក្រុមជំនុំដឹងអំពីស្ថានភាពរបស់អ្នក ពួកគាត់អាចលើកទឹកចិត្តអ្នក។ ចូរសុំពួកគាត់អធិដ្ឋានឲ្យអ្នក។ ប៉ុន្តែ យើងក៏គួរគាំទ្រនិងអធិដ្ឋានឲ្យបងប្អូនរបស់យើងផងដែរ។ (ម៉ាថាយ ៧:១២) ដើម្បីឃើញបញ្ជីដែលមានឈ្មោះរបស់បងប្អូនដែលជាប់គុក សូមមើលគេហទំព័រ jw.org ជាភាសាអង់គ្លេស។ សូមចុចNEWSROOM ▸ LEGAL DEVELOPMENTS បន្ទាប់មកបើកអត្ថបទដែលមានចំណងជើងថា Jehovah’s Witnesses Imprisoned for Their Faith—By Location សូមចុចឈ្មោះប្រទេសណាមួយ ហើយចុចប្រអប់ដែលមានអក្សរពណ៌ខៀវដែលថា Imprisoned for Their Faith។ សូមជ្រើសរើសឈ្មោះមួយចំនួន ហើយសុំព្រះយេហូវ៉ាជួយបងប្អូនទាំងនេះឲ្យមានចិត្តក្លាហាននិងរក្សាភាពស្មោះត្រង់ចំពោះលោក។—អេភេសូរ ៦:១៩, ២០
១៩ កាលដែលយើងកាន់តែចូលទៅជិតទីបញ្ចប់ យើងអាចរំពឹងថារដ្ឋាភិបាលនឹងកាន់តែបង្ខិតបង្ខំយើងឲ្យគាំទ្រខាងណាមួយ។ នោះជាមូលហេតុសំខាន់ដែលយើងត្រៀមខ្លួននៅឥឡូវនេះដើម្បីរក្សាអព្យាក្រឹតភាពក្នុងពិភពលោកដែលបែកបាក់គ្នានេះ!
^ [១] (វគ្គ១) ពេលលោកយេស៊ូលើកបញ្ជាក់អំពីសេសារ លោកចង់សំដៅទៅលើរដ្ឋាភិបាល។ នៅពេលនោះ សេសារជាអ្នកគ្រប់គ្រងនិងជាមនុស្សដែលមានអំណាចខ្ពស់បំផុត។
^ [២] (វគ្គ១៧) សូមមើលប្រអប់ដែលមានចំណងជើងថា «គាត់បានស្លាប់ដើម្បីលើកតម្កើងព្រះ»ក្នុងជំពូក១៤នៃសៀវភៅរាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!