ជំពូកទី៥០
ត្រៀមខ្លួនប្រឈមមុខការបៀតបៀនក្នុងកិច្ចផ្សព្វផ្សាយ
ម៉ាថាយ ១០:១៦–១១:១ ម៉ាកុស ៦:១២, ១៣ លូកា ៩:៦
លោកយេស៊ូបង្ហាត់បង្រៀននិងចាត់ពួកសាវ័កឲ្យទៅផ្សព្វផ្សាយ
លោកយេស៊ូបានឲ្យការណែនាំដ៏ល្អបំផុតដល់ពួកសាវ័កស្តីអំពីរបៀបបំពេញកិច្ចបម្រើផ្សាយកាលដែលពួកគាត់ចេញទៅផ្សព្វផ្សាយជាគូៗ។ ប៉ុន្តែ លោកមិនគ្រាន់តែផ្ដល់ការណែនាំប៉ុណ្ណោះទេ តែដោយសេចក្ដីសប្បុរស លោកក៏បានព្រមានពួកគាត់អំពីពួកអ្នកប្រឆាំងដែរ ដោយមានប្រសាសន៍ថា៖ «មើល! ខ្ញុំកំពុងចាត់អ្នករាល់គ្នាឲ្យទៅ ដូចឲ្យសត្វចៀមទៅកណ្ដាលហ្វូងឆ្កែចចក។ . . . ចូរប្រុងប្រយ័ត្ននឹងមនុស្ស ពីព្រោះពួកគេនឹងបញ្ជូនអ្នករាល់គ្នាទៅតុលាការ ក៏នឹងវាយអ្នកនឹងរំពាត់ខ្សែតីនៅក្នុងសាលាប្រជុំដែរ។ អ្នករាល់គ្នានឹងត្រូវគេបង្ខំឲ្យទៅឯពួកអភិបាលនិងស្តេច ដោយសារអ្នកកាន់តាមខ្ញុំ»។—ម៉ាថាយ ១០:១៦-១៨
ពិតណាស់ អ្នកកាន់តាមលោកយេស៊ូប្រហែលជាជួបប្រទះការបៀតបៀនយ៉ាងខ្លាំង។ ក៏ប៉ុន្តែ លោកយេស៊ូបានពង្រឹងកម្លាំងចិត្តពួកគាត់ ដោយសន្យាថា៖ «ពេលដែលពួកគេបញ្ជូនអ្នកទៅ កុំខ្វល់ចិត្តថាអ្នកត្រូវនិយាយអ្វីឬនិយាយយ៉ាងណានោះឡើយ ពីព្រោះអ្នកនឹងដឹងនូវអ្វីៗដែលត្រូវនិយាយនៅពេលនោះឯង ព្រោះមិនមែនតែអ្នកទេដែលនិយាយ តែគឺជាសកម្មពលនៃបិតារបស់អ្នកដែលស្ថិតនៅស្ថានសួគ៌ ដែលនិយាយតាមរយៈអ្នក»។ រួចមក លោកក៏មានប្រសាសន៍បន្ថែមទៀតថា៖ «បងប្អូននឹងបញ្ជូនបងប្អូនខ្លួនទៅឲ្យគេសម្លាប់ ឪពុកនឹងបញ្ជូនកូន ហើយកូននឹងប្រឆាំងឪពុកម្ដាយថែមទាំងឲ្យគេសម្លាប់ដែរ ហើយមនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នាដោយសារអ្នកកាន់តាមខ្ញុំ។ ប៉ុន្តែ អ្នកណាដែលស៊ូទ្រាំរហូតដល់ទីបញ្ចប់ អ្នកនោះនឹងទទួលសេចក្ដីសង្គ្រោះ»។—ម៉ាថាយ ១០:១៩-២២
ដោយសារកិច្ចផ្សព្វផ្សាយជាកិច្ចការសំខាន់បំផុត លោកយេស៊ូបានបញ្ជាក់ប្រាប់អ្នកកាន់តាមលោកឲ្យចេះប្រុងប្រយ័ត្នក្នុងពេលផ្សព្វផ្សាយ ដើម្បីពួកគាត់អាចបន្តបំពេញកិច្ចការនេះបាន។ លោកមានប្រសាសន៍ថា៖ «កាលណាគេបៀតបៀនអ្នកនៅក្រុងមួយ ចូររត់ទៅក្រុងមួយទៀត ពីព្រោះខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា មុនអ្នករាល់គ្នាបានទៅដល់គ្រប់ក្រុងគ្រប់ភូមិនៅស្រុកអ៊ីស្រាអែល នោះកូនមនុស្សនឹងមកដល់»។—ម៉ាថាយ ១០:២៣
លោកយេស៊ូបានឲ្យការណែនាំ ការព្រមាន និងការលើកទឹកចិត្តដ៏ល្អបំផុតដល់ពួកសាវ័កទាំង១២នាក់! ប៉ុន្តែ ប្រសាសន៍ទាំងនោះក៏ទាក់ទងនឹងអ្នកដែលចូលរួមក្នុងកិច្ចបម្រើផ្សាយក្រោយពីលោកយេស៊ូស្លាប់ និងក្រោយពីលោកបានត្រូវប្រោសឲ្យរស់ឡើងវិញដែរ។ ហេតុអ្វីយើងដឹងដូច្នេះ? មូលហេតុទី១ លោកយេស៊ូបានប្រាប់ថា«មនុស្សទាំងអស់នឹងស្អប់»ពួកអ្នកកាន់តាមលោក មិនគ្រាន់តែមនុស្សដែលពួកសាវ័កជួបក្នុងកិច្ចបម្រើផ្សាយប៉ុណ្ណោះទេ។ មូលហេតុទី២ ក្នុងគម្ពីរគ្មានកំណត់ហេតុណាមួយដែលបង្ហាញថា ពួកសាវ័កបានត្រូវគេនាំទៅឯពួកអភិបាលនិងស្តេច ឬក៏ត្រូវសមាជិកក្រុមគ្រួសារចាប់បញ្ជូនឲ្យគេសម្លាប់ក្នុងអំឡុងសកម្មភាពផ្សាយមួយរយៈពេលខ្លីនៅស្រុកកាលីឡេនោះទេ។
ដូច្នេះ ពេលលោកយេស៊ូមានប្រសាសន៍អំពីរឿងទាំងនេះប្រាប់ពួកសាវ័ក លោកច្បាស់ជាចង់សំដៅទៅលើអ្វីដែលនឹងកើតឡើងនៅពេលអនាគត។ សូមពិចារណាអំពីប្រសាសន៍របស់លោកថា មុនអ្នកកាន់តាមលោកផ្សព្វផ្សាយដល់គ្រប់ក្រុងគ្រប់ភូមិ នោះ«កូនមនុស្សនឹងមកដល់»។ ពេលលោកមានប្រសាសន៍ដូច្នេះ លោកកំពុងបញ្ជាក់ថាពួកអ្នកកាន់តាមលោកមិនអាចបញ្ចប់កិច្ចការផ្សព្វផ្សាយអំពីរាជាណាចក្រព្រះបានទេ មុនពេលលោកយេស៊ូគ្រិស្តដែលជាស្តេចប្រកបដោយសិរីរុងរឿងបានមកដល់ ក្នុងនាមជាចៅក្រមរបស់ព្រះ។
ក្នុងអំឡុងពេលបំពេញកិច្ចបម្រើផ្សាយ ពួកសាវ័កមិនគួរភ្ញាក់ផ្អើលឡើយចំពោះការប្រឆាំងដែលពួកគាត់នឹងជួបប្រទះ ពីព្រោះលោកយេស៊ូបានបញ្ជាក់យ៉ាងច្បាស់ថា៖ «សិស្សមិនធំជាងគ្រូឡើយ ហើយខ្ញុំបម្រើក៏មិនធំជាងម្ចាស់ដែរ»។ តើប្រសាសន៍របស់លោកមានអត្ថន័យយ៉ាងណា? លោកចង់មានន័យថាលោកផ្ទាល់បានជួបប្រទះការប្រឆាំងបៀតបៀនយ៉ាងខ្លាំង កាលដែលលោកផ្សព្វផ្សាយអំពីរាជាណាចក្រព្រះ ដូច្នេះអ្នកកាន់តាមលោកក៏ប្រាកដជានឹងជួបការប្រឆាំងបៀតបៀនដែរ។ ប៉ុន្តែ លោកបានដាស់តឿនពួកគាត់ថា៖ «កុំខ្លាចអ្នកដែលសម្លាប់រូបកាយ តែមិនអាចសម្លាប់ព្រលឹងបាននោះឡើយ។ តែត្រូវខ្លាចលោកដែលអាចធ្វើឲ្យវិនាសទាំងរូបកាយទាំងព្រលឹងនៅក្នុងជ្រលងភ្នំហ៊ីណុំវិញ»។—ម៉ាថាយ ១០:២៤, ២៨
ស្តីអំពីរឿងនេះ លោកយេស៊ូបានទុកគំរូយ៉ាងល្អប្រសើរសម្រាប់ពួកអ្នកកាន់តាម។ លោកបានស៊ូទ្រាំរហូតដល់ស្លាប់ដោយគ្មានការភ័យខ្លាចឡើយ ហើយលោកមិនបានលះបង់ចោលចិត្តស្មោះភក្ដីដែលលោកមានចំពោះព្រះយេហូវ៉ាដែលពេញទៅដោយអំណាចទេ។ ម្យ៉ាងទៀត លោកបានបញ្ជាក់ថាមានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត ដែលអាចបំផ្លាញ«ព្រលឹង» (សេចក្ដីសង្ឃឹមរបស់មនុស្សម្នាក់ៗសម្រាប់ជីវិតនៅថ្ងៃអនាគត) ឬលោកអាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយឲ្យបុគ្គលនោះមានជីវិតដែលគ្មានទីបញ្ចប់។ ការដឹងអំពីរឿងនេះ ពិតជាបានលើកទឹកចិត្តពួកសាវ័កមែន!
បន្ទាប់មក លោកយេស៊ូបានលើកឧទាហរណ៍ដែលបញ្ជាក់អំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាចំពោះពួកអ្នកកាន់តាមលោក ដោយមានប្រសាសន៍ថា៖ «គេលក់ចាបពូកពីរក្បាលថ្លៃមួយសេន មែនទេ? ប៉ុន្តែ គ្មានចាបណាមួយធ្លាក់ដល់ដី ដែលបិតារបស់អ្នកដែលស្ថិតនៅស្ថានសួគ៌មិនជ្រាបឡើយ។ . . . ដូច្នេះ កុំខ្លាចឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃជាងចាបពូកជាច្រើនទៅទៀត»។—ម៉ាថាយ ១០:២៩, ៣១
បន្ថែមទៅទៀត លោកយេស៊ូបានពន្យល់ថា៖ «កុំគិតស្មានថាខ្ញុំបានមក ដើម្បីនាំយកសន្ដិភាពមកឯផែនដីឡើយ»។ តើនេះមានន័យអ្វី? នេះមានន័យថាដំណឹងដែលពួកអ្នកកាន់តាមលោកយេស៊ូផ្សព្វផ្សាយ នឹងធ្វើឲ្យក្រុមគ្រួសារបែកបាក់គ្នា ពីព្រោះសមាជិកគ្រួសារខ្លះព្រមទទួលដំណឹងនោះ តែសមាជិកខ្លះទៀតបែរជាបដិសេធវិញ។ ហេតុនេះ សមាជិកក្រុមគ្រួសារដែលទទួលយកសេចក្ដីពិត ត្រូវមានចិត្តក្លាហាន។ លោកយេស៊ូក៏មានប្រសាសន៍បន្តទៀតថា៖ «អ្នកណាដែលស្រឡាញ់ឪពុកឬម្ដាយជាងស្រឡាញ់ខ្ញុំ អ្នកនោះមិនសមនឹងធ្វើជាអ្នកកាន់តាមខ្ញុំទេ ហើយអ្នកណាដែលស្រឡាញ់កូនប្រុសឬកូនស្រីជាងស្រឡាញ់ខ្ញុំ អ្នកនោះក៏មិនសមនឹងធ្វើជាអ្នកកាន់តាមខ្ញុំដែរ»។—ម៉ាថាយ ១០:៣៤, ៣៧
ទោះបីជាមានអ្នកប្រឆាំងក៏ដោយ ក៏នៅតែមានមនុស្សខ្លះដែលនឹងព្រមទទួលដំណឹងដែលពួកអ្នកកាន់តាមលោកយេស៊ូកំពុងផ្សាយដែរ។ ម្ល៉ោះហើយ លោកបានមានប្រសាសន៍ថា៖ «បើអ្នកណាឲ្យទឹកត្រជាក់ សូម្បីតែមួយពែងឲ្យអ្នកតូចម្នាក់ផឹក ដោយសារបុគ្គលនោះជាអ្នកកាន់តាមខ្ញុំ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន»។—ម៉ាថាយ ១០:៤២
ក្រោយពីបានទទួលការណែនាំ ការព្រមាន និងការលើកទឹកចិត្តពីលោកយេស៊ូរួចហើយ ពួកសាវ័កបានត្រៀមលក្ខណៈសព្វគ្រប់ ហើយចាប់ផ្ដើមធ្វើដំណើរពី«ភូមិមួយទៅភូមិមួយពេញតំបន់នោះ ដោយប្រកាសដំណឹងល្អនិងធ្វើឲ្យមនុស្សជាសះស្បើយនៅគ្រប់ទីកន្លែង»។—លូកា ៩:៦