តើគ្រួសាររបស់អ្នកចាត់ព្រះទុកជាទីមួយទេ?
«ឯងត្រូវស្រឡាញ់ ដល់[ព្រះយេហូវ៉ា] ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត»។—ម៉ាកុស ១២:២៩, ៣០
១. តើមានសារៈសំខាន់យ៉ាងណា ដែលយើងត្រូវស្រឡាញ់ព្រះយេហូវ៉ានោះ?
អាចារ្យម្នាក់បានទូលសួរព្រះយេស៊ូថា៖ «តើមានបទណាសំខាន់ជាងគេទាំងអស់»? ជាជាងផ្ដល់ឲ្យមតិផ្ទាល់របស់ទ្រង់ ព្រះយេស៊ូបានឆ្លើយសំនួររបស់គាត់ដោយស្រង់ពីពាក្យបន្ទូលរបស់ព្រះនៅចោទិយកថា ៦:៤, ៥។ ទ្រង់បានមានបន្ទូលឆ្លើយថា៖ « ‹ចូរស្ដាប់ចុះ អ៊ីស្រាអែលអើយ ព្រះអម្ចាស់[ព្រះយេហូវ៉ា] ជាព្រះនៃយើងខ្ញុំ ទ្រង់ជាព្រះអម្ចាស់តែ១ព្រះអង្គទ្រង់ ហើយឯងត្រូវស្រឡាញ់ ដល់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីគំនិត ហើយអស់អំពីកម្លាំងនៃឯង› »។—ម៉ាកុស ១២:២៨-៣០
២. (ក) តើព្រះយេស៊ូបានប្រឈមមុខនឹងការប្រឆាំងអ្វី? (ខ) ជួនកាល តើមានអ្វីដែលធ្វើឲ្យយើងពិបាកនឹងគាប់ព្រះហឫទ័យព្រះយេហូវ៉ា?
២ ដើម្បីគោរពតាមបញ្ញត្តដែលព្រះយេស៊ូហៅថាជាទីមួយ—បញ្ញត្តដ៏សំខាន់បំផុត—តម្រូវឲ្យយើងធ្វើអ្វីៗដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យជានិច្ច។ ព្រះយេស៊ូបានធ្វើដូច្នេះ ថ្វីបើនៅគ្រាមួយ សាវ័កពេត្រុសបានជំទាស់នឹងការប្រព្រឹត្តរបស់ទ្រង់ក្ដី ហើយនៅគ្រាមួយទៀត មិត្តជិតស្និទ្ធរបស់ទ្រង់ក៏បានជំទាស់ដែរ។ (ម៉ាថាយ ១៦:២១-២៣; ម៉ាកុស ៣:២១; យ៉ូហាន ៨:២៩) ចុះយ៉ាងណាដែរ បើសិនជាអ្នកជួបប្រទះនឹងស្ថានការណ៍ស្រដៀងនេះ? ឧបមាថាសមាជិកគ្រួសាររបស់អ្នកចង់ឲ្យអ្នកឈប់រៀនព្រះគម្ពីរ ហើយចង់ឲ្យឈប់ចូលរួបរួមជាមួយពួកស្មរបន្ទាល់ព្រះយេហូវ៉ា។ តើអ្នកនឹងចាត់ព្រះទុកជាទីមួយដោយធ្វើអ្វីដែលទ្រង់សព្វព្រះហឫទ័យទេ? ទោះបីសមាជិកគ្រួសារប្រហែលជាជំទាស់នឹងការខំប្រឹងប្រែងរបស់អ្នកក្នុងការបំរើទ្រង់ក្ដី តើអ្នកនឹងចាត់ព្រះទុកជាទីមួយទេ?
អន្ទាក់នៃការប្រឆាំងពីគ្រួសារ
៣. (ក) តើសេចក្ដីបង្រៀនរបស់ព្រះយេស៊ូ អាចមានលទ្ធផលអ្វីដល់គ្រួសារ? (ខ) តើតាមរបៀបណាដែលសមាជិកគ្រួសារបង្ហាញថាអ្នកណាដែលគេស្រឡាញ់ជាងគេនោះ?
៣ ព្រះយេស៊ូពុំបានមានបន្ទូលស្រាលៗអំពីសេចក្ដីទុក្ខលំបាកដែលអាចមានឡើង នៅពេលដែលអ្នកដទៃក្នុងគ្រួសារបានប្រឆាំងនឹងសមាជិកដែលទទួលយកសេចក្ដីបង្រៀនរបស់ទ្រង់។ ព្រះយេស៊ូបានមានបន្ទូលថា៖ «ពួកសត្រូវរបស់អ្នកណា នោះគឺជាពួកអ្នកនៅផ្ទះជាមួយនឹងខ្លួននោះឯង»។ ប៉ុន្តែ ថ្វីបើមានលទ្ធផលមិនល្អក្ដី ព្រះយេស៊ូក៏បានបង្ហាញអំពីអ្នកដែលគួរចាត់ទុកជាទីមួយ ដោយមានបន្ទូលថា៖ «អ្នកណាដែលស្រឡាញ់ឪពុក ឬម្ដាយ ជាជាងខ្ញុំ នោះមិនគួរនឹងខ្ញុំទេ ហើយអ្នកណាដែលស្រឡាញ់កូនប្រុស ឬកូនស្រីជាជាងខ្ញុំ នោះក៏មិនគួរនឹងខ្ញុំដែរ»។ (ម៉ាថាយ ១០:៣៤-៣៧) យើងចាត់ព្រះយេហូវ៉ាជាទីមួយ ដោយកាន់តាមសេចក្ដីបង្រៀននៃបុត្រារបស់ទ្រង់ ព្រះយេស៊ូគ្រីស្ទ ដែលទ្រង់«ជារស្មីភ្លឺមកពីសិរីល្អនៃព្រះ ហើយជារូបភាពនៃអង្គទ្រង់»។—ហេព្រើរ ១:៣; យ៉ូហាន ១៤:៩
៤. (ក) តើព្រះយេស៊ូបានមានបន្ទូលអ្វីខ្លះអំពីការទាក់ទិនក្នុងការធ្វើជាអ្នកកាន់តាមទ្រង់? (ខ) តើក្នុងន័យយ៉ាងណាដែលជនគ្រីស្ទានត្រូវស្អប់សមាជិកគ្រួសារ?
៤ នៅគ្រាមួយទៀត នៅពេលដែលព្រះយេស៊ូកំពុងតែពិគ្រោះអំពីអ្វីដែលជាប់ទាក់ទងនឹងការធ្វើជាអ្នកកាន់តាមដ៏ពិតរបស់ទ្រង់នោះ ទ្រង់បានមានបន្ទូលថា៖ «បើអ្នកណាមកឯខ្ញុំ ដោយមិនបានលះអាល័យពីឪពុកម្ដាយ ប្រពន្ធកូន បងប្អូនប្រុសស្រី នឹងជីវិតខ្លួនឯងផង អ្នកនោះនឹងធ្វើជាសិស្សខ្ញុំមិនបានទេ»។ (លូកា ១៤:២៦) ព្រះយេស៊ូច្បាស់ជាមិនមានបន្ទូលថា អ្នកកាន់តាមទ្រង់ត្រូវតែស្អប់សមាជិកគ្រួសាររបស់គេនោះទេ ពីព្រោះទ្រង់បានបញ្ជាមនុស្សឲ្យស្រឡាញ់រហូតដល់សត្រូវរបស់គេផង។ (ម៉ាថាយ ៥:៤៤) ផ្ទុយទៅវិញ នៅកន្លែងនេះ ព្រះយេស៊ូចង់មានបន្ទូលថា ពួកអ្នកកាន់តាមទ្រង់ត្រូវតែស្រឡាញ់សមាជិកគ្រួសាររបស់គេតិចជាងស្រឡាញ់ព្រះ។ (ប្រៀបធៀប ម៉ាថាយ ៦:២៤) ដោយស្របនឹងការយល់នេះ ព្រះគម្ពីរបានចែងថាយ៉ាកុប«ស្អប់»នាងលេអា ហើយស្រឡាញ់នាងរ៉ាជែល គឺមានន័យថា គាត់មិនបានស្រឡាញ់នាងលេអាដូចគាត់បានស្រឡាញ់នាងរ៉ាជែលដែលជាប្អូនរបស់នាងឡើយ។ (លោកុប្បត្តិ ២៩:៣០-៣២) សូម្បីតែ«ព្រលឹង» ឬជីវិតរបស់យើងផ្ទាល់ ក៏ព្រះយេស៊ូបានមានបន្ទូលថា ត្រូវតែស្អប់ ឬស្រឡាញ់តិចជាងព្រះយេហូវ៉ាដែរ!
៥. តើតាមរបៀបណាដែលសាតាំងប៉ិនប្រសប់ឆ្លៀតយកប្រយោជន៍ពីការរៀបចំក្នុងគ្រួសារ?
៥ ដោយទ្រង់ជាអ្នកបង្កើតនិងជាអ្នកឲ្យជីវិត ព្រះយេហូវ៉ាសមទទួលភក្ដីភាពពេញទីពីពួកអ្នកបំរើរបស់ទ្រង់ទាំងអស់។ (វិវរណៈ ៤:១១) សាវ័កប៉ុលបានសរសេរថា៖ «ដោយហេតុនោះបានជាខ្ញុំលុតជង្គង់ . . . ដែលគ្រប់ទាំងគ្រួនៅស្ថានសួគ៌ ហើយនៅផែនដី មាននាមត្រកូលពីទ្រង់មក»។ (អេភេសូរ ៣:១៤, ១៥) ព្រះយេហូវ៉ាបានបង្កើតការរៀបចំគ្រួសារដ៏ល្អអស្ចារ្យម្ល៉េះ ដែលសមាជិកគ្រួសារមានសេចក្ដីស្រឡាញ់តាមធម្មតាដល់គ្នាទៅវិញទៅមក។ (ពង្សាវតារក្សត្រទី១ ៣:២៥, ២៦; ថែស្សាឡូនីចទី១ ២:៧) ប៉ុន្តែ អារក្សសាតាំងវាប៉ិនប្រសប់ឆ្លៀតយកប្រយោជន៍ពីការស្រឡាញ់គ្រួសារនេះណាស់ ដែលរាប់បញ្ចូលទាំងចំណង់ចង់គាប់ចិត្តអ្នកស្ងួនភ្ងាផង។ វាបញ្ឆេះឲ្យមានការប្រឆាំងពីគ្រួសារជាខ្លាំង ហើយមនុស្សជាច្រើនពិបាកប្រកាន់យ៉ាងខ្ជាប់ខ្ជួនតាមសេចក្ដីពិតនៃព្រះគម្ពីរ នៅពេលប្រឈមមុខនឹងការប្រឆាំងបែបនេះ។—វិវរណៈ ១២:៩, ១២
ការប្រឈមដោះស្រាយនឹងបញ្ហានេះ
៦, ៧. (ក) តើអាចជួយសមាជិកគ្រួសារឲ្យអបអរនឹងសារៈសំខាន់នៃការសិក្សាព្រះគម្ពីរនិងការចូលរួបរួមគ្រីស្ទានតាមរបៀបណា? (ខ) តើយើងអាចបង្ហាញយ៉ាងណាថាយើងពិតជាស្រឡាញ់សមាជិកគ្រួសាររបស់យើងនោះ?
៦ តើអ្នកនឹងធ្វើយ៉ាងណា បើសិនជាគេបង្ខំអ្នកឲ្យរើសយករវាងការគាប់ព្រះហឫទ័យព្រះ ឬការគាប់ចិត្តសមាជិកគ្រួសារនោះ? តើអ្នកនឹងគិតថា ព្រះទ្រង់នឹងមិនឲ្យយើងសិក្សាពាក្យបន្ទូលរបស់ទ្រង់និងអនុវត្តតាមគោលការណ៍នោះឬ បើធ្វើដូច្នេះបណ្ដាលឲ្យមានការទាស់ប្រឆាំងគ្នាក្នុងគ្រួសារនោះ? សូមអញ្ជើញពិចារណាអំពីការនេះ។ បើសិនជាអ្នកយល់ព្រមចុះចូល ហើយឈប់រៀនព្រះគម្ពីរ ឬឈប់ចូលរួបរួមជាមួយពួកស្មរបន្ទាល់ព្រះយេហូវ៉ា តើយ៉ាងដូចម្ដេចទើបអ្នកស្ងួនភ្ងារបស់អ្នកអាចយល់ដឹងថា ចំណេះវិជ្ជាពិតនៃព្រះគម្ពីរជារឿងសំខាន់ដល់ស្លាប់រស់នោះ?—យ៉ូហាន ១៧:៣; ថែស្សាឡូនីចទី២ ១:៦-៨
៧ យើងអាចពន្យល់រឿងនេះតាមរបៀបនេះ៖ ឧបមាថា សមាជិកគ្រួសារម្នាក់មានចំណង់ជាខ្លាំងនឹងស្រា។ តើការមិនអើពើនឹងបញ្ហាផឹកស្រារបស់គាត់មានប្រយោជន៍ពិតដល់គាត់ទេ? តើការរក្សាសុខ ដោយចុះចាញ់ហើយមិនធ្វើអ្វីសោះអំពីបញ្ហារបស់គាត់ជាការប្រសើរឬ? គឺមិនមែនទេ អ្នកប្រហែលជាយល់ព្រមថា ការខំជួយគាត់ឲ្យឈ្នះបញ្ហាផឹករបស់គាត់ជាការប្រសើរ ទោះបីត្រូវប្រឈមមុខនឹងកំហឹងហើយការគំរាមកំហែងរបស់គាត់ក្ដី។ (សុភាសិត ២៩:២៥) ស្រដៀងនេះដែរ បើសិនជាអ្នកពិតជាស្រឡាញ់សមាជិកគ្រួសាររបស់អ្នកមែន អ្នកនឹងមិនចុះចូលតាមការខំប្រឹងរបស់គេដើម្បីនឹងបញ្ឈប់អ្នកពីការរៀនព្រះគម្ពីរនោះឡើយ។ (កិច្ចការ ៥:២៩) លុះត្រាតែអ្នកប្រកាន់តាមយ៉ាងខ្ជាប់ខ្ជួន ទើបអ្នកអាចជួយពួកគេឲ្យដឹងថា ការរស់នៅតាមសេចក្ដីបង្រៀនរបស់ព្រះគ្រីស្ទ មានន័យដល់ជីវិតរបស់យើង។
៨. តើយើងមានប្រយោជន៍អ្វីខ្លះ ដោយសារព្រះយេស៊ូបានធ្វើតាមព្រះហឫទ័យរបស់ព្រះយ៉ាងស្មោះត្រង់នោះ?
៨ ជួនកាល ការចាត់ព្រះទុកជាទីមួយគឺជាការពិបាកណាស់។ ប៉ុន្តែ ចូរចងចាំថា សាតាំងវាក៏ធ្វើឲ្យព្រះយេស៊ូពិបាកនឹងធ្វើតាមព្រះហឫទ័យរបស់ព្រះដែរ។ តែព្រះយេស៊ូមិនដែលលះបង់ឡើយ ទ្រង់ថែមទាំងអត់ទ្រាំនឹងការឈឺចាប់នៅលើបង្គោលឈើទារុណកម្មដើម្បីជាប្រយោជន៍ដល់យើង។ ព្រះគម្ពីរចែងថា៖ «ព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង»។ «ទ្រង់សុគតជំនួសយើង» (ទីតុស ៣:៦; ថែស្សាឡូនីចទី១ ៥:១០) តើយើងមិនដឹងគុណទេឬ ដែលព្រះយេស៊ូទ្រង់មិនបានចុះចាញ់នឹងការប្រឆាំងនោះ? ដោយសារតែទ្រង់បានអត់ទ្រាំនឹងសេចក្ដីស្លាប់ជាយញ្ញបូជា យើងមានសេចក្ដីសង្ឃឹមនឹងជីវិតអស់កល្បជានិច្ចក្នុងពិភពលោកថ្មីដ៏សាន្តត្រាណនៃសេចក្ដីសុចរិត តាមរយៈការអនុវត្តជំនឿទៅលើលោហិតដែលទ្រង់បានបង្ហូរ។—យ៉ូហាន ៣:១៦, ៣៦; វិវរណៈ ២១:៣, ៤
ការអាចមានរង្វាន់ដ៏ល្អអស្ចារ្យ
៩. (ក) តើតាមរបៀបណាដែលជនគ្រីស្ទានអាចចូលរួមក្នុងការសង្គ្រោះអ្នកដទៃ? (ខ) តើគ្រួសាររបស់ធីម៉ូថេមានស្ថានការណ៍យ៉ាងណា?
៩ តើអ្នកដឹងថា អ្នកអាចមានចំណែកក្នុងការសង្គ្រោះអ្នកដទៃដែរឬទេ រួមទាំងសាច់ញាតិដ៏សំណប់ចិត្តរបស់អ្នក? សាវ័កប៉ុលបានដាស់តឿនធីម៉ូថេថា៖ «ចូរកាន់ខ្ជាប់តាមសេចក្ដីទាំងនេះ[អ្វីៗដែលអ្នកបានរៀន] ដ្បិតដែលធ្វើដូច្នោះនោះអ្នកនឹងសង្គ្រោះខ្លួនអ្នកបាន ព្រមទាំងពួកអ្នកដែលស្ដាប់អ្នកផង»។ (ធីម៉ូថេទី១ ៤:១៦) ធីម៉ូថេរស់នៅក្នុងគ្រួសារដែលមានជំនឿខុសគ្នា ឪពុករបស់គាត់ដែលជាជនជាតិក្រិកគឺមិនមែនជាអ្នកជឿព្រះទេ។ (កិច្ចការ ១៦:១; ធីម៉ូថេទី២ ១:៥; ៣:១៤) ថ្វីបើយើងមិនដឹងថាតើឪពុករបស់ធីម៉ូថេបានក្លាយទៅជាអ្នកជឿក្ដី តែយើងអាចដឹងថាអាកប្បកិរិយាដ៏ស្មោះត្រង់នៃប្រពន្ធរបស់គាត់ឈ្មោះអ៊ើនីស និងរបស់ធីម៉ូថេ អាចមានឥទ្ធិពលយ៉ាងខ្លាំងមកលើគាត់ហើយ។
១០. តើជនគ្រីស្ទានអាចធ្វើអ្វីខ្លះ ដើម្បីជាប្រយោជន៍ដល់គូស្វាមីភរិយាដែលមិនជឿរបស់គេ?
១០ ព្រះគម្ពីរបង្ហាញថា ប្ដីនិងប្រពន្ធដែលកាន់យ៉ាងខ្ជាប់ខ្ជួនតាមសេចក្ដីពិតនៃព្រះគម្ពីរ អាចជួយសង្គ្រោះគូរបស់ខ្លួនដែលមិនមែនជាគ្រីស្ទានឲ្យក្លាយទៅជាអ្នកជឿបាន។ សាវ័កប៉ុលបានសរសេរថា៖ «បើបងប្អូនណា មានប្រពន្ធដែលមិនជឿ តែព្រមនៅជាមួយនឹងខ្លួន នោះមិនត្រូវលះចោលនាងឡើយ ហើយស្ត្រីណាមានប្ដីដែលមិនជឿ តែព្រមនៅជាមួយនឹងនាង នោះក៏មិនត្រូវឲ្យនាងលះចោលគេដែរ។ ដ្បិតឱស្ត្រីអើយ ប្រហែលជានាងនឹងសង្គ្រោះប្ដីបានទេដឹង ឬបុរសអើយ ប្រហែលជាអ្នកនឹងសង្គ្រោះប្រពន្ធបានដែរទេដឹង»? (កូរិនថូសទី១ ៧:១២, ១៣, ១៦) សាវ័កពេត្រុសបានរៀបរាប់អំពីរបៀបដែលប្រពន្ធអាចជួយសង្គ្រោះប្ដីរបស់ខ្លួន ដោយដាស់តឿនថា៖ «ឯពួកស្រីៗត្រូវចុះចូលចំពោះប្ដីខ្លួនបែបដូច្នោះដែរ ដើម្បីបើមានអ្នកណា ដែលមិនព្រមស្ដាប់បង្គាប់តាមព្រះបន្ទូល នោះប្រពន្ធនឹងទាញចិត្តមកបានដោយសារកិរិយាល្អក្រៅពីព្រះបន្ទូល»។—ពេត្រុសទី១ ៣:១
១១, ១២. (ក) តើរង្វាន់អ្វីដែលជនគ្រីស្ទានរាប់ពាន់នាក់បានទទួល ហើយតើគេបានធ្វើអ្វីដើម្បីឲ្យបានទទួលនោះ? (ខ) សូមរៀបរាប់ប្រាប់ពីការពិសោធនៃសមាជិកគ្រួសារដែលបានទទួលរង្វាន់ចំពោះការអត់ទ្រាំយ៉ាងស្មោះត្រង់របស់គេ។
១១ ក្នុងរយៈពេលថ្មីៗនេះ មនុស្សរាប់ពាន់នាក់បានក្លាយទៅជាស្មរបន្ទាល់ព្រះយេហូវ៉ា ក្រោយពីបានប្រឆាំងនឹងសកម្មភាពគ្រីស្ទាននៃសាច់ញាតិដែលជាស្មរបន្ទាល់អស់ជាច្រើនខែ រហូតដល់ជាច្រើនឆ្នាំផង។ នេះជារង្វាន់ដ៏ល្អអស្ចារ្យម្ល៉េះហ្ន៎ចំពោះជនគ្រីស្ទានណាដែលបានតស៊ូយ៉ាងខ្ជាប់ខ្ជួន ហើយជាប្រសិទ្ធិពរដ៏អស្ចារ្យចំពោះអ្នកប្រឆាំងពីមុននេះ! ដោយមានចិត្តយ៉ាងរំភើប អ្នកចាស់ទុំគ្រីស្ទានម្នាក់អាយុ៧៤ឆ្នាំ បានមានប្រសាសន៍ថា៖ «ខ្ញុំតែងតែអរគុណដល់ប្រពន្ធនិងកូនៗរបស់ខ្ញុំ ដែលបានប្រកាន់ខ្ជាប់នឹងសេចក្ដីពិតក្នុងកាលដែលខ្ញុំបានប្រឆាំងនឹងពួកគេ»។ គាត់បានមានប្រសាសន៍ថា រវាងបីឆ្នាំ គាត់បានរឹងចចេសមិនព្រមទាំងអនុញ្ញាតឲ្យប្រពន្ធរបស់គាត់និយាយប្រាប់គាត់អំពីព្រះគម្ពីរសោះ។ គាត់មានប្រសាសន៍ទៀតថា «ប៉ុន្តែ នាងបានរើសពេលវេលានៅពេលដែលខ្ញុំនឹងចូលចិត្តស្ដាប់ ហើយក៏បានចាប់ផ្ដើមផ្សាយប្រាប់ខ្ញុំកាលដែលនាងច្របាច់ជើងខ្ញុំ។ ខ្ញុំដឹងគុណជាអនេកដែលនាងមិនបានចុះចាញ់នឹងការប្រឆាំងរបស់ខ្ញុំ»!
១២ ប្ដីម្នាក់ទៀតដែលបានប្រឆាំងគ្រួសាររបស់គាត់ បានសរសេរថា៖ ‹ខ្ញុំធ្លាប់ជាសត្រូវដ៏អាក្រក់បំផុតនៃប្រពន្ធរបស់ខ្ញុំ ពីព្រោះក្រោយពីនាងបានទទួលសេចក្ដីពិតមក ខ្ញុំបានគំរាមកំហែងដាក់នាង ហើយយើងបានឈ្លោះគ្នាជារៀងរាល់ថ្ងៃ គឺខ្ញុំនេះហើយជាអ្នកចាប់ផ្ដើមការឈ្លោះគ្នានេះ។ ប៉ុន្តែការទាំងអស់នេះគឺឥតបានការសោះ ប្រពន្ធរបស់ខ្ញុំនៅតែកាន់យ៉ាងខ្ជាប់តាមព្រះគម្ពីរ។ អស់រយ:១២ឆ្នាំហើយ ដែលខ្ញុំបានតយុទ្ធដ៏សាហាវប្រឆាំងសេចក្ដីពិត ហើយប្រឆាំងប្រពន្ធនិងកូនរបស់ខ្ញុំ។ ចំពោះអ្នកទាំងពីរនេះ ខ្ញុំប្រៀបដូចជាតំណាងអារក្សអញ្ចឹង›។ នៅទីបំផុត បុរសនេះក៏បានចាប់ផ្ដើមវែកញែកចរិយារបស់គាត់។ គាត់បានពន្យល់ថា ‹ខ្ញុំបានឃើញថាខ្ញុំជាមនុស្សដ៏កំណាច។ ខ្ញុំបានអានព្រះគម្ពីរ ហើយដោយសារតែសេចក្ដីណែនាំនៅក្នុងនោះ ឥឡូវនេះខ្ញុំជាស្មរបន្ទាល់ម្នាក់ដែលបានជ្រមុជទឹកហើយ›។ ត្រូវហើយ សូមគិតអំពីរង្វាន់ដ៏អស្ចារ្យរបស់ប្រពន្ធគាត់ចុះ នាងបានជួយ‹សង្គ្រោះប្ដីរបស់នាង›តាមរយៈការអត់ទ្រាំយ៉ាងស្មោះត្រង់នឹងការប្រឆាំងរបស់គាត់រវាង១២ឆ្នាំ!
ការរៀនពីគំរូព្រះយេស៊ូ
១៣. (ក) តើអ្វីជាមេរៀនដ៏សំខាន់ ដែលប្ដីនិងប្រពន្ធគួរតែរៀនពីជីវភាពរបស់ព្រះយេស៊ូ? (ខ) ចំពោះមនុស្សដែលពិបាកចុះចូលនឹងព្រះហឫទ័យរបស់ព្រះ តើគេអាចទទួលប្រយោជន៍ពីគំរូរបស់ព្រះយេស៊ូយ៉ាងណា?
១៣ មេរៀនដ៏សំខាន់ដែលប្ដីនិងប្រពន្ធគួរតែរៀនពីជីវភាពរបស់ព្រះយេស៊ូ គឺការគោរពព្រះ។ ព្រះយេស៊ូបានមានបន្ទូលថា៖ «ខ្ញុំចេះតែធ្វើការ ដែលគាប់ដល់ព្រះហឫទ័យទ្រង់ជាដរាប។ ខ្ញុំមិនរកតាមតែចិត្តខ្ញុំទេ គឺតាមព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក»។ (យ៉ូហាន ៥:៣០; ៨:២៩) សូម្បីតែនៅពេលដែលព្រះយេស៊ូបានឃើញទិដ្ឋភាពមួយនៃព្រះហឫទ័យរបស់ព្រះមិនល្អគប្បីក្ដី ក៏ទ្រង់នៅតែគោរពតាមជានិច្ច។ ទ្រង់បានអធិស្ឋានថា៖ «បើសិនជាទ្រង់សព្វព្រះហឫទ័យ នោះសូមយកពែងនេះចេញពីទូលបង្គំទៅ»។ ប៉ុន្តែទ្រង់បានមានបន្ទូលបន្ថែមភ្លាមថា៖ «ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ»។ (លូកា ២២:៤២) ព្រះយេស៊ូមិនបានសុំព្រះឲ្យប្ដូរព្រះហឫទ័យរបស់ទ្រង់ទេ។ ទ្រង់បានបង្ហាញថា ទ្រង់ពិតជាស្រឡាញ់ព្រះ ដោយគោរពធ្វើតាមអ្វីក៏ដោយដែលជាព្រះហឫទ័យរបស់ព្រះចំពោះទ្រង់។ (យ៉ូហានទី១ ៥:៣) ចូរតែងតែចាត់ព្រះហឫទ័យរបស់ព្រះទុកជាទីមួយ ដូចព្រះយេស៊ូបានធ្វើមកចុះ ដ្បិតនេះជាការសំខាន់ណាស់ក្នុងការឲ្យបានជោគជ័យ មិនត្រឹមតែចំពោះជីវភាពនៅលីវ តែចំពោះអាពាហ៍ពិពាហ៍និងជីវភាពគ្រួសារផងដែរ។ សូមពិចារណាមើលមូលហេតុនៃការនេះ។
១៤. តើជនគ្រីស្ទានខ្លះវែកញែកដោយមិនត្រឹមត្រូវយ៉ាងដូចម្ដេច?
១៤ ដូចជាបានឃើញពីមុនមកហើយ កាលណាអ្នកជឿចាត់ព្រះទុកជាទីមួយ អ្នកនោះនឹងខំព្យាយាមរស់នៅជាមួយគូស្វាមីភរិយារបស់ខ្លួនដែលមិនជឿ ហើយតែងតែអាចជួយគូខ្លួនឲ្យមានសិទ្ធិទទួលការសង្គ្រោះដែរ។ សូម្បីតែគូទាំងពីរជាអ្នកជឿក៏ដោយ អាពាហ៍ពិពាហ៍របស់គេមិនមែនជាគ្រប់លក្ខណៈនោះទេ។ ដោយសារតែលក្ខណៈមានបាបរបស់មនុស្ស ប្ដីប្រពន្ធមិនតែងតែមានគំនិតស្រឡាញ់ដល់គ្នាទៅវិញទៅមកគ្រប់ពេលវេលានោះឡើយ។ (រ៉ូម ៧:១៩, ២០; កូរិនថូសទី១ ៧:២៨) អ្នកខ្លះថែមទាំងរកគូផ្សេងទៀត ថ្វីបើគេមិនមានមូលដ្ឋានពីបទគម្ពីរក្នុងការលែងលះគ្នាក្ដី។ (ម៉ាថាយ ១៩:៩; ហេព្រើរ ១៣:៤) គេវែកញែកថា ចំពោះពួកគេ នេះជាវិធីដ៏ប្រសើរបំផុត ហើយព្រះហឫទ័យរបស់ព្រះ ដែលឲ្យប្ដីប្រពន្ធត្រូវរស់នៅជាមួយគ្នា នោះជាការពិបាកណាស់។ (ម៉ាឡាគី ២:១៦; ម៉ាថាយ ១៩:៥, ៦) នេះប្រាកដជាការគិតតាមគំនិតរបស់មនុស្សហើយ មិនមែនតាមគំនិតរបស់ព្រះឡើយ។
១៥. ហេតុអ្វីបានជាការចាត់ព្រះទុកជាទីមួយជាការជួយការពារនោះ?
១៥ ការចាត់ព្រះទុកជាទីមួយជាការជួយការពារដ៏ល្អម្ល៉េះហ្ន៎! គូស្វាមីភរិយាដែលធ្វើយ៉ាងនេះ នឹងខំព្យាយាមរស់នៅជាមួយគ្នាហើយដោះស្រាយបញ្ហារបស់គេ ដោយប្រើដំបូន្មានពីពាក្យបន្ទូលរបស់ព្រះ។ ដោយធ្វើយ៉ាងនេះ ពួកគេចៀសវាងនូវការឈឺចិត្តគ្រប់បែបយ៉ាង ដែលជាលទ្ធផលនៃការមិនអើពើនឹងព្រះហឫទ័យរបស់ព្រះ។ (ទំនុកដំកើង ១៩:៧-១១) ការនេះត្រូវបានបង្ហាញឲ្យឃើញពីគំរូនៃគូថ្មីមួយ ដែលជិតនឹងលែងលះគ្នា តែបានសម្រេចចិត្តធ្វើតាមដំបូន្មានពីព្រះគម្ពីរ។ ជាច្រើនឆ្នាំក្រោយមក នៅពេលដែលប្រពន្ធរំពឹងគិតទៅដល់ការសប្បាយរីករាយដែលនាងធ្លាប់មានក្នុងអាពាហ៍ពិពាហ៍របស់នាង នាងបានមានប្រសាសន៍ថា៖ «ខ្ញុំត្រូវតែអង្គុយសម្រក់ទឹកភ្នែក ពេលខ្ញុំគិតដល់លទ្ធភាពដែលខ្ញុំអាចបានរស់នៅបែកខ្ញែកពីប្ដីរបស់ខ្ញុំរវាងប៉ុន្មានឆ្នាំកន្លងទៅនេះ។ ហើយខ្ញុំអធិស្ឋានទៅព្រះយេហូវ៉ា អរព្រះគុណដល់ទ្រង់ចំពោះដំបូន្មាននិងសេចក្ដីណែនាំរបស់ទ្រង់ ដែលផ្គុំយើងទាំងពីរនាក់ឲ្យមានទំនាក់ទំនងដ៏សប្បាយរីករាយ»។
ប្ដីប្រពន្ធ—ចូរយកត្រាប់តាមព្រះគ្រីស្ទ!
១៦. តើព្រះយេស៊ូបានទុកគំរូអ្វីខ្លះសំរាប់ប្ដីនិងប្រពន្ធ?
១៦ ព្រះយេស៊ូដែលតែងតែចាត់ព្រះទុកជាទីមួយ បានទុកគំរូដ៏ល្អអស្ចារ្យសំរាប់ប្ដីនិងប្រពន្ធ ហើយជាការប្រសើរបើគេយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់នឹងការនេះ។ ពួកប្ដីត្រូវបានដាស់តឿនឲ្យយកត្រាប់តាមរបៀបដែលព្រះយេស៊ូបានប្រតិបត្ដិប្រមុខភាពដ៏ថ្នាក់ថ្នមទៅលើសមាជិកនៃក្រុមជំនុំគ្រីស្ទាន។ (អេភេសូរ ៥:២៣) រីឯពួកប្រពន្ធគ្រីស្ទានវិញ គេអាចរៀនពីគំរូដ៏ល្អឥតខ្ចោះរបស់ព្រះយេស៊ូចំពោះការចុះចូលនឹងព្រះ។—កូរិនថូសទី១ ១១:៣
១៧, ១៨. តើតាមរបៀបណាដែលព្រះយេស៊ូបានធ្វើជាគំរូដ៏ល្អសំរាប់ប្ដីទាំងឡាយ?
១៧ ព្រះគម្ពីរចែងថា៖ «បុរស[ប្ដី]រាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធខ្លួន ដូចជាព្រះគ្រីស្ទបានស្រឡាញ់ដល់ពួកជំនុំហើយបានប្រគល់ព្រះអង្គទ្រង់ជំនួសផង»។ (អេភេសូរ ៥:២៥) វិធីដ៏សំខាន់មួយដែលព្រះយេស៊ូបានសម្ដែងសេចក្ដីស្រឡាញ់ដល់ក្រុមជំនុំនៃពួកកាន់តាមទ្រង់នោះ គឺជាការធ្វើជាមិត្តសំឡាញ់ដ៏ជិតដិតដល់ពួកគេ។ ព្រះយេស៊ូបានមានបន្ទូលថា៖ «ខ្ញុំហៅអ្នករាល់គ្នាថាជាសំឡាញ់វិញ ពីព្រោះខ្ញុំបានឲ្យអ្នករាល់គ្នាដឹងគ្រប់ការទាំងអស់ ដែលខ្ញុំឮពីព្រះវរបិតាខ្ញុំមក»។ (យ៉ូហាន ១៥:១៥) ចូរគិតអំពីពេលវេលាជាច្រើនដែលព្រះយេស៊ូបានចំណាយក្នុងការនិយាយជាមួយសិស្សរបស់ទ្រង់—ការពិគ្រោះគ្នាជាច្រើនដែលទ្រង់បានធ្វើឡើងជាមួយពួកគេ—ហើយអំពីសេចក្ដីទុកចិត្តដែលទ្រង់បានមានទៅលើពួកគេ! តើនេះមិនមែនជាគំរូដ៏ប្រសើរបំផុតសំរាប់ប្ដីទាំងឡាយទេឬ?
១៨ ព្រះយេស៊ូបានយកព្រះទ័យទុកដាក់នឹងពួកសិស្សរបស់ទ្រង់ ហើយទ្រង់ស្រឡាញ់ពួកគេណាស់។ (យ៉ូហាន ១៣:១) កាលណាពួកគេមិនបានយល់ច្បាស់អំពីសេចក្ដីបង្រៀនរបស់ទ្រង់ ទ្រង់បានចំណាយពេលវេលាដើម្បីនឹងពន្យល់យ៉ាងអត់ធ្មត់ដល់ពួកគេ។ (ម៉ាថាយ ១៣:៣៦-៤៣) ពួកប្ដីអើយ តើសុខុមាលភាពខាងវិញ្ញាណនៃប្រពន្ធរបស់អ្នកសំខាន់ដល់អ្នកទេ? តើអ្នកចំណាយពេលវេលាជាមួយនាង ដោយធ្វើឲ្យបានប្រាកដថា សេចក្ដីពិតនៃព្រះគម្ពីរបានច្បាស់លាស់ក្នុងចិត្តគំនិតរបស់អ្នកទាំងពីរឬទេ? ព្រះយេស៊ូបានទៅផ្សាយជាមួយសាវ័ករបស់ទ្រង់ ប្រហែលជាជួយហ្វឹកហ្វឺនពួកគេម្នាក់ៗផង។ តើអ្នកទៅផ្សាយជាមួយប្រពន្ធរបស់អ្នក ដោយចែកគ្នាផ្សាយម្នាក់ម្ដងពីផ្ទះមួយទៅផ្ទះមួយ ហើយក្នុងការបង្រៀនព្រះគម្ពីរទេ?
១៩. តើរបៀបដែលព្រះយេស៊ូដោះស្រាយភាពទន់ខ្សោយរបស់ពួកសាវ័ក ធ្វើជាគំរូយ៉ាងណាសំរាប់ប្ដីទាំងឡាយ?
១៩ ជាពិសេសក្នុងការទាក់ទិននឹងភាពមិនល្អឥតខ្ចោះរបស់ពួកសាវ័ក ព្រះយេស៊ូបានធ្វើជាគំរូដ៏ល្អអស្ចារ្យសំរាប់ប្ដីទាំងឡាយ។ ក្នុងកាលដែលទ្រង់បានទទួលទានអាហារចុងក្រោយបង្អស់ជាមួយពួកសាវ័ក ទ្រង់អាចដឹងនូវគំនិតនៃការប្រកួតប្រជែងរបស់គេដែលមានឡើងជារឿយៗ។ តើទ្រង់តិះដៀលពួកគេជាខ្លាំងឬ? មិនទេ តែទ្រង់បែរជាបន្ទាបខ្លួនទៅលាងជើងឲ្យពួកគេម្នាក់ៗទៅវិញ។ (ម៉ាកុស ៩:៣៣-៣៧; ១០:៣៥-៤៥; យ៉ូហាន ១៣:២-១៧) តើអ្នកបង្ហាញភាពអត់ធ្មត់បែបនេះដល់ប្រពន្ធរបស់អ្នកទេ? ជាជាងត្អូញត្អែរនឹងភាពទន់ខ្សោយដែលមានឡើងជារឿយៗនោះ តើអ្នកខំព្យាយាមជួយនាងដោយអត់ធ្មត់ ហើយឲ្យគំរូរបស់អ្នកមានឥទ្ធិពលលើចិត្តនាងទេ? ប្រពន្ធប្រហែលជានឹងតបតាមសេចក្ដីមេត្ដាដ៏ប្រកបដោយសេចក្ដីស្រឡាញ់បែបនេះ ដូចពួកសាវ័កនៅទីបំផុតបានធ្វើដែរ។
២០. តើប្រពន្ធគ្រីស្ទានមិនត្រូវបំភ្លេចអ្វី ហើយអ្នកណាជាគំរូសំរាប់ពួកគេ?
២០ ពួកប្រពន្ធក៏ត្រូវពិចារណានូវគំរូរបស់ព្រះយេស៊ូដែរ ដែលទ្រង់មិនបានភ្លេចជាដាចខាតថា«សិរសារនៃព្រះគ្រីស្ទ គឺជាព្រះ»។ ទ្រង់តែងតែចុះចូលតាមព្រះវរបិតាសួគ៌ារបស់ទ្រង់។ យ៉ាងនេះដែរ ពួកប្រពន្ធមិនត្រូវបំភ្លេចថា «បុរសវិញ នោះជាក្បាលនៃស្ត្រី» ត្រូវហើយ ប្ដីរបស់គេគឺជាប្រមុខភាពរបស់គេ។ (កូរិនថូសទី១ ១១:៣; អេភេសូរ ៥:២៣) សាវ័កពេត្រុសបានដាស់តឿនប្រពន្ធគ្រីស្ទានទាំងឡាយឲ្យពិចារណាមើលគំរូរបស់«ពួកស្រីៗបរិសុទ្ធ»នៅសម័យដើម ជាពិសេសគំរូរបស់នាងសារ៉ាដែល«បានចុះចូលនឹងលោកអ័ប្រាហាំ ព្រមទាំងហៅលោកជា‹ម្ចាស់›ផង»។—ពេត្រុសទី១ ៣:៥, ៦
២១. ហេតុអ្វីក៏អាពាហ៍ពិពាហ៍របស់លោកអ័ប្រាហាំនិងនាងសារ៉ាជាការជោគជ័យ តែចំពោះលោកឡុតនិងប្រពន្ធរបស់គាត់បានទទួលបរាជ័យវិញនោះ?
២១ នាងសារ៉ាបានលះបង់ចោលផ្ទះដ៏ស្រណុកនៅក្នុងទីក្រុងដ៏រុងរឿង ដើម្បីទៅរស់នៅតាមរោងសំពត់នៅក្នុងស្រុកបរទេស។ ហេតុអ្វី? តើនេះដោយសារតែនាងចូលចិត្តជីវភាពបែបនេះឬ? មិនមែនទេ។ តើនេះដោយសារតែប្ដីរបស់នាងបានសុំឲ្យនាងទៅឬ? នេះច្បាស់ជាមូលហេតុហើយ ព្រោះអីនាងស្រឡាញ់ហើយគោរពលោកអ័ប្រាហាំដោយសារតែគុណសម្បត្ដិដ៏ល្អៗរបស់គាត់។ (លោកុប្បត្តិ ១៨:១២) ប៉ុន្តែ មូលហេតុដ៏សំខាន់បំផុតដែលនាងបានទៅជាមួយប្ដីរបស់នាងនោះ គឺដោយសារតែសេចក្ដីស្រឡាញ់របស់នាងចំពោះព្រះយេហូវ៉ា ហើយចំណង់ពីដួងចិត្តរបស់នាងក្នុងការធ្វើតាមសេចក្ដីដឹកនាំពីព្រះ។ (លោកុប្បត្តិ ១២:១) នាងមានចិត្តរីករាយណាស់ក្នុងការគោរពតាមព្រះ។ រីឯប្រពន្ធរបស់លោកឡុតវិញ នាងមានចិត្តស្ទាក់ស្ទើរក្នុងការធ្វើតាមព្រះហឫទ័យរបស់ព្រះ ហើយក៏បានក្រឡេកមើលក្រោយដោយមានចិត្តស្ដាយនូវទ្រព្យសម្បត្ដិដែលទុកចោលនៅស្រុកសូដុំម។ (លោកុប្បត្តិ ១៩:១៥, ២៥, ២៦; លូកា ១៧:៣២) នេះជាការបាត់បង់យ៉ាងខ្លោចផ្សាដល់អាពាហ៍ពិពាហ៍នោះ—ដោយសារតែនាងមិនគោរពតាមព្រះ!
២២. (ក) តើសមាជិកគ្រួសារនឹងធ្វើការពិនិត្យពិច័យខ្លួនឯងយ៉ាងណា? (ខ) តើយើងនឹងពិចារណាអ្វីក្នុងការសិក្សាជាបន្ទាប់របស់យើង?
២២ ដូច្នេះហើយ ក្នុងឋានៈជាប្ដីឬជាប្រពន្ធ ជាការសំខាន់ណាស់ដែលអ្នកត្រូវតែសួរខ្លួនឯងថា ‹តើគ្រួសាររបស់យើងចាត់ព្រះទុកជាទីមួយទេ? តើខ្ញុំពិតជាខំព្យាយាមបំពេញមុខនាទីក្នុងគ្រួសារដែលព្រះបានឲ្យមកខ្ញុំទេ? តើខ្ញុំខំព្យាយាមស្រឡាញ់គូស្វាមីភរិយារបស់ខ្ញុំ ហើយខំជួយអ្នកនោះឲ្យបានឬមានទំនាក់ទំនងល្អជាមួយព្រះយេហូវ៉ាទេ›? គ្រួសារភាគច្រើនមានកូនចៅ។ ដូច្នេះ ជាបន្ទាប់យើងនឹងពិចារណាអំពីមុខនាទីរបស់ឪពុកម្ដាយនិងការចាំបាច់ឲ្យពួកគេទាំងពីរហើយកូនរបស់គេចាត់ព្រះទុកជាទីមួយ។
តើអ្នកនៅចាំទេ?
◻ តើសេចក្ដីបង្រៀនរបស់ព្រះយេស៊ូអាចធ្វើឲ្យមានលទ្ធផលអ្វីខ្លះដល់គ្រួសារជាច្រើន?
◻ តើជនគ្រីស្ទានរាប់ពាន់នាក់ដែលខ្ជាប់ខ្ជួនបានទទួលរង្វាន់អ្វី?
◻ តើអ្វីនឹងជួយគូស្វាមីភរិយាឲ្យជៀសវាងពីអំពើអសីលធម៌និងការលែងលះគ្នា?
◻ តើប្ដីទាំងឡាយអាចរៀនអ្វីខ្លះពីគំរូរបស់ព្រះយេស៊ូ?
◻ តើតាមរបៀបណាដែលប្រពន្ធអាចជួយអាពាហ៍ពិពាហ៍ឲ្យមានសុភមង្គលនោះ?
[រូបភាពនៅទំព័រ៨]
តើនាងសារ៉ាជួយឲ្យមានការជោគជ័យដល់អាពាហ៍ពិពាហ៍របស់នាងយ៉ាងណា?