ចូរឲ្យអ្នកដទៃឃើញជំនឿនរបស់អ្នក
«ចូរឧស្សាហ៍ប្រព្រឹត្តតាមសេចក្ដីទាំងនោះ ហើយកាន់ខ្ជាប់ផង ដើម្បីឲ្យមនុស្សទាំងឡាយ បានឃើញសេចក្ដីជំនឿនរបស់អ្នក»។—ធីម៉ូថេទី១ ៤:១៥
១. តើដូចម្ដេចអ្នកអាចសម្គាល់ថាផ្លែឈើគឺទុំល្មមញ៉ាំបាន?
សូមនឹកគិតក្នុងចិត្តអំពីផ្លែឈើមួយដែលអ្នកចូលចិត្តជាងគេ ដូចជាផ្លែធូរេន ម្នាស់ ស្វាយ ឬផ្លែឈើផ្សេងទៀត។ តើអ្នកអាចសម្គាល់ថាពេលណាផ្លែនោះទុំល្មមញ៉ាំបានទេ? ប្រាកដជាអាចសម្គាល់បានមែន។ តាមរយៈក្លិន ពណ៌ និងសាច់របស់វាធ្វើឲ្យអ្នកស្រក់ទឹកមាត់ចង់ញ៉ាំណាស់។ ពេលអ្នកញ៉ាំផ្លែឈើនោះមួយម៉ាត់ អ្នកនឹងបន្លឺសម្លេងឡើងថា«ឆ្ងាញ់ណាស់ហ្ន៎! ផ្អែមជាប់មាត់មែន!»។ អ្នកច្បាស់ជាមានអារម្មណ៍រីករាយមែនទែន។
២. តើដូចម្ដេចដែលយើងអាចសម្គាល់ភាពចាស់ទុំ? ហើយតើនោះមានឥទ្ធិពលអ្វីទៅលើទំនាក់ទំនងរវាងមនុស្សគ្នីគ្នា?
២ ឧទាហរណ៍ដ៏ស្រួលយល់អំពីអ្វីដែលនាំឲ្យមានអារម្មណ៍រីករាយនេះ ក៏ទាក់ទងនឹងផ្នែកផ្សេងទៀតក្នុងជីវិត។ ហេតុមួយគឺថា ភាពចាស់ទុំខាងវិញ្ញាណរបស់មនុស្សម្នាក់ក៏សម្ដែងតាមវិធីផ្សេងដូចជាភាពទុំរបស់ផ្លែឈើដែរ។ យើងសម្គាល់ថាមនុស្សម្នាក់មានភាពចាស់ទុំ ពេលគាត់សម្ដែងនូវសមត្ថភាពចេះវែកញែក ការយល់ធ្លុះជ្រៅ និងប្រាជ្ញាជាដើម។ (យ៉ូប ៣២:៧-៩) នេះប្រាកដជាអ្វីដ៏ពេញចិត្តមែន ពេលយើងសេពគប់និងធ្វើការជាមួយមនុស្សដែលបង្ហាញគុណសម្បត្ដិបែបនេះក្នុងអាកប្បកិរិយារបស់គេ។—សុភាសិត ១៣:២០
៣. តើរបៀបដែលព្រះយេស៊ូបានពណ៌នា ពីមនុស្សនៅសម័យរបស់ទ្រង់លើកបញ្ជាក់អ្វីអំពីភាពចាស់ទុំ?
៣ ម្យ៉ាងវិញទៀត មនុស្សម្នាក់អាចមានវ័យធំពេញរូបពេញរាង តែពាក្យសំដីនិងការប្រព្រឹត្តរបស់គាត់អាចឆ្លុះបញ្ចាំងឲ្យឃើញថា គាត់គ្មានភាពចាស់ទុំខាងចិត្តគំនិតនិងខាងវិញ្ញាណទេ។ តួយ៉ាងដូចជា ពេលព្រះយេស៊ូគ្រីស្ទមានបន្ទូលទៅកាន់មនុស្សតំណវៀចវេរនៅសម័យរបស់ទ្រង់ ដោយបន្ទូលថា៖ «យ៉ូហានបានមកមិនស៊ីមិនផឹកសោះ តែគេថា គាត់មានអារក្សចូល ឯកូនមនុស្ស បានមកទាំងស៊ីទាំងផឹកផង គង់តែគេថា មើល! នេះជាអ្នកល្មោភស៊ីផឹកច្រើន»។ ទោះជាមនុស្សទាំងនោះបានពេញវ័យខាងរាងកាយក៏ដោយ ព្រះយេស៊ូបានមានបន្ទូលថា ទង្វើរបស់គេគឺមិនខុសពី«កូនក្មេង»ទេ គឺថាគ្មានភាពចាស់ទុំទាល់តែសោះ។ ហេតុនេះហើយ ទ្រង់បានមានបន្ទូលបន្ថែមថា៖ «ប្រាជ្ញាបានរាប់ជាត្រូវ ដោយផលដែលបង្កើត»។—ម៉ាថាយ ១១:១៦-១៩
៤. តើតាមរបៀបណាខ្លះដែលការជឿនទៅមុខនិងភាពចាស់ទុំត្រូវសម្ដែងឲ្យឃើញ?
៤ យោងទៅតាមបន្ទូលរបស់ព្រះយេស៊ូនោះ តាមរយៈការប្រព្រឹត្តរបស់គាត់និងផលដែលគាត់បង្កើត យើងអាចសម្គាល់ថាតើមនុស្សម្នាក់មានប្រាជ្ញាពិតប្រាកដ ដែលជាមុខសញ្ញាមួយនៃភាពចាស់ទុំឬក៏អត់។ ចំពោះរឿងនេះ សូមកត់សម្គាល់នូវដំបូន្មានរបស់សាវ័កប៉ុលទៅកាន់ធីម៉ូថេ។ ក្រោយពីប៉ុលបានរៀបរាប់នូវអ្វីដែលធីម៉ូថេគួរតាមរកនោះ ប៉ុលបាននិយាយថា៖ «ចូរឧស្សាហ៍ប្រព្រឹត្តតាមសេចក្ដីទាំងនោះ ហើយកាន់ខ្ជាប់ផង ដើម្បីឲ្យមនុស្សទាំងឡាយ បានឃើញសេចក្ដីជំនឿនរបស់អ្នក»។ (ធីម៉ូថេទី១ ៤:១៥) គឺពិតមែនដែលថា ជំនឿនឆ្ពោះទៅរកភាពចាស់ទុំរបស់គ្រីស្ទានម្នាក់ អាចត្រូវ«ឃើញ»ឬក៏ជាអ្វីដ៏ជាក់ស្តែង។ ភាពចាស់ទុំរបស់គ្រីស្ទាន គឺដូចជាពន្លឺមួយដ៏ភ្លឺចិញ្ចាច មិនមែនជាគុណសម្បត្ដិមួយដែលអាចត្រូវលាក់ទុកក្នុងខ្លួនមិនឲ្យមើលឃើញនោះឡើយ។ (ម៉ាថាយ ៥:១៤-១៦) ហេតុនេះហើយ យើងនឹងពិចារណានូវរបៀបពីរយ៉ាងដ៏ចំបង ដែលការជឿនទៅមុខនិងភាពចាស់ទុំអាចត្រូវសម្ដែងមក (១) ការចំរើននូវចំណេះ យោបល់ និងប្រាជ្ញារបស់ខ្លួន (២) ការសម្ដែងនូវផលផ្លែនៃព្រះវិញ្ញាណបរិសុទ្ធ។
ការរួបរួមគ្នាខាងជំនឿនិងចំណេះ
៥. តើភាពចាស់ទុំអាចត្រូវបកប្រែជាអ្វី?
៥ វចនានុក្រមភាគច្រើនបកប្រែពាក្យភាពចាស់ទុំជាការលូតលាស់រហូតដល់ពេញខ្នាត ការធំធាត់ពេញរូបពេញរាង និងភាពពេញលក្ខណៈ។ ដូចជាបានត្រូវរៀបរាប់ខាងលើនោះ ផ្លែឈើមួយគឺទុំ ពេលដែលវាឈប់លូតលាស់ខាងសាច់ ពណ៌ និងក្លិនទៀត ហើយរសជាតិរបស់វាមានគ្រប់លក្ខណៈដែលត្រូវការនោះ។ ដូច្នេះ ភាពចាស់ទុំគឺជាប់ទាក់ទងនឹងភាពល្អប្រសើរ ភាពពេញលេញ និងសូម្បីតែភាពគ្រប់ល័ក្ខណ៍ក៏ដោយ។—អេសាយ ១៨:៥; ម៉ាថាយ ៥:៤៥-៤៨; យ៉ាកុប ១:៤
៦, ៧. (ក) តើអ្វីដែលបង្ហាញថា ព្រះយេហូវ៉ាមានចំណាប់អារម្មណ៍ចង់ឲ្យអ្នកថ្វាយបង្គំទ្រង់ជឿនទៅដល់ភាពចាស់ទុំខាងវិញ្ញាណ? (ខ) តើភាពចាស់ទុំខាងវិញ្ញាណគឺភ្ជាប់ជាមួយនឹងអ្វី?
៦ ព្រះយេហូវ៉ាមានព្រះទ័យចាប់អារម្មណ៍ជាខ្លាំងចង់ឲ្យអ្នកទាំងអស់ដែលថ្វាយបង្គំទ្រង់ជឿនទៅដល់ភាពចាស់ទុំខាងវិញ្ញាណ។ ដើម្បីសម្រេចគោលបំណងនេះ ទ្រង់បានរៀបចំឲ្យមានសំវិធានការក្នុងក្រុមជំនុំគ្រីស្ទាន។ សាវ័កប៉ុលបានសរសេរទៅកាន់គ្រីស្ទាននៅទីក្រុងអេភេសូរថា៖ «ទ្រង់បានប្រទានឲ្យអ្នកខ្លះបានធ្វើជាសាវក ខ្លះជាគ្រូអធិប្បាយ ខ្លះជាគ្រូផ្សាយដំណឹងល្អ ខ្លះជាគ្រូគង្វាល ហើយខ្លះជាគ្រូបង្រៀន ប្រយោជន៍នឹងនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សំរាប់ធ្វើការជំនួយ ហើយនឹងស្អាងរូបកាយព្រះគ្រីស្ទឡើង ទាល់តែយើងរាល់គ្នាបានរួបរួម ខាងឯសេចក្ដីជំនឿរួចជាស្រេច ហើយបានស្គាល់ព្រះរាជបុត្រានៃព្រះ ដូចគ្នាទាំងអស់ គឺដល់បានពេញជាមនុស្ស ហើយដល់ខ្នាតកំពស់នៃសេចក្ដីពោរពេញផងព្រះគ្រីស្ទ ដើម្បីកុំឲ្យយើងនៅជាកូនតូចទៀត ទាំងត្រូវគ្រប់អស់ទាំងខ្យល់នៃសេចក្ដីបង្រៀនបោក ហើយផាត់យើងចុះឡើង ដោយសេចក្ដីឆបោករបស់ផងមនុស្ស ហើយដោយឧបាយកល ដែលគេប្រើនឹងនាំឲ្យវង្វេងទៀតឡើយ»។—អេភេសូរ ៤:១១-១៤
៧ ខទាំងនេះពន្យល់ថា មូលហេតុដែលព្រះបានរៀបចំឲ្យមានសំវិធានជាច្រើនខាងវិញ្ញាណក្នុងក្រុមជំនុំ គឺពីព្រោះទាំងអស់គ្នាគួរ ‹រួបរួម ខាងជំនឿហើយចំណេះត្រឹមត្រូវ› ទៅជា«ពេញជាមនុស្ស» និង «ដល់ខ្នាតកំពស់នៃសេចក្ដីពោរពេញផងព្រះគ្រីស្ទ»។ គឺតាមរយៈនោះតែប៉ុណ្ណោះដែលយើងអាចត្រូវការពារមិនឲ្យបោក ផាត់ចុះឡើង ដូចជាកូនតូចៗខាងវិញ្ញាណ ដោយគំនិតនិងសេចក្ដីបង្រៀនមិនពិត។ ដូច្នេះ យើងអាចឃើញទំនាក់ទំនងស្អិតរមួតរវាងការជឿនទៅមុខឆ្ពោះទៅរកភាពចាស់ទុំគ្រីស្ទាន និង‹ការរួបរួមគ្នាខាងជំនឿនិងចំណេះអំពីព្រះរាជបុត្រានៃព្រះ›។ មានចំណុចជាច្រើនក្នុងឱវាទរបស់ប៉ុលដែលមានប្រយោជន៍ចំពោះយើង។
៨. តើ«ការរួបរួមគ្នាខាងជំនឿនិងចំណេះ»តម្រូវឲ្យយើងធ្វើអ្វីខ្លះ?
៨ ទី១ ពីព្រោះត្រូវមាន«ការរួបរួម»អ៊ីចឹង នោះគ្រីស្ទានម្នាក់ដែលមានភាពចាស់ទុំត្រូវតែមានសាមគ្គីភាព និងចុះសម្រុងគ្នាជាមួយអ្នកជឿគ្នីគ្នា ខាងឯជំនឿនិងចំណេះ។ គាត់មិនប្រកាន់តាម ឬទាមទារឲ្យមានការកាន់តាមនូវមតិរបស់គាត់ ព្រមទាំងមិនកាន់តាមយោបល់របស់គាត់ផ្ទាល់ ស្តីពីអ្វីដែលមានក្នុងព្រះគម្ពីរ។ ផ្ទុយទៅវិញ គាត់មានទំនុកចិត្តទាំងស្រុងទៅលើសេចក្ដីពិតដែលព្រះយេហូវ៉ាបានសម្ដែងមកក្នុងព្រះគម្ពីរ តាមរយៈព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូគ្រីស្ទ និង‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›។ តាមរយៈការទទួលទាននូវម្ហូបអាហារខាងវិញ្ញាណដែលត្រូវផ្ដល់«តាមត្រូវពេល»តាមរយៈប្រកាសនវត្ថុគ្រីស្ទាន កិច្ចប្រជុំ សន្និបាត និងមហាសន្និបាត នោះយើងអាចប្រាកដក្នុងចិត្តថា យើងនឹង«រួបរួម»ជាមួយគ្រីស្ទានគ្នីគ្នាក្នុងជំនឿនិងចំណេះ។—ម៉ាថាយ ២៤:៤៥
៩. សូមពន្យល់នូវអត្ថន័យរបស់ពាក្យ«ជំនឿ» ដូចប៉ុលបានប្រើក្នុងសំបុត្ររបស់គាត់ទៅកាន់អ្នកនៅទីក្រុងអេភេសូរ។
៩ ទី២ ពាក្យ«ជំនឿ»មិនសំដៅទៅលើអ្វីដែលយើងម្នាក់ៗជឿផ្ទាល់នោះឡើយ ក៏ប៉ុន្តែជាអ្វីទាំងអស់ដែលយើងជឿ គឺជា«ទទឹង បណ្ដោយ ជំរៅ នឹងកំពស់»នៃសេចក្ដីពិត។ (អេភេសូរ ៣:១៨; ៤:៥; កូល៉ុស ១:២៣; ២:៧) តាមពិត តើគ្រីស្ទានម្នាក់អាចរួបរួមជាមួយអ្នកជឿគ្នីគ្នាយ៉ាងដូចម្ដេច បើសិនជាគាត់គ្រាន់តែជឿមួយផ្នែកនៃ«ជំនឿ»របស់យើង? នេះមានន័យថា យើងមិនគួរស្កប់ចិត្តដោយដឹងតែសេចក្ដីបង្រៀនបឋមក្នុងព្រះគម្ពីរ ឬក៏ដោយមានការយល់ដឹងដ៏ស្រពិចស្រពិលឬមិនគ្រប់សព្វនោះទេ។ ផ្ទុយទៅវិញ យើងគួរយកចិត្តទុកដាក់ដោយឆ្លៀតប្រយោជន៍ទាំងអស់ពីសំវិធានការរបស់ព្រះយេហូវ៉ា ដែលទ្រង់ផ្ដល់មកតាមរយៈអង្គការរបស់ទ្រង់ ដើម្បីរិះរកដោយស្រាវជ្រាវក្នុងព្រះបន្ទូលរបស់ទ្រង់។ យើងត្រូវតែខិតខំយល់ដឹងអំពីព្រះហឫទ័យនិងគោលបំណងរបស់ទ្រង់ ឲ្យច្បាស់លាស់និងត្រឹមត្រូវបំផុតដែលអាចធ្វើទៅបាន។ នេះរួមបញ្ចូល ការឆ្លៀតអាននិងសិក្សាព្រះគម្ពីរនិងប្រកាសនវត្ថុព្រះគម្ពីរ ការអធិស្ឋានទូលព្រះឲ្យបានជំនួយនិងការណែនាំ ការទៅឯកិច្ចប្រជុំគ្រីស្ទានជាទៀងទាត់ និងការរួមចំណែកពេញលេញក្នុងកិច្ចផ្សព្វផ្សាយពីព្រះរាជាណាចក្រ និងកិច្ចការបញ្ចុះបញ្ចូលឲ្យមានសិស្ស។—សុភាសិត ២:១-៥
១០. តើពាក្យ«ទាល់តែយើងរាល់គ្នា»ដែលមានក្នុងអេភេសូរ ៤:១៣ មានន័យអ្វី?
១០ ទី៣ ប៉ុលបានផ្ដើមការពណ៌នាអំពីគោលដៅបីប្រការនោះ ដោយប្រើពាក្យថា«ទាល់តែយើងរាល់គ្នាបានរួបរួម»សៀវភៅក្បួនព្រះគម្ពីររៀបរាប់អំពីឃ្លាដែលថា«ទាល់តែយើងរាល់គ្នា»មានន័យថា «មិនមែនយើងម្នាក់ៗដោយឡែកទេ តែគឺយើងទាំងអស់ជាមួយគ្នាតែម្ដង»។ បើនិយាយឲ្យចំទៅ យើងម្នាក់ៗត្រូវខិតខំតាមរកភាពចាស់ទុំគ្រីស្ទានជាមួយគ្នានឹងភាតរភាពទាំងមូលរបស់យើង។ ព្រះគម្ពីររបស់អ្នកបកប្រែ លើកបញ្ជាក់ថា៖ «ភាពពេញលក្ខណៈខាងវិញ្ញាណមិនត្រូវសម្រេចដោយមនុស្សម្នាក់ដោយឡែកទេ ដូចជាអវយវៈរបស់រាងកាយមិនអាចពេញសាច់ពេញឈាមបានទេ បើសិនជារាងកាយទាំងមូលមិនបន្តលូតលាស់យ៉ាងល្អនោះ»។ ប៉ុលបានរំឭកគ្រីស្ទាននៅទីក្រុងអេភេសូរថា ពួកគេ«ជាមួយនឹងពួកបរិសុទ្ធទាំងអស់គ្នា» ត្រូវតែព្យាយាមយល់អំពីជំនឿទាំងមូលរបស់យើង។—អេភេសូរ ៣:១៨ក
១១. (ក) តើការជឿនទៅមុខខាងវិញ្ញាណមិនរួមបញ្ចូលអ្វីខ្លះ? (ខ) តើយើងត្រូវធ្វើអ្វីដើម្បីជឿនទៅមុខខាងវិញ្ញាណ?
១១ តាមរយៈសំដីរបស់ប៉ុល យើងអាចយល់ច្បាស់ថា ការជឿនទៅមុខខាងវិញ្ញាណមិនមែនជាការក្រេបជញ្ជក់ចំណេះ និងការរៀនសូត្រច្រើនប៉ុណ្ណោះទេ។ គ្រីស្ទានដែលមានភាពចាស់ទុំមិនមែនធ្វើឲ្យមនុស្សកោតស្ងើចនឹងជំរៅចំណេះរបស់គាត់ទេ។ ផ្ទុយទៅវិញ ព្រះគម្ពីរចែងថា៖ «ផ្លូវរបស់មនុស្សសុចរិត ធៀបដូចជាពន្លឺដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើង ដរាបដល់ពេញកំឡាំង»។ (សុភាសិត ៤:១៨) គឺពិតមែនហើយ គឺជា«ផ្លូវ»ដែល«ភ្លឺកាន់តែខ្លាំងឡើង»មិនមែនជាបុគ្គលនោះទេ។ យើងនឹងជឿនទៅមុខខាងវិញ្ញាណ បើសិនជាយើងខិតខំដោយឥតឈប់ឈរឲ្យរៀនទាន់នឹងការយល់ដឹង ដែលកាន់តែច្បាស់ឡើងៗអំពីព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលទ្រង់ប្រទានចំពោះរាស្ត្រទ្រង់។ ក្នុងរឿងនេះ ការរៀនឲ្យទាន់គឺជាការជឿនទៅមុខ ហើយនោះគឺជាអ្វីមួយដែលយើងទាំងអស់គ្នាអាចធ្វើទៅបាន។—ទំនុកដំកើង ៩៧:១១; ១១៩:១០៥
ចូរសម្ដែងនូវ«ផលផ្លែនៃព្រះវិញ្ញាណ»
១២. ហេតុអ្វីបានជាការសម្ដែងផលផ្លែនៃព្រះវិញ្ញាណ គឺសំខាន់ចំពោះការជឿនខាងវិញ្ញាណ?
១២ នៅពេលកំពុងតែ«រួបរួមគ្នាខាងជំនឿនិងចំណេះ»គឺសំខាន់ដែលយើងសម្ដែងនូវផលផ្លែនៃព្រះវិញ្ញាណក្នុងគ្រប់វិស័យនៃជីវិតរបស់យើង។ ហេតុអ្វី? ពីព្រោះ ដូចយើងបានរៀនហើយថា ភាពចាស់ទុំមិនមែនជាអ្វីដែលអាចត្រូវលាក់ក្នុងខ្លួនទេ តែត្រូវសម្គាល់ដោយគុណសម្បត្ដិជាក់ស្តែងដែលអាចជួយស្អាងចិត្ត និងមានប្រយោជន៍ដល់អ្នកឯទៀត។ ជាក់ស្តែងហើយ ការឆ្ពោះទៅរកភាពចាស់ទុំខាងវិញ្ញាណមិនជាការខិតខំធ្វើឫកពាថ្លៃថ្នូរទេ។ ផ្ទុយទៅវិញ ពេលដែលយើងលូតលាស់ខាងវិញ្ញាណ ដោយតាមការណែនាំនៃព្រះវិញ្ញាណរបស់ព្រះ នោះចិត្តគំនិតនិងកិរិយារបស់យើងនឹងកែប្រែតាមរបៀបដ៏ប្រសើរ។ សាវ័កប៉ុលបាននិយាយថា៖ «ចូរដើរក្នុងព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងមិនបំពេញសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាមទេ»។—កាឡាទី ៥:១៦
១៣. តើការកែប្រែអ្វីជាទីសម្គាល់នៃការជឿនទៅមុខ?
១៣ ជាបន្តបន្ទាប់ ប៉ុលបានពន្យល់នូវ«កិច្ចការខាងសាច់ឈាម»ជាច្រើនដែល«ប្រាកដច្បាស់ហើយ»។ មុនដែលមនុស្សម្នាក់យល់តម្លៃនៃខ្នាតតម្រារបស់ព្រះ ជីវិតរបស់គាត់គឺយកលំនាំតាមរបៀបរស់នៅក្នុងលោកីយ៍នេះ និងក៏អាចពោរពេញទៅដោយអ្វីខ្លះដែលប៉ុលបានរៀបរាប់ដូចជា៖ «សេចក្ដីកំផិត សហាយស្មន់ ស្មោកគ្រោក អាសអាភាស ថ្វាយបង្គំរូបព្រះ មន្តអាគម សំអប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន កាប់សំឡាប់ ប្រមឹក ស៊ីផឹកជ្រុល នឹងការអ្វីទៀត ដែលស្រដៀងនឹងសេចក្ដីទាំងនេះផង»។ (កាឡាទី ៥:១៩-២១) ក៏ប៉ុន្តែ អ្នកនោះលូតលាស់ខាងវិញ្ញាណ ហើយឈ្នះជាបណ្ដើរៗនូវ«កិច្ចការខាងសាច់ឈាម»ទាំងនេះដ៏មិនសមគួរ នឹងសម្ដែង«ផលផ្លែនៃព្រះវិញ្ញាណ»វិញ។ ការកែប្រែដ៏ងាយមើលឃើញនេះ គឺជាទីសម្គាល់ថា អ្នកនោះកំពុងតែជឿនឆ្ពោះទៅរកភាពចាស់ទុំជាគ្រីស្ទាន។—កាឡាទី ៥:២២
១៤. សូមពន្យល់ឃ្លាពីរដែលថា«កិច្ចការខាងសាច់ឈាម»និង«ផលផ្លែនៃព្រះវិញ្ញាណ»។
១៤ យើងគួរកត់សម្គាល់ឃ្លាពីរ ដែលថា«កិច្ចការខាងសាច់ឈាម»និង«ផលផ្លែនៃព្រះវិញ្ញាណ»។ «កិច្ចការ»មកពីទង្វើរបស់មនុស្សនិងជាលទ្ធផលនៃការប្រព្រឹត្តរបស់គាត់។ បើនិយាយឲ្យចំទៅ កិច្ចការដែលប៉ុលបានរៀបរាប់នោះ ថាជាកិច្ចការខាងសាច់ឈាម គឺជាលទ្ធផលនៃការសម្រេចធ្វើដូច្នោះ ឬក៏ការប្រព្រឹត្តដែលកើតចេញពីភាពមិនគ្រប់ល័ក្ខណ៍របស់មនុស្ស។ (រ៉ូម ១:២៤, ២៨; ៧:២១-២៥) ក៏ប៉ុន្តែ ពាក្យដែលថា«ផលផ្លែនៃព្រះវិញ្ញាណ»ចង្អុលបញ្ជាក់ថា គុណសម្បត្ដិដែលត្រូវរៀបរាប់នោះ មិនមែនជាលទ្ធផលពីការខិតខំកែខ្លួន ឬក៏ការខិតខំធ្វើឲ្យមានបុគ្គលិកលក្ខណៈល្អនោះទេ តែគឺជាលទ្ធផលពីឥទ្ធិពលនៃព្រះវិញ្ញាណរបស់ព្រះទៅលើមនុស្សម្នាក់។ ដូចជាដើមឈើមួយនឹងបង្កើតផលបើសិនជាវាត្រូវថែទាំយ៉ាងល្អ នោះមនុស្សម្នាក់នឹងសម្ដែងផលផ្លែនៃព្រះវិញ្ញាណ ពេលព្រះវិញ្ញាណបរិសុទ្ធមានឥទ្ធិពលជាច្រើនក្នុងជីវិតរបស់គាត់។—ទំនុកដំកើង ១:១-៣
១៥. ហេតុអ្វីបានជាសំខាន់ដែលយើងយកចិត្តទុកដាក់ទៅលើគុណសម្បត្ដិទាំងអស់ក្នុង«ផលផ្លែនៃព្រះវិញ្ញាណ»?
១៥ ចំណុចមួយទៀតដើម្បីពិចារណា គឺជារបៀបដែលប៉ុលបានប្រើពាក្យ«ផលផ្លែ»ដើម្បីក្រសោបបញ្ចូលគុណសម្បត្ដិល្អទាំងប៉ុន្មានដែលគាត់បានរៀបរាប់នោះ។ ព្រះវិញ្ញាណមិនបង្កើតផលជាច្រើន ដើម្បីឲ្យយើងជ្រើសមួយណាដែលយើងពេញចិត្តជាងគេទេ។ គុណសម្បត្ដិទាំងអស់ដែលប៉ុលបានប្រាប់នោះ ដូចជាសេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត គឺសំខាន់ដូចគ្នា និងគ្រប់ទាំងអស់ជាសមាសភាពនៃបុគ្គលិកលក្ខណៈគ្រីស្ទានថ្មី។ (អេភេសូរ ៤:២៤; កូល៉ុស ៣:១០) ដូច្នេះ ទោះជាយើងឃើញថា គុណសម្បត្ដិណាមួយលេចឡើងជាងគេក្នុងជីវិតរបស់យើង ដោយសារលក្ខណៈសម្បត្ដិរបស់យើងនិងភាពទោរទន់ក៏ដោយ គឺជាសំខាន់ដែលយើងយកចិត្តទុកដាក់ទៅលើគុណសម្បត្ដិទាំងអស់ដែលប៉ុលបានប្រាប់នោះ។ ដោយធ្វើដូច្នេះ យើងអាចបង្ហាញបុគ្គលិកលក្ខណៈក្នុងជីវិតរបស់យើងដូចជាព្រះគ្រីស្ទ។—ពេត្រុសទី១ ២:១២, ២១
១៦. តើយើងមានគោលបំណងអ្វីក្នុងការតាមរកភាពចាស់ទុំរបស់គ្រីស្ទាន? ហើយតើយើងអាចសម្រេចបំណងនោះយ៉ាងដូចម្ដេច?
១៦ មេរៀនសំខាន់ដែលយើងរៀនពីការពន្យល់របស់ប៉ុលគឺថា ក្នុងការតាមរកភាពចាស់ទុំរបស់គ្រីស្ទាន បំណងរបស់យើងមិនមែនជាការរៀននិងទទួលចំណេះជាច្រើនជាងគេ ឬក៏ការបង្កើតឲ្យមានឫកពាថ្លៃថ្នូរទេ។ បំណងរបស់យើងគឺឲ្យព្រះវិញ្ញាណរបស់ព្រះមានឥទ្ធិពលក្នុងជីវិតរបស់យើងដោយគ្មានការរារាំងទេ។ យើងនឹងចាស់ទុំខាងវិញ្ញាណដល់កំរិតណាដែលចិត្តគំនិតនិងកិរិយារបស់យើងប្រព្រឹត្តតាមការណែនាំពីព្រះវិញ្ញាណរបស់ព្រះ។ តើយើងអាចសម្រេចបំណងនេះដោយដូចម្ដេច? យើងត្រូវតែអនុញ្ញាតឲ្យព្រះវិញ្ញាណរបស់ព្រះមានឥទ្ធិពលមកលើចិត្តគំនិតរបស់យើង។ នេះរួមបញ្ចូលការទៅឯកិច្ចប្រជុំគ្រីស្ទានជាទៀងទាត់។ យើងក៏គួរសិក្សានិងរំពឹងគិតអំពីព្រះបន្ទូលរបស់ព្រះ ព្រមទាំងអនុញ្ញាតឲ្យគោលការណ៍ព្រះគម្ពីរ មានអានុភាពទៅលើរបៀបដែលយើងប្រព្រឹត្តចំពោះអ្នកឯទៀតនិងការសម្រេចដែលយើងធ្វើ។ ពេលនោះ ការជឿនទៅមុខរបស់យើងនឹងពិតជាឃើញជាក់ស្តែងមែន។
ជឿនទៅមុខដើម្បីជាសិរីរុងរឿងដល់ព្រះ
១៧. តើការជឿនទៅមុខជាប់ទាក់ទងយ៉ាងណា នឹងការសរសើរព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌?
១៧ នៅទីបំផុត ការជឿនទៅមុខមិនមែននាំឲ្យមានសេចក្ដីសរសើរចំពោះយើងទេ តែនាំសិរីរុងរឿងនិងសេចក្ដីសរសើរទៅដល់ព្រះយេហូវ៉ា ដ៏ជាព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ទៅវិញទេ ដែលបានបើកផ្លូវឲ្យយើងមានភាពចាស់ទុំខាងវិញ្ញាណនោះ។ ក្នុងរាត្រីមុនព្រះយេស៊ូបានត្រូវគេធ្វើគុត ទ្រង់បានមានបន្ទូលប្រាប់សិស្សរបស់ទ្រង់ថា៖ «ព្រះវរបិតាខ្ញុំបានដំកើងឡើង ដោយសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាបង្កើតផលជាច្រើន យ៉ាងនោះអ្នករាល់គ្នានឹងធ្វើជាសិស្សខ្ញុំមែន!»។ (យ៉ូហាន ១៥:៨) សិស្សទាំងនោះបាននាំសិរីល្អទៅដល់ព្រះយេហូវ៉ា ដោយសារការសម្ដែងផលផ្លែនៃព្រះវិញ្ញាណ និងការបង្កើតផលព្រះរាជាណាចក្រក្នុងកិច្ចបំរើផ្សាយ។—កិច្ចការ ១១:៤, ១៨; ១៣:៤៨
១៨. (ក) តើអ្វីជាចំរូតដែលគេធ្វើដោយចិត្តសប្បាយកំពុងតែកើតឡើងសព្វថ្ងៃនេះ? (ខ) តើនេះតម្រូវឲ្យព្យាយាមធ្វើអ្វី?
១៨ សព្វថ្ងៃនេះ ព្រះយេហូវ៉ាប្រទានពរទៅលើរាស្ត្រទ្រង់ ពេលគេចូលរួមក្នុងចំរូតមួយ ដែលមានទូទាំងពិភពលោក។ អស់ជាច្រើនឆ្នាំហើយ អ្នកថ្មីប្រមាណ៣០០.០០០នាក់រៀងរាល់ឆ្នាំ ថ្វាយខ្លួនដល់ព្រះយេហូវ៉ានិងបង្ហាញការថ្វាយខ្លួនដោយទទួលបុណ្យជ្រមុជទឹក។ នេះធ្វើឲ្យយើងសប្បាយចិត្តនិងធ្វើឲ្យព្រះយេហូវ៉ាមានព្រះទ័យសប្បាយដែរ។ (សុភាសិត ២៧:១១) ក៏ប៉ុន្តែ ដើម្បីឲ្យនេះធ្វើជាអ្វីដែលសរសើរដល់ព្រះនាមព្រះយេហូវ៉ានិងធ្វើឲ្យទ្រង់មានព្រះទ័យរីករាយដូច្នេះ អ្នកថ្មីទាំងនេះត្រូវតែ«ដើរក្នុងទ្រង់តាមបែបយ៉ាងនោះចុះ ដោយបានចាក់ឫស ហើយស្អាងឡើងក្នុងទ្រង់ ទាំងតាំងនៅខ្ជាប់ខ្ជួនក្នុងសេចក្ដីជំនឿ»។ (កូល៉ុស ២:៦, ៧) រាស្ត្ររបស់ព្រះត្រូវព្យាយាមធ្វើអ្វីពីរយ៉ាង។ ទីមួយ បើសិនជាអ្នកទើបតែទទួលបុណ្យជ្រមុជទឹក តើអ្នកនឹងស៊ូព្យាយាមដើម្បីឲ្យ«មនុស្សទាំងឡាយ ឃើញសេចក្ដីជំនឿនរបស់អ្នក»ឬទេ? ទីពីរ បើសិនជាអ្នកជាស្មរបន្ទាល់ព្រះយេហូវ៉ាអស់មួយរយៈហើយ តើអ្នកនឹងព្យាយាមបំពេញភារកិច្ចថែរក្សាសុខុមាលភាពខាងវិញ្ញាណរបស់អ្នកថ្មីទេ? ក្នុងករណីទាំងពីរ គឺច្បាស់ថា ការជឿនទៅដល់ភាពចាស់ទុំគឺចាំបាច់។—ភីលីព ៣:១៦; ហេព្រើរ ៦:១
១៩. តើអ្នកអាចមានឱកាសអ្វី បើសិនជាអ្នកឲ្យមនុស្សឃើញជំនឿនរបស់អ្នក?
១៩ អ្នកដែលខំប្រឹងឲ្យមនុស្សទាំងអស់ឃើញជំនឿនរបស់ខ្លួន នឹងទទួលប្រយោជន៍ជាច្រើន។ សូមនឹកចាំពីពាក្យរបស់ប៉ុលទៅកាន់ធីម៉ូថេ ដែលជាទីលើកទឹកចិត្តនោះថា៖ «ចូរប្រុងប្រយ័តនឹងខ្លួនអ្នក ហើយនឹងសេចក្ដីបង្រៀន ចូរកាន់ខ្ជាប់តាមសេចក្ដីទាំងនេះ ដ្បិតដែលធ្វើដូច្នោះ នោះអ្នកនឹងសង្គ្រោះខ្លួនអ្នកបាន ព្រមទាំងពួកអ្នកដែលស្ដាប់អ្នកផង»។ (ធីម៉ូថេទី១ ៤:១៦) ដោយការព្យាយាមឲ្យមនុស្សឃើញជំនឿនរបស់អ្នក នោះអ្នកក៏អាចមានឱកាសសរសើរដល់ព្រះនាមរបស់ព្រះនិងទទួលពរពីទ្រង់។
តើអ្នកចាំទេ?
• តើតាមរបៀបណាដែលភាពចាស់ទុំខាងវិញ្ញាណអាចសឲ្យឃើញ?
• តើចំណេះនិងការយល់ដឹងបែបណាដែលបង្ហាញនូវភាពចាស់ទុំ?
• តើដោយដូចម្ដេចដែលការសម្ដែងនូវ«ផលផ្លែនៃព្រះវិញ្ញាណ»ជាទីសម្គាល់នៃភាពចាស់ទុំ?
• តើយើងគួរព្យាយាមធ្វើអ្វីពេលយើងឆ្ពោះទៅរកភាពចាស់ទុំនោះ?
[រូបភាពនៅទំព័រ១៣]
ភាពពេញលក្ខណៈ ឬក៏ការទុំល្អអាចត្រូវមើលឃើញយ៉ាងច្បាស់
[រូបភាពនៅទំព័រ១៥]
យើងមានជំនឿនខាងវិញ្ញាណ ពេលយើងរៀនឲ្យទាន់នឹងសេចក្ដីពិតដែលត្រូវលាតត្រដាង
[រូបភាពនៅទំព័រ១៧]
សេចក្ដីអធិស្ឋានជួយយើងបង្កើត«ផលផ្លែខាងវិញ្ញាណ»