ជំពូកទី៣៩
វេទនាដល់ជំនាន់មនុស្សដែលមិនអើពើ
ម៉ាថាយ ១១:១៦-៣០ លូកា ៧:៣១-៣៥
លោកយេស៊ូចាប់ផ្ដើមបន្ទោសក្រុងមួយចំនួន
លោកផ្ដល់ការសម្រាលទុក្ខនិងកម្លាំងចិត្ត
លោកយេស៊ូចាត់ទុកយ៉ូហានដែលជាអ្នកជ្រមុជទឹកថាជាអ្នកបម្រើដ៏សំខាន់របស់ព្រះ។ ប៉ុន្តែ តើមនុស្សភាគច្រើនមានទស្សនៈយ៉ាងណាចំពោះយ៉ូហាន? លោកយេស៊ូមានប្រសាសន៍ថា៖ «ជំនាន់នេះគឺដូចកូនក្មេងដែលអង្គុយនៅផ្សារ ហើយស្រែកប្រាប់កូនក្មេងឯទៀតថា៖ ‹យើងបានផ្លុំខ្លុយឲ្យឯងរាល់គ្នា តែឯងមិនបានរាំទេ។ យើងបានទ្រហោ តែឯងរាល់គ្នាមិនបានគក់ទ្រូងកើតទុក្ខឡើយ›»។—ម៉ាថាយ ១១:១៦, ១៧
តើលោកយេស៊ូចង់មានប្រសាសន៍យ៉ាងណា? លោកចង់បញ្ជាក់ថា៖ «ពេលដែលយ៉ូហានមក គាត់មិនបានពិសាអាហារ ពិសាស្រា ដូចអ្នកឯទៀតទេ តែគេនិយាយថា៖ ‹គាត់មានវិញ្ញាណកំណាចចូល›។ ពេលដែលកូនមនុស្សមក លោកបានពិសាអាហារ ពិសាស្រាដូចអ្នកឯទៀត។ ក៏ប៉ុន្តែ គេនៅតែនិយាយថា៖ ‹មើល! បុរសនេះល្មោភស៊ី ក៏ជាអ្នកផឹកស្រា ហើយជាមិត្តភក្ដិរបស់អ្នកយកពន្ធនិងអ្នកប្រព្រឹត្តអំពើខុសឆ្គង!›»។ (ម៉ាថាយ ១១:១៨, ១៩) យ៉ូហានបានរស់នៅយ៉ាងសាមញ្ញជាណាសារ៉ែត សូម្បីតែស្រាក៏គាត់មិនពិសាដែរ តែមនុស្សជំនាន់នេះនិយាយថាគាត់មានវិញ្ញាណកំណាចចូល។ (ជនគណនា ៦:២, ៣; លូកា ១:១៥) ចំណែកឯលោកយេស៊ូ លោករស់នៅដូចអ្នកឯទៀតដែរ លោកមានតុល្យភាពក្នុងការពិសាអាហារ ពិសាស្រា តែគេបែរជាថាលោកជាអ្នកល្មោភស៊ី និងល្មោភផឹកទៅវិញ។ តាមមើលទៅពួកគាត់មិនអាចបំពេញចិត្តមនុស្សទាំងនោះបានឡើយ។
លោកយេស៊ូបានប្រដូចមនុស្សជំនាន់នេះទៅនឹងកូនក្មេងនៅឯផ្សារដែលមិនព្រមរាំ ពេលដែលកូនក្មេងឯទៀតបានផ្លុំខ្លុយ ឬក៏គក់ទ្រូងកើតទុក្ខ ពេលដែលកូនក្មេងឯទៀតទ្រហោយំ។ លោកមានប្រសាសន៍ថា៖ «ទោះជាគេនិយាយយ៉ាងនោះក៏ដោយ អំពើសុចរិតដែលមនុស្សម្នាក់ធ្វើ បង្ហាញថាអ្នកនោះមានប្រាជ្ញា»។ (ម៉ាថាយ ១១:១៦, ១៩) ពិតណាស់ កិច្ចការដែលលោកយេស៊ូនិងយ៉ូហានបានធ្វើជាភ័ស្តុតាងយ៉ាងច្បាស់ថា ការចោទប្រកាន់របស់មនុស្សទាំងនោះគឺមិនពិតទេ។
ក្រោយពីលោកយេស៊ូបានលើកបញ្ជាក់ថាមនុស្សជំនាន់នោះមិនបានអើពើទេ លោកក៏ចាប់ផ្ដើមបន្ទោសក្រុងខូរ៉ាស៊ីន ក្រុងបេតសេដា និងក្រុងកាពើណិម ជាកន្លែងដែលលោកបានធ្វើការអស្ចារ្យជាច្រើន។ លោកយេស៊ូមានប្រសាសន៍ថា បើលោកបានធ្វើការអស្ចារ្យដូចនោះក្នុងក្រុងទីរ៉ុស និងក្រុងស៊ីដូននាតំបន់ភេនីស៊ី នោះអ្នកក្រុងទាំងនោះមុខជាបានប្រែចិត្តជាមិនខាន។ លោកក៏បានបញ្ជាក់ដែរថា លោកបានធ្វើការអស្ចារ្យជាច្រើនក្នុងក្រុងកាពើណិមជាកន្លែងដែលលោកធ្លាប់រស់នៅអស់មួយរយៈពេល។ ទោះជាដូច្នោះក៏ដោយ មនុស្សភាគច្រើននៅទីនោះមិនបានប្រែចិត្តទេ។ ដូច្នេះ លោកមានប្រសាសន៍អំពីក្រុងនោះថា៖ «នៅថ្ងៃវិនិច្ឆ័យសេចក្ដី ក្រុងសូដុមនឹងទទួលទោសស្រាលជាងអ្នក»។—ម៉ាថាយ ១១:២៤
បន្ទាប់មក លោកយេស៊ូសរសើរតម្កើងបិតាលោកដែលបានលាក់សេចក្ដីបង្រៀនដ៏មានតម្លៃ«ពីអ្នកប្រាជ្ញនិងអ្នកចេះដឹង» ប៉ុន្តែបានបើកសម្ដែងសេចក្ដីបង្រៀនទាំងនេះដល់អ្នកដែលមានចិត្តរាបទាប ដែលប្រៀបដូចជាកូនតូចៗវិញ។ (ម៉ាថាយ ១១:២៥) លោកបានអញ្ជើញមនុស្សដូចនោះ ដោយមានប្រសាសន៍ដ៏ទាក់ទាញចិត្តថា៖ «អស់អ្នកដែលធ្វើការនឿយហត់ហើយមានបន្ទុកធ្ងន់អើយ! ចូរមកឯខ្ញុំចុះ ហើយខ្ញុំនឹងធ្វើឲ្យអ្នកមានកម្លាំងចិត្តឡើងវិញ។ ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំ ពីព្រោះខ្ញុំស្លូត ក៏មានចិត្តរាបទាបផង នោះអ្នករាល់គ្នានឹងមានកម្លាំងចិត្តឡើងវិញ។ ពីព្រោះនឹមរបស់ខ្ញុំស្រួលពាក់ ហើយបន្ទុកខ្ញុំក៏ស្រាល»។—ម៉ាថាយ ១១:២៨-៣០
តើលោកយេស៊ូបានផ្ដល់កម្លាំងចិត្តដល់ពួកគេយ៉ាងដូចម្ដេច? ពួកអ្នកដឹកនាំសាសនាបានដាក់បន្ទុកយ៉ាងធ្ងន់ទៅលើបណ្ដាជន ដោយតម្រូវឲ្យពួកគេធ្វើតាមទំនៀមទម្លាប់របស់មនុស្ស។ ជាឧទាហរណ៍ ពួកគេបានបង្កើតច្បាប់យ៉ាងតឹងរ៉ឹងស្តីអំពីការកាន់ថ្ងៃឈប់សម្រាក។ ប៉ុន្តែ លោកយេស៊ូបានជួយបណ្ដាជនឲ្យមានកម្លាំងចិត្តឡើងវិញ ដោយបង្រៀនសេចក្ដីពិតអំពីព្រះដល់ពួកគេ ដែលមិនទាក់ទងនឹងទំនៀមទម្លាប់របស់មនុស្សទេ។ ម្យ៉ាងទៀត លោកបានសម្រាលទុក្ខពួកអ្នកដែលបានត្រូវពួកអាជ្ញាធរជិះជាន់ ហើយក៏ផ្ដល់កម្លាំងចិត្តដល់ពួកអ្នកដែលបន្ទោសខ្លួនយ៉ាងខ្លាំងដោយសារកំហុសពីអតីតកាលដែរ។ បន្ថែមទៅទៀត លោកយេស៊ូបានបង្ហាញនូវរបៀបដែលពួកគេអាចទទួលការអភ័យទោសពីព្រះចំពោះភាពខុសឆ្គង និងរបៀបដែលពួកគេអាចមានសេចក្ដីសុខសាន្តជាមួយនឹងព្រះ។
អស់អ្នកដែលព្រមទទួលសេចក្ដីអញ្ជើញរបស់លោកយេស៊ូ ឬពាក់នឹមដ៏ស្រួលរបស់លោក អាចប្រគល់ខ្លួនជូនព្រះ ហើយបម្រើបិតានៅស្ថានសួគ៌ដែលប្រកបដោយសេចក្ដីអាណិតមេត្ដា។ ការធ្វើដូច្នេះនឹងជួយពួកគេឲ្យទទួលការសម្រាលទុក្ខនិងមានកម្លាំងចិត្តឡើងវិញ ពីព្រោះបញ្ញត្ដិរបស់ព្រះមិនមែនជាបន្ទុកធ្ងន់ទេ។—យ៉ូហានទី១ ៥:៣