លោកយេស៊ូបានធ្វើគំរូស្តីអំពីចិត្តរាបទាប
«ខ្ញុំបានធ្វើគំរូឲ្យអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាធ្វើអ្វីដែលខ្ញុំបានធ្វើដល់អ្នករាល់គ្នា»។—យ៉ូន. ១៣:១៥
តើអ្នកនឹងឆ្លើយយ៉ាងណា?
តើបុត្ររបស់ព្រះបានបង្ហាញចិត្តរាបទាបយ៉ាងដូចម្ដេចមុននឹងលោកមកផែនដី?
ជាមនុស្សជាតិ តើលោកយេស៊ូបានបង្ហាញចិត្តរាបទាបយ៉ាងដូចម្ដេច?
តើចិត្តរាបទាបរបស់លោកយេស៊ូបាននាំឲ្យមានប្រយោជន៍អ្វីខ្លះ?
១, ២. នៅរាត្រីចុងក្រោយនៃជីវិតរបស់លោកយេស៊ូនៅលើផែនដី តើលោកបានបង្រៀនមេរៀនដ៏សំខាន់អ្វីដល់ពួកសាវ័ក?
នេះជារាត្រីចុងក្រោយនៃជីវិតរបស់លោកយេស៊ូនៅលើផែនដី ហើយលោកបានចំណាយពេលនោះជាមួយនឹងពួកសាវ័ករបស់លោក នៅបន្ទប់ជាន់ខាងលើក្នុងផ្ទះមួយនាក្រុងយេរូសាឡិម។ ក្នុងអំឡុងពេលបរិភោគអាហារពេលល្ងាច លោកយេស៊ូបានក្រោកឡើងហើយដោះសម្លៀកបំពាក់ក្រៅលោកចេញ។ លោកយកកន្សែងមួយមកក្រវាត់ចង្កេះ។ បន្ទាប់មកលោកចាក់ទឹកក្នុងចានក្លាំធំមួយ ហើយចាប់ផ្ដើមលាងជើងរបស់ពួកអ្នកកាន់តាម រួចជូតជើងពួកគាត់ឲ្យស្ងួតនឹងកន្សែងនោះ។ រួចមកលោកបានយកសម្លៀកពាក់ក្រៅមកពាក់វិញ។ ហេតុអ្វីលោកយេស៊ូបានបន្ទាបខ្លួនធ្វើកិច្ចការបែបនេះ?—យ៉ូន. ១៣:៣-៥
២ លោកយេស៊ូផ្ទាល់បានពន្យល់ថា៖ «តើអ្នករាល់គ្នាយល់អ្វីដែលខ្ញុំបានធ្វើដល់អ្នករាល់គ្នាទេ? . . . ប្រសិនបើខ្ញុំបានលាងជើងរបស់អ្នករាល់គ្នា ទោះបីខ្ញុំជាម្ចាស់និងជាគ្រូក៏ដោយ នោះអ្នករាល់គ្នាក៏ត្រូវលាងជើងឲ្យគ្នាទៅវិញទៅមកដែរ។ ព្រោះខ្ញុំបានធ្វើគំរូឲ្យអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាធ្វើអ្វីដែលខ្ញុំបានធ្វើដល់អ្នករាល់គ្នា»។ (យ៉ូន. ១៣:១២-១៥) ដោយសុខចិត្តធ្វើកិច្ចការបែបនេះដែលមនុស្សចាត់ទុកថាថោកទាប លោកយេស៊ូបានបង្រៀនមេរៀនដ៏សំខាន់មួយដល់ពួកសាវ័ករបស់លោក ដែលបានដិតជាប់យ៉ាងជ្រៅក្នុងចិត្តរបស់ពួកគេ ហើយបានលើកទឹកចិត្តពួកគេឲ្យមានចិត្តរាបទាបនៅពេលក្រោយមក។
៣. (ក) នៅក្នុងឱកាសពីរ តើលោកយេស៊ូលើកបញ្ជាក់យ៉ាងណាអំពីសារៈសំខាន់នៃចិត្តរាបទាប? (ខ) តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
៣ ពេលលោកយេស៊ូបានលាងជើងឲ្យពួកសាវ័ក គឺមិនមែនជាលើកទី១ទេដែលលោកបានបញ្ជាក់អំពីសារៈសំខាន់នៃចិត្តរាបទាប។ នៅពេលមុននេះ ពេលដែលសាវ័កខ្លះបានបង្ហាញចិត្តគំនិតប្រកួតប្រជែងគ្នា លោកយេស៊ូបានយកក្មេងតូចម្នាក់មកឈរក្បែរលោក ហើយលោកបានប្រាប់ពួកគាត់ថា៖ «អ្នកណាដែលទទួលស្វាគមន៍ក្មេងនេះដោយនូវឈ្មោះខ្ញុំ អ្នកនោះក៏ទទួលស្វាគមន៍ខ្ញុំដែរ ហើយអ្នកណាដែលទទួលស្វាគមន៍ខ្ញុំ ក៏ទទួលលោកដែលបានចាត់ឲ្យខ្ញុំមកផង។ ព្រោះអ្នកណាដែលកាន់ចរិយាជាអ្នកតូចជាងគេក្នុងចំណោមអ្នករាល់គ្នា អ្នកនោះគឺអ្នកធំ»។ (លូក. ៩:៤៦-៤៨) ក្រោយមកក្នុងកិច្ចបម្រើផ្សាយរបស់លោក ដោយដឹងថាពួកផារិស៊ីចង់បានមុខមាត់ លោកយេស៊ូបានមានប្រសាសន៍ទៅពួកគេថា៖ «អ្នកណាដែលតម្កើងខ្លួន អ្នកនោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន អ្នកនោះនឹងត្រូវតម្កើងឡើង»។ (លូក. ១៤:១១) ច្បាស់ណាស់ លោកយេស៊ូចង់ឲ្យអ្នកកាន់តាមលោកមានចិត្តរាបទាបពោលគឺគ្មានចិត្តអំណួតនិងគ្មានចិត្តក្រអឺតក្រអោង។ ដើម្បីយកតម្រាប់លោក ចូរយើងពិនិត្យមើលដោយយកចិត្តទុកដាក់អំពីគំរូរបស់លោកស្តីអំពីចិត្តរាបទាប។ យើងក៏នឹងពិចារណានូវមូលហេតុដែលគុណសម្បត្ដិនេះមានប្រយោជន៍ មិនគ្រាន់តែចំពោះអ្នកដែលបង្ហាញគុណសម្បត្ដិនេះប៉ុណ្ណោះទេ ប៉ុន្តែចំពោះអ្នកឯទៀតផងដែរ។
«ខ្ញុំមិនបាន . . . បែរក្រោយឡើយ»
៤. តើបុត្រតែមួយរបស់ព្រះបានបង្ហាញចិត្តរាបទាបយ៉ាងដូចម្ដេច មុននឹងលោកមកផែនដី?
៤ សូម្បីតែមុនលោកមកផែនដីក្ដី បុត្រតែមួយរបស់ព្រះបានបង្ហាញចិត្តរាបទាប។ ពេលនៅស្ថានសួគ៌ លោកយេស៊ូបានចំណាយពេលច្រើនឆ្នាំរាប់មិនអស់ជាមួយបិតាលោក។ សៀវភៅអេសាយរៀបរាប់អំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងបុត្រនិងបិតារបស់លោក ដោយចែងថា៖ «ព្រះអម្ចាស់យេហូវ៉ាទ្រង់បានប្រទានឲ្យខ្ញុំមានវោហារ ដូចជាអ្នកដែលបានរៀនសូត្រហើយ ដើម្បីឲ្យខ្ញុំបានចេះប្រើពាក្យសំដី នឹងជ្រោងមនុស្សគ្រាកចិត្តឡើង ទ្រង់ដាស់ខ្ញុំរាល់តែព្រឹក គឺទ្រង់ដាស់ត្រចៀកខ្ញុំ ដើម្បីឲ្យខ្ញុំស្ដាប់ ដូចជាអ្នកដែលកំពុងតែរៀនសូត្រ ព្រះអម្ចាស់យេហូវ៉ាទ្រង់បានបើកត្រចៀកខ្ញុំហើយ ខ្ញុំមិនបានរឹងចចេស ឬបែរក្រោយឡើយ»។ (អេ. ៥០:៤, ៥) បុត្ររបស់ព្រះបានបង្ហាញចិត្តរាបទាប ហើយបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអ្វីដែលព្រះយេហូវ៉ាបានបង្រៀនលោក។ លោកចង់រៀនយ៉ាងខ្លាំងពីព្រះពិត។ លោកយេស៊ូប្រាកដជាបានសង្កេតមើលយ៉ាងដិតដល់មែន! នូវគំរូរបស់ព្រះយេហូវ៉ាស្តីអំពីចិត្តរាបទាប ពេលលោកបង្ហាញសេចក្ដីមេត្ដាករុណាចំពោះមនុស្សជាតិដែលមានភាពខុសឆ្គង។
៥. ក្នុងតួនាទីជាមីកែលដែលជាមហាទេវតា តើតាមរបៀបណាលោកយេស៊ូបានទុកគំរូស្តីអំពីចិត្តរាបទាបពេលប្រឈមមុខនឹងមេកំណាច?
៥ មិនមែនទេវតាទាំងអស់នៅស្ថានសួគ៌មានចិត្តគំនិតដូចបុត្រតែមួយរបស់ព្រះឡើយ។ ជាជាងចង់រៀនពីព្រះយេហូវ៉ា ទេវតាដែលបានក្លាយជាមេកំណាចសាថាន ចាប់ផ្ដើមមានចរិតលក្ខណៈដែលផ្ទុយពីចិត្តរាបទាប ពោលគឺគិតថាខ្លួនសំខាន់ជាងគេ ព្រមទាំងមានចិត្តអំណួត ហើយបានបះបោរប្រឆាំងនឹងព្រះយេហូវ៉ា។ ចិត្តគំនិតរបស់លោកយេស៊ូគឺខុសគ្នាឆ្ងាយណាស់។ លោកមិនចង់បានអំណាចនៅស្ថានសួគ៌លើសពីអ្វីដែលព្រះបានឲ្យលោកឡើយ។ លោកមិនដែលចង់ប្រើអំណាចរបស់លោកក្នុងផ្លូវខុសឡើយ។ ក្នុងនាមជាមីកែលដែលជាមហាទេវតា លោកយេស៊ូមិនបានធ្វើលើសពីអំណាចរបស់លោកទេ ពេលលោក‹មានទំនាស់ជាមួយនឹងមេកំណាចអំពីសពរបស់ម៉ូសេ›។ ផ្ទុយទៅវិញ បុត្ររបស់ព្រះបានបង្ហាញចិត្តរាបទាប។ លោកយេស៊ូពេញចិត្តឲ្យព្រះយេហូវ៉ាដែលជាចៅក្រមដ៏ខ្ពង់ខ្ពស់បំផុតនៃសកលលោក ដោះស្រាយបញ្ហាតាមរបៀបនិងតាមពេលកំណត់របស់លោក។—សូមអាន យូដាស ៩
៦. តើតាមរបៀបណាលោកយេស៊ូបានបង្ហាញចិត្តរាបទាបដោយទទួលយកភារកិច្ចជាមេស្ស៊ី?
៦ អ្វីៗដែលលោកយេស៊ូបានរៀនមុនពេលលោកមកផែនដី ប្រាកដជារួមបញ្ចូលទំនាយផ្សេងៗដែលរៀបរាប់យ៉ាងល្អិតល្អន់អំពីជីវិតរបស់លោកនៅផែនដី ជាមេស្ស៊ី។ ដូច្នេះ លោកទំនងជាបានដឹងជាមុនថាលោកនឹងជួបនឹងទុក្ខលំបាកនៅពេលខាងមុខ។ ប៉ុន្តែ លោកយេស៊ូព្រមទទួលភារកិច្ចមករស់នៅលើផែនដី ហើយស្លាប់ក្នុងនាមជាមេស្ស៊ីដែលព្រះបានសន្យា។ ហេតុអ្វី? ដើម្បីលើកបញ្ជាក់អំពីចិត្តរាបទាបរបស់បុត្រតែមួយរបស់ព្រះ សាវ័កប៉ូលបានសរសេរថា៖ «ទោះជាលោកធ្លាប់មានសណ្ឋានដូចព្រះ លោកមិនដែលគិតអំពីការដណ្ដើមយកឋានៈរបស់ព្រះ ពោលគឺការតាំងខ្លួនឲ្យស្មើព្រះនោះទេ។ លោកមិនបានធ្វើដូច្នេះទេ តែលោកបានលះបង់អ្វីៗទាំងអស់ ហើយយកសណ្ឋានជាខ្ញុំបម្រើ រួចក្លាយទៅជាមនុស្សជាតិ»។—ភី. ២:៦, ៧
ជាមនុស្សជាតិ«លោកក៏បានបន្ទាបខ្លួន»
៧, ៨. តើតាមរបៀបណាលោកយេស៊ូបង្ហាញចិត្តរាបទាបពេលលោកនៅក្មេង និងក្នុងអំឡុងកិច្ចបម្រើផ្សាយរបស់លោកនៅផែនដី?
៧ ប៉ូលបានសរសេរថា៖ «ពេលដែលលោក[យេស៊ូ]ឃើញថាលោកមានភាពជាមនុស្សជាតិ លោកក៏បានបន្ទាបខ្លួន ហើយចុះចូលស្ដាប់បង្គាប់រហូតដល់ត្រូវស្លាប់ គឺស្លាប់លើបង្គោលទារុណកម្ម»។ (ភី. ២:៨) តាំងពីក្មេងមក លោកយេស៊ូបានទុកគំរូឲ្យយើងស្តីអំពីចិត្តរាបទាប។ ទោះជាលោកបានត្រូវចិញ្ចឹមដោយយ៉ូសែបនិងម៉ារៀជាឪពុកម្ដាយដែលជាមនុស្សមិនល្អឥតខ្ចោះក្ដី លោកយេស៊ូ«បន្តចុះចូលក្នុងឱវាទរបស់ពួកគាត់»ដោយចិត្តរាបទាប។ (លូក. ២:៥១) នេះជាគំរូដ៏ល្អមែន! សម្រាប់ប្អូនៗវ័យក្មេងដែលនឹងទទួលពរពីព្រះដោយសារពួកគេចុះចូលនឹងឪពុកម្ដាយរបស់ពួកគេដោយស្ម័គ្រចិត្ត។
៨ ជាមនុស្សពេញវ័យ លោកយេស៊ូបានបង្ហាញចិត្តរាបទាបដោយចាត់ទុកការធ្វើតាមបំណងប្រាថ្នារបស់ព្រះជាអ្វីដែលសំខាន់បំផុត មិនមែនបំណងប្រាថ្នារបស់លោកឡើយ។ (យ៉ូន. ៤:៣៤) ក្នុងអំឡុងកិច្ចបម្រើផ្សាយរបស់លោក លោកយេស៊ូគ្រិស្តបានប្រើនាមរបស់ព្រះ ហើយបានជួយមនុស្សដែលមានចិត្តស្មោះឲ្យមានចំណេះត្រឹមត្រូវអំពីគុណសម្បត្ដិនិងគោលបំណងរបស់ព្រះយេហូវ៉ាសម្រាប់មនុស្សជាតិ។ លោកយេស៊ូក៏បានរស់នៅស្របតាមអ្វីដែលលោកបានបង្រៀនអំពីព្រះយេហូវ៉ាដែរ។ ជាឧទាហរណ៍ ក្នុងសេចក្ដីអធិដ្ឋានជាគំរូ ចំណុចទី១ដែលលោកយេស៊ូបានមានប្រសាសន៍គឺ៖ «ឱបិតារបស់យើងដែលនៅស្ថានសួគ៌ សូមឲ្យនាមរបស់លោកបានបរិសុទ្ធ»។ (ម៉ាថ. ៦:៩) ដូច្នេះ លោកយេស៊ូបានណែនាំអ្នកកាន់តាមលោកឲ្យចាត់ទុកការធ្វើឲ្យនាមរបស់ព្រះយេហូវ៉ាបានបរិសុទ្ធជាអ្វីដែលសំខាន់បំផុត។ លោកយេស៊ូផ្ទាល់ក៏បានរស់នៅតាមរបៀបនេះដែរ។ នៅជិតចុងបញ្ចប់នៃកិច្ចបម្រើផ្សាយរបស់លោកយេស៊ូនៅផែនដី លោកអាចអធិដ្ឋានទៅព្រះយេហូវ៉ាថា៖ «ខ្ញុំបានសម្ដែងឲ្យពួកគាត់[ពួកសាវ័ក]ស្គាល់នាមរបស់លោក ក៏នឹងសម្ដែងឲ្យស្គាល់តទៅទៀត»។ (យ៉ូន. ១៧:២៦) ម្យ៉ាងទៀត ក្នុងអំឡុងកិច្ចបម្រើផ្សាយរបស់លោក លោកយេស៊ូបានលើកកិត្ដិយសព្រះយេហូវ៉ាចំពោះអ្វីដែលលោកបានសម្រេចនៅផែនដី។—យ៉ូន. ៥:១៩
៩. តើសាការីបានទាយអ្វីស្តីអំពីមេស្ស៊ី ហើយតើលោកយេស៊ូបានធ្វើឲ្យទំនាយនេះបានសម្រេចយ៉ាងដូចម្ដេច?
៩ ស្តីអំពីមេស្ស៊ី សាការីបានទាយថា៖ «ឱកូនស្រីស៊ីយ៉ូនអើយ ចូររីករាយជាខ្លាំងឡើង ឱកូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោចុះ មើល! ស្តេចរបស់នាងទ្រង់យាងមកឯនាង ទ្រង់ជាអ្នកសុចរិត ហើយមានជ័យជំនះ ទ្រង់ក៏សុភាព ទ្រង់គង់លើសត្វលា គឺជាលាជំទង់ជាកូនរបស់មេលា»។ (សាក. ៩:៩) ទំនាយនេះបានសម្រេចពេលលោកយេស៊ូចូលក្រុងយេរូសាឡិមមុនបុណ្យរំលង នៅឆ្នាំ៣៣ គ.ស.។ បណ្ដាជនបានក្រាលសម្លៀកបំពាក់ក្រៅរបស់ពួកគេនិងមែកឈើនៅលើផ្លូវ។ មែនហើយ អ្នកក្រុងទាំងឡាយបានរំជើបរំជួលពេលលោកចូលមកដល់។ ទោះជាបណ្ដាជនបានទទួលស្វាគមន៍លោកយេស៊ូជាស្តេចក៏ដោយ ក៏លោកនៅតែមានចិត្តរាបទាប។—ម៉ាថ. ២១:៤-១១
១០. តើអ្វីបានបង្ហាញថាលោកយេស៊ូស្ដាប់បង្គាប់ព្រះដោយស្ម័គ្រចិត្តរហូតដល់ត្រូវស្លាប់?
១០ ពេលលោកយេស៊ូនៅផែនដី លោកបានបង្ហាញចិត្តរាបទាប ហើយបានស្ដាប់បង្គាប់ព្រះរហូតដល់ពេលលោកស្លាប់លើបង្គោលទារុណកម្ម។ ដូច្នេះ លោកបានបង្ហាញជាភ័ស្តុតាងយ៉ាងច្បាស់ថាមនុស្សជាតិអាចរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ាសូម្បីតែពួកគេទទួលការល្បងលយ៉ាងខ្លាំងបំផុតក៏ដោយ។ លោកយេស៊ូក៏បានបង្ហាញថា ការអះអាងរបស់សាថានដែលថាមនុស្សជាតិបម្រើព្រះយេហូវ៉ាដោយសារគិតអំពីប្រយោជន៍ផ្ទាល់ខ្លួន គឺមិនត្រឹមត្រូវទេ។ (យ៉ូប ១:៩-១១; ២:៤) ដោយសារគ្រិស្តស្ដាប់បង្គាប់បិតាលោកយ៉ាងល្អឥតខ្ចោះ លោកបញ្ជាក់ថាព្រះយេហូវ៉ាមានសិទ្ធិគ្រប់គ្រងសកលលោក ហើយបង្ហាញថាការគ្រប់គ្រងរបស់ព្រះយេហូវ៉ាគឺសុចរិត។ ព្រះយេហូវ៉ាប្រាកដជាត្រេកអរ ពេលឃើញបុត្រដែលមានចិត្តរាបទាបរបស់លោកបង្ហាញភក្ដីភាពយ៉ាងរឹងមាំ។—សូមអាន សុភាសិត ២៧:១១
១១. តើគ្រឿងបូជារបស់លោកយេស៊ូគ្រិស្តដែលជាថ្លៃលោះ ផ្ដល់លទ្ធភាពអ្វីដល់មនុស្សជាតិដែលមានជំនឿ?
១១ ដោយសារលោកយេស៊ូបានស្លាប់លើបង្គោលទារុណកម្ម លោកក៏បានផ្ដល់ថ្លៃលោះសម្រាប់មនុស្សជាតិដែរ។ (ម៉ាថ. ២០:២៨) ដោយសារគ្រឿងបូជារបស់លោកយេស៊ូ ព្រះយេហូវ៉ាអាចអភ័យទោសចំពោះអំពើខុសឆ្គងរបស់យើងស្របតាមតម្រូវការដ៏សុចរិតរបស់លោក ហើយផ្ដល់ឱកាសឲ្យមនុស្សជាតិរស់ជារៀងរហូត។ ប៉ូលបានសរសេរថា៖ «ការតែមួយដ៏សុចរិតបាននាំឲ្យមនុស្សគ្រប់ប្រភេទត្រូវប្រកាសថាជាមនុស្សសុចរិតឲ្យបានជីវិត»។ (រ៉ូម ៥:១៨) មរណភាពរបស់លោកយេស៊ូបានផ្ដល់លទ្ធភាពឲ្យគ្រិស្តសាសនិកដែលបានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធមានជីវិតអមតៈនៅស្ថានសួគ៌ ហើយឲ្យ«ចៀមឯទៀត»មានជីវិតដែលគ្មានទីបញ្ចប់នៅលើផែនដី។—យ៉ូន. ១០:១៦; រ៉ូម ៨:១៦, ១៧
ខ្ញុំមាន«ចិត្តរាបទាប»
១២. ពេលប្រាស្រ័យទាក់ទងជាមួយមនុស្សជាតិដែលមានភាពមិនល្អឥខ្ចោះ តើលោកយេស៊ូបានបង្ហាញចិត្តស្លូតបូតនិងចិត្តរាបទាបយ៉ាងដូចម្ដេច?
១២ លោកយេស៊ូបានអញ្ជើញអស់អ្នកដែល«ធ្វើការនឿយហត់ហើយមានបន្ទុកធ្ងន់»ឲ្យមកឯលោក។ លោកបានមានប្រសាសន៍ថា៖ «ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំ ពីព្រោះខ្ញុំស្លូត ក៏មានចិត្តរាបទាបផង នោះអ្នករាល់គ្នានឹងមានកម្លាំងចិត្តឡើងវិញ»។ (ម៉ាថ. ១១:២៨, ២៩) គុណសម្បត្ដិរបស់លោកយេស៊ូដូចជាចិត្តរាបទាបនិងចិត្តស្លូតបូតបានជំរុញលោកយេស៊ូឲ្យមានចិត្តសប្បុរស ហើយមិនរើសមុខពេលលោកប្រព្រឹត្តចំពោះមនុស្សដែលមានភាពមិនល្អឥតខ្ចោះ។ លោកជាមនុស្សសមហេតុផលចំពោះអ្វីដែលលោកចង់ឲ្យអ្នកកាន់តាមលោកធ្វើ។ លោកយេស៊ូបានសរសើរ ហើយលើកទឹកចិត្តពួកគាត់។ លោកមិនបានធ្វើឲ្យពួកគាត់មានអារម្មណ៍ថាពួកគាត់គ្មានសមត្ថភាពឬគ្មានតម្លៃនោះទេ។ លោកយេស៊ូច្បាស់ជាមិនឃោរឃៅឬឥតមេត្ដាឡើយ។ ផ្ទុយទៅវិញ លោកបានពង្រឹងទំនុកចិត្តអ្នកកាន់តាមលោកថាបើពួកគាត់ចូលទៅជិតលោក ហើយអនុវត្តអ្វីដែលលោកបានបង្រៀនពួកគាត់ នោះពួកគាត់នឹងទទួលកម្លាំងចិត្តឡើងវិញ ពីព្រោះនឹមរបស់លោកស្រួលពាក់ ហើយបន្ទុកលោកក៏ស្រាល។ មនុស្សទាំងប្រុសទាំងស្រីនិងមនុស្សគ្រប់វ័យមានអារម្មណ៍ស្រួលពេលនៅជាមួយលោក។—ម៉ាថ. ១១:៣០
១៣. តើលោកយេស៊ូបង្ហាញចិត្តអាណិតអាសូរយ៉ាងដូចម្ដេចចំពោះមនុស្សក្រីក្រ?
១៣ ពេលលោកសេពគប់ជាមួយមនុស្សសាមញ្ញដែលជាជនជាតិអ៊ីស្រាអែល លោកយេស៊ូមានចិត្តអាណិតអាសូរចំពោះពួកគេ ដោយសារពួកគេក្រីក្រ ហើយលោកយកចិត្តទុកដាក់ចំពោះសេចក្ដីត្រូវការរបស់ពួកគេដោយសេចក្ដីស្រឡាញ់។ នៅជិតក្រុងយេរីខូ លោកបានជួបអ្នកសុំទានដែលងងឹតភ្នែកឈ្មោះបាទីមេនិងមិត្តភក្ដិងងឹតភ្នែករបស់គាត់ដែលគម្ពីរមិនប្រាប់ឈ្មោះ។ ពួកគាត់ចេះតែសុំលោកយេស៊ូឲ្យជួយ ប៉ុន្តែបណ្ដាជនបានប្រាប់យ៉ាងម៉ឺងម៉ាត់ឲ្យពួកគាត់នៅស្ងៀម។ ជាការងាយស្រួលណាស់ដែលលោកយេស៊ូមិនអើពើនឹងសំណូមពររបស់បុរសងងឹតភ្នែកទាំងនោះ! ផ្ទុយទៅវិញ លោកយេស៊ូបានសុំឲ្យគេនាំពួកគាត់មក ហើយលោកមានចិត្តក្ដួលអាណិត ក៏បានធ្វើឲ្យពួកគាត់មើលឃើញឡើងវិញ។ លោកយេស៊ូបានយកតម្រាប់ព្រះយេហូវ៉ាជាបិតាលោក ដោយបង្ហាញចិត្តរាបទាបនិងសេចក្ដីមេត្ដាករុណាចំពោះមនុស្សទន់ទាបដែលមានភាពខុសឆ្គង។—ម៉ាថ. ២០:២៩-៣៤; ម៉ាក. ១០:៤៦-៥២
«អ្នកណាដែលបន្ទាបខ្លួន អ្នកនោះនឹងត្រូវតម្កើងឡើង»
១៤. តើចិត្តរាបទាបរបស់លោកយេស៊ូបាននាំឲ្យមានប្រយោជន៍អ្វីខ្លះ?
១៤ ចិត្តរាបទាបរបស់លោកយេស៊ូបាននាំឲ្យមានអំណរនិងពរសម្រាប់មនុស្សជាច្រើន។ ព្រះយេហូវ៉ាមានចិត្តរីករាយពេលឃើញបុត្រជាទីស្រឡាញ់របស់លោកធ្វើតាមបំណងប្រាថ្នារបស់លោកដោយចិត្តរាបទាប។ ចិត្តស្លូតបូតនិងចិត្តរាបទាបរបស់លោកយេស៊ូបានធ្វើឲ្យពួកសាវ័កនិងពួកអ្នកកាន់តាមមានកម្លាំងចិត្តឡើងវិញ។ គំរូ សេចក្ដីបង្រៀន និងការសរសើរយ៉ាងកក់ក្ដៅរបស់លោកលើកទឹកចិត្តពួកគាត់ឲ្យរីកចម្រើនក្នុងការគោរពប្រណិប័តន៍ព្រះ។ បណ្ដាជនសាមញ្ញបានទទួលប្រយោជន៍ពីចិត្តរាបទាបរបស់លោកយេស៊ូ ដោយសារពួកគាត់បានទទួលជំនួយ សេចក្ដីបង្រៀននិងការលើកទឹកចិត្តពីលោក។ តាមការពិត មនុស្សជាតិដែលអាចរំដោះពីភាពខុសឆ្គងនឹងទទួលប្រយោជន៍ជាយូរអង្វែងពីគ្រឿងបូជារបស់លោកយេស៊ូដែលជាថ្លៃលោះ។
១៥. ដោយសារលោកយេស៊ូមានចិត្តរាបទាប តើលោកបានទទួលប្រយោជន៍អ្វី?
១៥ ចុះយ៉ាងណាលោកយេស៊ូវិញ? តើចិត្តរាបទាបរបស់លោកមានប្រយោជន៍ចំពោះលោកឬទេ? មានប្រយោជន៍មែន ពីព្រោះលោកបានប្រាប់អ្នកកាន់តាមលោកថា៖ «អ្នកណាដែលបន្ទាបខ្លួន អ្នកនោះនឹងត្រូវតម្កើងឡើង»។ (ម៉ាថ. ២៣:១២) ពាក្យទាំងនោះបានបង្ហាញឲ្យឃើញថាជាសេចក្ដីពិតក្នុងករណីរបស់លោក។ ប៉ូលបានពន្យល់ថា៖ «ព្រះបានលើកតម្កើងលោក[យេស៊ូ]ឲ្យមានឋានៈខ្ពស់ជាងមុន ក៏បានមេត្ដាឲ្យនាមដល់លោកដែលជានាមប្រសើរជាងនាមឯទៀតទាំងអស់ ដើម្បីឲ្យអ្នកនៅស្ថានសួគ៌ អ្នកនៅផែនដី និងអ្នកនៅក្រោមដី លុតជង្គង់ដោយសារនាមយេស៊ូ ហើយដើម្បីឲ្យគ្រប់អណ្ដាតប្រកាសទទួលស្គាល់ជាសាធារណៈថា លោកយេស៊ូគ្រិស្តជាម្ចាស់ ដើម្បីសរសើរតម្កើងព្រះដែលជាបិតា»។ ដោយសារលោកយេស៊ូនៅផែនដី លោកមានចិត្តរាបទាបនិងចិត្តស្មោះត្រង់ នោះព្រះយេហូវ៉ាបានលើកតម្កើងបុត្ររបស់លោក ដោយឲ្យលោកមានអំណាចលើទេវតានៅស្ថានសួគ៌និងមនុស្សនៅលើផែនដី។—ភី. ២:៩-១១
លោកយេស៊ូនឹង«ជិះទៅ . . . ដើម្បីការពារ សេចក្ដីពិត សេចក្ដីសុភាព»
១៦. តើបុត្ររបស់ព្រះនឹងបន្តបង្ហាញចិត្តរាបទាបនៅពេលអនាគតឬទេ?
១៦ បុត្ររបស់ព្រះនឹងបន្តបង្ហាញចិត្តរាបទាបនៅពេលអនាគត។ អ្នកតែងទំនុកតម្កើងម្នាក់បានទាយអំពីអ្វីដែលលោកយេស៊ូនឹងធ្វើដើម្បីប្រឆាំងសត្រូវរបស់លោក ពេលលោកមានឋានៈខ្ពង់ខ្ពស់នៅស្ថានសួគ៌។ គាត់បានច្រៀងថា៖ «[ចូរ]ជិះទៅ ដោយឥទ្ធិឫទ្ធិរបស់ទ្រង់ មានទាំងជ័យជំនះផង ដើម្បីការពារសេចក្ដីពិត សេចក្ដីសុភាព នូវសេចក្ដីសុចរិត»។ (ទំនុក. ៤៥:៤) ដោយមានសេចក្ដីពិតនិងសេចក្ដីសុចរិត លោកយេស៊ូគ្រិស្តនឹងជិះសេះទៅច្បាំងដើម្បីការពារពួកអ្នកដែលមានចិត្តរាបទាបនៅសង្គ្រាមហាម៉ាគេដូន។ តើអ្វីនឹងកើតឡើងនៅចុងបញ្ចប់នៃការគ្រប់គ្រង១.០០០ឆ្នាំរបស់ស្តេចដែលជាមេស្ស៊ី ពេលដែលលោកនឹង«បំផ្លាញការគ្រប់គ្រង អំណាច និងឫទ្ធានុភាពទាំងអស់ឲ្យសាបសូន្យ»? តើនៅពេលនោះលោកនឹងបង្ហាញចិត្តរាបទាបឬទេ? លោកនឹងបង្ហាញចិត្តរាបទាបមែន ពីព្រោះលោកនឹង«ប្រគល់រាជាណាចក្រជូនព្រះជាបិតារបស់លោក»។—សូមអាន កូរិនថូសទី១ ១៥:២៤-២៨
១៧, ១៨. (ក) ចំពោះអ្នកបម្រើព្រះយេហូវ៉ា ហេតុអ្វីជាការសំខាន់ដែលពួកគេធ្វើតាមគំរូរបស់លោកយេស៊ូស្តីអំពីចិត្តរាបទាប? (ខ) តើយើងនឹងពិចារណាអំពីអ្វីខ្លះនៅអត្ថបទបន្ទាប់?
១៧ ចុះយើងវិញ? តើយើងនឹងធ្វើតាមគំរូរបស់លោកយេស៊ូ ហើយបង្ហាញចិត្តរាបទាបឬទេ? តើអ្វីនឹងកើតឡើងដល់យើងនៅសង្គ្រាមហាម៉ាគេដូន ពេលលោកយេស៊ូដែលជាស្តេចមកដើម្បីដាក់ទោសមនុស្សទុច្ចរិត? មូលហេតុដែលលោកនឹងជិះសេះទៅច្បាំងបញ្ជាក់ថាលោកនឹងសង្គ្រោះតែពួកអ្នកដែលមានចិត្តរាបទាបនិងសុចរិតប៉ុណ្ណោះ។ ហេតុនេះ ការដែលយើងបណ្ដុះចិត្តរាបទាបគឺសំខាន់ចាំបាច់ដើម្បីរួចជីវិត។ ម្យ៉ាងទៀត ដោយសារចិត្តរាបទាបរបស់លោកយេស៊ូនាំឲ្យលោកនិងអ្នកឯទៀតទទួលប្រយោជន៍ នោះការដែលយើងបង្ហាញចិត្តរាបទាបនឹងនាំឲ្យយើងទទួលប្រយោជន៍តាមរបៀបផ្សេងៗ។
១៨ តើអ្វីអាចជួយយើងឲ្យធ្វើតាមគំរូរបស់លោកយេស៊ូ? តើតាមរបៀបណាយើងអាចព្យាយាមរក្សាចិត្តរាបទាប ទោះជាយើងប្រហែលជាជួបនឹងការពិបាកក៏ដោយ? យើងនឹងពិចារណាសំណួរទាំងនេះនៅអត្ថបទបន្ទាប់។
[រូបភាពនៅទំព័រ១០]
[រូបភាពនៅទំព័រ១២]
តើតាមរបៀបណាយើងអាចទទួលប្រយោជន៍ពីគំរូរបស់លោកយេស៊ូស្តីអំពីចិត្តរាបទាប?
[រូបភាពនៅទំព័រ១៣]
លោកយេស៊ូបានទុកគំរូស្តីអំពីចិត្តអាណិតអាសូរ