ទេវតាទាំងឡាយជា«វិញ្ញាណដែលបំពេញកិច្ចបម្រើសាធារណៈ»
«ទេវតាទាំងឡាយជាវិញ្ញាណដែលបំពេញកិច្ចបម្រើសាធារណៈ ហើយបានត្រូវចាត់ឲ្យបម្រើជាប្រយោជន៍ដល់អស់អ្នកដែលនឹងទទួលសេចក្ដីសង្គ្រោះជាមត៌ក មែនទេ?»។—ហេ. ១:១៤
១. តើយើងអាចទទួលការសម្រាលទុក្ខអ្វីពីសៀវភៅម៉ាថាយ ១៨:១០ និងហេប្រឺ ១:១៤?
លោកយេស៊ូគ្រិស្តបានព្រមានបុគ្គលណាដែលប្រហែលជាបង្ខូចជំនឿរបស់អ្នកកាន់តាមលោកថា៖ «ចូរប្រយ័ត្ន កុំឲ្យមើលងាយអ្នកតូចបែបនេះឡើយ ព្រោះខ្ញុំប្រាប់អ្នករាល់គ្នាថា ទេវតារបស់អ្នកទាំងនោះ ដែលនៅស្ថានសួគ៌តែងតែឃើញមុខបិតារបស់ខ្ញុំដែលស្ថិតនៅស្ថានសួគ៌»។ (ម៉ាថ. ១៨:១០) សាវ័កប៉ូលបានសំដៅទៅលើទេវតាសុចរិត ពេលគាត់សរសេរថា៖ «ទេវតាទាំងឡាយជាវិញ្ញាណដែលបំពេញកិច្ចបម្រើសាធារណៈ ហើយបានត្រូវចាត់ឲ្យបម្រើជាប្រយោជន៍ដល់អស់អ្នកដែលនឹងទទួលសេចក្ដីសង្គ្រោះជាមត៌ក មែនទេ?»។ (ហេ. ១:១៤) ពាក្យទាំងនោះពិតជាសម្រាលទុក្ខយើងដោយធានាថា ព្រះប្រើពួកទេវតាដើម្បីជួយយើង។ តើគម្ពីរបង្រៀនយើងអ្វីខ្លះអំពីទេវតា? តើពួកទេវតាជួយយើងយ៉ាងណា? តើយើងអាចទាញយកមេរៀនអ្វីពីពួកទេវតា?
២, ៣. តើទេវតាទាំងឡាយមានភារកិច្ចអ្វីខ្លះ?
២ នៅស្ថានសួគ៌មានទេវតាស្មោះត្រង់រាប់លាន និងទេវតាទាំងឡាយមាន«ឥទ្ធិឫទ្ធិខ្លាំង ហើយក៏ប្រតិបត្ដិតាមបង្គាប់[ព្រះ]»។ (ទំនុក. ១០៣:២០; សូមអាន ការបើកបង្ហាញ ៥:១១) បុត្រវិញ្ញាណទាំងនេះរបស់ព្រះមានបុគ្គលិកលក្ខណៈ ហើយមានចិត្តសេរីនិងគុណសម្បត្ដិដូចលោក។ ពួកគេបានត្រូវរៀបចំយ៉ាងល្អប្រសើរ ហើយមានឋានៈខ្ពស់ក្នុងការរៀបចំរបស់ព្រះ។ មហាទេវតាគឺមីកែល (ជាឈ្មោះរបស់លោកយេស៊ូនៅស្ថានសួគ៌)។ (ដាន. ១០:១៣; យូ. ៩) «បុត្រច្បងក្នុងចំណោមអ្វីៗទាំងអស់ដែលព្រះបានបង្កើត»នេះ ជា«បណ្ដាំ»ឬអ្នកនាំពាក្យរបស់ព្រះ ហើយព្រះយេហូវ៉ាបានប្រើលោកក្នុងការបង្កើតអ្វីៗទាំងអស់ឯទៀត។—កូឡ. ១:១៥-១៧; យ៉ូន. ១:១-៣
៣ បន្ទាប់ពីមហាទេវតាគឺសេរភីម ដែលប្រកាសប្រាប់ពីភាពបរិសុទ្ធរបស់ព្រះយេហូវ៉ា និងជួយរាស្ត្រព្រះឲ្យរស់នៅតាមខ្នាតតម្រារបស់លោក។ បន្ទាប់ពីនេះក៏មានចេរូប៊ីន ដែលបម្រើជាអ្នកដែលលើកតម្កើងព្រះយេហូវ៉ាជាព្រះដ៏ខ្ពង់ខ្ពស់បំផុត។ (លោ. ៣:២៤; អេ. ៦:១-៣, ៦, ៧) បន្ទាប់ពីនេះក៏មានទេវតាឯទៀតឬអ្នកនាំសារ ដែលមានភារកិច្ចផ្សេងៗដើម្បីជួយសម្រេចបំណងប្រាថ្នារបស់ព្រះ។—ហេ. ១២:២២, ២៣
៤. តើពួកទេវតាមានអារម្មណ៍យ៉ាងណាពេលព្រះចាប់តាំងបង្កផែនដីឡើង? ហើយតើមនុស្សអាចមានអ្វីបើបានប្រើចិត្តសេរីយ៉ាងត្រឹមត្រូវ?
៤ ទេវតាទាំងឡាយបានរីករាយពេលព្រះ«ចាប់តាំងបង្កផែនដីឡើង» ហើយចូលរួមដោយចិត្តរំភើបក្នុងកិច្ចការរបស់ពួកគេ កាលដែលផែនដីក្លាយទៅជាទីលំនៅរបស់មនុស្សជាតិ។ (យ៉ូប ៣៨:៤, ៧) ព្រះយេហូវ៉ាបានបង្កើតមនុស្សឲ្យ«តូចទាបជាងបណ្ដាទេវតាបន្ដិច» ប៉ុន្តែយើងត្រូវបានបង្កើតដូច«រូប»លោក យ៉ាងនេះមនុស្សអាចបង្ហាញគុណសម្បត្ដិដូចព្រះ។ (ហេ. ២:៧; លោ. ១:២៦) ប្រសិនបើអាដាមនិងអេវ៉ាប្រើចិត្តសេរីយ៉ាងត្រឹមត្រូវ នោះពួកគេនិងកូនចៅអាចបន្តរស់នៅក្នុងសួនឧទ្យាន ហើយរួមចំណែកជាមួយទេវតាទាំងឡាយក្នុងក្រុមគ្រួសារសកលលោករបស់ព្រះយេហូវ៉ា។
៥, ៦. តើមានការបះបោរប្រឆាំងណាកើតឡើងនៅស្ថានសួគ៌? ហើយតើព្រះបានធ្វើអ្វី?
៥ បណ្ដាទេវតាដ៏បរិសុទ្ធពិតជាទាស់ចិត្តមែន ពេលឃើញការបះបោរចាប់ផ្ដើមកើតឡើងក្នុងក្រុមគ្រួសាររបស់ព្រះនៅឯស្ថានសួគ៌។ ទេវតាមួយរូបពីចំណោមពួកគេលែងពេញចិត្តសរសើរព្រះយេហូវ៉ាទៀត ហើយមានចិត្តចង់ឲ្យគេគោរពប្រណិប័តន៍វាវិញ។ ទេវតានោះក្លាយទៅជាបុគ្គលដែលហៅថាសាថាន (មានន័យថា «អ្នកប្រឆាំង»)។ នេះគឺដោយសារវាធ្វើឲ្យមានការសង្ស័យទៅលើសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា ហើយដោយមានមហិច្ឆតា វាខំបង្កើតការគ្រប់គ្រងមួយប្រកួតនឹងការគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ ពេលសាថានពោលពាក្យកុហក នោះវាបញ្ឆោតគូស្វាមីភរិយាដំបូងដោយទាក់ទាញចិត្តពួកគេឲ្យរួមដៃជាមួយវាក្នុងការបះបោរប្រឆាំងនឹងអ្នកបង្កើតដែលប្រកបដោយក្ដីស្រឡាញ់។—លោ. ៣:៤, ៥; យ៉ូន. ៨:៤៤
៦ ព្រះយេហូវ៉ាបានដាក់ទោសលើសាថានភ្លាមដោយពោលពាក្យក្នុងទំនាយដំបូងដែលមានក្នុងគម្ពីរថា៖ «អញនឹងធ្វើឲ្យឯងហើយនឹងស្ត្រី គឺទាំងពូជឯងនឹងពូជនាងមានសេចក្ដីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ»។ (លោ. ៣:១៥) សេចក្ដីខ្មាំងឬការប្រឆាំងគ្នានេះនឹងមានរវាងសាថាននិង«ស្ត្រី»របស់ព្រះ។ ពិតមែនហើយ ព្រះយេហូវ៉ាចាត់ទុកអង្គការនៅស្ថានសួគ៌ដែលមានទេវតាស្មោះត្រង់ ដូចជាភរិយាជាទីស្រឡាញ់ដែលនៅជាប់ជាមួយលោកជាស្វាមី។ យើងមានសេចក្ដីសង្ឃឹមពិតប្រាកដដោយសារទំនាយនេះ ទោះជារឿងល្អិតល្អន់នៃទំនាយនៅតែជា«អាថ៌កំបាំងដ៏ពិសិដ្ឋ»ដែលនឹងត្រូវលាតត្រដាងបន្ដិចម្ដងៗក៏ដោយ។ ព្រះមានបំណងឲ្យបុគ្គលម្នាក់ពីចំណោមអង្គការរបស់លោកនៅស្ថានសួគ៌កម្ទេចចោលពួកបះបោរទាំងអស់ ហើយតាមរយៈបុគ្គលនោះ«អ្វីៗនៅស្ថានសួគ៌និងអ្វីៗនៅផែនដី»នឹងត្រូវបង្រួបបង្រួម។—អេភ. ១:៨-១០
៧. តើទេវតាខ្លះនៅសម័យណូអេបានធ្វើអ្វី? ហើយតើព្រះយេហូវ៉ាបានប្រព្រឹត្តយ៉ាងណាដល់ទេវតាទាំងនោះ?
៧ នៅសម័យណូអេ ទេវតាមួយចំនួនបោះបង់ចោល«ស្ថានដែលខ្លួនត្រូវនៅ» ហើយប្រែក្រឡាជាមនុស្សក្នុងបំណងរកបំពេញតណ្ហាខ្លួននៅផែនដី។ (យូ. ៦; លោ. ៦:១-៤) ព្រះយេហូវ៉ាដាក់ទេវតាដែលបះបោរនោះក្នុងភាពងងឹតសូន្យសុង ហើយពួកគេរួមដៃជាមួយសាថានក្នុងការក្លាយទៅជា«ពួកវិញ្ញាណទុច្ចរិត» ព្រមទាំងជាសត្រូវដ៏កំណាចនៃអ្នកបម្រើរបស់ព្រះ។—អេភ. ៦:១១-១៣; ២ពេ. ២:៤
តើពួកទេវតាជួយយើងយ៉ាងណា?
៨, ៩. តើព្រះយេហូវ៉ាបានប្រើទេវតាឲ្យជួយមនុស្សយ៉ាងដូចម្ដេច?
៨ ក្នុងចំណោមអស់អ្នកដែលទេវតាបានបម្រើគឺអាប្រាហាំ យ៉ាកុប ម៉ូសេ យ៉ូស្វេ អេសាយ ដានីយ៉ែល លោកយេស៊ូ ពេត្រុស យ៉ូហាន និងប៉ូល។ បណ្ដាទេវតាសុចរិតបានដាក់ទោសតាមការវិនិច្ឆ័យរបស់ព្រះ ហើយពាំនាំទំនាយនិងការណែនាំ រួមទាំងក្រឹត្យវិន័យម៉ូសេផង។ (២ព. ១៩:៣៥; ដាន. ១០:៥, ១១, ១៤; សកម្ម. ៧:៥៣; បប. ១:១) ដោយសារយើងមានបណ្ដាំរបស់ព្រះទាំងមូល នោះប្រហែលជាមិនត្រូវការទេវតានាំដំណឹងពីព្រះឡើយ។ (២ធី. ៣:១៦, ១៧) មនុស្សយើងមិនអាចមើលឃើញកិច្ចការដែលទេវតាធ្វើទេ តែបណ្ដាទេវតាទាំងនេះកំពុងជាប់រវល់ខ្លាំងក្នុងការធ្វើតាមបំណងប្រាថ្នារបស់ព្រះនិងការគាំទ្រអ្នកបម្រើរបស់ព្រះ។
៩ គម្ពីរធានាយើងថា៖ «ទេវតានៃព្រះយេហូវ៉ាចោមរោមនៅជុំវិញនៃអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ហើយក៏ជួយគេឲ្យរួច»។ (ទំនុក. ៣៤:៧; ៩១:១១) ដោយព្រោះសាថានបានចោទថាមនុស្សមិនអាចរក្សាភាពស្មោះគ្រប់លក្ខណៈពេលមានទុក្ខលំបាក នោះព្រះយេហូវ៉ាអនុញ្ញាតឲ្យវាបង្កឲ្យយើងមានទុក្ខលំបាកសព្វគ្រប់បែបយ៉ាង។ (លូក. ២១:១៦-១៩) យ៉ាងណាក៏ដោយ ព្រះជ្រាបថាការល្បងលប៉ុណ្ណាគឺល្មមគ្រប់គ្រាន់ឲ្យយើងបញ្ជាក់ពីចិត្តស្មោះគ្រប់លក្ខណៈរបស់យើងចំពោះលោក ហើយថាមិនចាំបាច់ឲ្យទទួលការល្បងលលើសពីនោះទេ។ (សូមអាន កូរិនថូសទី១ ១០:១៣) ពួកទេវតាតែងតែប្រុងប្រៀបជានិច្ចដើម្បីធ្វើអន្តរាគមន៍សមស្របតាមបំណងប្រាថ្នារបស់ព្រះ។ ពួកទេវតាបានសង្គ្រោះសាដ្រាក់ មែសាក់ អ័បេឌនេកោ ដានីយ៉ែល និងពេត្រុស ប៉ុន្តែមិនបានសង្គ្រោះស្ទេផាន និងយ៉ាកុបកុំឲ្យពួកសត្រូវសម្លាប់ឡើយ។ (ដាន. ៣:១៧, ១៨, ២៨; ៦:២២; សកម្ម. ៧:៥៩, ៦០; ១២:១-៣, ៧, ១១) កាលៈទេសៈរបស់ពួកគេនិងបញ្ហាដែលចោទឡើងគឺខុសគ្នា។ ស្រដៀងគ្នាដែរ បងប្អូនរួមជំនឿខ្លះត្រូវបានប្រហារជីវិតនៅជំរំឃុំឃាំងណាត្ស៊ី តែព្រះយេហូវ៉ាបានសង្គ្រោះបងប្អូនភាគច្រើនដែលនៅជំរំឃុំឃាំងនោះវិញ។
១០. បន្ថែមពីជំនួយទេវតា តើយើងអាចទទួលជំនួយតាមវិធីណាទៀត?
១០ គម្ពីរមិនបង្រៀនថាមនុស្សយើងមានទេវតាម្នាក់មួយដែលតាមថែរក្សាយើងឡើយ។ យើងអធិដ្ឋានដោយមានទំនុកចិត្តថា«អ្វីក៏ដោយដែលយើងអធិដ្ឋានសុំ ដែលសមស្របតាមបំណងប្រាថ្នារបស់ព្រះ នោះព្រះនឹងស្ដាប់យើង»។ (១យ៉ូន. ៥:១៤) ពិតមែន ព្រះយេហូវ៉ាអាចបញ្ជូនទេវតាមកដើម្បីជួយយើងបាន តែយើងប្រហែលជាទទួលជំនួយតាមវិធីផ្សេងៗទៀត។ បងប្អូនគ្រិស្តសាសនិកប្រហែលជានឹងត្រូវជំរុញទឹកចិត្តឲ្យសម្រាលទុក្ខនិងផ្ដល់ជំនួយដល់បងប្អូនឯទៀត។ ម្យ៉ាងទៀត ព្រះអាចផ្ដល់ប្រាជ្ញានិងកម្លាំងចិត្តដើម្បីជួយយើងស៊ូទ្រាំនឹង«បន្លាមួយក្នុងសាច់ឈាម»ដែលធ្វើទុក្ខដល់យើង ហាក់ដូចជា«ទេវតាមួយរបស់សាថាន»កំពុងទះយើង។—២កូ. ១២:៧-១០; ១ថែ. ៥:១៤
យកតម្រាប់តាមលោកយេស៊ូ
១១. តើបណ្ដាទេវតាបានត្រូវប្រើដើម្បីជួយលោកយេស៊ូយ៉ាងណា? ហើយតើលោកបានបង្ហាញអ្វីដោយរក្សាភាពស្មោះត្រង់ចំពោះព្រះ?
១១ សូមពិចារណារបៀបដែលព្រះយេហូវ៉ាប្រើបណ្ដាទេវតាក្នុងករណីលោកយេស៊ូ។ បណ្ដាទេវតាបានប្រកាសប្រាប់ពីកំណើតនិងការរស់ឡើងវិញរបស់លោកយេស៊ូ ហើយផ្ដល់ជំនួយពេលដែលលោកនៅផែនដី។ បណ្ដាទេវតាអាចការពារកុំឲ្យគេចាប់និងសម្លាប់លោកបាន។ ប៉ុន្តែ ផ្ទុយទៅវិញ ទេវតាមួយរូបត្រូវបានបញ្ជូនទៅពង្រឹងកម្លាំងចិត្តលោក។ (ម៉ាថ. ២៨:៥, ៦; លូក. ២:៨-១១; ២២:៤៣) ដោយសមស្របតាមគោលបំណងរបស់ព្រះយេហូវ៉ា នោះលោកយេស៊ូបានផ្ដល់ជីវិតជាគ្រឿងបូជាដែលជាថ្លៃលោះ ហើយបង្ហាញទីសំអាងថា ទោះជាមានសេចក្ដីល្បួងខ្លាំងបំផុតក៏ដោយ មនុស្សល្អឥតខ្ចោះអាចរក្សាភាពស្មោះគ្រប់លក្ខណៈចំពោះព្រះបាន។ ហេតុនេះហើយបានជាព្រះយេហូវ៉ាប្រោសលោកយេស៊ូឲ្យមានជីវិតអមតៈនៅឯស្ថានសួគ៌ និងផ្ដល់«គ្រប់ទាំងអំណាច»ដល់លោក សូម្បីតែទេវតាក៏នៅក្រោមបង្គាប់របស់លោកដែរ។ (ម៉ាថ. ២៨:១៨; សកម្ម. ២:៣២; ១ពេ. ៣:២២) យ៉ាងនេះ លោកយេស៊ូជាបុគ្គលសំខាន់បំផុតដែលរួមចំណែកក្នុង«ពូជ»របស់«ស្ត្រី»ដែលជារបស់ផងព្រះ។—លោ. ៣:១៥; កាឡ. ៣:១៦
១២. តើលោកយេស៊ូបង្ហាញថាលោកចេះដឹងខុសត្រូវយ៉ាងដូចម្ដេច?
១២ លោកយេស៊ូដឹងថាគឺជាការខុសបើលោកល្បងលព្រះយេហូវ៉ាដោយសង្ឃឹមថា ព្រះនឹងចាត់ទេវតាមកសង្គ្រោះលោកបើលោកធ្វើអ្វីដោយធ្វេសប្រហែស។ (សូមអាន ម៉ាថាយ ៤:៥-៧) ដូច្នេះ សូមឲ្យយើងយកតម្រាប់តាមគំរូរបស់លោកយេស៊ូដោយរស់នៅដោយ«ដឹងខុសត្រូវ» និងមិនប្រថុយគ្រោះថ្នាក់ដោយមិនចាំបាច់ ប៉ុន្តែមានទំនុកចិត្តពេលត្រូវប្រឈមមុខការបៀតបៀន។—ទីត. ២:១២
តើយើងអាចទាញមេរៀនអ្វីពីទេវតាស្មោះត្រង់?
១៣. តើយើងអាចទាញយកមេរៀនអ្វីពីគំរូរបស់បណ្ដាទេវតាសុចរិតដែលត្រូវរៀបរាប់នៅពេត្រុសទី២ ២:៩-១១?
១៣ ពេលសាវ័កពេត្រុសប្រដៅតម្រង់អស់អ្នកដែល«និយាយប្រមាថ»អ្នកបម្រើរបស់ព្រះយេហូវ៉ាដែលមានក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ នោះគាត់លើកឡើងពីគំរូល្អរបស់ពួកទេវតាសុចរិត។ ទោះជាពួកទេវតាមានកម្លាំងខ្លាំងក៏ដោយ តែពួកគេបង្ហាញចិត្តរាបទាបដោយមិនវិនិច្ឆ័យទោសអ្នកឯទៀត «ដោយសារគោរពព្រះយេហូវ៉ា»។ (សូមអាន ពេត្រុសទី២ ២:៩-១១) ដូច្នេះ សូមឲ្យយើងជៀសចេញពីការវិនិច្ឆ័យមិនសមរម្យ និងគោរពអស់អ្នកដែលមានភារកិច្ចត្រួតពិនិត្យក្នុងក្រុមជំនុំ ហើយទុកឲ្យព្រះយេហូវ៉ាដោះស្រាយរឿងទាំងអស់ ព្រោះលោកជាចៅក្រមដ៏ខ្ពស់បំផុត។—រ៉ូម ១២:១៨, ១៩; ហេ. ១៣:១៧
១៤. តើយើងអាចទាញយកមេរៀនអ្វីពីទេវតាស្តីអំពីចិត្តរាបទាប?
១៤ បណ្ដាទេវតារបស់ព្រះយេហូវ៉ាទុកគំរូល្អស្តីអំពីកិច្ចបម្រើព្រះដោយចិត្តរាបទាប។ ទេវតាខ្លះមិនព្រមប្រាប់ឈ្មោះដល់មនុស្សទេ។ (លោ. ៣២:២៩; ចៅ. ១៣:១៧, ១៨) ទោះជាមានទេវតារាប់លាននៅស្ថានសួគ៌ក៏ដោយ តែគម្ពីររៀបរាប់ឈ្មោះមីកែលនិងកាព្រីយ៉ែលប៉ុណ្ណោះ។ នេះប្រហែលជាដើម្បីការពារកុំឲ្យយើងលើកកិត្ដិយសទេវតាហួសហេតុពេក។ (លូក. ១:២៦; បប. ១២:៧) ពេលសាវ័កយ៉ូហានបានលំឱនកាយដើម្បីគោរពប្រណិប័តន៍នៅមុខទេវតាមួយរូប ទេវតានោះបានដាស់តឿនយ៉ូហានថា៖ «ចូរប្រយ័ត្ន! កុំធ្វើដូច្នោះ! ខ្ញុំគ្រាន់តែជាខ្ញុំបម្រើដូចអ្នកនិងដូចបងប្អូនរបស់អ្នក»។ (បប. ២២:៨, ៩) យើងគួរអធិដ្ឋានដល់ព្រះនិងគោរពប្រណិប័តន៍លោកតែមួយប៉ុណ្ណោះ។—សូមអាន ម៉ាថាយ ៤:៨-១០
១៥. តើបណ្ដាទេវតាទុកគំរូឲ្យយើងក្នុងការបង្ហាញចិត្តអត់ធ្មត់យ៉ាងណា?
១៥ បណ្ដាទេវតាក៏ទុកគំរូក្នុងការបង្ហាញសេចក្ដីអត់ធ្មត់ដែរ។ ពួកគេចាប់អារម្មណ៍ចង់ដឹងយ៉ាងខ្លាំងអំពីសេចក្ដីអាថ៌កំបាំងដ៏ពិសិដ្ឋរបស់ព្រះ ពីព្រោះគម្ពីរចែងថា៖ «បណ្ដាទេវតាប៉ងប្រាថ្នាពិនិត្យមើលការនោះឯង»។ (១ពេ. ១:១២) ប៉ុន្តែពួកគេមិនដឹងរឿងអាថ៌កំបាំងដ៏ពិសិដ្ឋទាំងអស់ឡើយ។ ដូច្នេះ តើពួកគេធ្វើអ្វី? ពួកគេបានចាំយ៉ាងអត់ធ្មត់រហូតដល់ពេលព្រះកំណត់ឲ្យ«ដឹង . . . តាមរយៈក្រុមជំនុំ»នូវ«លក្ខណៈដ៏ច្រើនអនេកនៃប្រាជ្ញា»របស់លោក។—អេភ. ៣:១០, ១១
១៦. តើការប្រព្រឹត្តរបស់យើងមានឥទ្ធិពលលើបណ្ដាទេវតាយ៉ាងណា?
១៦ ‹បណ្ដាទេវតាទស្សនា›មើលពួកគ្រិស្តសាសនិកដែលកំពុងរងទុក្ខលំបាក។ (១កូ. ៤:៩) បណ្ដាទេវតាពិតជាពេញចិត្តពេលឃើញយើងបង្ហាញភាពស្មោះត្រង់ ហើយក៏មានអំណរដែរពេលអ្នកប្រព្រឹត្តអំពើខុសប្រែចិត្ត សូម្បីតែម្នាក់ក៏ដោយ។ (លូក. ១៥:១០) ពួកទេវតាក៏បានសង្កេតមើលការប្រព្រឹត្តរបស់ស្ត្រីទាំងឡាយដែលជាគ្រិស្តសាសនិក ដែលធ្វើអ្វីៗសមស្របតាមគោលការណ៍របស់ព្រះ។ គម្ពីរបញ្ជាក់ថា«ស្ត្រីត្រូវមានអ្វីលើក្បាលដែលបញ្ជាក់ពីការចុះចូល . . . ដោយសារបណ្ដាទេវតា»។ (១កូ. ១១:៣, ១០) ពិតមែន បណ្ដាទេវតាសប្បាយចិត្តពេលឃើញស្ត្រីទាំងឡាយដែលជាគ្រិស្តសាសនិក និងអ្នកបម្រើព្រះទាំងអស់នៅផែនដីធ្វើតាមរបៀបរៀបចំនិងប្រមុខភាពរបស់ព្រះ។ ការស្ដាប់បង្គាប់បែបនេះជាការរំលឹកដ៏ល្អសម្រាប់ពួកទេវតានៅស្ថានសួគ៌។
ទេវតាជួយគាំទ្រកិច្ចការផ្សាយ
១៧, ១៨. ហេតុអ្វីបានជាយើងអាចពោលថាពួកទេវតាគាំទ្រការផ្សព្វផ្សាយរបស់យើង?
១៧ ទេវតាចូលរួមក្នុងព្រឹត្ដិការណ៍ដ៏អស្ចារ្យខ្លះដែលកើតឡើងនៅ«ថ្ងៃរបស់លោកម្ចាស់»។ ព្រឹត្ដិការណ៍ទាំងនោះរួមបញ្ចូលកំណើតនៃរាជាណាចក្ររបស់ព្រះនៅឆ្នាំ១៩១៤ ហើយការទម្លាក់សាថាននិងពួកវិញ្ញាណកំណាចរបស់វាពីស្ថានសួគ៌ដោយ«មីកែលនិងបណ្ដាទេវតារបស់លោក»។ (បប. ១:១០; ១១:១៥; ១២:៥-៩) សាវ័កយ៉ូហានឃើញ«ទេវតាមួយ . . . ដែលកំពុងហោះនៅកណ្ដាលមេឃ ហើយគាត់មានដំណឹងល្អដែលស្ថិតស្ថេរជានិរន្តរ៍ ជាដំណឹងដែលនាំឲ្យរីករាយសម្រាប់ប្រកាសប្រាប់ដល់អស់អ្នកដែលអាស្រ័យនៅផែនដី»។ ទេវតានោះប្រកាសប្រាប់ថា៖ «ចូរកោតខ្លាចព្រះ ហើយសរសើរតម្កើងលោក ពីព្រោះគ្រាដែលលោកនឹងធ្វើការវិនិច្ឆ័យបានមកដល់ហើយ ដូច្នេះ ចូរគោរពប្រណិប័តន៍លោកដែលបានបង្កើតមេឃនិងផែនដី សមុទ្រ និងរន្ធទឹកទាំងឡាយ»។ (បប. ១៤:៦, ៧) យ៉ាងនេះ ព្រះយេហូវ៉ាបានធានារ៉ាប់រងអ្នកបម្រើរបស់លោកថា ទោះជាមានការប្រឆាំងក្រៃលែងពីមេកំណាចក៏ដោយ នោះបណ្ដាទេវតានឹងគាំទ្រពួកគេពេលផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះដែលបានស្ថាបនាហើយ។—បប. ១២:១៣, ១៧
១៨ នៅសម័យមុន ពួកទេវតាបានប្រាប់និងនាំភីលីពទៅជួបមន្ត្រីជាន់ខ្ពស់ជនជាតិអេចូពីម្នាក់ តែសព្វថ្ងៃនេះពួកទេវតាមិនបានធ្វើដូច្នេះទេ។ (សកម្ម. ៨:២៦-២៩) យ៉ាងណាក៏ដោយ មានបទពិសោធន៍ជាច្រើននៅសម័យទំនើបនេះដែលផ្ដល់ទីសំអាងថា ទោះជាយើងមិនអាចមើលឃើញទេវតាក៏ដោយ ពួកគេកំពុងគាំទ្រកិច្ចការផ្សព្វផ្សាយរបស់យើង ហើយនាំយើងទៅជួបអស់អ្នកដែលមាន«ចិត្តគំនិតត្រឹមត្រូវឲ្យបានជីវិតដែលគ្មានទីបញ្ចប់»។ (សកម្ម. ១៣:៤៨) ពិតជាសំខាន់ណាស់ឲ្យយើងចូលរួមក្នុងកិច្ចបម្រើផ្សាយយ៉ាងទៀងទាត់ ដើម្បីឲ្យយើងមានឱកាសជួបអស់អ្នកដែល«គោរពប្រណិប័តន៍បិតានៅស្ថានសួគ៌ដោយមានការដឹកនាំពីសកម្មពលរបស់លោកនិងដោយសេចក្ដីពិត»!—យ៉ូន. ៤:២៣, ២៤
១៩, ២០. តើបណ្ដាទេវតាមានចំណែកអ្វីក្នុងព្រឹត្ដិការណ៍ដែលបញ្ជាក់ពី«ទីបញ្ចប់របៀបរបបពិភពលោក»?
១៩ លោកយេស៊ូមានប្រសាសន៍អំពីគ្រារបស់យើងថា៖ «នៅទីបញ្ចប់របៀបរបបពិភពលោកនេះ» បណ្ដាទេវតានឹង«ញែកមនុស្សទុច្ចរិតចេញពីចំណោមមនុស្សសុចរិត»។ (ម៉ាថ. ១៣:៣៧-៤៣, ៤៩) ទេវតាទាំងឡាយរួមចំណែកក្នុងការប្រមូលនិងការបោះត្រាលើថ្ងាសពួកខ្ញុំបម្រើនៃព្រះ។ (សូមអាន ម៉ាថាយ ២៤:៣១; បប. ៧:១-៣) ម្យ៉ាងទៀត ពួកទេវតាក៏មកជាមួយលោកយេស៊ូពេលលោក«ញែកចៀមចេញពីពពែ»។—ម៉ាថ. ២៥:៣១-៣៣, ៤៦
២០ «ពេលដែលលោកម្ចាស់យេស៊ូលេចមកពីស្ថានសួគ៌ជាមួយនឹងបណ្ដាទេវតាខ្លាំងក្លារបស់លោក» នោះ«ពួកអ្នកដែលមិនស្គាល់ព្រះនិងពួកអ្នកដែលមិនស្ដាប់តាមដំណឹងល្អអំពីលោកយេស៊ូ»នឹងត្រូវទទួលសេចក្ដីហិនវិនាស។ (២ថែ. ១:៦-១០) ពេលយ៉ូហានឃើញព្រឹត្ដិការណ៍ដដែលនោះក្នុងគំនិត គាត់បានរៀបរាប់ថាលោកយេស៊ូនិងបណ្ដាកងទ័ពទេវតានៅស្ថានសួគ៌ជិះសេះសម្បុរស ដើម្បីធ្វើសង្គ្រាមដោយសុចរិតយុត្ដិធម៌។—បប. ១៩:១១-១៤
២១. តើទេវតាដែល«កាន់កូនសោនៃទីជ្រៅបំផុតនិងច្រវាក់ដ៏ធំមួយនៅដៃ»នឹងធ្វើអ្វីចំពោះសាថាននិងពួកវិញ្ញាណកំណាចរបស់វា?
២១ យ៉ូហានក៏បាន«ឃើញទេវតាមួយរូបចុះពីស្ថានសួគ៌មក ដោយកាន់កូនសោនៃទីជ្រៅបំផុតនិងច្រវាក់ដ៏ធំមួយនៅដៃ»។ ទេវតានេះគឺមហាទេវតាមីកែល។ លោកនឹងចាប់ចងមេកំណាច ហើយតាមមើលទៅក៏ចាប់ពួកវិញ្ញាណកំណាចដែរ រួចបោះពួកវាទៅក្នុងទីជ្រៅបំផុត។ ពួកគេនឹងត្រូវដោះលែងមួយរយៈពេលខ្លីនៅចុងការសោយរាជ្យមួយពាន់ឆ្នាំរបស់គ្រិស្ត ហើយនៅពេលនោះមនុស្សជាតិដែលល្អឥតខ្ចោះនឹងត្រូវល្បងលជាលើកចុងក្រោយ។ បន្ទាប់មក សាថាននិងអ្នកបះបោរប្រឆាំងទាំងអស់ឯទៀតនឹងត្រូវបំផ្លាញចោល។ (បប. ២០:១-៣, ៧-១០; ១យ៉ូន. ៣:៨) នៅពេលនោះ គ្មានការបះបោរប្រឆាំងនឹងព្រះទៀតឡើយ។
២២. តើបណ្ដាទេវតារួមចំណែកក្នុងព្រឹត្ដិការណ៍ដែលជិតមកដល់យ៉ាងដូចម្ដេច? ហើយតើយើងគួរមានអារម្មណ៍យ៉ាងណាចំពោះភារកិច្ចរបស់បណ្ដាទេវតា?
២២ សេចក្ដីសង្គ្រោះពីរបៀបរបបពិភពលោកដ៏អាក្រក់របស់សាថានគឺជិតមកដល់ហើយ។ បណ្ដាទេវតានឹងមានភារកិច្ចពិសេសក្នុងអំឡុងព្រឹត្ដិការណ៍សំខាន់ៗដែលនឹងសឲ្យឃើញថា ព្រះយេហូវ៉ាមានសិទ្ធិគ្រប់គ្រង ហើយព្រឹត្ដិការណ៍នោះនឹងសម្រេចគោលបំណងរបស់ព្រះចំពោះផែនដីនិងមនុស្សជាតិយ៉ាងពេញលេញ។ ពួកទេវតាសុចរិតពិតជា«វិញ្ញាណដែលបំពេញកិច្ចបម្រើសាធារណៈ ហើយបានត្រូវចាត់ឲ្យបម្រើជាប្រយោជន៍ដល់អស់អ្នកដែលនឹងទទួលសេចក្ដីសង្គ្រោះជាមត៌ក»។ ដូច្នេះ សូមឲ្យយើងអរគុណព្រះយេហូវ៉ាដោយព្រោះលោកប្រើពួកទេវតាដើម្បីជួយយើងឲ្យធ្វើតាមបំណងរបស់លោក ហើយទទួលជីវិតដែលគ្មានទីបញ្ចប់។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើពួកទេវតាមានភារកិច្ចអ្វីខ្លះ?
• តើទេវតាខ្លះនៅសម័យណូអេបានធ្វើអ្វី?
• តើព្រះបានប្រើបណ្ដាទេវតាដើម្បីជួយយើងយ៉ាងណា?
• តើបណ្ដាទេវតារួមចំណែកក្នុងកិច្ចការអ្វីខ្លះនៅសម័យយើង?
[រូបភាពនៅទំព័រ២៣]
ទេវតារីករាយក្នុងការធ្វើតាមបំណងប្រាថ្នារបស់ព្រះ
[រូបភាពនៅទំព័រ២៤]
ដូចក្នុងករណីរបស់ដានីយ៉ែល បណ្ដាទេវតាតែងតែប្រុងប្រៀបជានិច្ច ដើម្បីធ្វើអន្តរាគមន៍សមស្របតាមបំណងប្រាថ្នារបស់ព្រះ
[រូបភាពនៅទំព័រ២៦]
ចូរមានចិត្តក្លាហាន! ពីព្រោះពួកទេវតាកំពុងគាំទ្រកិច្ចការផ្សព្វផ្សាយ!
[អ្នកផ្ដល់សិទ្ធិ]
Globe: NASA photo