ព្រះរាជាណាចក្ររបស់ព្រះ—តើអ្នកយល់ទេ?
«តែអ្នកដែលទទួលពូជក្នុងដីល្អវិញ នោះគឺជាអ្នកដែលឮព្រះបន្ទូល ហើយយល់»។—ម៉ាថាយ ១៣:២៣
១. តើមានជំនឿទូទៅអ្វីខ្លះអំពី‹ព្រះរាជាណាចក្រនៃស្ថានសួគ៌›?
តើអ្នក‹យល់ថាព្រះរាជាណាចក្ររបស់ព្រះជាអ្វីទេ›? ជាច្រើនសតវត្សកន្លងមកនេះ មតិអំពី‹ព្រះរាជាណាចក្រនៃស្ថានសួគ៌›មានខុសៗគ្នា។ សព្វថ្ងៃនេះ ជំនឿទូទៅក្នុងចំណោមពួកសមាជិកនៃពួកនិកាយគ្រីស្ទសាសនា គឺថាព្រះរាជាណាចក្រជាអ្វីមួយដែលព្រះបានដាក់ក្នុងចិត្តរបស់មនុស្ស ដែលបានចូលសាសនានោះហើយ។ អ្នកដទៃទៀតគិតថា នេះជាកន្លែងដែលមនុស្សល្អទទួលការសប្បាយជាអនន្ត ក្រោយពីស្លាប់។ ប៉ុន្តែមានអ្នកដទៃទៀតអះអាងថា ព្រះបានទុកឲ្យមនុស្សស្ថាបនារាជាណាចក្រលើផែនដីនេះ តាមរយៈវិធានការរបស់គេ ក្នុងការបណ្ដុះសេចក្ដីបង្រៀននិងទម្លាប់គ្រីស្ទានក្នុងកិច្ចការនៃសង្គមនិងរដ្ឋាភិបាល។
២. តើព្រះគម្ពីរពន្យល់អំពីព្រះរាជាណាចក្រនៃព្រះយ៉ាងដូចម្ដេច ហើយតើនេះនឹងសម្រេចបានអ្វីខ្លះ?
២ ប៉ុន្តែ ព្រះគម្ពីរបង្ហាញយ៉ាងច្បាស់ថា ព្រះរាជាណាចក្ររបស់ព្រះគឺមិនមែនជាអង្គការលើផែនដីនេះទេ។ ហើយក៏មិនមែនជាស្ថានភាពនៃចិត្ត ឬក៏ការធ្វើឲ្យសង្គមមនុស្សទៅជាគ្រីស្ទាននោះឡើយ។ ពិតណាស់ ការយល់ត្រឹមត្រូវអំពីព្រះរាជាណាចក្រនេះ នាំឲ្យមានការផ្លាស់ប្ដូរដ៏ធំមួយក្នុងជីវិតរបស់អ្នកដែលអនុវត្តជំនឿទៅលើនោះ។ ប៉ុន្តែព្រះរាជាណាចក្រគឺជារដ្ឋាភិបាលនៃស្ថានសួគ៌ដែលរៀបចំដោយព្រះ ដែលនឹងសម្រេចគោលបំណងរបស់ព្រះ បំបាត់ចោលឥទ្ធិពលនៃអំពើបាបនិងសេចក្ដីស្លាប់ ហើយស្ថាបនាស្ថានភាពដ៏សុចរិតវិញលើផែនដីនេះ។ ព្រះរាជាណាចក្រនេះបានចាប់គ្រប់គ្រងលើស្ថានសួគ៌រួចទៅហើយ ហើយមិនយូរប៉ុន្មានទៀត«នឹងបំបាក់បំបែក ហើយលេបបំបាត់នគរ[មនុស្ស]ទាំងនោះវិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច»។—ដានីយ៉ែល ២:៤៤; វិវរណៈ ១១:១៥; ១២:១០
៣. ពេលដែលព្រះយេស៊ូបានចាប់ផ្ដើមកិច្ចបំរើរបស់ទ្រង់ តើអ្វីដែលបានបើកដល់មនុស្សលោក?
៣ ហើប៊ឺត វីល ជាអ្នកប្រវត្ដិសាស្ត្រម្នាក់បានសរសេរថា៖ «សេចក្ដីបង្រៀនអំពីព្រះរាជាណាចក្រនៃស្ថានសួគ៌នេះ ដែលជាសេចក្ដីបង្រៀនដ៏សំខាន់របស់ព្រះយេស៊ូ មានមុខនាទីដ៏តូចបំផុតក្នុងគោលជំនឿរបស់គ្រីស្ទាន ហើយប្រាកដជាសេចក្ដីបង្រៀនដ៏ប្លែកមួយដែលធ្វើឲ្យមនុស្សចាប់អារម្មណ៍ហើយផ្លាស់ប្ដូរគំនិត»។ តាំងពីដំបូងមក ប្រធាននៃការផ្សាយរបស់ព្រះយេស៊ូគឺ៖ «ចូរប្រែចិត្តឡើង ដ្បិតនគរស្ថានសួគ៌ជិតដល់ហើយ»។ (ម៉ាថាយ ៤:១៧) ទ្រង់បានគង់នៅលើផែនដីជាស្តេចចាក់ប្រេងតាំង ហើយអំណរអរជាខ្លាំង គឺថាទ្រង់បានបើកឲ្យមនុស្សទទួលប្រសិទ្ធិពរនៃព្រះរាជាណាចក្រនេះ ហើយថែមទាំងអាចធ្វើជាអ្នកគ្រប់គ្រងរួម និងសង្ឃជាមួយព្រះយេស៊ូក្នុងព្រះរាជាណាចក្រនោះដែរ!—លូកា ២២:២៨-៣០; វិវរណៈ ១:៦; ៥:១០
៤. ក្នុងសតវត្សទីមួយ តើពួកបណ្ដាជនបានតបឆ្លើយយ៉ាងណា ចំពោះ‹ដំណឹងល្អនៃព្រះរាជាណាចក្រ› ហើយនាំឲ្យមានសេចក្ដីជំនុំជំរះអ្វី?
៤ កាលដែលពួកបណ្ដាជនបានឮ‹ដំណឹងល្អពីព្រះរាជាណាចក្រ›ដ៏រំភើបនេះ មានតែមនុស្សមួយចំនួនតូចទេដែលបានជឿ។ នេះគឺពីព្រោះមេដឹកនាំសាសនាបាន‹បិទព្រះរាជាណាចក្រស្ថានសួគ៌នៅមុខមនុស្ស›។ ពួកគេបាន«ដកកូនសោនៃចំណេះចេញ» ដោយបង្រៀនសេចក្ដីមិនពិតរបស់គេ។ ពីព្រោះមនុស្សជាច្រើនបានបដិសេធព្រះយេស៊ូជាព្រះមេស្ស៊ី ជាស្តេចដែលបានចាក់ប្រេងតាំងនៃព្រះរាជាណាចក្ររបស់ព្រះ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ ‹ព្រះរាជាណាចក្រព្រះនឹងត្រូវហូតចេញពីអ្នករាល់គ្នា ប្រគល់ទៅឲ្យសាសន៍មួយទៀត ដែលគេនឹងបង្កើតផលរបស់ព្រះរាជាណាចក្រនោះ›។—ម៉ាថាយ ៤:២៣; ២១:៤៣; ២៣:១៣; លូកា ១១:៥២
៥. តើតាមរបៀបណាដែលពួកអ្នកដែលឮរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ បង្ហាញថាពួកគេមិនឮដោយយល់នោះ?
៥ ពេលកំពុងតែបង្រៀនហ្វូងមនុស្សនៅគ្រាមួយ ព្រះយេស៊ូ តាមទំលាប់របស់ទ្រង់ បានប្រើរឿងប្រៀបប្រដូចដែលមានតៗគ្នា ដើម្បីសាកល្បងពួកបណ្ដាជន ហើយញែកចេញពួកអ្នកដែលមានការចាប់អារម្មណ៍ដ៏រាក់កំផែលក្នុងព្រះរាជាណាចក្រ។ រឿងប្រៀបប្រដូចទីមួយគឺទាក់ទងនឹងអ្នកព្រោះពូជលើដីបួនប្រភេទ។ ដីបីប្រភេទដំបូងគឺមិនល្អទេក្នុងការដាំដំណាំ តែដីចុងក្រោយជា«ដីល្អ» ដែលបង្កើតផលផ្លែបានល្អ។ រឿងប្រៀបប្រដូចខ្លីនេះបានបញ្ចប់ដោយពាក្យដាស់តឿនថា៖ «អ្នកណាដែលមានត្រចៀកសំរាប់ស្ដាប់ ឲ្យស្ដាប់ចុះ»។ (ម៉ាថាយ ១៣:១-៩) មនុស្សជាច្រើននៅទីនោះបានឮទ្រង់ ប៉ុន្តែពួកគេមិន«ស្ដាប់»ទេ។ ពួកគេមិនមានចិត្តចង់ គ្មានការចាប់អារម្មណ៍ដ៏ពិតក្នុងការចង់ដឹងអំពីរបៀបសាបព្រោះពូជនៅក្រោមស្ថានភាពខុសៗគ្នា ដែលប្រៀបដូចនឹងព្រះរាជាណាចក្រនៃស្ថានសួគ៌។ ពួកគេត្រឡប់ទៅផ្ទះវិញ រួចប្រកបជីវភាពប្រចាំថ្ងៃរបស់គេ ប្រហែលជាគិតថារឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ គឺគ្រាន់តែរឿងដែលមានដំបូន្មានល្អៗប៉ុណ្ណោះ។ ពីព្រោះគេមិនបានប្រព្រឹត្តតាម ពួកគេមិនបានទទួលនូវការយល់ដ៏ជ្រៅជ្រះ ព្រមទាំងបាត់បង់នូវឯកសិទ្ធិនិងឱកាសដ៏ល្អផង!
៦. ហេតុអ្វីក៏ការយល់«ការអាថ៌កំបាំងរបស់នគរស្ថានសួគ៌» ឲ្យទៅតែពួកសិស្សរបស់ព្រះយេស៊ូ?
៦ ព្រះយេស៊ូមានបន្ទូលប្រាប់ពួកសិស្សរបស់ទ្រង់ថា៖ «ពីព្រោះបានប្រទានមកអ្នករាល់គ្នា ឲ្យបានស្គាល់ការអាថ៌កំបាំងរបស់នគរស្ថានសួគ៌ តែមិនបានប្រទានឲ្យអ្នកទាំងនោះស្គាល់ទេ»។ ក្នុងការដកស្រង់ចេញពីអេសាយ ៣ទ្រង់បានបន្ថែមថា៖ «‹ព្រោះចិត្តរបស់ជនជាតិនេះបានត្រឡប់ជាស្ពឹកវិញ គេឮដោយត្រចៀកធ្ងន់ ហើយធ្មេចភ្នែក ក្រែងមើលឃើញនឹងភ្នែក ស្ដាប់ឮនឹងត្រចៀកហើយយល់ក្នុងចិត្ត រួចគេប្រែចិត្ត ហើយអញប្រោសឲ្យគេបានជា› តែអ្នករាល់គ្នាវិញ ភ្នែកអ្នកមានពរហើយ ដ្បិតមើលឃើញត្រចៀកអ្នកក៏ដែរ ដ្បិតស្ដាប់ឮ»។—ម៉ាថាយ ១៣:១០-១៦; ម៉ាកុស ៤:១១-១៣
ការ«យល់»អំពីព្រះរាជាណាចក្រ
៧. ហេតុអ្វីក៏ជាការសំខាន់ក្នុងការ«យល់»អំពីព្រះរាជាណាចក្រ?
៧ ព្រះយេស៊ូបានចង្អុលប្រាប់អំពីបញ្ហានោះ។ នេះទាក់ទង់នឹងការ«យល់»អំពីសារនៃព្រះរាជាណាចក្រ។ ចំពោះពួកសិស្សរបស់ទ្រង់ ទ្រង់មានបន្ទូលថា៖ «ដូច្នេះ ចូរអ្នករាល់គ្នាស្ដាប់ពាក្យប្រៀបប្រដូច ពីអ្នកព្រោះពូជនោះ គឺកាលណាបើអ្នកណាស្ដាប់ព្រះបន្ទូលពីនគរ តែមិនយល់ នោះអាកំណាចក៏មកឆក់យកសេចក្ដី ដែលបានព្រោះក្នុងចិត្តអ្នកនោះទៅបាត់»។ ទ្រង់ក៏ពន្យល់ទៀតថាដីបួនប្រភេទនេះ គឺតំណាងស្ថានភាពនៃចិត្តផ្សេងៗដែល «ព្រះបន្ទូលពីនគរ»នឹងបានសាបព្រោះ។—ម៉ាថាយ ១៣:១៨-២៣; លូកា ៨:៩-១៥
៨. តើអ្វីដែលបង្ការ«ពូជ»ដែលបានព្រោះលើដីបីដំបូង ពីការបង្កើតផលផ្លែ?
៨ ក្នុងករណីនិមួយៗ«ពូជ»គឺល្អ តែផលផ្លែគឺស្រេចទៅលើស្ថានភាពនៃដី។ បើដីនៃចិត្តដូចជាផ្លូវហាប់ ហើយឡើងរឹងដោយសារសកម្មភាពជាច្រើនដែលមិនស្របតាមព្រះគម្ពីរ បុគ្គលនោះកាលបានឮសារព្រះរាជាណាចក្រ នោះនឹងនិយាយដោះសារយ៉ាងស្រួលថា គ្មានពេលវេលាសំរាប់ព្រះរាជាណាចក្រទេ។ ពូជដែលគ្មានគេអើពើនេះនឹងត្រូវគេកញ្ឆក់ទៅបាត់មុននឹងអាចចាក់ឫសបាន។ ប៉ុន្តែ ចុះយ៉ាងណាវិញ ចំពោះពូជដែលបានព្រោះក្នុងចិត្តដូចដីដែលមានថ្មច្រើន? ពូជនេះអាចចេញពន្លក តែវានឹងពិបាកចាក់ឫសឲ្យបានជ្រៅដើម្បីស្រូបយកជាតិធំធាត់ហើយឲ្យស្ថិតស្ថេរ។ ចំពោះការធ្វើជាអ្នកបំរើដែលគោរពតាមព្រះ ជាពិសេសក្នុងកំដៅនៃការបៀតបៀន នោះជាពិបាកណាស់ ហើយបុគ្គលនោះនឹងជំពប់ជាមិនខាន។ ហើយម្ដងនេះទៀត បើសិនជាដីនៃចិត្តពោរពេញទៅដោយការទុក្ខព្រួយដ៏ស្មុគស្មាញ ឬចិត្តប្រាថ្នាចង់បានទ្រព្យសម្បត្ដិ ពន្លកនៃព្រះរាជាណាចក្រនឹងថប់ស្លាប់។ ក្នុងស្ថានការណ៍នៃជីវិតបីប្រភេទនេះ ផលផ្លែព្រះរាជាណាចក្រមិនអាចបង្កើតបានឡើយ។
៩. ហេតុអ្វីក៏ពូជដែលបានព្រោះលើដីល្អអាចបង្កើតផលល្អ?
៩ ប៉ុន្តែ ចុះយ៉ាងណាវិញចំពោះពូជព្រះរាជាណាចក្រដែលបានព្រោះលើដីល្អ? ព្រះយេស៊ូបានឆ្លើយថា៖ «តែអ្នកដែលទទួលពូជក្នុងដីល្អវិញ នោះគឺជាអ្នកដែលឮព្រះបន្ទូល ហើយយល់ ក៏បង្កើតផលផ្លែ មួយជា១រយ មួយជា៦០ ហើយមួយទៀតជា៣០»។ (ម៉ាថាយ ១៣:២៣) ក្នុងការ«យល់»អំពីព្រះរាជាណាចក្រ ពួកគេនឹងបង្កើតផលផ្លែល្អយោងទៅតាមកាលៈទេសៈរបស់គេរៀងៗខ្លួន។
ភារៈកិច្ចដែលបានមកពីការយល់
១០. (ក) តើតាមរបៀបណាដែលព្រះយេស៊ូបង្ហាញថាការ«យល់»អំពីព្រះរាជាណាចក្រនឹងនាំឲ្យមានប្រសិទ្ធិពរនិងភារកិច្ច? (ខ) តើការបញ្ជារបស់ព្រះយេស៊ូឲ្យទៅបង្កើតសិស្សសំដៅទៅតែពួកសិស្សនៅសតវត្សទីមួយឬ?
១០ ក្រោយពីបាននិទានរឿងប្រៀបប្រដូចប្រាំមួយទៀត ដើម្បីពន្យល់អំពីទិដ្ឋភាពផ្សេងៗនៃព្រះរាជាណាចក្រ ព្រះយេស៊ូបានសួរពួកសិស្សរបស់ទ្រង់ថា៖ «តើអ្នករាល់គ្នាយល់សេចក្ដីទាំងនេះឬទេ»? ពេលពួកគេទូលឆ្លើយថា «យើងខ្ញុំយល់ហើយ» ទ្រង់ក៏មានបន្ទូលថា៖ «ដូច្នេះ គ្រប់អស់ទាំងអាចារ្យណាដែលមានគេបង្ហាត់បង្រៀន ឲ្យធ្វើជាសិស្សនៃនគរស្ថានសួគ៌ នោះធៀបដូចជាថៅកែម្នាក់ ដែលបញ្ចេញរបស់ទាំងថ្មីទាំងចាស់ពីឃ្លាំងរបស់ខ្លួន»។ ការបង្រៀននិងការបង្ហាត់ដែលព្រះយេស៊ូបានផ្ដល់ នឹងស្ថាបនាពួកសិស្សទ្រង់ឲ្យបានទៅជាជនគ្រីស្ទានដែលមានគំនិតចាស់ទុំ ដែលអាចយកចេញពី‹ឃ្លាំង›របស់គេ នូវអាហារខាងវិញ្ញាណដែលមិនចេះអស់។ សេចក្ដីទាំងនេះជាច្រើនគឺទាក់ទងនឹងព្រះរាជាណាចក្រ។ ព្រះយេស៊ូបានពន្យល់យ៉ាងច្បាស់ថាការ«យល់»អំពីព្រះរាជាណាចក្រនឹងមិនគ្រាន់តែនាំឲ្យមានប្រសិទ្ធិពរប៉ុណ្ណោះទេ តែនឹងនាំឲ្យមានភារៈកិច្ចដែរ។ ទ្រង់បញ្ជាពួកគេថា៖ «ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ . . . បង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប»។—ម៉ាថាយ ១៣:៥១, ៥២; ២៨:១៩, ២០
១១. ពេលឆ្នាំ១៩១៤មកដល់ តើព្រឹត្ដិការណ៍អ្វីដែលទាក់ទងនឹងព្រះរាជាណាចក្របានកើតឡើង?
១១ ដូចបានសន្យាមក ព្រះយេស៊ូបានបន្តគង់នៅជាមួយពួកសិស្សពិតរបស់ទ្រង់តាំងពីច្រើនសតវត្សរហូតមកដល់សព្វថ្ងៃនេះ។ ក្នុងថ្ងៃជាន់ក្រោយបង្អស់ទាំងនេះ ទ្រង់បានផ្ដល់ឲ្យការយល់ដល់គេបន្ដិចម្ដងៗ ហើយពួកគេត្រូវទទួលខុសត្រូវចំពោះការបង្កើនពន្លឺនៃសេចក្ដីពិត។ (លូកា ១៩:១១-១៥, ២៦) ក្នុងឆ្នាំ១៩១៤ ព្រឹត្ដិការណ៍នៃព្រះរាជាណាចក្របានចាប់ផ្ដើមលាតត្រដាងយ៉ាងលឿនអស្ចារ្យ។ ក្នុងឆ្នាំនោះ ព្រះរាជាណាចក្របានចាប់«កំណើត»ឡើង ដែលគេបានទន្ទឹងចាំជាយូរយារមក មិនតែប៉ុណ្ណោះ‹ទីបញ្ចប់នៃរបបលោកីយ៍នេះ›ក៏បានចាប់ផ្ដើមមកដែរ។ (វិវរណៈ ១១:១៥; ១២:៥, ១០; ដានីយ៉ែល ៧:១៣, ១៤, ២៧) ជនគ្រីស្ទានពិត បានយល់អំពីអត្ថន័យនៃព្រឹត្ដិការណ៍នោះ ហើយបានចាប់ផ្ដើមការផ្សាយអំពីព្រះរាជាណាចក្រនិងការបង្រៀនដ៏ធំក្នុងប្រវត្ដិសាស្ត្រ។ ព្រះយេស៊ូបានទាយប្រាប់អំពីរឿងនេះ ដោយមានបន្ទូលថា៖ «ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»។—ម៉ាថាយ ២៤:១៤
១២. (ក) តើមានលទ្ធផលយ៉ាងណាដែរ ពីការផ្សាយដ៏ធំធេងនៃស្មរបន្ទាល់ព្រះរាជាណាចក្រសម័យនេះ? (ខ) ក្នុងលោកីយ៍ដែលមានការសង្ស័យនេះ តើមានគ្រោះថ្នាក់អ្វីចំពោះជនគ្រីស្ទាន?
១២ ការផ្សាយព្រះរាជាណាចក្រដ៏ធំធេងនេះបានផ្សាយទៅដល់ជាង២៣០ប្រទេស។ ហើយមានជនគ្រីស្ទានពិតជាងប្រាំលាននាក់កំពុងតែចូលរួមផ្សាយកិច្ចការនេះ ហើយនៅមានអ្នកដទៃទៀតដែលកំពុងតែប្រមូលឲ្យចូលឥឡូវនេះដែរ។ ប៉ុន្តែ បើសិនជាយើងប្រៀបធៀបចំនួនសិស្សជាមួយនឹងចំនួនមនុស្សរស់លើផែនដី ដែលមាន៥,៦រយកោដិនាក់នោះ យើងឃើញថា មនុស្សភាគច្រើនឥត«យល់»អំពីព្រះរាជាណាចក្រទេ ដូចក្នុងសម័យព្រះយេស៊ូដែរ។ ដូចបានទាយមក មនុស្សជាច្រើនចំអកហើយនិយាយថា៖ «តើសេចក្ដីសន្យាពីព្រះអង្គយាងមកនៅឯណា»? (ពេត្រុសទី២ ៣:៣, ៤) ចំពោះយើងជាគ្រីស្ទាន គ្រោះថ្នាក់ដូចជាអាកប្បកិរិយានៃពួកលោកីយ៍ដែលឥតខ្វល់ សង្ស័យ ចង់បានទ្រព្យសម្បត្ដិច្រើន អាចមានឥទ្ធិពលមកលើរបៀបដែលយើងចាត់ទុកឯកសិទ្ធិនៃព្រះរាជាណាចក្ររបស់យើង។ ពីព្រោះមនុស្សនៃលោកីយ៍រស់នៅជុំវិញយើង ជាការស្រួលណាស់ ដែលយើងអាចចាប់ផ្ដើមយកត្រាប់តាមអាកប្បកិរិយានិងទំលាប់របស់គេ។ ជាការសំខាន់ណាស់ ដែលយើង«យល់»អំពីព្រះរាជាណាចក្ររបស់ព្រះ ហើយកាន់ឲ្យបានខ្ជាប់!
ការពិនិត្យមើលខ្លួនយើងចំពោះព្រះរាជាណាចក្រ
១៣. ចំពោះការបញ្ជាឲ្យផ្សាយដំណឹងល្អនៃព្រះរាជាណាចក្រ តើតាមរបៀបណាដែលយើងអាចសាកល្បងថាតើយើងបន្ត‹ឮ›ដោយការយល់?
១៣ ចំពោះរដូវច្រូតក្នុងសម័យយើងរស់នៅ ព្រះយេស៊ូមានបន្ទូលថា៖ «កូនមនុស្សនឹងចាត់ពួកទេវតា ទៅច្រូតយកអស់ទាំងក្បួន ដែលនាំឲ្យមនុស្សរវាតចិត្ត នឹងពួកអ្នកដែលប្រព្រឹត្តទទឹងច្បាប់ . . . គ្រានោះ ពួកសុចរិតនឹងភ្លឺដូចជាថ្ងៃ នៅក្នុងនគររបស់ព្រះវរបិតានៃគេ អ្នកណាដែលមានត្រចៀកសំរាប់ស្ដាប់ ឲ្យស្ដាប់ចុះ»។ (ម៉ាថាយ ១៣:៤១, ៤៣) តើអ្នកបន្ត‹ឮ›ដោយគោរពតាមបញ្ជាឲ្យទៅផ្សាយព្រះរាជាណាចក្រ ហើយឲ្យបង្កើតសិស្សទេ? ចូរចងចាំថា «អ្នកដែលទទួលពូជក្នុងដីល្អវិញ» ‹នោះគឺជាអ្នកដែលឮព្រះបន្ទូល ហើយយល់› ហើយបង្កើតផលផ្លែល្អ។—ម៉ាថាយ ១៣:២៣
១៤. ពេលដែលទទួលឱវាទ តើតាមរបៀបណាដែលយើងបង្ហាញថាយើង«យល់»អំពីឱវាទនោះ?
១៤ នៅពេលសិក្សាផ្ទាល់ខ្លួនហើយមកឯកិច្ចប្រជុំគ្រីស្ទាន យើងត្រូវតែ‹ផ្ចង់ចិត្តឲ្យបានយល់›។ (សុភាសិត ២:១-៤) ពេលទទួលឱវាទចំពោះចរិយា សំលៀកបំពាក់ បទភ្លេង និងគ្រឿងកំសាន្ត យើងត្រូវឲ្យការនេះជ្រាបចូលទៅក្នុងចិត្តរបស់យើង ហើយជំរុញយើងកែសម្រួលអ្វីដែលត្រូវការចាំបាច់។ ចូរកុំឲ្យដោះសារ ឬមិនប្រព្រឹត្តតាម។ បើសិនជាព្រះរាជាណាចក្រជាការពិតក្នុងជីវិតរបស់យើង យើងនឹងរស់នៅតាមបមាណីយនោះ ហើយខ្នះខ្នែងផ្សាយប្រាប់អ្នកដទៃ។ ព្រះយេស៊ូបានមានបន្ទូលថា៖ «មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថា ‹ឱព្រះអម្ចាស់ៗអើយ› ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ គឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌វិញទេតើ»។—ម៉ាថាយ ៧:២១-២៣
១៥. ហេតុអ្វីក៏ជាការសំខាន់ម្ល៉េះក្នុងការ‹ស្វែងរកព្រះរាជាណាចក្រនិងសេចក្ដីសុចរិតរបស់ព្រះ›?
១៥ មនុស្សចេះតែព្រួយអំពីរបស់ចាំបាច់ ដូចជាអាហារ សំលៀកបំពាក់ និងទីលំនៅ ប៉ុន្តែព្រះយេស៊ូមានបន្ទូលថា៖ «ចូរស្វែងរកនគរ នឹងសេចក្ដីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង»។ (ម៉ាថាយ ៦:៣៣, ៣៤) ក្នុងការចាត់ចែងអ្វីជាសំខាន់ ចូរចាត់ទុកព្រះរាជាណាចក្រជាទីមួយក្នុងជីវិតរបស់អ្នកទៅ។ ចូររក្សាជីវិតរបស់អ្នកកុំឲ្យស្មុគស្មាញ ដោយគាប់ចិត្តនឹងរបស់ដែលខ្លួនមានចាំបាច់។ ជាការខុសទៅវិញ បើសិនជាយើងបំពេញជីវិតរបស់យើងដោយសកម្មភាពនិងអ្វីៗដែលមិនត្រូវការចាំបាច់ ហើយដោះសារថាការធ្វើនេះគឺត្រឹមត្រូវ ពីព្រោះរបស់ទាំងនេះមិនជាការខុស។ ថ្វីបើនេះប្រហែលជាត្រូវក៏ដោយ តើការប្រមូលនិងការប្រើរបស់ដែលមិនចាំបាច់នឹងមានលទ្ធផលយ៉ាងណាដែរ ចំពោះការចាត់ចែងពេលសំរាប់សិក្សាផ្ទាល់ខ្លួន កិច្ចប្រជុំគ្រីស្ទាន ហើយការដើរផ្សាយនោះ? ព្រះយេស៊ូមានបន្ទូលថា ព្រះរាជាណាចក្រគឺប្រៀបដូចនឹងអ្នកឈ្មួញម្នាក់ដែលរកឃើញ«កែវមុក្ដាយ៉ាងល្អ កាលណាបានឃើញ១ដែលមានដំឡៃណាស់ នោះគាត់ទៅលក់របស់ទ្រព្យទាំងអស់ មកទិញកែវមុក្ដានោះ»។ (ម៉ាថាយ ១៣:៤៥, ៤៦) យើងក៏ត្រូវមានអារម្មណ៍បែបនេះដែរចំពោះព្រះរាជាណាចក្ររបស់ព្រះ។ យើងត្រូវយកតម្រាប់តាមប៉ុល មិនមែនតាមដេម៉ាសទេ ដែលបានលះចោលកិច្ចផ្សាយ«ដោយគាត់ស្រឡាញ់លោកីយ៍នេះ»។—ធីម៉ូថេទី២ ៤:១០, ១៨; ម៉ាថាយ ១៩:២៣, ២៤; ភីលីព ៣:៧, ៨, ១៣, ១៤ ធីម៉ូថេទី១ ៦:៩, ១០, ១៧-១៩
«ពួកមនុស្សទុច្ចរិតមិនដែលបានគ្រងនគរព្រះទុកជាមរដកទេ»
១៦. តើការ«យល់»អំពីព្រះរាជាណាចក្ររបស់ព្រះនឹងជួយយើងឲ្យចៀសវាងពីការប្រព្រឹត្តខុសយ៉ាងដូចម្ដេច?
១៦ ពេលដែលក្រុមជំនុំកូរិនថូសធ្វើព្រងើយនឹងអំពើអសីលធម៌ ប៉ុលបានមានប្រសាសន៍យ៉ាងចំៗថា៖ «តើមិនដឹងថា ពួកមនុស្សទុច្ចរិតមិនដែលបានគ្រងនគរព្រះទុកជាមរដកទេឬអី កុំឲ្យច្រឡំឡើយ ដ្បិតពួកមនុស្សកំផិត ពួកថ្វាយបង្គំរូបព្រះ ពួកសហាយស្មន់ ពួកអ្នកសំរេចកិច្ចដោយខ្លួនឯង ពួកលេងកូនជឹង ពួកចោរ ពួកមនុស្សលោភ ពួកប្រមឹក ពួកត្មះតិះដៀល នឹងពួកប្លន់កំហែង នោះមិនដែលបានគ្រងនគរព្រះទុកជាមរដកឡើយ»។ (កូរិនថូសទី១ ៦:៩, ១០) បើសិនជាយើង«យល់»អំពីព្រះរាជាណាចក្ររបស់ព្រះ យើងនឹងមិនបំភាន់ខ្លួនយើង ដោយគិតថាព្រះយេហូវ៉ានឹងធ្វើព្រងើយនឹងអំពើអសីលធម៌ណាមួយ ឲ្យតែទ្រង់ឃើញយើងជាប់រវល់ក្នុងកិច្ចបំរើគ្រីស្ទាន។ សេចក្ដីស្មោកគ្រោកមិនគួរត្រូវនិយាយក្នុងចំណោមយើងទេ។ (អេភេសូរ ៥:៣-៥) តើអ្នកមានបានឃើញគំនិតអាក្រក់ឬទម្លាប់របស់លោកីយ៍ចាប់ជ្រាបចូលក្នុងជីវិតរបស់អ្នកទេ? ចូរកាត់វាចោលពីជីវិតរបស់អ្នកភ្លាមទៅ! ព្រះរាជាណាចក្រគឺមានតម្លៃណាស់ មិនគួរឲ្យបាត់បង់ដោយរបស់បែបនោះឡើយ។—ម៉ាកុស ៩:៤៧
១៧. តើតាមរបៀបណាដែលការអបអរចំពោះព្រះរាជាណាចក្ររបស់ព្រះ ធ្វើឲ្យមានចិត្តរាបទាប ហើយបំបាត់ហេតុដែលធ្វើឲ្យជំពប់នោះ?
១៧ ពួកសិស្សរបស់ព្រះយេស៊ូបានទូលសួរថា៖ «តើអ្នកណាធំជាងគេក្នុងនគរស្ថានសួគ៌»? ព្រះយេស៊ូបានតបឆ្លើយដោយយកកូនក្មេងម្នាក់មកដាក់នៅក្នុងចំណោមពួកគេ ហើយមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនផ្លាស់គំនិត ហើយត្រឡប់ដូចជាកូនតូចនេះ នោះនឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ ដូច្នេះ អ្នកណាដែលបន្ទាបខ្លួន ឲ្យបានដូចកូនតូចនេះ អ្នកនោះឯងឈ្មោះថា ធំជាងគេក្នុងនគរស្ថានសួគ៌ហើយ»។ (ម៉ាថាយ ១៨:១-៦) ពួកមានះ ពួកទាមទារ ពួកមិនអើពើ ហើយពួកឥតច្បាប់ទម្លាប់នឹងមិនបានព្រះរាជាណាចក្ររបស់ព្រះ ហើយពួកគេក៏មិនជាអនុរាស្ត្រនៃព្រះរាជាណាចក្រនោះដែរ។ តើសេចក្ដីស្រឡាញ់របស់អ្នកចំពោះបងប្អូន ការរាបទាបរបស់អ្នក ការកោតខ្លាចព្រះ ជួយអ្នកឲ្យចៀសវាងពីការធ្វើឲ្យអ្នកដទៃជំពប់ដោយចរិយារបស់អ្នកទេ? ឬក៏អ្នកទទូចចង់បាន«សិទ្ធិ»របស់អ្នក ទោះបីជាអាកប្បកិរិយានិងឫកពាបែបនេះមានឥទ្ធិពលលើអ្នកដទៃក៏ដោយ?—រ៉ូម ១៤:១៣, ១៧
១៨. តើមនុស្សដែលគោរពតាមនឹងបានអ្វី ពេលដែលព្រះរាជាណាចក្ររបស់ព្រះបានសម្រេចព្រះហឫទ័យរបស់ទ្រង់«នៅផែនដី ដូចនៅស្ថានសួគ៌ដែរ»?
១៨ ព្រះយេហូវ៉ា ជាព្រះវរបិតានៃស្ថានសួគ៌របស់យើង បន្ដិចទៀតទ្រង់នឹងតបឆ្លើយយ៉ាងពេញលេញនូវការអធិស្ឋានដ៏ខ្នះខ្នែងនេះ៖ «សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។ មិនយូរប៉ុន្មានទៀត ស្តេចដែលកំពុងតែសោយរាជ្យ ព្រះយេស៊ូគ្រីស្ទនឹងយាងចូលមក ក្នុងន័យថាទ្រង់គង់លើបល្ល័ង្ករបស់ទ្រង់ដើម្បីជំនុំជំរះ ញែកចេញ«ចៀម»ពី«ពពែ»។ នៅពេលកំណត់ «នោះលោកដ៏ជាស្តេច នឹងមានបន្ទូលទៅពួកអ្នកដែលនៅខាងស្ដាំថា ‹ឱពួកអ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ ចូរមកទទួលមរដកចុះ គឺជានគរដែលបានរៀបចំទុកសំរាប់អ្នករាល់គ្នា តាំងពីកំណើតលោកីយមក› »។ ពួកពពែនឹង«ថយទៅ មានទោសអស់កល្បជានិច្ច តែពួកសុចរិតនឹងចូលទៅក្នុងជីវិតដ៏នៅអស់កល្បជានិច្ចវិញ»។ (ម៉ាថាយ ៦:១០; ២៥:៣១-៣៤, ៤៦) «សេចក្ដីវេទនាជាខ្លាំង» នឹងបំផ្លាញរបបសម័យចាស់នេះ ហើយអស់អ្នកដែលបដិសេធមិនចង់«យល់»អំពីព្រះរាជាណាចក្រ។ ប៉ុន្តែពួកអ្នករួចរស់ជីវិតរាប់លាននាក់ពី«សេចក្ដីវេទនាជាខ្លាំង» និងមនុស្សរាប់លានកោដិនាក់ទៀតដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ នឹងទទួលប្រសិទ្ធិពរក្នុងផែនដីមនោរម្យ។ (វិវរណៈ ៧:១៤) ព្រះរាជាណាចក្រគឺជារដ្ឋាភិបាលថ្មីនៃផែនដី សោយរាជ្យពីស្ថានសួគ៌។ រដ្ឋាភិបាលនេះនឹងសម្រេចគោលបំណងរបស់ព្រះយេហូវ៉ាសំរាប់ផែនដីនិងមនុស្ស គឺដើម្បីលើកដំកើងព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់។ តើនេះមិនមែនជាមរតកដែលមានតម្លៃបំផុត ដែលគួរធ្វើឲ្យយើងខំធ្វើការ បូជាខ្លួនហើយរង់ចាំនោះទេឬ? នេះជាអ្វីដែលការ«យល់»អំពីព្រះរាជាណាចក្រត្រូវមានន័យចំពោះយើង!
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើអ្វីជាព្រះរាជាណាចក្ររបស់ព្រះ?
◻ ហេតុអ្វីក៏ពួកអ្នកឮព្រះយេស៊ូមិនបាន«យល់»អំពីព្រះរាជាណាចក្រ?
◻ តើតាមរបៀបណាដែលការ«យល់»អំពីព្រះរាជាណាចក្រនាំឲ្យមានប្រសិទ្ធិពរនិងភារកិច្ចនោះ?
◻ ចំពោះការផ្សាយ តើអ្វីនឹងបង្ហាញថាយើងបាន‹យល់›អំពីព្រះរាជាណាចក្រ?
◻ តើយើងអាចបង្ហាញថាយើង‹យល់›អំពីឱវាទដែលបានផ្ដល់មក តាមចរិយារបស់យើងយ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ១៣]
ពួកសិស្សរបស់ព្រះយេស៊ូបាន‹យល់›អំពីព្រះរាជាណាចក្រហើយបង្កើតផលផ្លែល្អ