«មើល! ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាជារៀងរាល់ថ្ងៃ»
«មើល! ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ»។—ម៉ាថ. ២៨:២០
១. (ក) សូមសង្ខេបឧទាហរណ៍អំពីស្រូវសាលីនិងស្រងែ។ (ខ) តើលោកយេស៊ូបានពន្យល់អត្ថន័យនៃឧទាហរណ៍នេះយ៉ាងដូចម្ដេច?
ឧទាហរណ៍មួយរបស់លោកយេស៊ូស្តីអំពីរាជាណាចក្រ រៀបរាប់អំពីកសិករម្នាក់ដែលសាបព្រោះគ្រាប់ពូជល្អនៃស្រូវសាលី និងអំពីសត្រូវម្នាក់ដែលសាបព្រោះស្រងែក្នុងចំណោមគ្រាប់ពូជល្អ។ ស្រងែដុះគ្របលើស្រូវសាលី ប៉ុន្តែកសិករនោះបង្គាប់ខ្ញុំបម្រើរបស់គាត់ឲ្យទុក«ទាំងពីរដុះជាមួយគ្នារហូតដល់រដូវច្រូតកាត់»។ លោកយេស៊ូបានពន្យល់ឧទាហរណ៍នេះថា ក្នុងអំឡុងរដូវច្រូតកាត់ ស្រងែនឹងត្រូវបំផ្លាញចោល រីឯស្រូវសាលីនឹងត្រូវប្រមូលទុក។ (សូមអាន ម៉ាថាយ ១៣:២៤-៣០, ៣៧-៤៣) តើឧទាហរណ៍នេះសឲ្យឃើញអ្វីខ្លះ? (សូមមើលតារាងអំពី«ស្រូវសាលីនិងស្រងែ»)។
២. (ក) តើព្រឹត្ដិការណ៍នានា ដែលបានកើតឡើងនៅស្រែរបស់កសិករបង្ហាញអំពីអ្វី? (ខ) តើយើងនឹងពិចារណាផ្នែកណានៃឧទាហរណ៍នោះ?
២ ព្រឹត្ដិការណ៍ដែលបានកើតឡើងក្នុងស្រែរបស់កសិករនោះបង្ហាញអំពីរបៀបនិងអំពីពេលដែលលោកយេស៊ូនឹងប្រមូលក្រុមទាំងមូលដែលតំណាងដោយស្រូវសាលី ពីក្នុងចំណោមមនុស្សជាតិ ពោលគឺគ្រិស្តសាសនិកដែលព្រះបានរើសតាំង ដែលនឹងគ្រប់គ្រងជាមួយលោកយេស៊ូក្នុងរាជាណាចក្ររបស់លោក។ ការសាបព្រោះបានចាប់ផ្ដើមនៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស.។ ការប្រមូលនេះនឹងត្រូវចប់សព្វគ្រប់ កាលណាគ្រិស្តសាសនិកដែលព្រះបានរើសតាំង ដែលរស់នៅចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ ទទួលការបោះត្រាជាលើកចុងក្រោយ ហើយក្រោយមកនឹងត្រូវយកទៅស្ថានសួគ៌។ (ម៉ាថ. ២៤:៣១; បប. ៧:១-៤) ពេលមនុស្សម្នាក់ឈរនៅលើភ្នំ គាត់អាចមើលឃើញកន្លែងឆ្ងាយៗនៅជុំវិញគាត់។ ដូចគ្នាដែរ ឧទាហរណ៍របស់លោកយេស៊ូធ្វើឲ្យយើងយល់ដឹងច្បាស់ជាងអំពីព្រឹត្ដិការណ៍ផ្សេងៗដែលនឹងកើតឡើងក្នុងអំឡុងពេលប្រហែលជា២.០០០ឆ្នាំ។ តើយើងយល់អំពីព្រឹត្ដិការណ៍អ្វីខ្លះដែលជាប់ទាក់ទងនឹងរាជាណាចក្រព្រះ? ឧទាហរណ៍នោះរៀបរាប់អំពីពេលនៃការសាបព្រោះគ្រាប់ពូជ ពេលគ្រាប់ពូជដុះឡើង និងពេលច្រូតកាត់។ អត្ថបទនេះនឹងផ្ដោតអារម្មណ៍ភាគច្រើនទៅលើពេលច្រូតកាត់។a
ក្រោមការថែរក្សាយ៉ាងយកចិត្តទុកដាក់របស់លោកយេស៊ូ
៣. (ក) តើស្ថានភាពអ្វីបានកើតឡើងក្រោយសតវត្សរ៍ទី១? (ខ) យោងទៅតាមម៉ាថាយ ១៣:២៨ តើសំណួរអ្វីបានត្រូវលើកឡើង ហើយតើអ្នកណាបានលើកសំណួរនេះ? (សូមមើលកំណត់នៅចុងអត្ថបទដែរ)។
៣ នៅដើមសតវត្សរ៍ទី២ គ.ស. «ស្រងែក៏បានដុះឡើង» ពោលគឺគ្រិស្តសាសនិកក្លែងក្លាយ។ (ម៉ាថ. ១៣:២៦) នៅសតវត្សរ៍ទី៤ គ្រិស្តសាសនិកក្លែងក្លាយដែលប្រៀបដូចជាស្រងែមានចំនួនច្រើនជាងគ្រិស្តសាសនិកដែលព្រះបានរើសតាំង។ សូមចាំថា នៅក្នុងឧទាហរណ៍របស់លោកយេស៊ូ ខ្ញុំបម្រើបានសុំម្ចាស់របស់ពួកគេដកស្រងែចេញ។b (ម៉ាថ. ១៣:២៨) តើម្ចាស់បានឆ្លើយតបយ៉ាងណា?
៤. (ក) តើចម្លើយរបស់លោកយេស៊ូដែលជាលោកម្ចាស់សឲ្យឃើញអ្វី? (ខ) តើគ្រិស្តសាសនិកដែលប្រៀបដូចជាស្រូវសាលី បានត្រូវគេស្គាល់នៅពេលណា?
៤ លោកយេស៊ូបានមានប្រសាសន៍អំពីស្រូវសាលីនិងស្រងែថា៖ «ចូរឲ្យទាំងពីរដុះជាមួយគ្នារហូតដល់រដូវច្រូតកាត់»។ បង្គាប់នេះបង្ហាញថា នៅផែនដី តាំងពីសតវត្សរ៍ទី១រហូតមកដល់សព្វថ្ងៃនេះ តែងតែមានគ្រិស្តសាសនិកដែលព្រះបានរើសតាំងដែលប្រៀបដូចជាស្រូវសាលី។ ការសន្និដ្ឋាននេះបានត្រូវបញ្ជាក់ថាត្រឹមត្រូវតាមរយៈអ្វីដែលលោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមលោកក្រោយមកថា៖ «ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ»។ (ម៉ាថ. ២៨:២០) ដូច្នេះលោកយេស៊ូនឹងការពារគ្រិស្តសាសនិកដែលព្រះបានរើសតាំងជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបញ្ចប់។ ប៉ុន្តែដោយសារពួកគេបានត្រូវពួកគ្រិស្តសាសនិកដែលប្រៀបដូចជាស្រងែដុះគ្រប យើងមិនដឹងប្រាកដថាអ្នកណាជាក្រុមមនុស្សដែលតំណាងដោយស្រូវសាលីក្នុងអំឡុងរយៈកាលដ៏វែងនោះទេ។ ប៉ុន្តែប៉ុន្មានទសវត្សរ៍មុនរដូវច្រូតកាត់ចាប់ផ្ដើម ក្រុមមនុស្សដែលតំណាងដោយស្រូវសាលីបានត្រូវគេស្គាល់។ តើនេះបានកើតឡើងយ៉ាងដូចម្ដេច?
អ្នកនាំពាក្យម្នាក់«រៀបចំផ្លូវ»
៥. តើទំនាយរបស់ម៉ាឡាគីបានត្រូវសម្រេចនៅសតវត្សរ៍ទី១យ៉ាងដូចម្ដេច?
៥ ប៉ុន្មានសតវត្សរ៍មុនលោកយេស៊ូលើកឧទាហរណ៍អំពីស្រូវសាលីនិងស្រងែ ព្រះយេហូវ៉ាបានដឹកនាំម៉ាឡាគីដែលជាអ្នកប្រកាសទំនាយរបស់លោកឲ្យទាយអំពីព្រឹត្ដិការណ៍ផ្សេងៗ ដែលបានត្រូវបញ្ជាក់ក្នុងឧទាហរណ៍របស់លោកយេស៊ូ។ (សូមអាន ម៉ាឡាគី ៣:១-៤) យ៉ូហានដែលជាអ្នកជ្រមុជទឹកគឺជា‹អ្នកនាំពាក្យដែលបានរៀបចំផ្លូវ›។ (ម៉ាថ. ១១:១០, ១១) ពេលដែលគាត់បានមក នៅឆ្នាំ២៩ គ.ស. គ្រាវិនិច្ឆ័យប្រជាជាតិអ៊ីស្រាអែលគឺជិតដល់ហើយ។ លោកយេស៊ូគឺជាអ្នកនាំពាក្យទី២។ លោកបានសម្អាតវិហារនៅក្រុងយេរូសាឡិមពីរដង។ លើកទី១ពេលលោកចាប់ផ្ដើមកិច្ចបម្រើរបស់លោក ហើយលើកទី២គឺនៅជិតចុងបញ្ចប់នៃកិច្ចបម្រើរបស់លោក។ (ម៉ាថ. ២១:១២, ១៣; យ៉ូន. ២:១៤-១៧) ដូច្នេះកិច្ចការសម្អាតរបស់លោកយេស៊ូត្រូវការពេលមួយរយៈ។
៦. (ក) តើទំនាយរបស់ម៉ាឡាគីបានត្រូវសម្រេចដល់កម្រិតធំជាងយ៉ាងដូចម្ដេច? (ខ) តើក្នុងអំឡុងរយៈកាលអ្វីដែលលោកយេស៊ូបានត្រួតពិនិត្យវិហារក្នុងន័យធៀប? (សូមមើលកំណត់នៅចុងអត្ថបទដែរ)។
៦ តើទំនាយរបស់ម៉ាឡាគីបានត្រូវសម្រេចដល់កម្រិតធំជាងយ៉ាងដូចម្ដេច? ក្នុងអំឡុងប៉ុន្មានទសវត្សរ៍មុនឆ្នាំ១៩១៤ បងឆាល ថេស រ៉ាសិល និងមិត្តភក្ដិជិតស្និទ្ធរបស់គាត់បានធ្វើកិច្ចការមួយដែលដូចគ្នានិងកិច្ចការរបស់យ៉ូហានដែលជាអ្នកជ្រមុជទឹក។ កិច្ចការសំខាន់ចាំបាច់នេះរួមមានការបង្រៀនឡើងវិញនូវសេចក្ដីពិតក្នុងគម្ពីរ។ និស្សិតគម្ពីរបានបង្រៀនអត្ថន័យពិតប្រាកដនៃគ្រឿងបូជាលោះរបស់លោកយេស៊ូ បានបង្ហាញថាមិនមានភ្លើងនរកទេ ហើយបានប្រកាសថាគ្រារបស់ជនជាតិដទៃនឹងចប់នៅពេលណា។ ប៉ុន្តែមានក្រុមសាសនាជាច្រើនដែលអះអាងថាជាអ្នកកាន់តាមគ្រិស្ត។ ដូច្នេះមានសំណួរសំខាន់មួយដែលត្រូវឆ្លើយគឺ ក្នុងចំណោមក្រុមសាសនាទាំងនោះ តើអ្នកណាជាក្រុមដែលតំណាងដោយស្រូវសាលី? ដើម្បីឆ្លើយសំណួរនោះ លោកយេស៊ូបានចាប់ផ្ដើមត្រួតពិនិត្យវិហារក្នុងន័យធៀបនៅឆ្នាំ១៩១៤។ កិច្ចការត្រួតពិនិត្យនិងកិច្ចការសម្អាតនោះត្រូវការពេលមួយរយៈ ពោលគឺចាប់ពីឆ្នាំ១៩១៤ រហូតដល់ដើមឆ្នាំ១៩១៩។c
រយៈកាលនៃការត្រួតពិនិត្យនិងការសម្អាត
៧. ពេលលោកយេស៊ូបានចាប់ផ្ដើមការត្រួតពិនិត្យរបស់លោកនៅឆ្នាំ១៩១៤ តើលោកបានឃើញអ្វី?
៧ ពេលលោកយេស៊ូបានចាប់ផ្ដើមធ្វើការត្រួតពិនិត្យរបស់លោក តើលោកបានឃើញអ្វី? និស្សិតគម្ពីរមួយក្រុមតូចដែលមានចិត្តខ្នះខ្នែង បានចំណាយកម្លាំងនិងទ្រព្យសម្បត្ដិរបស់ពួកគេអស់ជាង៣០ឆ្នាំដើម្បីធ្វើកិច្ចការផ្សព្វផ្សាយយ៉ាងខ្លាំងក្លា។d លោកយេស៊ូនិងពួកទេវតាច្បាស់ជាមានអំណរមែន! ពេលឃើញថាគ្រិស្តសាសនិកទាំងនោះដែលមានគ្នាតិច ប៉ុន្តែដូចទងស្រូវសាលីដ៏រឹងមាំ ពួកគេមិនបានត្រូវគ្របដោយស្រងែរបស់សាថានឡើយ។ ប៉ុន្តែនេះនាំឲ្យមានសេចក្ដីត្រូវការដើម្បី«សំអាតពួកកូនចៅលេវី» គឺពួកអ្នកដែលព្រះបានរើសតាំង។ (ម៉ាឡ. ៣:២, ៣; ១ពេ. ៤:១៧) ហេតុអ្វីដូច្នេះ?
៨. តើព្រឹត្ដិការណ៍អ្វីបានកើតឡើងក្រោយឆ្នាំ១៩១៤?
៨ នៅចុងឆ្នាំ១៩១៤ និស្សិតគម្ពីរខ្លះបានធ្លាក់ទឹកចិត្តដោយសារពួកគេមិនទាន់បានឡើងទៅស្ថានសួគ៌។ ក្នុងអំឡុងឆ្នាំ១៩១៥និង១៩១៦ការប្រឆាំងពីមនុស្សខាងក្រៅអង្គការរបស់យើងបានធ្វើឲ្យបងប្អូនបន្ថយសកម្មភាពក្នុងកិច្ចផ្សព្វផ្សាយ។ អាក្រក់ជាងនេះទៅទៀត ក្រោយបងរ៉ាសិលបានស្លាប់ នៅខែតុលា ឆ្នាំ១៩១៦ មានការប្រឆាំងក្នុងអង្គការរបស់យើង។ នាយក៤នាក់ក្នុងចំណោមនាយក៧នាក់នៃសមាគមប៉មយាមខាងគម្ពីរនិងខិត្តប័ណ្ណ បានបះបោរប្រឆាំងនឹងការសម្រេចចិត្តឲ្យបងរ៉ូធើហ្វឺតធ្វើជាអ្នកដឹកនាំ។ ពួកគេបានព្យាយាមធ្វើឲ្យបងប្អូនបែកបាក់គ្នា ប៉ុន្តែនៅខែសីហា ឆ្នាំ១៩១៧ ពួកគេបានចាកចេញពីបេតអែល។ នេះពិតជាការសម្អាតមែន! ម្យ៉ាងទៀត និស្សិតគម្ពីរខ្លះក៏បានខ្លាចមនុស្សដែរ។ ប៉ុន្តែជាក្រុម ពួកគេពេញចិត្តគាំទ្រការសម្អាតរបស់លោកយេស៊ូ ហើយបានធ្វើការកែប្រែដែលចាំបាច់។ អាស្រ័យហេតុនេះ លោកយេស៊ូបានវិនិច្ឆ័យពួកគេថាជាគ្រិស្តសាសនិកពិតដែលដូចជាស្រូវសាលី ប៉ុន្តែបានបដិសេធគ្រិស្តសាសនិកក្លែងក្លាយទាំងអស់ រួមទាំងពួកអ្នកដែលនៅក្នុងពិភពគ្រិស្តសាសនាផងដែរ។ (ម៉ាឡ. ៣:៥; ២ធី. ២:១៩) ក្រោយមកតើអ្វីបានកើតឡើង? ដើម្បីដឹង សូមយើងពិចារណាឡើងវិញនូវឧទាហរណ៍អំពីស្រូវសាលីនិងស្រងែ។
តើអ្វីកើតឡើងក្រោយរដូវច្រូតកាត់ចាប់ផ្ដើម?
៩, ១០. (ក) ស្តីអំពីរដូវច្រូតកាត់ តើឥឡូវនេះយើងនឹងពិចារណាអំពីអ្វីខ្លះ? (ខ) មុនដំបូង តើអ្វីបានកើតឡើងក្នុងអំឡុងរដូវច្រូតកាត់?
៩ លោកយេស៊ូបានមានប្រសាសន៍ថា៖ «ការច្រូតគឺជាទីបញ្ចប់នៃរបៀបរបបពិភពលោក»។ (ម៉ាថ. ១៣:៣៩) រដូវច្រូតកាត់នេះបានចាប់ផ្ដើមនៅឆ្នាំ១៩១៤។ យើងនឹងពិចារណាព្រឹត្ដិការណ៍ប្រាំយ៉ាងដែលលោកយេស៊ូបានទាយសម្រាប់គ្រានោះ។
១០ ទី១គឺ ការដកស្រងែ។ លោកយេស៊ូមានប្រសាសន៍ថា៖ «នៅរដូវនោះ ខ្ញុំនឹងប្រាប់អ្នកច្រូតឲ្យដកស្រងែមុនសិន រួចចងជាកណ្ដាប់»។ ក្រោយឆ្នាំ១៩១៤ ពួកទេវតាបានចាប់ផ្ដើម«ដក»ពួកគ្រិស្តសាសនិកដែលមានលក្ខណៈដូចជាស្រងែ ដោយញែកពួកគេចេញពីពួកអ្នកដែលព្រះបានរើសតាំងដែលជា«កូននៃរាជាណាចក្រ»។—ម៉ាថ. ១៣:៣០, ៣៨, ៤១
១១. រហូតមកដល់សព្វថ្ងៃនេះ តើអ្វីធ្វើឲ្យគ្រិស្តសាសនិកពិតខុសប្លែកពីគ្រិស្តសាសនិកក្លែងក្លាយ?
១១ កាលដែលកិច្ចការដកស្រងែកំពុងជឿនទៅមុខ យើងឃើញកាន់តែច្បាស់នូវភាពខុសគ្នារវាងក្រុមទាំងពីរ។ (បប. ១៨:១, ៤) នៅឆ្នាំ១៩១៩ យើងឃើញច្បាស់ថាបាប៊ីឡូនដ៏ខ្លាំងក្លាបានរលំ។ តើអ្វីធ្វើឲ្យគ្រិស្តសាសនិកពិតខុសប្លែកពីគ្រិស្តសាសនិកក្លែងក្លាយ? គឺកិច្ចការផ្សព្វផ្សាយ។ ពួកអ្នកដែលនាំមុខក្នុងចំណោមនិស្សិតគម្ពីរ បានចាប់ផ្ដើមលើកបញ្ជាក់អំពីសារៈសំខាន់នៃការរួមចំណែកដោយផ្ទាល់ក្នុងកិច្ចការផ្សព្វផ្សាយអំពីរាជាណាចក្រ។ ជាឧទាហរណ៍ កូនសៀវភៅមួយដែលមានចំណងជើងថា តើកិច្ចការនេះបានត្រូវប្រគល់ឲ្យអ្នកណា? ជាភាសាអង់គ្លេស ដែលបានបោះពុម្ពនៅឆ្នាំ១៩១៩ បានដាស់តឿនគ្រិស្តសាសនិកដែលព្រះបានរើសតាំងទាំងអស់ឲ្យផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ សៀវភៅនោះបានចែងថា៖ «កិច្ចការនេះគឺធំសម្បើម ប៉ុន្តែវាជាកិច្ចការរបស់លោកម្ចាស់ ហើយយើងនឹងធ្វើកិច្ចការនេះដោយមានជំនួយពីលោក។ អ្នកមានឯកសិទ្ធិរួមចំណែកក្នុងកិច្ចការនេះ»។ តើមានការតបឆ្លើយយ៉ាងណា? ទស្សនាវដ្ដីប៉មយាមឆ្នាំ១៩២២បានរៀបរាប់ថា ចាប់ពីពេលនោះមក និស្សិតគម្ពីរបានបង្កើនសកម្មភាពផ្សព្វផ្សាយរបស់ពួកគាត់។ មិនយូរប៉ុន្មាន កិច្ចការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយបានទៅជាសញ្ញាសម្គាល់នៃគ្រិស្តសាសនិកស្មោះត្រង់ទាំងនោះ រហូតមកដល់សព្វថ្ងៃនេះ។
១២. តើក្រុមដែលតំណាងដោយស្រូវសាលីបានត្រូវប្រមូលតាំងពីពេលណា?
១២ ទី២គឺ ការប្រមូលស្រូវសាលី។ លោកយេស៊ូបានបង្គាប់ទេវតារបស់លោកថា៖ «ទៅប្រមូលស្រូវសាលីទុកក្នុងជង្រុករបស់ខ្ញុំ»។ (ម៉ាថ. ១៣:៣០) តាំងពីឆ្នាំ១៩១៩ ពួកគ្រិស្តសាសនិកដែលព្រះបានរើសតាំងបានត្រូវប្រមូលចូលក្នុងក្រុមជំនុំគ្រិស្តសាសនិកដែលបានត្រូវរៀបចំឡើងវិញ។ ចំពោះពួកគ្រិស្តសាសនិកដែលព្រះបានរើសតាំង ដែលរស់នៅគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ ការប្រមូលចុងក្រោយនឹងកើតឡើងនៅពេលពួកគាត់ទទួលរង្វាន់នៅស្ថានសួគ៌។—ដាន. ៧:១៨, ២២, ២៧
១៣. តើការបើកបង្ហាញ ១៨:៧ បង្ហាញឲ្យឃើញអ្វីស្តីអំពីចិត្តគំនិតសព្វថ្ងៃនេះរបស់ស្ត្រីពេស្យាឬបាប៊ីឡូនដ៏ខ្លាំងក្លាដែលរួមបញ្ចូលពិភពគ្រិស្តសាសនា?
១៣ ទី៣គឺ ការយំនិងការសង្កៀតធ្មេញ។ ក្រោយពីពួកទេវតាចងស្រងែជាកណ្ដាប់ តើមានអ្វីកើតឡើង? លោកយេស៊ូបាននិយាយអំពីស្ថានភាពនៃក្រុមមនុស្សដែលតំណាងដោយស្រងែថា៖ «នៅទីនោះពួកគេនឹងយំហើយសង្កៀតធ្មេញ»។ (ម៉ាថ. ១៣:៤២) តើនេះកំពុងកើតឡើងនៅសព្វថ្ងៃនេះឬ? មិនមែនទេ។ សព្វថ្ងៃនេះ ពិភពគ្រិស្តសាសនាគឺជាផ្នែកមួយនៃស្ត្រីពេស្យា ដែលកំពុងនិយាយទៅខ្លួននាងថា៖ «ខ្ញុំគ្រប់គ្រងជាមហាក្សត្រី ហើយខ្ញុំមិនមែនជាស្ត្រីមេម៉ាយទេ ខ្ញុំនឹងមិនមានទុក្ខព្រួយឡើយ»។ (បប. ១៨:៧) មែនហើយ ពិភពគ្រិស្តសាសនាគិតថាខ្លួនមានអំណាចខ្លាំង ថែមទាំងគិតថាខ្លួនជា«មហាក្សត្រី»ដែលមានអំណាចលើពួកអ្នកដឹកនាំនយោបាយ។ នៅឥឡូវនេះ ពួកអ្នកដែលបានត្រូវតំណាងដោយស្រងែកំពុងមានអំណួត មិនមែនកំពុងយំទេ។ ប៉ុន្តែស្ថានភាពនេះហៀបនឹងផ្លាស់ប្ដូរហើយ។
១៤. (ក) តើនៅពេលណា ហើយហេតុអ្វីគ្រិស្តសាសនិកក្លែងក្លាយនឹង‹សង្កៀតធ្មេញរបស់ពួកគេ›? (ខ) តើការកែតម្រូវការយល់ដឹងរបស់យើងអំពីម៉ាថាយ ១៣:៤២ ស្របតាមគំនិតដែលបានចែងនៅទំនុកតម្កើង ១១២:១០យ៉ាងដូចម្ដេច? (សូមមើលកំណត់នៅចុងអត្ថបទ)។
១៤ ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង ក្រោយពីអង្គការសាសនាមិនពិតទាំងអស់បានត្រូវបំផ្លាញចោល ពួកអ្នកដែលធ្លាប់គាំទ្រវានឹងរត់រកកន្លែងជ្រក ប៉ុន្តែពួកគេនឹងមិនអាចរកកន្លែងដែលមានសុវត្ថិភាពដើម្បីលាក់ខ្លួនទេ។ (លូក. ២៣:៣០; បប. ៦:១៥-១៧) បន្ទាប់មក ដោយដឹងថាគ្មានកន្លែងដើម្បីគេចខ្លួនឲ្យរួចពីការបំផ្លាញ ពួកគេនឹងយំទាំងអស់សង្ឃឹម ហើយនឹង‹សង្កៀតធ្មេញរបស់ពួកគេ›ដោយកំហឹង។ ដូចលោកយេស៊ូបានទាយក្នុងទំនាយរបស់លោកអំពីគ្រាទុក្ខវេទនាជាខ្លាំង នៅគ្រាដ៏គួរឲ្យភ័យខ្លាចនោះ ពួកគេ«នឹងគក់ទ្រូងដោយមានក្ដីទុក្ខព្រួយ»។e—ម៉ាថ. ២៤:៣០; បប. ១:៧
១៥. តើអ្វីនឹងកើតឡើងដល់ស្រងែ ហើយតើព្រឹត្ដិការណ៍នោះនឹងកើតឡើងនៅពេលណា?
១៥ ទី៤គឺ ការបោះចូលក្នុងឡ។ តើអ្វីនឹងកើតឡើងដល់កណ្ដាប់ស្រងែ? ពួកទេវតា«នឹងបោះពួកគេចូលក្នុងឡដែលមានភ្លើងឆេះសន្ធោសន្ធៅ»។ (ម៉ាថ. ១៣:៤២) នេះមានន័យថាជាការបំផ្លាញទាំងស្រុង។ ដូច្នេះពួកអ្នកដែលធ្លាប់គាំទ្រអង្គការសាសនាមិនពិតនឹងត្រូវបំផ្លាញក្នុងអំឡុងផ្នែកចុងក្រោយនៃគ្រាទុក្ខវេទនាជាខ្លាំង គឺនៅសង្គ្រាមហាម៉ាគេដូន។—ម៉ាឡ. ៤:១
១៦, ១៧. (ក) តើអ្វីជាព្រឹត្ដិការណ៍ចុងក្រោយដែលលោកយេស៊ូរៀបរាប់ក្នុងឧទាហរណ៍របស់លោក? (ខ) ហេតុអ្វីយើងសន្និដ្ឋានថាព្រឹត្ដិការណ៍នេះនឹងកើតឡើងនៅអនាគត?
១៦ ទី៥គឺ ការភ្លឺ។ លោកយេស៊ូបានបញ្ចប់ទំនាយរបស់លោកដោយមានប្រសាសន៍ថា៖ «នៅគ្រានោះ មនុស្សសុចរិតនឹងភ្លឺដូចថ្ងៃ ក្នុងរាជាណាចក្រនៃបិតារបស់ពួកគេ»។ (ម៉ាថ. ១៣:៤៣) តើនេះនឹងកើតឡើងនៅពេលណា ហើយនៅទីណា? ពាក្យទាំងនេះនឹងសម្រេចនៅអនាគត។ លោកយេស៊ូមិនបានទាយអំពីអ្វីមួយដែលកំពុងកើតឡើងឥឡូវនេះនៅផែនដីទេ ប៉ុន្តែអំពីព្រឹត្ដិការណ៍មួយដែលនឹងកើតឡើងនៅអនាគតនៅស្ថានសួគ៌។f សូមពិចារណាមូលហេតុពីរដែលយើងសន្និដ្ឋានដូច្នេះ។
១៧ ទី១គឺ សំណួរស្តីអំពី«ពេលណា»។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «នៅគ្រានោះ មនុស្សសុចរិតនឹងភ្លឺ»។ ពាក្យ«នៅគ្រានោះ»ទំនងជាសំដៅលើព្រឹត្ដិការណ៍ដែលលោកយេស៊ូទើបតែបានរៀបរាប់ ពោលគឺ‹ការបោះស្រងែចូលក្នុងឡដែលមានភ្លើងឆេះសន្ធោសន្ធៅ›។ នេះកើតឡើងក្នុងអំឡុងផ្នែកចុងក្រោយនៃគ្រាទុក្ខវេទនាជាខ្លាំង។ ដូច្នេះ‹ការភ្លឺ›នៃពួកអ្នកដែលព្រះបានរើសតាំងច្បាស់ជាកើតឡើងនៅអនាគតដែរ។ ទី២គឺ សំណួរស្តីអំពី«នៅទីណា»។ លោកយេស៊ូបានមានប្រសាសន៍ថា មនុស្សសុចរិតនឹង‹ភ្លឺក្នុងរាជាណាចក្រ›។ តើនេះមានន័យដូចម្ដេច? មុនផ្នែកដំបូងនៃគ្រាទុក្ខវេទនាជាខ្លាំងបានកន្លងផុតទៅ ពួកអ្នកស្មោះត្រង់ដែលព្រះបានរើសតាំងទាំងអស់ដែលនៅផែនដីនៅឡើយ នឹងទទួលការបោះត្រាជាលើកចុងក្រោយរួចហើយ។ ដូចបានបញ្ជាក់ក្នុងទំនាយរបស់លោកយេស៊ូស្តីអំពីគ្រាទុក្ខវេទនាជាខ្លាំង ពួកគេនឹងត្រូវប្រមូលទៅស្ថានសួគ៌។ (ម៉ាថ. ២៤:៣១) នៅទីនោះពួកគេនឹងភ្លឺ«ក្នុងរាជាណាចក្រនៃបិតារបស់ពួកគេ» ហើយមិនយូរក្រោយពីសង្គ្រាមហាម៉ាគេដូន ពួកគេនឹងធ្វើជាកូនក្រមុំដ៏សប្បាយរីករាយរបស់លោកយេស៊ូក្នុង«ពិធីមង្គលការរបស់កូនចៀម»។—បប. ១៩:៦-៩
តើយើងទទួលប្រយោជន៍អ្វីខ្លះ?
១៨, ១៩. តើតាមរបៀបណាខ្លះដែលការយល់ដឹងអំពីឧទាហរណ៍របស់លោកយេស៊ូស្តីអំពីស្រូវសាលីនិងស្រងែ ផ្ដល់ប្រយោជន៍ដល់យើងម្នាក់ៗ?
១៨ តើតាមរបៀបណាយើងម្នាក់ៗទទួលប្រយោជន៍ពីការយល់ដឹងអំពីឧទាហរណ៍នេះ? សូមពិចារណារបៀបបីយ៉ាង។ ទី១គឺ ឧទាហរណ៍នេះធ្វើឲ្យយើងយល់កាន់តែច្បាស់។ ឧទាហរណ៍នេះបង្ហាញឲ្យឃើញនូវមូលហេតុសំខាន់មួយដែលព្រះយេហូវ៉ាអនុញ្ញាតឲ្យមានអំពើអាក្រក់។ លោក‹ត្រាប្រណីចំពោះភាជនៈដែលលោកមានបំណងប្រាថ្នាសម្ដែងនូវសេចក្ដីក្រោធ›ដើម្បីរៀបចំ«ភាជនៈដែលលោកនឹងបង្ហាញសេចក្ដីមេត្ដាករុណា» ពោលគឺក្រុមដែលតំណាងដោយស្រូវសាលី។g (រ៉ូម ៩:២២-២៤) ទី២គឺ ឧទាហរណ៍នេះពង្រឹងទំនុកចិត្តយើង។ កាលដែលទីបញ្ចប់កាន់តែជិតមកដល់ សត្រូវរបស់យើងនឹងវាយប្រហារមកលើយើងកាន់តែខ្លាំងឡើង ‹តែពួកគេមិនឈ្នះយើងឡើយ›។ (សូមអាន យេរេមា ១:១៩) ដូចព្រះយេហូវ៉ាធ្លាប់ការពារគ្រប់សម័យកាលនូវក្រុមដែលតំណាងដោយស្រូវសាលី ដូច្នេះតាមរយៈលោកយេស៊ូនិងពួកទេវតា បិតារបស់យើងដែលនៅស្ថានសួគ៌នឹងនៅជាមួយយើង«ជារៀងរាល់ថ្ងៃ»រហូតដល់ទីបញ្ចប់។—ម៉ាថ. ២៨:២០
១៩ ទី៣គឺ ឧទាហរណ៍នេះជួយយើងឲ្យដឹងថាអ្នកណាជាក្រុមដែលតំណាងដោយស្រូវសាលី។ ហេតុអ្វីនេះគឺសំខាន់ចាំបាច់? ការដឹងថាអ្នកណាជាក្រុមគ្រិស្តសាសនិកដែលមានលក្ខណៈដូចស្រូវសាលី នឹងជួយយើងឲ្យរកឃើញចម្លើយចំពោះសំណួរដែលលោកយេស៊ូបានលើកឡើង នៅក្នុងទំនាយអំពីព្រឹត្ដិការណ៍ដែលនឹងកើតឡើងពេញពិភពលោកនៅគ្រាចុងក្រោយបង្អស់។ លោកបានសួរថា៖ «តើអ្នកណាជាខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា?»។ (ម៉ាថ. ២៤:៤៥) អត្ថបទពីរបន្ទាប់នឹងឆ្លើយសំណួរនេះដែលធ្វើឲ្យយើងអស់ចម្ងល់។
a វគ្គ២: ដើម្បីរំលឹកអ្នកអំពីអត្ថន័យនៃផ្នែកឯទៀតនៃទំនាយ យើងលើកទឹកចិត្តអ្នកឲ្យអានអត្ថបទក្រោមចំណងជើងថា «មនុស្សសុចរិតនឹងភ្លឺដូចថ្ងៃ» ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមីនា ឆ្នាំ២០១០។
b វគ្គ៣: ដោយសារសាវ័ករបស់លោកយេស៊ូបានស្លាប់ ហើយគ្រិស្តសាសនិកដែលព្រះបានរើសតាំងដែលនៅសល់នៅផែនដី បានត្រូវតំណាងដោយស្រូវសាលី មិនមែនតំណាងដោយខ្ញុំបម្រើទេ នោះខ្ញុំបម្រើទាំងនេះពិតជាតំណាងដោយទេវតា។ ក្រោយមកក្នុងឧទាហរណ៍នោះ យើងដឹងថាពួកអ្នកដែលដកស្រងែគឺពួកទេវតា។—ម៉ាថ. ១៣:៣៩
c វគ្គ៦: នេះជាការកែតម្រូវនូវការយល់ដឹងរបស់យើង។ ពីមុនយើងបានគិតថា ការត្រួតពិនិត្យរបស់លោកយេស៊ូបានកើតឡើងនៅឆ្នាំ១៩១៨។
d វគ្គ៧: ចាប់តាំងពីឆ្នាំ១៩១០ដល់ឆ្នាំ១៩១៤ និស្សិតគម្ពីរបានចែកចាយសៀវភៅជិត៤.០០០.០០០ក្បាល ហើយខិត្តប័ណ្ណនិងកូនសៀវភៅជាង២០០.០០០.០០០ក្បាល។
e វគ្គ១៤: នេះជាការកែតម្រូវនូវការយល់ដឹងរបស់យើងអំពីម៉ាថាយ ១៣:៤២។ ពីមុនសៀវភៅរបស់យើងសរសេរថា ពួកគ្រិស្តសាសនិកក្លែងក្លាយបាន‹យំហើយសង្កៀតធ្មេញរបស់ពួកគេ›អស់ប៉ុន្មានទសវត្សរ៍ ដោយយំសោកថា៖ «កូននៃរាជាណាចក្រ»បកអាក្រាតធាតុពិតរបស់ពួកគេថា«ជាកូនរបស់មេកំណាច»។ (ម៉ាថ. ១៣:៣៨) ប៉ុន្តែសូមកត់សម្គាល់ថា ការសង្កៀតធ្មេញជាប់ទាក់ទងនឹងការបំផ្លាញចោល។—ទំនុក. ១១២:១០
f វគ្គ១៦: ដានីយ៉ែល ១២:៣ចែងថា៖ «ពួកអ្នកដែលមានប្រាជ្ញា[គ្រិស្តសាសនិកដែលព្រះបានរើសតាំង] គេនឹងភ្លឺដូចជារស្មីនៃផ្ទៃមេឃ»។ ពេលពួកគេនៅផែនដីនៅឡើយ ពួកគេធ្វើដូច្នេះដោយផ្សព្វផ្សាយដំណឹងល្អ។ ប៉ុន្តែម៉ាថាយ ១៣:៤៣បញ្ជាក់អំពីពេលដែលពួកគេនឹងភ្លឺត្រចះនៅរាជាណាចក្រស្ថានសួគ៌។ ពីមុនយើងបានគិតថាពាក្យនេះសំដៅទៅសកម្មភាពតែមួយ ពោលគឺកិច្ចផ្សព្វផ្សាយ។
g វគ្គ១៨: សូមមើលសៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា ទំព័រ២៨៨-២៨៩។