ចូរផ្ដោតអារម្មណ៍ទៅលើទ្រព្យវិសេសដែលមកពីព្រះ
«ទ្រព្យសម្បត្ដិរបស់អ្នកនៅកន្លែងណា ចិត្តរបស់អ្នកក៏នៅកន្លែងនោះដែរ»។—លូកា ១២:៣៤
១, ២. (ក) តើអ្វីជាទ្រព្យវិសេសបីដែលមកពីព្រះយេហូវ៉ា? (ខ) តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
ព្រះយេហូវ៉ាជាអ្នកមានបំផុតក្នុងសកលលោក។ អ្វីៗទាំងអស់ជាកម្មសិទ្ធិរបស់លោក។ (របាក្សត្រទី១ ២៩:១១, ១២) ប៉ុន្តែ ព្រះយេហូវ៉ាមានចិត្តទូលាយខ្លាំងណាស់ចំពោះបុគ្គលគ្រប់រូប។ យើងពិតជាមានចិត្តកតញ្ញូដែលលោកបានឲ្យទ្រព្យវិសេសដល់យើង! តើមានអ្វីខ្លះក្នុងចំណោមទ្រព្យវិសេសទាំងនោះ? គឺរួមមាន៖ (១) រាជាណាចក្ររបស់ព្រះ (២) កិច្ចបម្រើផ្សាយរបស់យើង និង(៣) សេចក្ដីពិតដ៏មានតម្លៃដែលមានក្នុងបណ្ដាំរបស់លោក។ ប៉ុន្តែ បើយើងមិនប្រុងប្រយ័ត្ន យូរៗទៅយើងអាចភ្លេចអំពីតម្លៃនៃទ្រព្យវិសេសទាំងនោះ។ យើងត្រូវបន្តរំលឹកខ្លួនអំពីតម្លៃនៃទ្រព្យវិសេសទាំងនោះ ហើយមានសេចក្ដីស្រឡាញ់កាន់តែជ្រាលជ្រៅចំពោះអ្វីៗទាំងនោះ ដោយសារលោកយេស៊ូបានមានប្រសាសន៍ថា៖ «ទ្រព្យសម្បត្ដិរបស់អ្នកនៅកន្លែងណា ចិត្តរបស់អ្នកក៏នៅកន្លែងនោះដែរ»។—លូកា ១២:៣៤
២ សូមយើងពិចារណាអំពីរបៀបដែលយើងអាចរក្សាចិត្តកតញ្ញូនិងសេចក្ដីស្រឡាញ់របស់យើងយ៉ាងជ្រាលជ្រៅចំពោះរាជាណាចក្ររបស់ព្រះ កិច្ចបម្រើផ្សាយ និងសេចក្ដីពិត។ ពេលយើងពិចារណាអំពីអ្វីទាំងនេះ សូមរំពឹងគិតអំពីរបៀបដែលអ្នកអាចមានសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅជាងចំពោះទ្រព្យវិសេសទាំងនោះដែលមកពីព្រះ។
រាជាណាចក្ររបស់ព្រះគឺដូចជាគជ់ខ្យងមួយដែលមានតម្លៃខ្ពស់
៣. ក្នុងរឿងដែលលោកយេស៊ូបានប្រើ តើបុរសម្នាក់បានសុខចិត្តធ្វើអ្វីដើម្បីទិញគជ់ខ្យងមួយ? (សូមមើលរូបភាពនៅដើមអត្ថបទ)
៣ សូមអាន ម៉ាថាយ ១៣:៤៥, ៤៦។ លោកយេស៊ូបានប្រាប់រឿងមួយអំពីបុរសម្នាក់ដែលជាអ្នកជួញដូរគជ់ខ្យង។ នៅថ្ងៃមួយ គាត់បានរកឃើញគជ់ខ្យងមួយដែលមានតម្លៃខ្ពស់ជាងគជ់ខ្យងឯទៀតដែលគាត់ធ្លាប់ឃើញពីមុន។ បុរសនោះចង់បានគជ់ខ្យងនោះខ្លាំងដល់ម្ល៉េះបានជាគាត់លក់អ្វីៗទាំងអស់ដែលគាត់មានដើម្បីទិញគជ់ខ្យងនោះ។ តើអ្នកអាចស្រមៃគិតថាគជ់ខ្យងនោះមានតម្លៃខ្លាំងប៉ុណ្ណាចំពោះគាត់ឬទេ?
បើយើងស្រឡាញ់រាជាណាចក្ររបស់ព្រះដូចដែលបុរសឲ្យតម្លៃចំពោះគជ់ខ្យងនោះ យើងនឹងសុខចិត្តលះបង់អ្វីៗទាំងអស់ដើម្បីរាជាណាចក្រនោះ
៤. តើយើងសុខចិត្តធ្វើអ្វីដើម្បីរាជាណាចក្រព្រះ?
៤ តើយើងអាចរៀនអ្វីពីរឿងដែលលោកយេស៊ូបានប្រើ? សេចក្ដីពិតអំពីរាជាណាចក្ររបស់ព្រះគឺដូចជាគជ់ខ្យងដែលមានតម្លៃនោះ។ បើយើងស្រឡាញ់រាជាណាចក្ររបស់ព្រះដូចដែលបុរសឲ្យតម្លៃចំពោះគជ់ខ្យងនោះ យើងនឹងសុខចិត្តលះបង់អ្វីៗទាំងអស់ដើម្បីទៅជានិងបន្តធ្វើជារាស្ត្រនៃរាជាណាចក្រនោះ។ (សូមអាន ម៉ាកុស ១០:២៨-៣០) សូមយើងពិចារណាអំពីរបៀបដែលបុគ្គលពីរនាក់បានធ្វើដូច្នេះ។
៥. តើសាខេសុខចិត្តធ្វើអ្វីដើម្បីរាជាណាចក្រព្រះ?
៥ សាខេជាអ្នកយកពន្ធ។ គាត់បានក្លាយទៅជាអ្នកមានដោយចោទប្រកាន់អ្នកឯទៀតមិនពិតដើម្បីយកប្រាក់ពីបណ្ដាជន។ (លូកា ១៩:១-៩) ប៉ុន្តែនៅថ្ងៃមួយ សាខេបានឮលោកយេស៊ូមានប្រសាសន៍អំពីរាជាណាចក្រព្រះ។ គាត់ចូលចិត្តអ្វីដែលគាត់បានឮខ្លាំងដល់ម្ល៉េះបានជាគាត់ចង់កែប្រែទាំងស្រុង។ គាត់បាននិយាយថា៖ «លោកម្ចាស់! ខ្ញុំកំពុងចែកទ្រព្យសម្បត្ដិខ្ញុំពាក់កណ្ដាលដល់អ្នកក្រីក្រ ហើយអ្វីក៏ដោយដែលខ្ញុំបានទទួលដោយចោទប្រកាន់អ្នកណាម្នាក់មិនពិត នោះខ្ញុំកំពុងសងមួយជាបួន»។ សាខេបានសងប្រាក់ដែលគាត់បានយកពីបណ្ដាជន ហើយលែងមានចិត្តលោភលន់ទៀត។
៦. តើស្ត្រីម្នាក់បានធ្វើការកែប្រែអ្វីខ្លះ ហើយហេតុអ្វីគាត់បានធ្វើដូច្នេះ?
៦ ប៉ុន្មានឆ្នាំមុន ក្នុងអំឡុងពេលដែលស្ត្រីម្នាក់មានទំនាក់ទំនងស្នេហាភេទដូចគ្នា គាត់បានឮអំពីរាជាណាចក្ររបស់ព្រះ។ គាត់ក៏ជាប្រធានអង្គការមួយដែលទាមទារសិទ្ធិសម្រាប់ពួកអ្នកដែលស្រឡាញ់ភេទដូចគ្នា។ ប៉ុន្តែ ពេលដែលគាត់រៀនគម្ពីរ ហើយបានយល់ថារាជាណាចក្ររបស់ព្រះមានតម្លៃ គាត់បានទទួលស្គាល់ថាគាត់ត្រូវធ្វើការកែប្រែយ៉ាងធំក្នុងជីវិតរបស់គាត់។ (កូរិនថូសទី១ ៦:៩, ១០) ដោយសារគាត់ស្រឡាញ់ព្រះយេហូវ៉ា គាត់បានចាកចេញពីអង្គការនោះ ហើយបានផ្ដាច់ទំនាក់ទំនងស្នេហារបស់គាត់ជាមួយនឹងបុគ្គលដែលមានភេទដូចគ្នានោះ។ គាត់បានទទួលការជ្រមុជទឹកនៅឆ្នាំ២០០៩ ហើយនៅឆ្នាំបន្ទាប់គាត់បានទៅជាអ្នកត្រួសត្រាយពេញពេល។ គាត់បានធ្វើការកែប្រែធំៗទាំងនោះដោយសារសេចក្ដីស្រឡាញ់របស់គាត់ចំពោះព្រះយេហូវ៉ាគឺខ្លាំងជាងសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវដែលគាត់មាន។—ម៉ាកុស ១២:២៩, ៣០
៧. តើតាមរបៀបណាយើងអាចរក្សាសេចក្ដីស្រឡាញ់របស់យើងចំពោះរាជាណាចក្រព្រះឲ្យមាំមួន?
៧ ដើម្បីទៅជារាស្ត្រនៃរាជាណាចក្ររបស់ព្រះ យើងជាច្រើននាក់បានកែប្រែទាំងស្រុងនូវរបៀបរស់នៅរបស់យើង។ (រ៉ូម ១២:២) ប៉ុន្តែ យើងនៅតែត្រូវបន្តតយុទ្ធ។ យើងមិនត្រូវឲ្យសេចក្ដីស្រឡាញ់របស់យើងចំពោះរាជាណាចក្ររសាយទៅដោយសារអ្វីណាក៏ដោយ ដូចជាការស្រឡាញ់ទ្រព្យសម្បត្ដិ ឬសេចក្ដីប៉ងប្រាថ្នាចង់ប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទជាដើម។ (សុភាសិត ៤:២៣; ម៉ាថាយ ៥:២៧-២៩) ដើម្បីជួយយើងរក្សាសេចក្ដីស្រឡាញ់របស់យើងចំពោះរាជាណាចក្រព្រះឲ្យមាំមួន ព្រះយេហូវ៉ាបានឲ្យយើងនូវទ្រព្យវិសេសផ្សេងទៀត។
កិច្ចបម្រើផ្សាយរបស់យើងអាចសង្គ្រោះជីវិត
៨. (ក) ហេតុអ្វីសាវ័កប៉ូលបានរៀបរាប់អំពីកិច្ចបម្រើផ្សាយថាជា‹ទ្រព្យវិសេសក្នុងភាជនៈដី›? (ខ) តើប៉ូលបានបង្ហាញថាគាត់ស្រឡាញ់កិច្ចបម្រើផ្សាយយ៉ាងដូចម្ដេច?
៨ លោកយេស៊ូបានឲ្យយើងនូវភារកិច្ចផ្សព្វផ្សាយនិងបង្រៀនដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ។ (ម៉ាថាយ ២៨:១៩, ២០) សាវ័កប៉ូលបានរៀបរាប់អំពីកិច្ចបម្រើនោះថាជាទ្រព្យវិសេសដែលនៅក្នុងភាជនៈដី។ (កូរិនថូសទី២ ៤:៧; ធីម៉ូថេទី១ ១:១២) ដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះ យើងគឺដូចជាភាជនៈដីនោះ។ ប៉ុន្តែ ដំណឹងដែលយើងផ្សាយគឺដូចជាទ្រព្យវិសេស ដោយសារដំណឹងនេះអាចនាំឲ្យយើងនិងពួកអ្នកដែលស្ដាប់យើងទទួលជីវិតដែលគ្មានទីបញ្ចប់។ នេះជាមូលហេតុដែលប៉ូលបាននិយាយថា៖ «ខ្ញុំធ្វើអ្វីៗទាំងអស់ដើម្បីដំណឹងល្អ ដើម្បីឲ្យខ្ញុំអាចប្រាប់ដល់អ្នកឯទៀត»។ (កូរិនថូសទី១ ៩:២៣) ប៉ូលបានខំបង្រៀនអ្នកឯទៀតអំពីរាជាណាចក្ររបស់ព្រះ។ (សូមអាន រ៉ូម ១:១៤, ១៥; ធីម៉ូថេទី២ ៤:២) សេចក្ដីស្រឡាញ់ចំពោះដំណឹងល្អបានជួយគាត់ឲ្យបន្តផ្សព្វផ្សាយ ទោះជាគាត់បានទទួលការបៀតបៀនដ៏សាហាវក៏ដោយ។ (ថែស្សាឡូនិចទី១ ២:២) តើតាមរបៀបណាយើងអាចមានសេចក្ដីស្រឡាញ់ដូចប៉ូលចំពោះកិច្ចបម្រើផ្សាយ?
ដំណឹងដែលយើងផ្សាយគឺដូចជាទ្រព្យវិសេស ដោយសារដំណឹងនេះអាចនាំឲ្យយើងនិងពួកអ្នកដែលស្ដាប់យើងទទួលជីវិតដែលគ្មានទីបញ្ចប់
៩. តើយើងអាចបង្ហាញថាយើងស្រឡាញ់កិច្ចបម្រើផ្សាយតាមរបៀបណាខ្លះ?
៩ របៀបមួយដែលប៉ូលបានបង្ហាញថាគាត់ស្រឡាញ់កិច្ចបម្រើផ្សាយគឺដោយប្រើគ្រប់ឱកាសដើម្បីនិយាយជាមួយនឹងអ្នកឯទៀត។ ដូចប៉ូលនិងគ្រិស្តសាសនិកនៅសម័យដើម យើងក៏ផ្សព្វផ្សាយដំណឹងល្អពីផ្ទះមួយទៅផ្ទះមួយ នៅកន្លែងសាធារណៈ និងនៅកន្លែងណាក៏ដោយដែលមានមនុស្ស។ (សកម្មភាព ៥:៤២; ២០:២០) យើងស្វែងរកវិធីផ្សេងៗដើម្បីផ្សព្វផ្សាយដល់មនុស្សឲ្យបានច្រើនបំផុត។ បើយើងអាចធ្វើបាន យើងអាចបម្រើជាអ្នកត្រួសត្រាយជំនួយឬអ្នកត្រួសត្រាយពេញពេល ឬក៏យើងអាចរៀនភាសាផ្សេងទៀត រើទៅកន្លែងផ្សេងនៅក្នុងប្រទេសរបស់ខ្លួន ឬថែមទាំងរើទៅប្រទេសឯទៀត។—សកម្មភាព ១៦:៩, ១០
១០. ដោយសារបងអៃរីនខំផ្សព្វផ្សាយដំណឹងល្អ តើគាត់បានទទួលប្រយោជន៍អ្វីខ្លះ?
១០ បងស្រីអៃរីនដែលរស់នៅសហរដ្ឋអាម៉េរិកនិងដែលនៅលីវ ចង់ផ្សព្វផ្សាយដំណឹងល្អដល់មនុស្សដែលនិយាយភាសារុស្ស៊ី។ ដូច្នេះនៅឆ្នាំ១៩៩៣ គាត់បានចូលរួមក្រុមភាសារុស្ស៊ីនៅក្រុងញូវយ៉ក។ នៅពេលនោះ មានអ្នកផ្សាយប្រហែលជា២០នាក់ប៉ុណ្ណោះនៅក្រុមនោះ។ ក្រោយពី២០ឆ្នាំ បងអៃរីននិយាយថា៖ «ខ្ញុំនៅតែមិនអាចនិយាយភាសារុស្ស៊ីដូចជនជាតិរុស្ស៊ីទេ»។ ប៉ុន្តែ ព្រះយេហូវ៉ាបានជួយគាត់និងអ្នកផ្សាយឯទៀតឲ្យផ្សព្វផ្សាយជាភាសានោះ។ ជាលទ្ធផល សព្វថ្ងៃនេះមានក្រុមជំនុំភាសារុស្ស៊ី៦នៅក្រុងញូវយ៉ក។ បងអៃរីនបានបង្រៀនគម្ពីរដល់មនុស្សជាច្រើន ហើយ១៥នាក់បានទទួលការជ្រមុជទឹក។ បងប្អូនខ្លះក្នុងចំណោមពួកគេបម្រើជាអ្នកត្រួសត្រាយ បម្រើនៅបេតអែល និងបម្រើជាអ្នកចាស់ទុំ។ បងអៃរីននិយាយថា៖ «ពេលខ្ញុំគិតអំពីគោលដៅឯទៀតដែលខ្ញុំអាចសម្រេចក្នុងជីវិតខ្ញុំដែលបានកន្លងទៅ ខ្ញុំមិនអាចស្រមៃគិតថាមានគោលដៅណាមួយដែលនាំឲ្យខ្ញុំមានអំណរខ្លាំងជាងនេះទេ»។ បងអៃរីនពិតជាឲ្យតម្លៃខ្ពស់ចំពោះកិច្ចបម្រើផ្សាយមែន!
១១. តើមានលទ្ធផលអ្វីពេលយើងបន្តផ្សព្វផ្សាយទោះជាមានការបៀតបៀនក៏ដោយ?
១១ បើយើងឲ្យតម្លៃទៅលើកិច្ចបម្រើផ្សាយរបស់យើង នោះដូចសាវ័កប៉ូល យើងនឹងបន្តផ្សព្វផ្សាយសូម្បីតែនៅពេលដែលយើងទទួលការបៀតបៀនក៏ដោយ។ (សកម្មភាព ១៤:១៩-២២) ជាឧទាហរណ៍ រវាងឆ្នាំ១៩៣០និងឆ្នាំ១៩៤៤ បងប្អូនយើងនៅសហរដ្ឋអាម៉េរិកបានទទួលការបៀតបៀនយ៉ាងសាហាវ។ ប៉ុន្តែ ពួកគេនៅតែបានបន្តផ្សព្វផ្សាយ។ ពេលដែលពួកអាជ្ញាធរព្យាយាមបញ្ឈប់ពួកគេ បងប្អូនរបស់យើងបានប្ដឹងទៅតុលាការ ហើយបានឈ្នះរឿងក្ដីជាច្រើនករណី។ នៅឆ្នាំ១៩៤៣ បងន័របានរៀបរាប់អំពីជ័យជម្នះដែលយើងបានទទួលក្នុងរឿងក្ដីនៅតុលាការកំពូលរបស់សហរដ្ឋអាម៉េរិក។ គាត់បាននិយាយថាបើបងប្អូនរបស់យើងមិនបានបន្តផ្សព្វផ្សាយ នោះមិនមានរឿងក្ដីណាមួយរបស់យើងទៅដល់តុលាការនោះឡើយ។ គាត់បានបន្ថែមទៀតថាដោយសារបងប្អូននៅទូទាំងពិភពលោកបានបន្តផ្សព្វផ្សាយ ពួកគេបង្ហាញថាការបៀតបៀនមិនបានទទួលជ័យជម្នះទេ។ បងប្អូននៅប្រទេសផ្សេងទៀតក៏បានឈ្នះរឿងក្ដីដែលស្រដៀងគ្នានោះដែរ។ មែនហើយ ដោយសារយើងស្រឡាញ់កិច្ចបម្រើផ្សាយ យើងនឹងមិនអនុញ្ញាតឲ្យការបៀតបៀនបញ្ឈប់យើងពីកិច្ចការផ្សព្វផ្សាយឡើយ។
១២. តើអ្នកតាំងចិត្តធ្វើអ្វី?
១២ ពេលយើងឲ្យតម្លៃចំពោះកិច្ចបម្រើផ្សាយរបស់យើង យើងនឹងមិនគ្រាន់តែយកចិត្តទុកដាក់ចំពោះចំនួនម៉ោងដែលយើងសរសេរក្នុងសេចក្ដីរាយការណ៍របស់យើងប៉ុណ្ណោះទេ។ យើងនឹងធ្វើអ្វីៗទាំងអស់ដែលយើងអាចធ្វើបានដើម្បី«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់ពីដំណឹងល្អ»។ (សកម្មភាព ២០:២៤; ធីម៉ូថេទី២ ៤:៥) ប៉ុន្តែ តើយើងនឹងបង្រៀនអ្វីដល់អ្នកឯទៀត? សូមពិចារណាអំពីទ្រព្យវិសេសមួយទៀតដែលមកពីព្រះ។
សេចក្ដីពិតដ៏មានតម្លៃដែលយើងបានរៀន
១៣, ១៤. តើពាក្យរបស់លោកយេស៊ូអំពី«ឃ្លាំងទ្រព្យ»នៅម៉ាថាយ ១៣:៥២សំដៅទៅលើអ្វី ហើយតើយើងអាចបំពេញឃ្លាំងទ្រព្យនោះយ៉ាងដូចម្ដេច?
១៣ ទ្រព្យវិសេសទី៣ដែលព្រះយេហូវ៉ាផ្ដល់ឲ្យយើងគឺសេចក្ដីពិតទាំងប៉ុន្មានដែលយើងបានរៀន។ ព្រះយេហូវ៉ាជាប្រភពនៃសេចក្ដីពិត។ (សាំយូអែលទី២ ៧:២៨; ទំនុកតម្កើង ៣១:៥) ម្យ៉ាងទៀត ដោយសារលោកជាបិតាដែលមានចិត្តទូលាយ លោកចង់ប្រាប់យើងអំពីសេចក្ដីពិតទាំងនេះ។ រហូតមកដល់ឥឡូវនេះ យើងបានរៀនសេចក្ដីពិតជាច្រើនទាំងនេះតាមរយៈការអានបណ្ដាំរបស់លោកនិងសៀវភៅផ្សេងៗរបស់យើង ថែមទាំងតាមរយៈការចូលរួមមហាសន្និបាត សន្និបាត និងកិច្ចប្រជុំរបស់យើងជារៀងរាល់សប្ដាហ៍។ កាលដែលយើងប្រមូលទុកនូវសេចក្ដីពិតកាន់តែច្រើនឡើងៗ យើងនឹងមានអ្វីដែលលោកយេស៊ូបានហៅថា«ឃ្លាំងទ្រព្យ»នៃសេចក្ដីពិត«ទាំងថ្មីទាំងចាស់»។ (សូមអាន ម៉ាថាយ ១៣:៥២) ព្រះយេហូវ៉ានឹងជួយយើងឲ្យបំពេញ«ឃ្លាំងទ្រព្យ»របស់យើង បើយើងស្វែងរកសេចក្ដីពិតទាំងនោះដូចដែលយើងនឹងស្វែងរកកំណប់ទ្រព្យ។ (សូមអាន សុភាសិត ២:៤-៧) តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
១៤ យើងត្រូវសិក្សាគម្ពីរនិងសៀវភៅផ្សេងៗរបស់យើងជាទៀងទាត់ ហើយធ្វើការស្រាវជ្រាវដោយយកចិត្តទុកដាក់។ នេះនឹងជួយយើងឲ្យរកឃើញនូវសេចក្ដីពិត«ថ្មី» ពោលគឺសេចក្ដីពិតផ្សេងៗដែលយើងមិនធ្លាប់ដឹងពីមុន។ (យ៉ូស្វេ ១:៨, ៩; ទំនុកតម្កើង ១:២, ៣) ទស្សនាវដ្ដីប៉មយាមលេខដំបូងដែលបានត្រូវបោះពុម្ពនៅខែកក្កដា ឆ្នាំ១៨៧៩ បានប្រៀបប្រដូចសេចក្ដីពិតទៅនឹងផ្កាតូចមួយដែលដុះក្នុងវាលស្មៅខ្ពស់ៗ។ ដើម្បីមនុស្សអាចរកឃើញផ្កានោះ គាត់ត្រូវស្វែងរកដោយយកចិត្តទុកដាក់។ ម្យ៉ាងទៀត ពេលដែលគាត់រកឃើញផ្កានោះ គាត់មិនគួរស្កប់ចិត្តដោយរកឃើញផ្កាតែមួយនោះទេ គាត់គួរបន្តស្វែងរកផ្កាឯទៀតឲ្យកាន់តែច្រើន។ ស្រដៀងគ្នាដែរ យើងមិនគួរស្កប់ចិត្តពេលយើងរកឃើញសេចក្ដីពិតតែមួយទេ។ យើងគួរមានចិត្តចង់បន្តស្វែងរកសេចក្ដីពិតឲ្យកាន់តែច្រើនថែមទៀត។
១៥. ហេតុអ្វីយើងអាចហៅសេចក្ដីពិតខ្លះៗជាសេចក្ដីពិត«ចាស់» ហើយតើអ្នកឲ្យតម្លៃចំពោះសេចក្ដីពិតមួយណា?
១៥ ពេលយើងចាប់ផ្ដើមសិក្សាគម្ពីរ យើងបានរៀនសេចក្ដីពិតមួយចំនួនដ៏អស្ចារ្យ។ យើងអាចហៅសេចក្ដីពិតទាំងនោះថាសេចក្ដីពិត«ចាស់»ដោយសារយើងបានរៀនសេចក្ដីពិតទាំងនោះនៅដើមដំបូង។ តើសេចក្ដីពិតទាំងនោះជាអ្វី? នៅដើមដំបូង យើងបានរៀនថាព្រះយេហូវ៉ាគឺជាអ្នកបង្កើតរបស់យើង ហើយថាលោកមានគោលបំណងសម្រាប់មនុស្សជាតិ។ យើងក៏បានរៀនផងដែរថា ព្រះបានចាត់បុត្ររបស់លោកឲ្យមកផែនដីដើម្បីស្លាប់ជាគ្រឿងបូជាលោះជាប្រយោជន៍ឲ្យយើងអាចត្រូវរំដោះពីភាពខុសឆ្គងនិងសេចក្ដីស្លាប់។ ម្យ៉ាងទៀត យើងបានរៀនថារាជាណាចក្ររបស់ព្រះនឹងបំបាត់ចោលទុក្ខវេទនាទាំងអស់ ហើយថាយើងអាចរស់នៅផែនដីជារៀងរហូតដោយមានសេចក្ដីសុខសាន្តនិងសុភមង្គល។—យ៉ូហាន ៣:១៦; ការបើកបង្ហាញ ៤:១១; ២១:៣, ៤
១៦. តើយើងត្រូវធ្វើអ្វីពេលមានការកែតម្រូវការយល់ដឹងរបស់យើងចំពោះសេចក្ដីពិតក្នុងគម្ពីរ?
១៦ ពេលខ្លះការយល់ដឹងរបស់យើងអំពីខគម្ពីរឬទំនាយណាមួយក្នុងគម្ពីរបានត្រូវកែតម្រូវ។ ពេលអ្វីបែបនេះកើតឡើង គឺសំខាន់ឲ្យយើងចំណាយពេលដើម្បីសិក្សានិងរំពឹងគិតអំពីការកែតម្រូវនោះ។ (សកម្មភាព ១៧:១១; ធីម៉ូថេទី១ ៤:១៥) យើងមិនគ្រាន់តែត្រូវយល់អំពីចំណុចខុសគ្នាសំខាន់ៗរវាងការយល់ដឹងថ្មីនិងការយល់ដឹងចាស់ប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ត្រូវយកចិត្តទុកដាក់ចំពោះព័ត៌មានល្អិតល្អន់នៃការយល់ដឹងថ្មីនោះ។ ការសិក្សាដោយយកចិត្តទុកដាក់បែបនោះនឹងជួយយើងធ្វើឲ្យប្រាកដថាសេចក្ដីពិតថ្មីនោះទៅជាផ្នែកមួយនៃសេចក្ដីពិតទាំងប៉ុន្មានពីគម្ពីរដែលយើងបានប្រមូលទុក។ ហេតុអ្វីជាការល្អឲ្យយើងខំប្រឹងធ្វើដូច្នេះ?
១៧, ១៨. តើសកម្មពលបរិសុទ្ធអាចជួយយើងយ៉ាងដូចម្ដេច?
១៧ លោកយេស៊ូបានបង្រៀនថាសកម្មពលរបស់ព្រះអាចជួយយើងឲ្យចាំអំពីអ្វីដែលយើងបានរៀនពីមុន។ (យ៉ូហាន ១៤:២៥, ២៦) តើនេះអាចជួយយើងយ៉ាងដូចម្ដេចពេលដែលយើងផ្សព្វផ្សាយដំណឹងល្អ? សូមពិចារណាអំពីបទពិសោធន៍របស់បងប្រុសភីធើ។ នៅឆ្នាំ១៩៧០ គាត់មានអាយុ១៩ឆ្នាំ ហើយបានចាប់ផ្ដើមបម្រើនៅបេតអែលនាប្រទេសអង់គ្លេស។ ពេលបងភីធើកំពុងផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ គាត់បានជួបបុរសវ័យកណ្ដាលម្នាក់ដែលមានពុកចង្កា។ បងភីធើបានសួរបុរសនោះថាតើគាត់ចង់យល់គម្ពីរឬទេ? បុរសនោះគឺជាអ្នកបង្រៀនម្នាក់ខាងសាសនាយូដា ហើយគាត់ភ្ញាក់ផ្អើលដែលបុរសវ័យក្មេងម្នាក់បានគិតថាខ្លួនអាចបង្រៀនគម្ពីរដល់គាត់។ ដើម្បីសាកល្បងបងភីធើ អ្នកបង្រៀនសាសនានោះបានសួរថា៖ «អ៊ីចឹង សុំសួរប្អូនមួយ តើសៀវភៅដានីយ៉ែលបានត្រូវសរសេរជាភាសាអ្វី?»។ បងភីធើបានឆ្លើយថា៖ «ផ្នែកមួយនៃសៀវភៅនេះបានត្រូវសរសេរជាភាសាអារ៉ាម»។ បងភីធើចាំថា៖ «អ្នកបង្រៀនសាសនាយូដានោះបានភ្ញាក់ផ្អើលដែលខ្ញុំដឹងចម្លើយ។ ប៉ុន្តែ ខ្ញុំភ្ញាក់ផ្អើលខ្លាំងជាងគាត់ទៅទៀត! ហេតុអ្វីខ្ញុំដឹងចម្លើយ? ពេលខ្ញុំបានត្រឡប់ទៅផ្ទះវិញ ហើយបានរកមើលឡើងវិញនូវខែមុនៗនៃទស្សនាវដ្ដីប៉មយាមនិងទស្សនាវដ្ដីភ្ញាក់រឭក! (Awake!) ខ្ញុំបានឃើញថាមានអត្ថបទមួយដែលពន្យល់ថាសៀវភៅដានីយ៉ែលបានត្រូវសរសេរជាភាសាអារ៉ាម»។a (សូមមើលកំណត់សម្គាល់) មែនហើយ សកម្មពលបរិសុទ្ធអាចជួយយើងឲ្យចាំអំពីព័ត៌មានដែលយើងបានអាននិងបានរក្សាទុកនៅក្នុងឃ្លាំងទ្រព្យរបស់យើងកាលពីមុន។—លូកា ១២:១១, ១២; ២១:១៣-១៥
១៨ បើយើងស្រឡាញ់និងមានចិត្តកតញ្ញូចំពោះសេចក្ដីពិតទាំងប៉ុន្មានដែលយើងបានរៀនពីព្រះយេហូវ៉ា យើងនឹងចង់បន្តបន្ថែមសេចក្ដីពិតទាំងនោះឲ្យចូលក្នុងឃ្លាំងទ្រព្យរបស់យើង។ ពេលយើងកាន់តែធ្វើដូច្នេះ យើងនឹងកាន់តែមានអារម្មណ៍ថាយើងបានត្រៀមខ្លួនដើម្បីបង្រៀនអ្នកឯទៀត។
ចូរការពារទ្រព្យវិសេសរបស់អ្នក
១៩. ហេតុអ្វីយើងត្រូវការពារទ្រព្យវិសេសរបស់យើង?
១៩ ក្នុងអត្ថបទនេះ យើងបានរៀនថាការឲ្យតម្លៃទៅលើទ្រព្យវិសេសដែលមកពីព្រះគឺសំខាន់ណាស់ចំពោះយើង។ ប៉ុន្តែ យើងត្រូវប្រុងប្រយ័ត្នជានិច្ចថាយើងមិនអនុញ្ញាតឲ្យសាថាននិងពិភពលោករបស់វាធ្វើឲ្យសេចក្ដីស្រឡាញ់របស់យើងចំពោះទ្រព្យវិសេសទាំងនោះរសាយទៅឡើយ។ បើយើងមិនប្រុងប្រយ័ត្ន អ្វីៗដូចជាឱកាសការងារដែលមានប្រាក់ខែច្រើន ការចង់អួតសម្ញែងអំពីទ្រព្យសម្បត្ដិ ឬការចង់ក្លាយជាអ្នកមានអាចបង្វែរអារម្មណ៍របស់យើង។ សាវ័កយ៉ូហានរំលឹកយើងថាមិនយូរទៀតពិភពលោកនេះនិងអ្វីៗទាំងអស់ដែលពិភពលោកនេះផ្ដល់ឲ្យនឹងសាបសូន្យទៅ។ (យ៉ូហានទី១ ២:១៥-១៧) នេះជាមូលហេតុដែលយើងត្រូវបន្តមានចិត្តកតញ្ញូចំពោះទ្រព្យវិសេសរបស់យើងដែលមកពីព្រះ ហើយការពារទ្រព្យវិសេសទាំងនោះ។
២០. តើអ្នកតាំងចិត្តធ្វើអ្វីដើម្បីការពារទ្រព្យវិសេសរបស់អ្នកដែលមកពីព្រះ?
២០ ចូរសុខចិត្តលះចោលអ្វីណាក៏ដោយដែលអាចធ្វើឲ្យសេចក្ដីស្រឡាញ់របស់អ្នកចំពោះរាជាណាចក្រព្រះរសាយទៅ។ ចូរតាំងចិត្តផ្សព្វផ្សាយយ៉ាងខ្នះខ្នែង ហើយកុំឲ្យបាត់បង់សេចក្ដីស្រឡាញ់របស់អ្នកចំពោះកិច្ចបម្រើផ្សាយ។ ចូរបន្តស្វែងរកសេចក្ដីពិតក្នុងគម្ពីរ។ កាលដែលអ្នកធ្វើដូច្នេះ អ្នកនឹងមានកាន់តែច្រើននូវ‹ទ្រព្យនៅស្ថានសួគ៌ ជាកន្លែងដែលចោរមិនអាចទៅជិត ហើយសត្វល្អិតមិនស៊ីបំផ្លាញទេ។ ព្រោះទ្រព្យសម្បត្ដិរបស់អ្នកនៅកន្លែងណា ចិត្តរបស់អ្នកក៏នៅកន្លែងនោះដែរ›។—លូកា ១២:៣៣, ៣៤
a ដានីយ៉ែល ២:៤ខដល់៧:២៨ បានត្រូវសរសេរជាភាសាអារ៉ាមនៅដើមដំបូង។