ជំពូកទី៤៣
ឧទាហរណ៍អំពីរាជាណាចក្រ
ម៉ាថាយ ១៣:១-៥៣ ម៉ាកុស ៤:១-៣៤ លូកា ៨:៤-១៨
លោកយេស៊ូលើកឧទាហរណ៍ជាច្រើនអំពីរាជាណាចក្រ
លោកយេស៊ូទំនងជានៅក្រុងកាពើណិម ពេលលោកបានស្តីបន្ទោសពួកផារិស៊ី។ នៅថ្ងៃដដែលនោះ លោកបានចេញពីកន្លែងដែលលោកស្នាក់នៅ ហើយធ្វើដំណើរទៅជិតសមុទ្រកាលីឡេ កន្លែងដែលមានបណ្ដាជនកុះករ។ បន្ទាប់មក លោកយេស៊ូចុះទូកចេញពីឆ្នេរបន្ដិច ហើយចាប់ផ្ដើមបង្រៀនពួកបណ្ដាជនអំពីរាជាណាចក្រស្ថានសួគ៌ ដោយលើកឧទាហរណ៍មួយចំនួន។ ឧទាហរណ៍ទាំងនោះ គឺជារឿងដែលអ្នកស្ដាប់ស្គាល់ជាទូទៅ ហើយនេះធ្វើឲ្យពួកគេងាយយល់ចំណុចផ្សេងៗអំពីរាជាណាចក្រ។
ក្នុងឧទាហរណ៍ទី១ លោកយេស៊ូបានលើកឡើងអំពីមនុស្សម្នាក់ដែលបានចេញទៅសាបព្រោះ។ ពេលដែលគាត់កំពុងសាបព្រោះ នោះគ្រាប់ពូជខ្លះបានធ្លាក់តាមផ្លូវ ហើយមានសត្វស្លាបមកចឹកស៊ីអស់ទៅ។ គ្រាប់ពូជខ្លះទៀតបានធ្លាក់លើកន្លែងមានផ្ទាំងថ្ម មិនសូវមានដី រួចក៏ដុះចេញផុតពីដីភ្លាមៗ ដោយសារដីនោះរាក់។ ក៏ប៉ុន្តែ ពេលដែលថ្ងៃរះឡើង វាបានស្លោកទៅ ហើយដោយសារឫសចាក់មិនជ្រៅ វាបានក្រៀមស្វិត។ រីឯគ្រាប់ពូជខ្លះទៀតបានធ្លាក់លើដីដែលមានដើមបន្លា រួចដើមបន្លាក៏ដុះឡើងគ្របជិតគ្រាប់ពូជនោះ។ ទីបំផុត គ្រាប់ពូជខ្លះទៀតបានធ្លាក់លើដីល្អ។ រួចមក គ្រាប់ពូជទាំងនោះបានបង្កើតផល«មួយជាមួយរយ មួយជាហុកសិប និងមួយជាសាមសិប»។—ម៉ាថាយ ១៣:៨
ក្នុងឧទាហរណ៍ទី២ លោកយេស៊ូបានប្រៀបប្រដូចរាជាណាចក្រព្រះទៅនឹងពេលដែលបុរសម្នាក់សាបព្រោះគ្រាប់ពូជ។ ក្នុងឧទាហរណ៍នេះ ទោះជាបុរសនេះដេក ឬក៏ភ្ញាក់ក្ដី គ្រាប់ពូជបានពន្លកដុះឡើង ប៉ុន្តែ«គាត់មិនដឹង»ថាវាដុះតាមរបៀបណាឡើយ។ (ម៉ាកុស ៤:២៧) បន្ដិចម្ដងៗ គ្រាប់ពូជនោះដុះឡើង ហើយបង្កើតផលដោយឯកឯង ដែលគាត់អាចប្រមូលផលបាន។
បន្ទាប់មក លោកយេស៊ូបានលើកឧទាហរណ៍ទី៣ អំពីការសាបព្រោះ។ បុរសម្នាក់បានសាបព្រោះគ្រាប់ពូជល្អ ប៉ុន្តែ«កាលដែលមនុស្សទាំងឡាយកំពុងដេកលក់» សត្រូវបានមកសាបព្រោះស្រងែលើស្រូវសាលី។ ពួកខ្ញុំបម្រើរបស់បុរសនោះបានមកសួរគាត់ថា តើពួកគេគួរដកស្រងែចេញទេ? គាត់ឆ្លើយថា៖ «កុំ ក្រែងលោកាលណាដកស្រងែចេញ ស្រូវសាលីក៏រលើងឫសដែរ។ ចូរឲ្យទាំងពីរដុះជាមួយគ្នារហូតដល់រដូវច្រូតកាត់ ហើយនៅរដូវនោះ ខ្ញុំនឹងប្រាប់អ្នកច្រូតឲ្យដកស្រងែមុនសិន រួចចងជាកណ្ដាប់ដើម្បីដុតចោល ក្រោយមក ទៅប្រមូលស្រូវសាលីទុកក្នុងជង្រុករបស់ខ្ញុំ»។—ម៉ាថាយ ១៣:២៤-៣០
ដោយសារអ្នកស្ដាប់ជាច្រើនស្គាល់អំពីការធ្វើស្រែចម្ការ ហេតុនេះ លោកយេស៊ូក៏លើកឧទាហរណ៍មួយទៀតអំពីគ្រាប់មូស្ដាតដ៏តូចល្អិតដែលពួកគេស្គាល់ជាទូទៅ។ គ្រាប់មូស្ដាតបានលូតលាស់ទៅជាដើមឈើដ៏ធំមួយដែលសត្វស្លាបផ្សេងៗអាចមកជ្រកលើមែកវាបាន។ ស្តីអំពីគ្រាប់នេះ លោកមានប្រសាសន៍ថា៖ «រាជាណាចក្រស្ថានសួគ៌គឺប្រៀបដូចជាគ្រាប់មូស្ដាត ដែលបុរសម្នាក់បានដាំនៅក្នុងដីរបស់គាត់»។ (ម៉ាថាយ ១៣:៣១) ទោះជាយ៉ាងនោះក៏ដោយ លោកយេស៊ូមិនមែនកំពុងបង្រៀនបណ្ដាជនអំពីរុក្ខជាតិនោះទេ។ ប៉ុន្តែលោកកំពុងពន្យល់អំពីការលូតលាស់ដ៏អស្ចារ្យរបស់គ្រាប់មូស្ដាត ពិតមែនតែវាជាគ្រាប់ដ៏តូចល្អិត តែវាអាចលូតលាស់ទៅជាដើមឈើដ៏ធំមួយបាន។
រួចមក លោកយេស៊ូបានលើកឧទាហរណ៍ថែមទៀតដែលទាក់ទងនឹងជីវិតប្រចាំថ្ងៃរបស់ពួកអ្នកស្ដាប់។ លោកមានប្រសាសន៍ថារាជាណាចក្រស្ថានសួគ៌គឺដូចជា«ដំបែ ដែលស្ត្រីម្នាក់បានយកទៅលាយក្នុងម្សៅបីរង្វាល់ ទាល់តែម្សៅទាំងអស់នោះបានដោរឡើង»។ (ម៉ាថាយ ១៣:៣៣) ទោះជាយើងមិនអាចមើលឃើញដំបែដែលមានក្នុងម្សៅនោះក្ដី តែបន្ដិចម្ដងៗ ដំបែនោះបានធ្វើឲ្យដុំម្សៅទាំងមូលដោរឡើង។ ពិតមែន ដំបែបានធ្វើឲ្យម្សៅដោរឡើងយ៉ាងធំតាមរបៀបដែលយើងពិបាកសម្គាល់។
ក្រោយពីលោកយេស៊ូបានលើកឧទាហរណ៍ទាំងនេះហើយ លោកបានឲ្យបណ្ដាជនត្រឡប់ទៅវិញ ហើយលោកក៏ទៅកន្លែងដែលលោកស្នាក់នៅវិញដែរ។ មិនយូរក្រោយមក ពួកអ្នកកាន់តាមបានមកជួបលោក ដោយចង់ដឹងអំពីអត្ថន័យនៃឧទាហរណ៍ទាំងនោះ។
ទទួលប្រយោជន៍ពីឧទាហរណ៍របស់លោកយេស៊ូ
ពិតមែនតែពួកអ្នកកាន់តាមធ្លាប់ឮឧទាហរណ៍ផ្សេងៗរបស់លោកយេស៊ូ តែពួកគាត់មិនដែលឮលោកលើកឧទាហរណ៍ច្រើនដូចនេះក្នុងពេលតែមួយទេ។ ហេតុនេះ ពួកគាត់បានមកសួរលោកថា៖ «ហេតុអ្វីលោកមានប្រសាសន៍ទៅពួកគេដោយប្រើឧទាហរណ៍?»។—ម៉ាថាយ ១៣:១០
មូលហេតុមួយដែលលោកប្រើឧទាហរណ៍ច្រើនក្នុងការបង្រៀន គឺដើម្បីសម្រេចទំនាយក្នុងគម្ពីរ។ កំណត់ហេតុក្នុងសៀវភៅម៉ាថាយបានរៀបរាប់ថា៖ «លោកមិនដែលមានប្រសាសន៍ទៅពួកគេដោយមិនប្រើឧទាហរណ៍ឡើយ។ នេះដើម្បីសម្រេចនូវអ្វីដែលបានត្រូវថ្លែងតាមរយៈអ្នកប្រកាសទំនាយថា៖ ‹ខ្ញុំនឹងបើកមាត់និយាយជាឧទាហរណ៍ ក៏នឹងប្រកាសប្រាប់ឲ្យដឹងនូវអ្វីៗដែលបានត្រូវលាក់បាំងតាំងពីកំណើតពិភពលោក›»។—ម៉ាថាយ ១៣:៣៤, ៣៥; ទំនុកតម្កើង ៧៨:២
បន្ថែមទៅទៀត មូលហេតុដែលលោកយេស៊ូលើកឧទាហរណ៍ច្រើន គឺដើម្បីបើកបង្ហាញចិត្តគំនិតរបស់ពួកបណ្ដាជន។ តាមពិត ពួកគេជាច្រើនចាប់អារម្មណ៍លោកយេស៊ូ ដោយគ្រាន់តែចាត់ទុកលោកជាអ្នកដែលពូកែនិទានរឿង ហើយជាអ្នកដែលធ្វើការអស្ចារ្យប៉ុណ្ណោះ។ ពួកគេមិនបានចាត់ទុកលោកជាលោកម្ចាស់ដែលពួកគេត្រូវគោរព ហើយធ្វើតាមដោយស្មោះអស់ពីចិត្តនោះទេ។ (លូកា ៦:៤៦, ៤៧) ពួកគេមិនចង់ផ្លាស់ប្ដូរទស្សនៈ ឬកែប្រែរបៀបរស់នៅរបស់ខ្លួនឡើយ ហើយពួកគេក៏មិនចង់ឲ្យអ្វីដែលលោកយេស៊ូបង្រៀនជ្រាបចូលយ៉ាងជ្រៅទៅក្នុងចិត្តរបស់ពួកគេដែរ។
ក្រោយពីពួកអ្នកកាន់តាមសួរអំពីមូលហេតុដែលលោកយេស៊ូប្រើឧទាហរណ៍ នោះលោកឆ្លើយទៅពួកគាត់ថា៖ «នេះជាមូលហេតុដែលខ្ញុំនិយាយទៅពួកគេដោយប្រើឧទាហរណ៍ ពីព្រោះទោះជាពួកគេមើល ក៏មើលមិនឃើញ ហើយទោះជាស្ដាប់ ក៏ស្ដាប់មិនឮ ហើយក៏មិនយល់អត្ថន័យដែរ។ ទំនាយដែលអេសាយបានប្រកាសកំពុងសម្រេចក្នុងករណីពួកគេ។ ទំនាយនោះថា៖ ‹ . . . ចិត្តរបស់មនុស្សទាំងនេះបានទៅជារឹង›»។—ម៉ាថាយ ១៣:១៣-១៥; អេសាយ ៦:៩, ១០
ប៉ុន្តែ ប្រសាសន៍របស់លោកយេស៊ូមិនមែនសំដៅទៅលើមនុស្សទាំងអស់ដែលកំពុងស្ដាប់លោកនោះទេ។ ហេតុអ្វី? ពីព្រោះបន្ទាប់មកលោកពន្យល់ថា៖ «អ្នករាល់គ្នាមានសុភមង្គលហើយ ពីព្រោះភ្នែករបស់អ្នកមើលឃើញ ហើយត្រចៀករបស់អ្នកក៏ស្ដាប់ឮ។ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ធ្លាប់មានអ្នកប្រកាសទំនាយនិងមនុស្សសុចរិតជាច្រើននាក់ដែលចង់មើលឃើញអ្វីដែលអ្នកកំពុងឃើញ តែមិនបានឃើញឡើយ ក៏ចង់ឮអ្វីដែលអ្នកកំពុងឮ តែមិនបានឮដែរ»។—ម៉ាថាយ ១៣:១៦, ១៧
ពួកសាវ័កទាំង១២នាក់និងអ្នកកាន់តាមស្មោះត្រង់ផ្សេងទៀត បានឲ្យអ្វីដែលពួកគេបានឮមានឥទ្ធិពលទៅលើចិត្តរបស់ពួកគេ។ ម្ល៉ោះហើយ លោកយេស៊ូមានប្រសាសន៍ថា៖ «អ្នករាល់គ្នាបានត្រូវអនុញ្ញាតឲ្យយល់អាថ៌កំបាំងដ៏ពិសិដ្ឋអំពីរាជាណាចក្រស្ថានសួគ៌។ ប៉ុន្តែមនុស្សទាំងនោះមិនបានត្រូវអនុញ្ញាតឲ្យយល់ទេ»។ (ម៉ាថាយ ១៣:១១) ដោយសារពួកសាវ័កពិតជាចង់យល់អំពីឧទាហរណ៍របស់លោកយេស៊ូ នោះលោកក៏ពន្យល់ពួកគាត់ថែមទៀតអំពីឧទាហរណ៍នៃអ្នកសាបព្រោះ។
លោកយេស៊ូមានប្រសាសន៍ថា៖ «គ្រាប់ពូជនោះ គឺជាបណ្ដាំរបស់ព្រះ»។ (លូកា ៨:១១) ម្យ៉ាងទៀត ដីគឺប្រៀបដូចជាចិត្តរបស់មនុស្ស។ ចំណុចសំខាន់ទាំងពីរនោះនឹងជួយយើងឲ្យយល់ឧទាហរណ៍អំពីអ្នកសាបព្រោះ។
ស្តីអំពីគ្រាប់ពូជដែលធ្លាក់លើដីបែកក្រហែងនៅតាមផ្លូវ លោកយេស៊ូបានពន្យល់ថា៖ «មេកំណាច មកយកបណ្ដាំនោះចេញពីចិត្តរបស់ពួកគេ ដើម្បីកុំឲ្យពួកគេជឿនិងទទួលសេចក្ដីសង្គ្រោះ»។ (លូកា ៨:១២) ស្តីអំពីគ្រាប់ពូជដែលធ្លាក់លើផ្ទាំងថ្ម លោកយេស៊ូសំដៅទៅលើចិត្តរបស់មនុស្សដែលទទួលយកបណ្ដាំដោយអំណរ ប៉ុន្តែបណ្ដាំនោះមិនបានចាក់ឫសជ្រៅក្នុងចិត្តរបស់ពួកគេទេ។ ហេតុអ្វី? ពីព្រោះ«ពេលកើតមានទុក្ខលំបាកឬការបៀតបៀនដោយសារបណ្ដាំនោះ» ពួកគេក៏ជំពប់ដួល។ ជាឧទាហរណ៍ ពេលពួកគេស្ថិតក្នុង«គ្រាដែលមានការល្បងល» ដូចជាការប្រឆាំងពីក្រុមគ្រួសារ ឬក៏ពីមនុស្សដទៃទៀត នោះពួកគេនឹងចាកចេញពីសេចក្ដីពិត។—ម៉ាថាយ ១៣:២១; លូកា ៨:១៣
ចុះយ៉ាងណាវិញចំពោះគ្រាប់ពូជដែលបានត្រូវសាបព្រោះនៅលើដីមានដើមបន្លា? លោកយេស៊ូបានប្រាប់អ្នកកាន់តាមលោកថា នោះសំដៅទៅលើមនុស្សដែលបានឮបណ្ដាំ ប៉ុន្តែពួកគេមាន«ការខ្វល់ខ្វាយអំពីជីវភាពនៅសម័យនេះ និងការល្បួងនៃទ្រព្យសម្បត្ដិ»។ (ម៉ាថាយ ១៣:២២) ពិតមែនតែពួកគេមានបណ្ដាំក្នុងចិត្ត ប៉ុន្តែបណ្ដាំនោះបានត្រូវគ្របបាំងជិត ដូច្នេះពួកគេមិនបង្កើតផលឡើយ។
ចុងក្រោយ លោកយេស៊ូបានលើកបញ្ជាក់អំពីគ្រាប់ពូជដែលបានត្រូវសាបព្រោះនៅលើដីល្អ។ នេះសំដៅទៅលើអ្នកដែលឮបណ្ដាំ រួចក៏រក្សាទុកក្នុងចិត្ត ហើយយល់អត្ថន័យនៃបណ្ដាំនោះ។ តើនាំឲ្យមានលទ្ធផលអ្វី? ពួកគេ«បង្កើតផល» ប៉ុន្តែ មិនមែនមនុស្សទាំងអស់អាចបង្កើតផលដូចៗគ្នានោះទេ នេះអាស្រ័យទៅលើស្ថានភាពរបស់ពួកគេ ដូចជាអាយុ និងសុខភាពជាដើម។ ជាឧទាហរណ៍ អ្នកខ្លះបង្កើតផលមួយជា១០០ អ្នកខ្លះមួយជា៦០ ហើយអ្នកខ្លះទៀតមួយជា៣០។ ពិតមែន ពួកអ្នកបម្រើព្រះនឹងទទួលពរពីលោក ដោយសារពួកគេ‹មានចិត្តល្អដែលប្រកបដោយគុណធម៌។ ក្រោយពីពួកគេឮបណ្ដាំ ពួកគេក៏រក្សាទុកក្នុងចិត្ត ហើយស៊ូទ្រាំព្រមទាំងបង្កើតផល›។—លូកា ៨:១៥
ការពន្យល់របស់លោកយេស៊ូច្បាស់ជាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើចិត្តរបស់ពួកអ្នកកាន់តាមដែលចង់យល់ថែមទៀតអំពីសេចក្ដីបង្រៀនរបស់លោក។ ឥឡូវ ពួកគាត់យល់ជ្រាលជ្រៅជាងអំពីអត្ថន័យនៃឧទាហរណ៍ទាំងនោះ។ លោកយេស៊ូចង់ឲ្យពួកគាត់យល់ឧទាហរណ៍របស់លោក ដើម្បីពួកគាត់អាចបង្រៀនសេចក្ដីពិតនោះដល់មនុស្សឯទៀតនៅពេលក្រោយមក។ ហេតុនេះ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «គេមិនដែលយកចង្កៀងមកដើម្បីដាក់ក្រោមប្រដាប់វាល់ស្រូវ ឬក្រោមគ្រែឡើយ មែនទេ? គេយកមកដើម្បីដាក់លើជើងចង្កៀងវិញ»។ ដូច្នេះ លោកដាស់តឿនពួកគាត់ថា៖ «អ្នកណាដែលមានត្រចៀកអាចស្ដាប់ឮ ចូរស្ដាប់ចុះ»។—ម៉ាកុស ៤:២១-២៣
ទទួលពរដែលជាការណែនាំថែមទៀត
ក្រោយពីពួកអ្នកកាន់តាមបានស្ដាប់ការពន្យល់របស់លោកយេស៊ូអំពីអ្នកសាបព្រោះ នោះពួកគាត់ចង់ដឹងអំពីអត្ថន័យនៃឧទាហរណ៍ផ្សេងទៀត ដោយសុំលោកថា៖ «សូមពន្យល់យើងឲ្យយល់ឧទាហរណ៍អំពីស្រងែក្នុងវាលស្រូវសាលី»។—ម៉ាថាយ ១៣:៣៦
ដោយសូមលោកឲ្យពន្យល់ថែមទៀត នោះបង្ហាញថាពួកគាត់មានចិត្តគំនិតដែលខុសពីបណ្ដាជនដែលឮប្រសាសន៍របស់លោកនៅឆ្នេរសមុទ្រ។ ទោះជាបណ្ដាជនបានឮក៏ដោយ តែពួកគេគ្មានចិត្តចង់ដឹងអំពីអត្ថន័យនៃឧទាហរណ៍ទាំងនោះទេ ហើយក៏មិនចង់ដឹងអំពីរបៀបអនុវត្តដែរ។ សម្រាប់ពួកគេការយល់បឋមសេចក្ដីនៃឧទាហរណ៍ទាំងនោះ គឺគ្រប់គ្រាន់ហើយ។ លោកយេស៊ូបានបញ្ជាក់ថាពួកគេខុសគ្នាពីអ្នកកាន់តាមលោកដែលមានចិត្តចង់ដឹង ដែលមកជួបលោកដើម្បីទទួលការណែនាំថែមទៀត។
លោកមានប្រសាសន៍ថា៖ «ចូរយកចិត្តទុកដាក់នឹងអ្វីដែលអ្នកកំពុងឮ។ អ្នកវាល់ប៉ុណ្ណា អ្នកនឹងទទួលប៉ុណ្ណឹង គឺអ្នកនឹងទទួលថែមទៀតផង»។ (ម៉ាកុស ៤:២៤) ពួកអ្នកកាន់តាមយកចិត្តទុកដាក់ចំពោះអ្វីដែលពួកគាត់បានឮពីលោកយេស៊ូ។ ពួកគាត់កំពុងវាល់ឲ្យលោកយេស៊ូ ដោយបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងស្មោះនិងការយកចិត្តទុកដាក់។ ហេតុនេះហើយបានជាពួកគាត់ទទួលពរដែលជាការណែនាំ និងការយល់ដឹងថែមទៀត។ ដូច្នេះ លោកយេស៊ូក៏ពន្យល់ពួកអ្នកកាន់តាមលោកអំពីឧទាហរណ៍ស្រូវសាលីនិងស្រងែ ដោយប្រាប់ដូចតទៅថា៖
«អ្នកដែលសាបព្រោះគ្រាប់ពូជល្អ គឺជាកូនមនុស្ស ឯវាលស្រូវសាលី គឺជាពិភពលោក។ ចំណែកគ្រាប់ពូជល្អ គឺជាកូននៃរាជាណាចក្រ ប៉ុន្តែស្រងែគឺជាកូនរបស់មេកំណាច ហើយសត្រូវដែលបានសាបព្រោះនោះ គឺជាមេកំណាច។ ការច្រូតគឺជាទីបញ្ចប់នៃរបៀបរបបពិភពលោក ហើយបណ្ដាទេវតាគឺជាអ្នកច្រូត»។—ម៉ាថាយ ១៣:៣៧-៣៩
ក្រោយពីលោកយេស៊ូបានពន្យល់ចំណុចនីមួយៗនៃឧទាហរណ៍នោះហើយ លោកក៏បានរៀបរាប់អំពីអ្វីដែលនឹងកើតឡើងក្រោយមក។ លោកមានប្រសាសន៍ថា នៅទីបញ្ចប់នៃរបៀបរបបពិភពលោក អ្នកច្រូត ឬបណ្ដាទេវតា នឹងញែកគ្រិស្តសាសនិកដែលមានលក្ខណៈដូចស្រងែចេញពីគ្រិស្តសាសនិកពិតដែលជា«កូននៃរាជាណាចក្រ»។ «មនុស្សសុចរិត»នឹងត្រូវប្រមូល ហើយនៅទីបំផុតពួកគេនឹងភ្លឺដូចថ្ងៃ«ក្នុងរាជាណាចក្រនៃបិតារបស់ពួកគេ»។ ចុះយ៉ាងណា«កូនរបស់មេកំណាច»? «ពួកគេនឹងយំហើយសង្កៀតធ្មេញ» ដោយសារពួកគេនឹងត្រូវបំផ្លាញចោល។—ម៉ាថាយ ១៣:៤១-៤៣
បន្ទាប់មក លោកយេស៊ូលើកឧទាហរណ៍បីទៀតដែលប្រៀបដូចជាពរដល់ពួកអ្នកកាន់តាមលោក។ មុនដំបូង លោកមានប្រសាសន៍ថា៖ «រាជាណាចក្រស្ថានសួគ៌គឺដូចជាកំណប់ទ្រព្យក្នុងវាល ដែលបុរសម្នាក់បានរកឃើញហើយលាក់ទុក។ រួចដោយសារគាត់ត្រេកអរជាខ្លាំង ក៏ទៅលក់អ្វីៗដែលគាត់មាន ហើយទិញវាលនោះ»។—ម៉ាថាយ ១៣:៤៤
លោកក៏មានប្រសាសន៍បន្តទៀតថា៖ «រាជាណាចក្រស្ថានសួគ៌គឺដូចជាអ្នកធ្វើដំណើរជួញដូរម្នាក់ ដែលកំពុងរកគជ់ខ្យងល្អវិសេស។ ពេលដែលរកឃើញគជ់ខ្យងមួយដែលមានតម្លៃខ្ពស់ គាត់ក៏ចេញទៅលក់អ្វីៗទាំងអស់ដែលគាត់មានភ្លាម ហើយទិញគជ់ខ្យងនោះ»។—ម៉ាថាយ ១៣:៤៥, ៤៦
ក្នុងឧទាហរណ៍ទាំងពីរនោះ លោកយេស៊ូលើកបញ្ជាក់អំពីអ្នកដែលស្ម័គ្រចិត្តលះបង់អ្វីៗទាំងអស់ដើម្បីទទួលរបស់ដែលពិតជាមានតម្លៃ។ អ្នកធ្វើដំណើរជួញដូរបានលក់«អ្វីៗទាំងអស់ដែលគាត់មាន»ភ្លាម ដើម្បីទិញគជ់ខ្យងមួយដែលមានតម្លៃខ្ពស់។ អ្នកកាន់តាមលោកយេស៊ូអាចយល់ឧទាហរណ៍នោះបាន ដោយសារពួកគាត់ស្គាល់ថាគជ់ខ្យងជារបស់ដែលមានតម្លៃ។ ស្តីអំពីបុរសម្នាក់ទៀត ក្រោយពីគាត់រកឃើញកំណប់ទ្រព្យក្នុងវាលហើយ គាត់ក៏«លក់អ្វីៗ»ដែលគាត់មានដើម្បីទិញវាលនោះ។ ឧទាហរណ៍ទាំងពីរនេះ បញ្ជាក់អំពីរបស់មួយដែលមានតម្លៃ ជាអ្វីដែលគួរឲ្យចង់បាន ដោយចាត់ទុកជារបស់ថ្លៃវិសេស។ ដូច្នេះ ឧទាហរណ៍ទាំងនេះបញ្ជាក់ថាអ្នកដែលចង់បំពេញការស្រេកឃ្លានចំពោះការណែនាំពីព្រះ ក៏ត្រូវធ្វើការលះបង់ដែរ។ (ម៉ាថាយ ៥:៣) អ្នកខ្លះដែលកំពុងស្ដាប់ឧទាហរណ៍របស់លោកយេស៊ូ បានបង្ហាញរួចហើយថា ពួកគេបានស្ម័គ្រចិត្តលះបង់យ៉ាងច្រើនដើម្បីបំពេញការស្រេកឃ្លានចំពោះការណែនាំពីព្រះ និងដើម្បីក្លាយទៅជាអ្នកកាន់តាមពិតរបស់លោកយេស៊ូ។—ម៉ាថាយ ៤:១៩, ២០; ១៩:២៧
ឧទាហរណ៍ចុងក្រោយ លោកយេស៊ូមានប្រសាសន៍ថារាជាណាចក្រស្ថានសួគ៌គឺដូចជាអួនដែលត្រូវទម្លាក់ទៅក្នុងសមុទ្រ ហើយជាប់បានត្រីគ្រប់យ៉ាង។ (ម៉ាថាយ ១៣:៤៧) ពេលអ្នកនេសាទញែកត្រីផ្សេងៗ នោះគាត់ដាក់ត្រីល្អក្នុងផើង ប៉ុន្តែត្រីដែលមិនអាចបរិភោគបាន គាត់បោះចោលវិញ។ លោកយេស៊ូប្រាប់ថា នេះក៏នឹងកើតឡើងដូចគ្នានៅគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក ពោលគឺបណ្ដាទេវតានឹងញែកមនុស្សទុច្ចរិតចេញពីមនុស្សសុចរិត។
លោកយេស៊ូផ្ទាល់កំពុងនេសាទក្នុងន័យធៀប ពេលដែលលោកបានអញ្ជើញពួកអ្នកកាន់តាមដំបូងរបស់លោកឲ្យក្លាយទៅជា«អ្នកនេសាទមនុស្សវិញ»។ (ម៉ាកុស ១:១៧) ទោះជាយ៉ាងនោះក៏ដោយ លោកមានប្រសាសន៍ថាឧទាហរណ៍របស់លោកអំពីអួនគឺសំដៅទៅលើអនាគត ពោលគឺ«នៅទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ»។ (ម៉ាថាយ ១៣:៤៩) ដូច្នេះ ពួកសាវ័កនិងពួកអ្នកកាន់តាមដែលកំពុងស្ដាប់លោក អាចយល់ថានឹងមានអ្វីដែលគួរឲ្យចាប់អារម្មណ៍កើតឡើងនៅថ្ងៃខាងមុខ។
អ្នកដែលបានឮឧទាហរណ៍របស់លោកយេស៊ូ ពេលលោកថ្លែងនៅលើទូក អាចទទួលការពន្យល់ថែមទៀត។ ហេតុអ្វី? ពីព្រោះលោកយេស៊ូស្ម័គ្រចិត្ត‹ពន្យល់អ្នកកាន់តាមលោកនូវអ្វីៗទាំងអស់ដោយឡែកពីគេ›។ (ម៉ាកុស ៤:៣៤) លោកគឺ«ដូចជាបុរសម្នាក់ជាម្ចាស់ផ្ទះ ដែលបញ្ចេញរបស់ទាំងថ្មីទាំងចាស់ពីឃ្លាំងទ្រព្យរបស់ខ្លួន»។ (ម៉ាថាយ ១៣:៥២) លោកយេស៊ូលើកឧទាហរណ៍ទាំងនេះ មិនមែនដើម្បីបង្ហាញថាលោកពូកែបង្រៀននោះទេ។ ផ្ទុយទៅវិញ លោកធ្វើដូច្នេះ ព្រោះលោកចង់ប្រាប់សេចក្ដីពិតដែលប្រៀបដូចជាកំណប់ទ្រព្យដល់ពួកអ្នកកាន់តាមលោក។ លោកពិតជា«គ្រូបង្រៀន»ដែលប្រៀបផ្ទឹមពុំបានឡើយ។