ជំពូកទី១០
ស្តេចនៃរាជាណាចក្ររបស់ព្រះសម្រិតសម្រាំងរាស្ត្ររបស់លោកខាងការគោរពប្រណិប័តន៍
១-៣. ពេលដែលលោកយេស៊ូឃើញថាវិហារត្រូវគេធ្វើឲ្យស្មោកគ្រោក តើលោកបានធ្វើយ៉ាងណា?
លោកយេស៊ូបានឲ្យតម្លៃខ្ពស់ទៅលើវិហាររបស់ព្រះនៅក្រុងយេរូសាឡិម ពីព្រោះលោកជ្រាបថា កន្លែងនោះជាតំណាងអ្វី។ តាំងពីយូរហើយ វិហារនោះជាមជ្ឈមណ្ឌលនៃការគោរពប្រណិប័តន៍ពិតនៅផែនដី។ ក៏ប៉ុន្តែ ការគោរពប្រណិប័តន៍នោះ ពោលគឺការគោរពប្រណិប័តន៍ព្រះយេហូវ៉ាដែលជាព្រះដ៏បរិសុទ្ធ ត្រូវតែជាការគោរពប្រណិប័តន៍ដ៏ស្អាតបរិសុទ្ធ។ ដូច្នេះ លោកយេស៊ូច្បាស់ជាទាស់ចិត្តយ៉ាងខ្លាំង ពេលដែលលោកចូលវិហារនៅថ្ងៃទី១០ ខែណែសាន ឆ្នាំ៣៣ គ.ស. ហើយឃើញថាវិហារនោះត្រូវគេធ្វើឲ្យស្មោកគ្រោកវិញ។ តើអ្វីកំពុងកើតឡើងនៅទីនោះ?—សូមអាន ម៉ាថាយ ២១:១២, ១៣
២ នៅទីធ្លានៃជនជាតិដទៃ ឈ្មួញនិងអ្នកប្ដូរប្រាក់ដ៏លោភលន់កំពុងកេងចំណេញពីពួកអ្នកគោរពប្រណិប័តន៍ដែលបានមកជូនគ្រឿងបូជាដល់ព្រះយេហូវ៉ា។a លោកយេស៊ូបាន«បណ្ដេញទាំងអ្នកលក់ទាំងអ្នកទិញ ក៏បានផ្កាប់តុរបស់អ្នកដូរប្រាក់»។ (សូមពិនិត្យបន្ថែម នេហេមា ១៣:៧-៩) លោកយេស៊ូបានផ្ដន្ទាទោសបុរសទាំងនោះដែលគិតតែប្រយោជន៍ខ្លួន ដោយសារពួកគេបានយកកន្លែងគោរពបូជារបស់បិតាលោកធ្វើជា«សម្បុកចោរវិញ»។ ដោយធ្វើដូច្នេះ លោកយេស៊ូបានបង្ហាញថាលោកឲ្យតម្លៃខ្ពស់ទៅលើវិហារនិងអ្វីដែលវិហារនោះជាតំណាង។ ការគោរពប្រណិប័តន៍បិតារបស់លោកត្រូវតែស្អាតបរិសុទ្ធ!
៣ រាប់រយឆ្នាំក្រោយមក បន្ទាប់ពីលោកយេស៊ូបានត្រូវតែងតាំងជាស្តេចដែលជាមេស្ស៊ី នោះលោកបានធ្វើឲ្យវិហារមួយផ្សេងទៀតស្អាតបរិសុទ្ធ។ វិហារនេះជាប់ទាក់ទងនឹងមនុស្សទាំងអស់គ្នានៅសព្វថ្ងៃនេះ ដែលចង់គោរពប្រណិប័តន៍ព្រះយេហូវ៉ាតាមរបៀបដែលលោកពេញចិត្ត។ តើលោកយេស៊ូបានធ្វើឲ្យវិហារអ្វីស្អាតបរិសុទ្ធ?
ការធ្វើឲ្យ«ពួកកូនចៅលេវី»ស្អាតបរិសុទ្ធ
៤, ៥. (ក) តាំងពីឆ្នាំ១៩១៤ តើតាមរបៀបណាអ្នកកាន់តាមលោកយេស៊ូបានត្រូវសម្រិតសម្រាំង? (ខ) តើការសម្រិតសម្រាំងរាស្ត្ររបស់ព្រះបានចប់នៅពេលនោះឬ? សូមពន្យល់។
៤ នៅជំពូកទី២ក្នុងសៀវភៅនេះ យើងបានរៀនថា ក្រោយពីលោកយេស៊ូបានត្រូវតែងតាំងជាស្តេចនៅឆ្នាំ១៩១៤ នោះលោកបានមកជាមួយនឹងបិតាលោកដើម្បីត្រួតពិនិត្យមើលរបៀបរៀបចំសម្រាប់ការគោរពប្រណិប័តន៍ពិត។ របៀបរៀបចំនេះគឺប្រៀបដូចជាវិហារមួយ។ លទ្ធផលនៃការត្រួតពិនិត្យនេះ គឺស្តេចបានឃើញថាគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ ពោលគឺ«ពួកកូនចៅលេវី» ត្រូវការនូវការសម្រិតសម្រាំង និងត្រូវការជំនួយដើម្បីទៅជាស្អាតបរិសុទ្ធ។ (ម៉ាឡ. ៣:១-៣) ចាប់តាំងពីឆ្នាំ១៩១៤ដល់ដើមឆ្នាំ១៩១៩ ព្រះយេហូវ៉ាបានធ្វើជាអ្នកសម្រិតសម្រាំង ហើយលោកបានឲ្យរាស្ត្ររបស់លោកឆ្លងកាត់ការល្បងលនិងទុក្ខលំបាកផ្សេងៗដែលបានសម្រិតសម្រាំងពួកគេ និងធ្វើឲ្យពួកគេស្អាតបរិសុទ្ធ។ ក្រោយពីការល្បងលទាំងនោះ គ្រិស្តសាសនិកដែលព្រះបានរើសតាំងមានលក្ខណៈស្អាតបរិសុទ្ធជាង ហើយពួកគេមានចិត្តរំភើបចង់បង្ហាញស្តេចដែលជាមេស្ស៊ីថា ពួកគេគាំទ្រលោក។ នេះពិតជាធ្វើឲ្យយើងសប្បាយចិត្តមែន!
៥ តើនោះជាទីបញ្ចប់នៃការសម្រិតសម្រាំងនិងការធ្វើឲ្យរាស្ត្ររបស់ព្រះស្អាតបរិសុទ្ធឬ? មិនមែនទេ។ ក្នុងអំឡុងគ្រាចុងក្រោយបង្អស់នេះ តាមរយៈមេស្ស៊ីដែលជាស្តេច នោះព្រះយេហូវ៉ាបន្តជួយអ្នកកាន់តាមមេស្ស៊ីឲ្យមានភាពស្អាតបរិសុទ្ធដើម្បីពួកគេអាចនៅក្នុងវិហារ ឬរបៀបរៀបចំរបស់លោកជានិច្ច។b ក្នុងពីរជំពូកបន្តបន្ទាប់នេះ យើងនឹងរៀនអំពីរបៀបដែលលោកបានសម្រិតសម្រាំងរាស្ត្ររបស់លោកខាងសីលធម៌និងខាងរបៀបរៀបចំ។ ក៏ប៉ុន្តែមុនបង្អស់ សូមពិចារណាអំពីការធ្វើឲ្យរាស្ត្ររបស់លោកស្អាតបរិសុទ្ធខាងការគោរពប្រណិប័តន៍។ លោកយេស៊ូបានជួយអ្នកកាន់តាមលោកឲ្យស្អាតបរិសុទ្ធខាងការគោរពប្រណិប័តន៍។ លោកបានធ្វើដូច្នេះតាមរបៀបដែលងាយមើលឃើញ ព្រមទាំងតាមរបៀបដែលមិនងាយកត់សម្គាល់។ ការពិចារណាអំពីរបៀបទាំងនោះនឹងពង្រឹងជំនឿរបស់យើង។
«ចូរញែកខ្លួនចេញជាស្អាត»
៦. ពេលដែលយើងពិចារណាអ្វីដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យជនជាតិយូដាធ្វើ តើនោះជួយយើងឲ្យយល់អត្ថន័យនៃភាពស្អាតបរិសុទ្ធយ៉ាងដូចម្ដេច?
៦ តើភាពស្អាតបរិសុទ្ធខាងការគោរពប្រណិប័តន៍ជាអ្វី? ដើម្បីឆ្លើយសំណួរនេះ សូមពិចារណាអ្វីដែលព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ជនជាតិយូដាដែលជានិរទេសជន ពេលដែលពួកគេបម្រុងនឹងចាកចេញពីក្រុងបាប៊ីឡូននៅសតវត្សរ៍ទី៦ មុនគ.ស.។ (សូមអាន អេសាយ ៥២:១១) មូលហេតុសំខាន់ដែលជនជាតិយូដាទាំងនោះនឹងត្រឡប់ទៅក្រុងយេរូសាឡិម គឺដើម្បីរៀបចំការគោរពប្រណិប័តន៍ពិតឡើងវិញ ថែមទាំងសង់វិហារឡើងវិញផងដែរ។ (អែស. ១:២-៤) ព្រះយេហូវ៉ាចង់ឲ្យរាស្ត្ររបស់លោកលះចោលយ៉ាងជ្រះស្រឡះនូវសាសនាបាប៊ីឡូន។ សូមកត់សម្គាល់នូវបង្គាប់ផ្សេងៗដែលលោកបានផ្ដល់ឲ្យថា៖ «កុំឲ្យពាល់របស់អ្វីដែលមិនស្អាតឡើយ» «ចូរចេញពីកណ្ដាលទីក្រុងនេះទៅ» និង«ចូរញែកខ្លួនចេញជាស្អាត»។ ការគោរពប្រណិប័តន៍ពិតរបស់ព្រះយេហូវ៉ា មិនត្រូវលាយជាមួយនឹងសាសនាមិនពិតឡើយ សូម្បីតែបន្ដិចក៏ដោយ។ បើដូច្នេះ តើយើងគួរសន្និដ្ឋានយ៉ាងណា? ភាពស្អាតបរិសុទ្ធខាងការគោរពប្រណិប័តន៍រួមបញ្ចូលការជៀសចេញពីសេចក្ដីបង្រៀននិងទំនៀមទម្លាប់របស់សាសនាមិនពិត។
៧. តើលោកយេស៊ូបានជួយអ្នកកាន់តាមលោកឲ្យមានភាពស្អាតបរិសុទ្ធយ៉ាងដូចម្ដេច?
៧ មិនយូរក្រោយពីលោកយេស៊ូបានត្រូវតែងតាំងជាស្តេច នោះលោកបានរៀបចំខ្សែរយៈច្បាស់លាស់មួយ ដែលលោកបានប្រើដើម្បីជួយអ្នកកាន់តាមលោកឲ្យរក្សាភាពស្អាតបរិសុទ្ធខាងការគោរពប្រណិប័តន៍។ ខ្សែរយៈនោះជាខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណាដែលគ្រិស្តបានតែងតាំងនៅឆ្នាំ១៩១៩។ (ម៉ាថ. ២៤:៤៥) មកដល់ឆ្នាំនោះ និស្សិតគម្ពីរបានធ្វើឲ្យខ្លួនស្អាតបរិសុទ្ធ ដោយលះចោលសេចក្ដីបង្រៀនជាច្រើនរបស់សាសនាមិនពិត។ ក៏ប៉ុន្តែ ពួកគេនៅតែត្រូវការជំនួយថែមទៀតដើម្បីស្អាតបរិសុទ្ធខាងការគោរពប្រណិប័តន៍។ តាមរយៈខ្ញុំបម្រើដ៏ស្មោះត្រង់របស់គ្រិស្ត នោះលោកបានបំភ្លឺភ្នែកអ្នកកាន់តាមលោកបន្ដិចម្ដងៗអំពីពិធីបុណ្យនិងទំនៀមទម្លាប់ផ្សេងៗដែលពួកគេត្រូវលះចោល។ (សុភ. ៤:១៨) សូមពិចារណាឧទាហរណ៍ខ្លះ។
តើគ្រិស្តសាសនិកគួរធ្វើបុណ្យណូអែលឬ?
៨. តាំងពីយូរហើយ តើនិស្សិតគម្ពីរបានទទួលស្គាល់អ្វីអំពីបុណ្យណូអែល ហើយតើអ្វីដែលពួកគេមិនបានយល់ច្បាស់?
៨ និស្សិតគម្ពីរបានទទួលស្គាល់ជាយូរហើយថា បុណ្យណូអែលមានដើមកំណើតមកពីសាសនាក្រៅពីគ្រិស្តសាសនា ហើយក៏បានដឹងដែរថា លោកយេស៊ូមិនបានកើតនៅថ្ងៃទី២៥ ខែធ្នូទេ។ ទស្សនាវដ្ដីប៉មយាម ខែធ្នូ ឆ្នាំ១៨៨១ បានចែងថា៖ «មនុស្សរាប់លាននាក់ពីសាសនាផ្សេងបានត្រូវប្រមូលចូលមកគ្រិស្តសាសនា។ ប៉ុន្តែការផ្លាស់ប្ដូរសាសនានេះច្រើនតែជាការផ្លាស់ប្ដូរឈ្មោះប៉ុណ្ណោះ ពីព្រោះសង្ឃក្នុងសាសនាឯទៀតនោះបានទៅជាសង្ឃក្នុងគ្រិស្តសាសនា ហើយបុណ្យប្រពៃណីផ្សេងៗរបស់សាសនាទាំងនោះបានត្រូវហៅថាបុណ្យគ្រិស្តសាសនាវិញ។ ក្នុងចំណោមបុណ្យទាំងនោះមានបុណ្យណូអែល»។ នៅឆ្នាំ១៨៨៣ ទស្សនាវដ្ដីប៉មយាមមានអត្ថបទមួយដែលមានចំណងជើងថា«តើលោកយេស៊ូបានកើតនៅពេលណា?»។ ក្នុងអត្ថបទនោះមានហេតុផលដែលបញ្ជាក់ថា លោកយេស៊ូបានកើតនៅខែតុលា។c ទោះជាយ៉ាងនោះក៏ដោយ នៅពេលនោះ និស្សិតគម្ពីរមិនបានយល់ច្បាស់ថាពួកគេត្រូវឈប់ធ្វើបុណ្យណូអែលទេ។ ពួកគេនៅតែធ្វើបុណ្យណូអែល ហើយសូម្បីតែសមាជិកក្រុមគ្រួសារបេតអែលនៅក្រុងប៊្រុគ្លីនក៏បានធ្វើបុណ្យនោះដែរ។ ក៏ប៉ុន្តែ ក្រោយឆ្នាំ១៩២៦ ការផ្លាស់ប្ដូរបានចាប់ផ្ដើមឡើង។ ហេតុអ្វី?
៩. តើនិស្សិតគម្ពីរចាប់ផ្ដើមយល់ឃើញអ្វីអំពីបុណ្យណូអែល?
៩ និស្សិតគម្ពីរបានពិនិត្យពិចារណាអំពីបុណ្យណូអែលឲ្យបានដិតដល់ជាង។ ពេលធ្វើដូច្នេះ ពួកគេចាប់ផ្ដើមយល់ឃើញថា ដើមកំណើតនៃបុណ្យណូអែលនិងទំនៀមទម្លាប់នៃបុណ្យនោះធ្វើឲ្យព្រះអាប់ឱនកិត្ដិយស មិនមែនលើកតម្កើងលោកទេ។ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩២៧ ទស្សនាវដ្ដីសម័យរុងរឿងបានចុះអត្ថបទមួយដែលមានចំណងជើងថា«ប្រភពដើមនៃបុណ្យណូអែល»។ អត្ថបទនោះសរសេរថាបុណ្យណូអែលមិនមែនមកពីគ្រិស្តសាសនាទេ ហើយជាបុណ្យដែលផ្ដោតទៅលើការសប្បាយ ក៏រួមបញ្ចូលការគោរពបូជារូបព្រះដែរ។ ក្នុងសេចក្ដីបញ្ចប់ អត្ថបទនោះបញ្ជាក់ថាគ្រិស្តមិនបានបង្គាប់ឲ្យធ្វើបុណ្យណូអែលទេ។ អត្ថបទនោះក៏បានចែងដោយចំៗថា៖ «ពិភពលោកនេះ និងមេកំណាចចូលចិត្តបុណ្យណូអែលណាស់។ ម្យ៉ាងទៀត បុណ្យណូអែលបំពេញសេចក្ដីប៉ងប្រាថ្នាខុសឆ្គងរបស់មនុស្ស។ ចំណុចទាំងនេះបញ្ជាក់ឲ្យយើងដឹងច្បាស់ថា អ្នកដែលបានប្រគល់ខ្លួនដើម្បីបម្រើព្រះយេហូវ៉ា មិនត្រូវធ្វើបុណ្យនោះឡើយ»។ ដូច្នេះ គឺមិនចម្លែកទេ ដែលនៅខែធ្នូនាឆ្នាំនោះ និងជារៀងរហូតក្រោយមក ក្រុមគ្រួសារបេតអែលមិនបានធ្វើបុណ្យណូអែលសោះ!
១០. (ក) នៅឆ្នាំ១៩២៨ តើបងប្អូនបានទទួលព័ត៌មានអ្វីខ្លះអំពីបុណ្យណូអែល? (សូមមើលប្រអប់«ដើមកំណើតនិងគោលបំណងនៃបុណ្យណូអែល») (ខ) តើតាមរបៀបណារាស្ត្ររបស់ព្រះបានត្រូវព្រមានអំពីបុណ្យឯទៀត? (សូមមើលប្រអប់«ការលាតត្រដាងអំពីបុណ្យឯទៀត»)
១០ នៅឆ្នាំបន្ទាប់ និស្សិតគម្ពីរបានទទួលព័ត៌មានច្បាស់ជាងនោះទៅទៀតអំពីបុណ្យណូអែល។ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩២៨ បងប្រុសរីឆឺដ បាបឺ ដែលជាសមាជិកមន្ទីរចាត់ការអង្គការរបស់យើង បានថ្លែងសុន្ទរកថាមួយដែលគេផ្សាយតាមវិទ្យុ។ សុន្ទរកថានោះបានលាតត្រដាងប្រភពស្មោកគ្រោកនៃបុណ្យណូអែល។ ក្រោយពីបានទទួលការណែនាំច្បាស់លាស់ពីមន្ទីរចាត់ការ តើរាស្ត្ររបស់ព្រះបានធ្វើយ៉ាងណា? បងប្រុសឆាល ប្រេនឡែន រៀបរាប់អំពីពេលដែលក្រុមគ្រួសាររបស់គាត់ឈប់ធ្វើបុណ្យណូអែលដោយនិយាយថា៖ «តើយើងពិបាកចិត្តដោយសារយើងត្រូវបោះបង់ចោលអ្វីដែលទាក់ទងនឹងសាសនាមិនពិតឬ? មិនមែនទាល់តែសោះ! . . . គឺដូចជាយើងបានដោះខោអាវកខ្វក់ហើយបោះវាចោល»។ បងប្រុសហេនរី ខេនវេល ដែលធ្លាប់បម្រើជាអ្នកធ្វើដំណើរត្រួតពិនិត្យ មានចិត្តគំនិតដូចគ្នា។ គាត់បានរៀបរាប់ថា៖ «យើងសប្បាយចិត្តដែលយើងអាចលះបង់អ្វីមួយដើម្បីបង្ហាញថាយើងស្រឡាញ់ព្រះយេហូវ៉ា»។ អស់អ្នកដែលកាន់តាមគ្រិស្តដោយស្មោះត្រង់ បានស្ម័គ្រចិត្តកែប្រែអ្វីដែលចាំបាច់ ដើម្បីឈប់ធ្វើបុណ្យដែលមានដើមកំណើតមកពីការគោរពប្រណិប័តន៍ដែលមិនស្អាតបរិសុទ្ធ។d—យ៉ូន. ១៥:១៩; ១៧:១៤
១១. តើយើងអាចបង្ហាញយ៉ាងដូចម្ដេចថាយើងគាំទ្រស្តេចដែលជាមេស្ស៊ី?
១១ និស្សិតគម្ពីរដ៏ស្មោះត្រង់ទាំងនោះបានទុកគំរូល្អណាស់សម្រាប់យើង! ដោយពិចារណាអំពីគំរូរបស់ពួកគេ យើងគួរដណ្ដឹងសួរខ្លួនយើងថា‹តើខ្ញុំមានទស្សនៈយ៉ាងណាចំពោះការណែនាំដែលមកពីមន្ទីរចាត់ការ? តើខ្ញុំសប្បាយចិត្តទទួលយកការណែនាំ ហើយធ្វើអ្វីដែលខ្ញុំរៀនពីពួកគាត់ឬទេ?›។ ពេលដែលយើងស្ដាប់បង្គាប់ដោយស្មោះពីចិត្ត នោះបង្ហាញថាយើងគាំទ្រស្តេចជាមេស្ស៊ី ដែលកំពុងប្រើខ្ញុំបម្រើដ៏ស្មោះត្រង់ដើម្បីផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារតាមត្រូវពេល។—សកម្ម. ១៦:៤, ៥
តើគ្រិស្តសាសនិកគួរប្រើឈើឆ្កាងឬ?
១២. អស់ជាច្រើនឆ្នាំ តើនិស្សិតគម្ពីរមានទស្សនៈយ៉ាងណាចំពោះឈើឆ្កាង?
១២ អស់ជាច្រើនឆ្នាំ និស្សិតគម្ពីរបានចាត់ទុកឈើឆ្កាងថាជានិមិត្តរូបដ៏សមរម្យសម្រាប់គ្រិស្តសាសនា។ ទោះជាយ៉ាងនោះក៏ដោយ ពួកគេពិតជាមិនបានគិតថាពួកគេគួរគោរពបូជាឈើឆ្កាងទេ ពីព្រោះពួកគេយល់ថាការគោរពបូជារូបព្រះគឺជាការខុស។ (១កូ. ១០:១៤; ១យ៉ូន. ៥:២១) សូម្បីតែនៅឆ្នាំ១៨៨៣ ទស្សនាវដ្ដីប៉មយាមបានបញ្ជាក់យ៉ាងចំៗថា៖ «ព្រះស្អប់ខ្ពើមការគោរពបូជារូបព្រះគ្រប់បែបយ៉ាង»។ ក៏ប៉ុន្តែនៅដើមដំបូង និស្សិតគម្ពីរមិនបានយល់ថាការប្រើឈើឆ្កាងតាមរបៀបផ្សេងៗជាការខុសនោះទេ។ ជាឧទាហរណ៍ ពួកគេធ្លាប់ពាក់ដោយមានមោទនភាពនូវកន្លាស់អាវដែលមានរូបឈើឆ្កាងនិងរូបមកុដមួយជាសញ្ញាសម្គាល់។ ចំពោះពួកគេ រូបនោះមានអត្ថន័យថាពួកគេនឹងទទួលមកុដជាជីវិត បើពួកគេនៅស្មោះត្រង់រហូតដល់ស្លាប់។ ចាប់ពីឆ្នាំ១៨៩១ រូបឈើឆ្កាងនិងមកុដមួយមាននៅលើក្របទស្សនាវដ្ដីប៉មយាម។
១៣. តើអ្នកកាន់តាមគ្រិស្តបានទទួលការបំភ្លឺអ្វីខ្លះស្តីអំពីការប្រើឈើឆ្កាង? (សូមមើលដែរនូវប្រអប់ដែលមានចំណងជើងថា«ពួកគេទទួលការបំភ្លឺបន្ដិចម្ដងៗស្តីអំពីការប្រើឈើឆ្កាង»)
១៣ និស្សិតគម្ពីរធ្លាប់ស្រឡាញ់រូបឈើឆ្កាងនិងមកុដនោះ។ ក៏ប៉ុន្តែជិតឆ្នាំ១៩៣០ អ្នកកាន់តាមគ្រិស្តចាប់ផ្ដើមទទួលការបំភ្លឺបន្ដិចម្ដងៗ ស្តីអំពីការប្រើឈើឆ្កាង។ បងប្រុសគ្រែន ស៊ូថឺ ដែលធ្លាប់បម្រើជាសមាជិកគណៈអភិបាល បានរៀបរាប់អំពីសន្និបាតមួយនៅឆ្នាំ១៩២៨ នារដ្ឋមីស៊ីហ្គិន សហរដ្ឋអាម៉េរិក។ គាត់ប្រាប់ថា៖ «សន្និបាតនោះបានបញ្ជាក់ឲ្យឃើញថា រូបឈើឆ្កាងនិងមកុដគឺមិនចាំបាច់ ហើយក៏មិនត្រឹមត្រូវដែរ»។ ក្នុងអំឡុងប៉ុន្មានឆ្នាំបន្ទាប់ពីនោះ និស្សិតគម្ពីរបានទទួលការបំភ្លឺថែមទៀត។ ពួកគេអាចឃើញច្បាស់ថា ការគោរពប្រណិប័តន៍ដ៏ស្អាតបរិសុទ្ធ មិនត្រូវរួមបញ្ចូលឈើឆ្កាងទេ។
១៤. តើរាស្ត្ររបស់ព្រះបានធ្វើយ៉ាងណាពេលដែលទទួលការបំភ្លឺបន្ដិចម្ដងៗស្តីអំពីការប្រើឈើឆ្កាង?
១៤ ពេលដែលរាស្ត្ររបស់ព្រះទទួលការបំភ្លឺស្តីអំពីឈើឆ្កាង តើពួកគេបានធ្វើយ៉ាងណា? តើពួកគេនៅតែទុករូបឈើឆ្កាងនិងមកុដដែលពួកគេធ្លាប់គោរពស្រឡាញ់នោះឬ? បងស្រីលីឡា រ៉ូបឺត ដែលបានបម្រើព្រះយេហូវ៉ាយូរឆ្នាំហើយ ប្រាប់ថា៖ «ពេលយើងដឹងថាឈើឆ្កាងនោះជាតំណាងអ្វី យើងស្រួលលះបង់វាចោល»។ បងស្រីស្មោះត្រង់មួយរូបទៀត ឈ្មោះអ៊ូសឺឡឺ សឺរេងខូ បានបញ្ជាក់អារម្មណ៍ដូចអារម្មណ៍របស់បងប្អូនជាច្រើននាក់ទៀតថា៖ «យើងចាប់ផ្ដើមដឹងថា និមិត្តរូបមួយដែលយើងធ្លាប់គោរពស្រឡាញ់ដោយចាត់ទុកជាតំណាងមរណភាពរបស់លោកម្ចាស់យើង និងជាតំណាងភក្ដីភាពរបស់គ្រិស្តសាសនិក តាមពិតជានិមិត្តរូបរបស់សាសនាមិនពិតវិញ។ សមស្របតាមសុភាសិត ៤:១៨ យើងសប្បាយចិត្តដែលផ្លូវរបស់យើងកាន់តែភ្លឺឡើងៗ»។ អ្នកកាន់តាមដ៏ស្មោះត្រង់របស់គ្រិស្ត មិនចង់រួមចំណែកក្នុងសាសនាមិនពិតដ៏ស្មោកគ្រោកនោះឡើយ!
១៥, ១៦. តើយើងបង្ហាញយ៉ាងដូចម្ដេចថាយើងចង់ជួយរក្សាទីធ្លានៃវិហាររបស់ព្រះយេហូវ៉ានៅផែនដីឲ្យស្អាតបរិសុទ្ធ?
១៥ នៅសព្វថ្ងៃនេះ យើងតាំងចិត្តដូចពួកគាត់ដែរ។ យើងទទួលស្គាល់ថាគ្រិស្តកំពុងប្រើខ្សែរយៈដ៏ច្បាស់លាស់មួយ គឺខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា។ លោកប្រើពួកគាត់ដើម្បីជួយរាស្ត្ររបស់លោកឲ្យរក្សាភាពស្អាតបរិសុទ្ធក្នុងការគោរពប្រណិប័តន៍។ ដូច្នេះ នៅពេលដែលសេចក្ដីបង្រៀនដែលយើងទទួលដាស់តឿនយើងអំពីពិធីបុណ្យ ឬទំនៀមទម្លាប់ដែលពាក់ព័ន្ធនឹងសាសនាមិនពិត យើងធ្វើតាមការដាស់តឿននោះភ្លាមៗ។ យើងតាំងចិត្តរក្សាទីធ្លានៃវិហាររបស់ព្រះយេហូវ៉ានៅផែនដីឲ្យស្អាតបរិសុទ្ធ ដូចបងប្អូនរបស់យើងដែលបានរស់នៅសម័យដែលវត្តមានរបស់គ្រិស្តទើបតែចាប់ផ្ដើមនោះ។
១៦ ក្នុងអំឡុងគ្រាចុងក្រោយបង្អស់ គ្រិស្តបានចាត់វិធានការតាមរបៀបផ្សេងៗដែលយើងមើលមិនឃើញ ដើម្បីការពារក្រុមជំនុំនៃរាស្ត្ររបស់ព្រះយេហូវ៉ាពីអ្នកដែលអាចធ្វើឲ្យការគោរពប្រណិប័តន៍របស់រាស្ត្រព្រះលែងស្អាតបរិសុទ្ធ។ តើលោកបានធ្វើដូច្នេះយ៉ាងដូចម្ដេច? សូមពិចារណាព័ត៌មានបន្តបន្ទាប់នេះ។
ការញែក«មនុស្សទុច្ចរិតចេញពីចំណោមមនុស្សសុចរិត»
១៧, ១៨. ក្នុងឧទាហរណ៍ស្តីអំពីអួន តើអ្វីជាអត្ថន័យនៃ (ក) ការទម្លាក់អួន (ខ) ការ«ជាប់បានត្រីគ្រប់យ៉ាង» (គ) ការប្រមូលត្រីល្អដាក់ក្នុងផើង និង(ឃ) ការបោះចោលត្រីដែលមិនល្អ?
១៧ លោកយេស៊ូគ្រិស្តដែលជាស្តេច កំពុងរក្សាការពារក្រុមជំនុំនៃរាស្ត្ររបស់ព្រះទូទាំងផែនដី។ តាមវិធីដែលយើងមិនអាចយល់ទាំងស្រុងបាន នោះគ្រិស្តនិងបណ្ដាទេវតាកំពុងញែកមនុស្ស។ លោកយេស៊ូបានបញ្ជាក់អំពីកិច្ចការនេះក្នុងឧទាហរណ៍របស់លោកស្តីអំពីអួន។ (សូមអាន ម៉ាថាយ ១៣:៤៧-៥០) តើឧទាហរណ៍នេះមានន័យដូចម្ដេច?
១៨ ការទម្លាក់‹អួនទៅក្នុងសមុទ្រ›: អួនជាតំណាងការផ្សព្វផ្សាយអំពីរាជាណាចក្រព្រះក្នុងចំណោមមនុស្សជាតិដែលប្រៀបដូចជាសមុទ្រ។ «ជាប់បានត្រីគ្រប់យ៉ាង»: ដំណឹងល្អទាក់ទាញមនុស្សគ្រប់ប្រភេទ គឺមនុស្សដែលកែប្រែហើយទៅជាគ្រិស្តសាសនិកពិត ហើយក៏ទាក់ទាញមនុស្សជាច្រើនដែលចាប់អារម្មណ៍នៅដើមដំបូង តែមិនដែលកាន់ជំហរខាងការគោរពប្រណិប័តន៍ពិតទេ។e ការប្រមូល«ត្រីល្អដាក់ក្នុងផើង»: មនុស្សដែលមានចិត្តស្មោះបានត្រូវប្រមូលមកក្នុងក្រុមជំនុំ។ នៅទីនោះពួកគេអាចគោរពប្រណិប័តន៍ព្រះយេហូវ៉ាតាមរបៀបស្អាតបរិសុទ្ធ។ ការបោះចោលត្រីដែលមិនល្អ: ក្នុងអំឡុងគ្រាចុងក្រោយបង្អស់ គ្រិស្តនិងបណ្ដាទេវតាកំពុងញែក«មនុស្សទុច្ចរិតចេញពីចំណោមមនុស្សសុចរិត»។f ជាលទ្ធផល អ្នកដែលគ្មានចិត្តគំនិតត្រឹមត្រូវ គឺអ្នកដែលប្រហែលជាមិនព្រមបោះបង់ចោលជំនឿ ឬទំនៀមទម្លាប់ដែលខុស មិនបានត្រូវអនុញ្ញាតឲ្យបង្ខូចក្រុមជំនុំឡើយ។g
១៩. តើអ្នកមានអារម្មណ៍យ៉ាងណាអំពីអ្វីដែលគ្រិស្តបានធ្វើដើម្បីរក្សាការពាររាស្ត្ររបស់ព្រះនិងការគោរពប្រណិប័តន៍ពិតឲ្យស្អាតបរិសុទ្ធ?
១៩ យើងពិតជាមានអារម្មណ៍ថាខ្លួនមានសុវត្ថិភាព ដោយដឹងថាលោកយេស៊ូគ្រិស្តដែលជាស្តេចរបស់យើង កំពុងការពាររាស្ត្ររបស់លោក មែនទេ? ម្យ៉ាងទៀត ពេលយើងដឹងថានៅសព្វថ្ងៃនេះ លោកនៅតែមានចិត្តខ្នះខ្នែងក្នុងការការពារការគោរពប្រណិប័តន៍ពិត និងក្នុងការជួយអ្នកដែលគោរពប្រណិប័តន៍ពិត ដូចលោកបានធ្វើនៅសតវត្សរ៍ទី១ គ.ស. នោះពិតជាធ្វើឲ្យយើងសប្បាយណាស់! យើងប្រាកដជាមានចិត្តកតញ្ញូដោយសារគ្រិស្តកំពុងចាត់វិធានការដើម្បីការពារភាពស្អាតបរិសុទ្ធរបស់រាស្ត្រព្រះនិងការគោរពប្រណិប័តន៍ពិត! យើងអាចបង្ហាញថាយើងគាំទ្រស្តេចរបស់យើងនិងរាជាណាចក្រព្រះ ដោយជៀសឆ្ងាយពីសាសនាមិនពិត។
a ជនជាតិយូដាដែលទៅវិហារត្រូវប្រើកាក់ម្យ៉ាងដើម្បីបង់ពន្ធវិហារប្រចាំឆ្នាំ។ ដើម្បីបានកាក់ដែលពួកគេត្រូវការនោះ ពួកគេត្រូវប្ដូរប្រាក់។ អ្នករកស៊ីប្ដូរប្រាក់នៅទីនោះបានទារលុយពីពួកគេជាថ្លៃសេវាប្ដូរប្រាក់។ ម្យ៉ាងទៀត អ្នកដែលមកពីស្រុកឆ្ងាយប្រហែលជាត្រូវទិញសត្វសម្រាប់គ្រឿងបូជា។ មូលហេតុដែលលោកយេស៊ូបានហៅអ្នកលក់ដូរទាំងនោះថាជា«ចោរ» ទំនងជាមកពីពួកគេទារថ្លៃពេកសម្រាប់សេវាផ្សេងៗនោះ។
b រាស្ត្ររបស់ព្រះនៅផែនដីគោរពប្រណិប័តន៍លោកក្នុងទីធ្លាផ្នែកនៅផែនដីនៃវិហាររបស់លោក។
c អត្ថបទនេះបានបញ្ជាក់ថា ការសន្និដ្ឋានថាលោកយេស៊ូបានកើតនៅរដូវរងា«គឺមិនសមស្របតាមកំណត់ហេតុស្តីអំពីគង្វាលដែលនៅខាងក្រៅជាមួយនឹងហ្វូងសត្វរបស់ពួកគេទេ»។—លូក. ២:៨
d បងប្រុសហ្វ្រីឌីរិក ហ្វ្រេន បានសរសេរសំបុត្រមួយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩២៧ ថា៖ «យើងនឹងមិនធ្វើបុណ្យណូអែលនៅឆ្នាំនេះឡើយ។ ក្រុមគ្រួសារបេតអែលបានបោះឆ្នោតសម្រេចចិត្តឈប់ធ្វើបុណ្យណូអែលទៀត»។ ប៉ុន្មានខែក្រោយមក នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ១៩២៨ បងហ្វ្រេនបានសរសេរសំបុត្រមួយថា៖ «បន្ដិចម្ដងៗ លោកម្ចាស់កំពុងធ្វើឲ្យយើងស្អាតបរិសុទ្ធពីកំហុសឆ្គងនៃអង្គការរបស់មេកំណាចដែលមានប្រភពដើមនៅក្រុងបាប៊ីឡូន»។
e ជាឧទាហរណ៍ សូមគិតអំពីឆ្នាំ២០១៣ មានអ្នកផ្សព្វផ្សាយ៧.៩៦៥.៩៥៤នាក់ រីឯអ្នកដែលចូលរួមពិធីរំលឹកមរណភាពរបស់គ្រិស្តគឺមាន១៩.២៤១.២៥២នាក់។
f ការញែកត្រីល្អចេញពីត្រីមិនល្អ មិនមែនដូចគ្នានឹងការញែកចៀមចេញពីពពែទេ។ (ម៉ាថ. ២៥:៣១-៤៦) ការញែកចៀមចេញពីពពែ ជាការវិនិច្ឆ័យចុងក្រោយ ហើយនេះកើតឡើងនៅគ្រាទុក្ខវេទនាជាខ្លាំង។ ទម្រាំដល់ពេលនោះ អ្នកដែលប្រៀបដូចជាត្រីមិនល្អអាចត្រឡប់មកព្រះយេហូវ៉ាវិញ ហើយត្រូវប្រមូលមកក្នុងក្រុមជំនុំ។—ម៉ាឡ. ៣:៧
g នៅទីបំផុត ក្នុងន័យធៀប ត្រីមិនល្អនឹងត្រូវបោះក្នុងឡភ្លើង។ នេះបញ្ជាក់ថាពួកគេនឹងត្រូវបំផ្លាញចោលនៅអនាគត។