ជំពូកទី៤៨
លោកធ្វើអព្ភូតហេតុ តែបណ្ដាជននៅក្រុងណាសារ៉ែតបដិសេធលោក
ម៉ាថាយ ៩:២៧-៣៤; ១៣:៥៤-៥៨ ម៉ាកុស ៦:១-៦
លោកយេស៊ូធ្វើឲ្យបុរសងងឹតភ្នែកនិងបុរសគជាសះស្បើយ
បណ្ដាជននៅក្រុងណាសារ៉ែតបដិសេធលោក
លោកយេស៊ូជាប់រវល់ពេញមួយថ្ងៃ។ នៅថ្ងៃនោះ ក្រោយពីធ្វើដំណើរពីតំបន់ដេកាប៉ូល លោកបានធ្វើឲ្យស្ត្រីដែលមានជំងឺធ្លាក់ឈាមជាសះស្បើយ ហើយលោកបានប្រោសកូនស្រីរបស់យ៉ែរ៉ូសឲ្យរស់ឡើងវិញ។ ប៉ុន្តែ កិច្ចការរបស់លោកមិនទាន់ចប់ទេនៅថ្ងៃនោះ។ កាលដែលលោកយេស៊ូចាកចេញពីផ្ទះរបស់យ៉ែរ៉ូស បុរសងងឹតភ្នែកពីរនាក់ដើរតាមលោក ហើយស្រែកថា៖ «បុត្រដាវីឌ! សូមមេត្ដាជួយយើងផង!»។—ម៉ាថាយ ៩:២៧
ដោយហៅលោកយេស៊ូថា«បុត្រដាវីឌ»។ នេះបង្ហាញថាពួកគេជឿថាលោកយេស៊ូជាមេស្ស៊ី ព្រោះលោកជាអ្នកដែលនឹងស្នងរាជ្យពីដាវីឌ។ តាមមើលទៅលោកយេស៊ូធ្វើជាមិនឮការអង្វររបស់ពួកគេ។ លោកធ្វើដូច្នេះទំនងជាចង់ឃើញថា តើពួកគេនឹងព្យាយាមខ្លាំងយ៉ាងណា? ពួកគេបានព្យាយាមខ្លាំងមែន ពីព្រោះពេលលោកយេស៊ូចូលក្នុងផ្ទះមួយ ពួកគេក៏បានចូលទៅតាមលោកដែរ។ រួចមក លោកយេស៊ូសួរពួកគេថា៖ «តើអ្នកមានជំនឿថាខ្ញុំអាចធ្វើការនេះបានឬទេ?»។ ពួកគេឆ្លើយដោយមានទំនុកចិត្តថា៖ «យើងមានជំនឿហើយ លោកម្ចាស់!»។ រួចលោកពាល់ភ្នែករបស់ពួកគេ ដោយពោលថា៖ «សូមឲ្យកើតឡើងចំពោះអ្នក សមស្របទៅតាមជំនឿរបស់អ្នក»។—ម៉ាថាយ ៩:២៨, ២៩
រំពេចនោះពួកគេអាចមើលឃើញបាន! ម្ដងនេះទៀត លោកក៏បង្គាប់បុរសទាំងពីរនាក់នេះដែរថា កុំប្រាប់អ្នកឯទៀតអំពីអ្វីដែលលោកបានធ្វើ។ ប៉ុន្តែ ដោយមានអំណរក្រៃលែង ពួកគេក៏ទៅរៀបរាប់ប្រាប់អ្នកឯទៀតអំពីលោកពេញតំបន់នោះ។
កាលដែលបុរសទាំងពីរនាក់នោះកំពុងចាកចេញទៅ បណ្ដាជនបាននាំបុរសគម្នាក់មកឯលោកយេស៊ូ។ បុរសនោះមិនអាចនិយាយបាន ដោយសារគាត់មានវិញ្ញាណកំណាចចូល។ បន្ទាប់មក លោកយេស៊ូក៏បណ្ដេញវិញ្ញាណកំណាច ហើយរំពេចនោះបុរសគនោះចាប់ផ្ដើមនិយាយឡើងវិញ។ ពេលឃើញដូច្នេះ ក្រុមមនុស្សនឹកអស្ចារ្យក្នុងចិត្ត ហើយនិយាយថា៖ «យើងមិនដែលឃើញអ្វីបែបនេះនៅស្រុកអ៊ីស្រាអែលទេ»។ ពេលនោះពួកផារិស៊ីក៏នៅទីនោះដែរ ហើយពួកគេមិនអាចបដិសេធអព្ភូតហេតុទាំងនោះបានឡើយ។ ដូច្នេះ ពួកគេក៏ចោទប្រកាន់លោកយេស៊ូដូចលើកមុនអំពីប្រភពនៃអំណាចរបស់លោកថា៖ «អ្នកនេះបណ្ដេញវិញ្ញាណកំណាចដោយអាងអ្នកគ្រប់គ្រងពួកវិញ្ញាណកំណាច»។—ម៉ាថាយ ៩:៣៣, ៣៤
មិនយូរក្រោយមក លោកយេស៊ូធ្វើដំណើរជាមួយនឹងអ្នកកាន់តាម ឆ្ពោះទៅក្រុងណាសារ៉ែតដែលជាស្រុករបស់លោក។ ប្រហែលជាមួយឆ្នាំមុន លោកបានបង្រៀននៅឯសាលាប្រជុំក្នុងក្រុងនោះ។ នៅពេលនោះ ក្រោយពីបានឮប្រសាសន៍របស់លោក បណ្ដាជននឹកអស្ចារ្យក្នុងចិត្ត ក៏ប៉ុន្តែ ក្រោយមកពួកគេបែរជាទាស់ចិត្តនឹងសេចក្ដីបង្រៀនរបស់លោក ហើយប៉ុនប៉ងសម្លាប់លោកទៀតផង។ ឥឡូវ លោកយេស៊ូត្រឡប់ទៅក្រុងនោះវិញ ដើម្បីព្យាយាមជួយអ្នកជិតខាងរបស់លោកម្ដងទៀត។
នៅថ្ងៃឈប់សម្រាក លោកយេស៊ូក៏ចូលទៅបង្រៀនក្នុងសាលាប្រជុំ។ មនុស្សជាច្រើននៅទីនោះភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយសួរគ្នាថា៖ «តើបុរសនេះបានទទួលប្រាជ្ញាបែបនេះ និងអំណាចដើម្បីធ្វើការដែលប្រកបដោយឫទ្ធានុភាពទាំងនេះពីណាមក?»។ ពួកគេនិយាយថា៖ «តើបុរសនេះមិនមែនជាកូនរបស់ជាងឈើទេឬ? ម្ដាយរបស់គាត់ឈ្មោះម៉ារៀ និងប្អូនប្រុសៗរបស់គាត់ឈ្មោះយ៉ាកុប យ៉ូសែប ស៊ីម៉ូន និងយូដាស មែនទេ? ហើយតើប្អូនស្រីៗរបស់គាត់មិនមែននៅជាមួយនឹងយើងទេឬ? ចុះតើបុរសនេះចេះធ្វើអ្វីៗទាំងនេះពីណាមក?»។—ម៉ាថាយ ១៣:៥៤-៥៦
បណ្ដាជននៅក្រុងនោះមានអារម្មណ៍ថាលោកយេស៊ូគ្រាន់តែជាបុរសសាមញ្ញម្នាក់នៅតំបន់នោះប៉ុណ្ណោះ។ ពួកគេគិតថា‹យើងបានឃើញគាត់ធំឡើង ដូច្នេះ តើគាត់អាចក្លាយទៅជាមេស្ស៊ីយ៉ាងដូចម្ដេចបាន?›។ ហេតុនេះ ទោះជាពួកគេបានឮ ឬឃើញភ័ស្តុតាងជាច្រើន ដូចជាប្រាជ្ញាដ៏ជ្រាលជ្រៅរបស់លោក និងការអស្ចារ្យជាច្រើនដែលលោកបានធ្វើក៏ដោយ ពួកគេបានបដិសេធលោក។ សូម្បីតែសាច់ញាតិរបស់លោកយេស៊ូក៏មិនព្រមជឿលើលោកដែរ ដោយសារពួកគេស្គាល់លោកច្បាស់។ ម្ល៉ោះហើយ លោកយេស៊ូមានប្រសាសន៍ថា៖ «នៅគ្រប់កន្លែង គេតែងគោរពអ្នកប្រកាសទំនាយ លើកលែងតែនៅស្រុកកំណើត និងនៅក្នុងផ្ទះរបស់ខ្លួន»។—ម៉ាថាយ ១៣:៥៧
លោកយេស៊ូច្បាស់ជាហួសចិត្តនឹងការខ្វះជំនឿរបស់ពួកគេ។ ដូច្នេះ លោកមិនធ្វើអព្ភូតហេតុផ្សេងទៀតទេ«ក្រៅពីដាក់ដៃលើមនុស្សឈឺពីរបីនាក់ឲ្យគេបានជាសះស្បើយ»ប៉ុណ្ណោះ។—ម៉ាកុស ៦:៥, ៦