ជំពូកទី៥៦
តើអ្វីដែលពិតជាធ្វើឲ្យមនុស្សម្នាក់មិនស្អាតបរិសុទ្ធ?
ម៉ាថាយ ១៥:១-២០ ម៉ាកុស ៧:១-២៣ យ៉ូហាន ៧:១
លោកយេស៊ូបង្ហាញការពិតអំពីទំនៀមទម្លាប់របស់មនុស្ស
បុណ្យរំលងឆ្នាំ៣២ គ.ស. កាន់តែខិតចូលមកដល់ កាលដែលលោកយេស៊ូកំពុងជាប់រវល់បង្រៀនបណ្ដាជនក្នុងស្រុកកាលីឡេ។ ក្រោយមក លោកទំនងជាធ្វើដំណើរឆ្ពោះទៅក្រុងយេរូសាឡិមដើម្បីចូលរួមបុណ្យរំលងដែលច្បាប់ព្រះតម្រូវឲ្យធ្វើ។ ទោះជាយ៉ាងនោះក៏ដោយ លោកទៅចូលរួមដោយប្រុងប្រយ័ត្ន ពីព្រោះជនជាតិយូដាកំពុងរកឱកាសសម្លាប់លោក។ (យ៉ូហាន ៧:១) បន្ទាប់ពីបុណ្យនោះចប់ លោកក៏ត្រឡប់មកស្រុកកាលីឡេវិញ។
លោកយេស៊ូប្រហែលជានៅក្រុងកាពើណិម ពេលពួកផារិស៊ីនិងពួកអ្នកជំនាញខាងច្បាប់មកពីក្រុងយេរូសាឡិមដើម្បីជួបលោក។ ហេតុអ្វីពួកគេធ្វើដំណើរមកជួបលោក? ពីព្រោះពួកគេកំពុងរកហេតុដើម្បីចោទប្រកាន់លោកយេស៊ូចំពោះការធ្វើខុសច្បាប់ខាងសាសនា។ ពេលពួកគេជួបលោក ពួកគេសួរលោកថា៖ «ហេតុអ្វីអ្នកកាន់តាមលោកប្រព្រឹត្តរំលងទំនៀមទម្លាប់របស់ពួកបុរសពីសម័យមុនដូច្នេះ? ជាឧទាហរណ៍ ពួកគេមិនលាងដៃឲ្យបានត្រឹមត្រូវមុនបរិភោគ»។ (ម៉ាថាយ ១៥:២) តាមការពិត ព្រះមិនដែលបង្គាប់រាស្ត្ររបស់លោកឲ្យកាន់តាមទំនៀមទម្លាប់«លាងដៃរហូតដល់កែងដៃ»នោះទេ។ (ម៉ាកុស ៧:៣) ក៏ប៉ុន្តែ ពួកផារិស៊ីបានចាត់ទុកថាការមិនធ្វើដូច្នោះ គឺជាការបំពានលើច្បាប់យ៉ាងខ្លាំង។
ជាជាងតបឆ្លើយចំពោះការចោទប្រកាន់របស់ពួកគេ លោកយេស៊ូបានលើកបញ្ជាក់ថាពួកគេកំពុងបំពានលើច្បាប់របស់ព្រះដោយចេតនា។ លោកសួរពួកគេវិញថា៖ «ចុះអ្នករាល់គ្នាវិញ ហេតុអ្វីអ្នករាល់គ្នាប្រព្រឹត្តរំលងបញ្ញត្ដិរបស់ព្រះ ដោយសារទំនៀមទម្លាប់របស់អ្នកដូច្នេះ? ជាឧទាហរណ៍ ព្រះបង្គាប់ថា៖ ‹ចូរគោរពឪពុកម្ដាយរបស់អ្នក› ហើយ‹អ្នកណាដែលនិយាយប្រមាថឪពុកម្ដាយ អ្នកនោះត្រូវស្លាប់›។ ក៏ប៉ុន្តែ អ្នករាល់គ្នាថា៖ ‹អ្នកណាដែលប្រាប់ឪពុកឬម្ដាយថា៖ «អ្វីដែលខ្ញុំមាន ដែលអាចមានប្រយោជន៍ដល់ឪពុកម្ដាយ ជារបស់ទុកសម្រាប់ព្រះ» អ្នកនោះមិនត្រូវគោរពឪពុកគាត់សោះឡើយ›»។—ម៉ាថាយ ១៥:៣-៦; និក្ខមនំ ២០:១២; ២១:១៧
ពួកផារិស៊ីអះអាងថាប្រាក់ ទ្រព្យសម្បត្ដិ ឬអ្វីផ្សេងទៀតដែលបានត្រូវទុកសម្រាប់ព្រះ គឺជារបស់វិហារ ដូច្នេះអ្នកដែលចង់ជូនរបស់ទាំងនោះ មិនអាចប្រើរបស់ទាំងនោះក្នុងគោលបំណងផ្សេងទៀតបានទេ។ ប៉ុន្តែ តាមការពិត របស់ដែលបានត្រូវទុកសម្រាប់ព្រះ គឺរក្សាទុកនឹងម្ចាស់ទ្រព្យនៅឡើយ។ ជាឧទាហរណ៍ កូនប្រុសប្រហែលជានិយាយថាប្រាក់ឬទ្រព្យសម្បត្ដិគឺជា«គ័របាន់» មានន័យថាជារបស់ទុកសម្រាប់ព្រះ ឬសម្រាប់វិហារ។ នេះហាក់ដូចជារបស់ទាំងនោះបានត្រូវប្រគល់ដល់វិហាររួចហើយ។ ការពិតប្រាក់ឬទ្រព្យសម្បត្ដិនោះ គឺកូនប្រុសកំពុងប្រើនៅឡើយ។ ក៏ប៉ុន្តែ កូនប្រុសនោះដោះសាថា គាត់មិនអាចចិញ្ចឹមឪពុកឬម្ដាយដែលមានវ័យចាស់ ឬដែលត្រូវការជំនួយបានទេ។ ដោយធ្វើដូច្នេះ គាត់គេចវេះពីភារកិច្ចដែលគាត់មានចំពោះឪពុកឬម្ដាយរបស់គាត់។—ម៉ាកុស ៧:១១
លោកយេស៊ូពិតជាមានមូលហេតុត្រឹមត្រូវដែលខឹងនឹងពួកផារិស៊ីមែន ដោយសារពួកគេបានបង្ខុសច្បាប់របស់ព្រះ។ ដូច្នេះ លោកមានប្រសាសន៍ថា៖ «អ្នករាល់គ្នាបានធ្វើឲ្យបណ្ដាំរបស់ព្រះទៅជាអសារឥតការដោយសារទំនៀមទម្លាប់របស់អ្នក។ មនុស្សលាក់ពុត! គឺត្រូវណាស់ ដែលអេសាយបានប្រកាសទំនាយអំពីអ្នករាល់គ្នាថា៖ ‹បណ្ដាជននេះគោរពខ្ញុំតែបបូរមាត់ទេ តែចិត្តរបស់ពួកគេបានឃ្លាតឆ្ងាយពីខ្ញុំ។ គឺជាការឥតប្រយោជន៍ទេ ដែលពួកគេបន្តគោរពប្រណិប័តន៍ខ្ញុំនោះ ពីព្រោះសេចក្ដីបង្រៀនរបស់ពួកគេគឺជាបទបញ្ជារបស់មនុស្សតែប៉ុណ្ណោះ›»។ ពួកផារិស៊ីមិនអាចតបឆ្លើយនឹងការស្តីបន្ទោសយ៉ាងខ្លាំងរបស់លោកយេស៊ូបានទេ។ ហេតុនេះ លោកហៅបណ្ដាជនមក ហើយមានប្រសាសន៍ទៅពួកគេថា៖ «ចូរស្ដាប់ ហើយយល់អត្ថន័យចុះ។ អ្វីៗដែលចូលតាមមាត់ពុំដែលធ្វើឲ្យមនុស្សមិនស្អាតបរិសុទ្ធឡើយ តែគឺអ្វីៗដែលចេញមកពីមាត់វិញទេ ដែលធ្វើឲ្យមនុស្សមិនស្អាតបរិសុទ្ធ»។—ម៉ាថាយ ១៥:៦-១១; អេសាយ ២៩:១៣
ក្រោយមក ពេលដែលលោកយេស៊ូចូលទៅក្នុងផ្ទះមួយ ពួកអ្នកកាន់តាមសួរលោកថា៖ «តើលោកជ្រាបថាពួកផារិស៊ីបានជំពប់ដួលនឹងសម្ដីរបស់លោកឬទេ?»។ លោកតបឆ្លើយថា៖ «គ្រប់រុក្ខជាតិដែលបិតារបស់ខ្ញុំនៅស្ថានសួគ៌មិនបានដាំ នោះនឹងត្រូវដកចេញ។ កុំអំពល់នឹងពួកគេឡើយ។ ពួកគេជាមនុស្សខ្វាក់ដែលកំពុងនាំផ្លូវអ្នកឯទៀត។ ប្រសិនបើមនុស្សខ្វាក់នាំផ្លូវមនុស្សខ្វាក់ដូចគ្នា ទាំងពីរនាក់នឹងធ្លាក់រណ្ដៅ»។—ម៉ាថាយ ១៥:១២-១៤
ពេត្រុសបានតំណាងពួកអ្នកកាន់តាម ហើយសុំលោកយេស៊ូពន្យល់ឲ្យបានច្បាស់អំពីអ្វីដែលធ្វើឲ្យមនុស្សម្នាក់មិនស្អាតបរិសុទ្ធ។ តាមមើលទៅសំណួររបស់គាត់បានធ្វើឲ្យលោកយេស៊ូឆ្ងល់ ហើយលោកតបឆ្លើយថា៖ «តើអ្នករាល់គ្នាមិនដឹងទេឬថា អ្វីៗទាំងអស់ដែលចូលតាមមាត់ ក៏ចូលទៅក្នុងពោះវៀន រួចចេញទៅឯកន្លែងបន្ទោបង់នោះ? ក៏ប៉ុន្តែ អ្វីៗដែលចេញមកពីមាត់ នោះចេញពីក្នុងចិត្តមក ហើយគឺអ្វីៗទាំងនោះដែលធ្វើឲ្យមនុស្សមិនស្អាតបរិសុទ្ធ។ ជាឧទាហរណ៍ គំនិតអាក្រក់ ឃាតកម្ម ការផិតក្បត់ អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ការលួច ការធ្វើជាសាក្សីក្លែងក្លាយ និងពាក្យប្រមាថ សុទ្ធតែចេញពីក្នុងចិត្តមក។ គឺអ្វីៗទាំងនេះទេ ដែលធ្វើឲ្យមនុស្សមិនស្អាតបរិសុទ្ធ ប៉ុន្តែការបរិភោគដោយមិនលាងដៃ ពុំមែនធ្វើឲ្យមនុស្សមិនស្អាតបរិសុទ្ធឡើយ»។—ម៉ាថាយ ១៥:១៧-២០
លោកយេស៊ូមិនបានលើកទឹកចិត្តមនុស្សឲ្យរស់នៅដោយគ្មានអនាម័យទេ ហើយលោកក៏មិនមានន័យថាមនុស្សមិនត្រូវលាងដៃមុនរៀបចំអាហារ ឬមុនបរិភោគអាហារដែរ។ ផ្ទុយទៅវិញ លោកកំពុងផ្ដន្ទាទោសពួកអ្នកដឹកនាំសាសនាដែលលាក់ពុត ហើយដែលព្យាយាមមិនធ្វើតាមច្បាប់ដ៏សុចរិតរបស់ព្រះ តែបែរជាធ្វើតាមទំនៀមទម្លាប់របស់មនុស្សទៅវិញ។ បើនិយាយឲ្យចំទៅ អំពើទុច្ចរិតរបស់មនុស្សម្នាក់គឺចេញមកពីចិត្តរបស់គាត់ ហើយអំពើទុច្ចរិតនោះហើយដែលនាំឲ្យគាត់ទៅជាមនុស្សដែលមិនស្អាតបរិសុទ្ធ។