ចូរឲ្យពួកជំនុំសរសើរព្រះយេហូវ៉ាចុះ!
«ទូលបង្គំនឹងប្រកាសប្រាប់ពីព្រះនាមទ្រង់ដល់ពួកបងប្អូន ទូលបង្គំនឹងច្រៀងសរសើរពីទ្រង់នៅកណ្ដាលពួកជំនុំ»។—ហេព្រើរ ២:១២
១, ២. តើការមូលគ្នាជាក្រុមជំនុំមានប្រយោជន៍អ្វី? តើក្រុមជំនុំមានតួនាទីសំខាន់អ្វី?
តាំងពីដើមកំណើតនៃពិភពលោកនេះ មនុស្សចេះតែមូលគ្នាជាក្រុមគ្រួសារដើម្បីឲ្យមានភាពសុខសាន្តនិងទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា។ ប៉ុន្តែគម្ពីរពន្យល់អំពីមនុស្សមួយក្រុមទៀតដែលរួមបញ្ចូលមនុស្សរាប់លាននាក់ទូទាំងពិភពលោក ហើយពួកគេក៏មានភាពសុខសាន្តនិងទំនាក់ទំនងជិតស្និទ្ធនឹងគ្នាលើសពីធម្មតាដែរ។ ក្រុមនោះគឺជាក្រុមជំនុំនៃពួកគ្រិស្តសាសនិក។ មិនថាក្រុមគ្រួសាររបស់អ្នកមានភាពស្និទ្ធស្នាលឬមិនមានក៏ដោយ អ្នកអាចពេញចិត្តចំពោះក្រុមជំនុំនៃពួកគ្រិស្តសាសនិកបាន ហើយមានកតញ្ញុតាធម៌ចំពោះព្រះយេហូវ៉ាដែលបានរៀបចំឲ្យមានក្រុមជំនុំ។ បើអ្នកកំពុងរួមចំណែកក្នុងក្រុមជំនុំណាមួយនៃពួកស្មរបន្ទាល់ព្រះយេហូវ៉ា អ្នកច្បាស់ជាបានឃើញដោយផ្ទាល់ភ្នែកនូវភាពសុខសាន្តដែលបងប្អូនទាំងនោះមានពេលរាប់រកគ្នាជាក្រុមជំនុំ។
២ ប៉ុន្តែ ក្រុមជំនុំនៃពួកគ្រិស្តសាសនិកមិនមែនជាក្រុមមនុស្សដែលចេះតែជួបដើម្បីសំណេះសំណាលគ្នា ដូចជាសហគមន៍ឬក្លិបមួយដើម្បីលេងកីឡាឬលេងល្បែងកម្សាន្តណាមួយទេ។ ផ្ទុយទៅវិញ ក្រុមជំនុំនៃពួកគ្រិស្តសាសនិកបានរៀបចំឡើងដើម្បីសរសើរព្រះយេហូវ៉ា។ សៀវភៅទំនុកដំកើងបង្ហាញថា យូរយារមកហើយ មនុស្សបានជួបជុំគ្នាដើម្បីសរសើរទ្រង់។ នៅទំនុកដំកើង ៣៥:១៨ យើងអានថា៖ «ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់នៅក្នុងពួកជំនុំធំ ទូលបង្គំនឹងសរសើរដល់ទ្រង់នៅកណ្ដាលមហាជន»។ ស្រដៀងគ្នាដែរ បទទំនុកទី១០៧:៣១, ៣២ ដាស់តឿនថា៖ «ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ាដោយព្រោះសេចក្ដីសប្បុរសរបស់ទ្រង់ ហើយដោយព្រោះអស់ទាំងការអស្ចារ្យដែលទ្រង់ប្រោសដល់មនុស្សជាតិ។ គួរឲ្យគេលើកដំកើងទ្រង់នៅក្នុងជំនុំនៃជនទាំងឡាយ[ចុះ]!»។
៣. យោងទៅតាមអ្វីដែលប៉ុលសរសេរនោះ តើពួកជំនុំមានតួនាទីអ្វី?
៣ សាវ័កប៉ុលជាគ្រិស្តសាសនិកម្នាក់ដែលបានប្រាប់អំពីតួនាទីសំខាន់មួយទៀតនៃក្រុមជំនុំ។ គាត់ប្រៀបធៀប«ពួកជំនុំនៃព្រះដ៏មានព្រះជន្មរស់»ទៅនឹង«ដំណាក់នៃព្រះ» ហើយពន្យល់ថា ពួកជំនុំនោះ«ជាសសរហើយជាជើងថ្កល់របស់សេចក្ដីពិត»។ (ធីម៉ូថេទី១ ៣:១៥) តើប៉ុលបានសរសេរអំពីពួកជំនុំមួយណា? តើពាក្យ«ពួកជំនុំ»ក្នុងគម្ពីរសំដៅទៅលើអ្វី? តើ«ពួកជំនុំ»នោះគួរមានឥទ្ធិពលយ៉ាងណាលើជីវិតយើងឥឡូវនេះហើយនៅអនាគត? ដើម្បីឆ្លើយសំណួរទាំងនេះ សូមឲ្យយើងពិនិត្យមើលជាមុនសិននូវរបៀបដែលពាក្យ«ពួកជំនុំ»បានត្រូវប្រើក្នុងគម្ពីរ។
៤. ក្នុងបទគម្ពីរភាសាហេព្រើរ តើពាក្យ«ពួកជំនុំ»ច្រើនតែសំដៅទៅលើអ្នកណា?
៤ ពាក្យភាសាហេព្រើរដែលគេបកប្រែជាញយៗថា «ពួកជំនុំ»នោះ មកពីពាក្យដែលមានន័យថា «ហៅមករួមគ្នា»ឬ‹ប្រមូលមក›។ (ចោទិយកថា ៤:១០; ៩:១០) អ្នកតែងបទទំនុកដំកើងបានប្រើពាក្យ«ពួកជំនុំ»ពេលគាត់សរសេរអំពីទេវតាទាំងឡាយនៅស្ថានសួគ៌ ហើយគាត់ក៏ប្រើពាក្យដដែលពេលសំដៅទៅលើមនុស្សអាក្រក់មួយពួកផងដែរ។ (ទំនុកដំកើង ២៦:៥; ៨៩:៥-៧) យ៉ាងណាក៏ដោយ ក្នុងបទគម្ពីរភាសាហេព្រើរ ពាក្យ«ពួកជំនុំ»ច្រើនតែសំដៅទៅលើប្រជាជនអ៊ីស្រាអែល។ ព្រះយេហូវ៉ាបានប្រាប់ឲ្យដឹងថា កូនចៅរបស់លោកយ៉ាកុបនឹង«រួមគ្នាតែ១»ដើម្បីក្លាយជាសាសន៍មួយយ៉ាងធំ ហើយនោះបានកើតឡើងមែន។ (លោកុប្បត្តិ ២៨:៣; ៣៥:១១; ៤៨:៤) សាសន៍អ៊ីស្រាអែលបានត្រូវហៅមកឬជ្រើសយកជា«ពួកជំនុំផងព្រះយេហូវ៉ា» ទុកជា«ពួកជំនុំនៃព្រះ»ពិត។—ជនគណនា ២០:៤; នេហេមា ១៣:១; យ៉ូស្វេ ៨:៣៥; សាំយូអែលទី១ ១៧:៤៧; មីកា ២:៥
៥. តើគេច្រើនតែបកប្រែពាក្យភាសាក្រិចមួយណាថា«ពួកជំនុំ»នោះ? តើពាក្យភាសាដើមនោះអាចសំដៅទៅលើក្រុមមនុស្សបែបណាខ្លះ?
៥ ពាក្យភាសាក្រិចដែលគេបកប្រែថា «ពួកជំនុំ»នោះ គឺជាពាក្យអេគ្លីស៊ា ដែលមកពីពាក្យពីរដែលមានន័យចំៗថា «ហៅ»និង«មក»។ ពាក្យភាសាក្រិចនោះមិនគ្រាន់តែសំដៅទៅលើក្រុមសាសនាដែលជួបជុំគ្នាទេ តែអាចសំដៅទៅលើមនុស្សមួយចំនួនណាក៏បានដែលមូលគ្នាមានការ ដូចក្រុមពួកអ្នកដែលលោកដេមេទ្រាសបានហៅមក«ប្រជុំគ្នា»នៅទីក្រុងអេភេសូរដើម្បីប្រឆាំងនឹងប៉ុល។ (កិច្ចការ ១៩:៣២, ៣៩, ៤១) ប៉ុន្តែក្នុងបទគម្ពីរភាសាក្រិចនោះ ធម្មតាពាក្យ«ពួកជំនុំ»សំដៅទៅលើក្រុមជំនុំនៃពួកគ្រិស្តសាសនិកវិញ។ ក្នុងគម្ពីរខ្លះ គេបកប្រែពាក្យភាសាដើមនោះថា «វិហារ»ដែរ ប៉ុន្តែវចនានុក្រមមួយអំពីពាក្យក្នុងគម្ពីរពន្យល់ថា ពាក្យភាសាក្រិចនោះ«មិនដែល . . . សំដៅទៅលើអគារដែលពួកគ្រិស្តសាសនិកប្រើសម្រាប់ការថ្វាយបង្គំឡើយ»។ (The Imperial Bible-Dictionary) យ៉ាងណាក៏ដោយ គួរឲ្យចាប់អារម្មណ៍ថា ក្នុងបទគម្ពីរភាសាក្រិចរបស់ពួកគ្រិស្តសាសនិកយើងឃើញគេប្រើពាក្យ«ពួកជំនុំ»នោះ យ៉ាងហោចណាស់ក្នុងន័យបួនយ៉ាង។
ពួកជំនុំនៃព្រះដែលបានតែងតាំងដោយសកម្មពលទ្រង់
៦. តើដាវីឌនិងព្រះយេស៊ូបានធ្វើអ្វីក្នុងចំណោមពួកជំនុំ?
៦ សាវ័កប៉ុលបានដកស្រង់ពាក្យរបស់ដាវីឌពីបទទំនុកដំកើងទី២២:២២ ហើយគាត់ប្រើពាក្យនោះហាក់ដូចជាព្រះយេស៊ូកំពុងនិយាយ។ ប៉ុលសរសេរថា៖ «‹ទូលបង្គំនឹងប្រកាសប្រាប់ពីព្រះនាមទ្រង់ដល់ពួកបងប្អូន ទូលបង្គំនឹងច្រៀងសរសើរពីទ្រង់នៅកណ្ដាលពួកជំនុំ›។ ហេតុនោះបានជាគួរឲ្យ[ព្រះយេស៊ូ]បានដូចបងប្អូនទ្រង់គ្រប់ជំពូកដែរ ដើម្បីឲ្យបានធ្វើជាសំដេចសង្ឃដែលមានព្រះទ័យមេត្ដាករុណា ហើយក៏ស្មោះត្រង់ក្នុងការទាំងប៉ុន្មានខាងឯព្រះ»។ (ហេព្រើរ ២:១២, ១៧) ដាវីឌបានសរសើរព្រះយេហូវ៉ានៅកណ្ដាលពួកអ៊ីស្រាអែលសម័យបុរាណដែលជាពួកជំនុំនៅគ្រានោះ។ (ទំនុកដំកើង ៤០:៩) ប៉ុន្តែ ពេលប៉ុលសរសេរថា ព្រះយេស៊ូបានសរសើរព្រះយេហូវ៉ា‹នៅកណ្ដាលពួកជំនុំ›នោះ តើគាត់សំដៅទៅលើពួកជំនុំមួយណា?
៧. ក្នុងបទគម្ពីរភាសាក្រិចរបស់ពួកគ្រិស្តសាសនិក តើពាក្យ«ពួកជំនុំ»ច្រើនតែសំដៅទៅលើអ្នកណា?
៧ អ្វីដែលយើងអាននៅសៀវភៅហេព្រើរ ២:១២, ១៧ មានន័យសំខាន់ណាស់។ បទគម្ពីរនោះបង្ហាញថា ព្រះយេស៊ូជាសមាជិកម្នាក់នៃពួកជំនុំនោះ ហើយទ្រង់ក៏បានប្រកាសប្រាប់ពីព្រះនាមព្រះយេហូវ៉ាដល់ពួកបងប្អូនទ្រង់នៅក្នុងពួកជំនុំនោះដែរ។ តើនរណាជាពួកបងប្អូននោះ? ពួកបងប្អូននោះជាពួកអ្នកដែលរួមគ្នាជា«ពូជលោកអ័ប្រាហាំ» ដូច្នេះជាបងប្អូនរបស់ព្រះគ្រិស្តដែលបានតែងតាំងដោយសកម្មពលព្រះដើម្បី«មានចំណែកក្នុងការងារស្ថានសួគ៌»។ (ហេព្រើរ ២:១៦–៣:១; ម៉ាថាយ ២៥:៤០) ត្រូវហើយ ពាក្យ«ពួកជំនុំ»ក្នុងបទគម្ពីរភាសាក្រិចរបស់ពួកគ្រិស្តសាសនិកច្រើនតែសំដៅទៅលើក្រុមពួកអ្នកកាន់តាមព្រះគ្រិស្តដែលបានតែងតាំងដោយសកម្មពលព្រះដើម្បីគ្រប់គ្រងជាមួយទ្រង់នៅស្ថានសួគ៌។ អ្នកទាំងនោះមានចំនួន១៤៤.០០០នាក់ ហើយពួកគេជា«ជំនុំពួកកូនច្បងដែល[«មានឈ្មោះ»]កត់ទុកនៅស្ថានសួគ៌»។—ហេព្រើរ ១២:២៣; ខ.ស.
៨. តើព្រះយេស៊ូបានពន្យល់ទុកជាមុនយ៉ាងណា អំពីការរៀបចំឲ្យមានគ្រិស្តសាសនិកមួយក្រុមដែលជាពួកជំនុំ?
៨ ព្រះយេស៊ូបានពន្យល់ទុកជាមុនថា ទ្រង់នឹងរៀបចំឲ្យមាន«ពួកជំនុំ»មួយក្រុម។ ប្រហែលជាមួយឆ្នាំមុនព្រះយេស៊ូបានទទួលមរណភាព ទ្រង់បានប្រាប់សាវ័កម្នាក់ថា៖ «អ្នកឈ្មោះពេត្រុស ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ»។ (ម៉ាថាយ ១៦:១៨) ពេត្រុសនិងប៉ុលបានយល់យ៉ាងត្រឹមត្រូវថា ព្រះយេស៊ូប្រើពាក្យថ្មដានោះដើម្បីសំដៅទៅលើទ្រង់ផ្ទាល់។ ក្រោយៗមក ពេត្រុសបានពន្យល់អំពីពួកអ្នកដែលប្រៀបដូចជាថ្មក្នុងជញ្ជាំងផ្ទះដែលត្រូវកសាងនៅលើព្រះគ្រិស្តដែលតំណាងដោយថ្មដា។ ពេត្រុសសរសេរថា ពួកអ្នកដែលប្រៀបដូចជា«ថ្មរស់»នោះ គឺជា‹រាស្ត្រដ៏ជាកេរ្ដិ៍អាករនៃព្រះដើម្បីឲ្យសំដែងចេញឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ›ដែលបានហៅពួកគេមក។—ពេត្រុសទី១ ២:៤-៩; ទំនុកដំកើង ១១៨:២២; អេសាយ ៨:១៤; កូរិនថូសទី១ ១០:១-៤
៩. តើពួកជំនុំរបស់ព្រះបានប្រមូលមកតាំងពីពេលណា?
៩ តើ«រាស្ត្រដ៏ជាកេរ្ដិ៍អាករនៃព្រះ»នេះ បានប្រមូលមកជាក្រុមជំនុំនៃពួកគ្រិស្តសាសនិកតាំងពីពេលណា? នេះបានចាប់ផ្ដើមឡើងនៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ពេលព្រះយេហូវ៉ាប្រទានសកម្មពលទ្រង់លើសិស្សព្រះយេស៊ូដែលបានជួបជុំគ្នានៅទីក្រុងយេរូសាឡិម។ នៅថ្ងៃដដែលនោះ ក្រោយពេត្រុសបានទទួលសកម្មពលរបស់ព្រះ គាត់បានថ្លែងសុន្ទរកថាដ៏គួរឲ្យអស្ចារ្យ។ ប្រជាជនយូដាមួយចំនួននិងមនុស្សសាសន៍ដទៃដែលបានចូលសាសនាយូដាបានស្ដាប់សុន្ទរកថានោះ។ ពួកគេជាច្រើនព្រួយចិត្តណាស់ពេលឮអំពីមរណភាពរបស់ព្រះយេស៊ូ។ កំណត់ហេតុក្នុងគម្ពីរបង្ហាញឲ្យដឹងថា បីពាន់នាក់បានប្រែចិត្តហើយបានធ្វើបុណ្យជ្រមុជទឹកក្រោយពីបានស្ដាប់សុន្ទរកថារបស់ពេត្រុស។ ពេលធ្វើដូច្នេះ ពួកគេបានរួមចំណែកជាមួយពួកជំនុំថ្មីរបស់ព្រះដែលកំពុងធំឡើង។ (កិច្ចការ ២:១-៤, ១៤, ៣៧-៤៧) ពួកជំនុំនោះបានរីកកាន់តែធំទៅៗ ពីព្រោះពួកយូដានិងអ្នកដទៃដែលបានចូលសាសនាយូដាទទួលស្គាល់ថា សាសន៍អ៊ីស្រាអែលលែងមានឯកសិទ្ធិជាពួកជំនុំរបស់ព្រះយេហូវ៉ាទៀតហើយ។ ផ្ទុយទៅវិញ ពួកគ្រិស្តសាសនិកដែលមានក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌បានក្លាយជាពួកជំនុំពិតរបស់ព្រះ ហើយពួកគេប្រៀបដូចជាសាសន៍ថ្មីមួយ ពោលគឺ«សាសន៍អ៊ីស្រាអែលនៃព្រះ»។—កាឡាទី ៦:១៦; កិច្ចការ ២០:២៨
១០. តើព្រះយេស៊ូមានតួនាទីអ្វីចំពោះពួកជំនុំរបស់ព្រះ?
១០ ម្ដងហើយម្ដងទៀត គម្ពីរបែងចែកព្រះយេស៊ូនិងពួកអ្នកដែលនឹងគ្រប់គ្រងជាមួយទ្រង់ដោយឡែកពីគ្នា ដូចក្នុងឃ្លាដែល‹និយាយខាងឯព្រះគ្រីស្ទនិងពួកជំនុំ›ជាដើម។ ហេតុដែលគម្ពីរបែងចែកទាំងពីរនោះ គឺដោយសារព្រះយេស៊ូជាសិរសាឬអ្នកនាំមុខក្រុមជំនុំនៃពួកគ្រិស្តសាសនិកដែលបានតែងតាំងដោយសកម្មពលរបស់ព្រះ។ ប៉ុលបានសរសេរថា ព្រះយេហូវ៉ាបាន«ប្រទាន[ព្រះយេស៊ូ]មកធ្វើជាសិរសាលើគ្រប់ទាំងអស់ដល់ពួកជំនុំដែលជារូបកាយទ្រង់»។ (អេភេសូរ ១:២២, ២៣; ៥:២៣, ៣២; កូល៉ុស ១:១៨, ២៤) នៅសព្វថ្ងៃនេះ សមាជិកនៃពួកជំនុំដែលមានក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ មានគ្នាតិចនៅសល់លើផែនដី។ ទោះជាពួកគេមានគ្នាតិចក្ដី យើងអាចជឿជាក់ថា ព្រះយេស៊ូគ្រិស្តដែលជាអ្នកនាំមុខពួកជំនុំនៅតែស្រឡាញ់ពួកគេខ្លាំងណាស់។ សៀវភៅអេភេសូរ ៥:២៥ រៀបរាប់ពីអារម្មណ៍របស់ព្រះយេស៊ូចំពោះពួកគេដោយពន្យល់ថា៖ «ព្រះគ្រីស្ទបានស្រឡាញ់ដល់ពួកជំនុំហើយបានប្រគល់ព្រះអង្គទ្រង់ជំនួសផង»។ ព្រះយេស៊ូស្រឡាញ់អ្នកទាំងនោះពីព្រោះពួកគេមានចិត្តឧស្សាហ៍ក្នុងការថ្វាយពាក្យសរសើរទុកជា«គ្រឿងបូជាដល់ព្រះជានិច្ច» ដូចព្រះយេស៊ូបានធ្វើពេលនៅផែនដី។ ពាក្យសរសើរនោះជា«ផលនៃបបូរមាត់ដែលថ្លែងប្រាប់ពីព្រះនាម»ព្រះយេហូវ៉ា។—ហេព្រើរ ១៣:១៥
«ពួកជំនុំ»ក្នុងន័យផ្សេងទៀត
១១. តើបទគម្ពីរភាសាក្រិចរបស់ពួកគ្រិស្តសាសនិកប្រើពាក្យ«ពួកជំនុំ»ដើម្បីសំដៅទៅលើអ្វីទៀត?
១១ ជួនកាលពាក្យ«ពួកជំនុំ»ក្នុងគម្ពីរមានន័យចំជាង ហើយមិនសំដៅទៅលើក្រុមមនុស្ស១៤៤.០០០នាក់ជា«ពួកជំនុំនៃព្រះ»ដែលមានក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ទេ។ ជាឧទាហរណ៍ ចំពោះគ្រិស្តសាសនិកមួយក្រុម ប៉ុលបានសរសេរថា៖ «កុំឲ្យធ្វើជាទីបង្អាក់ចិត្តដល់ពួកសាសន៍យូដា ឬសាសន៍ក្រេក ឬពួកជំនុំនៃព្រះឡើយ»។ (កូរិនថូសទី១ ១០:៣២) តាមពិត បើគ្រិស្តសាសនិកម្នាក់នៅទីក្រុងកូរិនថូសពីបុរាណបានធ្វើអ្វីដែលមិនគួរសមនោះ មនុស្សខ្លះប្រហែលជាអាក់អន់ចិត្តឬខកចិត្តមែន។ ប៉ុន្តែ តើកំហុសនោះអាចបង្អាក់ចិត្តពួកយូដានិងពួកក្រិចទាំងឡាយបានទេ? ឬតើទង្វើនោះអាចនាំឲ្យពួកអ្នកទាំងអស់គ្នាដែលសង្ឃឹមឡើងទៅស្ថានសួគ៌ខកចិត្តទេ? គឺច្បាស់ជាអត់ទេ! ហេតុនេះហើយបានជាយើងអាចយល់ថា ពាក្យ«ពួកជំនុំនៃព្រះ»ក្នុងវគ្គនេះ សំដៅទៅលើគ្រិស្តសាសនិកទាំងឡាយដែលរស់នៅគ្រាណាមួយ។ យ៉ាងនេះ ពេលយើងនិយាយថា ព្រះយេហូវ៉ាបានជួយណែនាំ ផ្គត់ផ្គង់សេចក្ដីត្រូវការនិងប្រទានពរលើពួកជំនុំ នេះអាចមានន័យថា ទ្រង់បានធ្វើដូច្នេះចំពោះគ្រិស្តសាសនិកទាំងឡាយដែលរស់នៅសម័យណាមួយ មិនថាពួកគេរស់នៅតំបន់ណាក៏ដោយ។ ឬមួយក៏យើងអាចនិយាយអំពីសុភមង្គលនិងភាពសុខសាន្តរបស់ពួកជំនុំនៃព្រះនៅសព្វថ្ងៃនេះ ដែលសំដៅទៅលើពួកគ្រិស្តសាសនិកទាំងឡាយដែលរួមគ្នាមានភាតរភាព។
១២. តើអត្ថន័យទីបីនៃពាក្យ«ពួកជំនុំ»ក្នុងគម្ពីរអាចសំដៅទៅលើអ្វី?
១២ ទីបី ពាក្យ«ពួកជំនុំ»ក្នុងគម្ពីរអាចមានន័យសំដៅទៅលើពួកគ្រិស្តសាសនិកទាំងឡាយដែលរស់នៅភូមិភាគណាមួយ។ គម្ពីរចែងថា៖ «ពួកជំនុំទាំងប៉ុន្មាននៅគ្រប់ក្នុងស្រុកយូដា ស្រុកកាលីឡេ នឹងស្រុកសាម៉ារី ក៏មានសេចក្ដីសុខសាន្ត»។ (កិច្ចការ ៩:៣១) តាមពិត ស្រុកទាំងនោះមាន«ពួកជំនុំទាំងប៉ុន្មាន»មែន មិនគ្រាន់តែមួយក្រុមប៉ុណ្ណោះទេ ពីព្រោះស្រុកយូដា ស្រុកកាលីឡេនិងស្រុកសាម៉ារីជាតំបន់ធំមួយ។ ពេលគិតអំពីចំនួនមនុស្សដែលបានធ្វើបុណ្យជ្រមុជទឹកនៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ហើយបន្ទាប់ពីថ្ងៃនោះទៀត យើងអាចយល់ថា ពួកគ្រិស្តសាសនិកដែលជួបជុំគ្នាជាទៀងទាត់នៅទីក្រុងយេរូសាឡិម ប្រហែលជាបានបែកគ្នាជាក្រុមផ្សេងៗដែរ។ (កិច្ចការ ២:៤១, ៤៦, ៤៧; ៤:៤; ៦:១, ៧) ពេលយើងអានសៀវភៅថែស្សាឡូនីចទី១ ២:១៤ យើងអាចយល់ថា មុនឆ្នាំ៥០ គ.ស. ពួកគ្រិស្តសាសនិកនៅខេត្តយូដាមានក្រុមជំនុំមួយចំនួនហើយ។ ដោយសារស្តេចហេរ៉ូឌ អ័គ្រីប៉ាទីមួយ បានគ្រប់គ្រងលើខេត្តយូដារហូតដល់ពេលគាត់ទទួលមរណភាពនៅឆ្នាំ៤៤ គ.ស. នេះបង្ហាញឲ្យដឹងថា ពេលលោកបាន«លូកព្រះហស្តទៅចាប់ធ្វើទុក្ខដល់ពួកជំនុំខ្លះ» នេះមិនសំដៅទៅលើក្រុមជំនុំតែមួយគត់នៅទីក្រុងយេរូសាឡិមទេ។—កិច្ចការ ១២:១
១៣. តើអ្វីជាអត្ថន័យទីបួននៃពាក្យ«ពួកជំនុំ»ដែលយើងគិតច្រើនជាងគេ?
១៣ អត្ថន័យទីបួននៃពាក្យ«ពួកជំនុំ» ប្រហែលជាមិនសូវទូលំទូលាយទេ តែជាអត្ថន័យដែលយើងគិតច្រើនជាងគេ ពោលគឺ គ្រិស្តសាសនិកមួយចំនួនដែលរួមគ្នាជាក្រុមជំនុំតែមួយ នៅកន្លែងណាមួយដូចក្នុងផ្ទះបងប្អូនជាដើម។ ប៉ុលបានរៀបរាប់អំពី«ពួកជំនុំនៅស្រុកកាឡាទីទាំងប៉ុន្មាន» ហើយខេត្តនោះជាខេត្តធំមួយរបស់ពួករ៉ូម ដូច្នេះច្បាស់ជាមានក្រុមជំនុំមួយចំនួននៅទីនោះមែន។ ពីរដងហើយ ប៉ុលសំដៅទៅលើ«ពួកជំនុំទាំងប៉ុន្មាន» ពេលគាត់សរសេរអំពីស្រុកកាឡាទីដែលរួមបញ្ចូលក្រុមជំនុំនានានៅទីក្រុងអានទីយ៉ូក ឌើបេ លីស្ដ្រានិងអ៊ីកូនាម។ គេក៏បានតែងតាំងបុរសចាស់ទុំជាអ្នកត្រួតពិនិត្យក្នុងក្រុមជំនុំទាំងនោះដែរ។ (កូរិនថូសទី១ ១៦:១; កាឡាទី ១:២; កិច្ចការ ១៤:១៩-២៣) សមស្របនឹងគម្ពីរ ក្រុមជំនុំទាំងនោះសុទ្ធតែជា«ពួកជំនុំនៃព្រះ»ដែរ។—កូរិនថូសទី១ ១១:១៦; ថែស្សាឡូនីចទី២ ១:៤
១៤. បើផ្អែកលើបទគម្ពីរទាំងនេះ តើយើងអាចសន្និដ្ឋានយ៉ាងណាអំពីអត្ថន័យនៃពាក្យ«ពួកជំនុំ»?
១៤ ជួនកាលក្រុមពួកគ្រិស្តសាសនិកខ្លះមានគ្នាតិច ពីព្រោះពួកគេអាចជួបជុំគ្នាក្នុងផ្ទះតែមួយ។ យ៉ាងណាក៏ដោយ ពាក្យ«ពួកជំនុំ»នៅតែអាចសំដៅទៅលើក្រុមតូចបែបនោះដែរ។ យើងដឹងអំពីក្រុមជំនុំតូចខ្លះដែលបានជួបជុំគ្នាក្នុងផ្ទះរបស់លោកអ័គីឡានិងភរិយាគាត់ឈ្មោះព្រីស៊ីល ព្រមទាំងក្រុមឯទៀតក្នុងផ្ទះរបស់ស្ត្រីម្នាក់ឈ្មោះនីមផាស និងបុរសម្នាក់ឈ្មោះភីលេម៉ូនដែរ។ (រ៉ូម ១៦:៣-៥; កូល៉ុស ៤:១៥; ភីលេម៉ូន ២) ចំណុចនេះគួរលើកទឹកចិត្តក្រុមជំនុំតូចៗនៅសព្វថ្ងៃនេះដែលប្រហែលជាជួបគ្នាជាទៀងទាត់ក្នុងផ្ទះរបស់បងប្អូនណាម្នាក់។ ព្រះយេហូវ៉ាបានទទួលស្គាល់ពួកជំនុំតូចបែបនោះនៅសតវត្សរ៍ទីមួយ ហើយទ្រង់ប្រាកដជាទទួលស្គាល់និងប្រទានពរលើក្រុមជំនុំតូចទាំងឡាយនៅសម័យនេះ ដោយប្រទានឲ្យពួកគេមានសកម្មពលរបស់ទ្រង់។
ពួកជំនុំដែលសរសើរព្រះយេហូវ៉ា
១៥. ក្នុងក្រុមជំនុំខ្លះនៅសម័យដើម តើអ្វីសឲ្យឃើញថាពួកគេមានសកម្មពលរបស់ព្រះ?
១៥ នៅខាងលើយើងបានកត់សម្គាល់ថា ព្រះយេស៊ូបានបំពេញបទទំនាយនៅសៀវភៅទំនុកដំកើង ២២:២២ ដោយសរសើរព្រះយេហូវ៉ានៅកណ្ដាលពួកជំនុំ។ (ហេព្រើរ ២:១២) ពួកអ្នកដែលកាន់តាមព្រះយេស៊ូដោយស្មោះត្រង់ក៏នឹងសរសើរព្រះយេហូវ៉ានៅកណ្ដាលពួកជំនុំដែរ។ នៅសតវត្សរ៍ទីមួយ ពេលពួកគ្រិស្តសាសនិកពិតបានត្រូវតែងតាំងដោយសកម្មពលរបស់ព្រះ ពួកគេបានក្លាយជាកូនរបស់ព្រះយេហូវ៉ា ដូច្នេះពួកគេក៏ជាបងប្អូនរបស់ព្រះគ្រិស្តផង។ គ្រិស្តសាសនិកខ្លះមានសមត្ថភាពធ្វើអព្ភូតហេតុទុកជាអំណោយទានពិសេសដោយសារពួកគេមានសកម្មពលរបស់ព្រះ។ អ្នកខ្លះសឲ្យឃើញថាមានអំណោយទាននោះ ដោយបញ្ចេញពាក្យសម្ដីដែលបង្ហាញពីប្រាជ្ញាវាងវៃនិងចំណេះចេះស្ទាត់ អ្នកខ្លះចេះថ្លែងទំនាយនិងមានអំណាចប្រោសមនុស្សឈឺឲ្យជា ហើយខ្លះក៏ចេះនិយាយភាសាដទៃដោយមិនចាំបាច់រៀនភាសានោះជាមុនទេ។—កូរិនថូសទី១ ១២:៤-១១
១៦. តើពួកគ្រិស្តសាសនិកគួរមានគោលបំណងអ្វីពេលធ្វើអព្ភូតហេតុដោយសារមានសកម្មពលរបស់ព្រះជាអំណោយទាន?
១៦ ប៉ុលបានពន្យល់អំពីសមត្ថភាពនិយាយភាសាដទៃនោះថា៖ «ខ្ញុំនឹងច្រៀង[«សរសើរ»]ដោយវិញ្ញាណ ហើយនឹងច្រៀង[«សរសើរ»]ដោយប្រាជ្ញាដែរ»។ (កូរិនថូសទី១ ១៤:១៥; ព.ថ.) ប៉ុលមានគោលបំណងសរសើរព្រះយេហូវ៉ាក្នុងចំណោមពួកជំនុំ ហើយគាត់ទទួលស្គាល់ថា ពួកគេត្រូវតែយល់ពាក្យដែលគាត់និយាយទើបគាត់អាចផ្ដល់ការណែនាំបាន។ ចំពោះបងប្អូនឯទៀតដែលមានអំណោយទានពីសកម្មពលរបស់ព្រះ ប៉ុលបានដាស់តឿនថា៖ «[ចូរ]ស្វែងរក[អំណោយទានទាំងនោះ]ឲ្យបានកាន់តែច្រើនចុះ! ដើម្បីនឹងស្អាងចិត្តនៃពួកជំនុំឡើង»។ នេះមានន័យថា អ្នកទាំងនោះគួរតែប្រើអំណាចពិសេសដើម្បីស្អាងចិត្តឬពង្រឹងកម្លាំងចិត្តបងប្អូននានាក្នុងក្រុមជំនុំរបស់ខ្លួន។ (កូរិនថូសទី១ ១៤:៤, ៥, ១២, ២៣) ប៉ុលច្បាស់ជាបានយកចិត្តទុកដាក់ចំពោះក្រុមជំនុំទាំងឡាយដោយដឹងថា គ្រិស្តសាសនិកគ្រប់គ្នាក្នុងក្រុមជំនុំទាំងនោះ អាចមានឱកាសសរសើរព្រះយេហូវ៉ាបាន។
១៧. តើយើងអាចយល់យ៉ាងណាអំពីក្រុមជំនុំនានានៅសម័យនេះ?
១៧ ព្រះយេហូវ៉ានៅតែប្រើនិងគាំទ្រពួកជំនុំនៃទ្រង់។ នៅសព្វថ្ងៃនេះ ព្រះយេហូវ៉ាប្រទានពរលើក្រុមពួកអ្នកនៅផែនដីដែលនឹងគ្រប់គ្រងជាមួយព្រះយេស៊ូ។ យើងដឹងថាទ្រង់ប្រទានពរនោះ ពីព្រោះរាស្ត្ររបស់ព្រះកំពុងទទួលការអប់រំយ៉ាងល្អពីទ្រង់ដែលប្រៀបដូចជាអាហារដ៏វិសេស។ (លូកា ១២:៤២) ព្រះយេហូវ៉ាក៏ប្រទានពរលើបងប្អូនទូទាំងពិភពលោកដែលជាភាតរភាពមួយ ហើយទ្រង់ប្រទានពរលើក្រុមជំនុំនីមួយៗផងដែរ។ ពេលយើងចូលរួមជាមួយពួកជំនុំនាតំបន់យើង នេះហុចឱកាសឲ្យយើងសរសើរព្រះដែលជាអ្នកបង្កើតយើង។ ក្នុងចំណោមពួកជំនុំនោះ យើងសរសើរទ្រង់ដោយការប្រព្រឹត្តនិងចម្លើយដែលអាចពង្រឹងជំនឿរបស់បងប្អូនយើង។ នៅទីនោះ យើងទទួលការអប់រំនិងការបង្វឹកបង្វឺនដើម្បីឲ្យចេះសរសើរព្រះយេហូវ៉ានៅពេលនិងកន្លែងផ្សេង ក្រៅពីពេលដែលយើងសរសើរទ្រង់នៅកណ្ដាលក្រុមជំនុំនាតំបន់យើង។
១៨, ១៩. តើបងប្អូនដែលមានចិត្តស្មោះក្នុងក្រុមជំនុំនីមួយៗមានបំណងធ្វើអ្វី?
១៨ សូមនឹកចាំថា សាវ័កប៉ុលបានដាស់តឿនពួកគ្រិស្តសាសនិកក្នុងក្រុមជំនុំនៅទីក្រុងភីលីព នាស្រុកម៉ាសេដូនថា៖ «ខ្ញុំក៏អធិស្ឋានសូមសេចក្ដីនេះ គឺឲ្យ[អ្នក]ពេញជាផលនៃសេចក្ដីសុចរិតដែលមកដោយសារព្រះយេស៊ូវគ្រីស្ទ សំរាប់ជាសិរីល្អហើយជាសេចក្ដីសរសើរដល់ព្រះផង»។ ផលនៃសេចក្ដីសុចរិតនោះរួមបញ្ចូលការសន្ទនាជាមួយមនុស្សដទៃដែលមិនរួមចំណែកក្នុងពួកជំនុំយើង ដើម្បីប្រាប់ពីជំនឿរបស់យើងលើព្រះយេស៊ូនិងក្ដីសង្ឃឹមដ៏អស្ចារ្យដែលយើងមានចំពោះពេលអនាគត។ (ភីលីព ១:៩-១១; ៣:៨-១១) ហេតុនេះហើយបានជាប៉ុលដាស់តឿនគ្រិស្តសាសនិកគ្នីគ្នារបស់គាត់ថា៖ «[ចូរ]ឲ្យយើងរាល់គ្នាថ្វាយពាក្យសរសើរដោយសារ[ព្រះយេស៊ូ] ទុកជាគ្រឿងបូជាដល់ព្រះជានិច្ច គឺជាផលនៃបបូរមាត់ដែលថ្លែងប្រាប់ពីព្រះនាមទ្រង់»។—ហេព្រើរ ១៣:១៥
១៩ តើអ្នកចូលចិត្តធ្វើតាមគំរូរបស់ព្រះយេស៊ូដោយសរសើរព្រះយេហូវ៉ា«នៅកណ្ដាលពួកជំនុំ»ទេ? តើអ្នកសរសើរព្រះយេហូវ៉ាទុកជាផលនៃបបូរមាត់ ដើម្បីជួយឲ្យមនុស្សឯទៀតស្គាល់និងសរសើរទ្រង់ដែរឬទេ? (ហេព្រើរ ២:១២; រ៉ូម ១៥:៩-១១) ចម្លើយចំពោះសំណួរទាំងនេះទាក់ទងនឹងទស្សនៈរបស់យើងចំពោះតួនាទីនៃក្រុមជំនុំនាតំបន់ខ្លួនស្របតាមគោលបំណងរបស់ព្រះយេហូវ៉ា។ ក្នុងអត្ថបទបន្ទាប់យើងនឹងពិនិត្យមើលរបៀបដែលព្រះយេហូវ៉ាកំពុងតែប្រើនិងណែនាំក្រុមជំនុំនានា ហើយយើងនឹងពិនិត្យមើលតួនាទីរបស់ក្រុមជំនុំក្នុងជីវិតយើងផ្ទាល់នៅសព្វថ្ងៃនេះ។
តើអ្នកនៅចាំទេ?
• តើគ្រិស្តសាសនិកដែលបានតែងតាំងដោយសកម្មពលព្រះបានក្លាយជា«ពួកជំនុំនៃព្រះ»យ៉ាងដូចម្ដេច?
• តើពាក្យ«ពួកជំនុំ»ក្នុងគម្ពីរអាចមានន័យបីយ៉ាងអ្វីទៀត?
• តើដាវីឌ ព្រះយេស៊ូនិងពួកគ្រិស្តសាសនិកនៅសតវត្សរ៍ទីមួយមានបំណងចិត្តធ្វើអ្វី? តើគំរូរបស់ពួកគាត់គួរមានឥទ្ធិពលយ៉ាងណាលើយើង?
[រូបភាពនៅទំព័រ៩]
តើព្រះយេស៊ូជាគ្រឹះមូលដ្ឋាននៃពួកជំនុំមួយណា?
[រូបភាពនៅទំព័រ១០]
ក្រុមពួកគ្រិស្តសាសនិកនីមួយៗបានជួបជុំគ្នាជា«ពួកជំនុំនៃព្រះ»
[រូបភាពនៅទំព័រ១២]
យើងអាចជួបជុំគ្នាដើម្បីសរសើរព្រះយេហូវ៉ា ដូចពួកគ្រិស្តសាសនិកទាំងនេះនៅប្រទេសបេនីន