ការបំពេញការឧទ្ទិសថ្វាយខ្លួនរបស់យើង«រៀងរាល់ថ្ងៃ»
«បើអ្នកណាចង់មកដើរតាមក្រោយខ្ញុំ ត្រូវឲ្យអ្នកនោះលះបង់ខ្លួនឯងចោល និងលីបង្គោលឈើទារុណកម្មរបស់ខ្លួនរៀងរាល់ថ្ងៃ ហើយមកតាមខ្ញុំជាដរាបចុះ»។—លូកា ៩:២៣, ព.ថ.
១. តើអ្វីជារបៀបមួយដែលយើងអាចស្ទង់មើលការជោគជ័យរបស់យើងជាជនគ្រីស្ទាននោះ?
តើយើងពិតជាមនុស្សដែលមានភក្ដីភាពបូជាខ្លួនឬទេ? ចំពោះចម្លើយនៃសំនួរនេះ យោងទៅតាមលោក ចន ខិននីឌី ជាប្រធានាធិបតីទី៣៥នៃសហរដ្ឋអាមេរិក គឺជាកត្ដាមួយក្នុងការស្ទង់មើលការជោគជ័យនៃអស់អ្នកដែលមានមុខនាទីនៃភារកិច្ចខាងរដ្ឋាភិបាល។ សំនួរនេះអាចទៅជាសារៈសំខាន់ជ្រៅជាងនោះទៀតបាន ដែលជាការសាកល្បងចំពោះការជោគជ័យរបស់យើងជាអ្នកបំរើជនគ្រីស្ទាន។
២. តើវចនានុក្រមមួយបានឲ្យអត្ថន័យនៃពាក្យ«ការឧទ្ទិសថ្វាយខ្លួន»ជាអ្វី?
២ ប៉ុន្តែ តើការឧទ្ទិសថ្វាយខ្លួនជាអ្វីទៅ? យោងទៅតាមវចនានុក្រម Webster’s Ninth New Collegiate បានឲ្យអត្ថន័យជា«ការប្រព្រឹត្តឬជារីត៌នៃការថ្វាយចំពោះព្រះឬចំពោះការប្រើបរិសុទ្ធណាមួយ» «ទុកសំរាប់ឬទុកដោយឡែកសំរាប់គោលបំណងណាមួយ» «ភក្ដីភាពបូជាខ្លួន»។ តាមប្រមើលទៅ លោកចន ខិននីឌី ប្រើពាក្យនេះដើម្បីចង់មានន័យថាជា«ភក្ដីភាពបូជាខ្លួន»។ ចំពោះជនគ្រីស្ទានវិញ ការឧទ្ទិសថ្វាយខ្លួនគឺមានន័យច្រើនជាងនោះទៅទៀត។
៣. តើការឧទ្ទិសថ្វាយខ្លួនរបស់គ្រីស្ទានជាអ្វី?
៣ ព្រះយេស៊ូគ្រីស្ទបានមានបន្ទូលប្រាប់ពួកសិស្សទ្រង់ថា៖ «បើអ្នកណាចង់មកដើរតាមក្រោយខ្ញុំ ត្រូវឲ្យអ្នកនោះលះបង់ខ្លួនឯងចោល និងលីបង្គោលឈើទារុណកម្មរបស់ខ្លួន ហើយមកតាមខ្ញុំជាដរាបចុះ»។ (ម៉ាថាយ ១៦:២៤, ព.ថ.) ការទុកសំរាប់ប្រើខាងព្រះ មិនគ្រាន់តែទាក់ទងនឹងការប្រព្រឹត្តថ្វាយបង្គំនៅតែថ្ងៃអាទិត្យ ឬនៅពេលដែលទៅលេងកន្លែងថ្វាយបង្គំណាមួយឡើយ។ នេះគឺទាក់ទងពីបែបលំនាំក្នុងការរស់នៅរបស់បុគ្គលនោះទាំងមូល។ ជាជនគ្រីស្ទានម្នាក់ នេះមានន័យថា ការលះបង់ខ្លួនឯងចោល ឬការបដិសេធខ្លួនឯង ដើម្បីនឹងបំរើព្រះដែលព្រះយេស៊ូគ្រីស្ទបានបំរើនោះ គឺជាព្រះយេហូវ៉ា។ បន្ថែមទៀតនោះ ជនគ្រីស្ទានម្នាក់លី«បង្គោលឈើទារុណកម្ម»របស់ខ្លួន ដោយខំអត់ទ្រាំនឹងការរងទុក្ខវេទនាណាដែលអាចមានមក ដោយព្រោះតែជាអ្នកកាន់តាមព្រះគ្រីស្ទ។
គំរូដ៏ល្អឥតខ្ចោះ
៤. តើពិធីជ្រមុជទឹករបស់ព្រះយេស៊ូតំណាងអ្វី?
៤ កាលដែលព្រះយេស៊ូនៅលើផែនដីនៅឡើយ ទ្រង់បានសម្ដែងឲ្យឃើញនូវការឧទ្ទិសថ្វាយខ្លួនជូនព្រះយេហូវ៉ាមានការទាក់ទងយ៉ាងណាខ្លះ។ ទ្រង់បានបង្ហាញនូវមនោសញ្ចេតនារបស់ទ្រង់ថា៖ «ព្រះអង្គមិនចង់បានយញ្ញបូជា នឹងដង្វាយទេ តែទ្រង់បានរៀបចំរូបកាយឲ្យទូលបង្គំវិញ»។ រួចមកទ្រង់បានមានបន្ទូលបន្ថែមទៀតថា៖ «មើល! ឱព្រះអង្គអើយ ទូលបង្គំមកនឹងធ្វើតាមព្រះហឫទ័យទ្រង់ (សេចក្ដីនេះបានកត់ទុកពីទូលបង្គំ នៅក្នុងគម្ពីរហើយ)»។ (ហេព្រើរ ១០:៥-៧) ជាសមាជិកម្នាក់នៃសាសន៍ដែលបានឧទ្ទិសថ្វាយខ្លួននោះ ទ្រង់បានឧទ្ទិសថ្វាយជូនព្រះយេហូវ៉ា តាំងពីកំណើតមកម្ល៉េះ។ តែនៅការចាប់ផ្ដើមនៃកិច្ចបំរើរបស់ទ្រង់នៅលើផែនដី ទ្រង់បានថ្វាយអង្គទ្រង់ធ្វើពិធីជ្រមុជទឹក ជាការតំណាងនៃការបង្ហាញអង្គទ្រង់ក្នុងការធ្វើតាមព្រះហឫទ័យរបស់ព្រះយេហូវ៉ា។ ចំពោះទ្រង់ នេះគឺរួមបញ្ចូលការថ្វាយព្រះជន្មរបស់ទ្រង់ជាយញ្ញបូជាលោះ។ ដូច្នេះហើយ ទ្រង់បានទុកនូវគំរូសំរាប់ឲ្យពួកគ្រីស្ទានធ្វើតាមក្នុងគ្រប់កិច្ចការទាំងអស់ដែលព្រះយេហូវ៉ាពេញព្រះហឫទ័យ។
៥. តើតាមរបៀបណាដែលព្រះយេស៊ូផ្ដល់នូវគំរូដ៏ប្រសើរនៃវត្ថុទ្រព្យនោះ?
៥ ក្រោយពីពិធីជ្រមុជទឹករបស់ទ្រង់មក ព្រះយេស៊ូបានកាន់តាមជីវភាពដែលបាននាំទៅការទទួលមរណភាពខាងយញ្ញបូជា។ ទ្រង់មិនបានចាប់អារម្មណ៍ក្នុងការស្វែងរកទ្រព្យសម្បត្ដិ ឬប្រព្រឹត្តបែបលំនាំក្នុងការរស់នៅដ៏ស្រណុកនោះឡើយ។ ផ្ទុយទៅវិញ កិច្ចបំរើរបស់ទ្រង់ជាផ្នែកដ៏សំខាន់បំផុតក្នុងព្រះជន្មរបស់ទ្រង់។ ទ្រង់បានដាស់តឿនពួកសិស្សរបស់ទ្រង់ឲ្យ«ស្វែងរកព្រះរាជាណាចក្រ នឹងសេចក្ដីសុចរិតនៃព្រះជាមុនសិន» ហើយទ្រង់បានបំពេញពាក្យទាំងនេះផ្ទាល់ផង។ (ម៉ាថាយ ៦:៣៣) នៅពេលមួយ ទ្រង់ថែមទាំងបានមានបន្ទូលថា៖ «កញ្ជ្រោងមានរូងវា ហើយសត្វហើរលើអាកាស ក៏មានសំបុក តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ»។ (ម៉ាថាយ ៨:២០) នៅពេលនោះ ទ្រង់អាចផ្លាស់ប្ដូរសេចក្ដីបង្រៀនរបស់ទ្រង់ ដើម្បីនឹងទារប្រាក់ពីពួកកាន់តាមទ្រង់ក៏បានដែរ។ ជាជាងឈើម្នាក់ ទ្រង់ក៏អាចយកពេលវេលាធ្វើគ្រឿងតុទូដ៏ល្អមួយ រួចលក់ដើម្បីទិញដុំប្រាក់ជាច្រើនទៀតផង។ ប៉ុន្តែ ទ្រង់មិនបានប្រើការជំនាញរបស់ទ្រង់ក្នុងការស្វែងរកភាពចំរើនខាងវត្ថុទ្រព្យទេ។ ជាអ្នកបំរើដែលបានឧទ្ទិសថ្វាយខ្លួនរបស់ព្រះនោះ តើយើងធ្វើតាមគំរូរបស់ព្រះយេស៊ូ ដោយមានទស្សនៈត្រឹមត្រូវនៃវត្ថុទ្រព្យទេ?—ម៉ាថាយ ៦:២៤-៣៤
៦. តើតាមរបៀបណាដែលយើងអាចកាន់តាមគំរូរបស់ព្រះយេស៊ូក្នុងការបូជាខ្លួន ជាអ្នកបំរើរបស់ព្រះនៃអ្នកថ្វាយខ្លួននោះ?
៦ ក្នុងការទុកកិច្ចបំរើចំពោះព្រះជាមុនសិននោះ ព្រះយេស៊ូមិនបានស្វែងរកផលប្រយោជន៍របស់ទ្រង់ទេ។ ក្នុងបីឆ្នាំកន្លះនៃកិច្ចបំរើជាសាធារណៈរបស់ទ្រង់ ព្រះជន្មរបស់ទ្រង់បានប្រកបទៅដោយការបូជាខ្លួន។ នៅគ្រាមួយ បន្ទាប់ពីថ្ងៃដ៏រវល់ រួចមិនបានទាំងទទួលទានផងនោះ ព្រះយេស៊ូបានស្ម័គ្រចិត្តបង្រៀនមនុស្សដែល«ល្វើយ ហើយខ្ចាត់ខ្ចាយ ដូចហ្វូងចៀម ដែលឥតអ្នកគង្វាល»។ (ម៉ាថាយ ៩:៣៦; ម៉ាកុស ៦:៣១-៣៤) ថ្វីបើទ្រង់‹បានអស់កម្លាំងក្នុងការធ្វើដំណើរ›ក្ដី ទ្រង់បានទៅសន្ទនាជាមួយនឹងស្ត្រីសាសន៍សាម៉ារី ដែលបានមកឯអណ្ដូងលោកយ៉ាកុបក្នុងស្រុកស៊ូខារ។ (យ៉ូហាន ៤:៦, ៧, ១៣-១៥) ទ្រង់តែងតែចាត់ទុកសុខុមាលភាពនៃអ្នកដទៃមុននឹងរបស់ទ្រង់ជានិច្ច។ (យ៉ូហាន ១១:៥-១៥) យើងអាចកាន់តាមគំរូរបស់ព្រះយេស៊ូ ដោយបូជាផលប្រយោជន៍របស់យើងដ៏សប្បុរសដើម្បីនឹងបំរើព្រះនិងអ្នកដទៃ។ (យ៉ូហាន ៦:៣៨) បើគិតអំពីរបៀបដែលយើងអាចធ្វើឲ្យព្រះគាប់ព្រះហឫទ័យ ជាជាងធ្វើតែតិចតួចដែលត្រូវការនោះ យើងនឹងបំពេញការឧទ្ទិសថ្វាយខ្លួនរបស់យើង។
៧. តើតាមរបៀបណាដែលយើងអាចកាន់តាមគំរូព្រះយេស៊ូ ក្នុងការឲ្យកិត្ដិយសដល់ព្រះយេហូវ៉ាជានិច្ចនោះ?
៧ ព្រះយេស៊ូមិនបានខំព្យាយាមទាក់ទាញឲ្យមនុស្សចាប់អារម្មណ៍នឹងទ្រង់ ដោយជួយមនុស្សជាច្រើននោះទេ។ ទ្រង់បានឧទ្ទិសថ្វាយខ្លួនជូនព្រះដើម្បីនឹងធ្វើតាមព្រះហឫទ័យរបស់ទ្រង់។ ដូច្នេះ ទ្រង់តែងតែធ្វើឲ្យបានប្រាកដថា ព្រះយេហូវ៉ាជាព្រះវរបិតារបស់ទ្រង់នឹងបានទទួលនូវគ្រប់សិរីល្អ ចំពោះអ្វីៗដែលទ្រង់បានសម្រេច។ នៅពេលដែលអ្នកគ្រប់គ្រងម្នាក់បានហៅទ្រង់ជា«លោកគ្រូល្អ» ដោយប្រើពាក្យ«ល្អ»ជាឋានន្តរនោះ ព្រះយេស៊ូបានកែតម្រូវគាត់ដោយមានបន្ទូលថា៖ «គ្មានអ្នកណាល្អឡើយ មានតែមួយប៉ុណ្ណោះ គឺជាព្រះ»។ (លូកា ១៨:១៨, ១៩; យ៉ូហាន ៥:១៩, ៣០) តើយើងដូចព្រះយេស៊ូទេ ក្នុងការឆាប់ឲ្យកិត្ដិយសជូនព្រះយេហូវ៉ា ជាជាងដល់យើងផ្ទាល់នោះ?
៨. (ក) ជាបុរសដែលបានឧទ្ទិសថ្វាយខ្លួនម្នាក់ តើព្រះយេស៊ូបានញែកខ្លួនទ្រង់ពីលោកីយ៍យ៉ាងដូចម្ដេច? (ខ) តើយើងត្រូវកាន់តាមគំរូទ្រង់ដោយដូចម្ដេចបាន?
៨ គ្រប់ដំណើរជីវភាពដែលទ្រង់បានឧទ្ទិសថ្វាយខ្លួននៅលើផែនដី ព្រះយេស៊ូបានសម្ដែងឲ្យឃើញថា ទ្រង់បានទុកខ្លួនទ្រង់ដើម្បីនឹងកិច្ចបំរើរបស់ព្រះ។ ទ្រង់បានរក្សាការស្អាតស្អំ ដើម្បីឲ្យទ្រង់អាចថ្វាយអង្គទ្រង់ជា«កូនចៀមឥតខ្ចោះ ឥតស្លាកស្នាម»សំរាប់យញ្ញបូជាលោះ។ (ពេត្រុសទី១ ១:១៩; ហេព្រើរ ៧:២៦) ទ្រង់បានសង្កេតឃើញសិក្ខាបទទាំងអស់នៃច្បាប់របស់លោកម៉ូសេ ដូច្នេះទ្រង់ក៏បានបំពេញច្បាប់នោះ។ (ម៉ាថាយ ៥:១៧; កូរិនថូសទី២ ១:២០) ទ្រង់បានបំពេញការបង្រៀនរបស់ទ្រង់ចំពោះសីលធម៌។ (ម៉ាថាយ ៥:២៧, ២៨) គ្មានអ្នកណាម្នាក់អាចចោទប្រកាន់ដល់ទ្រង់ដ៏ត្រឹមត្រូវ ថាទ្រង់មានបំណងអាក្រក់នោះឡើយ។ ពិតហើយ ទ្រង់«ស្អប់ការទទឹងច្បាប់»។ (ហេព្រើរ ១:៩) ជាអ្នកបំរើរបស់ព្រះ សូមឲ្យយើងកាន់តាមគំរូរបស់ព្រះយេស៊ូក្នុងការរក្សាជីវិតរបស់យើង ព្រមទាំងគោលបំណងរបស់យើងឲ្យបានស្អាតស្អំក្នុងព្រះនេត្ររបស់ព្រះយេហូវ៉ា។
គំរូដែលទុកជាការព្រមាន
៩. ចំពោះគំរូដែលទុកជាការព្រមានមួយណាដែលប៉ុលបានសំដៅនោះ ហើយហេតុអ្វីក៏យើងត្រូវតែពិនិត្យមើលពីគំរូនេះ?
៩ ផ្ទុយពីគំរូរបស់ព្រះយេស៊ូ យើងក៏មានគំរូដែលទុកជាការព្រមាននៃជនជាតិអ៊ីស្រាអែលដែរ។ សូម្បីតែក្រោយពីពួកគេបានប្រកាសថា គេនឹងធ្វើនូវអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានមានបន្ទូលប្រាប់គេនោះ ពួកគេនៅតែមិនបានធ្វើតាមព្រះហឫទ័យរបស់ទ្រង់ដដែល។ (ដានីយ៉ែល ៩:១១) សាវ័កប៉ុលបានលើកទឹកចិត្តពួកគ្រីស្ទានឲ្យរៀនពីអ្វីៗដែលបានកើតឡើងដល់ជនជាតិអ៊ីស្រាអែល។ សូមឲ្យយើងពិនិត្យមើលនូវឧប្បត្ដិហេតុខ្លះៗ ដែលប៉ុលបានប្រាប់យើងនៅសំបុត្រទីមួយរបស់គាត់ ជូនចំពោះពួកកូរិនថូស ហើយពិនិត្យមើលនូវគ្រោះថ្នាក់ណាខ្លះដែលពួកអ្នកបំរើថ្វាយខ្លួនរបស់ព្រះនៅសព្វថ្ងៃនេះត្រូវតែចៀសវាង។—កូរិនថូសទី១ ១០:១-៦, ១១
១០. (ក) តើតាមរបៀបណាដែលពួកអ៊ីស្រាអែល«ប្រាថ្នាចង់បានសេចក្ដីអាក្រក់»? (ខ) ហេតុអ្វីក៏ពួកអ៊ីស្រាអែលបានទទួលទណ្ឌកម្មដ៏ធ្ងន់នៅលើកទីពីរ កាលដែលពួកគេបានត្អូញត្អែរអំពីម្ហូបអាហារ ហើយតើយើងអាចរៀនអ្វីពីគំរូដែលទុកជាការព្រមាននេះ?
១០ ជាមុនដំបូង ប៉ុលបានព្រមានយើងកុំឲ្យ«ប្រាថ្នាចង់បានសេចក្ដីអាក្រក់»។ (កូរិនថូសទី១ ១០:៦) នេះប្រហែលជារំឭកអ្នកអំពីគ្រា កាលដែលពួកអ៊ីស្រាអែលបានត្អូញត្អែរអំពីការមានតែនំម៉ាន៉ាសំរាប់បរិភោគ។ ព្រះយេហូវ៉ាបានបញ្ជូនសត្វក្រួចទៅឲ្យពួកគេ។ ប្រមាណមួយឆ្នាំមុនក្នុងទីរហោស្ថាននៃអំពើបាប មានអ្វីមួយដែលបានកើតឡើងស្រដៀងនេះដែរ មុននឹងពួកអ៊ីស្រាអែលបានប្រកាសអំពីការឧទ្ទិសថ្វាយជូនព្រះយេហូវ៉ា។ (និក្ខមនំ ១៦:១-៣, ១២, ១៣) ប៉ុន្តែ ស្ថានការណ៍នោះមិនដូចគ្នាសុទ្ធសាធទេ។ នៅពេលដែលព្រះយេហូវ៉ាបានប្រទានសត្វក្រួចជាលើកដំបូងនោះ ទ្រង់មិនបានធ្វើឲ្យពួកអ៊ីស្រាអែលទទួលខុសត្រូវអំពីការត្អូញត្អែររបស់គេទេ។ ប៉ុន្តែ នៅលើកនេះ គឺមានស្ថានការណ៍ខុសគ្នា។ «តែកាលសាច់នោះកំពុងដំកល់នៅនាធ្មេញ មិនទាន់ទំពានៅឡើយ នោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាក៏ឆួលក្ដៅឡើងទាស់នឹងគេ ហើយទ្រង់វាយបណ្ដាជនទាំងឡាយ ដោយសេចក្ដីវេទនាយ៉ាងធំ»។ (ជនគណនា ១១:៤-៦, ៣១-៣៤) តើមានអ្វីដែលបានផ្លាស់ប្ដូរនោះ? ជាសាសន៍ដែលបានឧទ្ទិសថ្វាយខ្លួននោះ ឥឡូវនេះ ពួកគេមានការទទួលខុសត្រូវចំពោះសកម្មភាពរបស់គេ ហើយមិនអាចគេចពីទណ្ឌកម្មរបស់គេបានឡើយ។ ដោយសារពួកគេមិនបានអបអរចំពោះសំវិធានការរបស់ព្រះយេហូវ៉ា ដែលបានបណ្ដាលឲ្យគេត្អូញត្អែរនឹងព្រះយេហូវ៉ា ថ្វីបើពួកគេបានសន្យាថានឹងធ្វើនូវអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានមានបន្ទូលមកក្ដី! ការត្អូញត្អែរអំពីតុរបស់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះ ក៏ស្រដៀងគ្នាដែរ។ មនុស្សខ្លះមិនបានអបអរចំពោះសំវិធានការខាងវិញ្ញាណរបស់ព្រះយេហូវ៉ា តាមរយៈ‹អ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃ›ទេ។ (ម៉ាថាយ ២៤:៤៥-៤៧) ប៉ុន្តែ ចូរចងចាំថា ការឧទ្ទិសថ្វាយខ្លួនរបស់យើងតម្រូវឲ្យយើងនឹកចាំដោយកតញ្ញូធម៌ នូវអ្វីៗដែលព្រះយេហូវ៉ាបានធ្វើសំរាប់យើង ហើយទទួលយកម្ហូបអាហារខាងវិញ្ញាណដែលព្រះយេហូវ៉ាបានប្រទានមកឲ្យ។
១១. (ក) តើតាមរបៀបណាដែលពួកអ៊ីស្រាអែលធ្វើឲ្យការថ្វាយបង្គំព្រះយេហូវ៉ាទៅជាប្រឡាក់នឹងសរណវត្ថុបូជានោះ? (ខ) តើតាមរបៀបណាដែលសរណវត្ថុបូជាមួយប្រភេទអាចមានឥទ្ធិពលលើយើងនោះ?
១១ បន្ទាប់មក ប៉ុលបានព្រមានថា៖ «ឬថ្វាយបង្គំរូបព្រះ ដូចជាពួកគេខ្លះបានថ្វាយដែរ»។ (កូរិនថូសទី១ ១០:៧) នៅទីនេះ សាវ័កប៉ុលបានសំដៅទៅអំពីការថ្វាយបង្គំកូនគោ ដែលបានមានឡើងក្រោយពីពួកអ៊ីស្រាអែលបានបញ្ចប់កិច្ចព្រមព្រៀងជាមួយព្រះយេហូវ៉ានៅភ្នំស៊ីណាយ។ អ្នកប្រហែលជាមានប្រសាសន៍ថា៖ ‹ជាអ្នកបំរើព្រះយេហូវ៉ាដែលបានឧទ្ទិសថ្វាយខ្លួនម្នាក់ ខ្ញុំនឹងមិនចូលទាក់ទងនឹងសរណវត្ថុបូជាទេ›។ ប៉ុន្តែ ចូរកត់សម្គាល់ពីទស្សនៈនៃពួកអ៊ីស្រាអែលសិន ពួកគេមិនបានឈប់ថ្វាយបង្គំព្រះយេហូវ៉ាទេ តែពួកគេបានប្រព្រឹត្តការថ្វាយបង្គំកូនគោ—ជារបស់ដែលព្រះស្អប់ខ្ពើម។ តើការថ្វាយបង្គំប្រភេទនេះទាក់ទិននឹងអ្វីខ្លះ? ពួកបណ្ដាជនបានធ្វើយញ្ញបូជានៅពីមុខកូនគោ ហើយរួចមកពួកគេបាន«អង្គុយស៊ីផឹក រួចក្រោកឡើងលេងសប្បាយ»។ (និក្ខមនំ ៣២:៤-៦) នៅសព្វថ្ងៃនេះ អ្នកខ្លះប្រហែលជាអះអាងថា គេជាអ្នកថ្វាយបង្គំព្រះយេហូវ៉ា។ ប៉ុន្តែ ជីវិតរបស់គេប្រហែលជាសំដៅទៅចំពោះការកំសាន្តចិត្តនៃលោកីយ៍នេះ មិនមែនទៅលើការថ្វាយបង្គំព្រះយេហូវ៉ាទេ។ ប្រហែលជាពួកគេចាត់ទុកការកំសាន្តឬវិស្សមកាលជាទីសំខាន់បំផុតក្នុងជីវិតរបស់គេ ហើយពួកគេខំយកកិច្ចបំរើព្រះយេហូវ៉ាដាក់នៅជុំវិញរបស់ទាំងនេះ។ ពិតហើយ នេះមិនមែនខ្លាំងហួសហេតុដូចជាការថ្វាយបង្គំកូនគោមាសនោះទេ ប៉ុន្តែ ចំពោះគោលការណ៍វិញ គឺមិនជាការខុសគ្នាប៉ុន្មានឡើយ។ ការយកសេចក្ដីប្រាថ្នារបស់យើងទុកធ្វើជាព្រះនោះ គឺពិតជាមិនបំពេញការឧទ្ទិសថ្វាយខ្លួនជូនចំពោះព្រះយេហូវ៉ាឡើយ។—ភីលីព ៣:១៩
១២. ពីការពិសោធនៃពួកអ៊ីស្រាអែលជាមួយព្រះបាលនៃពេអរ តើយើងបានរៀនអ្វីពីការលះបង់ខ្លួនយើងចោលនោះ?
១២ គ្រឿងកំសាន្តមួយប្រភេទក៏បានទាក់ទងដែរ ក្នុងគំរូដែលទុកជាការព្រមានជាបន្ទាប់ដែលប៉ុលបានមានប្រសាសន៍មក។ «ឬប្រព្រឹត្តសេចក្ដីកំផិត ដូចជាពួកគេខ្លះបានប្រព្រឹត្ត ហើយមាន២ម៉ឺន៣ពាន់នាក់ បានត្រូវវិនាសក្នុង១ថ្ងៃនោះឯង»។ (កូរិនថូសទី១ ១០:៨) ពួកអ៊ីស្រាអែល ត្រូវបានពួកកូនស្រីនៃម៉ូអាប់ល្បួងឲ្យប្រព្រឹត្តអំពើអសីលធម៌ ហើយបានជំរុញឲ្យថ្វាយបង្គំព្រះបាលនៃពេអរនៅស្រុកស៊ីទីមផង។ (ជនគណនា ២៥:១-៣, ៩) ការលះបង់ខ្លួនឯងចោលដើម្បីនឹងធ្វើតាមព្រះហឫទ័យរបស់ព្រះ រួមបញ្ចូលការទទួលបមាណីយរបស់ទ្រង់ចំពោះអ្វីៗដែលស្អាតស្អំខាងសីលធម៌។ (ម៉ាថាយ ៥:២៧-៣០) នៅក្នុងសម័យដែលអន់ថយខាងបមាណីយនេះ យើងត្រូវបានរំឭកឲ្យរក្សាខ្លួនយើងឲ្យបានស្អាតស្អំជាចាំបាច់ពីអំពើអសីលធម៌ ហើយចុះចូលនឹងអំណាចរបស់ព្រះយេហូវ៉ាឲ្យសម្រេចអ្វីជាល្អឬអាក្រក់វិញ។—កូរិនថូសទី១ ៦:៩-១១
១៣. តើតាមរបៀបណាដែលគំរូរបស់លោកភីនេហាសជួយយើងឲ្យយល់ ថាការឧទ្ទិសថ្វាយខ្លួនជូនព្រះយេហូវ៉ារួមបញ្ចូលយ៉ាងណាខ្លះ?
១៣ កាលដែលមនុស្សជាច្រើនបានធ្លាក់ចូលក្នុងការប្រព្រឹត្តអំពើសហាយស្មន់នៅស្រុកស៊ីទីម តែមានមនុស្សខ្លះបានបំពេញការឧទ្ទិសថ្វាយខ្លួនចំពោះព្រះយេហូវ៉ា។ ចំពោះអ្នកទាំងនេះ មានបុរសម្នាក់ភីនេហាសជាអ្នកដែលមានការខ្នះខ្នែងណាស់។ នៅពេលដែលគាត់បានឃើញមេក្រុមជនជាតិអ៊ីស្រាអែលកំពុងតែយកស្ត្រីសាសន៍ម៉ាឌានចូលទៅក្នុងតង់ មួយរំពេចនោះ ភីនេហាសបានយកលំពែងហើយក៏ចាក់ទម្លុះពួកគេទៅ។ ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់ទៅម៉ូសេថា៖ «ភីនេហាស . . . បានបំបែរសេចក្ដីឃោរឃៅរបស់អញពីពួកកូនចៅអ៊ីស្រាអែលចេញ ដោយព្រោះមានសេចក្ដីឈឺឆ្អាលជំនួសអញ ប្រយោជន៍កុំឲ្យអញបានបំផ្លាញគេក្នុងសេចក្ដីប្រចណ្ឌរបស់អញឡើយ»។ (ជនគណនា ២៥:១១) ការមិនទ្រាំទ្រនឹងការប្រកួតចំពោះព្រះយេហូវ៉ា—នេះហើយជាអ្វីដែលការឧទ្ទិសថ្វាយខ្លួនមានន័យនោះ។ យើងត្រូវធ្វើឲ្យការឧទ្ទិសថ្វាយខ្លួនចំពោះព្រះយេហូវ៉ាជាប់ក្នុងចិត្តរបស់យើង ហើយមិនត្រូវអនុញ្ញាតឲ្យអ្វីៗមកធ្វើជាជំនួសឡើយ។ ការខ្នះខ្នែងរបស់យើងចំពោះព្រះយេហូវ៉ានឹងជំរុញយើងឲ្យរក្សាក្រុមជំនុំបានស្អាតស្អំ ដោយរាយការណ៍ប្រាប់នូវអំពើអសីលធម៌ដ៏ធ្ងន់ទៅពួកចាស់ទុំ មិនមែនទ្រាំទ្រដោយក្ដីអត់ឱនឡើយ។
១៤. (ក) តើពួកអ៊ីស្រាអែលបានសាកល្បងព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (ខ) តើការឧទ្ទិសថ្វាយខ្លួនទាំងស្រុងចំពោះព្រះយេហូវ៉ាជួយយើងមិនឲ្យណាយចិត្តយ៉ាងណា?
១៤ ប៉ុលបានសំដៅទៅគំរូដែលទុកជាការព្រមានមួយទៀតថា៖ «ឬល្បង[ព្រះយេហូវ៉ា, ព.ថ] ដូចជាពួកគេខ្លះបានល្បងទ្រង់ ហើយត្រូវវិនាសទៅ ដោយពស់ចឹក»។ (កូរិនថូសទី១ ១០:៩) នៅទីនេះ ប៉ុលកំពុងតែនិយាយអំពីពេលដែលពួកអ៊ីស្រាអែលបានត្អូញត្អែរនឹងព្រះដល់លោកម៉ូសេ នៅពេលដែលពួកគេ«មានចិត្តរវាត ដោយព្រោះផ្លូវនោះ»។ (ជនគណនា ២១:៤) តើអ្នកដែលប្រព្រឹត្តការខុសនេះទេ? នៅពេលដែលអ្នកបានឧទ្ទិសថ្វាយខ្លួនទៅព្រះយេហូវ៉ាហើយ តើអ្នកបានគិតថាអើម៉ាគេដូនជិតមកដល់ហើយឬ? តើការអត់ធ្មត់របស់ព្រះយេហូវ៉ាមានរយៈយូរជាងអ្នកមានសេចក្ដីសង្ឃឹមទេ? ចូរចងចាំថា យើងមិនមែនឧទ្ទិសថ្វាយខ្លួនយើងទៅព្រះយេហូវ៉ាសំរាប់តែគ្រាកំណត់ណាមួយ ឬគ្រាន់តែរហូតទៅដល់អើម៉ាគេដូននោះទេ។ ការឧទ្ទិសថ្វាយខ្លួនរបស់យើងគឺបន្តជានិរន្តរ៍។ ដូច្នេះហើយ សូម«កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់ យើងនឹងច្រូតបានហើយ»។—កាឡាទី ៦:៩
១៥. (ក) តើពួកអ៊ីស្រាអែលបានត្អូញត្អែរនឹងអ្នកណា? (ខ) តើតាមរបៀបណាដែលការឧទ្ទិសថ្វាយខ្លួនរបស់យើងចំពោះព្រះយេហូវ៉ា ជំរុញយើងឲ្យគោរពអំណាចព្រះធិបតេយ្យនោះ?
១៥ នៅទីបំផុត ប៉ុលបានព្រមានយើងអំពីការ«ត្អូញត្អែរ»នឹងពួកអ្នកបំរើព្រះយេហូវ៉ាដែលទ្រង់បានតែងតាំងឡើង។ (កូរិនថូសទី១ ១០:១០) ពួកអ៊ីស្រាអែលបានត្អូញត្អែរយ៉ាងខ្លាំងដល់លោកម៉ូសេនិងអើរ៉ុន នៅពេលដែលពួកឈ្លប១០នាក់ក្នុងចំណោម១២នាក់ ដែលបានបញ្ជូនឲ្យទៅស៊ើបអង្កេតស្រុកកាណាន បានរាយការណ៍ដ៏អាក្រក់មកវិញនោះ។ ពួកគេព្រមទាំងចង់ផ្លាស់លោកម៉ូសេជាមេដឹកនាំរបស់គេ ហើយចង់ត្រឡប់ទៅឯស្រុកអេស៊ីបវិញផង។ (ជនគណនា ១៤:១-៤) នៅសព្វថ្ងៃនេះ តើយើងទទួលយកការដឹកនាំដែលបានផ្ដល់មកតាមរយៈសកម្មភាពនៃព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះយេហូវ៉ាទេ? ដោយបានឃើញតុខាងវិញ្ញាណដ៏បរិបូរ ដែលក្រុមអ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃបានផ្ដល់មកនោះ ជាការច្បាស់ណាស់នូវអ្នកណា ដែលព្រះយេស៊ូប្រើក្នុងការចែក«ឲ្យអាហារគេបរិភោគ តាមត្រូវពេល»។ (ម៉ាថាយ ២៤:៤៥) ការឧទ្ទិសថ្វាយខ្លួនអស់ពីចិត្តដល់ព្រះយេហូវ៉ា តម្រូវឲ្យយើងបង្ហាញការគោរពដល់អ្នកបំរើដែលបានតែងតាំងមក។ សូមឲ្យយើងកុំឲ្យបានដូចជាមនុស្សខ្លះដែលត្អូញត្អែរនៅសម័យថ្មីនេះ ដែលបានបែរទៅរកប្រមុខថ្មី បើនិយាយជាអត្ថបដិរូប ដើម្បីឲ្យដឹកនាំគេចូលទៅក្នុងលោកីយ៍វិញនោះ។
តើនេះជាការខំប្រឹងរបស់ខ្ញុំឬ?
១៦. តើមានសំនួរអ្វីខ្លះដែលអ្នកបំរើថ្វាយខ្លួននៃព្រះអាចប្រាថ្នាសួរខ្លួនគេនោះ?
១៦ ពួកអ៊ីស្រាអែលនឹងមិនបានធ្លាក់ចូលទៅក្នុងអំពើកំហុសដ៏ធ្ងន់បែបនេះឡើយ បើសិនជាពួកគេបានចងចាំថា ការឧទ្ទិសថ្វាយខ្លួនរបស់គេជូនព្រះយេហូវ៉ាគឺគ្មានល័ក្ខខ័ណ្ឌនោះ។ មិនដូចពួកអ៊ីស្រាអែលដែលគ្មានជំនឿនោះ ព្រះយេស៊ូគ្រីស្ទបានបំពេញការឧទ្ទិសថ្វាយខ្លួនរបស់ទ្រង់រហូតដល់ទីបញ្ចប់។ ជាអ្នកកាន់តាមព្រះគ្រីស្ទ យើងកាន់តាមគំរូរបស់ទ្រង់ដោយមានភក្ដីភាពអស់ពីចិត្ត ដោយប្រកបជីវិតរបស់យើងមិនមែន«តាមតែសេចក្ដីប៉ងប្រាថ្នារបស់មនុស្សទៀតឡើយគឺតាមបំណងព្រះហឫទ័យនៃព្រះវិញ»។ (ពេត្រុសទី១ ៤:២; ប្រៀបធៀប កូរិនថូសទី២ ៥:១៥) នៅសព្វថ្ងៃនេះ ព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យចង់«ឲ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយឲ្យបានស្គាល់សេចក្ដីពិត»។ (ធីម៉ូថេទី១ ២:៤) ដោយមានគោលដៅនោះ យើងត្រូវតែផ្សាយ«ដំណឹងល្អនេះ ដែលសម្ដែងពីព្រះរាជាណាចក្រ»មុននឹងទីបញ្ចប់បានមកដល់។ (ម៉ាថាយ ២៤:១៤) តើយើងខំប្រឹងធ្វើយ៉ាងណាដែរ ចំពោះកិច្ចបំរើនេះ? យើងប្រហែលជាសួរខ្លួនយើងថា៖ ‹តើនេះជាការខំប្រឹងរបស់ខ្ញុំឬ›? (ធីម៉ូថេទី២ ២:១៥) យើងមានកាលៈទេសៈខុសៗគ្នា។ ព្រះយេហូវ៉ាគាប់ព្រះហឫទ័យ ឲ្យមនុស្សបំរើទ្រង់‹តាមអ្វីៗដែលយើងមាន គឺមិនមែនតាមអ្វីៗដែលយើងគ្មាននោះទេ›។ (កូរិនថូសទី២ ៨:១២; លូកា ២១:១-៤) យើងមិនត្រូវកាត់ក្ដីនូវជំរៅនិងភាពស្មោះត្រង់នៃការឧទ្ទិសថ្វាយខ្លួនរបស់អ្នកដទៃឡើយ។ យើងម្នាក់ៗត្រូវតែប៉ាន់តម្លៃផ្ទាល់ខ្លួននូវកំរិតនៃភក្ដីភាពចំពោះព្រះយេហូវ៉ាខ្លួនឯង។ (កាឡាទី ៦:៤) ការស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ាគួរតែបណ្ដាលឲ្យយើងសួរថា៖ ‹តើតាមរបៀបណាដែលខ្ញុំអាចធ្វើឲ្យព្រះយេហូវ៉ាមានព្រះទ័យសប្បាយរីករាយ›?
១៧. តើទំនាក់ទំនងរវាងភក្ដីភាពនឹងការអបអរមានយ៉ាងណា? សូមពន្យល់។
១៧ ជំរៅនៃភក្ដីភាពរបស់យើងចំពោះព្រះយេហូវ៉ានឹងបានចំរើនខ្លាំងឡើង កាលណាដែលការអបអររបស់យើងចំពោះទ្រង់បានលូតលាស់ឡើង។ ក្មេងប្រុសម្នាក់ដែលមានអាយុ១៤ឆ្នាំនៅប្រទេសជប៉ុន បានឧទ្ទិសថ្វាយខ្លួនដល់ព្រះយេហូវ៉ា ហើយបានថ្វាយខ្លួនដោយធ្វើពិធីជ្រមុជទឹក។ ក្រោយមក គាត់ខំប្រឹងចង់បានវិជ្ជាជាន់ខ្ពស់ និងចង់បានទៅជាអ្នកវិទ្យាសាស្ត្រម្នាក់។ គាត់មិនដែលបានគិតអំពីកិច្ចបំរើពេញពេលទេ ប៉ុន្តែជាអ្នកបំរើដែលឧទ្ទិសថ្វាយខ្លួនម្នាក់ គាត់មិនចង់ចាកចេញពីព្រះយេហូវ៉ានិងអង្គការដែលមើលឃើញរបស់ទ្រង់ទេ។ ដើម្បីឲ្យបានសម្រេចគោលបំណងរបស់គាត់ គាត់ក៏បានទៅសកលវិទ្យាល័យ។ នៅទីនោះគាត់បានឃើញមនុស្សដែលបានសិក្សាចប់នៃសកលវិទ្យាល័យ ត្រូវបានគេបង្ខំឲ្យឧទ្ទិសថ្វាយខ្លួនមួយជីវិតដល់ក្រុមហ៊ុនឬដល់ការសិក្សារបស់គេ។ គាត់បានឆ្ងល់ថា៖ ‹តើខ្ញុំមកទីនេះធ្វើអ្វីហ្នឹង›? តើខ្ញុំពិតជាអាចខំខ្នះខ្នែងធ្វើតាមជីវភាពរបស់គេ ហើយឧទ្ទិសថ្វាយខ្លួនដល់កិច្ចការខាងលោកីយ៍បានទេ? តើខ្ញុំពិតជាមិនមែនបានឧទ្ទិសថ្វាយខ្លួនដល់ព្រះយេហូវ៉ាហើយទេឬ? ដោយមានការអបអរថ្មី គាត់ក៏បានទៅជាអ្នកត្រួសត្រាយពេញពេល។ គាត់បានយល់ខ្លាំងឡើងអំពីការឧទ្ទិសថ្វាយខ្លួន ហើយនេះបានជំរុញគាត់ឲ្យប្ដេជ្ញាចិត្តទៅបំរើនៅកន្លែងដែលគេត្រូវការគាត់។ គាត់បានទៅសាលាហ្វឹកហ្វឺននៃពួកអ្នកបំរើជំនួយ ហើយបានទទួលកិច្ចការបំរើជាសាសនទូតនៅបរទេស។
១៨. (ក) តើការឧទ្ទិសថ្វាយខ្លួនជូនព្រះយេហូវ៉ាមានទាក់ទងដល់ត្រឹមណា? (ខ) តើរង្វាន់អ្វីដែលយើងអាចទទួលបានពីការឧទ្ទិសថ្វាយខ្លួនដល់ព្រះយេហូវ៉ានោះ?
១៨ ការឧទ្ទិសថ្វាយខ្លួនទាក់ទងនឹងជីវិតរបស់យើងទាំងមូល។ យើងត្រូវតែលះបង់ខ្លួនយើងចោល ហើយត្រូវកាន់តាមគំរូដ៏ល្អរបស់ព្រះយេស៊ូ«រៀងរាល់ថ្ងៃ»។ (លូកា ៩:២៣, ព.ថ.) ដោយបានលះបង់ខ្លួនយើងចោលហើយ យើងមិនសុំព្រះយេហូវ៉ាឲ្យទ្រង់អនុញ្ញាតយើងចាកចេញពីភារកិច្ចឬវិស្សមកាលនោះទេ។ ជីវិតរបស់យើងអនុលោមតាមគោលការណ៍របស់ព្រះយេហូវ៉ា ដែលបានស្ថាបនាឡើងសំរាប់ពួកអ្នកបំរើរបស់ទ្រង់។ សូម្បីតែនៅទីកន្លែងដែលយើងអាចជ្រើសរើសផ្ទាល់ខ្លួនក្ដី ការពិនិត្យមើលថាតើយើងខំប្រឹងធ្វើអស់ពីសមត្ថភាព ក្នុងការប្រកបជីវិតដែលឧទ្ទិសថ្វាយខ្លួនដល់ព្រះយេហូវ៉ា នោះនឹងមានប្រយោជន៍ដល់យើង។ កាលដែលយើងបំរើទ្រង់ជារៀងរាល់ថ្ងៃ ដោយខំប្រឹងធ្វើឲ្យទ្រង់គាប់ព្រះហឫទ័យ យើងនឹងបានជោគជ័យជាជនគ្រីស្ទាន ព្រមទាំងបានទទួលប្រសិទ្ធិពរដែលព្រះយេហូវ៉ាយល់ព្រម ជាបុគ្គលដែលសមនឹងទទួលនូវភក្ដីភាពអស់ពីចិត្តរបស់យើង។
តើអ្នកអាចពន្យល់បានទេ?
◻ តើការឧទ្ទិសថ្វាយខ្លួនមានការទាក់ទងអ្វីចំពោះព្រះយេស៊ូគ្រីស្ទ?
◻ ហេតុអ្វីក៏យើងត្រូវតែចៀសវាងពីការត្អូញត្អែរនឹងព្រះយេហូវ៉ា?
◻ ក្នុងវិធីណាដែលយើងអាចចៀសវាងអនុញ្ញាតឲ្យសរណវត្ថុបូជាជ្រាបចូលក្នុងជីវិតរបស់យើង?
◻ ការចងចាំអ្វីដែលនឹងជួយយើងពុំឲ្យអស់កម្លាំងក្នុងការធ្វើតាមព្រះហឫទ័យរបស់ព្រះនោះ?
[រូបភាពនៅទំព័រ១៦]
ពួកជនគ្រីស្ទានដែលឧទ្ទិសថ្វាយខ្លួនមិន«ណាយចិត្តនឹងធ្វើការល្អឡើយ»