ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅម៉ាថាយ
បុរសទីមួយដែលបានសរសេរកំណត់ហេតុដ៏គួរឲ្យចាប់អារម្មណ៍ អំពីជីវិតនិងកិច្ចបម្រើរបស់ព្រះយេស៊ូ គឺលោកម៉ាថាយ។ គាត់ជាអ្នកជំនិតរបស់ព្រះយេស៊ូគ្រិស្ត ហើយក៏ធ្លាប់ជាអ្នកយកពន្ធដែរ។ ដំបូងឡើយ កំណត់ហេតុនោះបានសរសេរជាភាសាហេព្រើរ រួចក្រោយមកបានបកប្រែជាភាសាក្រិច។ សៀវភៅដំណឹងល្អរបស់ម៉ាថាយបានសរសេរចប់ប្រហែលជានៅឆ្នាំ៤១ គ.ស. ហើយជួយបញ្ជាក់ពីទំនាក់ទំនងរវាងបទគម្ពីរភាសាហេព្រើរនិងបទគម្ពីរភាសាក្រិច។
តាមមើលទៅ ម៉ាថាយបានសរសេរសៀវភៅនេះដើម្បីជនជាតិយូដា។ ដំណឹងល្អដែលគាត់សរសេរពិតជាមានន័យដ៏ជ្រាលជ្រៅ ហើយជំរុញចិត្តអ្នកអានផង ដោយពិពណ៌នាអំពីព្រះយេស៊ូជាបុត្ររបស់ព្រះយេហូវ៉ា ហើយជាព្រះមេស្ស៊ីដែលទ្រង់សន្យាថានឹងលេចមក។ បើយើងយកចិត្តទុកដាក់ឲ្យបានដិតដល់ទៅលើសារដែលមាននៅក្នុងសៀវភៅម៉ាថាយ នេះនឹងពង្រឹងជំនឿរបស់យើងទៅលើព្រះពិត ទៅលើបុត្ររបស់ទ្រង់ ព្រមទាំងទៅលើសេចក្ដីសន្យាទាំងឡាយរបស់ព្រះយេហូវ៉ាផងដែរ។—ហេ. ៤:១២
«នគរស្ថានសួគ៌ជិតដល់ហើយ»
សៀវភៅម៉ាថាយដៅបញ្ជាក់ពីរាជាណាចក្ររបស់ព្រះយេហូវ៉ាដែលជាមូលបទនៃគម្ពីរទាំងមូល ហើយក៏បញ្ជាក់ពីសេចក្ដីបង្រៀនរបស់ព្រះយេស៊ូដែរ។ ដើម្បីបញ្ជាក់ចំណុចទាំងនេះ ជួនកាលម៉ាថាយមិនបានរៀបរាប់អំពីព្រឹត្ដិការណ៍នានាតាមលំដាប់លំដោយទេ។ ជាឧទាហរណ៍ នៅដើមសៀវភៅម៉ាថាយ គាត់រៀបរាប់អំពីធម្មទានដែលព្រះយេស៊ូបានថ្លែងនៅលើភ្នំ តែតាមការពិតព្រឹត្ដិការណ៍នោះកើតឡើងប្រហែលជា១ឆ្នាំបន្ទាប់ពីព្រះយេស៊ូបានចាប់ផ្ដើមកិច្ចបម្រើផ្សាយរបស់ទ្រង់។
ពេលព្រះយេស៊ូបានផ្សព្វផ្សាយនៅស្រុកកាលីឡេ ទ្រង់ធ្វើអព្ភូតហេតុ ផ្ដល់ការណែនាំដល់សាវ័កទាំង១២នាក់ស្តីអំពីរបៀបផ្សព្វផ្សាយ កាត់ទោសពួកផារិស៊ី ព្រមទាំងរៀបរាប់រឿងប្រៀបប្រដូចផ្សេងៗដើម្បីបង្រៀនអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា។ ក្រោយមក ព្រះយេស៊ូបានចេញដំណើរពីស្រុកកាលីឡេ ហើយក៏មកដល់«ព្រំស្រុកយូដា នៅខាងនាយទន្លេយ័រដាន់»។ (ម៉ាថ. ១៩:១) ពេលព្រះយេស៊ូនិងសិស្សរបស់ទ្រង់កំពុងធ្វើដំណើរតាមផ្លូវ ទ្រង់ពន្យល់ថា៖ ‹យើងឡើងទៅឯក្រុងយេរូសាឡិម ហើយគេនឹងកាត់ទោសកូនមនុស្សដល់ជីវិត តែក្រោយ៣ថ្ងៃមក លោកក៏នឹងមានជីវិតរស់ឡើងវិញ›។—ម៉ាថ. ២០:១៨, ១៩
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
៣:១៦—ពេលព្រះយេស៊ូទទួលការជ្រមុជទឹក តើ‹មេឃរបើកឡើង›ក្នុងន័យអ្វី? តាមមើលទៅ ចាប់ពីពេលនោះ ព្រះយេស៊ូនឹកចាំពីជីវិតទ្រង់នៅឯស្ថានសួគ៌។
៥:៤៨—តើយើងអាចមានភាព‹គ្រប់លក្ខណ៍ដូចជាបិតារបស់យើងដែលគង់នៅស្ថានសួគ៌›ឬទេ? យើងអាចមានមួយកម្រិតមែន! ក្នុងករណីនោះ ព្រះយេស៊ូបានពិភាក្សាអំពីសេចក្ដីស្រឡាញ់ ហើយទ្រង់បង្គាប់អ្នកដែលស្ដាប់ទ្រង់ថា ពួកគេត្រូវតែយកតម្រាប់តាមគំរូរបស់ព្រះយេហូវ៉ា ហើយមានលក្ខណៈគ្រប់លក្ខណ៍ឬឥតខ្ចោះក្នុងការបង្ហាញសេចក្ដីស្រឡាញ់។ (ម៉ាថ. ៥:៤៣-៤៧) តើពួកគេអាចបង្ហាញសេចក្ដីស្រឡាញ់ឲ្យបានពេញលេញតាមរបៀបណា? គឺដោយខំស្រឡាញ់មនុស្សទាំងអស់ រួមទាំងខ្មាំងសត្រូវផង។
៧:១៦—តើ«ផល»អ្វីខ្លះដែលសម្គាល់សាសនាពិត? ផលទាំងនេះមិនសំដៅទៅលើកិរិយាប្រព្រឹត្តប៉ុណ្ណោះទេ តែរួមបញ្ចូលជំនឿរបស់យើងនិងសេចក្ដីបង្រៀនដែលយើងប្រកាន់ខ្ជាប់ផង។
១០:៣៤-៣៨—តើគម្ពីរផ្ដល់ហេតុឲ្យក្រុមគ្រួសារទាស់ទែងគ្នាទេ? មិនទាល់តែសោះ។ ការទាស់ទែងគ្នាច្រើនតែបណ្ដាលមកពីសមាជិកក្នុងក្រុមគ្រួសារដែលមិនជឿទៅលើព្រះយេហូវ៉ា។ ពួកគេប្រហែលជាមិនពេញចិត្តចំពោះគ្រិស្តសាសនិកឬក៏ប្រឆាំងនឹងជំនឿទៅលើព្រះយេស៊ូតែម្ដង។ ជាលទ្ធផល នេះអាចនាំឲ្យក្រុមគ្រួសារទាស់ទែងគ្នា។—លូ. ១២:៥១-៥៣
១១:២-៦—បើយ៉ូហានដឹងថាព្រះយេស៊ូជាព្រះមេស្ស៊ី ដោយសារគាត់បានឮសំឡេងរបស់ព្រះយេហូវ៉ាថា ទ្រង់ពេញចិត្តចំពោះព្រះយេស៊ូនោះ ហេតុអ្វីបានជាគាត់សួរព្រះយេស៊ូថា តើទ្រង់ជា«ព្រះអង្គដែលត្រូវយាងមកនោះ»? យ៉ូហានប្រហែលជាសួរសំណួរនេះ ពីព្រោះគាត់ចង់ឲ្យព្រះយេស៊ូប្រាប់គាត់ដោយចំៗ។ ប៉ុន្តែមូលហេតុមួយទៀត យ៉ូហានក៏ចង់ដឹងថា តើមាន«១អង្គទៅទៀត»ដែលនឹងមក ទាំងមានអំណាចគ្រប់គ្រងរាជាណាចក្ររបស់ព្រះ ដើម្បីសម្រេចការស្របទៅតាមសេចក្ដីសង្ឃឹមរបស់ពួកយូដាឬ? ចម្លើយរបស់ព្រះយេស៊ូបង្ហាញថា គ្មាននរណានឹងលេចមកតាមក្រោយទ្រង់ទេ។
១៩:២៨—តើ«ពូជអំបូរអ៊ីស្រាអែលទាំង១២»ដែលត្រូវជំនុំជម្រះនោះ តំណាងអ្វី? ពូជអម្បូរទាំង១២នេះមិនសំដៅទៅលើសាសន៍អ៊ីស្រាអែលនៃព្រះទេ។ (កា. ៦:១៦; វិវរ. ៧:៤-៨) សាវ័កទាំងប៉ុន្មានដែលបានស្ដាប់ព្រះយេស៊ូពេលនោះ នឹងរួមចំណែកក្នុងចំណោមសាសន៍អ៊ីស្រាអែលនៃព្រះ មិនជំនុំជម្រះពួកអ្នកទាំងនោះទេ។ ព្រះយេស៊ូបាន‹ដំរូវនគរ១ឲ្យពួកគាត់› ឬធ្វើកិច្ចព្រមព្រៀងឲ្យពួកគាត់រួមចំណែកក្នុងរាជាណាចក្ររបស់ទ្រង់។ ណាមួយទៀត ព្រះយេស៊ូបានតាំងពួកគាត់ឲ្យ«ឡើងជានគរ ហើយជាពួកសង្ឃថ្វាយដល់ព្រះ»។ (លូ. ២២:២៨-៣០; វិវរ. ៥:១០) អស់អ្នកដែលរួមគ្នាជាសាសន៍អ៊ីស្រាអែលនៃព្រះ នឹង«ជំនុំជំរះលោកីយ»។ (១កូ. ៦:២) ដូច្នេះ តាមមើលទៅ ពូជអម្បូរទាំង១២ដែលបានទទួលប្រយោជន៍ពីថ្ងៃបុណ្យធួននឹងបាបពីបុរាណ ក៏តំណាង«ពូជអំបូរអ៊ីស្រាអែលទាំង១២»ដែលត្រូវជំនុំជម្រះដោយអ្នកដែលគង់លើបល្ល័ង្កនៅស្ថានសួគ៌ ហើយសំដៅទៅលើមនុស្សលោកដែលមិនមែនជាពួកស្តេចឬពួកសង្ឃទេ។—លេវី. ជំពូកទី១៦
មេរៀនសម្រាប់យើង:
៤:១-១០: កំណត់ហេតុនេះបង្រៀនថា សាតាំងជាបុគ្គលមួយរូបដ៏ពិត មិនមែនទំនោរចិត្តអាក្រក់ក្នុងចិត្តមនុស្សឡើយ។ សាតាំងឆ្លៀតយក«សេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម នឹងសេចក្ដីប៉ងប្រាថ្នារបស់ភ្នែក ហើយសេចក្ដីអំនួតរបស់ជីវិត» ដើម្បីទាក់ទាញយើង។ យ៉ាងណាក៏ដោយ បើយើងធ្វើតាមគោលការណ៍ដែលមានក្នុងគម្ពីរ នេះនឹងជួយយើងឲ្យមានចិត្តស្មោះភក្ដីចំពោះព្រះយេហូវ៉ា។—១យ៉ូន. ២:១៦
៥:១–៧:២៩: ចូរឲ្យយើងទទួលស្គាល់ថា យើងជាមនុស្សកម្សត់ខាងវិញ្ញាណដែលមានន័យថា យើងត្រូវការចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា។ ចូរឲ្យយើងធ្វើជាអ្នកដែលផ្សះផ្សាគេឬកសាងសន្ដិភាពចុះ! ចូរឲ្យយើងទប់ចិត្តកុំឲ្យគិតអំពីរឿងដែលប្រាសចាកសីលធម៌។ ចូរឲ្យយើងគោរពពាក្យសន្យា។ ពេលអធិស្ឋានម្ដងៗ ចូរឲ្យយើងសូមអំពីអ្វីដែលទាក់ទងនឹងគោលបំណងរបស់ព្រះយេហូវ៉ា មុននឹងសុំអ្វីដែលយើងត្រូវការ។ ចូរឲ្យយើងធ្វើជាអ្នកមានខាងឯព្រះ។ ចូរឲ្យយើងស្វែងរករាជាណាចក្ររបស់ព្រះយេហូវ៉ា និងសេចក្ដីសុចរិតនៃទ្រង់ជាមុនសិន។ កុំឲ្យយើងចូលចិត្តថ្កោលទោសអ្នកដទៃ។ ចូរឲ្យយើងបំពេញតាមឆន្ទៈរបស់ព្រះយេហូវ៉ា។ សេចក្ដីបង្រៀនរបស់ព្រះយេស៊ូនៅលើភ្នំនោះ ពិតជាមានមេរៀនល្អៗមែន!
៩:៣៧, ៣៨: ពេលយើងសូមម្ចាស់នៃចម្រូតឲ្យ«ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់» យើងក៏ត្រូវប្រព្រឹត្តសមស្របទៅតាមសំណូមពរនោះ ដោយចូលរួមយ៉ាងខ្នះខ្នែងក្នុងកិច្ចការបញ្ចុះបញ្ចូលឲ្យមានសិស្ស។—ម៉ាថ. ២៨:១៩, ២០
១០:៣២, ៣៣: យើងមិនត្រូវភ័យខ្លាចសោះឡើយក្នុងការថ្លែងប្រាប់អ្នកដទៃអំពីជំនឿរបស់យើង។
១៣:៥១, ៥២: ពេលយើងយល់នូវសេចក្ដីពិតអំពីរាជាណាចក្ររបស់ព្រះ យើងក៏មានភារកិច្ចបង្រៀនមនុស្សឯទៀតដើម្បីជួយពួកគេឲ្យឃើញតម្លៃនៃសេចក្ដីពិតដ៏សំខាន់នេះ។
១៤:១២, ១៣, ២៣: ម្ដងម្កាល គប្បីឲ្យយើងមានពេលនៅម្នាក់ឯង ដើម្បីមានឱកាសរំពឹងគិតយ៉ាងជ្រាលជ្រៅ។—ម៉ាក. ៦:៤៦; លូ. ៦:១២
១៧:២០: យើងត្រូវតែមានជំនឿដើម្បីស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗ និងយកឈ្នះលើឧបសគ្គដែលមើលទៅហាក់ដូចជាមានទំហំប៉ុនភ្នំ ដែលអាចបង្ខូចចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា។ យើងមិនត្រូវធ្វេសប្រហែសក្នុងការបណ្ដុះបណ្ដាលឲ្យមានជំនឿ ហើយពង្រឹងជំនឿនេះទៅលើព្រះយេហូវ៉ានិងសេចក្ដីសន្យារបស់ទ្រង់ឡើយ។—ម៉ាក. ១១:២៣; លូ. ១៧:៦
១៨:១-៤, ២០:២០-២៨: មូលហេតុដែលសិស្សរបស់ព្រះយេស៊ូបានគិតច្រើនពេកអំពីឋានៈខ្ពស់ គឺដោយសារពួកគេមានភាពមិនល្អឥតខ្ចោះ និងដោយសារសាសនានៅសម័យនោះបានជះឥទ្ធិពលខ្លាំងលើពួកគេឲ្យមានចិត្តគំនិតបែបនោះ។ យើងត្រូវតែបណ្ដុះឲ្យមានចិត្តរាបទាបដើម្បីទប់ទល់នឹងទំនោរចិត្តទៅខាងអំពើបាប និងរក្សាឲ្យមានទស្សនៈត្រឹមត្រូវស្តីអំពីឯកសិទ្ធិនិងភារកិច្ចផ្សេងៗដែលយើងទទួលក្នុងក្រុមជំនុំ។
«កូនមនុស្សក៏ត្រូវគេបញ្ជូនទៅ»
នៅថ្ងៃទី៩ ខែណែសាន ឆ្នាំ៣៣ គ.ស. ព្រះយេស៊ូបានធ្វើដំណើរចូលទៅក្នុងទីក្រុងយេរូសាឡិមដោយ«គង់លើសត្វលា»។ (ម៉ាថ. ២១:៥) ថ្ងៃស្អែកឡើង ព្រះយេស៊ូបានចូលទៅក្នុងវិហារហើយបណ្ដេញអស់អ្នកដែលលក់ដូរក្នុងវិហារចេញ។ នៅថ្ងៃទី១១ ខែណែសាន ព្រះយេស៊ូបង្រៀនបណ្ដាជននៅឯវិហារ ព្រមទាំងកាត់ទោសពួកអាចារ្យនិងពួកផារិស៊ី។ បន្ទាប់មក ព្រះយេស៊ូជម្រាបដល់សិស្សទ្រង់អំពី«ទីសំគាល់ . . . ពីទ្រង់យាងមក ហើយពីបំផុតកល្ប»ឬ«អវសានកាលនៃពិភពលោក»។ (ម៉ាថ. ២៤:៣; ខ.ស.) ថ្ងៃបន្ទាប់មកទៀត ព្រះយេស៊ូមានប្រសាសន៍ទៅកាន់សិស្សទ្រង់ថា៖ «អ្នករាល់គ្នាដឹងថា នៅ២ថ្ងៃទៀត នឹងចូលបុណ្យរំលងហើយ ឯកូនមនុស្សក៏ត្រូវគេបញ្ជូនទៅ ឲ្យត្រូវជាប់ឆ្កាងដែរ»។—ម៉ាថ. ២៦:១, ២
នៅថ្ងៃទី១៤ ខែណែសាន ព្រះយេស៊ូប្រារព្ធពិធីបុណ្យរំលឹកពីមរណភាពរបស់ទ្រង់ដែលហៀបនឹងមកដល់។ នៅថ្ងៃដដែលនោះ គេក៏បានក្បត់ ចាប់ វាយធ្វើបាបនិងធ្វើគុតព្រះយេស៊ូផង។ បន្ទាប់មក នៅថ្ងៃទីបីព្រះយេស៊ូបានរស់ឡើងវិញ។ មុនព្រះយេស៊ូឡើងទៅស្ថានសួគ៌ ទ្រង់បង្គាប់ដល់អ្នកកាន់តាមទ្រង់ថា៖«ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍»។—ម៉ាថ. ២៨:១៩
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
២២:៣, ៤, ៩—បីដងដែលស្តេចបានអញ្ជើញភ្ញៀវឲ្យមកចូលរួមមង្គលការនោះ តើសំដៅទៅលើគ្រាណាខ្លះ? សេចក្ដីអញ្ជើញលើកទីមួយដើម្បីប្រមូលក្រុមពួកអ្នកដែលប្រៀបដូចជាប្រពន្ធថ្មោងថ្មីរបស់ព្រះយេស៊ូ គឺពេលដែលទ្រង់និងអ្នកកាន់តាមទ្រង់ចាប់ផ្ដើមផ្សាយដំណឹងល្អនៅឆ្នាំ២៩ គ.ស. ហើយបន្តរហូតដល់ឆ្នាំ៣៣ គ.ស.។ សេចក្ដីអញ្ជើញលើកទីពីរ មានចាប់តាំងពីពេលដែលសិស្សរបស់ព្រះយេស៊ូបានទទួលសកម្មពលដ៏បរិសុទ្ធរបស់ព្រះយេហូវ៉ានៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ហើយបន្តរហូតដល់ឆ្នាំ៣៦ គ.ស.។ សេចក្ដីអញ្ជើញទាំងពីរនេះ គឺចំពោះតែជនជាតិយូដានិងពួកសាម៉ារី ហើយអស់អ្នកដែលបានចូលសាសនាយូដា។ ប៉ុន្តែ សេចក្ដីអញ្ជើញលើកទីបី គឺចំពោះមនុស្សនៅឯផ្លូវប្រសព្វវិញ ដែលសំដៅទៅលើពួកអ្នកដែលមិនមែនជាជនជាតិយូដា ហើយនេះបានចាប់ផ្ដើមនៅឆ្នាំ៣៦ គ.ស. ពេលដែលមេទ័ពជនជាតិរ៉ូមម្នាក់ ឈ្មោះកូនេលាស បានក្លាយជាសិស្សរបស់ព្រះគ្រិស្ត ហើយសេចក្ដីអញ្ជើញនោះបន្តរហូតមកដល់សព្វថ្ងៃនេះ។
២៣:១៥—ពេលពួកផារិស៊ីបាននាំមនុស្សម្នាក់ឲ្យចូលកាន់សាសនាយូដា ហេតុអ្វីបានជាអ្នកនោះ«ទៅជាគួរធ្លាក់ទៅនរក[ភាសាក្រិច ហ្គេហេណាa]ជាជាង[ពួកផារិស៊ី]១ជា២»? មនុស្សខ្លះដែលបានធ្វើតាមពួកផារិស៊ី ហើយចូលសាសនាយូដា ប្រហែលជាពីមុនបានធ្វើអំពើបាបស្តែងពេក។ ក៏ប៉ុន្តែ ពេលអ្នកជឿថ្មីនោះបានធ្វើតាមសាសនាជ្រុលនិយមរបស់ពួកផារិស៊ី ពួកគេបានក្លាយទៅជាមនុស្សអាក្រក់ជាងមុនទៅទៀត ប្រហែលជាដោយសារពួកគេប្រកាន់សាសនាថ្មីយ៉ាងហួសល្បត់ គឺខ្លាំងជាងគ្រូរបស់ពួកគេដែលព្រះយេស៊ូបានកាត់ទោសថា ជាមនុស្សអាក្រក់។ ហេតុនេះហើយ ពួកគេ‹គួរនឹងធ្លាក់ទៅហ្គេហេណា› ជាងពួកផារិស៊ីជនជាតិយូដាទៅទៀត។
២៧:៣-៥—តើយូដាសនឹកស្ដាយពីអ្វី? គ្មានអ្វីដែលបញ្ជាក់ថាការនឹកស្ដាយរបស់យូដាសជាការប្រែចិត្តដ៏ស្មោះឡើយ។ ជាជាងសុំព្រះយេហូវ៉ាអត់ទោសឲ្យគាត់ យូដាសសារភាពប្រាប់ពួកសង្គ្រាជនិងពួកចាស់ទុំពីកំហុសរបស់ខ្លួនទៅវិញ។ ក្រោយយូដាសបានធ្វើអំពើ«បាបម្យ៉ាងដែលមានទោសដល់ស្លាប់» មិនជាការចម្លែកអ្វីឡើយដែលគាត់ទទួលស្គាល់ថា គាត់បានធ្វើបាបធ្ងន់មែន ដូច្នេះមានអារម្មណ៍អស់សង្ឃឹមដែរ។ (១យ៉ូន. ៥:១៦) យូដាសនឹកស្ដាយដោយសារខ្លួនស្ថិតនៅក្នុងកាលៈទេសៈដែលអស់សង្ឃឹមតែប៉ុណ្ណោះ។
មេរៀនសម្រាប់យើង:
២១:២៨-៣១: អ្វីដែលព្រះយេហូវ៉ាចាត់ទុកជាសំខាន់ គឺជាការធ្វើតាមឆន្ទៈរបស់ទ្រង់។ ជាឧទាហរណ៍ យើងគួរតែមានចិត្តខ្នះខ្នែងក្នុងការប្រកាសសារអំពីរាជាណាចក្ររបស់ទ្រង់ និងការបញ្ចុះបញ្ចូលឲ្យមានសិស្ស។—ម៉ាថ. ២៤:១៤; ២៨:១៩, ២០
២២:៣៧-៣៩: អ្វីដែលព្រះតម្រូវពីអ្នកថ្វាយបង្គំទ្រង់មិនស្មុគស្មាញទេ។ បើសរុបទៅ សេចក្ដីបង្គាប់ពីរដែលសំខាន់បំផុត គឺស្រួលយល់ណាស់!
[កំណត់សម្គាល់]
a បើចង់បានព័ត៌មានថែមទៀតអំពីពាក្យភាសាក្រិចនេះ សូមមើលសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ទំព័រ៨៣ វគ្គ២០ បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
[រូបភាពនៅទំព័រ១០]
តើអ្នកចូលរួមយ៉ាងខ្នះខ្នែងក្នុងចម្រូតទេ?
[អ្នកផ្ដល់សិទ្ធិ]
© 2003 BiblePlaces.com
[រូបភាពនៅទំព័រ១០]
សៀវភៅដែលលោកម៉ាថាយបានសរសេរ ដៅបញ្ជាក់ពីរាជាណាចក្ររបស់ព្រះដែលជាមូលបទនៃគម្ពីរ