ជំពូកទី៣៥
សុន្ទរកថាដ៏ល្បីល្បាញនៅលើភ្នំ
ម៉ាថាយ ៥:១–៧:២៩ លូកា ៦:១៧-៤៩
សុន្ទរកថានៅលើភ្នំ
លោកយេស៊ូច្បាស់ជានឿយហត់ ក្រោយពីលោកបានចំណាយពេលពេញមួយយប់ដើម្បីអធិដ្ឋាន រួចមកព្រឹកឡើងលោកបានជ្រើសរើសអ្នកកាន់តាម១២នាក់ឲ្យធ្វើជាសាវ័ក។ ទោះជាយ៉ាងនោះក៏ដោយ នៅថ្ងៃដដែលនោះ លោកនៅតែមានកម្លាំង និងមានបំណងប្រាថ្នាចង់ជួយមនុស្ស។ លោកបានធ្វើដូច្នេះនៅលើភ្នំមួយនាស្រុកកាលីឡេ ដែលប្រហែលជានៅមិនឆ្ងាយពីកន្លែងដែលលោកផ្សព្វផ្សាយនៅក្រុងកាពើណិមឡើយ។
ក្រុមមនុស្សពីតំបន់ឆ្ងាយៗបានមកជួបលោក។ អ្នកខ្លះមកពីភាគខាងត្បូង ពីក្រុងយេរូសាឡិម និងពីកន្លែងនានានៅតំបន់យូឌា។ អ្នកខ្លះទៀតមកពីក្រុងទីរ៉ុសនិងក្រុងស៊ីដូនស្ថិតនៅភាគខាងជើងឆៀងខាងលិច ដែលនៅមាត់សមុទ្រ។ ហេតុអ្វីពួកគេបានមករកលោកយេស៊ូ? គឺ«ដើម្បីស្ដាប់លោក ហើយដើម្បីឲ្យបានជាសះស្បើយពីជំងឺរបស់ពួកគេ» ហើយនោះបានកើតឡើងមែន ពោលគឺលោកយេស៊ូបាន«ធ្វើឲ្យពួកគេទាំងអស់គ្នាជាសះស្បើយ»។ សូមគិតទៅមើល ពួកគេទាំងអស់គ្នាបានជាសះស្បើយ! លោកយេស៊ូក៏បានជួយ«មនុស្សដែលពួកវិញ្ញាណអសោចបានធ្វើទុក្ខ»ដែរ គឺមនុស្សដែលបានរងទុក្ខដោយសារទេវតាអាក្រក់របស់សាថាន។—លូកា ៦:១៧-១៩
បន្ទាប់មក លោកយេស៊ូរកឃើញកន្លែងមួយដែលរាបស្មើនៅលើភ្នំ ហើយក្រុមមនុស្សបានប្រមូលផ្ដុំគ្នាជុំវិញលោក។ អ្នកកាន់តាមលោក ជាពិសេសសាវ័ក១២នាក់ទំនងជានៅជិតលោកជាងគេ។ មនុស្សទាំងអស់នៅទីនោះពិតជាចង់ស្ដាប់លោកគ្រូរូបនេះដែលអាចធ្វើការដែលប្រកបដោយឫទ្ធានុភាព។ លោកយេស៊ូបានថ្លែងសុន្ទរកថាដែលច្បាស់ជាផ្ដល់ប្រយោជន៍ដល់អ្នកដែលស្ដាប់លោក។ តាំងពីពេលនោះមក មនុស្សឯទៀតជាច្រើនឥតគណនាក៏បានទទួលប្រយោជន៍ពីសុន្ទរកថានោះដែរ។ យើងក៏អាចទទួលប្រយោជន៍ដែរ ដោយសារសេចក្ដីពិតដ៏ជ្រាលជ្រៅអំពីព្រះបានត្រូវពន្យល់តាមរបៀបដែលស្រួលយល់ ហើយច្បាស់។ លោកយេស៊ូបានប្រើបទពិសោធន៍ដែលមនុស្សដឹងជាទូទៅ និងអ្វីដែលមនុស្សធ្លាប់ស្គាល់។ នេះធ្វើឲ្យមនុស្សទាំងអស់ដែលកំពុងស្វែងរកជីវិតដ៏ប្រសើរតាមផ្លូវរបស់ព្រះ អាចយល់គំនិតរបស់លោកយេស៊ូបាន។ តើសុន្ទរកថារបស់លោកយេស៊ូមានចំណុចអ្វីខ្លះដែលមានប្រយោជន៍ខ្លាំងម្ល៉េះ?
តើអ្នកណាពិតជាមានសុភមង្គល?
មនុស្សទាំងអស់ចង់មានសុភមង្គល។ ដោយជ្រាបអំពីរឿងនេះ លោកយេស៊ូបានចាប់ផ្ដើមថ្លែងសុន្ទរកថាដោយរៀបរាប់អំពីអ្នកដែលពិតជាមានសុភមង្គល។ សុន្ទរកថានេះពិតជាបានទាក់ទាញចំណាប់អារម្មណ៍ពួកអ្នកដែលបានស្ដាប់លោកខ្លាំងណាស់! ប៉ុន្តែ មានចំណុចខ្លះច្បាស់ជាបានធ្វើឲ្យពួកគេងឿងឆ្ងល់។
លោកមានប្រសាសន៍ថា៖ «អស់អ្នកដែលស្រេកឃ្លានចំពោះការណែនាំពីព្រះ នោះមានសុភមង្គលហើយ! ពីព្រោះរាជាណាចក្រស្ថានសួគ៌ជារបស់អ្នកទាំងនោះ។ អស់អ្នកដែលមានទុក្ខព្រួយ នោះមានសុភមង្គលហើយ! ពីព្រោះអ្នកទាំងនោះនឹងទទួលការសម្រាលទុក្ខ។ . . . អស់អ្នកដែលស្រេកឃ្លានចំពោះសេចក្ដីសុចរិត នោះមានសុភមង្គលហើយ! ពីព្រោះអ្នកទាំងនោះនឹងបានឆ្អែតស្កប់ស្កល់។ . . . អស់អ្នកដែលមនុស្សបានបៀតបៀនដោយសារសេចក្ដីសុចរិត នោះមានសុភមង្គលហើយ! ពីព្រោះរាជាណាចក្រស្ថានសួគ៌ ជារបស់អ្នកទាំងនោះ។ នៅពេលដែលមនុស្សតិះដៀល បៀតបៀន . . . អ្នករាល់គ្នាដោយព្រោះអ្នកកាន់តាមខ្ញុំ នោះអ្នកមានសុភមង្គលហើយ។ ចូរសប្បាយ ហើយត្រេកអរចុះ!»។—ម៉ាថាយ ៥:៣-១២
ពេលលោកយេស៊ូមានប្រសាសន៍ថា«មានសុភមង្គល» តើលោកចង់សំដៅលើអ្វី? លោកមិនបានសំដៅលើការសើចសប្បាយរីករាយ ដូចជាពេលដែលបុគ្គលណាម្នាក់សប្បាយនឹងអ្វីមួយនោះទេ។ សុភមង្គលពិតប្រាកដគឺមានអត្ថន័យជ្រាលជ្រៅជាងនេះ។ សុភមង្គលពិតប្រាកដរួមបញ្ចូលអំណរនិងការពេញចិត្ត ដោយសារជីវិតរបស់ខ្លួនមានន័យខ្លឹមសារ។
លោកយេស៊ូបានមានប្រសាសន៍ថាមនុស្សដែលពិតជាមានសុភមង្គលគឺជាមនុស្សដែលទទួលស្គាល់ថាពួកគេត្រូវការការណែនាំពីព្រះ ក៏មិនសប្បាយចិត្តដោយសារភាពខុសឆ្គងរបស់ខ្លួន ហើយក្រោយមកបានស្គាល់ព្រះនិងបម្រើលោក។ ទោះជាមនុស្សឯទៀតស្អប់ ឬបៀតបៀនពួកគេ ដោយសារពួកគេកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះក៏ដោយ ក៏ពួកគេមានសុភមង្គលដែរ ពីព្រោះពួកគេដឹងថា ពួកគេកំពុងធ្វើឲ្យលោកពេញចិត្ត ហើយថាលោកនឹងផ្ដល់ជីវិតដែលគ្មានទីបញ្ចប់ជារង្វាន់ដល់ពួកគេ។
ម្យ៉ាងទៀត មនុស្សជាច្រើនគិតថាការមានទ្រព្យសម្បត្ដិច្រើន និងការស្វែងរកការសប្បាយគឺជាអ្វីដែលធ្វើឲ្យមនុស្សមានសុភមង្គល ប៉ុន្តែលោកយេស៊ូបានបញ្ជាក់ថាគឺមិនមែនដូច្នោះទេ។ លោកបានបង្ហាញភាពផ្ទុយគ្នាដែលច្បាស់ជាបានធ្វើឲ្យអ្នកស្ដាប់ជាច្រើននាក់ងឿងឆ្ងល់ ដោយមានប្រសាសន៍ថា៖ «អ្នករាល់គ្នាជាអ្នកមាន នឹងត្រូវវេទនាណាស់! ពីព្រោះអ្នកបានទទួលភាពសុខស្រួលគ្រប់សព្វហើយ។ អ្នករាល់គ្នាដែលឆ្អែតស្កប់ស្កល់ឥឡូវនេះ នឹងត្រូវវេទនាណាស់! ពីព្រោះអ្នកនឹងមានសេចក្ដីអត់ឃ្លាន។ អ្នករាល់គ្នាដែលសើចឥឡូវនេះ នឹងត្រូវវេទនាណាស់! ពីព្រោះអ្នកនឹងយំដោយមានក្ដីទុក្ខព្រួយ។ អ្នករាល់គ្នានឹងត្រូវវេទនាណាស់! នៅពេលដែលមនុស្សទាំងអស់សរសើរអ្នករាល់គ្នា ព្រោះបុព្វបុរសរបស់អ្នកទាំងនោះធ្លាប់ប្រព្រឹត្តដូច្នោះទៅលើពួកអ្នកប្រកាសទំនាយមិនពិត»។—លូកា ៦:២៤-២៦
ហេតុអ្វីការមានទ្រព្យសម្បត្ដិ ការសើចសប្បាយ និងការចង់ឲ្យអ្នកឯទៀតសរសើរខ្លួន នាំឲ្យវេទនាទៅវិញ? ពីព្រោះពេលបុគ្គលណាម្នាក់មានអ្វីទាំងនេះ ហើយស្រឡាញ់អ្វីទាំងនេះ នោះគាត់ប្រហែលជាមិនអើពើនឹងការបម្រើព្រះឡើយ នេះនាំឲ្យគាត់បាត់បង់សុភមង្គលពិត។ លោកយេស៊ូមិនបានមានប្រសាសន៍ថាភាពក្រីក្រ ឬភាពអត់ឃ្លានធ្វើឲ្យមនុស្សមានសុភមង្គលនោះទេ ប៉ុន្តែមនុស្សដែលមានស្ថានភាពបែបនេះច្រើនតែធ្វើតាមសេចក្ដីបង្រៀនរបស់លោកយេស៊ូ ហើយពួកគេនឹងទទួលពរដែលជាសុភមង្គលពិតប្រាកដ។
លោកបានគិតអំពីអ្នកកាន់តាមលោក ពេលមានប្រសាសន៍ថា៖ «អ្នករាល់គ្នាជាអំបិលនៃផែនដី»។ (ម៉ាថាយ ៥:១៣) ពួកគេច្បាស់ជាមិនមែនជាអំបិលមែនទែននោះទេ។ តើនេះមានអត្ថន័យអ្វី? តាមធម្មតាអំបិលគឺបង្ការអ្វីមួយមិនឲ្យខូច។ ជាឧទាហរណ៍ នៅជិតទីបូជានៃវិហាររបស់ព្រះមានអំបិលជាច្រើនដែលគេបានទុកដើម្បីប្រើសម្រាប់ដាក់លើគ្រឿងបូជា ហើយក៏ដើម្បីតំណាងការរួចផុតពីការខូចរលួយ។ (លេវីវិន័យ ២:១៣; អេសេគាល ៤៣:២៣, ២៤) អ្នកកាន់តាមលោកយេស៊ូគឺជា«អំបិលនៃផែនដី» ក្នុងន័យថាពួកគាត់មានឥទ្ធិពលដែលអាចរក្សាការពារមនុស្សពីការបាត់បង់ចំណងមិត្តភាពរបស់ពួកគេជាមួយនឹងព្រះយេហូវ៉ា ព្រមទាំងជួយពួកគេឲ្យរក្សាសីលធម៌ខ្ពង់ខ្ពស់ទៀតផង។ ដំណឹងដែលពួកគាត់ផ្សាយពិតជាអាចជួយការពារជីវិតអស់អ្នកដែលបានធ្វើតាមដំណឹងនោះ។
លោកយេស៊ូក៏បានប្រាប់អ្នកកាន់តាមលោកដែរថា៖ «អ្នករាល់គ្នាជាពន្លឺបំភ្លឺពិភពលោក»។ តាមធម្មតា មនុស្សមិនដែលដាក់ចង្កៀងក្រោមប្រដាប់វាល់ស្រូវឡើយ តែគេដាក់លើជើងចង្កៀងវិញ ដើម្បីឲ្យវាបញ្ចេញពន្លឺ។ ដូច្នេះ លោកយេស៊ូបានដាស់តឿនអ្នកកាន់តាមលោកថា៖ «ចូរឲ្យមនុស្សទាំងអស់ឃើញពន្លឺរបស់អ្នក។ យ៉ាងនោះ ពួកគេនឹងសរសើរបិតារបស់អ្នកដែលនៅស្ថានសួគ៌ ពេលដែលឃើញការល្អដែលអ្នករាល់គ្នាប្រព្រឹត្ត»។—ម៉ាថាយ ៥:១៤-១៦
ខ្នាតតម្រាដ៏ខ្ពង់ខ្ពស់សម្រាប់អ្នកកាន់តាមលោក
អ្នកដឹកនាំសាសនាយូដាបានចាត់ទុកលោកយេស៊ូថាជាអ្នកប្រព្រឹត្តរំលងច្បាប់របស់ព្រះ។ មុននេះពួកគេទើបនឹងបានប្រឹក្សាគ្នារកវិធីសម្លាប់លោក។ ដូច្នេះ លោកយេស៊ូមានប្រសាសន៍ជាសាធារណៈថា៖ «កុំគិតស្មានថា ខ្ញុំបានមកដើម្បីបំផ្លាញច្បាប់ ឬសេចក្ដីបង្រៀនរបស់ពួកអ្នកប្រកាសទំនាយឡើយ។ ខ្ញុំមិនបានមកដើម្បីបំផ្លាញនោះទេ តែដើម្បីធ្វើឲ្យច្បាប់ និងសេចក្ដីបង្រៀនទាំងនោះបានសម្រេចវិញ»។—ម៉ាថាយ ៥:១៧
លោកយេស៊ូគោរពច្បាប់របស់ព្រះយ៉ាងខ្លាំង ហើយលោកដាស់តឿនអ្នកឯទៀតឲ្យធ្វើដូចលោកដែរ។ តាមពិត លោកមានប្រសាសន៍ថា៖ «ហេតុនេះ សូម្បីតែបញ្ញត្ដិដែលមនុស្សចាត់ទុកថាមិនសូវសំខាន់ក៏ដោយ បើអ្នកណាល្មើសបញ្ញត្ដិនោះ ហើយបង្រៀនអ្នកឯទៀតឲ្យធ្វើដូច្នោះ អ្នកនោះគឺមិនសមនឹងចូលរាជាណាចក្រស្ថានសួគ៌ឡើយ»។ លោកចង់មានប្រសាសន៍ថាមនុស្សដែលធ្វើបែបនោះនឹងមិនអាចចូលរាជាណាចក្រទាល់តែសោះ។ លោកមានប្រសាសន៍តទៅទៀតថា៖ «រីឯអ្នកណាដែលប្រព្រឹត្តតាមបញ្ញត្ដិទាំងនោះ ហើយបង្រៀនអ្នកឯទៀតឲ្យប្រព្រឹត្តតាមដែរ អ្នកនោះគឺសមនឹងចូលរាជាណាចក្រស្ថានសួគ៌»។—ម៉ាថាយ ៥:១៩
លោកយេស៊ូថែមទាំងផ្ដន្ទាទោសចិត្តគំនិតដែលនាំឲ្យបុគ្គលម្នាក់បំពានលើច្បាប់របស់ព្រះទៀតផង។ ក្រោយពីលោកបានកត់សម្គាល់ច្បាប់ដែលថា៖ «អ្នកមិនត្រូវធ្វើឃាតកម្មឲ្យសោះ» នោះលោកមានប្រសាសន៍បន្ថែមទៀតថា៖ «អ្នកណាដែលខឹងងំនឹងបងប្អូនខ្លួន អ្នកនោះនឹងត្រូវតុលាការវិនិច្ឆ័យ»។ (ម៉ាថាយ ៥:២១, ២២) ការខឹងងំនឹងអ្នកឯទៀតគឺជាបញ្ហាធ្ងន់ធ្ងរ នេះប្រហែលជានាំឲ្យឈានទៅដល់ការធ្វើឃាតកម្ម។ ហេតុនេះ លោកយេស៊ូពន្យល់អំពីរបៀបដែលបុគ្គលម្នាក់គួរខំព្យាយាមយ៉ាងខ្លាំងដើម្បីធ្វើឲ្យមានសន្ដិភាព ដោយមានប្រសាសន៍ថា៖ «ដូច្នេះ ប្រសិនបើអ្នកកំពុងយកគ្រឿងបូជាមកទីបូជា ហើយនៅទីនោះអ្នកនឹកឃើញថាបងប្អូនណាម្នាក់កំពុងប្រកាន់ទោសអ្នក ចូរទុកគ្រឿងបូជារបស់អ្នកនៅមុខទីបូជា រួចទៅរកជានឹងបងប្អូនអ្នកសិន។ បន្ទាប់មក ចូរត្រឡប់មកបូជាអ្វីទាំងនោះចុះ»។—ម៉ាថាយ ៥:២៣, ២៤
ក្នុងច្បាប់មានបញ្ញត្ដិមួយទៀតដែលប្រឆាំងអំពើផិតក្បត់។ លោកយេស៊ូបានមានប្រសាសន៍អំពីបញ្ញត្ដិនោះថា៖ «អ្នករាល់គ្នាធ្លាប់ឮគេថា៖ ‹អ្នកមិនត្រូវផិតក្បត់ឲ្យសោះ›។ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលសម្លឹងមើលស្រីដល់កើតមានចិត្តស្រើបស្រាល អ្នកនោះបានផិតក្បត់ជាមួយនឹងនាងនៅក្នុងចិត្តរួចហើយ»។ (ម៉ាថាយ ៥:២៧, ២៨) លោកយេស៊ូមិនគ្រាន់តែមានប្រសាសន៍អំពីការគិតមួយភ្លែតអំពីអ្វីដែលប្រាសចាកសីលធម៌ប៉ុណ្ណោះទេ តែលោកបានលើកបញ្ជាក់អំពីបញ្ហាធ្ងន់ធ្ងរ ពេលដែលបុគ្គលណាម្នាក់‹សម្លឹងមើលរហូត›។ បើបុគ្គលនោះសម្លឹងមើលរហូត នោះច្រើនតែនាំឲ្យគាត់មានចិត្តស្រើបស្រាល។ ក្រោយមក បើមានឱកាស គាត់អាចប្រព្រឹត្តអំពើផិតក្បត់។ តើតាមរបៀបណាបុគ្គលម្នាក់អាចការពារកុំឲ្យមានបញ្ហានេះកើតឡើង? គាត់ប្រហែលជាត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់។ លោកយេស៊ូមានប្រសាសន៍ថា៖ «ដូច្នេះ ប្រសិនបើភ្នែកស្ដាំរបស់អ្នក បណ្ដាលឲ្យអ្នកជំពប់ដួល ចូរខ្វេះវាចេញ ហើយបោះចោលទៅ . . . ប្រសិនបើដៃស្ដាំរបស់អ្នក បណ្ដាលឲ្យអ្នកជំពប់ដួល ចូរកាត់វាចេញ ហើយបោះចោលទៅ»។—ម៉ាថាយ ៥:២៩, ៣០
ដើម្បីសង្គ្រោះជីវិតរបស់ខ្លួន មនុស្សខ្លះសុខចិត្តលះបង់ដៃឬជើងដែលមានជំងឺធ្ងន់ធ្ងរ។ លោកយេស៊ូមានប្រសាសន៍ថាគឺសំខាន់ជាងដែលយើង«បោះចោល»នូវអ្វីណាក៏ដោយ សូម្បីតែអ្វីដ៏មានតម្លៃដូចជាភ្នែក ឬដៃជាដើម ដើម្បីជៀសវាងពីគំនិតប្រាសចាកសីលធម៌និងការប្រព្រឹត្តដែលចេញមកពីគំនិតនោះ។ លោកយេស៊ូពន្យល់ថា៖ «បើអ្នកបាត់បង់ដៃម្ខាង គឺមានប្រយោជន៍ជាងរូបកាយទាំងមូលត្រូវបោះទៅក្នុងជ្រលងភ្នំហ៊ីណុំ» (កន្លែងដុតសំរាមខាងក្រៅក្រុងយេរូសាឡិម) ដែលបង្កប់អត្ថន័យថាការបំផ្លាញចោលជារៀងរហូត។
លោកយេស៊ូក៏បានឲ្យឱវាទដែរស្តីអំពីការដោះស្រាយបញ្ហាជាមួយនឹងអ្នកដែលបង្កឲ្យយើងមានរបួស ឬធ្វើឲ្យយើងខឹង។ លោកមានប្រសាសន៍ថា៖ «កុំសងសឹកនឹងមនុស្សទុច្ចរិតឡើយ តែបើអ្នកណាទះកំផ្លៀងស្ដាំរបស់អ្នក ចូរបែរឲ្យគេទះម្ខាងទៀតចុះ»។ (ម៉ាថាយ ៥:៣៩) នោះមិនមានន័យថាបុគ្គលម្នាក់មិនអាចការពារខ្លួនគាត់ ឬក្រុមគ្រួសាររបស់គាត់ពីការវាយនោះទេ។ ពាក្យទះកំផ្លៀងដែលលោកយេស៊ូមានប្រសាសន៍ គឺមិនមែនដើម្បីធ្វើឲ្យឈឺខ្លាំង ឬដើម្បីសម្លាប់អ្នកឯទៀតទេ តែជាការប្រមាថមើលងាយវិញ។ លោកចង់មានន័យថាបើបុគ្គលណាម្នាក់ព្យាយាមបង្ករឿង ឬឈ្លោះប្រកែកជាមួយនឹងយើង ទោះជាដោយទះកំផ្លៀង ឬដោយប្រើពាក្យប្រមាថមើលងាយក្ដី សូមកុំសងសឹកឡើយ។
ឱវាទនោះគឺសមស្របនឹងច្បាប់របស់ព្រះដែលឲ្យស្រឡាញ់អ្នកជិតខាង។ ដូច្នេះ លោកយេស៊ូប្រាប់អ្នកដែលស្ដាប់លោកថា៖ «ចូរបន្តស្រឡាញ់សត្រូវរបស់អ្នក ហើយអធិដ្ឋានដើម្បីអ្នកដែលបៀតបៀនអ្នក»។ មូលហេតុដ៏សំខាន់មួយដែលលោកមានប្រសាសន៍ដូច្នេះ គឺ«ដើម្បីបង្ហាញថាអ្នកជាកូននៃបិតារបស់អ្នកដែលនៅស្ថានសួគ៌ ពីព្រោះលោកធ្វើឲ្យថ្ងៃរះលើមនុស្សអាក្រក់និងមនុស្សល្អ»។—ម៉ាថាយ ៥:៤៤, ៤៥
លោកយេស៊ូបានសង្ខេបថា៖ «ហេតុនេះ អ្នករាល់គ្នាត្រូវមានគុណសម្បត្ដិសព្វគ្រប់ ដូចបិតារបស់អ្នកដែលនៅស្ថានសួគ៌ក៏មានគុណសម្បត្ដិសព្វគ្រប់ដែរ»។ (ម៉ាថាយ ៥:៤៨) លោកច្បាស់ជាមិនបានមានន័យថាមនុស្សអាចមានគុណសម្បត្ដិសព្វគ្រប់ដល់កម្រិតដែលព្រះមាននោះទេ។ ទោះជាយ៉ាងនេះក្ដី ដោយយកតម្រាប់ព្រះ យើងអាចបង្កើនសេចក្ដីស្រឡាញ់របស់យើងរហូតដល់ស្រឡាញ់សត្រូវរបស់យើងទៀតផង។ បើនិយាយឲ្យស្រួលយល់គឺថា៖ «ចូរបន្តក្លាយជាមនុស្សដែលមានចិត្តមេត្ដាករុណា ដូចបិតារបស់អ្នករាល់គ្នាមានចិត្តមេត្ដាករុណា»។—លូកា ៦:៣៦
សេចក្ដីអធិដ្ឋាននិងទំនុកចិត្តលើព្រះ
កាលដែលលោកយេស៊ូបន្តថ្លែងសុន្ទរកថា លោកដាស់តឿនអ្នកដែលស្ដាប់លោកថា៖ «ចូរប្រយ័ត្ន កុំប្រព្រឹត្តអំពើសុចរិតនៅមុខមនុស្សដើម្បីឲ្យគេឃើញឡើយ»។ លោកយេស៊ូផ្ដន្ទាទោសការគោរពប្រណិប័តន៍ដែលលាក់ពុត ដោយមានប្រសាសន៍បន្ថែមទៀតថា៖ «ពេលដែលអ្នកធ្វើទាន កុំផ្លុំត្រែមុនឡើយ ព្រោះនោះជាអ្វីដែលមនុស្សលាក់ពុតធ្វើ»។ (ម៉ាថាយ ៦:១, ២) ជាការល្អជាងបើយើងធ្វើទានដោយគ្មានអ្នកឯទៀតឃើញ។
ក្រោយមក លោកយេស៊ូមានប្រសាសន៍ថា៖ «ពេលដែលអ្នករាល់គ្នាអធិដ្ឋាន អ្នកមិនត្រូវធ្វើដូចមនុស្សលាក់ពុតទេ ពីព្រោះពួកគេចូលចិត្តឈរអធិដ្ឋានក្នុងសាលាប្រជុំ ហើយនៅកាច់ជ្រុងផ្លូវធំៗ ដើម្បីឲ្យមនុស្សឃើញ»។ ផ្ទុយទៅវិញ លោកមានប្រសាសន៍ថា៖ «ពេលដែលអ្នកអធិដ្ឋាន ចូរចូលទៅក្នុងបន្ទប់ផ្ទាល់ខ្លួនហើយបិទទ្វារ សឹមអធិដ្ឋានជម្រាបបិតារបស់អ្នក ដែលស្ថិតនៅទីស្ងាត់កំបាំង»។ (ម៉ាថាយ ៦:៥, ៦) លោកយេស៊ូមិនប្រឆាំងនឹងសេចក្ដីអធិដ្ឋានជាសាធារណៈទាំងអស់ទេ ពីព្រោះលោកផ្ទាល់ក៏បានអធិដ្ឋានជាសាធារណៈដែរ។ តែលោកផ្ដន្ទាទោសសេចក្ដីអធិដ្ឋានដែលពោលឡើងតាមរបៀបដែលធ្វើឲ្យអ្នកស្ដាប់កោតស្ងើច និងសរសើរខ្លួន។
លោកបានឲ្យឱវាទបណ្ដាជនថា៖ «ពេលដែលអធិដ្ឋាន កុំពោលពាក្យដដែលៗ ដូចជនជាតិដទៃឡើយ»។ (ម៉ាថាយ ៦:៧) លោកយេស៊ូមិនបានមានប្រសាសន៍ថាការអធិដ្ឋានម្ដងហើយម្ដងទៀតអំពីរឿងដដែលៗជាអ្វីដែលខុសនោះទេ។ ប៉ុន្តែ លោកមិនពេញចិត្តនឹងការប្រើពាក្យដែលចាំរត់មាត់«ដដែលៗ»ឡើយ ពោលគឺការអធិដ្ឋានដោយសូត្ររត់មាត់។ ក្រោយមក លោកបានផ្ដល់សេចក្ដីអធិដ្ឋានគំរូមួយដែលរួមបញ្ចូលសំណូមពរ៧យ៉ាង។ សំណូមពរបីដំបូងគឺអំពីសិទ្ធិគ្រប់គ្រងរបស់ព្រះនិងគោលបំណងរបស់លោក ពោលគឺសូមឲ្យនាមរបស់លោកបានបរិសុទ្ធ សូមឲ្យរាជាណាចក្ររបស់លោកមកដល់ និងសូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេច។ ក្រោយពីយើងធ្វើសំណូមពរអំពីរឿងទាំងនេះហើយ ទើបយើងគួរធ្វើសំណូមពរអំពីរឿងផ្ទាល់ខ្លួនរបស់យើង ដូចជាសូមផ្ដល់អាហារប្រចាំថ្ងៃ សូមអភ័យទោសចំពោះការខុសឆ្គង សូមកុំឲ្យយើងរងការល្បួងហួសពីសមត្ថភាពស៊ូទ្រាំ ព្រមទាំងសូមសង្គ្រោះយើងឲ្យរួចពីមេកំណាច។
តើយើងគួរមានទស្សនៈយ៉ាងណាចំពោះទ្រព្យសម្បត្ដិ? លោកយេស៊ូដាស់តឿនបណ្ដាជនថា៖ «ឈប់ប្រមូលទ្រព្យសម្បត្ដិទុកសម្រាប់ខ្លួននៅផែនដី ជាកន្លែងដែលសត្វល្អិតនិងច្រែះស៊ីបំផ្លាញ និងចោរចូលលួច»។ ពាក្យដាស់តឿននេះគឺពិតជាសមហេតុសមផលមែន! ពីព្រោះទ្រព្យសម្បត្ដិអាចបាត់បង់បាន ហើយការមានទ្រព្យសម្បត្ដិគឺគ្មានតម្លៃចំពោះព្រះឡើយ។ ម្ល៉ោះហើយ លោកយេស៊ូមានប្រសាសន៍ទៀតថា៖ «ចូរប្រមូលទ្រព្យសម្បត្ដិទុកសម្រាប់ខ្លួននៅឯស្ថានសួគ៌»។ យើងអាចធ្វើដូច្នេះដោយចាត់ទុកកិច្ចបម្រើព្រះថាជាអ្វីដែលសំខាន់បំផុតក្នុងជីវិត។ គ្មានអ្នកណាអាចដកហូតកេរ្ដិ៍ឈ្មោះល្អរបស់យើងពីព្រះ ឬរង្វាន់ដែលជាជីវិតគ្មានទីបញ្ចប់ពីយើងបានឡើយ។ ដូច្នេះ ប្រសាសន៍របស់លោកយេស៊ូពិតជាត្រឹមត្រូវមែន ដែលថា៖ «ទ្រព្យសម្បត្ដិរបស់អ្នកនៅកន្លែងណា ចិត្តរបស់អ្នកក៏នៅកន្លែងនោះដែរ»។—ម៉ាថាយ ៦:១៩-២១
ដើម្បីលើកបញ្ជាក់អំពីចំណុចនេះ លោកយេស៊ូបានលើកឧទាហរណ៍មួយថា៖ «ភ្នែកជាចង្កៀងនៃរូបកាយ។ ប្រសិនបើភ្នែករបស់អ្នកមើលរបស់តែមួយ នោះរូបកាយទាំងមូលរបស់អ្នកនឹងបានភ្លឺ។ ប៉ុន្តែ បើភ្នែករបស់អ្នកសម្លឹងមើលអ្វីដែលទុច្ចរិត នោះរូបកាយទាំងមូលរបស់អ្នកនឹងងងឹតវិញ»។ (ម៉ាថាយ ៦:២២, ២៣) ក្នុងន័យធៀប ពេលដែលភ្នែករបស់យើងភ្លឺល្អ គឺដូចជាចង្កៀងដែលបំភ្លឺរូបកាយរបស់យើង។ ប៉ុន្តែ ដើម្បីធ្វើដូច្នេះភ្នែករបស់យើងត្រូវផ្ដោតអារម្មណ៍ទៅលើរបស់តែមួយ បើមិនដូច្នេះទេ យើងអាចមានទស្សនៈមិនត្រឹមត្រូវអំពីជីវិត។ ការផ្ដោតអារម្មណ៍លើទ្រព្យសម្បត្ដិជាជាងការបម្រើព្រះ គឺមានន័យថា‹រូបកាយទាំងមូលរបស់យើងនឹងងងឹត› ដែលអាចនាំឲ្យយើងចាប់ផ្ដើមធ្វើអ្វីដែលមិនទៀងត្រង់។
ក្រោយមក លោកយេស៊ូបានលើកឧទាហរណ៍មួយដែលមានឥទ្ធិពលយ៉ាងខ្លាំង ដោយប្រាប់ថា៖ «គ្មានអ្នកណាអាចជាខ្ញុំបម្រើរបស់ម្ចាស់ពីរបានឡើយ ព្រោះអ្នកនោះនឹងស្រឡាញ់ម្ចាស់មួយហើយស្អប់ម្ចាស់មួយ ឬក៏ស្មោះត្រង់នឹងម្ចាស់មួយហើយមើលងាយម្ចាស់មួយ។ អ្នករាល់គ្នាមិនអាចធ្វើជាខ្ញុំបម្រើរបស់ព្រះផង និងទ្រព្យសម្បត្ដិផងបានឡើយ»។—ម៉ាថាយ ៦:២៤
មនុស្សខ្លះដែលកំពុងស្ដាប់លោកយេស៊ូប្រហែលជាបារម្ភថា តើពួកគេគួរមានទស្សនៈយ៉ាងណាចំពោះអ្វីៗដែលពួកគេត្រូវការដើម្បីចិញ្ចឹមជីវិត? ដូច្នេះ លោកពង្រឹងទំនុកចិត្តពួកគេថាបើពួកគេចាត់ទុកកិច្ចបម្រើព្រះថាសំខាន់បំផុត នោះពួកគេមិនចាំបាច់ខ្វល់ខ្វាយអំពីអ្វីៗទាំងនោះឡើយ។ លោកបានមានប្រសាសន៍ថា៖ «ចូរសង្កេតមើលសត្វស្លាបនៅលើមេឃ ព្រោះវាមិនសាបព្រោះ ច្រូតកាត់ ឬក៏ប្រមូលផលទុកក្នុងជង្រុកឡើយ តែបិតារបស់អ្នករាល់គ្នាដែលស្ថិតនៅស្ថានសួគ៌ផ្ដល់ចំណីឲ្យវា»។—ម៉ាថាយ ៦:២៦
ស្រដៀងគ្នាដែរ តើយើងអាចរៀនអ្វីពីផ្កាដែលដុះនៅឯវាលលើភ្នំ? លោកយេស៊ូកត់សម្គាល់ថា៖ «សូម្បីតែសាឡូម៉ូនកាលដែលតែងខ្លួនល្អប្រណីតបំផុត ក៏មិនស្មើនឹងផ្កាមួយទងបែបនោះផង»។ តើនេះបង្ហាញអំពីអ្វី? នេះបង្ហាញថា ‹បើព្រះតុបតែងរុក្ខជាតិដែលដុះនៅឯវាលថ្ងៃនេះ ហើយត្រូវបោះទៅក្នុងឡនៅថ្ងៃស្អែក។ ដូច្នេះ ព្រះនឹងផ្ដល់សម្លៀកបំពាក់លើសជាងនោះទៅទៀតឲ្យអ្នករាល់គ្នា›។ (ម៉ាថាយ ៦:២៩, ៣០) ដូច្នេះ លោកយេស៊ូផ្ដល់ការដាស់តឿនដ៏ឈ្លាសវៃថា៖ «កុំខ្វល់ខ្វាយឲ្យសោះថា៖ ‹តើយើងនឹងបានអ្វីបរិភោគ?› ឬ‹តើយើងនឹងបានអ្វីផឹក?› ឬក៏‹តើយើងនឹងបានអ្វីស្លៀកពាក់?› . . . បិតារបស់អ្នកដែលស្ថិតនៅស្ថានសួគ៌ដឹងថាអ្នកត្រូវការរបស់ទាំងនេះ។ ដូច្នេះ ចូរបន្តស្វែងរករាជាណាចក្រនិងសេចក្ដីសុចរិតរបស់ព្រះជាមុន ហើយលោកនឹងផ្ដល់របស់ទាំងនេះឲ្យអ្នក»។—ម៉ាថាយ ៦:៣១-៣៣
របៀបទទួលបានជីវិត
ពួកសាវ័កនិងអ្នកស្មោះត្រង់ឯទៀតចង់រស់នៅតាមរបៀបដែលធ្វើឲ្យព្រះពេញចិត្ត ប៉ុន្តែមជ្ឈដ្ឋានរបស់ពួកគេធ្វើឲ្យពួកគេពិបាកធ្វើដូច្នោះ។ ជាឧទាហរណ៍ ពួកផារិស៊ីជាច្រើននាក់ចូលចិត្តរិះគន់អ្នកឯទៀត និងវិនិច្ឆ័យពួកគេដោយគ្មានមេត្ដា។ ដូច្នេះ លោកយេស៊ូដាស់តឿនអ្នកដែលស្ដាប់លោកថា៖ «ឈប់វិនិច្ឆ័យអ្នកឯទៀត ដើម្បីកុំឲ្យអ្នកទទួលការវិនិច្ឆ័យ ព្រោះអ្នកវិនិច្ឆ័យអ្នកឯទៀតយ៉ាងណា អ្នកនឹងទទួលការវិនិច្ឆ័យយ៉ាងនោះដែរ»។—ម៉ាថាយ ៧:១, ២
ការធ្វើតាមពួកផារិស៊ីដែលចូលចិត្តរិះគន់អ្នកឯទៀតយ៉ាងខ្លាំង អាចនាំឲ្យមានគ្រោះថ្នាក់។ ដូចឧទាហរណ៍របស់លោកយេស៊ូដែលថា៖ «មនុស្សងងឹតភ្នែកមិនអាចនាំផ្លូវមនុស្សងងឹតភ្នែកដូចគ្នាបានឡើយ មែនទេ? បើដូច្នេះ ពួកគេទាំងពីរនាក់នឹងធ្លាក់រណ្ដៅ មែនទេ?»។ ដូច្នេះ តើអ្នកដែលស្ដាប់លោកយេស៊ូគួរមានទស្សនៈយ៉ាងណាចំពោះអ្នកឯទៀត? ពួកគេមិនគួរខំរកកំហុសអ្នកឯទៀតទេ ពីព្រោះការធ្វើដូច្នោះជាកំហុសធ្ងន់ធ្ងរ។ លោកសួរពួកគេថា៖ «តើអ្នកអាចប្រាប់បងប្អូនបានយ៉ាងដូចម្ដេចថា៖ ‹បង! សូមឲ្យខ្ញុំយកកម្ទេចចេញពីភ្នែកបង› ពេលដែលអ្នកមិនមើលធ្នឹមក្នុងភ្នែកខ្លួនដូច្នោះ? មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែកខ្លួនអ្នកជាមុនសិន ទើបអ្នកអាចមើលឃើញច្បាស់ ដើម្បីអាចយកកម្ទេចចេញពីភ្នែករបស់បងប្អូនអ្នកបាន»។—លូកា ៦:៣៩-៤២
នេះមិនមានន័យថាពួកអ្នកកាន់តាមលោកមិនអាចវិនិច្ឆ័យអ្នកឯទៀតទាល់តែសោះនោះទេ។ លោកយេស៊ូដាស់តឿនពួកគាត់ថា៖ «កុំឲ្យអ្វីដែលបរិសុទ្ធដល់ឆ្កែ ហើយកុំបោះគជ់ខ្យងរបស់អ្នកនៅមុខសត្វជ្រូកឡើយ»។ (ម៉ាថាយ ៧:៦) សេចក្ដីពិតពីបណ្ដាំរបស់ព្រះមានតម្លៃខ្លាំងណាស់ ប្រៀបដូចជាគជ់ខ្យង។ បើមនុស្សខ្លះប្រព្រឹត្តដូចសត្វ ដោយបង្ហាញថាពួកគេមិនឲ្យតម្លៃចំពោះសេចក្ដីពិតដ៏ថ្លៃវិសេសទេ នោះអ្នកកាន់តាមលោកគួរតែដកខ្លួនចេញពីពួកគេ ហើយទៅស្វែងរកបុគ្គលដែលចង់ស្ដាប់សេចក្ដីពិតវិញ។
លោកយេស៊ូក៏មានប្រសាសន៍អំពីរឿងអធិដ្ឋានវិញ ដោយបញ្ជាក់ប្រាប់ពួកអ្នកស្ដាប់ថាពួកគេត្រូវតស៊ូអធិដ្ឋាន។ លោកមានប្រសាសន៍ថា៖ «ចូរសុំឥតឈប់ នោះអ្នកនឹងទទួល»។ ព្រះប្រុងប្រៀបធ្វើតាមសេចក្ដីអធិដ្ឋានរបស់យើង ដូចដែលលោកយេស៊ូលើកបញ្ជាក់ដោយសួរពួកគេថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើកូនសុំនំប៉័ងនោះ តើមានអ្នកណានឹងឲ្យដុំថ្មទៅកូនទេ? . . . ដូច្នេះ សូម្បីតែអ្នករាល់គ្នាដែលជាមនុស្សទុច្ចរិត ចេះឲ្យរបស់ល្អទៅកូន ទម្រាំតែបិតារបស់អ្នកដែលស្ថិតនៅស្ថានសួគ៌ លោកប្រាកដជានឹងផ្ដល់អ្វីដ៏ល្អដល់អ្នកដែលសុំពីលោកយ៉ាងណាទៅហ្ន៎!»។—ម៉ាថាយ ៧:៧-១១
ក្រោយមក លោកយេស៊ូលើកអំពីគោលការណ៍ដ៏ល្បីល្បាញដែលទាក់ទងនឹងការប្រព្រឹត្ត ដោយមានប្រសាសន៍ថា៖ «ម្ល៉ោះហើយ អ្នកចង់ឲ្យមនុស្សប្រព្រឹត្តយ៉ាងណាចំពោះអ្នក អ្នកក៏ត្រូវប្រព្រឹត្តយ៉ាងនោះចំពោះពួកគេដែរ»។ យើងទាំងអស់គ្នាគួរចាំគោលការណ៍នោះ ហើយធ្វើតាម ពេលយើងដោះស្រាយបញ្ហាជាមួយនឹងអ្នកឯទៀត។ ក៏ប៉ុន្តែ ការធ្វើដូច្នេះប្រហែលជាមិនស្រួលទេ ហេតុនេះលោកយេស៊ូបានឲ្យការណែនាំថា៖ «ចូរចូលតាមខ្លោងទ្វារតូច ពីព្រោះផ្លូវដែលនាំទៅដល់ការវិនាសជីវិត គឺធំហើយទូលាយផង ក៏មានមនុស្សច្រើនចូលតាមផ្លូវនោះ។ រីឯផ្លូវដែលទៅឯជីវិត នោះចង្អៀត ក៏មានខ្លោងទ្វារតូចផង ហើយមានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ»។—ម៉ាថាយ ៧:១២-១៤
មានបុគ្គលខ្លះដែលព្យាយាមបំបែរអ្នកកាន់តាមលោកចេញពីផ្លូវដែលនាំទៅឯជីវិត ដូច្នេះលោកយេស៊ូព្រមានអ្នកកាន់តាមថា៖ «ចូរប្រយ័ត្នចំពោះអ្នកប្រកាសទំនាយមិនពិត ដែលមកឯអ្នករាល់គ្នាដោយក្លែងខ្លួនជាសត្វចៀម ប៉ុន្តែតាមពិត ជាឆ្កែចចកអត់ឃ្លានវិញ»។ (ម៉ាថាយ ៧:១៥) លោកមានប្រសាសន៍ថាយើងអាចស្គាល់ដើមឈើល្អនិងដើមឈើមិនល្អបានដោយផលផ្លែរបស់វា។ នោះក៏ស្រដៀងគ្នាដែរចំពោះមនុស្ស។ នេះមានន័យថាយើងអាចសម្គាល់អ្នកប្រកាសទំនាយមិនពិតដោយសេចក្ដីបង្រៀននិងការប្រព្រឹត្តរបស់ពួកគេ។ លោកយេស៊ូពន្យល់ថា បុគ្គលម្នាក់អាចទៅជាអ្នកកាន់តាមលោក មិនគ្រាន់តែអាស្រ័យទៅលើអ្វីដែលគាត់និយាយប៉ុណ្ណោះទេ តែក៏អាស្រ័យទៅលើអ្វីដែលគាត់ប្រព្រឹត្តដែរ។ បុគ្គលខ្លះអះអាងថាលោកយេស៊ូគឺជាលោកម្ចាស់របស់ពួកគេ ប៉ុន្តែចុះយ៉ាងណាបើពួកគេមិនធ្វើតាមបំណងប្រាថ្នារបស់ព្រះ? លោកយេស៊ូមានប្រសាសន៍ថា៖ «ខ្ញុំនឹងប្រកាសប្រាប់ពួកគេជាសាធារណៈនៅពេលនោះថា៖ ‹នែ! មនុស្សប្រព្រឹត្តប្រឆាំងច្បាប់! ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ! ចូរទៅឆ្ងាយពីខ្ញុំទៅ!›»។—ម៉ាថាយ ៧:២៣
លោកយេស៊ូបញ្ចប់សុន្ទរកថារបស់លោក ដោយប្រកាសថា៖ «អស់អ្នកដែលឮសម្ដីរបស់ខ្ញុំហើយធ្វើតាម អ្នកទាំងនោះប្រៀបដូចជាមនុស្សចេះពិចារណា ដែលសង់ផ្ទះលើផ្ទាំងថ្ម។ រួចមក ភ្លៀងធ្លាក់ខ្លាំង ទឹកក៏ជន់ឡើង ហើយខ្យល់បក់បោកវាយសន្ធាប់មកលើផ្ទះនោះ ប៉ុន្តែ វាមិនបានបាក់ស្រុតទេ ពីព្រោះបានត្រូវសង់នៅលើផ្ទាំងថ្ម»។ (ម៉ាថាយ ៧:២៤, ២៥) ហេតុអ្វីផ្ទះនោះមិនបាក់ស្រុត? ដោយសារអ្នកដែលសង់ផ្ទះនោះបាន«ជីកដីយ៉ាងជ្រៅ ក៏ចាក់គ្រឹះលើផ្ទាំងថ្ម»។ (លូកា ៦:៤៨) ដូច្នេះយើងមិនគ្រាន់តែស្ដាប់ពាក្យរបស់លោកយេស៊ូប៉ុណ្ណោះទេ តែយើងត្រូវខំប្រឹងយ៉ាងខ្លាំងដើម្បី«ធ្វើតាម»ពាក្យរបស់លោក។
ប៉ុន្តែ ចុះយ៉ាងណា«អស់អ្នកណាដែលឮសម្ដី»របស់លោកយេស៊ូ តែ«មិនធ្វើតាម»វិញ? គាត់គឺ«ប្រៀបដូចជាមនុស្សមិនចេះពិចារណា ដែលសង់ផ្ទះលើខ្សាច់»។ (ម៉ាថាយ ៧:២៦) ដូច្នេះ ពេលមានទឹកភ្លៀង ទឹកជំនន់ និងខ្យល់បក់បោក ផ្ទះនោះនឹងបាក់ស្រុតបាន។
សុន្ទរកថារបស់លោកយេស៊ូនៅលើភ្នំនេះបានធ្វើឲ្យបណ្ដាជនកោតស្ងើចនឹងរបៀបដែលលោកបង្រៀន។ លោកបង្រៀនដូចមនុស្សដែលមានអំណាច ហើយមិនដូចអ្នកដឹកនាំសាសនាទេ។ ដូច្នេះ អ្នកស្ដាប់ជាច្រើនទំនងជាបានក្លាយទៅជាអ្នកកាន់តាមលោក។